ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ ទូទាំងស្រុកមេមត់

2024/08/29 03:06:33 pm        549
នាព្រឹកថ្ងៃព្រហស្សន៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកមេមត់ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញទទួលជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ ចំនួន២៧៣នាក់ មកពីទូទាំងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពី លោក ស្រេង លី អភិបាលស្រុកមេមត់ បានធ្វើសេចក្តីរបាយការណ៍ពីសកម្មភាពដែលស្រុក-ឃុំ-ភូមិ សម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានារួចមក ឯកឧត្ដម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ និងជំរុញឱ្យបន្តនូវការខិតខំបន្ថែមទៀត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងបម្រើសេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖ ១) ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អថែមទៀតនិងបន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋ ២) ត្រូវខិតខំផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើ និងប្រកបដោយសិលធម៌ខ្ពស់ សាកសមជាមន្ត្រីបម្រើរាស្ត្រ។ ៣) ត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយឱ្យទាន់ពេលវេលា។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជម្រាបជូន អំពីលទ្ធផលការងាររបស់រដ្ឋសភាក្នុងនីតិកាលទី៧ រយៈពេលមួយឆ្នាំ ស្របពេលដែលរដ្ឋសភាកំពុងធ្វើកំណែទម្រង់ស្ថាប័នយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើអភិបាលកិច្ចល្អ និងក្លាយទៅជាសភាឌីជីថល តាមការណែនាំ និងដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល ១ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏បានសម្រេចនូវលទ្ធផលការងារល្អប្រសើរ និងទទួលបានសមិទ្ធផលជាច្រើន ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បន្តថា ប្រជាជនកម្ពុជាទូទាំងប្រទេស បានអបអរសាទរ និងគាំទ្រ ព្រមទាំងប្តេជ្ញាចូលរួមអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការអនុវត្តគម្រោងជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា គឺជីកព្រែក “ហ្វូណនតេជោ“ ក្រោយពីមានការប្រកាសចលនាគាំទ្រពី​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ឯកឧត្តម វង សូត ក៏បានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ និងច្រានចោលចំពោះសកម្មភាពរបស់ក្រុមមួយក្តាប់តូច ដែលបានធ្វើការញុះញង់អុចអាល បំភ្លើស ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា មានចេតនាបង្កភាពវឹកវរក្នុងសង្គម ទោះបីជាមានការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយ ពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតី នាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយ។ ជាចុងក្រោយ ឯកឧត្តម ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិទាំងអស់ គួរស្វែងយល់ ធ្វើជាសាក្សី និងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង និងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយគណបក្ស។ ក្នុងឱកាសនោះ ឯកឧត្តម វង សូត បាន ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមេភូមិចំនួន២៧៣នាក់ក្នុងម្នាក់ ៗ ថវិកា៥០,០០០ រៀល និងឧបត្ថម្ភដល់សាលាស្រុកមេមត់១,០០០,០០០ រៀលផងដែរ៕

គម្រោងចំនួន២៧ បន្ថែមទៀត ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​ឆ្នាំ២០២៤»

2024/08/29 03:01:35 pm        585
នាព្រឹកថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា ចំនួន២៨ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ដែលនឹងជួយបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តបន្ថែមទៀត។ជាលទ្ធផល, គម្រោងចំនួន២៧ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តមួយចំនួនដោយផ្អែកទៅតាម ចរិតលក្ខណៈ និងការវិនិច្ឆ័យកំណត់ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។សូមជម្រាបថា គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពាក្យស្នើសុំតាមរយៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្នុងន័យនេះ, សូមធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញមកដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ឬ ទំនាក់ទំនងទំនងមកលេខាធិការដ្ឋាន តាមរយៈទូរស័ព្ទលេខ 016321010 ឬ 012902200 ឬ 089726028។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់អាចនៅរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ

2024/08/29 02:51:02 pm        1067
ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើក​ការដ្ឋាន​សាង​​សង់​នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះ​ជាហិរញ្ញប្ប​ទាន​របស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែល​គម្រោង​កិច្ច​សន្យា​មាន​តម្លៃ ២៣៥លានដុល្លារអាមេរិក។ ​​អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្ដម ផន រឹម បានគូសបញ្ជាក់ថា ការ​សិក្សា​លម្អិត​ចំពោះ​ផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA) បានប្រជុំ​ពិនិត្យ​បិទ​បញ្ចប់​របាយការណ៍​ចុង​ក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជា​ផ្នែក​ចម្បង ដើម្បី​បើក​ផ្លូវ​សម្រាប់​ដំណើរ​កា​​របើក​ការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដ​និយម​ពេល​គម្រោង​ចាប់​ផ្តើម​សាង​សង់ នឹង​ទទួល​បាន​លទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃ​ដំណាក់​កាល​បន្ទាប់ គឺ​ការ​គូរ​ប្លង់​សាងសង់លម្អិត នៃគម្រោង(Details Design)។គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃ​សាធារណ​រដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមាន​កិច្ច​សន្យា​សាង​សង់មានរយៈពេល៦០ខែ។ ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)​មាន​ប្រវែង​នៃ​ស្ពាន​សរុប​២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕ 

ក្រសួងបរិស្ថានបន្តជំរុញ «ពន្លកបៃតង» តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើ និងជំរុញការដាំដើមឈើ

2024/08/29 02:04:32 pm        146
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា នៅឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបន្តគាំទ្រដល់មន្ទីរបរិស្ថានទាំងអស់ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ និងជំរុញការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កោះកុង សៀមរាប និងមណ្ឌលគិរី និងដើម្បីផលិតកូនឈើចែកជូនដល់សាធារណជន ដោយឥតគិតថ្លៃ សម្រាប់យកទៅដាំ នៅតាមទីលំនៅដ្ឋាន ទីសាធារណៈ តំបន់សហគមន៍ និងតំបន់រេចរឹល ក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា កន្លងមកនេះ ក្រសួងបរិស្ថានបានបណ្តុះ និងចែកកូន​ឈើជូនប្រជាពលរដ្ឋដាំ បានជាង១,៣លានដើម ហើយជាបន្តក្រសួងបរិស្ថាន នឹងបង្កើនការ​ដាំដើមឈើ រួមទាំងដើមត្នោត ឱ្យបានច្រើនជាងការកាប់ ជារៀងរាល់ឆ្នាំ សំដៅសម្រេច​បាន​គម្របព្រៃឈើ ៦០% នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នៅឆ្នាំក្រោយបន្តបន្ទាប់ទៀត ក្រសួងបរិស្ថាន​គ្រោងរៀបចំទិវាបរិស្ថានជាតិ​ ដើម្បីជំរុញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» រៀបចំពិព័រណ៍ចែកកូនឈើថ្នាក់ជាតិ ឱ្យបានធំជាងមុន និងបង្កើតការប្រកួតប្រជែងដាំដើមឈើ និងថែទាំដើមឈើ ​ដោយលើកទឹកចិត្តដល់ប្រជាពលរដ្ឋឬសហគមន៍ ប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប(APP) ដែលអាចតាមដានការលូតលាស់ដើមឈើនីមួយៗ របស់ខ្លួនបានថែមទៀត៕

ការចរចារប្រាក់ឈ្នួលកម្មករ ភាគីសហជីពស្នើសុំដំឡើង ១៤ដុល្លារ ខណៈភាគី​និយោជក​​កំណត់​ដំឡើងថែមតែ ១ដុល្លារ

2024/08/29 01:56:11 pm        383
ឆ្លងកាត់កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេររយៈពេលមួយព្រឹកពេញ ថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ ភាគីសហជីពបានសម្រេចនិងមូលមតិគ្នា ស្នើសុំដំឡើងចំនួន ១៤ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួលបច្ចុប្បន្ន ចំនួន ២០៤ដុល្លា ខណៈភាគីនិយោជក បានកំណត់​ដំឡើង​ចំនួន​តែ ១ដុល្លារប៉ុណ្ណោះ។ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នៅក្រោយចប់កិច្ចប្រជុំ លើកទី២នេះ បានមានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥ខាងមុខ ភាគីនិយោជក​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កើន​ប្រាក់​ឈ្នួល​អប្បបរមាត្រឹមចំនួន ១ដុល្លារ សរុប ២០៥ដុល្លារ ក្នុង១ខែ។ សម្រាប់ភាគីសហជីព បានដាក់ចេញនូវតួលេខរួមមួយ គឺស្នើកើន ១៤ដុល្លារ សរុបចំនួន ២១៨ដុល្លារ ក្នុង១ខែ។ឯកឧត្តម បានបន្តថា ទោះជាយ៉ាងណា តួលេខនេះខាងលើនេះ គ្រាន់តែ​ជា​គោល​ជំហ​ដំបូង​របស់​ភាគី​នីមួយៗ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងពិចារណា ហើយនឹងអាច​កែ​សម្រួល​នូវ​តួ​លេខ​នេះ​ជា​បណ្តើរៗថែមទៀត ហើយភាគីរដ្ឋាភិបាល នឹងខិតខំសម្របសម្រួល ដើម្បីឲ្យភាគី​ទាំង​ពីរ​កា​ន់​តែ​យល់​គ្នា និងកែសម្រួលគោលជំហររបស់ខ្លួនឲ្យកាន់តែគៀកប្រហាក់ប្រហែលគ្នា មុន​នឹង​សម្រេច​ឈាន​ដល់ការបោះឆ្នោត ឬក៏ឯកភាពគ្នាលើរូបមន្តណាមួយ មុនបុណ្យភ្ជុំ​បិណ្ឌ​ពេល​ខាង​មុខ​។ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានលើកឡើងថា លោកសប្បាយចិត្ត នៅ​ពេល​ ឃើញ​ភាគីសហជីពបានឯកភាពគ្នាផ្តល់ជូនតួលេខតែមួយដូចគ្នា ប៉ុន្តែនិយោជក​មាន​លទ្ធភាព​ផ្តល់​ជូន​ត្រឹមចំនួន ១ដុល្លារ ក្នុងការដំឡើងប្រាក់ឈ្នួលនៅឆ្នាំនេះ ដោយសារយោង​តាម​កត្តា​ជា​ច្រើន​ក្នុង​វិស័យសេដ្ឋកិច្ច និងដើម្បីប្រុងប្រយ័ត្នសភាពការណ៍ទូទៅ ដែលបារម្ភខ្លាច​នៅពេល​ដំឡើង​ប្រាក់​ឈ្នួលខ្ពស់ ស្រាប់តែត្រឡប់ថយក្រោយមកវិញ នោះនឹងដួល ពីព្រោះកំណើន​នៃ​ការ​វិនិយោគ​ភាគ​ច្រើននៅកម្ពុជា គឺចេញពីវិនិយោគិនមកពីក្រៅប្រទេស។ពាក់ព័ន្ធការសុំដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៤ដុល្លារ របស់ភាគីសហជីព លោក គឹម ចាន់​សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា ការស្នើសុំដំឡើងនេះ គឺយោង​តាម​លក្ខណៈ​បច្ចេកទេសទំាងអស់។ លោក បានបន្តថា ការស្នើសុំខាងលើនេះ បើក្នុងករណីចាំបាច់ ក្រុម​សហីជពនឹងពិនិត្យទៅមើលទឡ្ហីករណ៍ណាមួយទៀត ហើយក៏នឹង​ពិនិត្យ​ទៅ​លើការ​ដំឡើង​ប្រាក់​ឈ្នួល​ពាក់​ព័ន្ធនយោបាយផ្សេងៗទៀត ជាមួយទៅនឹងប្រទេសជិតខាង ជាពិសេស​គឺ​ការ​ប្រកួត​ប្រជែង​ ដែលចាំបាច់ត្រូវឈរលើឆន្ទៈ ដើម្បីសម្រេចរួមគ្នា​ក្នុង​ការ​បន្ត​ផ្តល់​ការងារ​ជូន​ដល់​កម្មករ​នយោជិត និងមានប្រាក់ចំណូលទៀងទាត់។ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែល​ត្រី​ភាគី​ (ភាគីរដ្ឋាភិបាល, សហជីព, និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅ​លើ​មូលដ្ឋាន​បម្រែ​បម្រួល​លក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះមានស្ថាន​ភាព​គ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថាន​ភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួល​អប្បបរមា ដែលកម្មករនិយោជិតទទួលបាន គឺចំនួន ២០៤ដុល្លារអាម៉េរិក ក្នុង១ខែៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់១០០% ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ

2024/08/29 01:55:20 pm        139
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថានៅក្នុងឆ្នាំបន្ទាប់ ក្រសួងបរិស្ថានពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិតាមរយៈការបន្តអនុវត្តច្បាប់១០០%។ តាមរយៈវិធានការនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា៖១)ពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលនៅមានជាធរមាន ១០០% ដោយមិនលើកលែង និងត្រូវបញ្ឈប់វប្បធម៌ចុះកិច្ចសន្យាដោះលែងបទល្មើស ២)សហការជាមួយក្រុមអ្នកច្បាប់អំពីដំណើរការនៃនីតិវិធីច្បាប់ទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌនិងជាមួយក្រសួងយុត្តិធម៌ ដើម្បីទទួលបាននូវសេវាគាំទ្រពីមន្ត្រីជំនាញផ្នែកច្បាប់។ ៣)ផ្តល់ដ្រូនដល់មន្ទីរបរិស្ថាន ដើម្បីប្រើប្រាស់ក្នុងតំបន់ការពារធម្មជាតិ និងផ្តល់ផែនទីកំណត់តំបន់ការពារធម្មជាតិគ្រប់គ្រាន់ និងផែនទីផ្កាយរណបជាប្រចាំ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានខេត្ត ដែលមានតំបន់ការពារធម្មជាតិ។៤)បន្តសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងកងរាជអាវុធហត្ថ៖ ដោយផ្តល់ផែនទីកំណត់តំបន់ការពារធម្មជាតិនិងផែនទីផ្កាយរណបជាប្រចាំ និងកិច្ចសហការគ្រប់គ្រងធនធានធម្មជាតិបន្ថែមលើការចូលរួមពីអាជ្ញាធរក្រុង ស្រុក ខេត្តនានា។ នៅក្នុងឆ្នាំបន្ទាប់នេះ ក្រសួងបរិស្ថាននឹងដាក់ចេញយន្តការតាមដានការអនុវត្ត វាយតម្លៃ និងដាក់វិធានការនានាឱ្យមានប្រសិទ្ធភាព លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសរៀបចំផែនការថែរក្សា និងប្រើប្រាស់ដីដែលដកហូតមកវិញ ដែលក្នុង១ឆ្នាំកន្លងទៅក្រសួងបានធ្វើការសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដកហូតដីពីការកាប់ទន្រ្ទានដីព្រៃខុសច្បាប់៕

ក្រសួងបរិស្ថានដាក់ចេញផែនការ ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការពារការពារធនធានធម្មជាតិ

2024/08/29 01:43:28 pm        127
ក្រសួងបរិស្ថាន នៅក្នុងឆ្នាំបន្ទាប់នឹងបន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះការយកចិត្តទុកដាក់លើការអភិវឌ្ឍបម្រើឱ្យប្រយោជន៍ប្រជាសហគមន៍ ក្នុងគោលបំណងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារទឹកដី ការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់​ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញការបន្តអភិវឌ្ឍន៍ ទីតាំងទេសចរណ៍​នៅ​តាមតំបន់ការពារធម្មជាតិ ជាពិសេស «គោលដៅលំហែបៃតង» ​ដែលឆ្នាំទី១កន្លងមក បាន​អនុវត្តនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» និងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន»។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថាននឹងពង្រីក«គោលដៅលំហែបៃតង» ដោយ​បង្កើតជារបៀងលំហែបៃតង ដោយផ្សារភ្ជាប់ពី ​គោលដៅលំហែបៃតងមួយ ទៅកាន់គោលដៅ​លំហែ​បៃតងផ្សេងទៀត ឬទៅកាន់ទីរមណីយដ្ឋានផ្សេងទៀត ​ដែល​ផ្តល់ប្រយោជន៍ដល់ការលើកកម្ពស់​ជីវភាព​សហគមន៍តំបន់ការពារធម្មជាតិ ​តាមរយៈការបង្កើតឱ្យមាន «ការងារបៃតង» មានដូចជា សេវា​កម្មទេសចរណ៍ ការដាំដំណាំ ការចិញ្ចឹមសត្វ ​ការ​កែច្នៃ​ម្ហូបអាហារ ​និងវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ​សំដៅពង្រឹងការការពារធនធានធម្មជាតិ និង​ការអភិរក្សជីវៈចម្រុះ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។សូមបញ្ជាក់ថា នៅក្នុងទិសដៅបន្ត ក្រសួងគ្រោងបង្កើតរបៀងលំហែបៃតងនៅតាមតំបន់​ការពារ​ធម្មជាតិ រួមមាន៖១)របៀងលំហែបៃតង តភ្ជាប់នៅខេត្តកំពង់ស្ពឺ កោះកុង កំពង់សោម កំពត និងកែប ២) របៀងលំហែបៃតងនៅតំបន់អភិវឌ្ឍន៍​ត្រីកោណ CLV-TDA ដែលមានខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី និង៣) របៀងលំហែបៃតង នៅខេត្តកំពង់ធំ សៀមរាប ប៉ៃលិន ព្រះវិហារ និងឧត្តរមានជ័យ៕

ក្រុមប្រឹក្សារាជធានីខេត្ត និងមេភូមិ អនុភូមិ ទទួលបានការព្យាបាល​តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ

2024/08/29 12:45:39 pm        179
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកហានិភ័យ​ការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្ថិតក្នុងផ្នែកវិស័យសាធារណៈ។ ការពង្រីកវិសាលភាពនេះ រាជរដ្ឋាភិបាល បាន ផ្ដល់ជូន បណ្ណ ប.ស.ស ជូនក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិផងដែរ។ ក្រុមគោលដៅទាំងនេះ អាចប្រើប្រាស់ បណ្ណ ប.ស.ស សម្រាប់ការថែទាំសុខភាព និងការព្យាបាលណៅគ្រប់មន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ចំពោះការទទួលបានបណ្ណ ប.ស.ស នេះ សម្រាប់លោក គឹម ណុល ចៅសង្កាត់រងទី ១ ក៏ដូចជាក្រុមការងារបម្រើការនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានបង្ហាញក្ដីរីករាយជាពន់ពេក។ ពួកគាត់ពេញចិត្តជាខ្លាំង ចំពោះការគិតគូដែលរាជរដ្ឋាភិបាលផ្ដល់ជូន។ ពួកគាត់លើកឡើងដែរថា ការផ្ដល់ជូនបណ្ណ ប.ស.ស សម្រាប់ហានិភ័យការងារ និងការថែទាំព្យាបាលដោយមិនគិតថ្លៃនេះ ជាការផ្ដល់កម្លាំងចិត្តនាំឱ្យពួកគាត់ប្រឹងប្រែងបំពេញការងារ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរអស់ពីលទ្ធភាព។រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ។ អនុក្រឹត្យនេះ បានចេញកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គល ជាសមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងមន្ត្រី ខុទ្ទកាល័យ ដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬប្រកាស និងមិនស្ថិតនៅក្រោម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ គឺមានវិសាលភាព ចំពោះ គ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ៕ អត្ថបទ៖ គឹម ហុក

សម្ដេចតេជោ ហ៊ុន សែន៖ «ទោះមានឬក្រត្រូវខិតខំឱ្យកូនចៅរៀនសូត្រមានចំណេះដឹង មានសីលធម៌ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ»

2024/08/29 12:38:31 pm        182
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤នេះ បានបង្ហាញរូបថតអនុស្សាវរីមួយចំនួនដែលជាគ្រាប់ពេជ្រទាំង៥របស់សម្ដេច ពោល​គឺ​បុត្រាបុត្រីទាំង៥រូបរបស់សម្ដេចផ្ទាល់តែម្ដង។ តាមរយៈរូបថតនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រាប់ពេជ្រ​៥​គ្រាប់​ដែល​ពុក​ម៉ែ​កែ​ឆ្នៃដោយផ្ទាល់ដៃ។ក្នុងឱកាសនេះសម្ដេចតេជោ ក៏បានរម្លឹកឡើងថា៖ «ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិន​យើង​ចេះកែ​ឆ្នៃ​វា ​និង​ប្រើប្រាស់វាឲ្យមានប្រយោជន៍។ មាស​ឬ​ពេជ្រ​នឹង​គ្មាន​តម្លៃ​ឬតម្លៃ​តិច​ប្រសិន​យើង​មិន​ចេះ​កែឆ្នៃ ឬ​យក​វាទៅទុកចោល។ ទោះមានឬក្រត្រូវ​ខិតខំឲ្យ​កូន​ចៅរៀន​សូត្រ​មាន​ចំណេះដឹង​មាន​សីលធម៌ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយពោ​ល​គឺ​ឲ្យ​ពួក​គេកសាង​អំពើ​ល្អជាប់ជានិច្ច»។ក្នុងឱកាសនោះសម្ដេចតេជោបានសង្គត់ធ្ងន់ថា៖«បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាច​ឪពុកម្តាយ ឬ​ប្រាក់​កាស​ឪពុក​ម្តាយ​ធ្វើអំពើ​មិនគប្បីក្នុងសង្គម»៕

ភ្ញៀវបរទេសកោតសរសើរស្មារតីជាតិនិយមពលរដ្ឋខ្មែរបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

2024/08/29 12:27:39 pm        198
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋខ្មែរផុសផុល បាននាំគ្នាចូលរួមបរិច្ចាគថវិកា​ក្នុងមូលនិ​ធិ​កសាង​រចនាសម្ព័ន្ធតាមព្រំដែនតាមលទ្ធភាពដោយទឹកចិត្តសប្បាយរីករាយបំផុត។ តាមរយៈ​ការ​មើល​ឃើញទិដ្ឋភាពនេះ បណ្តាភ្ញៀវបរទស ដែលកំពុងស្នាក់នៅកម្ពុជាធ្វើការការងារនានា បាន​ថ្លែង​ការ​កោតសរសើរចំពោះស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរ លើកិច្ចការរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​អភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសានកម្ពុជា។បណ្តាភ្ញៀវបរទេស ​ថ្លែងប្រាប BTV នៅថ្ងៃទី២៩ ខែសីហានេះថា ពលរដ្ឋកម្ពុជា ជាពលរដ្ឋ​ដែល​មាន​​ស្នាមញញឹមរាក់ទាក់ និងផ្តល់ភាពកក់ក្តៅចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកស្នាក់នៅ លើស​ពី​នេះ គឺគេមានចលនាការស្ម័គ្រចិត្ត ការចែករំលែកខ្ពស់ទាំងលើផ្នែកទឹកចិត្ត និងការ​បរិច្ចាគ​ថវិកា​ចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាល​បង្កើន​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ភូមិភាគឦសានកម្ពុជា រួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ជាដើមឲ្យមានភាពប្រសើរឡើងថែមទៀត។សូមបញ្ជាក់ថាក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ។ ក្រោយ​ការ​បង្កើត​បង​ប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួម​បរិច្ចាគ​ថវិ​កា​ជា​បន្ត​បន្ទាប់​យ៉ាង​ផុល​ផុស​បំផុត ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តមប្រយោជន៍ជាតិទាំងមូល៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM