សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

អន្តរក្រសួង ធ្វើសិក្ខាសាលាពិគ្រោះយោបល់ ពីគោលនយោបាយសង្ខេបទាក់ទងយេនឌ័រ និងសុខភាព

2024/08/23 01:06:10 pm        395
អន្តរក្រសួង រួមមានក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងផែនការ ដោយមាន​ការ​គាំទ្រ​ពី​អង្គការ វ៉ាយថលស្ត្រេតធីជី (Vital Strategies) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី អនុ​សាសន៍គោលនយោបាយសង្ខេបចំនួន ៥ ទាក់ទងយេនឌ័រ និងសុខភាព។ ក្នុងពិធីបើកសិក្ខាសាលានៅថ្ងៃនេះ លោកជំទាវ ច័ន្ទ សុរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បាន​លើកឡើងថា ជាបន្តបន្ទាប់ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំ​អនុសាសន៍​គោល​នយោបាយចំនួន ៥ រហូតបានទទួលជោគជ័យ និងបានដាក់​ពិគ្រោះយោ​បល់​បន្ថែម​នា​ថ្ងៃ​នេះ​។ អនុសាសន៍គោលនយោបាយទាំង ៥ រួមមាន ការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និង​កុមារ​រង​គ្រោះ​ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការជំរុញការ​លប់​បំបាត់​ជំងឺ​មហារីក​មាត់​ស្បូន ដើម្បី​សង្គ្រោះ​ជីវិតស្រ្តី ការកាត់បន្ថយអត្រា​មរណ​ភាព​មាតា និង​ទារក​ដោយ​លើក​កម្ពស់​សុខ​ភាព​អាហា​រូបត្ថម្ភ សម្រាប់ស្រ្តីអាយុ១៥-៤៩ ឆ្នាំ ការកាត់បន្ថយ​ផល​ប៉ះពាល់​ពី​អាពាហ៍​ពិពាហ៍​នៅ​វ័យ​ក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការលើក​កម្ពស់​តួនាទីស្រ្តី​ជា​ថ្នាក់ដឹកនាំ និង​អភិបាល​កិច្ច​ក្នុង​វិស័យ​សុខាភិបាល។អនុសាសន៍គោលនយោបាយសង្ខេបទាំង៥ខាងលើ ក៏បានឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តយក «មនុស្ស» ជាអាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោត​សំខាន់ទៅលើ «ការអភិវឌ្ឍមូល ធនមនុស្ស» ដែលគិតគូរទៅលើ ការលើក​កម្ពស់​សុខភាព និង​សុខុមាលភាពប្រជាជន និងការពង្រឹងប្រព័ន្ធ គាំពារសង្គម ។ នាពេល​ថ្មីៗនេះ ក្រសួងកិច្ចការនារី បានដាក់ឲ្យប្រើប្រាស់ផែនការយុទ្ឋសាស្រ្ត នារីរតនៈទី៦ (២០២៤-២០២៨)ផងដែរ ។ ផែនការនេះ មានការចូលរួមអនុវត្តពហុវិស័យ ដោយ​ក្នុង​នោះ​ក៏​មាន​សកម្មភាពដែលទាក់ទងការរៀបចំគោលនយោបាយ យេនឌ័រនិងសុខភាព៕ អត្ថបទ៖ គឹមហុក

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីព្រឹកនេះ សម្រេចអនុម័តលើសេចក្តីព្រាងច្បាប់​ស្តីពីប្រព័ន្ធទឹកកខ្វក់

2024/08/23 12:58:38 pm        212
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ កិច្ចប្រជុំនា​ឱកាសនេះ បានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដោយក្នុងនោះ “សេចក្តីព្រា​ង​ច្បាប់​ស្តីពី​ប្រព័ន្ធទឹកកខ្វក់” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត ឱ្យបន្ត​នីតិ​វិធី​ក្នុង​ការ​ស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និង​អាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។សេចក្តី​ព្រាង​ច្បាប់នេះ បន្ទាប់ពីបានអនុម័ត និងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថា និង​ក្លាយ​ជា​ឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់កំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការ​ជួស​ជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំ​ណង​ធានា​ប្រសិទ្ធ​ភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវសុខមាលភាព សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ 

មូលដ្ឋានសុខាភិបាលនៅខេត្តកណ្តាលទទួលការគាំទ្រច្រើនពីពលរដ្ឋលើការផ្តល់សេវារយៈពេល១ឆ្នាំនេះ

2024/08/23 12:46:48 pm        184
ក្រោយពីបានអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអណត្តិទី៧ លើ​កិច្ចការ​ពង្រីក​ថែ​ទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្នុងរយៈពេលមួយឆ្នាំមកនេះ មូល​ដ្ឋាន​សុខាភិបាលនៅខេត្តកណ្តាល គឺបានអនុវត្តការផ្តល់សេវា និងបានសម្របសម្រួល ជូន​ពលរដ្ឋ​ទូទៅ ​មកទទួលសេវា បានច្រើនជាងបណ្តាឆ្នាំកន្លងមក និងទទួល​បាន​ការ​គាំទ្រ​ផ្តល់​សេចក្តី​ទំនុក​ចិត្ត​ខ្ពស់​ពីបណ្តាពលរដ្ឋ។លោក វេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជម្នះ ខេត្តកណ្តាល បានថ្លែង​ប្រាប់​BT​V​នៅ​ថ្ងៃ​ទី២៣ ខែសីហានេះថា នៅក្នុងដំណើរកាអនុវត្តគោលនយោបាយអាទិភាព របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ក្នុងរយៈពេល១ឆ្នាំមកនេះ មន្ទីរ​ពេទ្យបានខិតខំអនុវត្ត និងបានធ្វើមូលដ្ឋានសុខាភិបាលបានទទួលបានការគាំទ្រ និងមាន​ពលរដ្ឋ​បាន​ចូលមកទទួលសេវាថែទាំសុខភាពមានចំនួនកើនឡើងខ្លាំងបណ្តាឆ្នាំកន្លងមក ក្នុង​ពលរដ្ឋ មកទទួលសេវាដោយប្រើបណ្ណ ប.ស.ស និងមូលនិធិសមធម៌ បណ្ណក្រីក្រ មាន​ចំនួន​ច្រើន​ជាង អ្នកប្រើប្រាស់ថវិកាបង់ថ្លៃសេវាថែទាំសុខភាព។បើតាមស្ត្រីជាម្តាយចូលសម្រាលកូនតាមមូលដ្ឋានសុខាភិបាលនោះ ក៏បានថ្លែងដែរថា បច្ចុប្បន្ន​ពលរដ្ឋ​មាន​ការពេញចិត្តចំពោះ ក្រសួងសុខាភិបាល ពិសេសប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បាន​អនុវត្តគោលនយោបាយផ្តល់បណ្ណ ប.ស.ស បណ្ណមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ គឺ​បាន​ទទួលសេវាសម្រាកព្យាបាលដោយមិនគិតថ្លៃ មានប្រាក់ឧបត្ថម្ភបន្ថែម ហើយ​ក្រុម​ពេទ្យ​មាន​ការ​ផ្តល់​សេវាល្អ ដូចៗគ្នា មានទំនុកចិត្តខ្ពស់។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញ​អនុវត្ត​កម្ម​វិធី​គោល​នយោបាយ​ជា​អាទិភាព​ចំនួន៦ ក្នុងនោះ គោលនយោបាយអាទិភាពទី១ គឺការពង្រីក​សេវា​ថែ​ទំា​សុខ​ភាព​ឆ្ពោះទៅ​​រកកា​រគ្រ​ប​ដណ្តប់សុខភាពជាសកល ហើយកម្មវិធីនេះ គឺធ្វើឡើងស្របតាម​កម្ម​វិធី​គោល​នយោបាយ​អង្គការ​សុខាភាពពិភពលោក WHO ដែលបច្ចុប្បន្នគឺបាន និងកំពុងជំរុញបណ្តាប្រទេស ផ្តល់​សេវា​សុខាភិបាល ពិនិត្យថែទាំសុខភាព និងព្យាបាលជំងឺជូនអ្នកជំងឺទាំងអស់គ្នា និងដូចៗគ្នា ពី​រាជ​រដ្ឋាភិបាល បើទោះ ពលរដ្ឋនោះ ឬអ្នកជំងឺ មាន ឬមិនមានថវិកាក៏ដោយ៕ អត្ថបទ ស៊ុម សុខជា 

ទេសចរជាតិ៖ ខេត្តរតនគិរីផ្លាស់មុខមាត់ និងរីកចម្រើនច្រើនបើធៀបនឹងជាង ១០ឆ្នាំមុន

2024/08/23 12:33:41 pm        150
ទេសចរជាតិ ដែលទៅទស្សនាកម្សាន្តនៅខេត្តរតនគិរី លើកឡើងថា ខេត្តរតនគិរី​ដែល​ជា​ខេត្ត​មួយ​មាន​ចម្ងាយ​ឆ្ងាយជាងគេកំពុងផ្លាស់មុខមាត់ និងរីកចម្រើនច្រើនបើ​ធៀប​នឹង​ជាង​១០​ឆ្នាំ​កន្ល​ង​ទៅ​។ក្នុងពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅ​ប្រទេស​បន្ត​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើសេដ្ឋកិច្ច, ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ ដែលផ្ទុយ​ពី​ក្រុម​មួយ​ក្តាប់​តូច​ចោទ​ថា​បាត់​បង់​ទឹកដី​ប្រទេស​កម្ពុជា​ តាមរយៈ​ខេត្ត​ទាំង៤​ដែល​ត្រូវដាក់បញ្ជូលក្នុងគម្រោងនេះ។ ជាក់ស្តែង តាមរយៈក្រុមការងារ​BT​Vបា​ន​ទៅដ​ល់​ទឹក​ដី​ខេត្ត​រតនគិរី និងជួបសម្ភាសន៍ជាមួយទេសចរណ៍ជាតិដែលទៅលេងកម្សាន្តនៅខេត្តរតនគិរី ពួក​គាត់បានឱ្យដឹងថា ដោយសារតែរដូវ​នេះ​ពួក​គាត់​ទើប​តែ​បញ្ចប់​ការ​ដាំដុះនៅឯស្រុក​កំណើត​នា​ខេត្ត​បាត់ដំបង ដូច្នេះបានរៀបចំការដើរកម្សាន្តទៅខេត្តភាគឦសាន។ទេសចរណ៍ជាតិ លើកឡើងថា ខេត្តរតនគិរីក្នុងរយៈពេលជាង១០ឆ្នាំចុង​ក្រោយនេះ​ពិត​ជាមាន​ការ​ផ្លាស់​ប្តូរ​មុខមាត់ សោភ័ណភាព និងកសាងផ្លូវបានស្អាតជាងមុនដែលជួយឱ្យ​ការធ្វើ​ដំណើរ​កាន់​តែ​រហ័ស។សូមជម្រាបថា ខេត្តរតនគិរីមានចំងាយជិត៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្ត​រតនគិរី​មាន​តំបន់​ទេសចរណ៍ចំនួន ១៤កន្លែង ដូចជា បឹងយក្សឡោម, ទឹក ជ្រោះកាចាញ, ទឹកជ្រោះចាអ៊ុង, ទឹកជ្រោះអូរស៊ិនលែរ៍, និងឧទ្យានជាតិវីរជ័យជាដើម ខណៈក្នុងចំណោមនោះមាន៥កន្លែង ដែល​កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តច្រើនជាងគេ គឺបឹងយក្សឡោម, អូរសិនលែរ៍, ទឹកជ្រោះកាចាញ, ទឹកជ្រោះចា អ៊ុង និង ទឹកជួរតាតតៃ ដែលមានភ្ញៀវទេសចរ​ទៅ​លេង​ក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់៕ 

ពលរដ្ឋបង្ហាញការគាំទ្រសម្តេចធិបតី ផ្តល់ការធ្វើដំណើរទស្សនាការអភិវឌ្ឍខេត្តតំបន់ CLV

2024/08/23 12:18:03 pm        151
ក្រោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេច​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ដំណើរ​កម្សាន្ត​នៅតាមបណ្ដោយព្រំដែន CLV-DTA ដោយឥតគិតកម្រៃសេវា នៅរៀងរាល់​ចុង​សប្ដាហ៍​ គិតចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ នៅពេលនេះ មានបណ្តា​ពលរដ្ឋ​ក្នុង​ចំណោម​ប្រកបរបរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានការចាប់​អារម្មណ៍​ចង់​ទស្សនា​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​នៅ​ភូមិ​ភាគ​ឥសាន្តប្រទេសកម្ពុជនេះ។ពលរដ្ឋ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៣ ខែ​សីហានេះដោយបង្ហាញការ គាំទ្រចំពោះដំណើរកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA ហើយស្រប​ពេល​ប្រមុខ​ថ្នាក់​ដឹកនាំ​ប្រកាស​រៀបចំ​កម្ម​វិធី​ដំណើរ​កម្សាន្តទស្សនាការអភិវឌ្ឍនៅតាមខេត្តទាំងបួនរួមមានខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង ដោយមិនមានគិតថ្លៃ គឺធ្វើឲ្យពលរដ្ឋមានពេញចិត្តចង់ទៅទស្សនា ដើម្បី​មើល​ទិដ្ឋភាពការអភិវឌ្ឍន៍ជាក់ស្តែង ស្គាល់ទឹកដី ភូមិសាស្ត្រ និងរបៀប​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន។សូមបញ្ជាក់ថា ការរៀបចំកម្មវិធីដំណើរកម្សាន្តនៅតាមបណ្ដោយព្រំដែនដោយឥតគិតកម្រៃសេវា នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ បានធ្វើឡើង​ខណៈ​ក្នុង​រយៈ​ពេល​ជិត​៣០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍន៍តំបន់ព្រំដែន និងសាងសង់​ផ្លូវ​តាម​ព្រំដែន​កម្ពុជា ថៃ បានប្រវែងជាង ៤៥៥ គ.ម ចំណោមផ្លូវ ៥០៩ គ.ម ផ្លូវព្រំដែនកម្ពុជា ឡាវ ស្ថាបនាបានប្រវែងជាង ១៧៩ គ.ម ក្នុងចំណោមផ្លូវ៣៧៧ គ.ម និងផ្លូវតាមព្រំដែនកម្ពុជា វៀតណាម ស្ថាបនាបានប្រវែងជាង ៦៨៥ គ.ម ក្នុងចំណោមផ្លូវ ១០៨៩ គ.ម៕ អត្ថបទ ស៊ុម សុខជា 

រដ្ឋមន្រ្តីបីរូប ចុះពិនិត្យផ្ទាល់រោងម៉ាស៊ីនកិនស្រូវចំនួន២កន្លែង នៅកំពង់ស្ពឺ

2024/08/23 11:59:28 am        240
ក្នុងគោលបំណងដើម្បីជំរុញដល់ការនាំចេញ ក៏ដូចជាផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជា រដ្ឋមន្រ្តីចំនួន ៣រូប រួមមាន៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវតន៍ , ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ញើញធ្វើដំណើរទស្សនកិច្ចទៅកាន់រោងម៉ាស៊ីនស្រូវចំនួនពីរដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។លោក កាន់ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោយចប់ដំណើរទស្សនកិច្ច កាលពីរសៀលថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ នៅក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានឲ្យបណ្តាញអ្នកសារព័ត៌មានដឹងថា នេះគឺជាប្រវត្តិសាស្រ្ត និងជាលើកទី១ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបំពេញការងារបែបនេះផ្ទាល់រួមគ្នា ក្នុងគោលបំណង គឺដើម្បីពិនិត្យមើលទិដ្ឋភាពនៃសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជាដោយឈរលើមូលដ្ឋាន (ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមាននិរន្តរភាព ព្រមទាំង ប្រាក់ចំណេញ ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយនានា)។ លោកសង្ឃឹមថា បន្ទាប់ពីទស្សនកិច្ចនេះ រាជរដ្ឋាភិបាលនឹងឃើញការអភិវឌ្ឍ និងវឌ្ឍនៈភាពរោងចក្រកិនកែច្នៃអង្ករ អង្ករកម្ពុជានឹងឈានទៅមួយជំហានទៀត ដែលព្យាយាមធ្វើយ៉ាងម៉េចប្រម៉ូតអង្ករខ្មែរឲ្យកាន់តែល្បីទៅទីផ្សារផ្សេងៗទៀត ដូចដឹងហើយថា វិស័យស្រូវ អង្ករនេះ គឺពាក់ព័ន្ធជាមួយក្រសួង ស្ថាប័នច្រើនណាស់ក្នុងការជួយជំរុញ និងសហការគ្នាដើម្បីសម្រេចបានជោគជ័យទាំងអស់គ្នា។លោក កាន់ គន្ធី បានបង្ហើបឲ្យដឹងទៀតថា នៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំវេទិការស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងឱកាសស្វែងយល់អំពីឧស្សាហកម្មអង្ករកម្ពុជា បង្កើតបណ្តាញ និងពិភាក្សាអំពីគោលនយោបាយ និងការវិនិយោគអង្ករកម្ពុជា។គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ប្រទេស មានទំហំប្រមាណជាង ៣៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ៕ អត្ថបទ ឈិត បូរ៉ាវី

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅ​ដ៏ត្រឹមត្រូវ​ចំពោះ​សុខុមាលភាពស្រ្ដី

2024/08/23 11:53:27 am        152
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជ​រដ្ឋាភិបាលកម្ពុជា បានគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវចំពោះសុខុមាលភាពស្រ្ដី ក្នុង​ក្របខណ្ឌគ្រប់ជ្រុងជ្រោយអាស៊ានស្ដីពី «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព» ដែលត្រូ​វបា​ន​បង្កើត​ឡើងនៅឆ្នាំ២០២១ ដោយ​កម្ពុជា​បន្ត​គាំទ្រ​ចំពោះ​ការ​បោះជំហាន​ជា​យុទ្ធសាស្រ្ដ​នៅ​ក្នុង​ទិស​ដៅ​ដ៏ត្រឹមត្រូវនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ត្រីអាស៊ានលើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ច​ដែល​គិតគូរ​ពី​សុខុមាល​ភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥»នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២៤​នេះ។តាមរយៈសុន្ទរកថាសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញការជឿជាក់ថា លទ្ធផលគន្លឹះ​ដែល​ទទួល​បាន​ពីកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធសំខាន់ៗ នឹងក្លាយទៅជា​ធាតុ​ចូល​ដ៏​មាន​តម្លៃ​សម្រាប់​ថ្នាក់​ដឹកនាំអាស៊ាន ក្នុងការលើកកម្ពស់ និងទទួលស្គាល់តម្លៃនៃការងារមើលថែ ទាំងបាន​ប្រាក់​កម្រៃ និងមិនបានប្រាក់កម្រៃ ក៏ដូចជាការងារបម្រើតាមផ្ទះរបស់ស្រ្ដីផងដែរ។ សម្ដេច​ធិបតី​មាន​ប្រសាសន៍​ដោយមោទនភាព​ចំពោះ​វេទិកា​នេះ​ថា​ការ​សម្រេច​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាស៊ាន ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពសម្រាប់ប្រជាជនអាស៊ាន ដើម្បី​រៀបចំអាស៊ានឱ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់ និងនិរន្តរភាព ក្នុងការឆ្លើតតប​ទៅ​នឹង​វិបត្តិ​ស្មុគ​ស្មាញ និងបញ្ហាប្រឈមថ្មីៗ ខណៈសេដ្ឋកិច្ចដែលគិតគូរពីមុខុមាលភាព បានឆ្លើយ​តប​នឹង​គោល​ដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ជាច្រើន។សម្ដេចជម្រាបថា គោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់​កាលទី១ ក៏មានបេសកកម្ម និងគោលបំណងរួមគ្នា ជាពិសេសលើកិច្ចខិតខំប្រឹងប្រែង ក្នុង​ការផ្ដល់ការការពារសង្គម សម្រាប់ស្រ្ដីទាំងអស់គ្នា។ សម្ដេចបន្តថា ថ្មីៗនេះ រាជ​រដ្ឋាភិបាល​កម្ពុជា ទើបតែបានដាក់ចេញនូវ ផែនការបង្ហាញផ្លូវឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាពជាសកល ២០២៤-២០៣៥ កម្មវិធី និងគម្រោងមួយចំនួនត្រូវបានដាក់ចេញរួមមាន ការពង្រីក​មូល​និធិ​សុខុមាលភាពសុខាភិបាលសម្រាប់គ្រួសារដែលងាយរងគ្រោះ និងសេវា​ថែទាំសុខ​ភាព​ ដើម្បី​សម្រេច​បាន​នូវការគ្របដណ្ដប់សុខភាពជាសកលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សា​លើរបៀបវារៈចំនួន៤

2024/08/23 11:30:26 am        211
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និង​ពិភាក្សាលើរបៀបវារៈចំនួន៤ ៖ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួច​ជាកញ្ចប់​ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ទី៣. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជាភាគី នៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការ​សហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់​ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃ ការផ្តល់អនុលោមភាព ដោយឈរ​លើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ទី៤. បញ្ហាផ្សេងៗ។

រាជរដ្ឋាភិបាលប្រកាសផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដដើម្បីលើកស្ទួយជីវភាពពលរដ្ឋ

2024/08/23 10:44:19 am        263
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងផ្តល់ដី​សម្បទាន​សង្គមកិច្ចជូន ដល់បងប្អូនប្រជាពលរដ្ឋណាដែលខ្វះដីពិតប្រាកដ ដើម្បីជាការ​លើក​ស្ទួយ​ជីវភាពរបស់បងប្អូន និងដើម្បីផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយការពារ និង​ថែ​រក្សា​ដីរដ្ឋ និងដីព្រៃពីការកាន់កាប់ និងទន្រ្ទានពីក្រុមខិលខូចជាដើម។តាមរយៈសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃ​រដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចមួយទៀត ដែលឲ្យ​ឈ្មោះ​ថា«កម្មវិធីផ្តល់ ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» ហើយក្រោយរាជ​រដ្ឋាភិបាល​ផ្តល់​ជូន​ហើយ រាជរដ្ឋាភិបាល នឹងជួយធ្វើការអភិវឌ្ឍនៅកន្លែងនោះផងដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវភាពរបស់បងប្អូនខ្មែរកាន់តែល្អប្រ សើរបន្ថែមទៀត​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​រា​ជរដ្ឋាភិបាលអាណត្តិទី៧នីតិកាលនៃរដ្ឋសភានេះ។បើតាមសម្តេចធិបតី បានឲ្យឡើងទៀតថា តាមរយៈនៃការផ្តល់ដីសម្បទានសង្គមកិច្ចនេះ​គឺ​រាជរដ្ឋាភិបាល​អាចពន្លត់បញ្ហាពីរក្នុងពេលតែមួយដោយទី១ពលរដ្ឋដែលខ្វះដីពិតប្រាកដ ដោយ​នឹង​ទទួលបានដីអាស្រ័យផលទាន់ពេលវេលា ខណៈកម្មវិធីនេះគឺជាការរៀបចំយន្តការថ្នាក់ជាតិ ដែល​មាននាយករដ្ឋមន្រ្តីធ្វើជាប្រធានដើម្បីធានានូវភាពត្រឹមត្រូវ សុក្រឹត្យភាព។ មួយវិញទៀតយន្តការនេះក៏ជាឱកាសរបស់រាជរដ្ឋាភិប្រើប្រាស់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ច​ការពារតំបន់ធម្មជាតិ និងដីរដ្ឋផ្សេងៗទៀត ដែលពួកគាត់តាំងទីលំនូវដ្ឋាននៅទីនោះផងដែរ។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា កម្មវិធីថ្មីនេះគឺជាការគិតគួរដល់ភូមិភាគឦសាន និង​តំបន់មួយចំនួនទៀតដែលមានការចាំបាច់នៅក្នុងការការពារនូវធនធានធម្មជាតិ ក៏ដូចជា​ការ​ជំរុញ​ការអភិវឌ្ឍនប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយទាក់ទង​នឹង​កិច្ច​ការងារ​នេះ​ដែរ​រាជរដ្ឋាភិបាលនឹងចាប់ផ្តើមេរៀបំគោលការណ៍អនុវត្ត ដោយសង្ឈឹមថានឹ​ង​អនុវត្ត​នៅ​ក្នុង​ដំណាច់​ឆ្នាំ​២០២៤នេះតែម្តង៕ អត្ថបទ បាន ចក់

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងចំណាយថវិកា១០០លានដុល្លារទៀត សម្រាប់ចុះបញ្ជីដី​ជូនប្រជាពលរដ្ឋ

2024/08/23 10:02:15 am        215
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ក្នុងរយៈពេល ១២​ខែ​​មកនេះរាជរដ្ឋាភិបាលអាណត្តិទី៧ បានចុះបញ្ជីដីជូនបងប្អូនប្រជាពលរដ្ឋ​បាន​ជាង២​លាន​ក្បាល​ដី និងចេញបណ្ណបានជិត៥៩ម៉ឺនបណ្ណ ហើយសម្តេច​រំពឹងថា​នឹង​បញ្ចប់​ការ​វាស់វែង​ប្រមាណ​ជាង​២​លាន​៥សែនក្បាលដីទៀតដែលនៅសេសសល់នាដំណាច់ឆ្នាំ២០២៥ នឹងត្រូវប្រើប្រាស់​ថវិកា​មួយ​រយលានដុល្លារអាមេរិក។ថ្លែងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃ​រដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ដើម្បីលុបបំបាត់នូវភាពចម្រូងចម្រាស់ និងទំនាស់ដីធ្លីនៅកម្ពុជានោះ រាជរដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើយ៉ាងណា ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដោយក្នុងដំណាក់​កាល​នេះ​បាន​និងកំពុងប្រើប្រាស់ កម្លាំងចម្រុះជាងប្រាំពាន់នាក់។ដោយឡែកចំពោះការទន្រ្ទានយកដីរដ្ឋ និងកាន់កាប់រំលោភដីរដ្ឋវិញ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​ឲ្យដឹងថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាល​បាននិងកំពុង​បន្ត​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​ទន្រ្ទាន​យក​ដីរដ្ឋ ដីព្រៃឈើ ដីតំបន់ការពារធនធានធម្មជាតិ និងបឹងទន្លេសាបជាដើម។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានជំរុញការចុះវាស់វែងកំណត់ព្រំ និងចុះបញ្ជីដី​ឲ្យ​បាន​ចង់​សព្វ​គ្រប់​នា​ពេល​ខាង​មុខដើម្បី ឈានទៅដល់ការបញ្ចប់ទំនាស់រវាងដីរដ្ឋ និងឯកជនផងដែរ។យ៉ាងណាក៏ដោយតាមរយៈក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់​រាជ​រដ្ឋាភិបាល​នីតកាល​ទី៧​នៃរដ្ឋសភា សម្តេចធិបតីក៏បានអំពាវនាវ​យ៉ាង​ទទួច​ជា​ថ្មី​ម្តង​ទៀត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ទាំងអស់ត្រូវក៏ដូចជាប្រជាពលរដ្ឋ គប្បីត្រូវចូលរួម​ទប់​ស្កាត់​ការ​ទន្រ្ទាន់​ដី​រដ្ឋ និងដីនៅតាមបឹងទន្លេសាប ខណៈត្រងន័យនេះត្រូវបានសម្តេចធិបតីចាត់ទុកថា ការចូលរួ​ម​ថែ​រក្សា និងទប់ស្កាត់នូវការទន្រ្ទាន់យកដីតាមបឹងទន្លេសាបក៏ដូចជាព្រៃលិច ទឹកគឺ​ជា​ការ​ចូល​រួម​រក្សា​នូវ​ធន​ធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋយើងក៏ដូចជាសន្តិ សុខទឹក​សម្រា​ប់​ប្រើ​ប្រាស់ និងស្រោយស្រព​ព្រម​ទាំង​រក្សា​បាន​នូវតុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តាម​បឹង​ទន្លេសាប​ផង​ដែរ​៕ អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM