ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ក្រុមហ៊ុនធំៗចំនួន១០ ត្រៀមបង្ហាញតម្រូវការកម្លាំងពលកម្មជាង ១ពាន់កន្លែង ក្នុងវេទិកាការងារ ២៩សីហាខាងមុខ

2024/08/27 03:25:23 pm        135
ភ្នំពេញ៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ១,៣១៥កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ សីហា ឆ្នាំ២០២៤ខាងមុខនេះ។យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ បានសសេរឲ្យដឹងថា ក្រុមហ៊ុនទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ផ្សារទំនើប ម៉ាក្រូ, ផ្សារទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេលីហ្គេន ហ្វាម៉ិន ឯ.ក, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និងក្រុមហ៊ុន TRUMP។ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារទាំងអស់ ដែលមានបំណងចង់ចូលរួមក្នុងវេទិកានេះ គឺអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីព្រឹកម៉ោង៨ ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ

2024/08/27 03:18:43 pm        111
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ដើម្បីត្រួតពិនិត្យតាមដានការអនុវត្ត និងគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នៅបរិវេណវត្តធម្មបញ្ញាមហាព្រហ្ម ស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។  វេទិកាសាធារណៈនាឱកាសនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឃុំដំណាក់រាំងសរុប ២៦០រូប។ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យមានប្រសាសន៍ថា វេទិកាសាធារណៈនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល និងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋនៅមូលដ្ឋានបង្ហាញពីកង្វល់ និងសំណូមពរ។ លោកជំទាវបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្ហាញពីកង្វល់ដែលខ្លួនជួបប្រទះ និងលើកឡើងនូវសំនួរ ឬសំណូមពរ ដើម្បីក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋានអាចដោះស្រាយជូនបានទាន់ពេលវេលា។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ នឹងបន្តរៀបចំវេទិកាសាធារណៈនៅឃុំដទៃទៀតក្នុងស្រុកសាមគ្គីមុនីជ័យ ដើម្បីត្រួតពិនិត្យតាមដានការអនុវត្ត និងគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងបានជួបប្រាស័យជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានដោយផ្ទាល់ផងដែរ៕

ឯកឧត្តម ឌិត ទីណា ទទួលជួបអង្គការ UPOV ដើម្បីពិភាក្សាការងារការអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំនៅកម្ពុជា

2024/08/27 03:09:19 pm        69
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី យូឡានដា ហឺតា កាសាដូ (Yolanda Huerta Casado) អគ្គលេខាធិការរង នៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យពូជនៃដំណាំ។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះតាមរយៈការពន្យល់របស់ លោកស្រី កាសាដូ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍ និងពិនិត្យឱកាសក្នុងការចូលរួមជាសមាជិក នៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី ដែលមានសិទ្ធិក្នុងការចុះបញ្ជីការពារនូវប្រភេទពូជដំណាំថ្មីៗ ខណៈកម្ពុជាបានបន្តបង្កើតពូជថ្មីៗជាច្រើនផងដែរដែលមានគុណភាពល្អ។  ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលជាសមាជិកនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី ផ្ដល់ផលប្រយោជន៍ជាច្រើន ជាពិសេសក្នុងការបង្កើនភាពជឿជាក់សម្រាប់អ្នកវិនិយោគ ការស្រាវជ្រាវប្រភេទពូជ និងបច្ចេកទេសពូជ ព្រមទាំងលើកទឹកចិត្តដល់អ្នកស្រាវជ្រាវប្រភេទពូជដំណាំនៅទូទាំងពិភពលោក អាចផ្លាស់ប្តូរបទពិសោធ រវាងគ្នាទៅវិញទៅមក។ សូមជម្រាបជូនថា សហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគោលបំណងគាំទ្រ និងជំរុញការស្រាវជ្រាវនិងអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំសម្រាប់បម្រើផលប្រយោជន៍សង្គម៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា

2024/08/27 03:06:00 pm        138
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងប្រតិភូ, នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។  ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអបអរសាទរ លោកជំទាវក្នុងឱកាសដែលលោកជំទាវ ទទួលបានទំនុកទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា ឆ្នាំ២០២៤ កន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមន្សរីករាយក្នុងការចូលរួមមហាសន្និបាតសុខភាពប្រចាំឆ្នាំ ដែលគ្រោងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ នៅសាធារណៈរដ្ឋគុយបា តបតាមការអញ្ជើញរបស់ក្រសួងសុខភាពសាធារណៈ នៃសាធារណៈរដ្ឋគុយបា។ ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការធ្វើទស្សនកិច្ចសិក្សារបស់ប្រតិភូនៃក្រសួងសុខភាពសាធារណៈ ក្នុងគោលបំណងសិក្សាស្វែងយល់និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើប្រព័ន្ធគាំពារសុខភាពបឋម ក្នុងប្រទេសកម្ពុជា និងការទទួលវេជ្ជបណ្ឌិតកម្ពុជា១០រូប ទៅសិក្សាជំនាញព្យាបាលជំងឺមហារីកបន្ថែម នៅសាធារណៈរដ្ឋគុយបា ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋគុយបា។ ភាគីទាំងពីរ បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាលនេះប្រទេសទាំងពីរ លើការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ជម្រុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន និងជំរុញការនាំយកឱសថព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែម និងវិសាលភាពកិច្ចសហប្រតិបត្តិការផ្សេងៗបន្ថែម ក្រោមការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃសាធារណៈរដ្ឋគុយបា ចាប់ពីឆ្នាំ២០២២។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ និងស្នើសាធារណរដ្ឋគុយបា បន្តពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល និងដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការឆ្លើយតបនឹងមេរោគអេដស៍ ក្នុងវិស័យអប់រំ”

2024/08/27 02:54:48 pm        160
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការឆ្លើយតបនឹងមេរោគអេដស៍ ក្នុងវិស័យអប់រំ”, អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ។ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវមតិស្វាគមន៍ដល់ក្រុមការងារ និងអង្គប្រជុំ ដោយបានថ្លែងនូវការកោតសរសើរក្រុមការងារ ក៏ដូចជាក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ០,៥ % នៅឆ្នាំ២០២៣។ ជាបន្ត ឯកឧត្តមបណ្ឌិត បានអនុញ្ញាតិជូនលោកវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.អ.ស.ស. និងជាអនុប្រធាននាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ធ្វើបទបង្ហាញ ដែលផ្តោតលើ៖១)- ក្រុមគោលដៅនៃវិស័យអប់រំនៅកម្ពុជា ២)- ការដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចំណេះទូទៅនិងអប់រំបច្ចេកទេស ៣)- ការដាក់បញ្ចូលក្នុងកម្មវិធីសិក្សាតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ៤)- ការអប់រំផ្សព្វផ្សាយដល់យុវជនតាមគ្រឹះស្ថានសិក្សា ៥)- បរិវត្តកម្មឌីជីថលកម្មវិធីសិក្សា និង៦)- បញ្ហាប្រឈមនិងដំណោះស្រាយ។ ជាបន្ត ឯកឧត្តមបណ្ឌិត បានអនុញ្ញាតិឱ្យមានកិច្ចពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស និងមានសំណូមពរពីលោកស្រី លីនដា (តំណាងCNPUD) សូមឱ្យមានការផ្សព្វផ្សាយក្នុងសាលា ពេលមានសាលាមានការជួបជុំជាមួយអាណាព្យាបាល។ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖ ចាប់ផ្តើមផ្សព្វផ្សាយដោយផ្ទាល់ក្នុងកម្រិតមហាវិទ្យាល័យសម្រាប់និស្សិត និងបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលសម្រាប់កម្មវិធីអប់រំសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។ តាមសិក្សាបានបង្ហាញថានូវការមាក់ងាយ និងរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ ដូចនេះការបណ្តុះបណ្តាល និងផ្សព្វផ្សាយ ត្រូវបញ្ចូលការអប់រំពីការមាក់ងាយ និងរើសអើង និងសូមមន្ទីរសុខាភិបាល និងមន្ទីរអប់រំ យុវជន និងកីឡា របស់រាជធានី ខេត្ត សហការចូលរួមអប់រំ ផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងវិទ្យាល័យ៕អត្ថបទ រដ្ឋា

វិស័យឯកជនចាត់ទុកការអភិវឌ្ឍន៍តាមព្រំដែន គឺជាការប្រែក្លាយទៅជាតំបន់សក្តានុពលសម្រាប់សេដ្ឋកិច្ច

2024/08/27 02:45:29 pm        13
ភ្នំពេញ ៖ វិស័យឯកជនថ្លែងនូវការសាទរ និងគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល បង្កើតមូលនិធិកសាងហេដ្ឋារចនាម្ព័ន្ធ តាមព្រំដែន ដែលនេះជាការរុញអភិវឌ្ឍន៍តំបន់តាមព្រំដែន ឱ្យក្លាយជាតំបន់សក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនឱ្យ មកបណ្តាក់ទុនបន្ថែម។​លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារ ព័ត៌មាន ស្តីពីការបង្កើតមូលនិធិកសាងហេដ្ឋារចនាម្ព័ន្ធតាមព្រំដែននេះ លោកបានថ្លែងនូវការសាទរ និងគាំទ្រពេញទំហឹង ចំពោះគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លា និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីកៀគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋរចនាសម្ព័ន្ធតាមព្រំដែន ក្នុងការរួមគ្នាកសាង និងការពារមាតុភូមិរបស់យើង។លោក ជា ចាន់ដារ៉ា លើកឡើងបន្ថែមថា ជុំវិញគម្រោងកសាងហេដ្ឋារចនាម្ព័ន្ធតាមព្រំដែននេះ ក្រៅពីការពារបូរណភាពទឹកដី គម្រោងនេះក៏ជាការរុញអភិវឌ្ឍន៍តំបន់តាមព្រំដែន ឱ្យក្លាយជាតំបន់សក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ការទាក់ ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនបន្ថែម ជាពិសេសគឺការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែរឹងមាំ បម្រើដល់សេដ្ឋកិច្ច តាម រយៈការធ្វើពាណិជ្ជកម្មដឹកជញ្ជូន ជាពិសេសការជំរុញនាំចេញផលិតផលរបស់កម្ពុជាឱ្យបានកាន់តែច្រើនទៅកាន់ប្រទេសជិតខាង។ជុំវិញការបង្កើតមូលនិធិនេះដែរ, បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជរដ្ឋាបណ្ឌិតសភាកម្ពុជា លើកឡើងថា នេះគឺ ជាការគិតគូរ និងយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើដល់ការដឹកជញ្ជូន និងឡូជីស្ទិក ទៅកាន់តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឬទៅកាន់កន្លែងផលិតជាដើម។ លោកបណ្ឌិត បន្តថា នេះគឺជាជំរុញឱ្យកាន់តែ ប្រសើរឡើងរបស់រាជរដ្ឋាភិបាល ដែលការរួមចំណែកឱ្យប្រជាពលរដ្ឋមាន ឱកាសបង្កើតប្រាក់ចំណូលកាន់តែច្រើន និងធ្វើឱ្យសេដ្ឋកិច្ច ជាតិមានការកើនឡើង។សូមបញ្ជាក់ថា នៅថ្ងៃទី ២៦ ម្សិលមិញនេះ ខុទ្ទកាល័យសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹង ស្ដីពី “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគ វិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹង មាំ និងប្រកបដោយចីរភាព៕អត្ថបទ៖ សុន រ៉ាឌី

គណៈប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ ធ្វើដំណើរមកសិក្សាស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

2024/08/27 01:57:26 pm        209
ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ ដឹកនាំដោយលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្មភាពមីនអាស៊ែបៃហ្សង់ បានធ្វើដំណើរមកសិក្សាស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលជាប្រតិបត្តិករជាតិឈាន មុខគេក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជម្រាបជូនគណៈប្រតិភូពីប្រវត្តិសង្រ្គាម និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវឌ្ឍនភាពសកម្ម ភាពមីនរបស់កម្ពុជា រួមជាមួយសមិទ្ធផលដែលអង្គភាព​ស៊ីម៉ាក់សម្រេច​បានក្នុង​រយៈពេលជាង៣២ឆ្នាំ។ ជាមួយគ្នានេះផងដែរឯកឧត្តម ហេង រតនា ក៏បានជម្រាបពីកម្លាំងបោសសម្អាតមីនដែលអង្គភាពបាននឹងកំពុងប្រតិបត្តិការទាំងលើគោក និងក្នុងទឹក រួមជាមួយការចែករំលែកបទពិសោធន៍ការ​បណ្តុះបណ្តាលសកម្មភាពមីនជាអន្តរជាតិ​ដល់ប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ​និងយុទ្ធភណ្ឌផងដែរ។ជាការឆ្លើយតបលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្ម ភាពមីនអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណដល់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ស៊ីម៉ាក់​ដែលបានទទួលស្វាគមន៍ និងចែករំលែកបទពិសោធន៍ដ៏ល្អៗ និងមានសារប្រយោជន៍​ក្នុងវិស័យសកម្មភាពមីន។ ការនេះគឺជាធាតុចូលដែលប្រទេសរបស់លោកអាចនឹងយកទៅអនុវត្ត ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា ដូចអ្វីដែលអង្គភាពកំពុងអនុវត្ត។ ក្រៅពីបានស្នើសុំឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង គណៈប្រតិភូ អញ្ជើញទៅទស្សនាប្រទេសអាស៊ែបៃហ្សង់ ដើម្បីផ្លាស់ប្តូរបទ​ពិសោធន៍​ក្នុងវិស័យ​សកម្មភាពបន្ថែមទៀតនោះលោកVugar Suleymanov ក៏លេីកសំនូមពរក្នុងការពង្រឹង​សហប្រតិបត្តិការ​វិស័យសកម្មភាពមីន​ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា គណៈប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ នឹងអញ្ជើញធ្វើទស្សនកិច្ច​នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ និងមណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង ចម្ការមីននៅខេត្តបាត់ដំបង ​និងសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាបផងដែរ៕ អត្ថបទ,ភារម្យ

អភិបាលរាជធានីភ្នំពេញ អរគុណដល់កងពលតូចលេខ៧០ ដែលបានចូលរួមបាញ់ថ្នាំមូស ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាម

2024/08/27 12:44:29 pm        307
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បាន​ជួបសំណេះសំណាលជាមួយកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន ៤៣នាក់ ជាមួយ​និង​ការ​ផ្តល់អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវ​បណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីកងកម្លាំង ង៧០ បានយកអស់កម្លាំង​កាយ​ចិត្ត​ក្នុង​ប្រតិបត្តិការ​បាញ់​ថ្នាំសម្លាប់សត្វមូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ។ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អនុវត្តតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការ​ជាមួយ​ក្រុម​ការងារ​កង​ពលតូច ង៧០ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់សត្វមូសទាំងថ្ងៃ ទាំងយប់ នៅ​ក្នុង​មូលដ្ឋានសង្កាត់ទាំង ១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ។ តាមរយៈ​យុទ្ធនាការ​បាញ់ថ្នាំមូស នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអ​រ​សាទរ​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ប្រជាពលរដ្ឋ​ពិតជា​អរគុ​ណ​យ៉ាង​ខ្លាំង​ចំពោះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាព​របស់​ប្រជាពលរដ្ឋ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក៏ពិតជាអរគុណយ៉ា​ង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ការ​ខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៍ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុម​ការងារ​កង​ពល​តូច ង៧០ ដែលបានសហការជាមួយ ក្រុមការងាររដ្ឋបាលរាជធានី នឹងចុះបាញ់​ថ្នាំ​សម្លាប់​សត្វ​មូស​នៅតាមភូមិ សង្កាត់ទាំង ១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបាន​ចាប់​ផ្ដើម​កាល​ពីថ្ងៃទី១៧ ខែសីហា និងបានបញ្ចប់រួចរាល់ទាំងស្រុងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២៤​នេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជម្ងឺគ្រុនឈាម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ប្រជាពលរដ្ឋបន្តចូលរួមបរិច្ចាគថវិកា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន

2024/08/27 12:27:31 pm        220
ប្រជាពលរដ្ឋកម្ពុជា យុវជន មន្ត្រីរាជការ ក៏ដូចជាក្រុមអាជីវករនៅរាជធានីភ្នំពេញ បាន​បន្ត​ចូល​រួម​បរិច្ចាគ​ថវិកា រួមចំណែកជាមួយរាជរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោព្រំដែន។ ការ​ចូល​រួមបរិច្ចាគនេះ ប្រជាពលរដ្ឋធ្វើវាឡើងដោយពេញចិត្ត និងធ្វើឡើង​ក្នុង​គោលដៅ​រួម​មួយ​គឺ​ដើម្បីជាតិ។រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ម្សិលម៉ិញនេះ បានប្រកាសផ្សព្វផ្សាយជាផ្លូវការ «មូល​និធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន»។ មូលនិធិនេះបង្កើតឡើង ដើម្បីអ​នុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប អាចចូលរួមបរិច្ចាគជាថវិកា ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងការកសាង។ ក្រោយ​បង្កើតមូលនិធិនេះឡើង ជាការកត់សម្គាល់ ប្រជាពលរដ្ឋជាច្រើន ចាប់រាប់ពីយុវជន មន្ត្រី​រាជ​ការ ក៏ដូចជាអាជីវករលក់ដូរនៅតាមផ្សារ បានបរិច្ចាគថវិការបស់ខ្លួន ដើម្បីរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល ប្រើប្រាស់ថវិកាទាំងនោះ ដើម្បីកសាងហេដ្ឋារចនាសម័្ពន្ធនៅតាមព្រំដែន។ទន្ទឹម​នឹង​ការគាំទ្រ និងចូលរួមបរិច្ចាគជាថវិកានេះ ពួកគេក៏សំណូមពរឱ្យ ប្រជាពលរដ្ឋដទៃទៀត ចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាព។ បរិច្ចាគ ដើម្បីជាផលប្រយោជន៍ជារួម។សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «មូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដោយផ្តោតលើការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បាន​ចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាង និងការពារ​មាតុភូមិ​។សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស​មេត្តា​ចូល​រួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធ​តាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខ​សន្តិភាព​អធិបតេយ្យ​ភាពជាតិ និង បូរណភាពទឹកដី ក៏ដូចជាការជំរុញការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់​តែ​រឹង​មាំ និងប្រកបដោយចីរភាព៕ អត្ថបទ៖ គឹម ហុក

កម្មករ-កម្មការិនីរួមគ្នាចូលរួមបរិច្ចាគថវិកាជាមួយ​រាជរដ្ឋាភិបាល​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​តាមព្រំដែន

2024/08/27 12:12:02 pm        296
តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​តាម​បណ្តោយ​ព្រំដែន។ គិតត្រឹមព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋជា​ច្រើន​ក្នុង​នោះ​ក៏​មានកម្មករកម្មការិនីបម្រើការងារក្នុងវិស័យរោងចក្រ បានចូលរួមបរិច្ចាគថវិកាដល់ «មូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ផងដែរ។ជួបសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន និងជាប្រធាន​ផ្នែក​តុកាត់ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដុងឌូ នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅ​សង្កាត់​ពង​ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីរូបលោក ក៏ដូចជា​កម្មករ​និយោជិត ទទួលបានព័ត៌មានពីការប្រកាស «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ពួក​គាត់​ពិត​ជាសប្បាយរីករាយ និងគាំទ្រទាំងស្រុងនូវមូលនិធិនេះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​នាំ​មក​នៅ​បូរណភាពទឹកដី និងការអភិវឌ្ឍន៍ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ស្របគ្នា​នេះ​ដែរកម្មករនិយោជិត លើកឡើងស្រដៀងៗគ្នាថា ទោះបីជាពួកគាត់​បម្រើ​ការងារ​ក្នុង​វិស័យ​រោង​ចក្រ ប៉ុន្តែក៏បានចូលរួមតាមលទ្ធភាពជាក់ស្តែង និងចេញពីចិត្តស្មោះ ដើម្បីរួមចំណែក​ក្នុង​​ការ​អភិវឌ្ឍប្រទេសជាតិ តាមបន្ទាប់ព្រំដែនយ៉ាងពិតប្រាកដ និងអរគុណសន្តិភាព។ទាក់ទិនទៅនឹង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ លោក សំ សឿន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិសហជីព បានអំពាវនាវដល់កម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួម​បរិច្ចាគ​វិភាគទានឲ្យបានច្រើនកុះករតាមការស្ម័គ្រចិត្ត ដើម្បីរួមគ្នាជាធ្លុង​មួយ​ក្នុង​មហា​សាមគ្គី​ជាតិ​ខ្មែរ ​ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពាតិ និងបូរណភាពទឹកដី ក៏ដូចជាការ​ជំរុញ​ការ​អភិវឌ្ឍ​តាម​ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។សូមជម្រាបថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បង្កើតឡើង​ក្នុង​គោល​បំណង​ដើម្បី​កៀរគរ​ថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន ព្រមទាំង​ដើម្បី​ផ្តល់​ឱកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិរបស់ជាតិ៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM