ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា៖កម្ពុជាឱ្យតម្លៃខ្លាំងណាស់ទៅលើសន្ដិភាពពីព្រោះកម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍

2024/09/06 05:33:06 pm        114
ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។​ជាកិច្ចចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ និងគណៈប្រតិភូដែលបានអញ្ជើញមកព្រះរាជាណចក្រកម្ពុជា ដើម្បីចូលរួមចំណែកនៅក្នុងការពិភាក្សាកិច្ចប្រជុំប្រឹក្សាយោបល់ទៅលើធម្មនុញ្ញសន្ដិភាព ដែលរៀបចំឡើងដោយរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ កិច្ចប្រជុំប្រឹក្សាយោបល់ទៅលើធម្មនុញ្ញសន្ដិភាពនេះគឺជាផ្នែកមួយដ៏សំខាន់របស់កិច្ចប្រជុំកំពូលរបស់សភាអន្តរជាតិ សម្រាប់ភាពអត់ឱន និងសន្ដិភាព ដែលនឹងប្រព្រឹត្តិឡើងនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ។ សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ថាការចូលរួមរបស់សហព័ន្ធសន្តិភាពសកលអន្តរជាតិ ពិតជាបានដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែកកសាង និងរក្សាន្ដិភាព មិនមែនត្រឹមតែសម្រាប់សន្ដិភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្ដែនៅទូទាំងសកលលោកតែម្ដងពីព្រោះធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសារមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកក្នុងការរក្សាសន្ដិភាព ខណៈពេលដែលស្ថានការណ៍បច្ចុប្បន្នតំបន់មួយចំនួននៅលើសកលលោកកំពុងមានសង្គ្រាមកើតឡើង ដែលនាំមកនូវការបំផ្លិចបំផ្លាញ និងជាគ្រោះមហន្តរាយដល់មនុស្សជាតិ។ សម្ដេចប្រធានរដ្ឋសភាពបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមសម័យខ្មែក្រហម និងអំពើប្រល័យពូជសាសន៍ ដូច្នេះកម្ពុជាឱ្យតម្លៃខ្លាំងណាស់ទៅលើសុខសន្ដិភាព ដូច្នេះហើយទើបកម្ពុជាដែលជាប្រទេសមួយតូច ប៉ុន្ដែបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីចូលរួមចំណែកក្នុងការកសាងសុខសន្ដិភាពសកល ក្នុងនោះមានសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្ដី សម្ដេចគឺជាបិតាស្ថាបនិកសន្ដិភាព និងនយោបាយឈ្នះឈ្នះរបស់កម្ពុជា។ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ បានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា ដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងគណៈប្រតិភូបានចូលសម្ដែងការគួរសម។ ឯកឧត្តមបានបញ្ជាក់ថា សហព័ន្ធសន្តិភាពសកលអន្តរជាតិ គឺជាមិត្តល្អជាមួយកម្ពុជា និងតែងតែបានចូលរួមជាមួយកម្ពុជាជាច្រើននៅក្នុងវេទិកាសន្និសីទពិភពលោកតាំងពីឆ្នាំ២០១៩មក៕

កិច្ចការងារសន្តិសុខ នៅតែជាអាទិភាពដែលអាជ្ញាធរតាមមូលដ្ឋានខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់

2024/09/06 05:11:26 pm        87
ភ្នំពេញ ៖ កិច្ចការងារសន្តិសុខ នៅតែជាការងារអាទិភាពដែលអាជ្ញាធរតាមមូលដ្ឋានខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ដដើម្បីការពារធានាសុវត្ថិភាព ជូនពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន ។ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំគណះបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងកិច្ចការងារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោកសុខ សម្បត្តិ អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង និងមានការអញ្ចើ្ចញចូលរួមពីលោកអធិការនគរបាល , មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ , លោកលោកស្រីជាចៅសង្កាត់ទាំង០៧ក្នុងមូលដ្ឋាន រួមជាមួយមន្ត្រីចំណុះរដ្ឋបាលខណ្ឌជាច្រើនរូបទៀតផងដែរ ។ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា ៖ ពិតណាស់ថា បច្ចុប្បន្ននេះប្រទេសជាតិបានជួបនូវសុខសន្តិភាពក៏ពិតមែន ក៏ប៉ុន្តែអាជ្ញាធរក៏មិនត្រូវបណ្តែតបណ្តោយមិនខ្វាយខ្វល់លើការងារន្តិសុខនោះទេ ព្រោះអំពើអសន្តិសុខនានាអាចកើតមានបានគ្រប់ពេលវេលា ដែលបង្កឡើងដោយក្រុមជនមានចេតនាបង្កភាពវឹកវរដល់សង្គមជាតិ ។ លោកអភិបាលខណ្ឌបានណែនាំ ឱ្យមន្ត្រីក្រោមឱ្យវាទ បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ,ល្បែងស៊ីសង , បញ្ហាគ្រឿងញៀន និងបង្កើនការចេញល្បាតពួកស្ទាក់នៅក្នុងដែនដីរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីត្រៀមបង្ក្រាបចំពោះសភាពការណ៍ លួច , ឆក់ ឬប្លន់ជាដើម ដែលសកម្មភាពទាំងនេះអាចកើតមានឡើងបានគ្រប់ពេល នៅរាល់ពេលដែលជនសង្ស័យមានឱកាសអាចប្រព្រឹត្តិសកម្មភាពបាន ។ បន្ថែមពីនោះទៅទៀត លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ ឱ្យយកចិត្តទុកដាក់ពិនិត្យតាមដានលើជនបរទេសដែលកំពុងស្នាក់នៅតាមខុនដូរ ឬសណ្ឋាគារ ដោយចាំបាច់ត្រូវសហការជាមួយម្ចាស់ទីតាំងអាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ កំណត់បានថា ជនបរទេសទាំងនោះ ជាបុគ្គលចូលមកកម្ពុជាស្របច្បាប់ ជៀសវៀងក្រុមឧក្រិដ្ឋជនខ្លះបានយកកម្ពុជាជាទីកន្លែងជ្រកកោន ហើយប្រព្រឹត្តិសកម្មភាពបទល្មើសធំៗដូចជា ការជួញដូរគ្រឿងញៀនឆ្លងកាត់ប្រទេស , អំពើចាប់ជំរិតទារប្រាក់ និងការប៉ងបង្កភារវកម្មផ្សេងៗជាដើម .ល . ។ ជាកិច្ចបញ្ចប់ នៃអង្គប្រជុំ លោកសុខ សម្បត្តិ បានដាក់បញ្ជាការគណះបញ្ជាការឯកភាពថ្នាក់រដ្ឋបាលសង្កាត់ គឺត្រូវមានក្រុមទទួលវេនប្រចាំបញ្ជារជាប្រចាំថ្ងៃ ដើម្បីត្រៀមសម្រាប់ការឆ្លងតបជាមួយថ្នាក់ខណ្ឌ ក្នុងករណីមានសភាពការបន្ទាន់ណាមួយកើតឡើង ។ ដោយការត្រៀមនោះទៀតសោត មិនកំណត់ចាំបាច់ទាល់តែចៅសង្កាត់ជាអ្នកដឹកនាំវេនរហូតនោះទេ ពោលគឺត្រូវបង្កើតក្រុម ដើម្បីទទួលខុសត្រូវ និងម្ចាស់ការលើការងារនេះឱ្យបានទៀតទាត់ ។ អ្វីដែលកាន់តែសម្ខាន់ លោកអភិបាលបានដាស់តឿនដល់កម្លាំងគណះបញ្ជាការឯកភាពទាំងអស់ មិនត្រូវភ្លេចខ្លួន លើការប៉ងធ្វើចលនាបាតុកម្ម ឬកុបកម្មណាមួយដែលបង្កឡើងដោយក្រុមប្រឆាំងក្រៅច្បាប់ មានចេតនាទុច្ចរិតបង្កភាពវឹងវរដល់សន្តិសុខសង្គមជាតិ ពិសេសការប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ននេះ ពោលគឺត្រូវតែទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ៕ អត្ថបទ ៖ លីហេង

៥ឆ្នាំមកនេះ មជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង បានព្យាបាលកុមារ គ-ថ្លង់ ពីកំណើត បានចំនួនជាង៥០នាក់

2024/09/06 04:01:28 pm        152
ភ្នំពេញ ៖ ៥ឆ្នាំកន្លងមកនេះ ក្រុមការងារគ្រូពេទ្យនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង បានវះកាត់ព្យាបាលកុមារ គ-ថ្លង់ ពីកំណើត បានចំនួនជាង ៥០នាក់ ដោយជោគជ័យ ១០០% ដែលអាចឱ្យស្តាប់ឮសម្លេង និយាយបាន និងមានទំនាក់ទំនងទៅកាន់ពិភពលោកបាន។​លោកសាស្រ្តាចារ្យ Choi Jae-young (ជុង ជេ យ៉ុង) មកពីមន្ទីរពេទ្យ Severance នៃប្រទេសកូរ៉េ បានលើកឡើង ក្នុងពិធីខួបគម្រប់ ៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង SEVERANCE និង KT នៃកី្តសង្ឃឹម នៅកម្មវិធីគាំទ្រការវះកាត់ និងស្តារនីតិសម្បទាសំរាប់កុមារ គ-ថ្លង់, នៅមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា កាលពីឆ្នាំ២០១៩ មនី្ទរពេទ្យព្រះអង្គឌួង បានសហការជាមួយមន្ទីរពេទ្យ Severance និងKT នៃកី្តសង្ឃឹម ដោយបង្កើតបានមជ្ឈមណ្ឌលមនី្ទរពេទ្យព្រះអង្គឌួង ដោយសំខាន់លើការវះកាត់ និងស្តារនីតិសម្បទាសំរាប់កុមារ គ-ថ្លង់។ កុមារទាំងអស់ ដែលទទួលបានវះកាត់ព្យាបាល គ-ថ្លង់ និងហ្វឹកហាត់ជាច្រើន នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង បានធ្វើឲ្យកុមារទាំងនោះ អាចស្តាប់ឮសម្លេងរបស់ឪពុក ម្តាយ អាណាព្យាបាល របស់គាត់ និងអាចស្តាប់ឮសម្លេងនៅមជ្ឈដ្ឋានខាងក្រៅបាន។ ដូច្នេះធ្វើក្រុមគ្រួសាររបស់គាត់ មានកី្តសង្ឃឹមយ៉ាងខ្លាំង។ ជាពិសេសក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ អ្នកគ្រូបង្ហាត់បង្រៀនដល់កុមារ គ-ថ្លង់ ធ្វើឲ្យកុមារ មានកី្តសង្ឃឹមថ្មី និងអាចនិយាយបានបន្ថែមទៀតផងដែរ។ចំណែកលោក Oh Tae-seong (អូ ថេ ស៊ុង)នាយកក្រុម KT ESG នៃប្រទេសកូរ៉េ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំ ធ្វើកុមារកម្ពុជា មានកី្តសង្ឃឹមថ្មី ហើយឲ្យកុមារ មានទំនាក់ទំនងជាមួយពិភពលោកបាន។ លោកប្តេជ្ញាបន្តឧបត្ថម្ភ និងផ្គត់ផ្គង់ ជួយដល់កុមារកម្ពុជា ឲ្យទទួលបានការវះកាត់ព្យាបាល គ-ថ្លង់ ជោគជ័យ។ទន្ទឹមគ្នានោះដែរអាណាព្យាបាលដែលមានកូនៗ គ-ថ្លង់ពីកំណើត ក្រោយទទួលបានការវះកាត់ព្យាបាល គ-ថ្លង់ ពីក្រុមគ្រូពេទ្យជំនាញនៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងរួមគ្នាថា គាត់គ្រប់រូបដែលមានកូនកើតមក គ-ថ្លង់ មិនអាចនិយាយ និងស្តាប់ឮសម្លេងបានតាំងពីកំណើតមកនោះ ពិតជាមានអារម្មណ៍ពិបាកចិត្ត និងអាណិតកូនខ្លាំងណាស់។ ប៉ុន្តែសូមផ្តាំផ្ញើដល់មាតា បិតា អាណាព្យាបាល កុំបាក់ទឹកចិត្ត យើងអាចមកទទួលសេវាព្យាបាលគ-ថ្លង់ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួងបាន។នាឱកាសនោះលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា កាលពីប្រាំឆ្នាំមុន យើងបានចាប់ផ្តើមកម្មវិធីការវះកាត់កុមារ គ-ថ្លង់ និងការស្ថារនីតិសម្បទាសំរាប់ កុមារ គ-ថ្លង់ បន្ទាប់ពីទទួលការវះកាត់រួច ដើម្បីនាំមកនូវក្តីសង្ឃឹម និងការព្យាបាលដល់កុមារ គ-ថ្លង់ ពីកំណើត។ តាមរយៈការលះបង់របស់បុគ្គលិករបស់យើង ការគាំទ្រឥតងាករេរបស់ឪពុកម្តាយ និងការសហការដ៏មានតម្លៃជាមួយដៃគូរបស់យើងពី KT និងមន្ទីរពេទ្យ Severance នៅប្រទេសកូរ៉េ យើងបានបើកកម្មវិធីនេះឱ្យក្លាយជាការពិត។ ខួបនេះមិនមែនគ្រាន់តែជាការប្រារព្ធពិធីឡើយ តែក៏ជាការអបអរសាទរជីវិតកុមារដែលបានយកឈ្នះលើឧបសគ្គ និងមានអនាគតដ៏ភ្លឺស្វាង។ កុមារគ្រប់រូបដែលឮពិភពលោកកាន់តែច្បាស់ មាតាបិតាគ្រប់រូបដែលឃើញពីវឌ្ឍនភាពរបស់កូនពួកគេ និងបុគ្គលិកគ្រប់រូបដែលបានរូបចូលរួមកិច្ចការនេះ គឺជាសក្ខីភាពយាងពិតប្រាកដ។ជាចុងក្រោយលោកសាស្ត្រាចារ្យរង លូ លីឃាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរបស់យើង គឺKT និងមន្ទីរពេទ្យ Severance ដែលបានផ្តល់ទាំងអ្នកជំនាញ ទាំងធនធាន និងចិត្តសប្បុរស ក្នុងការដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យ នៃមជ្ឈមណ្ឌលនេះ។ យើងរួមគ្នាកសាងមិនត្រឹមតែជាកន្លែងមួយប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃក្តីសង្ឃឹម សម្រាប់គ្រួសារជាច្រើនផងដែរ។ ហើយសូមឱ្យមជ្ឈមណ្ឌលនេះបន្តរីកចម្រើន និងបន្តជាកន្លែងមួយដែលផ្តល់ក្តីសង្ឃឹមដ៏ភ្លឺស្វាង សម្រាប់កុមារ គ-ថ្លង់៕ អត្ថបទ រដ្ឋា

មន្ត្រីបាលជលផលខេត្តក្រចេះ បន្តចុះបង្ក្រាបបទល្មើសនេសាទ និងបានប្រលែងត្រីចម្រុះ តូចធំជាង៣០០គីឡូក្រាម

2024/09/06 03:56:15 pm        905
នាថ្ងៃទី០៥ ខែកញ្ញាម្សិលមិញនេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត គណៈបញ្ជាការឯកភាពស្រុក អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ នៅចំនុចបឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានរំដោះត្រីចម្រុះ តូចធំប្រមាណជាង៣០០គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការរុះរើ និងដុតបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់មួយចំនួនធំ រួមមាន៖ របាំងព្រួលសាច់ណរ៉ាវ (សាច់កាវ) ចំនួន ១១ខ្សែ ប្រវែង ៥៥០ម៉ែត្រ ក្រឡាទំហំ ៣-០៤សង់ទីម៉ែត្រ, លបសាច់កាវ ចំនួន ១៤គ្រឿង ក្រឡាទំហំ ០២-០៤សង់ទីម៉ែត្រម, របាំងព្រួលស្បៃមុងចំនួន ២៩ខ្សែ មានប្រវែង ១៣៥០ម៉ែត្រ, លូស្បៃមុង ចំនួន ៣២មាត់លូ, របាំងកាត់ទទឹងជិតព្រែកចំនួន ០២របាំង និងលបសាច់កាវចំនួន ០៦គ្រឿង, បង្គោលចម្រឹងប្ញស្សីប្រមាណជា ៦០០ដើម ។ គិតត្រឹមតែរយៈពេល២ថ្ងៃ នៃដេីមខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានបង្ក្រាបបទល្មើសនេសាទ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម និងបានបំផ្លាញចូលនូវឧបករណ៍ នេសាទមួយចំនួនធំ ព្រមទាំងបានរំដោះត្រីចម្រុះតូច-ធំ ជាង ៥០០គីឡូក្រាម ក្នុងនោះ​ស្រុកព្រែកប្រសព្វ ចំនួន ២០០គីឡូក្រាម និងស្រុកចិត្របុរី ចំនួន ៣០០គីឡូក្រាម ៕

សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

2024/09/06 03:47:59 pm        124
អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនេះ ក្នុងគោលបំណង ធ្វើការតម្រង់ទិសដល់យុវជន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីកិច្ចការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រមុនឈានទៅសិក្សានៅឧត្តមសិក្សា ជាពិសេសពួកគេភាគច្រើនរស់នៅក្នុងតំបន់បេតិកភណ្ឌ ត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃវប្បធម៌ និងបេតិកភណ្ឌជាតិ ដើម្បីជាអ្នកបន្តវេន និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះនាពេលអនាគត់។ការសិក្សាស្រាវជ្រាវនេះ បន្ទាប់ពីពួកគាត់ បានសិក្សានៅក្នុងថ្នាក់រៀន ស្តីពីការអប់រំបេតិកភណ្ឌ អស់រយៈពេលជាច្រើនខែមក សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំដោយអាជ្ញាធរជាតិអប្សរា។នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ សិស្សានុសិស្សបានទៅទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅតំបន់ភ្នំបូក។ ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា និងបន្តរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបុរាណជាច្រើនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ និងអាជ្ញាធរក្នុងតំបន់មួយចំនួននៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ កម្មវិធីអប់រំបេតិកភណ្ឌ។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេស​សម្រាប់យុវជនជំនាន់ក្រោយ ​បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ ​និងផ្តល់ឱកាសដល់យុវជន បានយល់ដឹង​នូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់​ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ ជាពិសេសយល់ដឹងអំពីតួនាទីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងអាចធ្វើជាគម្រូដល់សហគមន៍​របស់ខ្លួនថែមទៀតផង៕

ឯកឧត្តម ឌិត ទីណា៖ វិស័យស្រូវអង្ករនឹងអាចរីកចម្រើនទៅមុខបាន ចាំបាច់ទាមទារឲ្យស្ថាប័នរដ្ឋ និងឯកជន សហការគ្នា

2024/09/06 02:45:37 pm        925
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការងារស្រូវ-អង្ករ គឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ រួមគ្នា​ពិនិត្យលើបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយជាមួយគ្នា ដើម្បីជំរុញ​វិស័យ​ស្រូវ​អង្ករ​ឲ្យ​កាន់​តែ​រីកចម្រើនទៅមុខបន្ថែមទៀត។ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែក​ឯកជន កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តម ឌិត ទីណា បាន​គូស​បញ្ជាក់​ថា ការងារស្រូវ-អង្ករនេះ ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន ពិតជាត្រូវ​រួមគ្នា​ពិនិត្យ​លើ​បញ្ហា​ប្រឈម​នានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ តាមរយៈការក្តោបព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បី​ពិភាក្សារកដំណោះស្រាយមានរយៈពេលវែង ទទួលយកបានទាំងអស់គ្នា និង​មាន​ផល​ប្រយោជន៍​រួម​ជាលក្ខណៈសេដ្ឋកិច្ច ទាំងសម្រាប់វិស័យឯកជន និងសេដ្ឋកិច្ចជាតិ។បើ​តាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់ រួម​មាន ផ្នែកផលិតកម្មនិងការដាំដុះ ផ្នែកផលិតកម្ម-ការកិនកែច្នៃ ផ្នែកពន្ធដារក្នុងវិស័យស្រូវអង្ករ។ សហគមន៍​អ្នកផលិត តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងថ្នាក់​ដឹកនាំ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ដាប់និងពិភាក្សាយ៉ាងលម្អិតលើរបៀបវារៈទាំង៣ និង​សំណើរបស់ភាគីឯកជន មុននឹងឯកឧត្តមរដ្ឋមន្ដ្រី សហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) ផ្ដល់ជម្រើសដំណោះស្រាយចំពោះសំណើនីមួយៗ។ចំពោះ​សំណើមួយចំនួនដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់ភាគីឯកជន លើក​យក​ទៅ​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមការងារទទួលបន្ទុក ដើម្បីទទួលបានដំណោះស្រាយដែលមានលក្ខណៈប្រាកដនិយម អាច​អនុវត្តបាន និងទទួលបានផលចំណេញទាំងអស់គ្នា រាប់ចាប់តាំងពីអ្នកផលិតពូជស្រូវសុទ្ធ ប្រជា​កសិករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋបាលជលផលខេត្តកណ្តាលឃាត់រថយន្តធន់ធ្ងន់មួយគ្រឿងជាមួយបង្កងខុសច្បាប់ និងមិនមានការបញ្ជាក់គុណភាពជិតមួយតោន

2024/09/06 02:40:58 pm        851
មន្រ្តីជំនាញរបស់នាយខណ្ឌរដ្ឋបាលជលផលកណ្តាល និងគណៈបញ្ជាការឯកភាពខេត្តកណ្តាល បាន​ឃាត់រថយន្តធន់ធ្ងន់មួយគ្រឿងជាមួយនឹងបង្កងខុសច្បាប់ (ពុំមានលិខិត​បញ្ជាក់​អំពី​គុណ​ភាព​នាំចូល​ និងនាំចូល​ផលិតផល​ជលផល​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ផ្នែក​រោគ​សាស្រ្ត​ជល​ផល ជិតមួយតោន ដែលដឹកមកពីក្រៅប្រទេសយកមកលក់នៅស្រុកខ្មែរ។លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានឲ្យដឹងថា បន្ទាប់ពី មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីយប់​រំលង​អាទ្រាធនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ជាមួយនិង​មន្រ្តី​កង​រាជ​អាវុធបានធ្វើការចុះឃាត់ រថយន្តមួយគ្រឿង មានស្លាកលេខភ្នំពេញ 3G-5776 ជាមួយ​នឹង​បង្កង​ខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ ខេត្ត​កណ្តាល ដោយសារម្ចាស់រថយន្តនេះមិនព្រមសហការគ្នាជាមួយកម្លាំងសមត្ថកិច្ច បើទោះ​បី​មន្រ្តី​ជំនាញ​ធ្វើ​ការ​ណែនាំ និងព្រមានមួយដងជាពីរដងមកហើយនោះ។លោក ហេង សុភារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់រថយន្តនេះរួមទាំងថៅកែបង្កង នោះ​ពុំ​មាន​លិខិត​ស្នាមត្រឹមត្រូវក្នុងការដឹកជញ្ជូន(ដឹកអនាធិបតេយ្យ) ហើយសម្ថកិច្ច ក៏ធ្លាប់បាន​ចុះ​ណែនាំ និងព្រមានពីរបីដងហើយតែមិនព្រមសហការ ថែមទាំង​ប្រើ​សម្តី​មិន​គប្បី​ប្រមាថ​ដល់​ដែន​សមត្ថកិច្ច​ផង​ដែរដូច្នេះ ឯកឧត្តមអភិបាលខេត្តកណ្តាលបានបញ្ជាឲ្យធ្វើការឃាត់រថយន្តនេះ រួម​ទាំង​វត្ថុ​តាងតែម្តងដើម្បីកសាងនីតិវិធីទៅតាមច្បាប់ជាធរមាន។ យ៉ាងណាក៏ដោយលោក ហេង សុភារិទ្ធក៏បាន បញ្ជាក់ផងដែរថា បង្កង​ដែល​បាន​រឹប​អូស​បាន​ជិត​មួយ​តោន​នេះ​ត្រូវ​បាន​ងាប់​ស្អុយ​រលួយ​អស់ ហើយគណៈកម្មាការសម្រេចកប់ចោលនារសៀលនេះផងដែរ បន្ទាប់ពីមានកា​រ​សម្រេច​របស់​អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើននោះ។ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ បានអះអាងផងដែរថា ក្រោយមានការណែនាំពីរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចង្អុលបង្ហាញពីអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងគោលបំណងរក្សាសុខភាព និង​សុវត្ថិភាពចំណីអាហារដល់បងប្អូនប្រជាពលរដ្ឋខេត្តកណ្តាលក៏ដូចជាបងប្អូននៅទូទាំងប្រទេសនោះ នឹងខិតខំចាត់វិធានការឲ្យដូចជាភ្លៀងរលឹមចំពោះបទល្មើសជល់ផល ទាំងនេសាទខុសច្បាប់ និង​ការដឹកជញ្ជូនមិនមានភាពប្រក្រតី មិនមានគុណភាពត្រឹមត្រូវ និងច្បាស់លាស់ជាដើមនោះ។​សូម​បញ្ជាក់ថា​ បើយោងតាមច្បាប់ស្ដីពីជលផលមាត្រា៩៣​ ចំណុច៦​ បានបញ្ជាក់ថា​ កានាំ​ចេញ​នាំចូល​​ផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល គឺជាកាខុសនឹងច្បាប់ស្ដីពីជលផល៕ អត្ថបទ បាន ចក់ 

កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ថ្ងៃនេះ តំណាងកម្មករនិយោជិតស្នើ តួលេខ ១០ដុល្លារ ឯតំណាងភាគីនិយោជកស្នើតួលេខ ២ដុល្លារ

2024/09/06 02:29:25 pm        941
ឆ្លងកាត់កិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យកាត់ដេរ រយៈពេលជិត ៣ម៉ោង នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ ជាលទ្ធផលបានបង្ហាញឲ្យដឹងថា ភាគីនិយោជក បានយល់ព្រមដំឡើងបន្ថែមពីចំនួន ១ដុល្លារ ទៅចំនួន២ដុល្លារ ខណៈភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានបន្ថយតួលេខវិញ ពីចំនួន ១៤ដុល្លារ មកចំនួន ១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៤ដុល្លារ។ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ទាក់ទងកិច្ចចរចាប្រាក់ឈ្នួលនេះ ភាគីរដ្ឋាភិបាលនឹងខិតខំសម្របសម្រួលឲ្យភាគីទាំងពីរកាន់តែយល់គ្នា និងខិតជិតរកគ្នា ពីព្រោះដូចបណ្តាប្រទេសដទៃទៀតដែរ អ្នកដែលដើរតួឯកក្នុងរឿងមិនមែនមានតែភាគីនិយោជក និងភាគីកម្មករនិយោជិត ហើយរដ្ឋាភិបាលនឹងខិតខំធ្វើម៉េចឲ្យមានប្រព័ន្ធ ឲ្យមានយន្តការ ហើយផ្តល់ហេតុផលស្ថិតិធ្វើម៉េចឲ្យបានសមរម្យ ដើម្បីឲ្យភាគីនីមួយៗអាចយោង និងពិភាក្សាគ្នាបាន។ពាក់ព័ន្ធទៅនឹងតួលេខរបស់ភាគីរដ្ឋាភិបាលវិញ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាទូទៅរដ្ឋាភិបាលព្យាយាមសម្របសម្រួលឲ្យអស់លទ្ធភាពសិន មុននឹងសម្រេចដាក់ចេញនូវតួលេខណាមួយឲ្យប្រហាក់ប្រហែល រវាងភាគីទាំងពីរ ដើម្បីឯកភាពគ្នាជាលក្ខណៈកុងស្យុងស៊ីសក៏ល្អ ហើយបើមិនឯកភាពគ្នាទេ នោះនឹងឈានទៅដល់ការបោះឆ្នោតសម្រេចផ្លូវការ។លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឲ្យដឹងថា មូលហេតុដែលក្រុមសហជីពបានឯកភាពគ្នាក្នុងការបន្ថយតួលេខស្នើសុំដំឡើងប្រាក់ឈ្នួលពីចំនួន ១៤ដុល្លារ មកត្រឹម ១០ដុល្លារវិញនេះ ដោយសារតែបានគិតនូវអ្វីដែលជាចម្បងបំផុតទាក់ទងតួលេខ។ ដូច្នេះការពិភាក្សា ការជជែកគ្នាដើម្បីរកតួលេខណាមួយឲ្យឈានមកដល់គោលដៅដែលយើងចង់បាន ជាធម្មតាគឺត្រូវចាប់ផ្តើមពីតួលេខច្រើនសិន ដើម្បីដាក់ស្នើរក្នុងអង្គប្រជុំ ទើបបន្តការចរចារគ្នាថែមទៀតនាពេលប្រជុំបន្តបន្ទាប់ ដើម្បីបញ្ជាក់ថា ការដំឡើង ហើយនិងទម្លាក់គឺអាចទទួលយកបានទាំងអស់គ្នា។សូមបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ដុល្លារ កម្មករនិយោជិត នឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ , ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន , ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់រង្វាន់អតីតភាពការងារ។ ដូចនេះជាមធ្យម កម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២០ ទៅ ២៣៦ដុល្លារ ក្នុងមួយខែៗ៕

អាកាសយានដ្ឋានអន្តរជាតិតេជោនឹងហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍​បញ្ជាការ​ហោះ​ហើរ

2024/09/06 02:12:44 pm        480
មក​ដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរឱ្យបានរួចរាល់ មុនដាក់ឱ្យដំណើរហោះហើរ​ការជា​ផ្លូវ​ការ​នៅ​ឆមាស​ទី​១​ឆ្នាំ ២០២៥ ហើយពេលនេះ នឹងដាក់ឱ្យហោះ​ហើរ​សាកល្បង​ ដើម្បី​ត្រួត​ពិនិត្យ​ឧបករណ៍​បញ្ជាការហោះហើរនៅថ្ងៃទី៨កញ្ញា បន្ទាប់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំ​ប្រតិបត្តិ​ដែល​មាន​ប្រតិភូ​អាកាសចរ​ស៊ីវិល ប្រតិភូក្រុមហ៊ុនប្រតិបត្តិការអាកាសយានអន្តរជាតិតេជោ ប្រតិភូ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ ប្រតិភូក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ និង​ស្ថាប័ន​ជំនាញមួយចំនួនទៀត បានចុះពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិតេជោដោយផ្ទាល់។បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល បាន​ប្រាប់ថា មកដល់ពេលប្រតិភូទំាងអស់បានប្រជុំសម្រេចរួចរាល់ រយៈពេល៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី៨​កញ្ញា ដល់ថ្ងៃទី១២កញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោមួយនេះនឹងដាក់ ឱ្យ​ហោះ​ហើ​រសាកល្បង ដើម្បីត្រួតពិនិត្យរាល់ឧបករណ៍បញ្ជាការហោះហើរឱ្យបានរួចរាល់ជាមុន ក្នុង​នេះ​ក្រុម​​ការងារ​ជំនាញបានចុះមកពិនិត្យជាក់ស្តែងរាល់ឧបករណ៍ទំាងអស់ ដោយបានពិនិត្យឃើញថា នៅ​​ថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញាឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ អាច​ដំណើរ​ការ​ហោះហើរ សាកល្បង ដើម្បីត្រួតពិនិត្យ​ឧបករណ៍បញ្ជាការហោះហើរបាន​ដោយ​មិន​មាន​បញ្ហា​រាំង​ស្ទះ​ទេ​ ហើយការកំណត់ឱ្យហោះហើរសាកល្បងនេះ ត្រូវធ្វើឡើងចំនួន២ដង ដោយលើកទី១ មាន​រយៈ​ពេល​៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៨កញ្ញា ដល់ថ្ងៃទី១២កញ្ញា និងលើកទី២ មានរយៈពេ​ល​៦​ថ្ងៃ ​ដោយចាប់ពីថ្ងៃទី២៣កញ្ញា ដល់ថ្ងៃទី២៨កញ្ញាក្នុងឆ្នាំ២០២៤នេះដូចគ្នា ដើម្បីធ្វើ​តេស្ត​ឱ្យ​បាន​រួច​រាល់ មុនថ្ងៃដាក់ឱ្យដំណើរការហោះហើរជាផ្លូវការ នៅឆមាសទី១ឆ្នាំ២០២៥ និងដើម្បី​ឱ្យ​ប្រាកដ​ មុនថ្ងៃដាក់ឱ្យដំណើរហោះហើរការផ្លូវការ។ចំណែកឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន បាន​បន្ថែម​ថា មកដល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិតេជោ បាន​សម្រេច​ការ​សាង​សង់​បាន​ប្រមាណ​ជិត ៩០%ហើយ ហើយអាកាសយានដ្ឋាន​អន្តរជាតិ​មួយ​នេះ​នឹង​ចំណាយ​ទឹក​ប្រាក់​ក្នុង​ការ​សាងសង់​ប្រមាណ១៥០០លានដុល្លារ លើទំហំផ្ទៃដីជាង ២ពាន់៦០០ហិកតា និងជាអាកាស​យានដ្ឋាន​អន្តរជាតិលំដាប់ 4F អាចទទួលយន្តហោះធំៗចុះចតបានគ្រប់ប្រភេទ៕ អត្ថបទ៖ គង់ រ៉េន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ

2024/09/06 12:15:17 pm        200
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបន្តដំណើរការការិយាល័ យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM