តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ

2024/09/26 01:26:12 pm        134
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៥ ខែកញ្ញា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ។ សិក្ខាសាលានេះ ធ្វើឡើង ដោយមានការចូលរួមពីរដ្ឋទាំងរដ្ឋមន្ត្រីក្រសួងអប់រំ ក៏ដូចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមត្តេយ្យសិក្សា។ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែង របស់ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពអប់រំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការធនធានមនុស្ស ការវាយ​តម្លៃ​អំពីតម្រូវការមន្ត្រីជំនាញវិជ្ជាជីវៈ ក្នុងវិស័យអប់រំ ការជ្រើសរើស និងគ្រប់គ្រង គ្រូបង្រៀន និងគ្រូបង្រៀន​ជាប់កិច្ចសន្យានៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ដើម្បី​ឆ្លុះបញ្ចាំង​ជាមួយនឹងទស្សនាទានថ្មី នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ​ស្តីពីគោលការណ៍រួមនៃការ​ជ្រើសរើស​ និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការ​ជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានបញ្ជាក់ថា គោលបំណងសំខាន់នៃសេចក្តីព្រាង​ព្រះរាជក្រឹត្យ​នេះ គឺជាការរៀបចំការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនតាមកិច្ចព្រមព្រៀង​ការងារក្នុងទម្រង់ថ្មី ដែលនឹងជំនួសការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាបច្ចុប្បន្ន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់ក្នុងវិស័យអប់រំនាពេលអនាគត ព្រមទាំងឆ្លើយតបទៅនឹងវិធានការគន្លឹះនៃការកែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ លើសពីនេះទៀត កិច្ចការដែលយើងកំពុងធ្វើក្នុងពេលនេះ គឺអនុវត្ត​តាមចក្ខុវិស័យ និងគំនិតផ្តួចផ្តើមផ្ទាល់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់​បម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុង​វិស័យ​អប់រំ និងវិស័យសុខាភិបាល។ក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា ដើម្បីទទួលបាននូវមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ​ដែល​ស័ក្ដិសម ទាមទារនូវ៖ ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធ រួមទាំងការធ្វើបច្ចុប្បន្នកម្ម ទិន្នន័យ​មន្ត្រី និងការវិភាគអំពីតម្រូវការមន្ត្រីជាក់ស្តែង ការរៀបចំបែបបទនិងនីតិវិធី និងប្រតិទិន​នៃការជ្រើសរើស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ការរៀបចំយន្តការគ្រប់គ្រងមន្ត្រីផ្អែក​លើកិច្ចព្រមព្រៀងការងារ, យន្តការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀង​ការងារ, សិទ្ធិ កាតព្វកិច្ច និងសីលធម៌វិជ្ជាជីវៈ, ការអភិវឌ្ឍសមត្ថភាព, បៀវត្សនិងអត្ថប្រយោជន៍, និង យន្តការគាំទ្រការអនុវត្ត និងការតាមដានពិនិត្យ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានលើកឡើងក្នុងការបិទ​សិក្ខាសាលាដែរថា ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយ​ក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការ​ចូលរួមអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត​ ការបញ្ជ្រាបទស្សនាទាន និងការបង្កើន​ចំណេះដឹងដល់មន្ត្រីរាជការ ​ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការ ចូលរួម និង​ជំនឿ​ទុកចិត្ត​លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ និយាយដោយឡែក គឺការផ្លាស់ប្តូរ ឬកែទម្រង់​រចនាសម្ព័ន្ធស្ថាប័ន ពីរចនាសម្ព័ន្ធបែបមុខងារ (Functional Structure) មករចនាសម្ព័ន្ធបែបប្រតិបត្តិការ (Operational Structure) តាមរយៈការបំពេញការងារក្នុងក្របខណ្ឌជាគម្រោង ដោយបង្កើតជាក្រុម​ការងារផ្សេងៗ សម្រាប់បំពេញបេសកកម្ម ដើម្បីសម្រេចឱ្យបាននូវសូចនាករសមិទ្ធកម្មដែល​មានកំណត់នៅក្នុងផែនការសកម្មភាព កម្មវិធី ​ឬអនុកម្មវិធីរបស់អង្គភាព និងក្រសួងស្ថាប័ន៕ អត្ថបទ៖ គឹមហុក   

ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នកាន់វេនបិណ្ឌ៩ នៅវត្តកោះនរា

2024/09/26 01:06:40 pm        403
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមានប្រជាពុទ្ធបរិស័ទច្រើនកុះករយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា​ ដែលបានចែកឋាន, នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នំារោង ឆស័ក ពស២៥៦៨ ចំវេនបិណ្ឌ៩ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិ កោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមការងារគ្រប់ផ្នែកនៃអគ្គនាយកដ្ឋានវិទ្យុ វេរបច្ច័យ ទេយ្យទាន ចង្ហាន់ ប្រគេនព្រះសង្ឃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដឹកនាំដោយឯកឧត្តម វ៉ាន់ ឆាល ទីប្រឹក្សា , លោក James Mu នាយកប្រតិបត្តិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ព្រះគ្រូចៅអធិការ នៅវត្តជោតរតនៈសីលាកោះនរា បានមានសង្ឃដីកា ថ្លែងអំណរគុណ​ដល់​លោកជំទាវអគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងបុគ្គលិកគ្រប់ផ្នែក​ទាំងអស់​របស់គ្រួសារបាយ័ន តែងតែកាន់វេនរាល់ឆ្នាំនៅវត្តកោះនរា រៀបចំចង្ហាន់ និងបច្ច័យប្រគេន​ព្រះសង្ឃនៅទីតាំងវត្តអារាមមួយនេះ ដោយសទ្ធាជ្រះថ្លា ​ហើយសទ្ធានេះ បានចូលរួមចំណែក​ទ្រទ្រង់ដល់ព្រះពុទ្ធសាសនា និងការកសាងសមិទ្ធផលនានា នៅក្នុងវត្តកោះនរា ។ ការចូលរួមរបស់ពុទ្ធបរិស័ទក្នុងរដូវបុណ្យនេះ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីដើមមក ដែល​ធ្វើបុណ្យ​ឧទ្ទិសដល់​សាច់ញាតិ​ ដែលចែកឋានទៅ និងធ្វើបុណ្យសន្សំកុសលតទៅជាតិមុខ និងសុំអោយជួបក្តីសុខចម្រើនជួបជុំក្រុមគ្រួសារ។សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ ​នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ​ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ​ដែលត្រូវប្រារព្ធ ពិធី​បុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ​ទោះនៅទីជិត ឬទីឆ្ងាយ តែងតែ​ធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូប​អាហារ ​បាយសម្ល ចង្ហាន់​យកទៅប្រគេនព្រះសង្ឃ ​ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយ​ដែលគេនិយមធ្វើតៗគ្នា​ របស់ប្រជាពុទ្ធបរិស័ទ ខ្មែរជាយូរមកហើយ។ពិធីបុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ​ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤៕ អត្ថបទ និងរូបភាព សំ រតនៈ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

2024/09/26 09:43:05 am        339
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាសាកលវិទ្យាល័យនានា ដែលបានផ្ដល់ឱកាសល្អឱ្យនិស្សិតបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបានបញ្ចប់នៅថ្ងៃនេះ ខណៈឱកាសនេះ អាចទទួលបានដោយសារតែកត្តាសន្ដិភាព និងស្ថិរភាពនៅក្នុងសង្គម។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពីមុនយើងរកតែគ្រូបង្រៀនក៏លំបាក ប៉ុន្ដែពេលនេះ យើងមានធនធានគ្រូ និងនិស្សិតដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកបាន។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំធ្វើកំណែទម្រង់វិស័យអប់រំកម្ពុជា ឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន ជាពិសេសការកែសម្រួលគោលនយោបាយថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមសិក្សា និងគោលនយោបាយបច្ចេកវិទ្យាឌីជីថល។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមក ហើយបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទី១ ដែលបានធ្វើការវិនិយោគជាច្រើនក្នុងការអភិវឌ្ឍធនធានគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ប្រទេសយើងចប់សង្គ្រាមហើយ អ្វីដែលយើងត្រូវធ្វើពេលនេះ គឺរួមគ្នាខិតខំកសាងប្រទេសជាតិ និងកសាងធនធានមនុស្សយើងឱ្យមានគុណភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ការវិនិយោគជាមួយវិស័យធនធានមនុស្សនេះហើយ ដែលអាចឱ្យប្រជាពលរដ្ឋអាចរស់ដោយខ្លួនឯងបាន។ នៅពេលពលរដ្ឋអាចរស់ដោយខ្លួនឯងបាន ពេលនោះសេដ្ឋកិច្ចប្រទេសជាតិក៏មានការរីកចម្រើនដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ចំណេះដឹង សមត្ថភាពអាចជួយឱ្យមនុស្សអាចមានសមត្ថភាព កំណត់ឯករាជ្យភាពលើដំណើរជីវិតរបស់ខ្លួនឱ្យមានការរីកចម្រើនទៅមុខបាន។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ពេលមានហេតុការណ៍អ្វីមួយកើតឡើងទ្រព្យសម្បត្តិផ្សេងៗអាចបាត់បង់ ប៉ុន្ដែចំណេះ,ជំនាញដែលយើងមានជាប់នៅក្នុងខ្លួនគឺមិនបាត់បង់ទេ។ នៅពេលយើងមានចំណេះជំនាញច្បាស់លាស់ក្រោយពេលគ្រោះមហន្តរាយ ឬហេតុការណ៍អ្វីនោះ បញ្ចប់យើងអាចយកវាមកកសាងជីវិត ឬប្រទេសជាតិឡើងវិញបាន។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖នៅពេលយើងមានធនធានមនុស្សអាចឱ្យយើងមានភាពបត់បែន និងចាប់យកឱកាសថ្មីៗ ដូច្នេះមូលដ្ឋានធនធានមនុស្សនេះគឺសំខាន់ណាស់ដើម្បីឱ្យប្រទេសកម្ពុជាអាចមានភាពធន់ និងភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ នៅលើពិភពលោក។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តទៅអនាគតគឺធនធានមនុស្សវិនិយោគទៅលើវិស័យអប់រំ ឲ្យកាន់តែមានប្រសិទ្ធភាព បើកលំហរដើម្បី​ច្នៃប្រឌិត​ទាន់ពេលវេលា។ ឥឡូវយើងមានគ្រឹះស្ថានច្រើន ដែលពីមុនយើងបញ្ជូននិស្សិតទៅក្រៅប្រទេស។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងមុខងារសាធារណៈចំពោះការរឹតបន្តឹងការប្រឡងក្របខណ្ឌមន្រ្ដីរាជការនាដើមអាណត្តិទី៧នេះ។ សម្ដេច ជំរុញឱ្យបន្តអនុវត្តការរឹតបន្ដឹងការប្រលងបែបនេះបន្តទៀត ដើម្បីជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារនៅតាមក្រសួងស្ថាប័ននានា។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យធ្វើការពង្រឹងលើការអនុវត្តច្បាប់ចរាចរណ៍ ខណៈបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងច្រើន និងជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ សម្ដេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់គ្នានាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។-សម្ដេចធិបតី ស្នើជាថ្មីចំពោះស្ថាប័នអយ្យការ ស្ថាប័នតុលាការទូទាំងប្រទេស សូមពន្លឿនការអនុវត្តច្បាប់ ឲ្យបានរឹងមាំចំពោះជនល្មើស ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖«ខ្ញុំមិនល្អឥតខ្ចោះទេ ហើយការងារក៏ខ្ញុំមិនអាចបំពេញអស់ដែរ។ ខ្ញុំក៏តែងតែត្រូវមាត់មេដែរ។ ដូច្នេះយើងត្រូវខិតខំកែលម្អ និងពង្រឹងសមត្ថភាពជានិច្ច»។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ គឺការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រឿងមាន DTA ឬមិនមាន DTA មិនសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់គឺកម្ពុជាត្រូវបន្តការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន និងបោះបង្គោលព្រំដែនដែលនៅសេសសល់បន្ថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលមកដល់ពេលនេះ បានចូលរួមជាង ៧០ ម៉ឺននាក់ ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដែលគិតជាថវិកាបានជាង ២១ លានដុល្លារហើយ ដើម្បីចូលរួមកសាង​ផ្លូវក្រវាត់ព្រំដែនខេត្តទិសឦសានរបស់កម្ពុជា​។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន ដែលបានផ្ដួចផ្ដើមឡើង នាអំឡុងពេលជាង ២៥ ឆ្នាំមុន នាពេលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជាមាជិកប្រទេសអាស៊ាន។ ហើយ CLMV គឺជាគោលដៅយុទ្ធសាស្រ្ដអាស៊ាន ក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំង៤ ដែលមានសេដ្ឋកិច្ចមិនទាន់លូតលាស់ឱ្យមានការអភិវឌ្ឍស្របគ្នា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ការផ្លាស់ប្ដូររដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងអធិការកិច្ច គឺដើម្បីសាកល្បងអ្នកកាន់ចង្កូតថ្មី ប្ដូរគ្នាបង្កើតការដឹកនាំថ្មីៗ នៅតាមក្រសួង ស្ថាប័ន ក្នុងគោលដៅសម្រេចឱ្យបានតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតអនុរដ្ឋមន្ត្រីការបរទេស និងជា​ឯកអគ្គរាជទូត​ពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

2024/09/26 09:38:32 am        211
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួល​បន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្ម​ឌីជីថលសកល លើកទី៣” នៅក្រុងហាងចូវ ខេត្តចឺជាំង ប្រទេសចិន

2024/09/26 09:22:14 am        173
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនកម្ពុជា ចូល​រួម​កម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” នៅក្រុងហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ចឹង ជានប៉ាង អនុ​ប្រធាន​សភា​ប្រជាជនចិន ឥស្សរជននៃរដ្ឋាភិបាលប្រទេសចិន ក្រុមហ៊ុនពាណិជ្ជកម្ម​ឌីជីថល​លំដាប់​កំពូល​សរុបជាង១៥០០ មកពីប្រទេសចិននិងបណ្ដាប្រទេសនានា និងតំណាងប្រទេស អង្គការ​អន្តរជាតិ និងស្ថាប័នដៃគូចំនួន១០៣។ ក្នុងនោះដែរ ឯកឧត្តមមន្ត្រី​បានថ្លែងសន្ទរកថា​គន្លឹះ​​នៅ​ក្នុងកម្មវិធីដាក់សម្ពោធថ្ងៃពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ (Silk Road E-commerce Day Launching) និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នរដ្ឋនិងឯកជន ក៏ដូច​ជាបណ្ដាប្រទេសនៅក្នុងតំបន់ និងពិភពលោក ការអភិវឌ្ឍ​បណ្ដាញ​តភ្ជាប់ និង​ប្រព័ន្ធ​សន្តិសុខ​សាយប័រ ដើម្បីជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចឌីជីថល។កម្មវិធីនេះ គឺជាពិព័រណ៍ពាណិជ្ជកម្ម​ឌីជីថល​កម្រិត​អន្តរជាតិ​កម្រិត​ខ្ពស់​បំផុត​រវាង​ប្រទេសចិន និង​ប្រទេស​ជាដៃគូទាំងអស់។ កម្មវិធីនេះនឹងជំរុញ​ឱ្យ​មាន​កិច្ច​សហការ​កាន់​តែ​ស្អិត​រមួត​រវាង​វិស័យ​ឯកជន នៃ​ប្រទេសចិន និងប្រទេសដៃគូ រួមទាំងកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ​នៃ​ប្រទេស​នានា។ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូបើកពន្លាជាតិកម្ពុជា ព្រមទាំងទស្សនា​ពិព័រណ៍​នៅ​ពន្លាខេត្តចឺជាំង និងស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Alibaba ក្នុងតំបន់ពិព័រណ៍ដែ​ល​មាន​ផ្ទៃ​ដី​សរុប ១៥០ ០០០ ម៉ែត្រការ៉េ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មិត្តភាពដែកថែបកម្ពុជា-ចិន ឈរលើការណ៍គោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

2024/09/26 09:06:35 am        291
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​លើកឡើងថា ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន មានភាពរឹងមាំ ធន់ និង​យូរ​អង្វែង ដោយឈរលើការណ៍គោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផ្តល់ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក។សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលរួមលៀងសាយភោជន៍ នៅល្ងាចថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ដែលរៀបចំឡើងដោយលោកជំទាវ ហ័ង លីស៊ីន (Huang Lixin) ប្រធាន​សភា​តំណាង​ប្រជាជនចិនក្រុងសៀងហៃ ក្នុងការទទួលស្វាគមន៍ ដល់គណៈប្រតិភូជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា។ សម្តេចរដ្ឋសភាធិបតី បង្ហាញក្តីសោមនស្សរីករាយ ដែលបានមក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ទីក្រុង​សៀងហៃ ជាទីក្រុងទំនើប ស៊ីវិល័យ ព្រមទាំងជាទីក្រុងឆ្លាតវៃ ពោរពេញទៅដោ​យភាព​រស់​រវើក ពាណិជ្ជកម្មសម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតថែមទៀតផង។ សម្តេច​បានគូសបញ្ជាក់ថា ទោះបីជា​ដំណើរ​ទស្សន​កិច្ច​នៅ​ទីក្រុង​សៀងហៃ​នេះ​មាន​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមានសារៈសំខាន់បំផុត ព្រោះ​យើង​មាន​ឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រមទាំងបង្កើន​បាន​នូវ​ភាពស្និទ្ធស្នាលនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស​ទំនាក់​ទំនង​ជាមួយ​ទីក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់ប្តូរបែប​នេះ​នឹង​កើត​មា​ន​ជា​បន្ត​ទៀត​នា​ពេលអនាគត។ លោកជំទាវ ហ័ង លីស៊ីន បានលើកឡើងថាពលរដ្ឋសៀងហៃ សូមស្វាគមន៍​ដោយ​ក្តីរីករាយ​ដល់​វត្តមាន គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលជាមិត្តដែកថែបរបស់ប្រទេសចិន។ លោក​ជំទាវបានគូសបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកកម្ពុជា ជាមិត្តជិតស្និត​ប្រៀប​បាន​នឹង​បងប្អូន​។ សៀងហៃ​បើកទ្វារស្វាគម​ន៍​ចំពោះ​កម្ពុ​ជា​ដោយ​បេះដូង។ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេសទំាងពីរបានចាក់ឫសយ៉ាងជ្រៅ ប្រកបដោយភាពរឹងមាំ ព្រមទាំងបានលូតលាស់ រីក​ចម្រើនជាលំដាប់ និងស៊ីជម្រៅ។ សូម​ជម្រាបថាទីក្រុងសៀងហៃជាទីក្រុងពាណិជ្ជកម្មធំជាងគេ​របស់ប្រទេសចិន។ សៀងហៃ​ជា​មជ្ឈ​មណ្ឌល​សកលជួរមុខគេមានមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងឧស្សាហកម្មដ៏សំខាន់ និង​ជា​កំពង់ផែដ៏មមាញឹកបំផុតនៅលើពិភពលោក។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានជម្រាប​ប្រធាន​សភា​តំណាង​ប្រជាជន​ក្រុង​សៀងហៃ​អំពី​លទ្ធផល​ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅរដ្ឋធានីប៉េងកំាង មុនពេលគណៈ​ប្រតិភូ​បាន​មក​ដល់​ទីក្រុងសៀងហៃ។សម្តេចបានគូសបញ្ជាក់ថា នៅរដ្ឋធានីប៉េកំាង គណប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជួប​ពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំកំពូលរបស់មិត្តចិន ក្នុងនោះរួមមាន ឯកឧត្តម ចៅ ឡឺជី ប្រធាន​សភាតំណាងប្រជាជនចិន និងឯកឧត្តម វ៉ាង ហ៊ូនីង ប្រធាន​គណៈកម្មាធិការជាតិ នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនចិន ប្រកបដោយលទ្ធផលផ្លែផ្កា ។ សមិទ្ធផលជា​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ពី​ដំណើរ​ទស្សន​កិច្ច​នេះគឺ ការចុះហត្ថលេខា​លើកិច្ចព្រ​ម​ព្រៀង​ស្តីពី​កិច្ចស​ហប្រតិបត្តិការ​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ និងអនុស្សារណៈនៃការយោគយល់គ្នារវាងលេខាធិការដ្ឋានសភាទាំងពីរ។ ឯកសារ​ទាំងពីរនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះ ក្នុងការពង្រឹង ពង្រីកបន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគីឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការ​អចិន្រ្តៃយ៍ នៃ​សភា​តំណាង​ប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សន​កិច្ច​ផ្លូវការនិងមិត្តភាពនៅប្រទេចិនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកំាងនិងក្រុងសៀងហៃ៕

តំណាងក្រុមហ៊ុនឧស្សាហកម្មទេសចរណ៍លំដាប់ពិភពលោក គ្រោងមកទស្សនកិច្ច​នៅ​កម្ពុជាឆាប់ៗ

2024/09/26 08:55:18 am        241
តំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ ដ៏ធំនៅ​លើ​ពិភពលោក គ្រោងនឹងធ្វើដំណើរ ទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ អំពី​បច្ចុប្បន្ន​ភាព​លើ​វិស័យ​ទេសចរណ៍នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយ​តំណាង​ក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្ម ទេសចរណ៍ដ៏ធំ មាន​វត្តមាន​នៅ​តំបន់ជាច្រើនជុំវិញពិភពលោកដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុបជាដើម។តាមរយៈជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុន ឱ្យបាន​ជ្រាប​ថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែកម្ពុ​ជាមាន​សក្តានុពល​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និង​អរូបិយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​គណៈ​ប្រតិភូ​របស់​ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាព​ជាក់ស្ដែង​នៃ​បរិយាស​កាសវិនិយោគ និងធ្វើដំណើរ កំសាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បី​បាន​ជា​មូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុង ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុងប្រទេសកម្ពុជា។ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate ក៏បានឯកភាព តាមការអញ្ជើញ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ដោយគ្រោង នឹងធ្វើដំណើរទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បីសិក្សាស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង​វឌ្ឍនភាព នៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ផង​ដែរ។ជុំវិញវិស័យទេសចរនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្មីៗនេះ បានបញ្ជាក់ថា ក្នុង​នាមយើងម្នាក់ៗ ជាប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍ របស់ប្រទេស​កម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា, ក្នុងនោះ ឯកឧត្តម បានស្នើសុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុង​កម្រិតអនុតំបន់ តំបន់ និងពិភពលោក ដើម្បីចូលរួម អភិវឌ្ឍវិស័យទេសចរណ៍ អនុលោម​តាម​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាល ទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អភិបាលក្រុងឡូសអែនជែលលេស បង្ហាញការចាប់អារម្មណ៍មកបំពេញទស្សនកិច្ចនៅកម្ពុជា

2024/09/26 08:46:53 am        196
លោកជំទាវអភិបាលក្រុង ឡូសអែនជែលលេស បង្ហាញចំណាប់អារម្មណ៍ ក្នុងការ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ដើម្បីរឹតចំណង មិត្តភាព រវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់បន្ថែម ឱ្យ​កា​ន់​តែ​ស៊ី​ជម្រៅអំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចនៅកម្ពុជា។លោកជំទាវ Karen Bass អភិបាលក្រុងឡូសអែនជែលលេស នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក នៅក្នុងជំនួបសំណេះ សំណាល និងពិភាក្សាការងារជាមួយប្រតិភូកម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូកម្ពុជា ប្រកប​ដោយ​បរិយាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៅលែង។ ក្នុងនោះជំនួបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានសម្តែង​នូវ​អំណរ​គុណ​ចំពោះ​កិច្ចស្វាគមន៍ និងបាន ចូលរួមអបអរសាទរទុកជាមុន ចំពោះទីក្រុងឡូសអែនជែលលេស ដែល​ទទួលបានសិទ្ធិជាម្ចាស់ផ្ទះ ក្នុងការរៀបចំមហាព្រឹត្តិការណ៍ កីឡាធំៗចំនួន២ គឺការ​ប្រកួត​កីឡា​បាល់​ទាត់​ដណ្តើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ (The FIFA World Cup 2026) និងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ (2028 Summer Olympics)។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ដោយបានសង្កត់ ធ្ងន់លើសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ដែល​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់ សម្រាប់បរិវត្តកម្ម ឌីជីថល ជាមួយនឹង​សមត្ថភាព​ភាសាបរទេសមានកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាន និងកំពុង​អភិវឌ្ឍ​ឱ្យកាន់ តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ បន្ថែមពីលើនេះ ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី ក៏បានបញ្ជាក់អំពីបរិយាកាសវិនិយោគរបស់ កម្ពុជា ដែលមានលក្ខណៈបើកចំហរ និង​មាន​អំណោយផលខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនបរទេស ដែលនេះគឺជា ការ​ទទួល​ស្គាល់ពីសំណាក់ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយ។តាមរយៈការលើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, លោកជំទាវអភិបាលក្រុង បាន​កត់​សម្គាល់ និងវាយតម្លៃខ្ពស់លើ ការខិតខំរបស់កម្ពុជា ក្នុងការអភិវឌ្ឍខ្លួន​ឱ្យ​ដើរ​ទាន់​បរិបទ​សង្គ​ម​ជា​សកល។ លោកជំទាវអភិបាលក្រុង ក៏បានបង្ហាញនូវចំណាប់ អារម្មណ៍ ក្នុងការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា សំដៅរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់ បន្ថែម​ឱ្យ​កាន់តែស៊ីជម្រៅ អំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើក្រុងសៀងហៃបន្តចងសម្ព័ន្ធភាពខេត្តនានារបស់កម្ពុជា ដើម្បីភ្ជាប់ប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

2024/09/26 08:36:30 am        138
ក្នុងជំនួបជាមួយ លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន​ប្រចាំទីក្រុងសៀងហៃ​ប្រទេសចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​នៃព្រះរាជាណា​ចក្រ​កម្ពុជា​បានស្នើឱ្យមានការចងសម្ព័ន្ធភាពរវាងក្រុងសៀងហៃ និងខេត្តនានារបស់ប្រទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដែលជា​មូលដ្ឋាន​គ្រឹះ​នៃកិច្ចសហប្រតិបត្តិការជាច្រើនវិស័យទៀត មានទំាងទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ជាដើម។សម្តេចប្រធានរដ្ឋភា និង ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការ​នៃ​គណៈកម្មាធិការ​គណបក្ស​កុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ បានជួបពិភាក្សាការងារនៅរសៀលថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០២៤ ខណៈដែលសម្តេចរដ្ឋសភាធិបតី បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញទស្សនកិច្ច នៅក្រុងសៀងហៃ ក្រោយពីបាន​បញ្ចប់​ទស្សន​កិច្ច​នៅ​រដ្ឋធានី​ប៉េងកំាង​។ឯកឧត្តម ឈិន ជីនីង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែល​បាន​បំពេញ​ទស្សនកិច្ចនៅក្រុងសៀងហៃ ដែលជាខេត្តមានសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។ ឯកឧត្តមបានលើកពីចំណងមិត្តិភាពដ៍រឹងមាំរវាងកម្ពុជាចិន ដែលបា​ន​ពូន​ជ្រំដោ​យ​ថ្នាក់​ដឹក​នាំ​ជំនាន់​មុខ​នៃប្រទេសទំាងពីរនិងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ក្នុងសម័យបច្ចុប្បន្ន បាន​ក្លាយ​ជា​មិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយបាន​ដាក់​ចេញ​នូវ​ចក្ខុ​វិស័​យ​ច្បាស់​លាស់ យកពលរដ្ឋជាស្នូលក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ឯកឧត្តម​លេខាធិការបក្សក៏បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្រុងសៀងហៃ ទទួល​បាន​ការ​យក​​ចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងការ​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ បែបប្រជាជន ដែលបានធ្វើឱ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុង​ពេល​បច្ចុប្បន្ន​ក្រុង​សៀងហៃបានផ្តល់អាទិភាពលើការអភិវឌ្ឍដោយយកពលរដ្ឋជាស្នូល នៅលើវិស័យ​ជា​អាទិភាព​ចំនួនពីរគឺ វិស័យអប់រំ និងសុខាភិបាល។ សៀងហៃមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយនៅក្នុងនោះមានសាកលវិទ្យាល័យ បាន​បើក​បង្រៀន​ភាសាខ្មែរ និងមានសាកលវិទ្យាល័យមួយទៀត បង្រៀនខាងកសិកម្ម ហើយ​មាន​និស្សិត​កម្ពុជា​ជាច្រើននាក់ បានកំពុងសិក្សានៅទីនេះ។ ឯកឧត្តម ឈិន ជីនីង បានស្វាគមន៍ចំពោះការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងក្រុងសៀងហៃ​ឱ្យ​បាន​កាន់​តែស្អិតល្មួតថែមទៀតដើម្បីផលប្រយោជន៍រួមនៃប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងការ​កោត​សរសើរ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពីបក្ស​ សភា និងប្រជាជនក្រុងសៀងហៃ ដល់គណៈប្រតិភូរដ្ឋភាកម្ពុជា។ សម្តេច​បាន​គូស​បញ្ជាក់​ថា ចំណងមិត្តភាពកម្ពុជាចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដោយផ្អែក​លើ​ការ​កសាង​ជំនឿ​ទុក​ចិត្ត​យ៉ាង​ស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ”យើងនឹងអាចបន្តថែរក្សា ពូនជ្រំ និង​អភិវឌ្ឍទំនាក់ទំនងដែលចេញពីបេះដូងរបស់យើង ឈាន​ឆ្ពោះទៅ​កា​រកសាង​សហគមន៍​ជោគ​វាសនា​រួម ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់”នេះជាការគូសបញ្ជាក់បន្ថែម រប​ស់សម្តេចប្រធានរដ្ឋសភា។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ទោះបីដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃ មាន​រយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមាន​សារៈ​សំខាន់​បំផុត ព្រោះមានឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រម​ទាំងបង្កើនបាននូវភាពជិតស្និទ្ធនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស​ទំនាក់​ទំនងជាមួយក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់​ប្តូរ​បែប​នេះ​នឹង​កើត​មាន​ជា​បន្ត​ទៀតនាពេលអនាគត។ក្រុងសៀងហៃ ជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការដឹក​ជញ្ជូន ព្រមទាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយកិច្ចការទាំងនេះបាននិ​ងកំ​ពុង​ដំណើរ​ការ​យ៉ាង​សកម្ម ដោយផ្អែកលើកត្តានវានុវត្តន៍ ការកែទម្រង់ និងការប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ​ចំពោះភា​ព​បើក​ចំហ ទៅកាន់ពិភពលោក។ ជាមួយ​នឹងការស្នើបន្តពង្រីកបណ្តាញសម្ព័ន្ធមេត្រីភាព រវាងទីក្រុងសៀងហៃ ជាមួយនឹងទីក្រុង និងខេត្ត​នានា របស់ប្រទេសកម្ពុជា សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ភាពជាដៃ​គូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុងជ្រោយ ត្រូវបានកំណត់​ដោយ​ទំនាក់​ទំនង​យ៉ាង​ជ្រាល​ជ្រៅ​រវាង​ប្រជាជន និង​ប្រជាជន និងចំណងមិត្តភាពចេញពីបេះដូងនិងបេះដូងយ៉ាងស៊ីជម្រៅ ដែលញុំងឱ្យកម្ពុជា-ចិន​ប្តេជ្ញាធ្វើការរួមគ្នាឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី ក្រោម​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការត្បូងពេជ្រ ហើយការទូតសភា និងកិច្ចសហ​ប្រតិបត្តិការ​ក្រោម​ក្រប​ខណ្ឌ​សភា ដើរតួនាទីកាន់តែសំខាន់​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាងប្រទេសយើងទាំងពីរ ដោយយកប្រជាជនជាស្នូល៕

ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ របស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត និងមូលនិធិពុនដារីកា

2024/09/25 10:25:29 pm        173
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន៤គ្រឿង ជូនក្រសួងសុខាភិបាល អំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity”, នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ពិធីនេះបានមានការចូលរួមពីសប្បុរសជន ថ្នាក់ដឹកនាំអមដំណើររដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមន្រ្តីស្ថានទូត និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២០នាក់។ឯកឧត្តម វ៉ាង វិនពីង ជឿជាក់ថា មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត និងមូលនិធិ ពុនដារីកា ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងបន្តមានកិច្ចសហប្រតិបតិ្តការនៅកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ពិគ្រោះចិន និងកម្ពុជា ជាមិត្តដែកថែប។ យើងសង្ឃឹម និងជឿជាក់ថា នាពេលអនាគតសប្បុរសជនចិនកាន់តែច្រើនមកកម្ពុជា ដើម្បីជួយកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។អំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់នាពេលនេះ គឺពិតជាស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ផ្ដល់ការថែទាំ និងព្យាបាលអ្នកជំងឺដោយគ្មានការនឿយហត់ ដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងកិច្ចសហការ និងសហប្រតិបត្តិការល្អភាពជាដៃគូ ដែលជាឧត្ដមប្រយោជន៍ជូនសង្គមជាតិ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកជំងឺដែលមានបញ្ហាមាត់ និងសាកសួរសុខទុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មវះកាត់ជាមិត្តភាពរបស់អង្គការស្នាមញញឹមកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ដោយបានវះកាត់ចំនួន៤៧នាក់ នៅមជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជា។សូមជំរាបជូនផងដែរថា មជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីសប្បុរសធម៌នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលមានបញ្ហាមាត់ក្រអូម (បញ្ហាស្នាមញញឹម) និងពិការមុខមាត់ពីកំណើត៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
06/17/2026 03:06 PM
តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
06/17/2026 01:06 PM
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
06/17/2026 01:06 PM
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
06/17/2026 12:06 PM
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
06/17/2026 12:06 PM
មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/17/2026 12:06 PM
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
06/17/2026 12:06 PM
គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
06/17/2026 12:06 PM
សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
06/17/2026 12:06 PM
សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
06/17/2026 12:06 PM