ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល៖ ការចូលរួមបរិច្ចាគថវិការបស់ពលរដ្ឋបង្ហាញពីការរួបរួមគ្នា ដើម្បីការពារបូរណភាពទឹកដី

2024/08/28 03:32:46 pm        610
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងថា ការចូលរួមបរិច្ចាគថវិការបស់កម្មករ-កម្មការិនីបានឆ្លុះបញ្ចាំងពីការរួបរួមគ្នា ក្នុងការការពារបូរណភាពទឹកដីប្រទេសកម្ពុជា។ ក្នុងពេលមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននាំគ្នាបន្តបរិច្ចាគថវិកាចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំគណៈប្រតិភូចុះពិនិត្យវិស័យកសិកម្មនៃចំការកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព និងបានជួបសំណេះសំណាល់ជាមួយតំណាងកម្មករ-កម្មការិនីចំនួនជាង១ពាន់នាក់។ នាឱកាសនោះ កម្មករ-កម្មការិនីទាំងអស់ចំនួនជាង១ពាន់នាក់បានស្ម័គ្រចិត្តបរិច្ចាគថវិការផ្ទាល់ខ្លួនក្នុងម្នាក់ចំនួន៥ម៉ឺនរៀល ស្មើនឹងទឹកប្រាក់សរុប៥៥លានរៀល ដើម្បីផ្តល់ជូនរាជរដ្ឋាភិបាល ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែន។ ជាមួយគ្នា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញការរីករាយ និងរំភើបចំពោះទឹកចិត្តរបស់កម្មករ-កម្មការិនី ដែលនេះជាការឆ្លុះបញ្ចាំងដល់ការរួបរួមគ្នា ក្នុងការការពារបូរណភាពទឹកដី និងសន្តិភាពដែលធានាបានគ្រប់យ៉ាងដូចពេលបច្ចុប្បន្ន ខណៈផ្ទុយពីអ្នកនយោបាយខ្លះមិនបានជួយអ្វីក្រៅពីការញុះញង់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ត្រឹមរយៈពេលពីរថ្ងៃ ក្រោយខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសពីការចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សម្ទុះមហាជនទាំងក្នុង និងក្រៅប្រទេស ទាំងចាស់ ក្មេង ព្រះសង្ឃ មន្រ្ដី រាជការ និងកម្មករកម្មការិនី បានស្ម័គ្រចូលរួមបរិច្ចាគថវិការបស់ខ្លួន ដើម្បីចូលរួមការកសាងហេរដ្ឋារចនាសម្ព័ន្ធតាមត្រំដែន។ ស្មារតីសាមគ្គីភាពនេះ បានបង្ហាញយ៉ាងច្បាស់នូវស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕អត្ថបទ សេក ឧត្តម ថត 

ក្រុមការងារសម្ដេចធិបតី ដែលរៀបចំលិខិតថ្លែងអំណរគុណបញ្ជាក់ថា ការធ្វើលិខិតថ្លែង​អំណរ​គុណ​ជូនមហាជនចូលរួមជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មិន​តម្រូវ​ឲ្យមានការបង់ថវិកាអ្វីទាំងអស់

2024/08/28 03:25:04 pm        749
ភ្នំពេញ៖ ក្រុមការងារ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលរៀបចំលិខិតថ្លែងអំណរគុណ ជូន​មហា​ជន​ចូលរួមជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា ការជូនលិខិតថ្លែងអំណរគុណចំពោះមហាជនដែលបានចូលរួមជាមួយ «មូលនិធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» មិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។ ក្រុមការងារ​បាន​ជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា តាមប្រភពព័ត៌មាន មានជនឆ្លៀត​ឱកាស​បាន​ប្រើ​ប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បាន​ផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួន ដោយ​ស្នើ​សុំ​ជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយ​បញ្ជាក់​ថា​ខ្លួន​ជា​ក្រុម​ការងារ​រៀប​ចំ​លិខិត​ថ្លែង​អំណរគុណ។ក្រុមការងារបានបញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាន​នឹង​កំពុង​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយ​នឹង​ក្រុម​ការងារ​ពាក់​ព័ន្ធ​ទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខ​នៃ​ការ​ចូល​រួម​ផង​ដែរ​។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ គឺធ្វើ​ដោយ​​មិនតម្រូវឲ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ។ក្រុម​ការងារបញ្ជាក់ថា៖«ដូចនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ហើយ​ប្រសិន​បើ​មាន​ការ​ប្រព្រឹត្តិដូច​ករណីខាងលើ សូមរាយការណ៍មកជាបន្ទាន់តាមរយៈផេក និង Telegram Channel ផ្លូវការរបស់សម្តេចធិបតី ដើម្បីឲ្យសមត្ថកិច្ច​ចាត់​វិធាន​ការ​យ៉ាង​តឹង​រឹង​ចំពោះ​ជ​ន​នោះ»​៕

ឯកឧត្តម អៀង មូលី ប្រជុំពិភាក្សា នៃការរឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយក្រុមប្រជាជនគន្លឹះ

2024/08/28 03:12:38 pm        560
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាលើបទអន្តរាគមន៍ នៃការរឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយក្រុមប្រជាជនគន្លឹះ, នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ។កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រជាជនគន្លឹះ ដែលរួមមានអ្នកផ្ទុកមេរោគអេដស៍ ក្រុមបុរសរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកប្រើប្រាស់សារធាតុញៀន និងអ្នកធ្វើការនៅកន្លែងកម្សាន្តសប្បាយ តំណាងអង្គការស៊ីវិល ដែលធ្វើការងារអេដស៍(HACC, RHAC, CWPD, KHANA, CPN+, AUA, ឈូកស) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិភាក្សារកវិធីសាស្រ្តក្នុងការជំរុញឱ្យក្រុមប្រជាជនគន្លឹះចងក្រងគ្នាហើយនាំអ្នកដែលមិនទាន់ពីស្ថានភាពផ្ទុកមេរោគអេដស៍មកធ្វើតេស្ត។ តាមគោលនយោបាយ ជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ប្រជាជនគន្លឹះមានតួនាទីសំខាន់។ ក្នុងនោះ យើងត្រូវគាំទ្រ និងជំរុញតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ និងតំណាងសហគមន៍ងាយរងគ្រោះ ឱ្យចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងយន្តការពាក់ព័ន្ធនឹងការឆ្លើយតបនឹងមេរោគអេដស៍នៅគ្រប់លំដាប់ថ្នាក់។នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងថា ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បងប្អូនប្រជាជនគន្លឹះមានតួនាទីសំខាន់ខ្លាំងណាស់ គឺគ្រប់ឋានុក្រមនៃយន្តការឆ្លើយតបនឹងជំងឺអេដស៍ មានន័យថានៅក្នុងគណៈកម្មាធិការអេដស៍ទាំងអស់ ត្រូវតែមានប្រជាជនគន្លឹះ ត្រូវតែមានតំណាងសង្គមស៊ីវិល ដែលធ្វើជាមួយជំងឺអេដស៍ ចាប់តាំងពីថ្នាក់ឃុំ សង្កាត់ ស្រុក ខេត្ត រហូតដល់អាជ្ញាធរអេដស៍ ជាពិសេសក្នុងកិច្ចប្រជុំ ក៏ត្រូវមានវត្តមានរបស់បងប្អូនប្រជាជនគន្លឹះ ព្រោះបងប្អូនប្រជាជនគន្លឹះជាអ្នកនាំព័ត៌មាន មកឲ្យមន្រី្តអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។សូមរំលឹកឡើងវិញថា ការប្រឹងប្រែងចូលរួមក្នុងឆ្លើយតបនឹងមេរោគអេដស៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីការរកឃើញមេរោគអេដស៍ជាលើកដំបូងនៅប្រទេសកម្ពុជានាឆ្នាំ១៩៩១ ដែលទាំងលើផ្នែកបង្ការ ការព្យាបាល និងគាំទ្រ ដែលរហូតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨។ ការសម្រេចបាននូវលទ្ធផលនេះ គឺដោយសារមានការយកចិត្តទុកដាក់ពីអតីតប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងគិតគូប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យបាននូវគោលដៅជាតិ ៩៥-៩៥-៩៥ ទាំងបីក្នុងឆ្នាំ២០២៥ ព្រមទាំងមានចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ អន្តរជាតិ និងសង្គមស៊ីវិល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងឈានទៅសម្រេចបានគោលនយោបាយជាតិ៖ ១)កាត់បន្ថយការចម្លងថ្មីតិចជាង ១នាក់ ឬប្រមាណជា ២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ ឱ្យនៅក្រោម ២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើង៕អត្ថបទ រដ្ឋា

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ជួយព្យាបាលទារិកាអាយុ ៨ខែម្នាក់

2024/08/28 03:08:36 pm        563
ដោយក្ដីមេត្តាករុណា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ ពិនិត្យ ព្យាបាល និងតាមដានទារិកា លី ធីតា អាយុ ៨ខែ មកពីខេត្តកំពត ដែលមានបញ្ហាឆែបក្រអូមមាត់ និងរាគរូសធ្ងន់ធ្ងរតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។បច្ចុប្បន្ន ទារិកាបានជាសះស្បើយពីជំងឺរាគរូសធ្ងន់ធ្ងរ ហើយត្រូវបានអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញ ដោយ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រ៉ាប់រងលើការចំណាយលើការព្យាបាលទាំងអស់ ។ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ៕

យុវជនមើលឃើញពីទឹកចិត្តស្នេហាជាតិ តាមការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

2024/08/28 03:04:50 pm        601
យុវជន បានបង្ហាញនូវក្ដីមោទកភាពជាពន់ពេក ចំពោះសម្ទុះនៃការចូលរួមរបស់ពលរដ្ឋខ្មែរជាច្រើន ក្នុងការបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម័្ពន្ធនៅតាមព្រំដែន។ ក្រុមយុវជនមើលឃើញថា សកម្មភាពនេះ បានបង្ហាញច្បាស់ពីទឹកចិត្តស្នេហាជាតិ របស់ប្រជាពលរដ្ឋខ្មែរ រួមគ្នាធ្វើដើម្បីផលប្រយោជន៍ជាតិជារួម។សម្រាប់យុវជន ជាសិស្សនិស្សិត មើលឃើញថា ចលនារបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបរិច្ចាគថវិកា ដើម្បីសាងសង់ហេដ្ឋារចនាសម័្ពន្ធនៅតាមព្រំដែន ជាចលនាបង្ហាញពីទឹកចិត្តស្នេហាជាតិ គិតពីប្រយោជន៍ជាតិជារួម ដោយម្នាក់ៗបរិច្ចាគថវិកាផ្ទាល់ខ្លួន តិចច្រើន តាមលទ្ធភាព។ ពួកគេយល់ថា ការស្ម័គ្រចិត្តបរិច្ចាគថវិកានេះ ក៏ដោយសារតែពលរដ្ឋមានជំនឿចិត្តលើរាជរដ្ឋាបាល និងចង់ឃើញហេដ្ឋារចនាសម័ន្ធនៅតាមព្រំដែនកាន់តែមានភាពប្រសើរ។ ក្នុងនាមជាយុវជន ពួកគេមានក្ដីមោទកភាពជាខ្លាំង នៅពេលដែលឃើញពីសាមគ្គីភាព ក៏ដូចជាទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ។សូមជម្រាបថា ក្រុមយុវជនក៏បានបង្ហាញចំណាប់អារម្មណ៍ត្រៀមខ្លួន ដើម្បីចូលរួមដំណើរកម្សាន្ត​ទៅ​ខេត្តភាគឦសានទាំង៤ ដើម្បី សិក្សាស្វែងយល់ពីភាពជាក់ស្ដែង​ នូវការរស់នៅរបស់ប្រជាពលរដ្ឋ បង្គោលព្រំដែន ​ហេដ្ឋារចនាសម្ព័ន្ធ និងភាពជាក់ស្ដែងនានា នៅក្នុងតំបន់ព្រំដែនផងដែរ៕អត្ថបទ.គឹមហុក 

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពាក់ព័ន្ធវិស័យកសិកម្ម ឱសថ និងឧស្សាហកម្មសត្វ បានបើក​ដំណើរការ​នៅកម្ពុជា

2024/08/28 03:00:51 pm        649
ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្មអន្តរជាតិ ដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យកសិកម្ម មកពី ១៣​ប្រទេស ដូចជា ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ និងវៀតណាមជាដើម ដើម្បីដាក់បង្ហាញផលិតផល និង​សេវាកម្មអភិវឌ្ឍន៍ជំនួញ ក្នុងវិស័យកសិកម្ម សម្រស់ ឱសថ និងឧស្សាហកម្មសត្វចិញ្ចឹម។ក្នុងពិធីបើកសម្ភោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការ​អញ្ជើញ​ចូល​រួម​ម​ក​ពី​សមាគម​សហព័ន្ធ​កសិករ​កម្ពុជា, សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា, សម្ព័ន្ធសហប្រតិបត្តិការ​កសិកម្ម​កម្ពុជា​, សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា, សមាគមអភិវឌ្ឍន៍​មន្ទីរ​ពិសោធ​ន៍​វេជ្ជ​សាស្រ្ត, សមាគមផលិតចំណីអាហារកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត នៅ​អគារ​កោះពេជ្រ ទីក្រុងភ្នំពេញ។លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន វៀរ (VEAS) នៅ​ក្រោយ​កម្មវិធីនេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រៅពីការដាក់តាំងផលិតផល និងបច្ចេក​វិទ្យា​នៅ​តាម​ស្តង់ ការតាំងពិព័រណ៍ឆ្នាំនេះ ក៏ទាក់ទាញភ្ញៀវទេសចរជំនាញ និងអង្គភាពទិញទំនិញ​ជាមួយ​នឹង​សកម្មភាពលេចធ្លោជាច្រើន។ បន្ថែមពីនេះ ក៏នឹងមានការៀបចំជាសិក្ខាសាលា ដឹកនាំដោយ​អ្នក​ជំនាញ​ឧស្សាហកម្ម ដែលបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយបំផុត និងនិន្នាការទីផ្សារ ដោយ​ផ្តល់​នូវ​ការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម។នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បាន​មាន​ប្រសាសន៍ថា នេះជាព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​រួមចំណែក​ក្នុងការជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺបានចូលរួម​ចំណែក​ជួយ​ការងារកសិកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការទំនាក់ទំនងពាណិជ្ជកម្ម និង​កសិកម្ម​ទាំង​ពង្រឹងកិច្ចសហការប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុកផងដែរ។ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចាត់ទុកព្រឹត្តិការណ៍នេះថា នឹង​ក្លាយ​ទៅ​ជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយ​បន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីបង្កើត​ឱកាស​អាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យា។ ឯកឧត្តម បានបន្ថែមថា ពិព័រណ៍នេះដែរ ក៏​នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយ ដើម្បីសម្រេច​បាន​នូវ​សកម្មភាព​អាជីវ​កម្ម​ជាក់​ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងទីកន្លែងមួយ ដើម្បីរួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​រីក​ចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ រយៈពេល៣ថ្ងៃនេះ ក៏នឹងមានការរៀបចំ​សិក្ខា​សាលា​​ស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​ព្រម​ទាំង​ការផ្គូរផ្គងអាជីវកម្ម(B2B Matchmaking) ដែល​អនុញ្ញាត​ឱ្យ​ពួក​គេជួប​ដៃគូ​ដែល​មាន​សក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្ត​សញ្ញាណ​អ្នក​ទិញ​សមរម្យ និង​កិច្ច​សន្យា​អាជីវកម្ម​៕ អត្ថបទ ឈិត បូរ៉ាវី

គ្រូ និងសិស្សត្រៀមទៅទស្សនាកម្សាន្តខេត្តភូមិភាគឦសាន ថ្ងៃឈប់សម្រាកវិស្សមកាលខែក្រោយនេះ

2024/08/28 02:09:22 pm        367
ក្នុងឱកាសថ្ងៃឈប់សម្រាកវិស្សមកាល រយៈពេលប្រមាណ១ខែ នៅខែក្រោយនេះ បណ្តាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួនធំបានដាក់ផែនការធ្វើដំណើរកម្សាន្ត ទៅកាន់គោលដៅទេសចរណ៍ចំនួន៤ខេត្តរួមមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តស្ទឹងត្រែង នៅខេត្តភូមិភាគឦសានប្រទេសកម្ពុជា។លោក ស្រី ស្រឿន នាយករងវិទ្យាល័យហ៊ុន សែន សេរីភាព បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែសីហានេះថា បច្ចុប្បន្នវិទ្យាល័យ ហ៊ុន សែន សេរីភាព មានសិស្សកំពុងសិក្សាប្រមាណជិត៥០០០នាក់។ តាមការឲ្យដឹងពីបណ្តាសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅថ្ងៃឈប់សម្រាកវិស្សមកាលខែក្រោយនេះ មានគ្រូ និងសិស្សានុសិស្សមួយចំនួនរៀបចំផែនការធ្វើដំណើរកម្សាន្តលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតរៀបចំដំណើរកម្សាន្តលក្ខណៈមិត្តរួមថ្នាក់ជុំគ្នា ទៅទស្សនាកម្សាន្តគោលដៅទេសចរណ៍ខេត្តភូមិភាគឦសាន្តប្រទេសកម្ពុជា។លោកថ្លែងថា នៅក្នុងឱកាសវិស្សមកាលឆ្នាំនេះដែរ ដោយសារប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានការៀបចំកម្មវិធីដំណើរកម្សាន្តទស្សនាតំបន់ព្រំដែនភូមិភាគឦសាន្ត ដោយមានផ្តល់រថយន្ត អាហារហូបដោយមិនគិតថ្លៃទៀត គឺមានលោកគ្រូ អ្នកគ្រូមួយចំនួនបានសម្រេចចិត្ត ត្រៀមខ្លួនទៅចុះឈ្មោះទទួលយកការធ្វើដំណើរកម្សាន្តនោះដែរ ហើយគ្រូខ្លះទៀត នឹងធ្វើដំណើរទៅទស្សនាកម្សាន្តលក្ខណៈគ្រួសាររបស់គេ។ដោយឡែកសម្រាប់សិស្សានុសិស្សវិញ ថ្លែងថា រៀងរាល់ឆ្នាំនៅពេលឈប់សម្រាកវិស្សមកាលគឺគេតែងតែមានផែនការធ្វើដំណើរកម្សាន្តទេសចរណ៍លក្ខណៈក្រុមគ្រួសារ ហើយវិស្សមកាលឆ្នាំនេះ គឺគេនឹងទៅទស្សនាខេត្តភូមិភាគឦសាន្តប្រទេសកម្ពុជា។ពាក់ព័ន្ធដំណើរកម្សាន្តនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជារឿយៗ បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់គ្នានាអញ្ជើញទៅទស្សនាបណ្តាខេត្តទាំងបួននៅភូមិភាគឦសានកម្ពុជា ថ្មីៗនេះទៀត ហើយជាការជំរុញលើកទឹកចិត្ត គឺសម្តេចធិបតី បានសម្រេចបង្កើតឱ្យ​មាន​កម្មវិធីដំណើរកម្សាន្តនៅតាមបណ្ដោយព្រំដែនដោយឥតគិតកម្រៃសេវា នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជំរុញឲ្យពលរដ្ឋទាំងអស់គ្នា បានទៅមើលពី​ទិដ្ឋភាព​ការអភិវឌ្ឍ​ជាក់ស្តែង ស្គាល់ទឹកដី ភូមិសាស្ត្រ នៅតំបន់ព្រំដែន ដែលស្ថិតដំណើរការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាលកម្ពុជាផង និងការអភិវឌ្ឍបំពេញបន្ថែមក្នុងក្របខណ្ឌ​សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អ្នកនាំពាក្យនាយករដ្ឋមន្រ្តី បដិសេធការផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Daily Khmer ចោទប្រកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថាជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនCIC Partners

2024/08/28 02:07:09 pm        360
ខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីប្រកាសបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌឹខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) បាន ផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដោយយោងសម្តីរបស់បុគ្គល គឹម សុខ ដែលតែងតែបានតាំងខ្លួនឯងថាជាអ្នកវិភាគ នយោបាយ។ពាក់ព័ន្ធនឹងព័ត៌មានមិនពិតខាងលើនេះ ច្រានចោល និងបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ ដែលបានចុះផ្សាយដោយសារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) មកលើ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមានការជាប់ពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់ បុគ្គល គឹម សុខ នោះទេ។ បន្ថែមពីនេះ គណៈកម្មការស្តាក្រុមហ៊ុន និងមូលនិធិនៃក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ី អាយ ស៊ី ផាតនើរ) ក៏បានចេញលិខិតបដិសេធ និងច្រានចោលព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) នេះ រួចហើយផងដែរ នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៤។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ក៏សូមបញ្ជាក់ផងដែរថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនដែលប្រើប្រាស់តួនាទីជាភរិយារបស់ សម្តេចធិបតី ដើម្បីគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណា ម្នាក់នោះឡើយ។ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាឧត្តមភរិយារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតែងតែ យកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម វប្បធម៌ និងសកម្មភាពមនុស្សធម៌ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាការអភិវឌ្ឍសង្គម។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា នេះពុំមែនជាលើកទី១នោះទេ ដែល បុគ្គល គឹម សុខ នេះ បានប្រឌិតព័ត៌មានមិនពិត និងបានចោទប្រកាន់ទាំងបំពានក្នុងចេតនាអាក្រក់បំផុត ដែល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកជំទាវបណ្ឌិត ក៏ដូចជា សម្តេចធិបតី និងក្រុមគ្រួសារ ដែលនេះជាទង្វើអសីលធម៌ និងថោកទាប បំផុតក្នុងនាមជាមនុស្ស។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌ និងថោកទាប បំផុតរបស់បុគ្គល គឹម សុខ ហើយបុគ្គលនេះត្រូវតែទទួលខុសចំពោះច្បាប់ជាធរមាននូវទង្វើរបស់ខ្លួន និងស្នើឱ្យ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវ៕

ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ ភាគីសហជីពស្នើសុំចំនួន ១៤ដុល្លារបន្ថែម នៃប្រាក់ឈ្នួលបច្ចុប្បន្ន

2024/08/28 01:48:09 pm        390
តំណាងកម្មករនិយោជិត ក្រុមមេដឹកនាំសហជីពបានឯកភាពគ្នាកំណត់តួលេខបឋមមួយ នៃប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសម្រាប់ឆ្នា២០២៥ ចំនួន ២១៨ដុល្លារអាម៉េរិក ដើម្បីត្រៀមចចារជាមួយភាគីនិយោជក នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២៤ស្អែកនេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថាថា ឆ្លងកាត់ការប្រជុំគ្នាបរយះពេលមួយព្រឹកពេញនៅថ្ងៃម្សិលមិញនេះ ក្រុមសហជីពបានឯកភាពគ្នាយកតួលេខចំនួន ១៤ដុល្លារ សម្រាប់បន្ថែមលើប្រាក់ឈ្នួលអប្បបរមាគោល ២០៤ដុល្លារ ហើយនេះគ្រាន់តែជាតួលេខដែលត្រូវជជែកពិភាក្សាគ្នាប៉ុណ្ណោះ ដើម្បីត្រៀមបង្ហាញបន្តក្នុងកិច្ចប្រជុំជាមួយភាគីនិយោជក។លោក បានឱ្យដឹងទៀតថា មកដល់ពេលនេះក្រុមសហជីពមានភាពចាស់ទុំច្រើនក្នុងការចចារ ព្រោះសុទ្ធតែជាអ្នកយល់អំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងជួបប្រទះ ដូច្នេះក្រុមសហជីពនឹងស្វែងយល់ ហើយនឹងមានតួលេខផ្សេងៗទៀតយកទៅជជែកពិភាក្សាបន្តបន្ទាប់ ដើម្បីរកឲ្យឃើញនូវតួលេខពិតប្រាកដដើម្បីឱ្យការជជែកគ្នាប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងរលូនប្រកបដោយបច្ចេកទេស និងផ្អែកតាមច្បាប់កំណត់ក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។លោក សំ សឿន បានសំណូមពរបន្ថែមទៅកាន់កម្មករនិយោជិត ធ្វើយ៉ាងណាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ហើយខិតខំស្វែងរកជំនាញបន្ថែម ដើម្បីអភិវឌ្ឍការងាររបស់ខ្លួនឯងឲ្យរីកចម្រើនថែមទៀតដើម្បីឈានទៅដល់ការទទួលប្រាក់ឈ្នួលកាន់តែប្រសើរឡើងនៅថ្ងៃអនាគត។ បន្ថែមពីនេះទៀត សូមឲ្យកម្មករនិយោជិត ធ្វើយ៉ាងណាចេះយោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមក ទាំងភាគីកម្មករនិយោជិត ក៏ដួចជាភាគីនិយោជក ពីព្រោះគ្រប់ភាគីទាំងអស់ ប្រៀបបីដូចជាដៃគូជីវិតក្នុងគ្រួសារផងដែរ ក្នុងការចាប់ដៃគ្នា ដើម្បីឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា។ ជុំវិញការបើកដំណើរការកិច្ចចរចាប្រាក់ឈ្នួលកម្មករនេះដែរ លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន ក៏ដូចជាកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានសង្ឃឹមទុកថា នឹងអាចកើនឡើងថែមទៀត ដោយសារការជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមកម្មករ បានឲ្យដឹងស្រដៀងគ្នាទៀតថា តាមរយៈការដឹកនាំរបស់នាយករដ្ឋមន្រ្តីអាណិត្តទី៧នេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួយឲ្យកម្មករទាំងអស់មានការងារធ្វើកាន់តែច្រើន ប្រាក់ខែខ្ពស់ និងការរស់នៅប្រកបដោយភាពសម្បូរសប្បាយក្រោមម្លប់សន្តិភាពទៅមុខបន្តទៀត។គួរបញ្ជាក់ថា ការតម្លើងប្រាក់ឈ្នួលអប្បបរមា ត្រូវឈរលើគោលការណ៍លក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ គ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ចំណុច ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង មានចំនួន ២០៤ដុល្លារអាមេរិក ក្នុងមួយខែៗ៕ អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជាគ្រោងដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍ទំនិញមុនមកដល់តាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែកញ្ញាតទៅ

2024/08/28 01:10:37 pm        487
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក https://asyhub.customs.gov.kh និងអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខតទៅ។ក្នុងសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័សនៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា អនុលោមតាមប្រកាសលេខ ១៤៤៧ សហវ ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ, ប្រកាសលេខ ៧៨៨ សហវ.ប្រក. អតរ ចុះថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីនីតិវិធីបំពេញបែបបទគយនេះពេលទំនិញមកដល់, ប្រកាសលេខ ១០០២ សហវ ប្រក. អគរ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ ព្រំដែន និងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក តាមរយៈតំណភ្ជាប់ខាងលើ។ ចំពោះប្រតិបត្តិករបញ្ញើឆាប់រហ័ស ដែលមិនទាន់រួចរាល់ ត្រូវប្រញាប់រួសរាន់រៀបចំ ចូលរួមអនុវត្តឱ្យបានត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើប្រតិបត្តិករបញ្ញើឆាប់រហ័ស អ្នកនាំចូល ជើងសាគយ និងភាគីពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM