ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម

ព័ត៌មានជាតិ

មនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពង់ឆ្នាំង

2026/07/18 08:52:24 pm        119
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង មានកិតិ្តយសយ៉ាងក្រៃលែង ដែលបានមកពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ។ កម្មវិធីនេះធ្វើឡើងដោយមានការឧបត្ថម្ភជាច្រើនពីមូលនិធិ Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ជាពិសេសគណៈអភិបាលខេត្ត បានជួយជ្រោមជ្រែង ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមនី្ទរពេទ្យខេត្តកំពង់ឆ្នាំង ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋឧស្សាហ៍មកពិនិត្យសុខភាពភ្នែក នៅក្នុងមនី្ទរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ព្រោះថាការពិនិត្យសុខភាពភ្នែកជាប្រចាំ ជួយការពារ និងព្យាបាលជំងឺទូទៅដូចជា ភ្នែកឡើងបាយ ជំងឺបាតភ្នែក ឬបញ្ហាគំហើញ មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ នាយកមនី្ទរពេទ្យព្រះអង្គឌួង និងថ្នាក់ដឹកនាំ មន្រី្តរាជការ បានឧបត្ថម្ភម៉ាស៊ីនអេកូសាស្រ្ត ចំនួន០១គ្រឿង ដល់មនី្ទរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំមនី្ទរសុខាភិបាលខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង សូមសម្តែងការគោរពស្វាគមន៍ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងក្រុមការងារគ្រូពេទ្យទាំងអស់ ដែលបានលៈបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយពិនិត្យ ព្យាបាលភ្នែក ជូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាថ្ងៃនេះ។ ហើយការរៀបចំកម្មវិធីពិនិត្យ ព្យាបាលភ្នែកនេះឡើង ក៏ដើម្បីនាំយកពន្លឺ និងស្នាមញញឹមជូនបងប្អូនប្រជាពលរដ្ឋឡើងវិញផងដែរ។ ទន្ទឹមគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងខេត្តកំពង់ឆ្នាំង អញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ ព្រោះគុណភាពសេវាកម្រិតខ្ពស់ពីមន្ទីរពេទ្យព្រះអង្គឌួង បាននាំមកនូវពន្លឺសារជាថ្មី និងស្នាមញញឹមជូនដល់សហគមន៍ទាំងមូល។លោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia ពិតជាមានកី្តរំភើបរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាថែទាំសុខភាពច្រើនសន្ធឹកសន្ធាប់នាព្រឹកនេះ។ ហើយកែវភ្នែកយើងពិតជាមានសារសំខាន់ខ្លាំងណាស់។ ដូច្នេះលោកយាយ លោកតា អ៊ុ ពូ មីង បងប្អូន មេត្តាមកពិនិត្យភ្នែកជាមួយគ្នាគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ពិព្រោះការពិនិត្យភ្នែកឲ្យទៀងទាត់ ធ្វើឲ្យយើងកាត់បន្ថយនូវការពិការភ្នែកដែលអាចជៀសវាងបាន។ នៅក្នុងប្រទេសកម្ពុជា តាមការសិក្សានាពេលកន្លងមក ឃើញថាក្នុងចំណោមអ្នកពិការភ្នែក១០០នាក់ គឺបើសិនជាពួកគាត់បានមកជួបពិគ្រោះ ពិនិត្យ ព្យាបាលជាមួយគ្រូពេទ្យជំនាញ គឺជៀសវាងបានរហូតដល់៩២នាក់ទៅហើយ។ ដូច្នេះលោកយាយ លោកតា អ៊ុ ពូ មីង បងប្អូន អញ្ជើញមកជួបគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ ប្រាកដណាស់និងជៀសវាងភាពពិការភ្នែកបាន៕ អត្ថបទ: រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធ ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ

2026/07/18 08:47:18 pm        102
នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្ស ស្រុកសាមគ្គីមុនីជ័យ ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ រួមទាំងគណៈកម្មាធិការបក្សស្រុក, គណៈកម្មាធិការបក្សឃុំទាំង១០, គណៈកម្មាធិការសាខាបក្សភូមិទាំង១៦០ និងក្រុមការងារសរុបប្រមាណ ៩១៤អង្គ/នាក់។ជាកិច្ចចាប់ផ្តើម លោក មួង ធី ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី និងបានអានរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការសាងសង់ សំណង់ដ៏ថ្មីស្រឡាង ដែលសមិទ្ធផលទីស្នាក់ការថ្មីនេះ នឹងរួមចំណែកសម្រួលដល់ការបំពេញការងាររបស់សមាជិក សមាជិកានៃគណបក្សប្រជាជនស្រុកសាមគ្គីមុន្នីជ័យ។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការជ្រោមជ្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សដ៏រឹងមាំ និងថ្មីស្រឡាងនេះឡើង ដើម្បីបម្រើឱ្យបុព្វហេតុគណបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី​ អញ្ជើញប្រគល់វិញ្ញាបនបត្រជូនមន្រ្តីជាន់ខ្ពស់ជាង១០០នាក់​​បញ្ចប់វគ្គបណ្តុះ​​​​​​​​​​​​​​​បណ្តាល

2026/07/18 08:42:16 pm        143
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីបិទ និង ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ ដល់មន្រ្តីជាន់ខ្ពស់ចំនួន ១៧៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋម​​ន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះ រៀបចំនៅសា​​លាភូមិរដ្ឋបាល រាជធានីភ្នំពេញ។នៅក្នុងពិធីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ជា​​ការផ្ដល់ចំណេះដឹង អភិវឌ្ឍន៍ ជំនាញ លើការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រង ការផ្លាស់ប្ដូររបស់អង្គភាព ព្រមទាំងការរៀបចំបរិយាកាសការងារ ប្រកបដោយកិច្ចសហការល្អ ផលិតភាព ខ្ពស់ និងការទទួលខុសត្រូវ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីនេះ មានគោលដៅឱ្យថ្នាក់ដឹកនាំ នៅតាមក្រសួងស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើបច្ចុប្បន្នភាពចំណេះដឹង ពង្រឹងចំណេះធ្វើ និងបង្កើនទំនុកចិត្ត ក្នុងការដឹកនាំអង្គភាព ដោះស្រាយបញ្ហាប្រឈម និងអនុវត្តការងារកែទ​​​ម្រង់ ​​ឱ្យទទួលបាន នូវលទ្ធផលកាន់តែប្រសើរ។វគ្គបណ្តុះបណ្តាលជំនាន់ទី៨ មានសិក្ខាកាមចូលរួមសរុប ១​​៧៩នាក់ ក្នុងនោះមាន ១៧៤នាក់ បា​​​ន​បញ្ចប់ការសិក្សាដោយជាប់ជាស្ថាពរ ស្មើនឹង ៩៧,២០ភាគរយ។ សិក្ខាកាមទាំងនេះ មកពីក្រសួងស្ថាប័ន​​ អ​​ង្គភាពថ្នាក់ជាតិចំនួន ៣២ ការដ្ឋានកែទម្រង់គន្លឹះទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២០ រាជធា​​នី​​​​​-​​​​​ខេ​​ត្ត។គួរបញ្ជាក់ដែរថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» មានគោលបំណងរួ​​​​​​​ម​​​​​​ចំណែកដល់ការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤-២០២៨ នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល​​សាធារណៈ ឱ្យមានប្រសិទ្ធភាព តាមរយៈការអភិវឌ្ឍសមត្ថ ភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស​​​ម្រា​​ប់មន្រ្តី​រាជការ ក្នុងមុខតំណែងដឹកនាំ និងគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំប្រកបដោយនវានុវត្តន៍ និងការគ្រប់គ្រងអង្គភាពមានភាពបត់បែនឆ្លើយតប នឹងបរិបទសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ស្របតាមការតម្រង់ទិស នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមកា​​រ​​ដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អត្ថបទ៖ទូច សោភ័ណ​ រូបភាព៖ឯកឧត្តម ហ៊ុន ម៉ានី

សហគមន៍ចូលរួមដាំស្មៅយក្សអាចរកចំណូលនិងជួយការពារបរិស្ថាន

2026/07/18 08:37:01 pm        118
ក្រសួងបរិស្ថានកំពុងរៀបចំដាំស្មៅយក្ស ដែលគេស្គាល់ផងដែរថា Giant King Grass ឬ Napier Grass នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅក្នុងពិធីផ្សព្វផ្សាយជំរុញភាពស្អាត និងភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិភ្នំទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថានបានសិក្សាទីតាំងរួចហើយ និងបានសម្រេចការរៀបចំដាំស្មៅយក្ស នៅពេលខាងមុខក្នុងឆ្នាំ២០២៦ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ឯកឧត្តម បានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិ ឬសហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងការស្តារគម្របព្រៃឈើ។ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញសហគមន៍តំបន់ការពារធម្មជាតិជាច្រើន ឱ្យមានការអភិវឌ្ឍគោលដៅលម្ហែ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើតប្រាក់ចំណូលបន្ថែម។ លើសពីនេះ ការបង្កើតមុខរបរថ្មីៗ និងការគាំទ្រផ្នែកជីវភាព ជួយកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន លើការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វខុសច្បាប់។ គម្រោងដាំស្មៅយក្សជាមួយសហគមន៍នៅពេលនេះ ឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ចូលរួម អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការការពារសម្បត្តិ បេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដូចជាព្រៃឈើ សត្វព្រៃ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនចំណូលជីវភាពរបស់សហគមន៍។ ការណ៍នេះជួយឱ្យប្រជាពលរដ្ឋ តាមសហគមន៍មានអុសប្រើប្រាស់ សម្រាប់ចម្អិនអាហារ ដោយមិនចាំបាច់ចូលព្រៃកាប់ឈើធម្មជាតិទៀតឡើយ។ វាជួយបង្កើនគម្របបៃតងយ៉ាងរហ័ស ព្រមទាំងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកឧស្ម័នកាបូនិច (CO₂) ពីបរិយាកាស។ ការដាំស្មៅយក្សត្រូវបានអ្នកជំនាញ លើកឡើងថា វាបង្កើតបានប្រព័ន្ធឫសដ៏រឹងមាំជួយការពារការហូរច្រោះដី រក្សាសំណើម និងបង្កើនគុណភាពដីនៅតំបន់ជុំវិញ។ ក្រៅពីប្រើក្នុងសហគមន៍ ស្មៅយក្សក៏អាចផ្គត់ផ្គង់ ជាថាមពលជីវម៉ាសសម្រាប់រោងចក្រ និងវិស័យឧស្សាហកម្ម ដែលជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។សូមបញ្ជាក់ថា ការដាំស្មៅយក្សមានសមត្ថភាពអនុវត្តនៃការប្រើប្រាស់ស្មៅសម្រាប់ផលិតធ្យូងជីវៈដែលកំពុងត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ដោយសារតែអត្ថប្រយោជន៍ និងការប្រើប្រាស់ជាច្រើនរបស់វា។គឺជាដំណាំថាមពលដែលលូតលាស់លឿន អាចមានកម្ពស់លើសពី ៤ ម៉ែត្រ និងអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ១៩៥ ថ្ងៃ។ វាអាចដាំបាននៅតំបន់ត្រូពិច ដូចជានៅប្រទេសកម្ពុជា។ ទិន្នផលរបស់ Giant King Grass ក្នុងរដូវដាំដុះរយៈពេល ១២ ខែ (១ឆ្នាំ) អាចសម្រេចបានប្រហែល ៣៧៥–៤០០ តោនក្នុងមួយហិកតា ជាស្មៅស្រស់ ដែលមានសំណើមប្រហែល ៧០%។ ទិន្នផលជាម៉ាសស្ងួតអាចបានប្រហែល ១០០ តោនក្នុងមួយហិកតា។ ហើយចំណូលការដាំ ត្រូវបានសិក្សាឱ្យឃើញថា ក្នុង១ ហិចតា ក្នុង១ឆ្នាំអ្នកដាំស្មៅយក្ស អាចរកចំណូលបានប្រមាណ២០លានរៀល (5000 ដុល្លារ)។

សម្ដេចធិបតី ចែករំលែកអត្ថបទថ្មីមួយរបស់ហ្វេសប៊ុកឈ្មោះ មេទ័ព លីពូ សរសេរបែបសាបៗ អំពីសាច់រឿង «បណ្ឌិតចេះគ្រប់រឿង»

2026/07/18 08:11:59 pm        207
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចែករំលែកអត្ថបទបែបកំប្លែងមួយ របស់ហ្វេសប៊ុកឈ្មោះ មេទ័ព លីពូ សរសេរបែបសាបៗ អំពីសាច់រឿង «បណ្ឌិតចេះគ្រប់រឿង»។សម្ដេចធិបតីបានសរសេរថា ថ្ងៃនេះសម្ដេចទើបបានអានអត្ថបទថ្មីមួយរបស់គណនីឈ្មោះ មេទ័ព លីពូ ដែលអត្ថជាច្រើនរបស់គាត់សរសេរបានល្អ បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង។ ខ្ញុំសូមយកមកផុសបន្ត អត្ថបទបែបកំប្លែងថ្មីមួយនេះអំពី បណ្ឌិតចេះគ្រប់រឿង ជូនបងប្អូនអានកំសាន្តដូចខាងក្រោម។អង្គុយស្តាប់បណ្ឌិតម្នាក់ឡើងវិភាគ ក៏នឹកឃើញដល់រឿង « បណ្ឌិត និងអ្នកចែវទូក » នៅស្រុកចិន ពេលជិះទូកឆ្លងទន្លេ ក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុខៗ ក៏ចាប់ផ្តើមសួរ សំនួរជាច្រើនទៅកាន់អ្នកចែវទូក ដោយសារគាត់គ្មានចំណេះដឹង គ្មានបទពិសោធន៍ គ្មានទាំងឱកាសសិក្សា បានត្រឹមប្រើកម្លាំងរកស៊ីចែវទូកចិញ្ចឹមជីវិត ម៉េចនិងអាចឆ្លើយសំនួរ ជ្រៅៗរបស់ណ្ឌិតបាន។ក្រុមបណ្ឌិតក៏និយាយថា អ្នកចែវទូកឯង អត់បានសិក្សា ជីវិតបរាជ័យ ៥០% អត់ដែលធ្វើការងារ អត់បទពិសោធន៍ បរាជ័យ ២៥% បើពឹងលើមុខរបរចែវទូកនេះ ឱកាសជោគជ័យក្នុងជីវិតមានតែ ២៥% ប៉ុណ្ណោះ ។ អ្នកចែវទូកទោះបី គេនិយាយដៀមដាម វិភាគពីជីវិតគាត់យ៉ាងណាក៏គាត់មិនមាត់បានត្រឹមញញឹម ហើយប្រឹងចែវទូកទៅមុខធម្មតា រហូតដល់កណ្តាលទន្លេ គាត់ក៏បង្អន់ទូក ហើយស្រែកសួរ ក្រុមបណ្ឌិត ថា « មើលលោកបណ្ឌិត ខ្ញុំសុំសួរមួយសំនួរបានទេ ? » បណ្ឌិតក៏ឆ្លើញវិញ សួរមកសំនួរអ្វីក៏ខ្ញុំឆ្លើយបានដែរ ... អ្នកចែវទូកក៏សួរទៀតថា « លោកបណ្ឌិតចេះហែលទឹកឬអត់ ? » បណ្ឌិតក៏តបថា មនុស្សរស់នៅដីគោករៀនសូត្ររហូត មិនចេះហែលទឹកទេ ។ អ្នកចែវទូកក៏ ស្រែកប្រាប់វិញថា « រៀនដល់បណ្ឌិតចេះដឹងប៉ុណ្ណឹងដែរ តែភ្លើមិនព្រមរៀនហែលទឹក មេឃខ្មៅព្យុះមកហើយ បើលោកបណ្ឌិតមិនចេះហែលទឹកទេ ឱកាសជោគជ័យរបស់លោកស្មើរ ០ » និយាយរួចអ្នកចែវទូកក៏លោតទឹកហែលទៅរកច្រាំង ឯបណ្ឌិត ក៏ត្រូវព្យុះបក់ទៅបាត់ងាប់អស់ទៅ ។ ពាក្យខ្មែរយើងនិយាយថា « សេដ្ឋីនៅខ្វះអំបែង បណ្ឌិតនៅមានពេលល្ងង់ » មិនមែនគ្រប់បណ្ឌិត និយាយមកសុទ្ធតែត្រូវទេ បណ្ឌិតគ្រៀវជ្រូកខ្លះ និយាយចេញមក អន់ជាងអ្នកចែវទូកផង ។ បើយើងជំនាញសេដ្ឋកិច្ចវិភាគតែពីសេដ្ឋកិច្ចទៅ កុំវិភាគរឿងយុទ្ធសាស្ត្រទ័ព វ៉ៃលុក ឬដកថយ ជាការសម្រេចចិត្តរបស់ មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយយោងតាមសភាពការណ៍ជាក់ស្តែង កុំបានកាន់មេក្រូ ពុលទឹកមាត់ ។ កុំនិយាយថា « ចាំកើតបណ្ឌិតសិន ចាំរិះគន់បណ្ឌិត អត់ទេ ត្រឹមអ្នកចែវទូកក៏រិះគន់បានដែរ ... » ៕

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

2026/07/18 04:54:36 pm        149
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និងសន្តិសុខ។ មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

2026/07/18 04:35:54 pm        126
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត (Koninklijke Vopak N.V.) និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃកិច្ចជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថាក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។ ជាមួយគ្នានេះ, ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុកឧស្ម័ន, ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម, ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះបំណងវិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

2026/07/18 04:23:30 pm        89
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Mitchell Mao នាយកប្រតិបត្តិក្រុមហ៊ុន SF Holding Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន SF Holding Co., Ltd. ជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីកឈានមុខគេមួយនៅក្នុងប្រទេសចិន ដែលមានអាជីវកម្មស្នូលផ្តោតលើសេវាដឹកជញ្ជូនរហ័ស និងទំនិញធុនធ្ងន់ (Express & Freight), ភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ (Cold Chain Logistics), សេវាដឹកជញ្ជូនទាន់ចិត្តក្នុងទីក្រុង (Intra-City On-Demand Delivery), រួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់, និងសេវាកម្មលក្ខណៈអន្តរជាតិ (Supply Chain & International)។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានបំណងពង្រីកការវិនិយោគបន្ថែមមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ផ្អែកលើការសិក្សាស្រាវជ្រាវអំពីសមត្ថភាពភស្តុភារកម្មនៅកម្ពុជា រួមផ្សំនឹងការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ចិន-កម្ពុជា, ក្រុមហ៊ុន SF Holding មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។ជាការឆ្លើយតប, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន SF Holding និងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ (Connectivity) នៃបណ្តាញដឹកជញ្ជូនទាំងផ្លូវគោក, ផ្លូវអាកាស និងផ្លូវសមុទ្រ ទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់។ សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវល្បឿនលឿនបន្ថែម, ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក និងកសាងព្រែកជីក ដើម្បីលើកកម្ពស់ និងគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន SF Holding បន្តទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់បន្ថែម និងឈានទៅចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

2026/07/18 04:06:41 pm        101
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., ជាវេទិកាសមាហរណកម្មទេសចរណ៍ និងកម្សាន្តឈានមុខគេមួយលើការអភិវឌ្ឍ, ការគ្រប់គ្រង និងការប្រតិបត្តិការទ្រព្យសកម្មវប្បធម៌កម្រិតខ្ពស់,ការសម្តែងទស្សនីយភាពផ្ទាល់ ព្រមទាំងការកម្សាន្តបែបទំនើប (Immersive Attraction) នៅទូទាំងតំបន់អាស៊ី។ បច្ចុប្បន្ន, ក្រុមហ៊ុនមានអាជីវកម្មស្នូលចំនួន ៣ រួមមាន៖ (១). ប្រតិបត្តិការសួនកម្សាន្ត និងការសម្តែងទស្សនីយភាពផ្ទាល់នៅទូទាំងតំបន់អាស៊ី ក្រោមក្របខ័ណ្ឌដៃគូសហការជាមួយក្រុមហ៊ុនសួនកម្សាន្តបារាំង Puy du Fou, (២). ប្រតិបត្តិការសារមន្ទីរលំដាប់ 3D បែបបច្ចេកវិទ្យាទំនើប (Tech-enabled immersive 3D museums), និង (៣). ការដំណើរការអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងសេវាកម្មបដិសណ្ឋារកិច្ច (F&B and Hospitality) ។ ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោង «Immersive Angkor» នៅក្នុងខេត្តសៀមរាប ដែលជាគម្រោងទាក់ទាញទេសចរដ៏លេចធ្លោ និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន (company’s flagship) នៅកម្ពុជា។ គម្រោងនេះនឹងត្រូវបង្កើតឡើងជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់ នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីមរតកវប្បធម៌ខ្មែរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ។ បន្ថែមលើនេះ, លោកស្រីនាយិកាប្រតិបត្តិក៏បានបង្ហាញអំពីផែនការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍, ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ។ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានកោតសរសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ជាមួយការដាក់ចេញនូវយន្តការផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌កម្ពុជា​ ទៅកាន់ពិភពលោក, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បង្កើតសកម្មភាពកម្សាន្តចម្រុះបន្ថែម ដូចជា ការទស្សនាតំបន់ប្រាង្គប្រាសាទ និង ការរៀបចំសកម្មភាពទេសចរណ៍នាពេលរាត្រី ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើង​។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមទៀត ដោយបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធានាបាននូវភាពរលូន និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា៕

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

2026/07/18 03:57:32 pm        85
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ដ៏ឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃប្រទេសចិន។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ, ការសាងសង់​​ និងរចនានាវា, ព្រមទាំងផ្គត់ផ្គង់សេវាកម្មឡូជីស្ទិកពីដើមដល់ចប់ (End to End Logistics)។ លោកប្រធានក្រុមប្រឹក្សាបានគូសបញ្ជាក់ថា ដោយមើលឃើញអំពីសក្តានុពល និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើននៅកម្ពុជា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ, ផ្អែកលើសក្តានុពលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឡូជីស្ទិកនៅកម្ពុជា, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានកសាងព្រែកជីកហ្វូណនតេជោ។ លោកប្រធានបានបន្ថែមថា ព្រែកជីកហ្វូណនតេជោ មានសក្តានុពលដ៏ធំធេងក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ពិសេសលើវិស័យឡូជីស្ទិក និងការដឹកជញ្ជូនតាមនាវាចរណ៍។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យឡូជីស្ទិកជាវិស័យដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរឡើង​ ក្នុងទិសដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការកសាងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមជាប្រវត្តិសាស្ត្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដែលនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវទឹកក្នុងស្រុកទៅកាន់តំបន់ឆ្នេរសមុទ្រ។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាមិនត្រឹមតែកសាងព្រែកជីកជារូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងកសាងនូវច្រករបៀងសេដ្ឋកិច្ចដ៏ឆ្លាតវៃ និងទំនើប ផងដែរ។ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាការងារឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM