ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ កំពុងកែទម្រង់លើនីតិវិធីផ្សេងៗ ដើម្បីប្រសិទ្ធភាពប្រមូលចំណូល

2024/08/28 12:59:18 pm        407
ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ កំពុងធ្វើការការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ ការបង្ករភាពងាយស្រួលជូនភ្ញៀវបន្ថែម និងបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលពីការ លក់បណ្ណ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី ៤ ដើម្បីពិនិត្យ និង ពិភាក្សាអំពីការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែ ប្រសើរឡើង ដោយក្នុងនោះកិច្ចប្រជុំបានសម្រេចនូវគោលការណ៍មួយចំនួនរួមមាន៖សម្រាប់បណ្ណទស្សនារយៈពេល១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែ កញ្ញា ឆ្នាំ២០២៤តទៅ។ សម្រាប់បណ្ណទស្សនារយៈពេល ៣ថ្ងៃ និង ៧ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណចូលទស្សនា រហូតដល់ចុងឆ្នាំ២០២៤ ។ ការកែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រក ចូលទាំង៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ ។ ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self-Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់ អេឡិចត្រូនិកផងដែរ។ក្រៅពីគោលការណ៍ខាងលើ, គ្រឹះស្ថានអង្គរត្រូវសិក្សាលើការការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយ ស្រួល ក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ ។ ការបង្កើតក្រុមការងារចម្រុះពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូល ទស្សនារមណីយដ្ឋាន អង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២៥តទៅ ។ជុំវិញបញ្ហាខាងលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ត្រូវបង្កើនការរៀបចំកែលម្អ បង្គន់អនាម័យក្នុងតំបន់រមណីយដ្ឋានអង្គរ ពង្រឹងប្រសិទ្ធ ភាពនៃការគ្រប់គ្រងការប្រមូលចំណូលពីការលក់បណ្ណ ពង្រឹងនីតិវិធីនៃការត្រួតពិនិត្យបណ្ណឱ្យបានកាន់តែល្អប្រសើរ និងបង្ករភាព ងាយស្រួលជូនភ្ញៀវបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋ និងឯកជន រួមគ្នាដោះស្រាយលើផ្នែកកម្មន្តសាល ដើម្បីជំរុញភាពរីកចម្រើនក្នុងវិស័យនេះ

2024/08/28 12:50:13 pm        407
រដ្ឋ និងវិស័យឯកជន រៀបចំកិច្ចប្រជុំភាពជាដៃគូ លើផ្នែកកម្មន្តសាល​សហគ្រាស​ធុន​តូច និង​មធ្យម និងសេវា ដើម្បីពិភាក្សា ដោះ ស្រាយបញ្ហាប្រឈម និងសំណូមពរ​របស់​វិស័យ​ឯកជន​នៅ​ក្នុង​សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញអភិវឌ្ឍន៍ការរីកចម្រើន ក្នុងវិស័យនេះ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​សហ​ប្រធាន​ក្រុមការងារ "គ" និងឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហ​ប្រធាន​ក្រុមកា​រងារ "គ" តំណាងវិស័យឯកជន នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ នេះ បាន​បើក​​កិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និង​សេវា នៃវេទិការាជរដ្ឋាភិបាលកម្ពុជា ផ្នែកឯកជន រួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរ​របស់​វិស័យ​ឯកជននៅក្នុងសហគ្រាស ធុនតូច និងមធ្យម ដើម្បីប្រមូលធាតុចូល និងបញ្ហា​ប្រឈម​នានារបស់ផ្នែកឯកជន។ចំពោះបញ្ហាដែលលើកយកពិភាក្សា និងដោះស្រាយរួមមាន៖ ផលពិបាកក្នុងការទទួល​បាន​ហិរញ្ញ​ប្ប​ទាន​សម្រាប់ពង្រីក ឬ បើកអាជីវកម្មថ្មីបន្ថែម, បញ្ហាថាមពល, បញ្ហាប្រឈមក្នុង​ផលិត​កម្មអំ​បិល​, កង្វះការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងស្ថាប័ន សាធារណៈ, សំណើរ​សុំ​ឱ្យ​កម្ពុជា​ចូល​ជាមសមាជិក ISO Member Bodies, ការក្លែងបន្លំប្រភព​ដើម​នៃ​ផលិតផល​ដើម្បី​នាំ​ចេញ,​ បញ្ហាប្រកួតប្រជែងមិនស្មើភាព, ការរុញផលិតផលចូលជាទីផ្សារ, ការបង់ពន្ធ, ការចុះ (ចបផ) និងការលើកទឹកចិត្តឱ្យពង្រីកពីសហ គ្រាសធុនតូច ទៅជាមធ្យម និងទៅ​ជា​ក្រុមហ៊ុន​ជាដើម​។សូមបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ត្រូវ​បានរៀបចំ​ឡើង​បន្ទាប់​ពី​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមាន​សន្តិភាព, ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ជាក់ស្តែង​ការ​រៀបចំ​កិច្ច​ប្រជុំ​ភាព​ជាដៃគូ​ក្រុម​ការងារ​ "គ" ផ្នែកកម្មន្តសាល នេះជាកិច្ចប្រជុំលើកទី១ ស្ថិតក្រោមយន្តការ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន ដើម្បីដោះស្រាយលើបញ្ហាប្រឈម និងសំណូមពរនានាក្នុងវិស័យឯកជនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបឯកឧត្តម លី កាន់ជៀ ផ្លាស់ប្តូរបទពិសោធន៍ការងារ និង​ស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ

2024/08/28 12:40:29 pm        408
ដោយឈរលើស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រ​កម្ពុជា និងក្រសួងចាត់តាំង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារ ជាមួយ ឯកឧត្តម លី កាន់ជៀ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរបទពិសោធការងារ និងស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលស្ថិតក្រោមវិសាលភាពការងាររបស់ស្ថាប័នទាំងពីរ ព្រមទាំងព័ត៌មានជុំវិញប្រធានបទពាក់ព័ន្ធនឹងប្រព័ន្ធរដ្ឋបាលសាធារណៈ នៃប្រទេសទាំងពីរ។ កន្លងមកនេះ ក្រសួងមុខងារសាធារណៈ បានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមុខងារសាធារណៈជាតិចិន ដែលជាស្ថាប័នចំណុះក្រសួងចាត់តាំង ដោយបានចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ ហើយក៏បានបន្តអនុវត្តអនុស្សារណៈនេះ តាមរយៈការផ្លាស់ប្តូរជំនួបរវាងថ្នាក់ដឹកនាំស្ថាប័ន ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍន៍សមត្ថភាពធនធានកម្ពុជា ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ជាដើម។ក្នុងអាណត្តិទី៧ នេះ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ថ្នាក់ដឹកនាំបច្ចេកទេសរវាងស្ថាប័នទាំងពីរ ព្រមទាំងការគាំទ្រ និងជំរុញពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នទាំងពីរបានពង្រីកកិច្ចសហការមួយកម្រិតបន្ថែមទៀត ដោយការចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតសភា ភាពជាអ្នកដឹកនាំចិនភូតុង ដែលមានគោលបំណង ក្នុងការកំណត់នូវវិស័យទម្រង់ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអប់រំស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។ ពិធីចុះហត្ថលេខាលើអនុស្សារណៈ នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម លី កាន់ជៀ រដ្ឋមន្ត្រីក្រសួងចាត់តាំង នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជំនួបសំណេះសំណាល ពិភាក្សាការងារ បានបញ្ចប់។

កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទបាន២ករណីផ្សេងគ្នា

2024/08/28 12:36:09 pm        73
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងខណ្ឌរដ្ឋបាលជលផល​កំពង់ឆ្នាំង ចេញ​បង្ក្រាប​បទល្មើសនេសាទ២ករណីផ្សេងគ្នា គឺរបាំងសាច់អួន១ករណី ស្ថិតក្នុងស្រុកកំពង់លែង និង​របាំងបិទភ្ជិតព្រែក១ករណី ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា បើទោះជាមាន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពីជលផលញឹកញាប់ទៅដល់ប្រជានេសាទ និងការបង្ក្រាប​ជា​ញឹកញាប់​ពី​កម្លាំង​ខណ្ឌ​រដ្ឋបាលជលផលក្តី តែជនខិលខូចនៅតែឆ្លៀតឱកាសក្នុងរដូវបិទនេសាទនេះ ដាក់នូវ​ឧបករណ៍​ល្មើសច្បាប់ដូចជារបាំងស្បៃមុង និងរបាំងបិតភ្ជិតព្រែក ដែលឧបករណ៍​ទាំង​២​ខាង​លើ​នេះ ធ្វើអោយវិនាសពូជមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សង្កាត់រដ្ឋបាលជលផលជលចុងកោះ ដឹកនាំដោយ លោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងចូលរួមសរុបចំនួន ០៨នាក់ មធ្យោបាយម៉ាឡាស្មាច់ ០២គ្រឿង បានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរបាំងលូស្បៃមុង នៅចំណុចទំនប់តាម៉េវ និងចំណុចក្រោយភូមិដូនវៀត ភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បន្ទាប់​មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងចោលនូវហ្នឹងកន្លែង។ វត្ថុតាងមានរបាំងស្បៃមុងចំនួន០៧កន្លែង ប្រវែង ២៨០ម លូស្បៃមុងចំនួន ០៧គ្រឿង បង្គោលចំនួន១៩០ដើម និងត្រីចំរុះចាក់លែងក្នុងដែននេសាទ ចំនួន ២០ គក្រ។ដោយឡែកក្រុមសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលរលាប្អៀរ បាន​រួម​សហការជាមួយអាជ្ញាធរឃុំគោគបន្ទាយប៉ុស្តិ៍នរគបាលរដ្ឋបាលគោគបន្ទាយ មធ្យោបាយ​ម៉ូតូ​ចំនួន០៨គ្រឿង កំលាំងសរុបចំនួន១៨នាក់ បាន​ចុះ​ប្រត្តិបតិការ​បង្ក្រាបបទ​ល្មើស​នេសា​ទ​ក្នុង​ភូមិ​សាស្ត្រ​ឃុំគោគបន្ទាយប្រទះឃើញការធ្វើនេសាទដោយ​ប្រើឧបករណ៍លបរួមផ្សំរបាំង​ព្រួល​កាត់​ភ្ជិត​ព្រែកនៅចំណុចព្រែករំលិច ភូមិកន្លែងភេ ឃុំគោគបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីពិនិត្យជាក់ស្តែងសមត្ថកិច្ចចម្រុះយើងបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង ។ វត្ថុតាងមាន របាំងកាត់ភ្ជិតព្រែកចំនួន០៣កន្លែង ប្រវែង១៥ម៉ែត្រ ព្រួលចំនួន១០ផែន បង្គោលចំនួន៦០ដើម លបចំនួន៩គ្រឿង។សូមបញ្ជាក់ជូនថា របាំងបិតភ្ជិតព្រែកនេះ កើតមានឡើងច្រើននៅក្នុងភូមិកន្លែងភេ និងភូមិ​ផ្សេងៗ​ទៀតចំណុះអោយភូមិកន្លែងភេជាច្រើនឆ្នាំមកហើយ ដែលមិន​អាច​អោយ​មាន​ត្រី​ចូល​ទៅ​ពង​កូន​បាននៅក្នុងរដូវបិទនេសាទ និងរដូវបើកនេសាទ ជនល្មើសបានដាក់បិទភ្ជិតព្រែកម្តងទៀត មិនមានត្រី១ក្បាលណាចេញរួចពីបឹងចូលទន្លេវិញទេ៕ កាំង ហុងវាស្នា

ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពកំពង់ផែពហុបំណង និងមណ្ឌល​ភស្តុភារកម្ម​កំពង់ឆ្នាំង និងពិនិត្យស្ថានភាពផ្លូវជាតិលេខ50C ព្រមទាំងស្វែងយល់​ឧស្សាហកម្ម​កៅស៊ូ​នៅព្រះវិហារ

2024/08/28 11:16:00 am        408
នាថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីថ្នាក់ដឹ​ក​នាំសំ​ខាន់ៗ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមាន​ការទ​ទួល​ស្វាគមន៍​ដោយ​តំណាំង​កំពង់​ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានចុះពិនិត្យវឌ្ឍនភាព​កំពង់​ផែ​ពហុ​បំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលជាកន្លែង​លើក​ដាក់​ទំនិញ​មួយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជាឆ្លងកាត់តាមផ្លូវទឹក ហើយកំពុងសាងសង់នៅហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ជា​ច្រើន​ទៀត​។ បើតាមការឲ្យដឹងពីក្រុមហ៊ុន កន្លែងនេះនឹងក្លាយ​ទៅ​ជា​តំបន់សេដ្ឋកិច្ច​ពិសេស​ដល់​សំខាន់​នៅ​ក្នុង​ទឹកដីនៃខេត្តកំពង់ឆ្នាំងដែលនឹង​រួម​ចំណែក​ក្នុងការ​ជំរុ​ញវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​កាន់តែល្អប្រសើរបន្ថែមទៀត។ ដោយឡែកសម្រាប់ផ្លូវជាតិលេខ50C គឺជាផ្លូវដែលមានសារៈសំខាន់ក្នុងការតភ្ជាប់ពីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ កំណាត់ផ្លូវជាតិលេខ50C ជាគមនាគមន៍មួយដ៏សំខាន់ដែលត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនកសាងឡើងដើម្បីតភ្ជាប់ខេត្តទាំងពីរនេះ។ ផ្លូវនេះជាផ្លូវអាទិភាពដ៏សំខាន់ក្នុងឆ្នាំ២០២៤ នេះ ដែលរាជរដ្ឋាភិបាល និងត្រូវស្ថាបនាឲ្យប្រសើរឡើងបន្ថែមទៀតនាពេលខាងមុខ។ បន្ទាប់មកនៅថ្ងៃដដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តដំណើរដឹកនាំក្រុមការងារក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជាក៏ដូចជាក្រសួងសាធារណការ និងទឹកជញ្ជូន ក៏បានបន្តអញ្ជើញទៅទស្សនកិច្ចស្វែងយល់អំពីសក្តាពល និងការវិនិយោគដំណាំកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច ដែលស្ថិតនៅក្នុងខេត្តព្រះវិហារនេះ។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងវិនិយោគលើដំណាំកៅស៊ូលក្ខណៈទ្រង់ទ្រាយធំព្រមទាំងមានរោងចក្រកែច្នៃកៅស៊ូផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្វែងយល់ និងមានការស្ដាប់ដោយយកចិត្តទុកដាក់ពីការពន្យល់រៀបរាប់ពីដំណើរការនិងវឌ្ឍនភាពរបស់ក្រុមហ៊ុនដែលបាននឹងកំពុងចូលរួមចំណែកដល់សកម្មក្នុងការជំរុញវិស័យកសិកម្ម កសិឧស្សាហកម្មរបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានេះ នៅថ្ងៃនោះផងដែរ តបតាមការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើតជាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កម្មករក្រុមហ៊ុនចំការកៅស៊ូប្រមាណ 1,100 នាក់បានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនម្នាក់៥ម៉ឺនរៀល ដើម្បីចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះបុគ្គលិក កម្មករចំការកៅស៊ូទាំងអស់ដែលមានទឹកចិត្តក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួបរួមសាមគ្គីស្រឡាញ់ជាតិទឹកដី និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក នៅអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

2024/08/28 10:52:55 am        359
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បាន​អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox), កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។គោលបំណងនៃការចុះត្រួតពិនិត្យ៖- ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នកដំណើរទាំងអស់។ - ពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញ-ចូលទាំងអស់។ - ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ក របស់ក្រសួងសុខាភិបាល នឹងចាត់​ចែង​អនុវត្ត​តាម​គោលការណ៍​ណែនាំក្នុងការទប់ស្កាត់ នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។ - ក្រុមការងារបានឯកភាពបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំ តំទ្បើងរូបភាព សារជាវីដេអូ​សំខាន់​ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox)។នាឱកាសចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) មានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម​តំណាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា តំណាងក្រុមហ៊ុនបារាំង និងសហការី តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) ព្រម​ទាំង​ក្រុម​ការងារចត្តាទ្បីស័ក ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីពាក់ព័ន្ធទាំងអស់៕ អត្ថបទ រដ្ឋា

កម្ពុជា និងអាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាពិសេស​លើវិស័យបរិស្ថាន

2024/08/28 10:47:58 am        309
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ​២០២៤ បានទទួលជួប ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយប្រទេសវៀតណាម។  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Shovgi Mehdizada បានគូសបញ្ជាក់ពីការប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យបានកាន់តែរីកចម្រើនថែមទៀត ដោយក្នុងនោះមានកិច្ចសហប្រតិបត្តិការ មួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងការអញ្ជើញប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃក្របខ័ណ្ឌ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នាជាដើម។  ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំ UNFCCC (COP 29) ព្រមទាំងស្នើសុំការអនុញ្ញាតពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារលើវិស័យបរិស្ថាន ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននិងធនធានធម្មជាតិ អាស៊ែបៃហ្សង់ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានទទួលស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដើម្បីពង្រឹងនិងពង្រីកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ រវាងប្រទេសទាំងពីរកម្ពុជា-អាស៊ែបៃហ្សង់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីប្រទេសកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្ម ជាមួយពិភពលោក ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា ពីការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានបានដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមជាមួយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបង្ហាញពិភពលោកអំពីសុខសន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។សូមបញ្ជាក់ ឆ្នាំ២០២៤ គឺខួបអនុស្សាវរីយ៍រយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ប្រទេស Azerbaijan នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសិទលើកទី 29 នៃភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ៕

ចលនាមហាជនបន្តបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងផុលផុស ដើម្បីកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន

2024/08/28 10:09:38 am        398
បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីបានបន្តចូលរួមបរិច្ចាគថវិកាយ៉ាងផុលផុសជាមួយរាជរដ្ឋាភិបាល​ជាបន្តបន្ទាប់ក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ» ដើម្បីជា​ការរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​លើក​ស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។តាមរយៈសារបង្ហោះតាមបណ្តាញសង្គមហ្វេសបុក និងតេឡេក្រាមនាថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៤​​នេះ បងប្អូនប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទំាងអស់បានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងប្រកាសគំាទ្រ​យ៉ាង​ពេញ​ទំហឹង ​ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបង្កើត​នូវ​«មូល​និធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» ដោយការបង្កើតនេះគឺជា​ឱកាស​មួយ​ទៀត​សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ប្រជាពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្ត និងប្រកបមុខរបររកស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​កាន់តែគគ្រឹកគគ្រេងបន្ថែមទៀតនោះ។សូមបញ្ជាក់ថា រាជារដ្ឋាភិបាល បាន​សម្រេច​បង្កើត​«មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​» ក្នុងគោលបំណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​តាម​បណ្តោយព្រំដែន ដោយកម្មវិធីមូល​និធិ​នេះ​ក៏​ជា​ការ​ផ្តល់​ឱកាស​ឲ្យបង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាល​នៅ​ក្នុង​បុព្វ​ហេតុ​ការពារ និងអភិវឌ្ឍន ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិប​តេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​បាន​កាន់​តែ​រឹង​មាំ និងប្រកបដោយចីរភាពជាដើម។ទាក់ទងនឹង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីបានថ្លែងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបានផ្តួច​ផ្តើម​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះ បានឃើញនូវស្មារតីសាមគ្គី​ការពារ​ជាតិ​ពិត​ប្រាកដ​ពី​សំណាក់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយសម្តេចតេជោ ក៏បានអំពាវនាវ​ដល់​បង​ប្អូន​រួម​ជាតិ​ទាំងអស់បន្តចូលរួមឲ្យបាន គ្រប់ៗគ្នាបើទោះបីតិច ឬក៏ច្រើនក្តីនោះ។តាមរយៈ​ហ្វេសបុកកាលពីយប់មិញសម្តេចប្រមុខរដ្ឋស្តីទី បានសង្កត់​ធ្ងន់​ថា​«តាម​រយៈ​មូល​និធិ​នេះ​យើង​នឹង​ឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដ​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រជាជាតិយើង​ពិសេស​យើង​នឹងអាចដឹងបានថាអ្នកចោទប្រកាន់ថា យើងកាត់៤ខេត្តឬ​ច្រើន​ជាង​នេះ​ទៅ​ឲ្យ​វៀតណា​ម​តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាច​បាត់​ដីមែន​វាជាពេល​វេលាល្អ​សម្រាប់​ការចូ​ល​រួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការ​កសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិ​ថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជន​ដែលគ្មាន​ដី​ទៅរស់​នៅ និង​តាំងទីលំនៅទីនោះ។ ការរំពឹងទុក​ប្រជាជន​ដែល​គ្មាន​ដី​ និង​ទទួល​បាន​ដីស​ម្រាប់​បង្កប​ង្កើន​ផល​ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជា​ង​នេះ​ទៅ​ទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវ​បាន​ពង្រឹង​តាមរយៈ​ប្រជាជន​ដែល​នៅ​តាម​ព្រំដែន​ដែល​ជា​ព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬ​ដែកច្រើ​ន​ជាន់​ និង​ល្អជាង​ការ​ពង្រាយ​កង​ទ័ព និង​អាវុធ​ដើម្បីការពារទៅទៀត»។ តាមរយៈហ្វេសបុក និងតេលេក្រាមនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ​ដល់​ជន​រួម​ជាតិ​ចូល​រួមនូវមូលនិធិនេះបន្តទៀតផងដែរ បើទោះតិចក្តីច្រើនក្តី ហើយសម្តេចក៏​បាន​ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​ជួយពិនិត្យមើល អ្នកចោទប្រកាន់រាជរដ្ឋាភិបាលជារឿយៗនោះថា បានចូល​រួម​មូល​និធិនេះដែរឬទេ?។សម្តេចបានចំអកឲ្យក្រុមអគតិទាំងនោះថា «នេះមិនមែ​ន​ជា​ការ​ដេញ​ទាន់​ជាន់​កែង​ទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»៕ អត្ថបទ​ បាន ចក់

ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថាខ្មែរ​រួបរួម​គ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងចង់ឃើញ​ប្រទេសជាតិ​​រីកចម្រើន

2024/08/28 09:56:37 am        419
ឯកឧត្តម​ ឧបនាយរដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខ​ងារ​សាធារណៈ​បានបញ្ជាក់ថា​ ចលនា​មហា​សាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែរ​រួប​រួម​គ្នា​ជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់​ទឹកដី និងចង់ឃើញ​អនាគត​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​។ តាមរយៈហ្វេសប៊ុក​ផ្លូវការនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម​ ឧបនាយរដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី បានចូលរួមអបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យ​នៃ​យុទ្ធនាការ​កៀរគរ​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ខ្សែ​បន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា។ ឯកឧត្តម​ ឧបនាយរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ សន្ទុះ នៃ​ការ​គាំទ្រ ទាំងស្មារតី និងសម្ភារបានផ្ទុះឡើងយ៉ាងខ្លាំងក្លា។ បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិន​ថា​អ្នក​នៅ​ក្នុង​ប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់​លោក​យាយ​លោក​​តា​ចាស់​ព្រឹទ្ធាចារ្យសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី។​ឯកឧត្ដមបន្តថា ចលនា​មហា​សាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែរ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ​ស្រលាញ់ជាតិ ស្រលាញ់​ទឹកដី និងចង់ឃើញ​អនាគត​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​។ម្យ៉ាងទៀត​ការចូលរួមចលនាជាតិដ៏មានសារៈសំខាន់មួយនេះក៏ជាការបញ្ជាក់សារជាថ្មីម្តងទៀតថា ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោតគាំទ្ររាជរដ្ឋាភិបាល ដែលខ្លួនបានផ្តល់សេចក្តី​ទុក​ចិត្ត​តាម​រយៈ​ការ​បោះឆ្នោត និងបានផ្តល់ក្តីសង្ឃឹម ១០០% មកលើរាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សុភមង្គល។ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានបន្តថា​ នៅចំពោះទឹកចិត្ត និងស្មារតីសាមគ្គីភាព​ដ៏ក្លៀវក្លា​របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទីនេះ ឯកឧត្ដម​ពិតជាមានសុទិដ្ឋិនិយមខ្ពស់​ចំពោះ​ការ​កសាង​ជាតិ​ក្រោម​ការ​ដឹក​នាំរ​បស់គណបក្សប្រជាជនកម្ពុជា។ ភស្តុតាងប្រវត្តិសាស្រ្តទាំងអស់​បាន​ឆ្លុះប​ញ្ចាំង​តាម​រយៈ​សមិទ្ធផល​ដែលមានជាក់ស្តែង និងដែលយើងបាន និងកំពុងអាស្រ័យផល នោះគឺ​សុខសន្តិភាព និងការអភិវឌ្ឍនេះឯង៕

កម្ពុជាស្នើឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស និងចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

2024/08/28 09:37:21 am        412
តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ក្នុងខណះជួបពិភាក្សាទ្វេភាគីជាមួយ លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី នាថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យប្រទេសហ្សកហ្ស៊ី​ចូលរួមជា​រដ្ឋភាគី​ នៃ​អនុ​សញ្ញា​ហាម​ប្រាម​មីន​ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលហ្សកហ្ស៊ីបានក្លាយ​ជា​រដ្ឋភាគី នៃ​អនុ​សញ្ញា​ស្តីពី​គ្រាប់ បែកចង្កោម(CCM) រួចហើយ។ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​វិស័យសកម្មភាពមីន និងបានលើកឡើងពីអត្ថប្រយោជន៍ នៃការចូលរួមជាមួយ​អនុ​សញ្ញា​អូតាវ៉ា ព្រមទាំងបានថ្លែង អំណរគុណចំពោះការគាំទ្ររបស់ហ្សកហ្ស៊ី មកលើអនុ សញ្ញានេះ​រយៈ​ពេល​ជាច្រើនឆ្នាំ ជាពិសេសការបោះឆ្នោត​ជាប់លាប់​ក្នុង​ការ​គាំទ្រ​ដ​ល់​ការអនុវត្ត​អនុ​សញ្ញា​អូតាវ៉ា​។ ជាមួយគ្នានោះ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជំរុញឱ្យប្រទេសហ្សកហ្ស៊ីពិចារណាការ​ចូលរួមជា​រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រ​ម​ទាំង​បានអញ្ជើញគណៈប្រតិភូប្រទេសហ្សកហ្ស៊ី​ឱ្យចូល​រួម​ក្នុង​កិច្ចប្រជុំពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី​ពិភព​លោក​មួយ​ដែល​គ្មាន​មីន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ជាងនេះទៅទៀត ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើសុំឱ្យហ្សកហ្ស៊ីបន្តចូលរួមក្នុង​សកម្មភាព​សំខាន់ៗមួយ ចំនួនមុនពេលចូលជារដ្ឋភាគី រួមមាន: ការចូលរួមសកម្ម ភាពមីន​មនុស្ស​ធម៌ បន្តគាំទ្រអនុសញ្ញាតាមរយៈការបោះ ឆ្នោត ការចូលរួមក្នុងព្រឹត្តិការណ៍សន្និបាត និង​ការ​ចូល​រួម​ក្នុង​កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត។ជាការឆ្លើយ​តប លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី បាន​កោតសរសើរចំពោះភាពដឹកនាំជាប្រធានរបស់កម្ពុជា និងជាម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។ ចំពោះករណី​ស្នើ​សុំ​ឱ្យ​ប្រទេស​ហ្សក​ហ្ស៊ី​ចូល​រួម​ជា​រដ្ឋភាគី នៃ​អនុសញ្ញាអូតាវ៉ានោះ ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ី បានទទួលស្គាល់ និងនាំយកសំណើនេះ​ទៅកា​ន់​រដ្ឋាភិបាលនៃប្រទេសហ្សកហ្ស៊ី ដើម្បីពិនិត្យនិងពិចារណា។ ឯកអគ្គរដ្ឋទូត បានបង្ហាញ​ក្តី​សង្ឃឹម​សម្រាប់​ការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលហ្សកហ្ស៊ីចំពោះសមាជិកភាពនៃអនុ សញ្ញា​អូតាវ៉ា និងបានស្នើឱ្យមានការទំនាក់ទំនងផ្លូវការ និងការ​អញ្ជើញ​ផ្លូវការមក​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​របស់ខ្លួន និងរដ្ឋាភិបាលហ្សកហ្ស៊ី ៕ អត្ថបទ.ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM