ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម

ព័ត៌មានជាតិ

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

2026/07/18 03:38:07 pm        78
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប (Satellite Communications) ដែលផ្ដោតលើការអភិវឌ្ឍ និងប្រតិបត្តិការគម្រោងបណ្តាញផ្កាយរណបគន្លងតារាវិថីទាប Qianfan (“Thousand Sails” Low Earth Orbit - LEO Broadband Constellation)។ គម្រោង Qianfan នេះ គឺជាគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មដ៏ធំមួយនៅទីអវកាសរបស់ប្រទេសចិន ដែលមានគោលដៅផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនងល្បឿនលឿនគ្របដណ្តប់ទូទាំងសកលលោក។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ដោយមើលឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រុមហ៊ុនពិតជាមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនង​ ប្រកបដោយគុណភាពខ្ពស់ ជាអាទិភាពចម្បងរបស់កម្ពុជា ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលមានស្រាប់ និងជំរុញការទាក់ទាញវិនិយោគបន្ថែមលើវិស័យនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំកសាងក្របខ័ណ្ឌគតិយុត្ត ដើម្បីគ្រប់គ្រងសេវាអ៊ីនធឺណិត និងទំនាក់ទំនង​ តាមប្រព័ន្ធផ្កាយរណប។ នៅពេលដែលក្របខ័ណ្ឌគតិយុត្តនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ, អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺការដាក់ពង្រាយសេវាអ៊ីនធឺណិត និងទំនាក់ទំនងទៅកាន់តំបន់ជនបទដាច់ស្រយាល ព្រមទាំងទប់ស្កាត់ការប្រើប្រាស់សេវាអ៊ីនធឺណិត និងទំនាក់ទំនង ក្នុងផ្លូវខុស (Misuse)។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សាលម្អិតជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា៕

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀតនៅកម្ពុជា

2026/07/18 03:20:49 pm        113
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនSCG បានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសចិន និង​នៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក ព្រមទាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅកម្ពុជា។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុម​ហ៊ុនបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា៖ ការកសាងផ្លូវថ្នល់, ទំនប់វារីអគ្គិសនី, ស្ពានធំៗ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ បច្ចុប្បន្ន, ក្រុមហ៊ុនក៏កំពុងប្រតិបត្តិការលើគម្រោងនៃការកសាងផ្លូវជាតិចំនួន ០២ ខ្សែបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ,លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដោយបាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ជាបន្តបន្ទាប់។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការអនុវត្តគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកលើការបណ្តុះបណ្តាលធនធានមនុស្សលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំនាញវិស្វកម្ម​ ដល់ពលរដ្ឋកម្ពុជា។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការ​ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនថែមទៀត៕

ក្រុមហ៊ុន ZTE Corporation មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា

2026/07/18 03:06:47 pm        106
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកតំណាងក្រុមហ៊ុន ZTE Corporation បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ថា ក្រុមហ៊ុនផ្តោតអាជីវកម្មលើការផ្គត់ផ្គង់សម្ភារៈបរិក្ខារទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា(ICT)។ បច្ចុប្បន្ន, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាង ១៦០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនលំដាប់ថ្នាក់ទី២ លើសកលលោក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា 5G។ បន្ថែមពីនេះ​, លោកតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ តាមរយៈជោគជ័យនៃការវិនិយោគនេះ, ក្រុមហ៊ុនមានបំណងពង្រីកទុនវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាសហគ្រាសផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT។ ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគលើម៉ូដែលមូលដ្ឋានបញ្ញាសិប្បនិម្មិតអធិបតេយ្យរបស់កម្ពុជា (Cambodia Sovereign AI Foundation Model) និងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ (National AI Infrastructure and Ecosystem) នៅកម្ពុជា។ កន្លងមក, ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅតាមជនបទ, ការដាក់ពង្រាយបណ្តាញខ្សែកាបអុបទិក និងការផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនតាមខ្សែ និងចល័ត នៅក្នុងប្រទេសកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា។ សម្ដេចធិបតីបានស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ជាមួយគ្នានោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញលើកទឹកចិត្តលើការកសាងធនធានមនុស្សជំនាញ ICT ដែលការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្តោតលើរបៀបប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍ, ការច្នៃប្រឌិត និង​ នវានុវត្តន៍ផ្នែកប្រព័ន្ធបច្ចេកវិទ្យា៕

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/18 02:47:47 pm        102
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានបង្ហាញពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលវេលាសមស្រប។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដោយឆ្នាំ២០២៦នេះ ជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កាហ្សាក់ស្ថាន។ សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ឯកសារទាំងនេះជាកាតាលីករដ៏សំខាន់ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ និងការជួបប្រជុំរវាងគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ ដើម្បីស្វែងរក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត។ បន្ថែមលើនេះ, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីបានបន្តពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល មានជាអាទិ៍៖ ពាណិជ្ជកម្ម, សន្តិសុខស្បៀង, សន្តិសុខថាមពល, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ព័ត៌មានវិទ្យា, និងកសិកម្ម។ ជាមួយគ្នានោះដែរ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមមាន៖ សន្និសីទស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ផងដែរ៕

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

2026/07/18 06:05:01 am        128
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូន សម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលមានជំនាញលើការកែលម្អលំហសាធារណៈទីក្រុង អគារ និងទីក្រុងឆ្លាតវៃ (Smart City) និងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាង ១០០ នៅក្នុងប្រទេសចិន។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា កន្លងមកក្រុមហ៊ុនបានសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា និងបានសហការជាមួយដៃគូក្នុងស្រុក ដើម្បីចាប់យកកាលានុវត្តភាពទាំងនោះ។ ក្រុមហ៊ុនបានចាប់ដៃគូក្នុងប្រទេសកម្ពុជាដើម្បីរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជាថែមទៀត។ ទន្ទឹមនឹងនេះ, ប្រធានក្រុមប្រឹក្សាភិបាលបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសចិន ផងដែរ។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគោលបំណង និងកិច្ចសហការរបស់ក្រុមហ៊ុនជាមួយដៃគូក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់វិនិយោគិនចិនអំពីសក្ដានុពល និងឱកាសវិនិយោគនានានៅកម្ពុជា។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យអប់រំ ជាទិសដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង, កន្លងមកមាននិស្សិតកម្ពុជាជាច្រើនរូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យបានវិលត្រឡប់មកចូលរួមបម្រើការងារ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ព្រមទាំងរក្សាទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

2026/07/18 05:52:08 am        117
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) ដឹកនាំគណៈប្រតិភូ ដែលមានការចូលរួមពីក្រុមហ៊ុន Sinopec (China) និងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានសមាគមបានគោរពជម្រាបជូនសម្តេចធិបតីអំពីការទុកចិត្តរបស់វិនិយោគិន និងប្រជាជនចិនទៅលើការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលរបស់កម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេង ដែលប្រកបដោយថាមវន្ត និងសមត្ថភាព។ លោកប្រធានសមាគមក៏បានជម្រាបអំពីបំណងរបស់ក្រុមហ៊ុន Sinopec (China) ក្នុង​ការស្វែងរកឱកាសធុរកិច្ច​ និងវិនិយោគ​ ក៏ដូចជាផែនការរបស់សមាគម និងក្រុមហ៊ុន ក្នុងការចាប់ដៃគូសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា លើវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល (Digital Economy), ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនេះ, សមាគម និងក្រុមហ៊ុនក៏មានផែនការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច (Business Visit) របស់សហគ្រាសចិនមកកាន់កម្ពុជានាពេលខាងមុខផងដែរ។ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់សមាគម និងក្រុមហ៊ុន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ នៅកម្ពុជា និងការចាប់យកដៃគូសហប្រតិបត្តិការជាមួយ SMEs កម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យSMEs នេះ​ ពិតជាមានសារៈសំខាន់ និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់ SMEs ក្នុងការផលិតផលិតផលគាំទ្រក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារផងដែរ។ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគម និងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាជួបពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិត និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា៕

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

2026/07/18 05:29:01 am        123
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនោះ, លោកប្រធានក្រុមប្រឹក្សាបានជម្រាបជូនអំពីសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកិច្ចសហការជាមួយក្រុមហ៊ុនដៃគូនានានៅកម្ពុជា ដោយបានបញ្ជាក់ថា COMAC គឺជាសហគ្រាសដែលផ្តោតលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយន្តហោះពាណិជ្ជកម្ម (Commercial Aircraft) ដែលមានម៉ូដែលសំខាន់ៗចំនួន២ប្រភេទគឺ C919 និង C909។​ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនត្រឹមតែផ្តោតលើការលក់យន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់មកជាមួយនូវសេវាកម្មថែទាំ និងការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិក ក៏ដូចជាមន្ត្រីបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម និងចូលរួមចំណែកដល់ការធ្វើទំនើបកម្មក្នុងវិស័យនេះ។ ក្នុងន័យនេះ,​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន COMAC នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ ដែលកិច្ចសហប្រតិបត្តិការនេះ​ នឹងរួមចំណែកយ៉ាង​សំខាន់ក្នុង​ការពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា​ តាមរយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា​,​ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​,​ ការ​អភិវឌ្ឍ​ថែទាំ​អាកាស​យានដ្ឋាន​ និង​ការ​គាំទ្រ​បច្ចេកទេស​ ជាពិសេស​ជួយ​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ ក្នុងពង្រី​ក​ប្រតិបត្តិ​ការ​ បង្កេីន​ការ​តភ្ជាប់​ផ្លូវ​អាកាស​ និង​លេីក​កម្ពស់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់។ ជាការឆ្លើយតប, សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះប្រតិបត្តិការអាជីវកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន COMAC នៅកម្ពុជា ជាពិសេសការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ​ កម្ពុជា​ (Air Cambodia)។ សម្តេចធិបតីបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្រ្តនានាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដែលនឹងរួមចំណែកធ្វើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាកាន់តែទំនើប និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់​ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងការត្រៀមលក្ខណៈរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលកិច្ចការងារនានារវាងក្រុមហ៊ុន COMAC និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕

កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញ

2026/07/18 04:04:13 am        52
កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដោយបានប្រមូលផ្តុំសហគ្រិន ផលិតករ និងម្ហូបខ្មែរប្រមាណ ២២០ ស្តង់ ដើម្បី បង្ហាញរសជាតិ និងសក្តានុពលអាហារខ្មែរទៅកាន់មហាជន និងទីផ្សារថ្មីៗ, ពិព័រណ៍អាហារខ្មែរនេះក៏ជាចលនាជាតិ ដើម្បីលើកកម្ពស់ ផលិតផលក្នុងស្រុក ជួយពង្រីកទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។ ពិធីបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា២០២៦ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍ កោះពេជ្រ ក្រោមវត្តមានឯកឧត្តម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធាន វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ផ្នែកសុខាភិបាល, ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ប្រធានគណៈកម្មាធិការយុទ្ធនាការខ្មែរត្រូវតែ ខ្លាំង យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង, ឧកញ៉ា លូ ម៉េង សហប្រធានវេទិការាជរដ្ឋាភិបាល វិស័យឯកជនផ្នែកទេសចរណ៍ និងមានអ្នក ចូលរួមផ្សេងៗជាច្រើនទៀត។លោក ទេព សុផារ៉ា ប្រធានប្រតិបត្តិពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនេះរៀបចំ ឡើងដើម្បីលើកស្ទួយអាហារខ្មែរ គាំទ្រសហគ្រិនអាហារកម្ពុជា និងផលិតផលក្នុងស្រុក លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបង្កើតមូលនិធិជួយដល់គ្រួសារជនភៀសសឹក ដែលកំពុងត្រូវការការគាំទ្រពីសង្គមជាតិ។ កម្មវិធីនេះមិនមែនគ្រាន់តែជា ពិព័រណ៍អាហារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចលនារូបរួមរបស់ប្រជាជនខ្មែរ, នៅពេលយើងគាំទ្រអាហារខ្មែរ យើងកំពុងគាំទ្រសហគ្រិន ខ្មែរ ការងារខ្មែរ គ្រួសារខ្មែរ សេដ្ឋកិច្ចខ្មែរ វប្បធម៌ខ្មែរ និងមនុស្សធម៌ខ្មែរ ក្នុងនោះការចូលរួមទិញអាហារ និងការគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការចូលរួមធ្វើអំពើល្អសម្រាប់សង្គមជាតិដោយផ្ទាល់។   ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា លើកឡើងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា២០២៦ មានគោលបំណងចង់ឱ្យ អាហារខ្មែរបានរីកចម្រើន ហើយមិនត្រឹមតែក្នុងប្រទេសនោះទេ គឺចង់ជំរុញដល់ការនាំចេញទៅកាន់ពិភពលោកទាំងមូល, បញ្ហានេះ យើងត្រូវរួបរួមគ្នាធ្វើឱ្យម្ហូបអាហារឱ្យមានទីផ្សារ ទើបទំនិញរបស់យើងអាចរស់បាន ហើយបើសិនគ្មានទីផ្សារនោះទេ ការដាំដុះក៏មិន រីកចម្រើន ការកែឆ្នៃក៏មិនច្បាស់ ហើយកម្ពុជាក៏គ្មានទីផ្សារច្បាស់លាស់ផងដែ។ ដូច្នេះតាមរយៈមហាយុទ្ធនាការនេះ នឹងចូលរួម ចំណែកជួយដល់វិស័យម្ហូបអាហារខ្មែរ តាមរយៈការបំផុសស្មារតី និងទឹកចិត្តឱ្យមើលឃើញពិភពលោកគឺជាទីផ្សាររបស់ខ្មែរ។ឧកញ៉ា លូ ម៉េង មេចុងភៅ និងជាក្រុមការងារផ្នែកទេសចរណ៍ (ក្រុមខ) លើកឡើងឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជានាពេលនេះ គឺមានចុងភៅជាច្រើនមកប្រកួតប្រជែង ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួម ភ្លក្សនូវរសជាតិម្អូបអាហារខ្មែរឱ្យបានគ្រប់ៗគ្នា ដែលតាមរយៈនេះក៏ជាការបង្ហាញឱ្យឃើញអំពីការរីកម្រើនវិស័យម្អូបអាហារនៅកម្ពុជា ក្នុងនោះមិនត្រឹមមានម្ហូបអាហារស្រស់ៗប៉ុណ្ណោះទេ កម្ពុជាក៏មានប្រភេទអាហារវេចខ្ចប់ និងអាហារក្រៀមជាដើម ដែលបានកំពុងលក់ លើទីផ្សារ និងមានប្រភេទអាហារខ្លះក៏បានការនាំចេញផងដែរ ដូច្នេះការចូលរួមគាំទ្រពីប្រជាពលរដ្ឋ គឺជាកាតាលីករជួយជំរុញវិស័យ អាហារខ្មែរឱ្យរីកចម្រើន៕អត្ថបទ៖ សុន រ៉ាឌី,

ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

2026/07/18 02:59:05 am        131
ផ្លូវជនបទដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់អត្ថប្រយោជន គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយ។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំដោយក្រាលកៅស៊ូ DBST ផ្លូវចំនួន ៥ ខ្សែ ប្រវែងសរុបជាង ១៥៣ គីឡូម៉ែត្រ ស្ថិតនៅស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី, ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លំាង លើការស្ថាបនាផ្លូវជនបទ ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និង ជួសជុលជាដើម ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាព ប្រទាក់ក្រឡា ជាពិសេសទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់គាំទ្រ ដល់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម ។ទាក់ទងគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តលើការងារថែទាំជា ប្រចាំ របស់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលនេះបង្ហាញឱ្យឃើញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ បង្កើតនូវសុខដុមរមនានៅក្នុងសង្គម និងបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅជនបទ។ ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនេះដែរ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តការគាំទ្រ ដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវជនបទ ព្រមទាំងការស្តារស្រះ និងជីកស្រះ អណ្តូងទឹក ដើម្បីទប់ទល់និងភាពរាំស្ងួត និង ទឹកជំនន់ជាដើមផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ចំពោះការថែទាំនៅក្នុងដំណាក់កាលបន្ទាប់ លើបណ្តាញផ្លូវទាំង៥ខ្សែខាងលើ នេះ សូមឱ្យអ្នកទទួលការ យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀត និងពិនិត្យមើលបណ្តាញផ្លូវទាំងអស់ឱ្យបានល្អិតល្អន់ ប្រសិនមាន កន្លែងដែលខូចខាត ត្រូវជួសជុលជាបន្ទាន់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការរកស៊ីទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ជាដើម៕

សម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ

2026/07/18 02:50:09 am        103
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយការធ្វើសកម្មភាពឯកឯងនោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយការធ្វើសកម្មភាពឯកឯងនោះទេ។ លក្ខណៈឆ្លងដែននៃកាលានុវត្តភាព និង បញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដែលកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ទទួលខុសត្រូវរួមគ្នា និងភាពជាដៃគូជាក់ស្ដែង។សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដែលជួយសម្រួលដល់ការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ការស្រាវជ្រាវរួម និងការវិនិយោគប្រកបដោយគោលដៅច្បាស់លាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងរីកលូតលាស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា សម្រាប់គោលដៅអនាគត កម្ពុជាសូមគូសបញ្ជាក់ពីអាទិភាពជាក់ស្ដែងចំនួន៣ ដើម្បីតម្រង់ទិសដៅ នៃសកម្មភាពរួមរបស់យើង៖- ទី១ យើងត្រូវភ្ជិតគម្លាតឌីជីថល ដោយធានាថា ប្រទេសកំពុងអភិវឌ្ឍមានលទ្ធភាពយ៉ាងពេញលេញ និងសមធម៌ក្នុងការចាប់យកបច្ចេកវិទ្យា AI ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍មូលដ្ឋានដើម្បីធានាថា គ្មានប្រទេសណាមួយត្រូវបានទុកចោលនៅក្នុងយុគសម័យ AI នេះឡើយ- ទី២ យើងត្រូវ វិនិយោគយ៉ាងខ្លាំងក្លាលើមូលធនមនុស្ស តាមរយៈការផ្ដោតលើការអប់រំជំនាញឯកទេស ការលើកកម្ពស់អក្ខរកម្មឌីជីថល ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និងការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែក AI។ យើងនឹងអាចពូនជ្រំធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អនាគត។ មូលធនមនុស្ស នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់នវានុវត្តន៍ AI ប្រកបដោយការទទួលខុសត្រូវ និងបរិយបន្ន។ - ទី៣ យើងត្រូវកសាងក្របខ័ណ្ឌអភិបាលកិច្ច ប្រកបដោយសុភនិច្ឆ័យ បរិយាបន្ន ភាពបត់បែន និងភាពទុកចិត្តបាន។ យន្តការច្បាប់របស់យើងត្រូវឆ្លើយតបទៅនឹងពិពិធភាពនៃតម្រូវការសេដ្ឋកិច្ចរបស់សង្គមនីមួយៗ ក្របខ័ណ្ឌទាំងនេះត្រូវតែការពារសិទ្ធិមូលដ្ឋាន ធានាបាននូវការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងពង្រឹងទំនុកចិត្តសាធារណៈ តែក៏មិនបង្កជាឧសគ្គដល់ស្មារតីនៃនវាវត្តន៍បច្ចេកវិទ្យានោះទេ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូងលើកិច្ចព្រមព្រៀងស្ដីពី ការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញ អនាគតនៃ AI ប្រកបដោយនវនុវត្តន៍ បរិយាបន្ន សុវត្ថិភាព និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យជាតិ តាមរយៈភាពជាដៃគូដ៏ស្មោះត្រង់ ការកសាងទំនុកចិត្ត ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង យើងនឹងរួមគ្នាធានាឱ្យបានថា AI នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលដើម្បីសម្រេចបាននូវវិបុលភាពរួម និងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់មនុស្សជាតិទាំងអស់គ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM