ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

កម្មវិធីអបអរសាទរសមិទ្ធផលការងារ១ឆ្នាំ របស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

2024/08/28 08:46:00 am        285
ថ្ងៃអង្គារ ៨ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីអបអរសាទរសមិទ្ធផលការងារ១ឆ្នាំរបស់ក្រសួងអធិការកិច្ច ដោយក្នុងនាមជាអធិការកិច្ចរាជរដ្ឋាភិបាល និងជាសេនាធិការផ្ទាល់ជូនប្រមុខរាជរដ្ឋាភិបាល ក្រសួងអធិការកិច្ចសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ក្នុងរយៈពេល១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ទីប្រឹក្សា លោក លោកស្រីប្រធានមន្ទីររាជធានី ខេត្ត ទាំង២៥ និវត្តន៍ជន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សរុបប្រមាណចំនួន ៥០០នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពថ្លែងនូវការដឹងគុណូបការៈ និងសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចធិបតីនាយករដ្ឋមន្ត្រី, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះការផ្តល់នូវជំនឿទុកចិត្ត ផ្តល់ឱកាសជូនឯកឧត្តម បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិកម្ពុជា សំដៅចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងបង្កើនភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ជូនចំពោះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមគិត ចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ និងចូលរួមលះបង់សព្វគ្រប់បែបយ៉ាង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីដោយមិនខ្លាចនឿយហត់ និងនៅពេលខ្លះបានលះបង់ធនធានថវិកា និងសម្ភារៈផ្ទាល់ខ្លួនថែមទៀតផង។ដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់របស់ក្រសួង សមិទ្ធផលនៅតាមផ្នែកនីមួយៗ និងក្នុងក្របខ័ណ្ឌក្រសួងទាំងមូល កើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, មន្ត្រីម្នាក់ៗចូលរួមអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឈរលើស្មារតីសកម្ម បុរេសកម្ម និងអន្តរសកម្ម ព្រមទាំងមានការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការងារជាប់ជាប្រចាំ។ក្នុងឱកាសដ៏អធិកអធមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ នៅថ្នាក់ជាតិ និងក្រោមជាតិ ដែលបានជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេស ការគាំទ្រការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ, កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងគំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រឆាំងដាច់ខាតចំពោះរាល់ការប៉ុងប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ព្រមទាំងក្រុមគ្រួសារ គាំទ្រ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា មិនថាតិចក្តី ឬ ច្រើនក្តី នឹងបង្ហាញពីស្មារតីជាតិនិយម និងមហាសាមគ្គីជាតិខ្មែរ ព្រមទាំងជាឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់មជ្ឈដ្ឋាន បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិរបស់យើង សំដៅថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ទស្សនៈសង្គម៖ មូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន​ទទួលបានការគាំទ្រ​ដែលមិនធ្លាប់មានពីមុនមក

2024/08/28 08:08:33 am        455
"មូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន" ដែលត្រូវបានស្នើឡើងថ្មីៗ បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការគាំទ្រ ដោយទទួលបានមតិយោបល់ពីប្រជាពលរដ្ឋជាង ១លាននាក់ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងបន្ទាប់ពីការប្រកាសរបស់ខ្លួន។ ការឆ្លើយតបដ៏គួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃមោទនភាពជាតិ និង​ទំនុក​ចិត្ត​លើ​ការ​ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការការពារ​ផល​ប្រយោជន៍​ជាតិ។គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ដែលជារឿយៗត្រូវបានកំណត់លក្ខណៈដោយសម្ភារៈបរិក្ខារដែលមិនបានរក្សាទុក និងលទ្ធភាពប្រើប្រាស់ធនធានមានកម្រិត។ក្រុមអ្នកគាំទ្របានសម្តែងនូវអារម្មណ៍ជាតិនិយមយ៉ាងខ្លាំង ដោយលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទាំងនេះមិនត្រឹមតែលើកកំពស់ជីវភាពសម្រាប់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងបូរណភាពទឹកដីរបស់កម្ពុជា។ ប្រជាពលរដ្ឋជឿជាក់ថា ការវិនិយោគដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនមានសារៈសំខាន់ណាស់ក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពសេដ្ឋកិច្ច។ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងយ៉ាងឆាប់រហ័សនៃភាពសាទរចំពោះមូលនិធិហេដ្ឋារចនាសម្ព័ន្ធក៏បានជំរុញឱ្យមានការពិភាក្សាទាក់ទងនឹងមនោសញ្ចេតនានយោបាយដ៏ទូលំទូលាយផងដែរ។ ការស្ទង់មតិនាពេលថ្មីៗនេះបានគូសបញ្ជាក់ពីប្រតិកម្មយ៉ាងសំខាន់ប្រឆាំងនឹងរដ្ឋាភិបាល ដោយបង្កើនការព្រួយបារម្ភអំពីទំនុកចិត្ត និងការរំពឹងទុករបស់សាធារណជន។ខណៈពេលដែលរដ្ឋាភិបាលបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ និងវឌ្ឍនភាព ការភ្ជាប់គ្នានៃការគាំទ្រដ៏រឹងមាំសម្រាប់គំនិតផ្តួចផ្តើមថ្មីៗ រួមជាមួយនឹងការសង្ស័យអំពីអភិបាលកិច្ចបង្ហាញពីទិដ្ឋភាពដ៏ស្មុគស្មាញមួយ។ ជាការឆ្លើយតប មន្ត្រីរដ្ឋាភិបាល រួមទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញនូវការយកចិត្តទុកដាក់ចំពោះការអនុវត្តប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ពួកគេសង្កត់ធ្ងន់ថាគំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើងដើម្បីដោះស្រាយដោយផ្ទាល់នូវតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ភាពធន់របស់ជាតិទាំងមូល។នៅពេលដែលផែនការផ្តល់មូលនិធិត្រូវបានលាតត្រដាង វានឹងមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងការចូលរួមជាមួយសហគមន៍ ដោយធានាថាគម្រោងឆ្លុះបញ្ចាំងពីសំឡេង និងតម្រូវការរបស់ប្រជាជននៅតាមតំបន់ព្រំដែន។ វិធីសាស្រ្តសកម្មនេះមិនត្រឹមតែអាចជំរុញការគាំទ្រពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក្នុងរបៀបមួយដែលឆ្លើយតបនឹងប្រជាជនកម្ពុជាទាំងអស់។ សរុបសេចក្តីការឆ្លើយតបដ៏លើសលប់ចំពោះមូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន បង្ហាញពីក្តីសង្ឃឹម និងក្តីបារម្ភដ៏ខ្លាំងក្លាក្នុងចំណោមប្រជាជន។ ឆ្ពោះទៅមុខ វានឹងមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងការរក្សាទំនាក់ទំនងបើកចំហរជាមួយប្រជាពលរដ្ឋរបស់ខ្លួន និងសម្របខ្លួនទៅនឹងមនោសញ្ចេតនាដែលបានបង្ហាញតាមរយៈការកើនឡើងនៃការគាំទ្រនេះ៕

គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្ររហូតដល់ជាង១លាននាក់

2024/08/27 11:40:56 pm        184
ភ្នំពេញ ÷ គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង១លាននាក់ហើយ។ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ក៏មានការកសាងសាលានៅតាមតំបន់ព្រំដែនផងដែរ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ បានបង្ហោះសារមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ សម្តេចចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមសំណូមពរប្រជាជន ដែលសម្តេចតេជោបានសង្កេតឃើញថា ក្រោយការប្រកាសបង្កើតនេះ គឺមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស។សម្តេចបានលើកឡើងថា «តាមរយៈមូលនិធិនេះយើងនឹងឃើញនូវ ស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួម របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។សម្តេចបានបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។សម្តេចតេជោ បានអំពាវនាវឱ្យជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់បានចូលរួមឬទេ? សម្តេចបានបន្តថា៖ «នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។សូមបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ មានព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ បានចូលរួម និងគាំទ្រយ៉ាងផុលផុស៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពី “ការយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈ ផ្តោតលើប្រជាពលរដ្ឋ” សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល

2024/08/27 08:33:58 pm        69
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាស្តីពី “ការយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈ ផ្តោតលើប្រជាពលរដ្ឋ” សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០២៤នាក់, នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចអសកម្មមួយចំនួន ដែលនៅមានកើតឡើងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពខ្លះ មកធ្វើជាករណីសិក្សាសម្រាប់ស្វែងរកចំនុចកែលំអរ។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ ធ្វើការដឹកនាំអង្គភាពដោយការលះបង់ តាមរយៈ ការនៅផ្ទាល់-ចុះពិនិត្យផ្ទាល់-ធ្វើផ្ទាល់ គ្រប់ពេលវេលា រួមទាំងយប់ និងព្រហាមជាពិសេស ដែលនេះគឺជាការចុះពាំនាំស្មារតីគាំទ្របុគ្គលិករបស់ខ្លួនយ៉ាងពិតប្រាកដ ពាំនាំផ្តល់ភាពកក់ក្តៅ និងចូលរួមបង្រៀនដោះបញ្ហាប្រឈមនៅនឹងកន្លែង (local problem - local solution) ដោយដឹកដៃអោយធ្វើ-ធ្វើជាមួយគ្នា។ ឥរិយាបទ-អកប្បកិរិយាទទួលរាក់ទាក់ ស្តាប់អោយច្រើនពីអ្នកមកទទួលសេវា ផ្តល់ព័ត៌មាន-ពន្យល់ក្បោះក្បាយ ជាដើម គឺជាគុណតម្លៃដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន។ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍គន្លឹះចំនួន៤ សម្រាប់រៀបចំសេវាសាធារណៈ ឱ្យទទួលបានជោគជ័យ រួមមាន ១) ត្រូវមានការចូលរួមផ្តល់យោបល់ពីប្រជាជនទៅលើសេវា ២) ត្រូវរៀបចំឱ្យមានអ្នកផ្តល់សេវាដែលមានសមត្ថភាពក្នុងការផ្តល់សេវា និងដោះស្រាយបញ្ហារបស់អ្នកជំងឺ ៣) ការផ្តល់សេវាត្រូវផ្តោតទៅលើបទពិសោធន៍អ្នកប្រើប្រាស់សេវា (patient/family experience) ដែលធានាឱ្យអ្នកជំងឺទទួលបានបទពិសោធន៍ល្អពីការដែលបានមកទទួលសេវារបស់គាត់តាំងពីចំនុចចាប់ផ្តើមដល់ចុងបញ្ចប់ និង ៤) អ្នកដឹកនាំអង្គភាពផ្តល់សេវាទាំងអស់ ត្រូវបន្តផ្តោតលើការកែលំអរគុណភាពសេវាជាប្រចាំ សំដៅធ្វើឱ្យសេវាកាន់តែមានប្រសិទ្ធភាព។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យផ្តាំផ្ញើឱ្យអ្នកដឹកនាំនៅក្នុងស្ថាប័នសុខាភិបាលទាំងអស់បន្តហ្វឹកហាត់ ប្រើប្រាស់របៀបរបបដឹកនាំទាំង៤ប្រភេទខាងលើ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន៕អត្ថបទ រដ្ឋា

ក្រសួងការងារ ទទួលកុំព្យូទ័រ១៥០គ្រឿង ពីក្រសួងប្រៃសណីយ៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល

2024/08/27 08:05:49 pm        57
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧ ខែសីហានេះ បានទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ក្នុងកម្មវិធីពិធីប្រគល់ និងទទួលកុំព្យូទ័រនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹង និងពន្លឿនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ឱ្យកាន់តែងាយស្រួល និងប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដែលជាការបម្រើសេវាគាប់ចិត្ត។ បន្ថែមពីនេះ កិច្ចសហការ រវាងក្រសួងទាំងពីរ បានជួយពង្រឹងលើគុណភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសដល់សិក្ខាកាមគោលដៅ និងប្រជាពលរដ្ឋឱ្យកាន់តែទំនើប ដែលជាការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការពង្រឹងនិងការជំរុញបរិវត្តកម្មរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាពដើម្បីគោលដៅរួមក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងជាផ្នែកដ៏សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្ទៀតផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល ដែលផ្តោតលើកិច្ចការងារសំខាន់ៗសម្រាប់ផ្ទៀងផ្ទាត់ឯកសារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធើណែត សម្រាប់ប្រើប្រាស់ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

សម្ដេចធិបតីនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណដល់មហាជនបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

2024/08/27 07:07:05 pm        195
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហានេះ បានប្រកាសថ្លែងអំណរគុណដល់មហាជនបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ​ ។សម្ដេចធិបតីបញ្ជាក់ថា ការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់អំពីធ្លុងមហាសាមគ្គី និងស្មារតីជាតិខ្មែរតែមួយប្រកបដោយមនសិកា​រស្នេហាជាតិ​ ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍ​មាតុភូមិកម្ពុជានៃយើង ។ទន្ទឹមគ្នានេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឱ្យកាន់តែសកម្មផុលផុសបន្ថែមទៀត ហើយក្រុមការងារមូលនិធិបាន និងកំពុងបន្តទទួលការបរិច្ចាគដោយក្តីរីករាយ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមបរិច្ចាគថវិកា១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

2024/08/27 06:22:20 pm        134
ភ្នំពេញ ៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាង  ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ នៅថ្ងៃទី២៧ ខែសីហា ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមបរិច្ចាគថវិកាចំនួន ១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន៕

ក្រសួងរៀបចំដែនដី ប្រមូលធាតុចូល ដើម្បីបង្កើតច្បាប់ភូមិបាលថ្មី ឲ្យស្របតាមបរិបទថ្មី

2024/08/27 05:17:11 pm        182
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចពិគ្រោះយោបល និងប្រមូលធាតុចូលផ្សេងៗ ពីគ្រប់ភាគីនានា ដើម្បីបង្កើតសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា ។នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្ខាសាលាប្រមូលធាតុចូលនេះពិតជាសារៈសំខាន់ និងអាចនិយាយបានថា ជាការចូលរួមជាប្រវត្តិសាស្ត្រ ពីព្រោះសេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះ ត្រូវបានរៀបចំតាក់តែងដោយផ្អែកលើបទពិសោធន៍ការងារកន្លងមក និងស្របតាមបរិបទនៃការវិវត្តន៍ របស់សង្គមជាតិ ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលជាប្រវត្តិសាស្រ្តនេះ ឱ្យបានផុសផុល ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា ។គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ភូមិបាលថ្មី ត្រូវបានរៀបចំតាក់តែងដំបូង នៅឆ្នាំ២០១៩ដោយក្រុមការងារច្បាប់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានបញ្ចូលបទបញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីបន្ត ដែលត្រូវបានរៀបចំឡើង ដោយក្រុមការងារអន្តរក្រសួងរបស់ក្រសួងរៀបចំដែនដី និងក្រសួងយុត្តិធម៌ក្រោមជំនួយបច្ចេកទេសពីទីភ្នាក់ងារ JICA ។សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ហើយនៅពាក់កណ្ដាល ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ បានសម្រេចផ្ញើសេចក្តីព្រាងច្បាប់នេះជូនសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥រូប អភិបាល នៃគណៈអភិបាលក្រុងស្រុកខណ្ឌចំនួន ២០៩រូប មេឃុំចៅសង្កាត់ចំនួន ១ ៦៥២រូប និងអង្គការមិនមែនរាជរដ្ឋាភិបាល ពាក់ព័ន្ធចំនួន៦រូប ដើម្បីពិនិត្យ និងផ្ដល់យោបល់ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងច្បាប់ ភូមិបាលថ្មីនេះ ស្របតាមបរិបទថ្មី មានភាពជាក់ស្ដែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀ តនិងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលស្វែងយល់ និងងាយអនុវត្ត ៕អត្ថបទ បាន សុខរិទ្ធិ

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យមន្ទីរ និងប្រជាពលរដ្ឋរួមគ្នាថែទាំផ្លូវ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង

2024/08/27 04:39:06 pm        627
កំពង់ស្ពឺ៖ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានក្រើនរំឭកដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅអមសងខាងផ្លូវ និងអ្នកដែលបើកបរយានយន្ត​គ្រប់ប្រភេទឱ្យចូលរួមថែទាំ​ផ្លូវដែលរាជរដ្ឋាភិបាលបានស្ថាបនាឡើងតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីធានា​ដល់ការប្រើប្រាស់បានយូរអង្វែង។ការក្រើនរំឭកដូច្នេះ ធ្វើឡើងគ្រាដែលឯកឧត្តមដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនឹងក្រុមការងារបច្ចេកទេស​នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យនិងវាយតម្លៃដំណាក់កាលទី១ លើការងារ​ថែទាំប្រចាំ (លេខDRR-RM-2024-No 035) ប្រើប្រាស់ថវិកាជំពូក៦១លើផ្លូវចំនួន១៥ខ្សែ ដោយធ្វើការថែទាំលក្ខណៈប្រចាំមានក្រាលកៅស៊ូ២ជាន់ និងគ្រួសក្រហម ល្បាយគ្រួសក្រហម ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ស្រុកសំរោងទង ស្រុលថ្ពង ស្រុកឱរ៉ាល់និងស្រុកភ្នំស្រួច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្លូវគ្រួសក្រហមដែលគណកម្មការអន្តរក្រសួងចុះពិនិត្យវាយតំលៃមានចំនួន១៥ខ្សែ ស្ថិតក្នុងស្រុកចំនួន៥ គឺស្រុកសាមគ្គីមុនីជ័យ ស្រុកសំរោងទង ស្រុលថ្ពង ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ ។ ផ្លូវទាំង១៥ខ្សែគឺបានធ្វើការថែទាំលក្ខណៈប្រចាំមានក្រាលកៅស៊ូ ២ជាន់ ចំនួន៣ខ្សែ ប្រវែងសរុបជាង៥៧គីឡូម៉ែត្រទទឹង៦ម៉ែត្រ និងផ្លូវថែទាំលក្ខណៈប្រចាំក្រាលគ្រួសក្រហមនិងល្បាយគ្រួសក្រហមចំនួន ១២ខ្សែប្រវែងសរុបជាង១២០ គីឡូម៉ែត្រ ។ ផ្លូវទាំង១៥ខ្សែនេះ បានសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូន របស់ប្រជាពលរដ្ឋទូទាំងខេត្ត អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺប្រើប្រាស់ថវិកាជំពូក៦១ ។ឯកឧត្តម ទ្រី មេង តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានរំលឹកពីស្ថានភាពភូមិសាស្ត្រនៃស្រុកទាំង៥ខាងលើថា កាលដើមឡើយ គឺជាស្រុកដែល​រងគ្រោះ​ដោយការប្រទាញប្រទង់គ្នាដោយចុងអាវុធ គ្មានពេលវេលាក្នុងការអភិវឌ្ឍប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមកបានត្រឹមតែរទេះគោ ឬម៉ូតូប៉ុណ្ណោះ ។ឯកឧត្តមបន្តថា តែក្រោយទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នឈ្នះ និងក្រោមការគិតគូរបស់រាជរដ្ឋាភិបាល បានធ្វើការស្ថាបនាផ្លូវពីទីប្រជុំជនរហូតដល់ទីជនបទ​ជា​បន្តបន្ទាប់​ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនផល អនុផលដែលបងប្អូនប្រជាពលរដ្ឋ​ធ្វើបានមកកាន់ទីផ្សារ ។ឯកឧត្តម ទ្រី មេង បានគូសបញ្ជាក់បន្ថែមថា តាមរយៈការគិតគូនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងស្ថាបនានិងស្តារឡើងវិញនូវផ្លូវជនបទទាំងអស់ក្នុងខេត្តកំពង់ស្ពឺខ្លះជាផ្លូវកៅស៊ូ ខ្លះជាផ្លូវក្រាលគ្រួសក្រហម ​ល្បាយគ្រួសក្រហម ដែលអាចចរាចរណ៍បានគ្រប់មធ្យោបាយ ហើយក្រោយការស្ថាបនា និងស្តារបានរួចរាល់ ពិសេសផ្លូវទាំង១៥ខ្សែនេះ និងជួយជ្រោង​សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនផល អនុផលដែលពួកគាត់ធ្វើបានយកមកកាន់ទីផ្សារ ហើយពិសេស​ជាងនេះ​គឺធ្វើឱ្យ​អចលនទ្រព្យរបស់ពួកគាត់ឡើងថ្លៃបន្ថែមមួយកម្រិតទៀតផងដែរ ៕

សកលវិទ្យាល័យ AUPP និងក្រុមហ៊ុន Next Make របស់ជប៉ុន ចុះកិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី Japanese IT Academic Pathway

2024/08/27 03:30:10 pm        882
នាព្រឹកថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២៤នេះ សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី Japanese IT Academic Pathway ក្រោមវត្តមាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា, ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ជប៉ុន-កម្ពុជាថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា សាស្ត្រាចារ្យ និងនិស្សិតនៅ AUPP។កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ AUPP ឱ្យរៀនបន្ថែមភាសាជប៉ុន និងការអនុវត្តជំនាញឌីជីថលជាក់ស្តែងនៅជប៉ុន ហើយនៅពេល​បញ្ចប់​ការសិក្សា គឺនិស្សិតអាចទៅធ្វើការនៅប្រទេសជប៉ុន ដោយទទួលបានប្រាក់បៀវត្សខ្ពស់ និងបទ​ពិសោធល្អ ស្របពេលដែលជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថលប្រមាណ ៧០ ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយជំរុញនិងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យកម្មវិធីនេះអាចដំណើរការទៅបានដោយជោគជ័យ និងមានភាពរលូន រួមចំណែកបង្កើនមូលធនមនុស្សឌីជីថលកម្ពុជា និងលើកកម្ពស់ សេដ្ឋកិច្ចជាតិ។ សម្រាប់ឆ្នាំទី១ កម្មវិធីនឹងជ្រើសរើសបេក្ខភាពចេញពីនិស្សិតដែលកំពុងសិក្សានៅ AUPP ហើយនៅឆ្នាំបន្តបន្ទាប់ នឹងពង្រីកវិសាលភាពទៅដល់គ្រឹះស្ថានឧត្តមសិក្សា ៥ បន្ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលជាផ្លែផ្កានេះ និងគាំទ្រចំពោះការរៀបចំកម្មវិធីដ៏មានសារៈសំខាន់មួយនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM