ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ

ព័ត៌មានជាតិ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៦ នៅកម្ពុជា

2024/09/05 05:27:06 pm        496
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះ ក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) សម្រាប់ការអភិវឌ្ឍកសិកម្មរវាងប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធភាព និងមានលទ្ធផលផ្លែផ្កា។បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជាដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់ ដែលអ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជា។ តាមរយៈការវិនិយោគនៅកម្ពុជាដោយផ្ទាល់ អ្នកវិនិយោគនឹងទទួលបានផលចំណេញទាំងនៅលើទីផ្សារចិននិងទីផ្សារអន្តរជាតិ និងអាចជួយលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជាថែមទៀត។តបតាមសំណើរបស់ ភាគីចិន ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់អ្នកជំនាញកសិកម្មចិន មកកាន់កម្ពុជា ដើម្បីចែករំលែកបទពិសោធនិងផ្ទេរចំណេះដឹងថ្មីៗនៅក្នុងវិស័យកសិកម្ម មកដល់មន្ដ្រីជំនាញកម្ពុជា។ ឯកឧត្តម គូសបញ្ជាក់ថា ក្រសួងនឹងជួយគាំទ្រ ក៏ដូចជាសម្របសម្រួលទាំងផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីឱ្យការងារនេះ ដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសុទិដ្ឋិនិយមខ្ពស់ និងអរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ដែលយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត និងជំរុញច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) ឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស និងទទួលបាននូវសមិទ្ធផលជូនប្រជាជននិងប្រជាជាតិទាំងពីរ៕ អត្ថបទ ឈិត បូរ៉ាវី 

កម្មកររោងចក្រ បង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយបានបរិច្ចាគ​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

2024/09/05 05:21:25 pm        456
ភ្នំពេញ៖ រហូតមកដល់ពេលនេះមើលឃើញថា ប្រជាពលរដ្ឋគ្រប់ទិសទីបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា តាមរយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ ជាមួយនេះ កម្មករ កម្មការនីដែលកំពុងបំពេញការងារក្នុងវិស័យរោងចក្រ ក៏បានបង្ហាញទឹកមុខសប្បាយរីករាយ បន្ទាប់ពីបានបរិច្ចាគក្នុងមូលនិធិមួយនេះ។អ្នកស្រី វណ្ណ សានី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ព័រតិច អ៊ិនឌីសស្រ្ទីយ៍ ស្ថិតនៅខណ្ឌឬស្សី រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅថ្ងៃទី៥ ខែកញ្ញានេះ បាននិយាយថា ពិតជាសប្បាយចិត្តណាស់ នៅពេលដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ទោះបីជាការចូលរួមមិនអាចបានច្រើន ប៉ុន្តែជាទឹកចិត្ត និងពិតជាពេញ ដោយគ្មានការបង្ខិតបង្ខំ ក្នុងការចូលរួមការងារសង្គមមួយនេះ។ស្រដៀងគ្នានេះដែរ ក្រុមកម្មករដទៃផ្សេងទៀត បានឲ្យដឹងដែរថា ក្នុងនាមជាប្រជាពលរដ្ឋរស់នៅទឹកដីប្រទេសកម្ពុជា ការចូលរួមចំណែកជាសកម្មភាព ឬជាថវិកាក្តី គួរតែចូលរួមឲ្យបានគ្រប់គ្នាៗ ជាពិសេសការចូលរួមក្នុងការអភិវឌ្ឍនតំបន់ព្រំដែន គឺជំរុញឲ្យមានភាពរីកចម្រើន និងអ៊ូរអរកាន់តែខ្លាំងដល់ការរស់នៅរបស់ប្រជាជននៅទីនោះ។ ក្រុមកម្មករទាំងនេះ សង្ឃឹមទៀតថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ប្រទេសជាតិនឹងកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។កម្មករ កម្មការនី រោងចក្រខាងលើនេះ ក៏បានអំពាវនាវកម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបរិច្ចាគវិភាគទានឲ្យបានច្រើនកុះករតាមការស្ម័គ្រចិត្ត ដើម្បីរួមគ្នាជាធ្លុងមួយក្នុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពាតិ និងបូរណភាពទឹកដី ក៏ដូចជាការជមរុញការអភិវឌ្ឍតាមព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សូមបញ្ជាក់ថា “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិរបស់ជាតិ៕ អត្ថបទ ឈិត បូរ៉ាវី 

ឯកឧត្តម ឌិត ទីណា និងអង្គការ FAO ជួបពិភាក្សាការងារលើការអនុវត្ត​គម្រោងជីវម៉ាសនៅកម្ពុជា

2024/09/05 05:15:39 pm        478
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃម្សិលមិញ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (FAO) នៅទីស្តីការក្រសួងកសិកម្ម។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងជីវម៉ាស ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមការងារពីធ្យូងជីវៈ (Biochar) ដោយធ្វើយ៉ាងណាផ្ដល់ផលចំណេញដល់កសិករ នឹងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗច្រើនទៀតក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្ត ដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅក្នុងការអនុវត្តគម្រោងនេះ។សូមបញ្ជាក់ជូនថា ជីវម៉ាស (Biomass) គឺជាសរីរាង្គដែលមាននៅក្នុងរុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែងទៅជីវឧស្ម័ន៕

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ​ក្នុងយុគសម័យថ្មី»

2024/09/05 05:11:20 pm        636
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ តំណាងក្រសួង-ស្ថាប័ននានា និង និស្សិតសរុបចំនួនប្រមាណ ៣០០នាក់។ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជា«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» ផងដែរ ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» នេះ គឺជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងជាការរំលឹកដល់ទំនាក់ទំនងការទូតនិងមិត្តភាពជាប្រពៃណីក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពី។ ជាមួយគ្នានេះ ខ្លឹមសាររួមនៃសៀវភៅនេះក៏ឆ្លុះបញ្ចាំងនូវសុទិដ្ឋិនិយមក្នុងការពង្រឹងសន្ដិសហវិជ្ជមានរវាងប្រទេសទាំងពីរ និងផ្ដល់អនុសាសន៍ល្អៗសម្រាប់ការកសាងអនាគត ប្រកបដោយស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងទូលំទូលាយទាំងក្នុងតំបន់ និងសកលលោក ជាពិសេស ជាគំរូដ៏សំខាន់មួយសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយឈរលើមូលដ្ឋាននៃការគោរពសិទ្ធិស្វ័យសម្រេច ឯករាជ្យភាព និងអធិបតេយ្យភាព។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានគូសរំលេចផងដែរថា មិត្តភាពជាប្រវត្តិសាស្រ្ដនៃប្រទេសទាំងពីរត្រូវបានថែរក្សា និងត្រូវបានពូនជ្រុំពីសំណាក់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំនៃប្រទេសចិនគឺ លោក ម៉ៅ សេទុង និង លោក ជូ អេនឡាយ ដែលបានជំរុញ និងបង្កើតឱ្យមានទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ជាងនេះទៅទៀត, ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ចិនបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយក្នុងនោះកម្ពុជាបានក្លាយជាដៃគូដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលថ្មីចំនួនបីរបស់ប្រធានាធិបតី Xi Jinping រួមមាន(១)គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល(GDI), (២)គំនិតផ្តួចផ្តើមសន្តិសុខសកល(GSI) និង (៣)គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)។ ជាក់ស្ដែង, ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន និងការគោរពស្រលាញ់គ្នាទៅវិញទៅមក បង្កើតបាននូវការកសាងសមិទ្ធផលរួមជាច្រើន ទាំងក្នុងវិស័យនយោបាយ, ការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, មនុស្សជាតិ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកិច្ចការសំខាន់ៗផ្សេងៗទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងអន្ដរជាតិ។បន្ថែមពីនេះ, កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្ដពង្រឹងនិងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន, ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានផ្សារភ្ជាប់ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាពិសេសបានផ្ដួចផ្ដើមនិងជំរុញកិច្ចសហប្រតិបត្តិការលើការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង“ច្រករបៀងត្រីនិងស្រូវ” ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដើម្បីនាំមកនូវភាពសុខដុមកាន់តែល្អប្រសើរសម្រាប់ប្រជាជនទាំងពីរកម្ពុជា-ចិន និងបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ក្រៅពីការផ្សារភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្ពុជា-ចិន ក៏គ្រោងបង្កើតគោលនយោបាយពិសេសជាច្រើនទៀត តាមរយៈការភ្ជាប់រវាងឯកសារគោលនយោបាយពិសេសដំណាក់កាលទី២រយៈពេល ១០០ឆ្នាំរបស់ប្រទេសចិន ជាមួយចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបកស្រាយ និងពន្យល់អត្ថន័យនៃពាក្យសហគមន៍ជោគវាសនារួម ដែលសំដៅដល់ការមានគោលដៅ និងគុណតម្លៃរួម ក្នុងនោះគុណតម្លៃរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសន្តិភាព សន្ដិសហវិជ្ជមាន ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក។ បន្ថែមលើនេះ ការចេះជួយគ្នា ចេះការពារគ្នា ចេះជួយយឹតយោងគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក៏ស្ថិតក្នុងអត្ថន័យនេះនៃពាក្យជោគវាសនារួមផងដែរ។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ថា ដើម្បីអាចឈានទៅសម្រេចគោលដៅជោគវាសនារួម កម្ពុជាមិនអាចពឹងផ្អែកតែលើប្រទេសចិនទាំងស្រុងនោះទេ ពោលគឺកម្ពុជាត្រូវតែចេះធ្វើជាម្ចាស់ប្រទេសខ្លួនឯង ត្រូវចេះខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឱ្យក្លាយជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព មានសមត្ថភាព មានកម្លាំងធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងជាដើម។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ កម្ពុជាមិនអាចសម្រេចជោគវាសនារួមជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ។  ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍មួយចំនួន ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ការសិក្សាស្រាវជ្រាវឱ្យកាន់តែទូលំទូលាយពីសំណាក់តួអង្គពាក់ព័ន្ធជាពិសេស ឯកឧត្តម បានជំរុញឱ្យស្ថាប័នស្រាវជ្រាវសំខាន់ៗ រួមមាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយភាគីចិន ដើម្បីកំណត់ប្រធានបទនៃការសិក្សាស្រាវជ្រាវជាក់លាក់មួយ ដែលអាចផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕

រោងចក្រ សហគ្រាសមួយចំនួន បានចូលរួមការពារបរិស្ថានដោយបំពាក់​ឧបករណ៍ត្រួតពិនិត្យ​ការបញ្ចេញសំណល់

2024/09/05 04:46:56 pm        489
រោចក្រ សហគ្រាស មួយចំនួនក្នុងប្រទេសកម្ពុជា បានចូលរួមកិច្ចគាំពារបរិស្ថាន ដោយបានបំពាក់​ឧបករណ៍​ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពី​រោងចក្រ សហគ្រាស។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ ក្រុមហ៊ុន Hi blue Washing Process បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន GFE ក្នុងការផ្តល់សេវាកម្មដំឡើងបរិក្ខា​ត្រួតពិនិត្យតាមអ៊ីនធឺណេតលើការបំភាយពីប្រភពបំពុលនៅកម្ពុជា ដែលមានក្រសួងបរិស្ថានជាអ្នកសម្របសម្រួល។បើតាមលោក លី វីពីង (Li weiping) តំណាងក្រុមហ៊ុន Hi blue Washing Process Co., Ltd បានឱ្យដឹងថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងទឹកខ្វក់នៅក្រុមហ៊ុនរបស់លោក គឺធ្វើឡើងដោយគោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងម្យ៉ាងវិញទៀតដើម្បីជាការចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថាននៅក្នុងប្រទេសកម្ពុជាផងដែរ។ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា ចាប់ពីថ្ងៃបើកយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅតាមរោងចក្រ សហគ្រាស កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៤ខែកញ្ញាម្សិលមិញ មានរោងចក្រ សហគ្រាសចំនួនជាង១០០បានចុះក្នុងបញ្ជីដែលត្រូវបំពាក់ឧបករណ៍ត្រួតពិនិត្យសំណល់រាវ។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទើបតែមាន រោងចក្រ សហគ្រាសចំនួនបីកន្លែងធំៗ ស្ថិតនៅខេត្តស្វាយរៀង និងបាត់ដំបង បានយល់ព្រមបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ។ ឯកឧត្តមបានរម្លឹកដល់រោងចក្រ សហគ្រាស មិនទាន់បានបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណល់រាវ សូមរួសរាន់បំពាក់ឧបករណ៍តាមដាននេះ បើមិនដូច្នេះនឹងប្រឈមទៅមុខច្បាប់។គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថានបាន នឹងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុល សក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាស ឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។ ក្នុងករណីខកខាន មិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ១០០% ដោយមិនមានការលើកលែងឡើយ៕ អត្ថបទ៖ទូច សោភ័ណ

សម្ដេចធិបតី៖ ការចំណាយសម្រាប់ពលរដ្ឋទៅកម្សាន្តនៅខេត្តទិសឦសាន មិនប្រើប្រាស់ថវិការដ្ឋឡើយ

2024/09/05 04:37:58 pm        530
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅទស្សនាកម្សាន្តនៅខេត្តទិសឦសានរបស់កម្ពុជា ខណៈការទៅលេងកម្សាន្តដោយឥតគិតថ្លៃ ហើយការចំណាយទាំងអស់គឺជាថវិកា​របស់​ក្រុមគ្រួសារសម្ដេច និងសប្បុរសជននានាបានចូលរួមគាំទ្រ​ដោយ​មិនប្រើប្រាស់ថវិការដ្ឋឡើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បើបងប្អូនមានការកង្វល់ ខ្លាចបាត់បង់ទឹកដី សូមបងប្អូនអញ្ជើញទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនាទិសឦសានកម្ពុជាឱ្យបានច្រើន ដើម្បី​ចូលរួមលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋនៅតាមបណ្ដាខេត្តនោះដោយផ្ទាល់ផង និងបានឃើញ​ពី​ទិដ្ឋភាពជាក់ស្ដែងនៃការអភិវឌ្ឍនៅទីនោះផងដែរ។សម្ដេចធិបតី បន្តថា ​សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម​នៅ​ក្រៅស្រុក​មួយក្ដាប់តូចនោះ ប៉ុន្ដែសូមអញ្ជើញទៅទស្សនាដោយផ្ទាល់ ដូចពាក្យចាស់បានពោលថា លើគេនិយាយមួយពាន់ដងមិនស្មើបានទៅឃើញដោយផ្ទាល់ម្ដងឡើយ។សូមជម្រាបថា បើតាមទិន្នន័យរបស់ក្រសួងព័ត៌មានគិតត្រឹមថ្ងៃទី៥ ខែកញ្ញានេះ​មានបងប្អូន​ប្រជាពលរដ្ឋ​ជាង ១ ពាន់នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្ត​នៅតាមបណ្ដាខេត្តទិឦសាន​របស់កម្ពុជា ខណៈដែលដំណើរទស្សនកិច្ចលើកដំបូងនឹង​ចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។បើតាមក្រសួងព័ត៌មាន ​បញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើឡើង​នៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹងមានផ្តល់ការ​ធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ។សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបានរៀបចំបែងចំនួន៣ទីតាំង ៖ ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី មានរយៈពេលពេញ១ថ្ងៃ ។ ទីតាំងទី២ ​ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តក្រចេះ និង​មណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរតាមបណ្តោយព្រំដែន​ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់៕

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ មានកម្លាំង ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង

2024/09/05 04:29:14 pm        186
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៨ ដោយមានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក៏ជាវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជា ក្នុងសមត្ថភាពផលិតស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស ។ ស្ថានីយ៍នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល ។

អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា

2024/09/05 04:15:55 pm        128
ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ប្រជាពលរដ្ឋទាំងអស់ ត្រូវចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមទីលំនៅជាក់ស្តែងរៀងៗខ្លួន។ នេះជា​ប្រសាសន៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលឧត្ដរមានជ័យ លើកឡើង​នៅ​ក្នុងការចុះពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងភូមិសាស្ត្រក្រុងសំរោង នាព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៤នេះ។ឯកឧត្ដម បន្ដថា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ យើងត្រូវទៅចុះឈ្មោះបោះឆ្នោត និង​ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា​ ដើម្បីយើងមាន​សិទ្ធិបោះឆ្នោត​គាំទ្រ គណបក្ស​នយោបាយដែលយើងពេញចិត្ត គណបក្សនយោបាយដែលខ្លួន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ និងមិនរត់ចោលប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន បើគ្មានការចូលរួមពី​បងប្អូន​ប្រជាពលរដ្ឋនោះទេ ខេត្តឧត្តរមានជ័យមិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ឯកឧត្ដម ក៏បានអំពាវនាវ ដល់ក្មួយៗដែលគ្រប់អាយុបោះឆ្នោត​ត្រូវនាំគ្នាអញ្ជើញទៅ​ចុះ​ឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ​ចាប់ពីថ្ងៃទី១-១៦ ​ខែកញ្ញា ឆ្នាំ២០២៤ នេះនៅតាមមូលដ្ឋាន​រស់នៅរៀងៗខ្លួន។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ​ការចុះឈ្មោះបោះឆ្នោតថ្មី នៅក្នុងក្រុងសំរោង​ សរុបបានចំនួន១០៧នាក់​ ស្រី៥៤នាក់។ គួរបញ្ជាក់ថា នៅថ្ងៃនេះឯកឧត្ដម អភិបាលខេត្ត បានចុះឈ្មោះផ្ទាល់ខ្លួន​ប្តូរការិយាល័យបោះឆ្នោត​ពី​រាជធានីភ្នំពេញ មកបោះឆ្នោតនៅខេត្តឧត្តរមានជ័យផងដែរ៕

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ រួមនឹងថ្នាំញៀន៣៧ដុំ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល

2024/09/05 04:03:30 pm        204
ស្ទឹងត្រែង៖ ជនជាតិវៀតណាម២នាក់ នាំគ្រឿងញៀនឆ្លងដែន តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យរកឃើញនៅថ្នាំញៀនចំនួន២៧ដុំធំ និងប្រភេគ្រាប់ចំនួន១០ដុំ ដែលលាក់ទុកនៅរថយន្ដក្រុងចេញពីប្រទេសឡាវ ចូលមកកម្ពុជា។កម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍គរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បាន​ឲ្យដឹងថា ករណីដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ខាងលើ កាលពី​ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៤ ខណៈដែលកម្លាំងបានត្រួតពិនិត្យ​ឆែកឆេរ លើ​រថយន្តដឹកអ្នកដំណើរ ​ដែលមានពាក់ស្លាកលេខឡាវ ៧៩៧៩ មកពីប្រទេសឡាវ ឆ្លងកាត់​ចូលមក​ប្រទេសកម្ពុជា ចំនួន១គ្រឿង នៅគោលដៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ក៏បាន​រកឃើញថ្នាំញៀន​ប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន២៧ដុំធំ​ និងថ្នាំគ្រាប់ចំនួន១០ដុំធំ។មន្ត្រីនគរបាលអន្តោប្រវេសន៍ បានបន្តឲ្យដឹងថា ក្រោយពីមានការរកឃើញ និងសង្ស័យក្នុងរថយន្ដ មាន​ផ្ទុកនៅសារធាតុញៀន កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារ ​បានសុំកិច្ចសហការជា​មួយ​កម្លាំង​សមត្ថកិច្ច​ការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋាន​ដែលពាក់ព័ន្ធ ​ដើម្បី​សហការត្រួត​ពិនិត្យបន្ថែម និង​បាន​បញ្ជូន​បន្តទៅកាន់​មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ​អនុវត្តនីតិវិធីបន្ត៕ 

មន្ត្រីសុខាភិបាលរាជធានី ចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន

2024/09/05 03:46:54 pm        177
ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ បុគ្គលិក នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចូលរួម និង​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន តំបន់​ត្រីកោណអភិវឌ្ឍន៍ CLV-DTA។លោកវេជ្ជបណ្ឌិត តាំង ប៉េងបោះ ប្រធានផ្នែកសង្គ្រោះបន្ទាន់ លោកវេជ្ជបណ្ឌិត អាង វ៉ាន់រិទ្ធ ផ្នែក​ពិគ្រោះជំងឺក្រៅ លោកស្រីវេជ្ជបណ្ឌិត ឈុន ចរិយា ផ្នែកជំងឺផ្លូវចិត្ត និងលោកវេជ្ជបណ្ឌិត គឹម ភ័ក្រ និង​លោកវេជ្ជបណ្ឌិត សឿង លីដា ផ្នែកព្យាបាលដោយចលនា និងសើស្បែក បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រួមគ្នាថា ចំពោះមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន គឺជារឿង​ល្អ​ជា​ទី​បំផុត ព្រោះបានរួមចំណែកជួយគាំទ្រដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សូមគាំទ្រនូ​វ​គំនិត​ផ្តួច​ផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណតិ្តទី៧នេះ ដើម្បីជៀសវាង​ក្រុម​មួយ​ក្តាប់​តូច​តែង​តែព្យាយាមវាយប្រហារមិនត្រឹមត្រូវមកលើរាជរដ្ឋាភិបាល។លោកវេជ្ជបណ្ឌិត នេត សុវីរៈ នាយកមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ រួមនឹងថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងកិច្ចសហប្រតិបតិ្តការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំង​ពីឆ្នាំ១៩៩៩ និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សំដៅអភិវឌ្ឍន៍ខេត្តទាំង៤ របស់កម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបតិ្តការ និងការអភិវឌ្ឍន៍៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM
កងកម្លាំងរក្សាសន្តិភាព UN ត្រូវបានគេឃើញនៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងទ័ពអ៊ីស្រាអែលមានវត្តមាន
06/03/2026 11:06 AM
ប្រភពព័ត៌មានអ៊ីរ៉ង់៖ ការផ្លាស់ប្តូរសារត្រូវបានផ្អាក ខណៈអាមេរិកអះអាងថាការចរចាកំពុងដំណើរការ
06/03/2026 11:06 AM
លោក Rubio៖ ប្រទេសយ៉ាងហោចណាស់៥ បើកទូលាយសម្រាប់ការទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានដែលជាប់គាំងខ្លួន
06/03/2026 11:06 AM
លោក Netanyahu មានបំណងពង្រឹងភាគខាងជើងអ៊ីស្រាអែល និងដោះស្រាយការវាយប្រហារដោយយានដ្រូន
06/03/2026 11:06 AM
កូរ៉េខាងជើងរិះគន់សម្ដីមន្ត្រីយោធាអាមេរិកដែលប្រៀបធៀបកូរ៉េខាងត្បូងទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី
06/03/2026 11:06 AM
ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
06/03/2026 11:06 AM
ព្យុះត្រូពិក Jangmi វាយប្រហារប្រទេសជប៉ុន ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់លំនៅឋាន៦ម៉ឺនខ្នង
06/03/2026 11:06 AM
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
06/03/2026 11:06 AM