ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងការងារ និងអជ្ញាធរមូលដ្ឋានរួមគ្នាដោះស្រាយបញ្ហា និងការសំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ

2024/09/01 01:55:19 pm        153
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រួមគ្នាជាមួយអជ្ញាធរ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហានានា និងការសំនូមមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។​ការបើកវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ សូមអរគុណបងប្អូនប្រជាពលរដ្ឋទាំង៧សង្កាត់ដែលបានចូលរួម វេទិកាថ្ងៃនេះ លោកអភិបាល បានលើកឡើងថា រាល់ការសំនូមពររបស់បងប្អូនប្រជាពលរដ្ឋ ដូចជា ស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លី ធ្វើផ្លូវ ដាក់ប្រព័ន្ធលូ ដាក់អំពូលភ្លើង តបណ្ដាញទឹកស្អាត និងមានសំនូមពរជាច្រើនទៀត រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព និងយុត្តិធម៌។ លោកអភិបាលខណ្ឌ បានបន្តថា សម្រាប់ការអភិវឌ្ឍ ២០២៥ខាងមុខនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកញ្ចប់ថវិកា ៥១៥០ លានរៀល សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា និងជុសជុសផ្លូវឡើងវិញ ហើយទិសដៅជាចំបងគឺត្រូវសិក្សាដាក់ប្រព័ន្ធលូមុន ហើយចាំធ្វើផ្លូវតាមក្រោយ និងបន្តកែលម្អនិង អភិវឌ្ឍន៍នៅក្នុងមូលដ្ឋានបន្ថែមទៀត ។នៅក្នុងវេទិកានោះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍ មូលដ្ឋាន សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានរយៈពេលកន្លងមក និង បានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។ឯកឧត្តមបានស្នើសុំ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាល់ដោះស្រាយបញ្ហានានា និងការសំនូមពរ មានការស្មុគស្មាញច្រើន លើសពីដែនសមត្ថកិច្ច ត្រូវធ្វើរបាយការណ៍ ហើយត្រូវបញ្ចូនសំនុំរឿង របស់ប្រជាពលរដ្ឋ មករដ្ឋបាលរាជធានីភ្នំពេញ និង រាជរដ្ឋាភិបាល ដើម្បីរកយន្តការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ មានយុត្តិធម៌ និងតម្លាភាព ។ឯកឧត្តម បានអំពាវនាវដល់អជ្ញាធរ បន្តជួយផ្សព្វផ្សាយដល់ បងប្អូនប្រជាពលរដ្ឋ ឪពុកម្តាយដែលមានកូន ហើយខ្វះលទ្ធភាពបន្តសិក្សាមហាវិទ្យាល័យ អាចនាំឲ្យកូន ចូលរៀនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា រៀនចេះ រៀនចប់ មានជំនាញ មានការងារធ្វើ ក្នុងការផ្គត់ផ្គង់គ្រួសារ នាពេលអនាគត ហើយសម្រាប់គ្រួសារណាមានបណ្ណក្រីក្រ ទទួលលុយ២៨មុឺរៀល ពីរាជរដ្ឋាភិបាលផងដែរ ។ ហើយឯកឧត្តម ជួយឧបត្ថម្ភ សំលៀកបំពាក់ ដល់ប្រជាការពារ ខណ្ឌពោធិ៍សែនជ័យ ចំនួន៧០០នាក់ ហើយផ្តល់អំពូលភ្លើងសូឡា ៣០០ គ្រឿង និងកសាងផ្លូវប៉េតុង ចំនួន៣០០ម៉ែត្រ នៅក្នុងខណ្ឌពោធិ៍សែនជ័យផងដែរ។អត្ថបទ ៖ សូ ប្រុស

សកម្មភាពការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា វេនទី១ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ ចាប់ផ្តើម

2024/09/01 01:20:57 pm        253
ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា បានចាប់ផ្តើម ដោយទទួលបានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប និងជាសក្ខីភាពជូនបេក្ខជនគ្រប់ៗគ្នា។ក្នុងពេលកាត់វិញ្ញាសានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិញ្ញាសាត្រូវបានតាក់តែងឡើងនៅម៉ោង ៦៖០០នាទីព្រឹកនេះ ហើយសន្លឹកវិញ្ញាសាទើបបានថតចម្លងរួចរាល់ ដែលគ្រប់សន្លឹកវិញ្ញាសាទាំងអស់ មានការចុះហត្ថលេខាដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការរៀបចំប្រឡងប្រជែង។តាមការគ្រោងទុក ការប្រឡងប្រជែងនារសៀលនេះ សម្រាប់វេនទី១៖ ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី ប្រើប្រាស់ ១២៤បន្ទប់ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ មកពីរាជធានីភ្នំពេញ និងខេត្តចំនួន១១ ផ្សេងទៀតរួមមាន៖ ខេត្តកណ្តាល, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពអនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

2024/09/01 01:01:50 pm        146
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានអនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។សូមជម្រាបថា អនុគម្រោងនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ដែលមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយហូរធ្លាក់ទៅទន្លេបាទីក្នុងខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗរួមមាន៖ ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺប្រវែង ១២,៥គីឡូម៉ែត្រ និងក្នុងខេត្តកណ្តាលប្រវែង ៣៨,៥គីឡូម៉ែត្រ និងទី២)ជួសជុលនិងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹក(ទ្វារទឹក) ១កន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។ គិតមកដល់ដើមខែកញ្ញានេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨៩%។ឆ្លៀងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើដល់ក្រុមការងារសាងសង់ បង្កើនការយកចិត្តទុកដាក់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក និងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសុវត្ថិភាពសន្តិសុខទឹកជូនដល់ភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ និងការប្រើប្រាស់ប្រចាំថ្ងៃ។សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ហើយបច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដែលក្នុងនោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖រយៈពេល១ខែសីហាសាលាដំបូងរាជធានី-ខេត្តចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន ៤៨០ ករណី ឃាត់ខ្លួនជនសង្ស័យ ១០១៨ នាក់

2024/09/01 12:57:55 pm        93
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី១ ខែសញ្ញានេះ បានឱ្យដឹងថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤៨០ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១២៩៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០១៨ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕

ដឹងការពិតហើយ បាតុកម្មនៅកូរ៉េតាមពិតជាលេសប្រមូលុយរបស់ក្រុមជ្រុលនិយមដែលមានជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយ

2024/09/01 12:51:36 pm        968
ភ្នំពេញ៖ ក្រុមជ្រុលនិយមមួយក្តាប់តូច នៅថ្ងៃទី១ ខែកញ្ញានេះ បានប្រើលេសធ្វើបាតុកម្មដើម្បីប្រមូលលុយពីអ្នកចូលរួម។តាមរយៈក្បាលមេក្រូ មេបាតុករដែលមានដឹកនាំគ្នាប្រមាណមិនដល់៣០០នាក់ អំពាវនាវឱ្យអ្នកចូលរួមប្រមូលលុយរៃអង្គាស និងការលក់សៀវភៅតែប៉ុណ្ណោះដែលមិនមែនជាការឈឺឆ្អាលអ្វីនោះទេ។ អ្នកចូលរួមជាច្រើនអ្នកក្នុងក្របខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការធ្វើបាតុកម្មគ្រាន់តែជាលេសប៉ុណ្ណោះព្រោះជួបជុំគ្នាហើយប្រធានដឹកនាំបាតុកម្មបែរជាស្នើប្រមូលលុយ និងស្នើសុំលក់សៀវភៅជូនអ្នកចូលរួមដើម្បីចិញ្ចឹមគ្នីគ្នាទៅវិញ។ អ្នកចូលរួមបានលើកឡើងថា ការប្រមូលថវិកានេះ មិនមែនជាលើកទី១របស់ក្រុមប្រឆាំង។ សម្រាប់អ្នកនៅកម្ពុជាមិនដឹងរឿងបោកបញ្ឆោតបែបនេះទេ គឺក្រុមប្រឆាំងតែងតែយកការធ្វើបាតុកម្មនេះគឺជាការប្រមូលថវិកា ដើម្បីប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន ហើយពួកគេតែងតែប្រឌិតរឿងផ្សេងៗ ដើម្បីបានជាលេសបោកប្រាស់ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េ៕

ក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំងថ្លែងអំណរគុណពលរដ្ឋ មន្រ្តីរាជការបានចូលថវិកាអភិវឌ្ឍន៍ព្រំដែន

2024/09/01 12:10:31 pm        121
តាកែវ ៖ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តម សុខ ផេង បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការចូលថវិការដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។​ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល និងផ្សព្វផ្សាយកលល្បិចឃោឃៅរបស់ពួកប្រឆាំងលើបញ្ហា CLV-DTA ជាមួយក្រុមការងារចុះមូលដ្ឋានឃុំ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ក្នុងស្រុកទ្រាំង នៅថ្ងៃ សៅរ៍ ទី ៣១ ខែ សីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងបន្តថាកន្លងមកនេះក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស បានធ្វើការញុះញង់អូសទាញប្រជាពលរដ្ឋនិងមន្រ្តីរាជការអោយក្រោកឈរប្រឆាំងជាមួយរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងសហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA ដោយចោទប្រកាន់ថារាជរដ្ឋាភិបាលធ្វើអោយបាត់បង់ទឹកដី។ ផ្ទុយទៅវិញកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ខេត្តទាំង៤ បានយ៉ាងច្រើននិងបានធ្វើអោយជីវភាពបងប្អូនប្រជាពលរដ្ឋនៅខេត្តទាំង៤បានល្អប្រសើរថែមទៀតផង។ក្នុងឱកាសនោះដែរឯកឧត្តម សុខ ផេង សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បថ្លែងថា ថ្មីៗនេះរដ្ឋាភិបាលបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលការបង្កើតមូលនិធិនេះមានគោលបំណងគៀងគរថវិកាបន្ថែម សម្រាប់អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែន។ ទន្ទឹមនឹងនេះមានបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេសបាទអបអរសាទរ បង្ហាញការគាំទ្រនិងចូលរួមថវិកាដល់មូលនិធិនេះយ៉ាងច្រើន ដែលនេះបង្ហាញឲ្យឃើញថាបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការរបស់យើងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមិននាំគ្នាជឿតាមការញុះរបស់ក្រុមប្រឆាំងមួយស្ដាប់តូចនៅក្រៅប្រទេសនោះទេ។ជាចុងក្រោយឯកឧត្តម ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើការកត់ឈ្មោះបងប្អូនប្រជាពលរដ្ឋដែលចូលថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីរាជរដ្ឋាភិបាល ចេញលិខិតថ្លែងឣំណរគុណជូនបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការផងដែរ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី ហេង សំរិន ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រុងសួង

2024/09/01 12:04:56 pm        68
ត្បូងឃ្មុំ ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រុងសួងដោយឥត ខណៈការចុះពិនិត្យ និងព្យាបាលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំសុខមាលភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយមិនប្រកាន់ជាតិសាស ឬនិន្នាការនយោបាយឡើយ។​មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ការខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្មចាប់ពីតំបន់ប្រជុំជន រហូតដល់តំបន់ជនបទដាច់ស្រយ៉ាល ជាលទ្ធផលបានឆ្លុះបញ្ចាំងឳ្យឃើញថា វឌ្ឍនៈភាពជាជំហ៊ានៗ ឈរលើប្រតិបត្តិការយ៉ាងសកម្ម នៃវិស័យសុខាភិបាលក្នុងការថែទាំងសុខភាពជូនប្រជាពលរដ្ឋ ពិតជាបានកែលម្អ ជាពិសេសអត្រាមរណៈភាពមាតា ទារក និងកុមារ ត្រូវបានកាត់បន្ថយគួរឳ្យកត់សំគាល់។ ឯកឧត្តមក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីពេទ្យ មណ្ឌលសុខភាព សូមបន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ក្នុងបរិយាកាសយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មីៗ សំដៅលើកកម្ពស់សមត្ថភាព និងគុណភាព នៃប្រព័ន្ធសុខាភិបាលទំនើប ធ្វើយ៉ាងណាឳ្យការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីសុខាភិបាលនៅគ្រប់មូលដ្ឋានទាំងអស់ទទួលបានជោកជ័យខ្ពស់បំផុត ដើម្បីជាឳត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះនៅតំបន់ដាច់ស្រយ៉ាល ។លោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះគឺ មានបេសកកម្មធ្វើសកម្មភាព ពិនិត្យ និងព្យាបាលជំងឺគ្រប់ទិសទីនៅទូទាំងប្រទេស ទៅតាមកម្មវិធីបេសកកម្មរបស់ខុទ្ទការល័យ និងសម្តេចចក្រី ហេង សំរិន ខណៈការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាស និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ដោយធ្វើបេសកកម្មក្នុងន័យមនុស្សធម៌ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ដែលជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគត់តែមួយ ។សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមាហាចក្រី ហេង សំរិន និងធ្វើការពិនិត្យ ព្យាបាល ជំអឺទូទៅជូនប្រជាពលរដ្ឋក្រុងសួង ខេត្តត្បូងឃញមុំ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ ខណៈតាមគម្រោងអាចទទួលប្រជាពលរដ្ឋដែលមកទទួលសេវាប្រម៉ាណ ១៥០០ នាក់៕

រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយសេចក្តីណែនាំការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដល់មន្ត្រីពាក់ព័ន្ធ

2024/09/01 11:59:24 am        62
ពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការចុះបញ្ជីអត្រា នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការបំពេញការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនដល់ប្រជាពលរដ្ឋ។​កិច្ចប្រជុំផ្សព្វផ្សាយនេះដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងខេត្ត និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្ដីរាជការដែលពាក់ព័ន្ធ សរុបប្រមាណចំនួន២៥០នាក់ ។លោក ហៀម ឃួន មានប្រសាសន៍ថា នេះជាពេលវេលាមួយដ៏មានអត្ថប្រយោជន៍បំផុត សម្រាប់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដោយគោលបំណងក្នុងការផ្សព្វផ្សាយសេចក្តីណែនាំស្តីការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ត្រីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ គឺដើម្បីយកទៅអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើការចុះបញ្ជីអត្រានុកូលដ្ឋានដែលមានដូចជា ការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍ បម្រាមផ្សេងៗនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ហាមមនុស្សម្នាក់ចុះបញ្ជីអត្រានុកូលដ្ឋានក្នុងប្រភេទនីមួយៗលើកពីមួយដង នៅកន្លែងដដែល ឬនៅច្រើនកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានណែនាំអំពីនីតីវិធីកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានមានពីរចំណុច គឺ ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រនុកូលដ្ឋានក្នុងឆ្នាំកំពុងអនុវត្តន៍ ជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន ឃុំសង្កាត់ និងការកែតម្រូវទិន្ន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាននៅក្នុងឆ្នាំកន្លងផុត តាមសេចក្ដីណែនាំលេខ ០០៦ សណន របស់ក្រសួងមហាផ្ទៃ មានចំនួន ០៩ចំណុច ដែលអាចកែតម្រូវបាន ជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ដោយដាក់ពាក្យទៅរដ្ឋបាលក្រុង-ស្រុក ហើយអំពីទិន្នន័យដែលមិនមែនជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ចំនួន០៩ ចំណុចនោះ គឺជាសមត្ថកិច្ចរបស់តុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់ ។ លោក ហៀម ឃួន បានគូសបញ្ជាក់ថា ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ លើការងារចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្មក៏ដូចជាអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ សូមសំណូមពរឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានមកចូលរួមនាពេលនេះ គឺក្រោយពីទទួលបាននូវបទពិសោធន៍និងបទបង្ហាញពីមន្ត្រីជំនាញរួច សូមយកទៅអនុវត្តន៍នៅមូលដ្ឋានរបស់ខ្លួនទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន ៕

ក្នុងខែសីហាខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបង្ក្រាបបទល្មើសជលផលចំនួន២០ករណី

2024/09/01 11:53:22 am        193
កំពង់ឆ្នាំង ៖ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យយដឹងថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលនាខែប្រចាំខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង បង្ក្រាបបានចំនួន២០ករណី ខណៈជនសង្ស័យមួយចំនួនតូច នៅតែបន្តលបលួចដាក់របាំងស្បៃមុង នៅក្នុងរដូវបិទនេសាទនេះ។​លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្តថា ក្នុងរដូវបិទនេសាទ ជាពិសេសក្នុងខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយគណៈបញ្ជាការរដ្ឋបាលស្រុកក្រុង ដោយបានបង្ក្រាបបំផ្លាញចោលវត្ថុតាងបទល្មើស មានចំនួន ២០ករណី របាំងស្បៃមុងចំនួន៣៣កន្លែង ស្មើនឹង១០៩០ម, របាំងផ្ជិតព្រែកចំនួន០៨កន្លែង ស្មើនឹង ៧០ម ,របាំងសាច់អួនចំនួន៣១កន្លែងស្មើនឹង ៣២៨០ម, លបលូសាច់អួនចំនួន៧៥ គ្រឿង, លបចំនួន ១៦គ្រឿង, លបលូស្បៃមុងចំនួន ៤០គ្រឿង និងបង្គោលចំនួន ២២២០ដើម។ ក្នុងខែសីហានេះ បានចាក់លែងត្រីចម្រុះទៅក្នុងដែននេសាទវិញ ចំនួន ៥២៧គ.ក្រ ។ ពិន័យអន្តរការណ៍ មានចំនួន ០៣ករណី ក្នុងនោះមាន ការនេសាទឧបករណ៍ឈ្នាងកាវលៀសដោយម៉ាស៊ីនគ្មានការអនុញ្ញាត ចំនួន០១ករណី, ដឹកជញ្ជូនផលិតផលជលផល(លៀស)ដោយគ្មានលិខិតអនុញ្ញាតចំនួន០១ករណី, កាយដីក្នុងដែននេសាទដោយគ្មានការអនុញ្ញាត ចំនួន០១ករណី។ ក្នុងនោះមាន១ករណី(ឆក់) បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ។ សូមជម្រាបថា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នឹងផ្សព្វផ្សាយស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ឧបករណ៍ស្បៃមុងរបស់សាលាខេត្តកំពង់ឆ្នាំង។ ផ្សព្វផ្សាយច្បាប់ស្តីពីជលផលតាមមូលដ្ឋានជាប់ដែននេសាទ។ ផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់ ការកាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹកក្នុងគោលបំណងពង្រីកផ្ទៃដីកសិកម្ម របស់សាលាខេត្ត។ ផ្សព្វផ្សាយ ស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីរបស់សាលាខេត្តកំពង់ឆ្នាំង។ ចូលរួមប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយមហាជននៅក្នុងវេទិកាសាធារណៈ ។ ចុះរៀបចំ និងពង្រឹងសហគមន៍នេសាទក្នុងកិច្ចការពារតំបន់អភិរក្សជលផល ។ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តជាប្រចាំ ៕ ដោយ ៖ កាំង ហុងវាស្នា

មន្ត្រីជំនាញ៖ខេត្តកំពតឆ្នាំនេះភ្ញៀវអាចកើនដល់២,៥លាននាក់ ខណៈ៨ខែដើមឆ្នាំមានភ្ញៀវ១,៦លាននាក់

2024/09/01 11:49:25 am        75
កំពត ៖ មន្ត្រីជំនាញបានលើកឡើងថា ស្ថានភាពលំហូរភ្ញៀវទេសចរមកកាន់ខេត្តកំពត មានភាពល្អប្រសើរ តាំងពីមានរូបសំណាកសេះសមុទ្រមក ហើយរយៈ៨ខែដើមឆ្នាំ២០២៤នេះ ខេត្តទទួលទេសចរចំនួន១,៦លាននាក់ ហើយដោយសារមានសមិទ្ធិផលឯកបន្ថែម គឺនាឡិកាធំហើយខ្ពស់ជាងគេផងនោះ ចំនួនភ្ញៀវអាចកើនដល់២,៥លាននាក់។ ភ្ញៀវទេសចរនិងយុវជនពេញចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលឯកថ្មីៗរបស់ខេត្តកំពត។ ​ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឲ្យខេត្តកំពតរីកចម្រើនលើកគ្រប់វិស័យ។ ដោយឡែកចំពោះវិស័យទេសចរណ៍ ឯកឧត្តមបានផ្តួចផ្តើមគំនិត រៀបចំតុបតែងលម្អសួនច្បារ ឆ្នេរខ្សាចកម្សាន្ត និងបង្កើតសមិទ្ធផលឯកថ្មីៗជាបន្តបន្ទាប់ ដូចជារូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេនៅកម្ពុជាជាដើម ធ្វើឲ្យលំហូរភ្ញៀវទេសចរមកលេងខេត្តកំពតមានភាពល្អប្រសើរ។ លោកបានបញ្ជាក់ថា ៨ខែដើមឆ្នាំ២០២៤នេះ ខេត្តទទួលទេសចរចំនួន ១,៦លាននាក់ ហើយដោយសារមានសមិទ្ធិផលឯកបន្ថែម(នាឡិកាធំហើយខ្ពស់ជាងគេ) និងព្រឹត្តិការណ៍បុណ្យសមុទ្រផងនោះ ចំនួនភ្ញៀវនឹងអាចកើនដល់២,៥លាននាក់ក្នុងឆ្នាំ២០២៤នេះ ។ ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់ពេញចិត្តចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ពិសេសការរៀបចំច្នៃបង្កើតសមិទ្ធផលឯកសម្រាប់ខេត្ត ស្អាតហើយទាក់ទាញ និងបានស្នើឲ្យអាជ្ញាធរប្រឹងប្រែងបន្ថែមទៀត។ ខណៈដែលយុវជនម្ចាស់ស្រុក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានបង្កើតសមិទ្ធផលឯកទាំងពីរ សម្រាប់ទាក់ទាញទេសចរ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ។ កន្លងមកថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពតបានលើកឡើងថា កំពតជាខេត្តគោលដៅទេសចរណ៍សម្បូរបែបដ៏មានសក្តានុពលបំផុតមួយ ក្នុងចំណោមខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។ ខេត្តនេះទទួលបានពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទងផង និងពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរ បើតាមការព្យាករណ៍របស់ឯកឧត្តមកំពតនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ ទាក់ទាញភ្ញៀវឲ្យមកសម្រាកលម្ហែច្រើនជាងគេរបស់កម្ពុជា៕ ដោយ ៖ សារីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM