ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

គិតត្រឹមរសៀលម្សិលមិញ មានពលរដ្ឋជាង ៧០០នាក់ហើយ បានចុះឈ្មោះទៅលេង​កម្សាន្ត​តាមខេត្ត​ទិសឦសាន

2024/09/03 11:13:29 am        99
ក្រោយរាជរដ្ឋាភិបាលបានប្រកាសឱ្យពលរដ្ឋចុះឈ្មោះទៅលេងកម្សាន្តតាមបណ្ដាខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ សិស្ស និស្សិត​​ជាង ៧០០នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្ត ខណៈចំនួន​ការ​ចុះឈ្មោះ​កំពុង​បន្តកើនឡើងជារៀងរាល់ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បានថ្លែងប្រាប់ BTV ថា ចំពោះវិធីសាស្រ្ដនៃការចុះឈ្មោះនេះ ក្រុម​ការងារ​បាន​ប្រើ​ប្រាស់​វិធី​ចុះតាមអនឡាញ ដោយការស្កេនឃ្យូអរកូដ ដើម្បីផ្ដល់ភាពងាយស្រួល យុត្តិធម៌​ដល់​ប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចុះឈ្មោះទៅលេងកម្សាន្ត។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលចុះឈ្មោះមុននឹងបានទៅលេងកម្សាន្តមុនតាមលេខរៀង លំដាប់​លំដោយ​ត្រឹម​ត្រូវ និងមិនចំណាយពេលច្រើនទៅចុះឈ្មោះដោយផ្ទាល់ឡើយ។បើតាម​ឯកឧត្តម ប៉ែន បូណា ដំណើរកម្សាន្តលើកដំបូង នឹងចាប់ផ្ដើមចេញដំណើរនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះហើយ ដោយចេញដំណើរពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅ​វេលាម៉ោងប្រមាណ៤ទៀបភ្លឺ។ ឯកឧត្តមបានបញ្ជាក់ថា នៅមុនBelចេញដំណើរកម្សាន្ត នៅ​ថ្ងៃ​សុក្រ ទី៦ ខែកញ្ញានេះ អ្នកធ្វើដំណើរកម្សាន្តទាំងអស់នឹងធ្វើការជួបជុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានព័ត៌មានមួយចំនួនទាក់ទងនឹងដំណើរកម្សាន្ត ក្នុង​នោះ​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើបទបង្ហាញអំពីកិច្ចការងារព្រំដែន និងការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន និងការបង្ហាញអំពីតម្រាយផ្លូវក្នុងការធ្វើដំណើរកម្សាន្តនេះផងដែរ។ ដំណើរកម្សាន្តលើកដំបូងនេះនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ នឹងឆ្លងកាត់ខេត្តចំនួន ៣ គឺ​ខេត្ត​ត្បូង​ឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ហើយវិលត្រលប់មកភ្នំពេញវិញ ដូច្នេះការធ្វើ​ដំណើរ​កម្សាន្ត​នេះ​ គឺត្រូវចំណាយពេល១ថ្ងៃពេញតែម្ដង។ សូមជម្រាបថាដំណើរទស្សនកិច្ចទិសឦសានរាជរដ្ឋាភិបាលបានរៀបចំឡើងដោយឥតគិតថ្លៃ ដើម្បី​ផ្តល់ឱកាសដល់បងប្អូនប្រជា ពលរដ្ឋបាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់​ស្តែង​នៅ​តាម​តំប​ន់​ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការ​អភិវឌ្ឍ​ជារួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគឦសាន៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួងរៀបចំដែនដី ដកស្រង់បទពិសោធន៍ពីហុងកុងលើការកសាងលំនៅឋាន ប្រកបដោយអនាម័យ បរិស្ថានស្អាត និងកុំឲ្យមានគម្លាតសង្គម

2024/09/03 10:48:12 am        129
ភ្នំពេញ៖ អ្នកជំនាញមកពីហុងកុង បានធ្វើបទបង្ហាញ ក្នុងការផ្ដល់នូវបទពិសោធន៍បន្ថែម ទៅ​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីការកសាង​នូវ​លំនៅ​ឋាន​ ដែលប្រកបដោយអនាម័យ មានបរិស្ថានស្អាតល្អ និងកុំឲ្យមានគម្លាតសង្គម ។ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពីបទពិសោធន៍ការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និង​ហុងកុង កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា កម្ពុជា​ចាប់​ពី​ពេល​នេះ​ទៅមុខ នឹងមានបុរីជនបទ មានន័យថាគ្រប់ទីប្រជុំជនទាំងអស់ នឹងមានទឹក អគ្គិសនី ផ្លូវ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ គ្រប់បែប​យ៉ាង​ដោយ​ប្រជាជន​រស់​នៅ​ជ​​នបទ ក៏មានជីវិតរស់នៅដូចអ្នកនៅទីក្រុង ហើយក៏នឹងកសាងសង្គមឱ្យក្លាយជាភូមិ​ឋាន​ក្សេម​ក្សាន្ត​ មានទ្រនំសុភមង្គល សម្រាប់ប្រជាពលរដ្ឋផងដែរ ។ឯកឧត្តមបន្តថា ការរៀបចំផ្ទះសម្បែង គឺអាស្រ័យលើគំនិតច្នៃប្រឌិត របស់យើងផ្ទាល់ ហើយ​ការ​ដក​​ស្រ​ង់​បទពិសោធន៍ពីហុងកុង ក្នុងការរៀបចំទីក្រុង និងលំនៅឋាននាពេលនេះ គឺជាការ​ចង្អុល​បង្ហាញ​ដ៏​ត្រឹម​ត្រូវមួយ ដើម្បីអាចយកបទពិសោធន៍ទាំងនោះ មកច្នៃប្រឌិតបន្ថែមទៀត សំដៅ​ឱ្យ​ការ​រៀប​ចំ​ទីក្រុង និងលំនៅឋានក្នុងប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង និងក្លាយ​ជាទី​ក្រុង​ដែល​គួរឱ្យចង់រស់នៅ ប្រកបដោយអនាម័យ និងបរិស្ថានស្អាត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនេះ ដើម្បីរក្សា​ស្ថិរភាព​ក្នុង​ទីក្រុង​ឱ្យ​បាន​ល្អ​នោះ ត្រូវធ្វើយ៉ាងណា កុំឱ្យមានការបែងចែកគំលាតក្នុងការរស់នៅ រវាងអ្នកមាន និងអ្នកមាន​ជីវភាព​មធ្យម ឬអ្នកក្រីក្រ ដោយធ្វើយ៉ាងណា ឱ្យទាំងអស់គ្នា អាចរស់នៅជាមួយគ្នាបាន ដែល​នេះ​គឺ​ជា​ចំណុចយុទ្ធសាស្ត្រ ក្នុងការកសាងទីក្រុង សំដៅរក្សាស្ថិរភាព និង​កុំ​ឱ្យ​មានការ​បែក​បាក់​ក្នុង​សង្គម។ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះ មានសារៈសំខាន់ និង ជា​ការ​កសាង​សមត្ថភាពមន្ត្រី សមត្ថភាពស្ថាប័ន និងគួរតែរៀបចំឱ្យបានទៀងទាត់ ហើយបើកចំហ ដើម្បី​ប្រមូល​ធាតុចូល និងការឯកភាពគ្នា ថាតើយើងទាំង​អស់​គ្នា​ចង់រៀបចំ​ប្រទេស​កម្ពុជា​ដោយ​របៀប​ណា។ជាមួយនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្តទាំងស្មារតី ទាំងថវិកា និង​នយោបាយ​ជូន​ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុង​ការ​រៀបចំ​សិក្ខាសាលានេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីផ្ដល់វេទិកា​បើក​ចំហ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម ក្នុងនោះមាននិស្សិត និងអ្នកដែលប្រកបអាជីពខាងវិស័យនេះ ក្នុង​ការ​ក្រេប​យក​ចំណេះ​ដឹង និងជជែកវែកញែកសំដៅសម្រេចបាននូវការឯកភាពគ្នា ។គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យសិក្ខាកាម​បាន​យល់​ដឹង​ក្នុង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងរួមគ្នាកសាងអនាគត​របស់​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋមន្រ្តីកសិកម្ម ណែនាំមន្រ្តីក្រោមឱវាទធ្វើការជាមួយក្រុមហ៊ុនឯកជន ក្នុងការប្រើប្រាស់​ថាមពលសូឡាឲ្យមានប្រសិទ្ធិភាព

2024/09/03 10:12:09 am        183
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅ​រសៀលថ្ងៃទី២ កញ្ញា ឆ្នាំ២០២៣ បានចូលរួមស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ស្តីពីស្ថានីយបូមទឹកដើរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ច នៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង នៅទីស្តីការក្រសួង។បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ​ក្រុមហ៊ុន​ពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យកសិករអាចប្រើប្រាស់សេវាកម្មនេះ ដោយចំណាយតិច ថ្លៃដើម​ផលិតទាប ទទួលបានផលចំនេញច្រើន និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ ជាមួយ​គ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេស សហកា​រជាមួយ​ក្រុមហ៊ុន​ដើម្បីសិក្សាបន្ថែម តាមរយៈគោលដៅរួម គឺជួយគាំទ្រដល់កសិករ ជាពិសេស​សហគមន៍​កសិកម្ម​ទំនើប ដើម្បីទទួលបាននូវបច្ចេកទេសក្នុងការប្រើប្រាស់សម្ភារៈ និងសេវាកម្ម​ថាមពល​សូឡា ដែលមានភាពចំនេញ និងមានអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។ សូមជម្រាបជូនថា សូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនផ្តោត​លើការផលិត​ផលិតផល​គ្រឿងចក្រដែលមានគុណភាពខ្ពស់ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សេវាកម្មថែទាំ និង​ការច្នៃ​ប្រឌិតថ្មីនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ៕ អត្ថបទ ឈិត បូរ៉ាវី 

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថ្លែងអំណរគុណជនរួមជាតិ ខណៈចលនាជាតិគាំទ្រ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅបន្តមិនដាច់

2024/09/03 10:06:45 am        171
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានមោទនភាពយ៉ាង​ក្រៃលែង និង​បាន​បន្ត​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេ​ស​ដែល​បាន​និង​កំពុង​បន្ត​ចូល​រួម​គាំទ្រមូល​និធិកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​នៅ​ភូមិភាគ​ឦសាន​យ៉ាង​សស្រាក់​សស្រាំ​។តបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ជនរួមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជាបន្តចេញលិខិតថ្លែងអំណរគុណដល់ជនរួមជាតិដោយសេចក្តីសោមនស្សរីករាយ។ក្នុង​នាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបាន​ថ្លែងអំណរ​គុណ​ចំពោះ​សន្តាន​ចិត្ត​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួម​នូវ​ថវិកា​ដោយ​ស្ម័គ្រចិត្ត ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋា​រចនាសម្ព័ន្ធ​តាម​បណ្តោយ​ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។ សម្តេចបានកោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម សរបញ្ជាក់អំពីធ្លុងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយ ចីរភាព។ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះ សម្តេចបានសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក​នាង​កញ្ញា បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែសីហា ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋ​មន្ត្រី​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តីពី «មូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន» ដោយ​មាន​ខ្លឹមសារ​ថា​ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតនូវ “មូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុង​គោលបំ​ណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដោយផ្តោតលើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំ​ដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាង និង ការពារមាតុភូមិ​របស់​យើង​៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យលោកជំទាវ ចុង មីង (Zong Ming) ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ

2024/09/03 09:36:46 am        257
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ជាកិច្ចចាប់ផ្ដើមសម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរសប់លោកជំទាវ និងគណៈប្រតិភូនៃ សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយបានអញ្ជើញទៅទស្សនានៅតំបន់រម្មណីយដ្ឋានអង្គរ និងប្រាសាទអង្គរវត្តផងដែរ។ សម្ដេចបានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ដដែលបានចាប់ផ្ដើមតាំងពីយូរឡុងណាស់មកហើយ តាំងពីជំនាន់ការដឹកនាំរបស់សម្ដេចព្រះរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ រហូតដល់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏នៅតែបន្តនៅការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរជាប្រចាំ។ រហូតមកដល់ចប្ចុប្បន្ននេះ ទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់ទំនាក់ទំនងមិត្តភាពដែកថែប ដែលមានភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ និងតែងតែជួយគ្នាទៅវិញទៅមកនូវគ្រប់កាលៈទេសៈទាំងអស់។ សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា មិនដែលងាករេចំពោះការគាំទ្រនូវគោលនយោបាយចិនតែមួយ។ ទន្ទឹមនឹងនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែបានជួយគាំទ្រដល់កម្ពុជា ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា រួមនឹងការគាំទ្រដល់ការស្ថាបនាលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជាផងដែរ។ជាការឆ្លើយតប លោកជំទាវ សភាតំណាងប្រជាជនចិនក្រុងសៀងហៃ បានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាទាំងមូលដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងល្អ ដែលធ្វើឱ្យលោកជំទាវមានអារម្មណ៍កក់ក្ដៅ ប្រៀបដូចជាមកដល់ផ្ទះរបស់បងប្អូន។ លោកជំទាវបន្តថា លោកជំទាវ និងគណៈប្រតិភូក៏បានទៅទស្សនកិច្ចនៅព្រលានយន្តហោះថ្មី ខេត្តសៀមរាបដែលសមិទ្ធផលនេះ ក៏ជានិមិត្តរូបមួយនៃទំនាក់ទំនងកម្ពុជា-ចិនផងដែរ ដែលសមិទ្ធផលនេះ ជាការរួមចំណែកក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជារបស់ចិនតាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

2024/09/03 09:32:03 am        152
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ក្នុងឱកាសនោះ សម្ដេចធិបតី បានគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ

2024/09/02 09:20:08 pm        118
ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការសម្រេចឱ្យបានអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស, ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។ក្នុងឱកាសចុះពិនិត្យ និងសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ ចំពោះលទ្ធផលដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីកម្មវិធីជាតិ ក្នុងការផ្តល់ការគាំទ្រ ណែនាំ និងអភិបាលដល់មន្ត្រីថ្នាក់ក្រោមជាតិទាំង ២៥ខេត្ត-រាជធានី រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ ក្នុងនោះលើសពីការបំបាត់បានជំងឺកាចសាហាវ និងពិការភាព ដូចជាជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស របេង ជាដើម ក៏នៅមានជំងឺជាច្រើនត្រូវបានកាត់បន្ថយមកអប្បបរមា មានជំងឺរលាកថ្លើមបេ រលាកសួត រលាកខួរក្បាល និងស្រោមខួរ ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ដើម្បីឱ្យដំណើរការកម្មវិធីជាតិផ្តល់ថ្នាំបង្ការកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដូចជា៖១) ត្រូវរៀបចំស្នូលនៃចក្ខុវិស័យសម្រាប់ការបង្ការជំងឺទាំង១២មុខ ដោយផ្អែកលើចំណេះ ជំនាញ គុណតម្លៃពីថ្នាក់ជាតិ រហូតដល់មូលដ្ឋានភូមិ-ឃុំ។២) អនុវត្តការងារឲ្យមានគុណភាព ដោយរលូន និងមានឯកភាពគ្នាគ្រប់ទីកន្លែង ទាំងថ្នាក់ជាតិរហូតដល់មូលដ្ឋានភូមិ-ឃុំ។៣) ដើម្បីជួយដល់សុខភាពស្ត្រី ទារក កុមារ និងប្រជាពលរដ្ឋគ្រប់រូប គោលដៅចម្បងរបស់កម្មវិធីផ្តល់ថ្នាំបង្ការគឺ ធ្វើឲ្យសម្រេចបាននូវអត្រាគ្របដណ្តប់ថ្នាំបង្ការទាំង១២មុខ ប្រមាណ១០០% តាមរយៈការបង្កើនការផ្តល់ថ្នាំបង្ការនៅនឹងមន្ទីរពេទ្យ មណ្ឌលសុខភាព ដោយបង្កើនការចុះតាមដានស្រាវជ្រាវរក និងផ្តល់ថ្នាំបង្ការដល់ទារក និងកុមារដែលមិនទាន់បានទទួល គ្រប់ទីកន្លែង ពិសេសនៅតំបន់ដាច់ស្រយាល។៤) បង្កើនការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយពន្យល់អំពីផលប្រយោជន៍នៃការផ្តល់ថ្នាំបង្ការជំងឺទាំង១២មុខ និងផលវិបាកនៃការឆ្លងជំងឺ ពិការភាព ឬស្លាប់ក្នុងករណីដែលមិនព្រមទទួលថ្នាំបង្ការ។៥) ការរៀបចំផែនការឆ្នាំ ផែនការរំកិល៣ឆ្នាំ ទិសដៅនាពេលអនាគតសម្រាប់ការផ្តល់ថ្នាំបង្ការ និងផែនការពង្រីកការផ្តល់ថ្នាំបង្ការជំងឺផ្សេងៗបន្ថែមទៀត។ ៦) ពង្រឹងកិច្ចសហការលើកទឹកចិត្តមន្ត្រី បុគ្គលិកសុខាភិបាល ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បង្កើនការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចាក់ថ្នាំបង្ការជំងឺ។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណដល់បុគ្គលិកនៃកម្មវិធីផ្តល់ថ្នាំបង្ការទាំងអស់ និងត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាពគោរពវិន័យការងារ ដើម្បីជាប្រយោជន៍រួមធានា ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ក្នុងការចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ទទួលបន្ទុក និងលោក លោកស្រី នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រធានឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល៕អត្ថបទ រដ្ឋា

អ្នកវិភាគនៅកម្ពុជាមិនគាំទ្រការធ្វើបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេសCLV

2024/09/02 07:01:09 pm        261
ភ្នំពេញ ៖ អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយនៅកម្ពុជា បានបដិសេដ្ឋមិនគាំទ្រចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បម្រើនយោបាយបរទេសបំផុសបំផុលធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ក្នុងចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា មានប្រសាសន៍ថា ការធ្វើបាតុកម្មពីក្រៅប្រទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលជាការនាំឱ្យប្រទេសជាតិច្របូកច្របល់វិលចូលសង្គ្រាមស៊ីវិលឡើងវិញ បើសិនជាបដិវត្តនោះបានសម្រេច។ មួយវិញទៀត សកម្មភាពផ្តួលរំលំតាមបែបបដិវត្តពណ៌នេះ មានន័យថា ក្រុមប្រឆាំងមានចារិកនយោបាយមិនគាំទ្រការដឹកនាំតាមបែបប្រជាធិបតេយ្យ។  លោកថ្លែងថា៖«នេះជាអ្វីដែលនាំឱ្យប្រទេសច្របូកច្របល់ កើតមានកលិយុគឡើងវិញ កើតសង្គ្រាមស៊ីវិលឡើងវិញ ដូចដែលខ្ញុំលើកឡើងខាងដើម ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចការពារនូវសមិទ្ធផលទាំងឡាយ ការពារនូវលទ្ធិប្រជាធិបតេយ្យ របស់ព្រះរាជាណាចក្រកម្ពុជា ការពារច្បាប់រដ្ឋធម្មនុញ្ញ មិនអាចឱ្យការធ្វើបាតុកម្មហ្នឹងបានជោគជ័យទេ»។ ទន្ទឹមនេះលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា សកម្មភាពរបស់ក្រុមឧទ្ទាមជ្រុលនិយម ដែលបំភ្លៃការពិតដើម្បីអូសទាញពលករធ្វើបាតុកម្មក្រៅប្រទេសនោះ មានបំណងធំៗ២ គឺទី១ ដើម្បីប្រមូលលុយសម្រាប់ជាប្រយោជន៍របស់ក្រុមខ្លួន ចំណែកទី២គឺធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ពលរដ្ឋដោយការបោះឆ្នោត។ លោកថ្លែងថា៖«ចំណុច២ហ្នឹងគឺគ្រាប់គ្រាន់ ដែលអាចនិយាយថាពួកនេះក្បត់ទាំងប្រយោជន៍ប្រជាជន ក្បត់ទាំងប្រយោជន៍ជាតិ ដែលដើរបញ្ច្រាសចរន្តនៃដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម។ប្រសិនបើគេនិយាយពីការផ្លាស់ប្តូរ នៅក្នុងសង្គមប្រជាធិបតេយ្យ គេអត់អាចប្រើកម្លាំងបះបោរ ឬការបង្កចលាចល ឬក៏ការអំពាវនាវកងកម្លាំងប្រដាប់អាវុធ ឱ្យផ្តួលរំលំរដ្ឋាភិបាលទេ គេត្រូវតែធ្វើការផ្លាស់ប្តូរតាមរយៈសន្លឹកឆ្នោត»។ លោកបន្តថា សម្រាប់បងប្អូនដែលជ្រុលខ្លួនលង់ជឿតាមការអូសទាញ របស់ក្រុមជ្រុលនិយមអាចប្រញាប់ដកខ្លួនចេញវិញ ដើម្បីសេចក្តីសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ព្រោះក្រុមប្រឆាំងទាំងនោះគ្មានបំណងនាំមកនូវប្រជាធិបតេយ្យ ការអភិវឌ្ឍ និងសុខសន្តិភាពសម្រាប់ប្រទេសជាតិនោះទេ។ ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកទស្សនៈវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការធ្វើបាតុកម្មអហិង្សាគឺជាសិទ្ធិពលរដ្ឋដែលមានចែងក្នុងច្បាប់ ប៉ុន្តែបើការធ្វើបាតុកម្ម ឬកូដកម្មនោះប្រែក្លាយពីបាតុកម្មស្របច្បាប់ ទៅបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល បង្កចលាចលធ្វើឱ្យសង្គមវឹកវរនោះ គឺជារឿងខុសច្បាប់ ដែលអាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្ក្រាប។ លោកថ្លែងថា៖«បើអាជ្ញាធរពាក់ព័ន្ធរកឃើញថា កូដកម្មមានបំណងទុច្ចរិត ហើយបំណងនៃបាតុកម្មនោះផ្ទុយពីច្បាប់អនុញ្ញាត អាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបង្ក្រាប មិនអាចធ្វើឱ្យប្រទេសមានចលាចល មានសង្គ្រាមបះបោរ ដូចបណ្តាប្រទេសផ្សេងៗ ដូចជានៅ បង់ក្លាដេស ស៊ីរី លីប៊ីជាដើម»៕

សហជីពនៅកម្ពុជាថ្កោលទោសបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេសCLV

2024/09/02 05:15:27 pm        755
សហជីពនៅកម្ពុជាចេញថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយ​ជន​ក្បត់​ជាតិ ៣ជំនាន់ ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនា​ធ្វើ​បដិវត្តន៍​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោល​ទោស​ចំពោះ​បាតុកម្ម​ក្បត់​ជាតិ​នៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយជន​ក្បត់​ជាតិ ៣ជំនាន់ កាលពីថ្ងៃទី១ ខែកញ្ញា។ មេឧទ្ទាមនេះបានយករឿង CLV ទៅបំភ្លៃការពិតប្រមូលកម្លាំងពលករ ដោយ​វិធី​សាស្ត្រ​ខ្ចី​កម្លាំង​ពលករធ្វើបាតុកម្មប៉ុន្តែការពិតដើម្បីអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាក់​ស្តែងបាតុករម្នាក់បានប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយស្រែក​លាប​ពណ៌​ថា ទម្លាក់របបផ្តាច់ការទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ។លោកថ្លែងថា «ការចូលរួមសម្តែងមតិទាមទារឬក៏ការតវ៉ាណាមួយគឺជាសិទ្ធិ ប៉ុន្តែការចូលរួម​ក្នុង​ចេតនា​ផ្តួល​រំលំ រាជរដ្ឋាភិបាលតាមការធ្វើបាតុកម្ម ឬកុបកម្ម គឺជារឿងខុសច្បាប់ទាំងស្រុង ហើយ​បង​ប្អូន​ពលករឬជនណាក៏ដោយ ដែលចូលរួម​សកម្មភាព​ធ្វើ​បាតុកម្ម​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់កើតចេញពីការបោះឆ្នោតគឺជាជនក្បត់ជាតិ ខុសច្បាប់ទាំងស្រុង»។ ទន្ទឹមនេះលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បាន បានថ្លែងថ្កោល​ទោស​យ៉ាង​ដាច់អហង្ការចំពោះសកម្មភាពបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី។ លោកថា ការធ្វើបាតុកម្មនេះ គ្មានគោលបំណងស្នើសុំរាជរដ្ឋាភិបាលដកខ្លួនចេញពី CLV នោះទេ ប៉ុន្តែជាការបញ្ជាក់ក្នុងន័យច្បាស់ថា ជាបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តើចេញពីការបោះឆ្នោត មានបំណងចង់ឱ្យមានចលាចលក្នុងសង្គម បែកបាក់ជាតិ ចេតនាបង្កាត់ភ្លើងសង្គ្រាមជាថ្មី។ លោកថ្លែងថា៖«ក្នុងនាមសហជីពខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិ ជាពិសេស គឺជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងក្រុមចលនាបាតុកម្មនៅកូរ៉េដែលមានចេតនាធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សូមអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនជ្រុលនិយមក្បត់ជាតិទាំងអស់នេះ»។ ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា មិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពបំផុលបំផុសឱ្យពលករស្លូតត្រង់ចូលរួមបាតុកម្មក្បត់ជាតិ មានបំណង់ធ្វើឱ្យអស្ថេរភាពសង្គម អាប់អោនកេរ្តិ៍ឈ្មោះកិត្តិយសជាតិ។  លោកថ្លែងថា៖«សូមបងប្អូនយើងកុំលង់កុំឈ្លក់ជាមួយជនអគតិមួយចំនួនដែលកំពុងតែធ្វើឱ្យប្អូន ខាតផលប្រយោជន៍ខាតពេលវេលា ហើយខ្ញុំសូមថ្កោលទោសចំពោះជនដែលបាននឹងកំពុងធ្វើបាតុកម្មនោះ វាជាបាតុកម្មមួយមិនត្រឹមត្រូវតាមច្បាប់ ហើយជាបាតុកម្មក្បត់ជាតិ»។សហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនក្រៅប្រទេស ជាពិសេសនៅកូរ៉េខាងត្បូងត្រូវពិចារណាឱ្យ បានច្បាស់បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ កុំធ្វើធ្វើសកម្មភាព កុំដើរតាមការអូសទាញពីក្រុមឧទ្ទាមក្រៅច្បាប់។បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពទាំងនោះ ចៀសមិនផុតពីចូលរួមនូវសកម្មភាពក្បត់ជាតិ និងត្រូវទទួលទោសចំពោះមុខច្បាប់៕

ពលរដ្ឋកម្ពុជាថ្កោលទោសបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេស CLV

2024/09/02 04:53:03 pm        826
ប្រជាពលរដ្ឋកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំ​ដោយ​ជន​ក្បត់​ជាតិ ៣ជំនាន់ ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ដែលមាន​ចេត​នា​ធ្វើ​បដិវត្តន៍​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI ថ្លែងថា ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់រស់នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ លោកមិនគាំទ្រ​ដាច់​ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបំផ្លាញរាជរដ្ឋាភិបាល ក្នុង​បំណង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​វឹកវរ ចលាចល បាត់បង់សន្តិភាព។ លោកថ្លែងថា «ក្នុងនាមខ្ញុំជាមន្ត្រីរាជការ ហើយក៏ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋខ្មែរ​ម្នាក់​ដែល​កំពុ​ង​រស់​នៅ​ស្រុក​ខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោសទាំងស្រុងចំពោះទង្វើទាំងអស់នេះ ព្រោះ កាល​ណា​ញុះញង់ធ្វើឱ្យមានបដិវត្តន៍ពណ៌ ធ្វើឱ្យសង្គ្រាមស៊ីវិលកើតឡើងចៀសមិនរួចទេ បើ​សិន​ជា​រឿងហ្នឹងទប់ស្កាត់មិនបាន»។ លោកនាយកវិទ្យាស្ថាន NTTI បញ្ជាក់ថា បាតុកម្មនៅកូរ៉េខាងត្បូង គឺជន​ក្បត់​ជាតិ ៣ជំនាន់ បំភ្លៃ​ការ​ពិត​ធ្វើ​ឱ្យបងប្អូនពលករយល់ច្រឡំថា កិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី ប៉ុន្តែ​ការ​ពិត​ពួកគេប្រើកម្លាំងពលករដើម្បីធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ធ្វើឱ្យ​ពលរដ្ឋ​ដែល​មិនបានគិតគូរច្បាស់លាស់ ធ្លាក់ខ្លួនក្លាយជាជនក្បត់ជាតិជាមួយក្រុមឧទ្ទាមទាំងនោះ ដោយមិនដឹងខ្លួន។ លោក តែប តុន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានលើកឡើងថា បាតុកម្មនៅកូរ៉េខាងត្បូង ក៏ដូចជា​បណ្តា​ប្រទេសផ្សេងៗគឺមានក្រុមប្រឆាំងនៅពីក្រោយខ្នង ដឹកនាំ ដោយ ជន​ក្បត់​ជាតិ ៣ជំនាន់ ដែលមានគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មិនមែនជារឿង​ជំទាស់​ការ​អភិវឌ្ឍ​នៅ​តំបន់ត្រីកោណនោះទេ។ លោកនិយាយថា «ចំពោះខ្ញុំផ្ទាល់ សូមថ្កោលទោសយ៉ាង​ដាច់​អហង្ការ​ចំពោះ​អ្នក​ដែល​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង និងអ្នកដែលចូលរួមមួយក្តាប់តូចក្នុងគោលបំណងធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំ ហើយ​រឿង​នេះ បើរាជរដ្ឋាភិបាលមិនខំប្រឹងទប់ស្កាត់ទេ អាចក្លាយជារឿងសង្គ្រាមស៊ីវិលរ៉ាំរៃក្នុងស្រុក ដែល​ធ្វើឱ្យប្រជាជនទាំងអស់មិនអាចរស់នៅបានសុខស្រួលនោះទេ»។ ប្រជាពលរដ្ឋ​ម្នាក់​ទៀតគឺ លោក ឌិន សំអាត បានលើកឡើងថា សកម្មភាពបាតុកម្ម​នៅ​កូរ៉េ​ខាង​ត្បូង គឺជាការប្រឆាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមលេស CLV ដែលមិនអាចទទួលយកបាន។ ពលករនៅក្រៅប្រទេសគួរតែមានការគិតគូរឱ្យបានច្បាស់ មុននឹងចូលរួមសកម្មភាពទាំងនោះ ព្រោះ​ក្បាលម៉ាស៊ីនដឹកនាំបាតុកម្ម ធ្វើឡើងដើម្បីតែផលប្រយោជន៍ ពោលគឺគេ​យក​កម្លាំង​ពលករ​ធ្វើ​បដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល និងដើម្បីប្រមូលលុយប៉ុណ្ណោះ។ លោកថ្លែងថា«ក្នុងនាមប្រជាពលរដ្ឋម្នាក់ និងក្រុមគ្រួសារទាំងមូល ខ្ញុំសុំថ្កោលទោស​ចំពោះ​ពួក​គាត់​តែម្តង ជាពិសេសគឺក្បាលម៉ាស៊ីនដឹកនាំធ្វើកូដកម្មហ្នឹង គឺសុំថ្កោលទោសគាត់តែម្តង បើ​សិន​ណា​ជា​រាជរដ្ឋាភិបាលមានច្រកណាដែលអនុវត្តច្បាប់ពួកគាត់ឱ្យវាសម អាហ្នឹងគួរតែអនុវត្ត អត់​អាច​បណ្តោយចឹងបានទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM