សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំការងារប្រចាំខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

2024/08/22 10:01:47 pm        78
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត សម្រាប់សមិទ្ធផលសំខាន់ៗរយៈពេល ១ឆ្នាំ គិតត្រឹមថ្ងៃនេះ ក្នុងវិស័យសុខាភិបាល សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីម្តងទៀត ដោយមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិកសុខាភិបាលទាំងអស់ទាំងថ្នាក់ជាតិ-ក្រោមជាតិ គាំទ្រយ៉ាងពេញទំហឹងអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញពីក្តីរីករាយចំពោះវឌ្ឍនភាព មួយឆ្នាំដំបូង ក្នុងអាណតិ្តទី៧ នៃរដ្ឋសភា លើវិស័យសុខាភិបាល ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ជូនជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលជាយុទ្ធសាស្ត្រគន្លឹះ និងអាទិភាពក្នុងយុទ្ធសាស្ត្រសំខាន់ៗទាំង៦ របស់រាជរដ្ឋាភិបាល។ ការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាគោលដៅក្នុងការសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage, UHC) និងសំបូរបែបក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទាំងសេវាសាធារណៈ និងឯកជន ជាពិសេសនៅតាមមណ្ឌលសុខភាពទាំងអស់ ត្រូវបើកដំណើរ ២៤ម៉ោង លើ២៤ម៉ោង ក្នុង៧ថ្ងៃ ដើម្បីចូលរួមក្នុងការផ្តល់សេវាសាធារណៈកាន់តែទូលំទូលាយថែមទៀត។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានអង្គភាពថ្នាក់កណ្តាល នាយកមន្ទីរពេទ្យជាតិ និងឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ នៃក្រសួងសុខាភិបាល៕អត្ថបទ រដ្ឋា

រាជរដ្ឋាភិបាលនឹងចេញលុយឲ្យ ពលរដ្ឋទៅលេងកម្សាន្តនៅខេត្តភូមិភាគឦសានជារៀងរាល់ចុងសប្តាហ៍ រហូតដល់ចុងឆ្នាំ២០២៤នេះ

2024/08/22 09:16:22 pm        550
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងរៀបចំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទៅដើរលេងកម្សាន្តនៅតាមបណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាលកាត់ឲ្យវៀតណាមនោះជារៀងរាល់ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ ហើយកម្មវិធីនឹងមានការចុះឈ្មោះបន្ទាប់នាពេលខាងមុខនេះ។ ក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«រាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ រដ្ឋនឹងមានកម្មវិធីដឹកពលរដ្ឋ ដោយឥតគិតថ្លៃទៅទស្សនាខេត្តទាំង បួន គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នោះ ដើម្បីដឹងរឿងពិត ហើយដំណើរកំសាន្តនេះរដ្ឋនឹងផ្គត់ផ្គង់ថ្លៃចំណាយ អាហារហូបចុក ការស្នាក់នៅ ដើម្បីឱ្យពលរដ្ឋបានដឹងពីរឿងពិត និងអភិវឌ្ឍនៅខេត្តទាំងនោះ ជាពិសេសបានពិនិត្យពីផ្លូវតាមបន្ទាត់ព្រំដែនតែម្តង»។ ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងប្រឆាំង និងមិនប្រឆាំងក្តីត្រូវរួបរួមគ្នា ដើម្បីជាតិព្រោះគ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងនោះឡើយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ដល់ប្អូនប្រជាពលរដ្ឋជាថ្មីម្តងទៀតថាត្រូវជឿ ជាក់លើរាជរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា សូមធានាថានឹងមិនឲ្យបាត់បង់ទឹកដីនៃខេត្តទាំង បួននៅភូមិភាគឦសាន ដូចការចោទប្រកាន់ពីជនអគតិមួយក្តាប់តូចនោះឡើយ៕អត្ថបទ ៖ បាន ចក់​

សម្តេចធិបតី៖១២ខែរាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនជូនពលរដ្ឋទោះសភាពការណ៍អន្តរជាតិមានការស្មុគស្មាញក្តី

2024/08/22 08:50:17 pm        83
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនជូនប្រជាពលរដ្ឋទោះបីសភាពការណ៍អន្ដរជាតិ មានភាពស្មុគស្មាញក៏ដោយ ហើយមួយវិញទៀតក្នុងរយៈពេល១២ នេះដែររាជរដ្ឋាភិបាលបានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្តកាន់តែល្អប្រសើរបន្ថែមទៀត ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈពេល ១២ខែមកនេះ ទោះបីស្ថិតនៅក្នុងដំណាក់កាល ដែលសភាពការណ៍អន្ដរជាតិ មានការវិវត្តន៍ក្នុងភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែកំពុងបន្ដដំណើរក្នុងគន្លងវិជ្ជមាន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូនប្រជាពលរដ្ឋ។ ជាក់ស្តែងរាជរដ្ឋាភិបាល បានធ្វើការដំឡើងប្រាប់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ដល់មន្រ្តីរាជការកងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទទាំងអស់។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលក៏ បានបង្កើនការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារក្នុងក្របខណ្ឌរបបសន្តិសុខសង្គមបានជាង១២ម៉ឺននាក់ ដែលមានទឹកប្រាក់ប្រមាណជាង២៥លានដុល្លារអាមេរិក និងក៏បានផ្តល់ឱកាសជួយសម្រួលដល់ស្រ្តីមានផ្ទៃពោះដែលកំពុងជាប់ពិរុទ្ធភាពផងដែរ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោ បាយផ្តល់វគ្គបណ្តុះបណ្តាលជំនានវិជ្ជាជីវៈដល់គ្រូសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ១លាន ៥សែននាក់ដោយមិនយកលុយផងដែរ ខណៈគោលនយោបាយនេះមានប្រជាពលរដ្ឋមួយចំនួនក៏បាន ទទួលផលហើយផងដែរនោះ។ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពនយោបាយ និងសន្ដិសុខសង្គមវិញ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអះអាងថារាជរដ្ឋាភិបាល បាននិងកំពុងបន្ដរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទាក់ទងនឹងការងារការទូតទំនាក់ទំនងអន្ដរជាតិ ទន្ទឹមនឹងការបន្ដការពង្រឹង ពង្រីក ទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងជាមួយប្រទេសមួយចំនួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀងតផងដែរ ដោយក្នុងនោះមានដូចជា ប្រទេសបារាំង ជប៉ុន ចិន ថៃ និងប្រទេសជាច្រើនទៀត៕អត្ថបទ ៖ បាន ចក់​

ការងារប្រយុទ្ធនឹងជំងឺអេដស៍ គឺពឹងផ្អែកលើវិស័យសុខាភិបាល ប៉ុន្តែអាជ្ញាធរអាចធ្វើការងារជាពហុវិស័យ

2024/08/22 07:34:48 pm        64
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអៈអាងថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ ចំណែកធំគឺពឹងផ្អែកលើវិស័យសុខាភិបាល ប៉ុន្តែអាជ្ញាធរអាចធ្វើការងារជាពហុវិស័យ។​ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី យ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិគ្រោះ យោបល់លើវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលធ្វើឱ្យសម្រេចក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា។ ក្នុងគោលដៅ៩៥-៩៥-៩៥ កម្ពុជាយើងសម្រេចបានគោលដៅ៩៥ទី២ និងទី៣រួចហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យឯកឧត្តម អ៊ឹង ភីរុន រាយការណ៍ទាក់ទងនឹងការប្រមូលទិន្នន័យអេដស៍ពីវិស័យឯកជន (មន្ទីរពេទ្យនិងគ្លីនិក) និងអត្រាចម្លងពីមាតាទៅទារក ធ្វើយ៉ាងណាឱ្យធ្លាក់ចុះទាបបន្ថែមទៀត។ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គណៈកម្មាធិការបានរៀបចំកិច្ចប្រជុំនៅថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ និងសម្រេចបានសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដើម្បីធ្វើការចុះហត្ថលេខាជាមួយមន្ទីរពេទ្យនិងគ្លីនិកឯកជន។ ទន្ទឹមនឹងនេះ ចំពោះមូលនិធិសមធម៌ សេវានៅមន្ទីរពេទ្យរដ្ឋមិនមានបញ្ហាទេ។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានគោរពអញ្ជើញឯកឧត្តមទេសរដ្ឋមន្រ្តីធ្វើបាឋកថាជូននិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានចំនួនប្រមាណ៧៤០០នាក់ អំពីគោលនយោបាយអេដស៍ផងដែរ។ នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើការណែនាំដូចខាងក្រោម ៖១- អបអរសាទរការរៀបចំអនុស្សរណៈនៃការយោគយល់(MOU) រវាងក្រសួងសុខាភិបាល និងវិស័យឯកជន(មន្ទីរពេទ្យនិងគ្លីនិក)។ នៅពេលបានទិន្នន័យពីផ្នែកឯកជន យើងអាចមានការកែលម្អតួលេខ ដែលអាចរុញឱ្យយើងខិតទៅជិតគោលដៅ។ ២- សូមណែនាំឱ្យពង្រីកកន្លែងធ្វើតេស្ត នៅកន្លែងដែលមានការរស់នៅច្រើនរបស់ប្រជាជនគន្លឹះ (អ្នកប្រើប្រាស់គ្រឿងញៀន អ្នកជាប់ពន្ធនាគារ។) ៣- សូមខិតខំកែលម្អសេវាព្យាបាលនៅតាមទីតាំងផ្សេងថែមទៀត ដូចជាការពង្រីកចំនួនមន្ទីរពេទ្យឱ្យជួយព្យាបាលជំងឺអេដស៍ជាដើម។ ៤- សូមខិតខំស្វែងរកប្រភពនៃការឆ្លង (ឧទាហរណ៍នៅខេត្តកំពង់ស្ពឺមានកើនឡើងចំនួននៃការឆ្លង ដោយក្រុមបុរសរួមភេទជាមួយបុរសទៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ)។ សូមជួយរកកន្លែងដែលជាប្រភព នៃការចម្លង ហើយបបួលពួកគាត់ឱ្យមកធ្វើតេស្តឱ្យបានច្រើន។ ៥- សូមធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨នៅចុងខែកញ្ញា។ ក្នុងនោះ ចំណុចសំខាន់គឺវិស័យឯកជនថាតើបានធ្វើរបាយការណ៍ចូលក្នុងប្រព័ន្ធហើយឬនៅ? និងរបាយការណ៍ពីការឆ្លងពីមាតាទៅទារក ដែលអត្រានៅខ្ពស់នៅឡើយ។ ៦) សូមរៀបចំគិតគូរអំពីចីរភាព និងយុទ្ធសាស្រ្តចាកចេញ ដើម្បីត្រៀមនៅពេលដែលលែងទទួលជំនួយពីក្រៅ៕អត្ថបទ រដ្ឋា

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ដែលប្រោសព្រះរាជូបត្ថម្ភ១ពាន់ដុល្លារដល់ កាកបាទក្រហមកម្ពុជាសម្រាប់ខែសីហា

2024/08/22 07:28:23 pm        52
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ ខែសីហា ឆ្នាំ២០២៤។ក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២៤ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។ក្នុងនាមកាកបាទក្រហមកម្ពុជា «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ»។ ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្រ្តកម្ពុជាជ្រកកោនតរៀងទៅ។ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា៖

សម្តេចប្រធានរដ្ឋសភា ជំរុញអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តលើកកម្ពស់អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងទំនើបកម្មស្ថាប័ន ដើម្បីតំណាងរាស្រ្តបម្រើពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរហ័សទាន់ពេលវេលា

2024/08/22 06:57:24 pm        48
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការផ្តល់សេវារដ្ឋបាល​ និងបច្ចេកទេសជូនថ្នាក់ដឹកនាំ​ និងសមាជិកសមាជិការដ្ឋសភា ផ្តល់ឱកាស​ និងលទ្ធភាពជូនតំណាងរាស្រ្តទាំងអស់ បានបំពេញការងារប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការជាតិ និងប្រជាជនម្ចាស់ឆ្នោត។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃដូច្នះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ នៃដើមនីតិកាលទី៧នេះ និងលើកទិសដៅបន្តរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយដោយកិច្ចប្រជុំថ្ងៃនេះធ្វើឡើងចំពេល១ឆ្នាំគត់ ដែលរដ្ឋសភានីតិកាលទី៧ បានចេញដំណើរនៅថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៣។ នេះជារបត់ថ្មីមួយ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនាខែកក្កដា​ឆ្នាំ២០២៣ មានពលរដ្ឋជាង៨៤% ចេញទៅបោះឆ្នោត នៅក្នុងនោះមានពលរដ្ឋជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ។ ជោគជ័យគណបក្សប្រជាជនកម្ពុជា គឺបានមកពីការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាពលរដ្ឋ ដែលបានធ្វើឱ្យថ្នាក់ដឹកនាំ​ ពិសេស សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តផ្ទេរការដឹកនាំជូនឥស្សរជនជំនាន់ក្រោយគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយចំណេះដឹង ឈ្លាសវៃ និងប៉ិនប្រសប់ ធ្វើជានាយករដ្ឋមន្រ្តី។ ការផ្ទេរការដឹកនាំមកថ្នាក់ដឹកនាំជាយុវជនជំនាន់ក្រោយ គឺជាការផ្ទេរអំណាចមួយដោយសន្តិវិធី គ្មានហិង្សា គ្មានជម្លោះ គ្មានសង្រ្គាមក្នុងរយៈពេល ៥០០ ឆ្នាំ នៃប្រវត្តិសាស្រ្តកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបំពេញបេសកកម្មជូនជាតិដោយភាពស្វាហាប់ មោះមុត ដូច្នេះរដ្ឋសភាក៏ត្រូវប្រឹងប្រែងឱ្យបានខ្លាំងក្លា ប្រកបដោយឆន្ទៈខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ​ និងប្រទេសជាតិផងដែរ។ នៅគ្រប់បេសកកម្ម​ និងការងាររបស់រដ្ឋសភា គឺយកពលរដ្ឋជាអាទិភាព។អគ្គលេខាធិការដ្ឋានរដ្ឋសភា មានអង្គភាពចំណុះធំៗចំនួន៥ មានអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាននីតិកម្ម​ និងស្រាវជ្រាវ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន​ និងគមនាគមន៍ និងអគ្គាធិការដ្ឋាន។ តាមរបាយការណ៍របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្តល់សេវារដ្ឋបាល​ និងបច្ចេកទេស ជូនសមាជិកសមាជិកាលើគ្រប់វិស័យ ដើម្បីរដ្ឋសភាបំពេញមុខងារបម្រើប្រជាពលរដ្ឋទាំងក្នុង​ និងក្រៅប្រទេស។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការសម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេលមួយឆ្នាំ មិនត្រឹមជាការផ្តល់សេវាកម្មជូនរដ្ឋសភា​ និងតំណាងរាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវកាលានុវត្តភាព សម្រាប់អង្គភាពនីមួយៗបានសិក្សា ឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែស៊ីជម្រៅ និងទទួលបានលទ្ធផលជាក់ស្តែងបន្ថែមទៀត ក្នុងគោលដៅបម្រើផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន តាមរយៈការលើកកម្ពស់អភិបាលកិច្ច និងភាពជាអ្នកដឹកនាំល្អនៅគ្រប់លំដាប់ថ្នាក់។​ សម្តេចបានមានប្រសាសន៍បន្តថា លទ្ធផលសម្រេចបានទាំងអស់នេះ មិនមែនកើតឡើងដោយឯកឯងដោយគ្មានការដឹកនាំល្អ ស្មារតីជាក្រុម និងការចូលរួមពីមន្រ្តីទាំងអស់គ្នា ដែលបានចូលរួមយ៉ាងសកម្ម យកចិត្តទុកដាក់ដោយភាពទទួលខុសត្រូវខ្ពស់ និងគណនេយ្យភាពខ្ពស់ ក្នុងការអនុវត្តតួនាទីស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលាឡើយ។សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា បើគ្មានការចូលរួមទេ ឬការចូលរួមមានតិចតួច មិនអាចសម្រេចអ្វីៗបានធំដុំនោះទេ ជាពិសេសក្នុងដំណើរការនៃកំណែទម្រង់។ ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តនិងជំរុញដល់អគ្គលេខាធិការដ្ឋាន បន្តយកចិត្តទុកដាក់ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលរបស់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសធ្វើយ៉ាងណាឱ្យសម្រេចបានគោលនយោបាយគន្លឹះជាអាទិភាពរបស់រដ្ឋសភា ដែលសម្តេចបានដាក់ចេញកាលពីដើមអាណត្តិគឺ អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងសភាឌីជីថល​ ៕

ក្រសួងកសិកម្មចាត់មន្ត្រីចុះអន្តរាគមន៍ករណីស្រូវជាច្រើនហិកតាក្នុងខេត្តពោធិ៍សាត់កំពុងជួបបញ្ហាលឿងស្លឹក និងអុចស្លឹក

2024/08/22 05:24:24 pm        934
ពោធិ៍សាត់៖ បន្ទាប់ពីទទួលបានពត៌មានអំពីករណីដំណាំស្រូវ (ពូជសុម៉ាលី) របស់ប្រជាពលរដ្ឋ ជាច្រើនហិកតាក្នុងស្រុកបាកាន និងស្រុកតាលោសែនជ័យ កំពុងជួបបញ្ហាឡើងលឿងស្លឹក និងអុចស្លឹក ដែលអាចបណ្តាលឱ្យបរិមាណទិន្នផលប្រឈមនិងការថយចុះខ្លះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យវាយតំលៃស្ថានភាព ផលប៉ះពាល់ និងអន្តរាគមន៍ផ្ទាល់ដល់ទីតាំងដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងមានបញ្ហា ។ ក្នុងរយៈពេល៣ថ្ងៃ នៃការចុះពិនិត្យវាយតំលៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្ត ជាលទ្ធផលបានបង្ហាញថា ក្នុងភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកានមានផ្ទៃដីដាំដុះ៣៤១ហិកតា ក្នុងនោះផ្ទៃដីដាំដុះពូជស្រូវសុម៉ាលីមាន២៨០ហិកតា ហើយកំពុងទទួលរងផលប៉ះពាល់ចំនួន១៥០ហិកតា ចំណែក្នុងភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ មានផ្ទៃដីដាំដុះ៧១៧ហិកតា ក្នុងនោះពូជស្រូវសុម៉ាលីមាន៥២៥ហិកតា ដោយមានការប៉ះពាល់តិចតួច ។ ជាមួយគ្នានោះក្រុមការងារបានសង្កេតឃើញថា ស្លឹកស្រូវមាន ស្នាមអុចៗ មានសភាពលឿងជាពិសេសផ្នែកខាងចុងនិងគែមស្លឹក ហើយដង់ស៊ីតេដើមស្រូវមានចំនួនច្រើន (១៨០-២០០គីឡូក្រាមក្នុង១ហិកតា) និងមានវត្តមានមមាចត្នោតតិចតួច ព្រមទាំងពពួកសត្វមានប្រយោជន៍(ស្រឹងគោក) ច្រើនផងដែរ ។ តាមការស្រាវជ្រាវប្រជាកសិករនៅក្នុងតំបន់នោះបានប្រើប្រាស់ថ្នាំដែលមានធាតុសកម្ម Paclobutrazol ដើម្បីបង្អាក់ការពន្លូតដើម និងជម្រុញការបែកគុម្ព ចំនួន០២លើក ដែលលើកទី១នៅពេលស្រូវអាយុ២០-២៥ថ្ងៃ ក្រោយដុះ ដោយលាយជាមួយជីកសិម្ម និងលើកទី២ពេលស្រូវស្ថិតក្នុងដំណាក់កាលពន្លូតដើមក្នុងបរិមាណ ១០០០-១៥០០ក្រាមក្នុង១ហិកតា ដោយមានលាយជាមួយថ្នាំកសិកម្មផ្សេងទៀត សម្រាប់ការពារនិងកម្ចាត់ជំងឺនិងសត្វល្អិតចង្រៃ ។ ជាការសន្និដ្ឋានដំណាំស្រូវដែលមានសភាពលឿងនិងស្នាមអុចស្លឹក គឺបណ្តាលមកពីប្រើប្រាស់ថ្នាំ Paclobutrazol លាយជាមួយជីនិងថ្នាំកសិកម្ម គួបផ្សំបញ្ហារអាកាសធាតុក្តៅខ្លាំងអូសបន្លាយ និងមិនមានភ្លៀងធ្លាក់ ការប្រើប្រាស់គ្រាប់ពូជ និងជីកសិកម្មលើសកម្រិតណែនាំ ។ ដោយសារបច្ចុប្បន្នមានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំស្រូវដែលរងផលប៉ះពាល់មានការដុះលូតលាស់ប្រសើរឡើងវិញ មិនធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវនោះទេ ។ជាមួយគ្នានោះក្រសួងកសិកម្ម ក៏ដូចជាមន្ទីរកសិកម្មខេត្តនៅតែបន្តតាមដាននិងអន្តរាគមន៍លើករណីនេះ ហើយដើម្បីទប់ស្តាត់បញ្ហាបែបនេះ ក្រុមការងារបច្ចេកទេស បានពន្យល់ណែនាំឱ្យប្រជាកសិករ -ត្រូវចុះពិនិត្យស្រែជាប្រចាំដើម្បីតាមដាននិងកម្ចាត់សមាសភាពចង្រៃឱ្យទាន់ពេលវេលា -ការប្រើប្រាស់គ្រាប់ពូជស្របតាមការណែនាំ ៨០-១២០គីឡូក្រាមក្នុង១ហិកតា -ការប្រើប្រាស់ថ្នាំនិងជីកសិកម្មឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យមានប្រសិទ្ធិភាពនិងសុវត្តិភាព -អនុវត្តពិពិធកម្មដំណាំ (ដំណាំឆ្លាស់ ឬដំណាំបង្វិល) -អនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំស្រូវ (IPM) -ក្នុងករណីដំណាំស្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ គួរប្រើប្រាស់ថ្នាំកសិកម្ម -ប្រសិនបើកសិករប្រើប្រាស់ថ្នាំកសិកម្មដែលមានធាតុសកម្ម Paclobutrazol គួរប្រើប្រាស់ឱ្យត្រូវតាមបទដ្ឋាន បច្ចេកទេស មិនឱ្យលើសកម្រិតនៃការណែនាំ ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

កម្មការិនីរោងចក្រ៖ «បើសិនអត់មាន ប.ស.ស ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ»

2024/08/22 05:08:57 pm        922
ស្វាយរៀង៖ កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេស​មហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយ​រូបនាង​ឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។កម្មការិនី ប៊ុន សម្ភស្ស បានប្រាប់ថា ពេលត្រឡប់មកពីទីរួមខេត្តស្វាយរៀងដើម្បីទិញថ្នាំឱ្យកូន កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍​ដួលម៉ូតូ​ត្រូវ​របួស​ធ្ងន់​ត្រង់​ផ្ទៃមុខ និងមានឈាមកកក្នុងខួរក្បាល ដែលត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅរាជធានីភ្នំពេញ។ អ្នកស្រីលើកឡើងថា សេវាពេទ្យ បសស មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសម្រួល​ឱ្យ​ឆាប់​បាន​ចូលព្យាបាល ហើយក្រុមគ្រួពេទ្យមានការយកចិត្តទុកដាក់មើលថែអ្នកជំងឺ ផ្ទុយពី​អ្វី​ដែល​ធ្លាប់​លឺ​កន្លងមកថា ការប្រើ បសស មានភាពយឺតយ៉ាវ ពេទ្យមិនសូវយកចិត្តទុកដាក់។សម្ភស្សនិយាយថា៖«ពេទ្យ បសស ជួយបានច្រើន រហ័សរហួន រត់ការឱ្យយើងភ្លាមៗ ខ្លាច​យើង​បាត់​បង់ជីវិត ហើយសម្បីតែយើងហៅគាត់ ក៏ស្ទុះមកភ្លាមៗដែរ រត់មករកយើង ក្រែង​លោ​យើង​ខ្វះ​ខាត​អី គាត់លឿនណាស់ខាង បសស»។លោក សុខ មនោ អាយុ៥៤ឆ្នាំ ត្រូវជាឪពុករបស់សម្ភស្ស បាននិយាយថា ពេលកើតហេតុ​បាន​ឃើញ​កូន​ស្រីរ​បស់លោកសន្លប់បាត់ស្មារតី ត្រូវរបួសធ្ងន់ បែកមុខរយះរហែកសាច់ បែកក្បាលហូរ​ឈាម ប្រឡាក់ពេញមុខ គួរឱ្យខ្លោចផ្សា។ ភ្លាមៗក៏​លោក​បាន​បញ្ជូន​កូន​ស្រី​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ដើម្បីពិនិត្យព្យាបាល។ លោកបន្តថា ពេលទៅដល់មន្ទីរពេទ្យបបង្អែកខេត្ត ក្រុមគ្រូពេទ្យបានដេរមុខរបួសលើផ្ទៃមុខ រួ​ច​ក៏​បាន​ស្កែន​ពិនិត្យទើបដឹងថា មានឈាមហូរចូល​ក្នុង​ខួរ​ក្បាល​មិន​អាច​បន្ត​ទុក​ព្យាបាលត្រឹ​ម​មន្ទីរ​ពេទ្យ​ខេត្ត​បាន ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ បុរសជាឪពុក​បាន​ប្រាប់​ថា នេះជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ដែលកូនរបស់លោកបានរួចផុតពីចង្កូមមច្ចុរាជ និង​គេចផុតពីការជំពាក់បំណុលគេពេលឈឺធ្ងន់ ដោយសារតែមាន បសស។លោកនិយាយថា៖«បសស ជួយតាំងពីការដេរ តាំងពីការសម្អាតរបួស តាំងពីស្កែន តាំងពីការធ្វើ​ដំណើរ​​ដោយ​ឡានពេទ្យ រហូតដល់ភ្នំពេញនៅពេទ្យរុស្ស៊ី តាំងពីការថតកាំរស្មី តាំងពីអេកូ មើល​ឈាម​មួយ​កំប្លេទាំងអស់នៅហ្នឹង គឺយើងមានតែតួនាទីរត់ទៅ ព្រោះ បសស ជាអ្នក​ជួយ​ចំណាយ​អ្វី​ៗ​ទាំងអស់ហ្មងយើងគ្រាន់តែបានបំពេញបែបបទទៅ។»រីឯអ្នកស្រី រ័ត្ន សារិត អាយុ៥៤ឆ្នាំ ត្រូវជាម្តាយបានប្រាប់ថា ពេល​ទទួល​ដំណឹង​ភ្លាមអ្នក​ស្រីភ័​យ​ស្លន់​ស្លោស្ទើ​រតែបាត់បង់ស្មារតី ខ្លាចបាត់បង់កូនជាទីអាណិតស្រលាញ់ផង បារម្ភពីបញ្ហា​ថវិកា​បង់​ថ្លៃ​ព្យាបាល​ទៅមន្ទីរពេទ្យផង ព្រោះភ្លាមៗមិនដឹងត្រូវទៅរកប្រាក់ឯណាបាន។ អ្នកស្រីលើកឡើងថា៖«ភ័យមែនទែន អត់មាន១រៀលក្នុងខ្លួនផង ពីរនាក់ប្តីប្រពន្ធភ័យមែនទែន ខ្ចីបងប្អូនក៏មិនទាន់គ្មានលុយតែម្តង ឃើញកូនអ៊ីចឹងរន្ធត់មែនទែន។»ពេលឃើញ​កូន​កំពុងតែក្រលំបាកហើយជួបគ្រោះថ្នាក់បែបនេះ ធ្វើឱ្យអ្នកស្រីនឹក​ឃើញ​គ្រាមួយ​ដែល​ខ្លួន​ធ្លាប់​ជួបបញ្ហាដោយសារតែជំងឺ គឺមានពេលមួយនោះអ្នកស្រីធ្លាក់ខ្លួនឈឺធ្ងន់ បានលក់​របស់​​ទ្រព្យទាំងអស់ដើម្បីយកលុយព្យាបាលខ្លួនឱ្យមានជីវិត ដើម្បីបន្តមើលថែកូនៗ។ អ្នកស្រីប្រាប់ថា៖«ធ្លាប់ពិបាកខ្លាំងខ្ញុំពិបាកខ្លាំងទៅចូលពេទ្យម្តង១ម្ជុល ១លាន អស់១៤០ ចូល​មន្ទី​រ​ពេទ្យ​ពិបាកច្រើនពេលនោះ លក់ដីស្រែអស់ អស់គោអស់ដីស្រែរលីង ធ្វើម៉េចឱ្យខ្ញុំបានរស់»។យ៉ាងណាក៏ដោយ អ្នកស្រីបានធូរស្បើយក្នុងទ្រូង និងបាត់កង្វល់​ដោយសា​រ​តែ​ការ​ជួប​គ្រោះ​ថ្នាក់​របស់​កូនមាន បសស ជាអ្នកទទួលបន្ទុកចេញថ្លៃព្យាបាល។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន​ក៏​បាន​យោគយល់​អធ្យាស្រ័យបន្តឱ្យកូនអ្នកស្រីបានឈប់សម្រាក​ដោយទទួល​បាន​ប្រាក់​ឈ្នួល​៦០​ភាគរយ​ទៀត​ផង។   បច្ចុប្បន្ន កម្មការិនី ប៊ុន សម្ភស្ស បានចេញពីមន្ទីរពេទ្យទៅបន្តការសម្រាកនៅផ្ទះ ដោយសភាព​ជំងឺ​កាន់​តែធូរស្បើយឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សម្ភស្សអាចបន្តការមើលថែកូនៗ បង្រៀនកូនៗ និ​ង​ប្រលែងលេងជាមួយកូនបន្តទៀត ខណៈឪពុកម្តាយរបស់ខ្លួន មាន​ផ្ទះនៅក្បែរ​នោះ​បាន​បន្ត​ជួយ​យក​អាសាមើលថែ ដោយក្តីរីករាយ៕

ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរុញវិស័យបីសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/08/22 05:02:53 pm        152
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំលើកទី ៤ របស់ខ្លួន ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិស ដៅយុទ្ធសាស្ត្រ ជាពិសេសការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដើរតួនាទីកាន់តែសំខាន់ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចប្រជុំលើកទី ៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រ សម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៤ នេះថា កិច្ចប្រជុំនេះមានគោល ដៅជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យដើរតួនាទីកាន់តែសំខាន់, ដោយក្នុងនោះឯកឧត្តម បានជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រូវបានកែសម្រួល និង ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយបន្ថែមការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទៅក្នុងភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការការងារ និងបេសកកម្មរបស់ក្រុមប្រឹក្សា។កិច្ចប្រជុំក៏បានពិនិត្យសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិរួមមាន៖ វឌ្ឍនភាពនៃគំនិតផ្តួចផ្តើមបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រម ទាំងបានពិនិត្យបច្ចុប្បន្នភាពគំនិតផ្តួចផ្តើមផ្សេងៗក្នុងកម្រិតអាស៊ាន លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំក៏បាន វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២, កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥, របាយការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២៣, និងការសិក្សាប្រព័ន្ធព័ត៌មាន ស្រាវជ្រាវ និងអភិវឌ្ឍជាតិ។បញ្ហានេះដែរ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធាន បានសង្កត់ធ្ងន់លើ ក្របខណ្ឌប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិ និងបានផ្តល់បទអន្តរាគមន៍ស្តីពីវឌ្ឍនភាពនៃរដ្ឋាភិបាលឌីជីថល។ ទន្ទឹមនឹងនោះដែរឬ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន បានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការ អភិវឌ្ឍថ្នាលឌីជីថលនានា លើសង្គតិភាព អន្តរប្រតិបត្តិការ និងសុវត្ថិភាពសម្រាប់បច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលផងដែរ។ក្នុងកិច្ចប្រជុំនេះ, ក្រុមប្រឹក្សាជាតិក៏បានអនុម័តឯកសារចំនួនបីរួមមាន៖ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការ អនុវត្តរបៀបវារៈស្រាវជ្រាវជាតិ ២០២៥, គោលការណ៍ណែនាំស្តីពី «សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា» (CEII) ដែលឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឱ្យរីកលូតលាស់ និងរឹងមាំ, និងបទបញ្ជាផ្ទៃក្នុងដែលមាន គោលដៅពង្រឹងប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិនេះកាន់តែរលូន។ កិច្ចប្រជុំនេះដែរ ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាក្នុងការ អនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ របស់កម្ពុជា ដោយស្នើឱ្យមានការពិនិត្យពាក់កណ្តាលអាណត្តិ នៅឆ្នាំ ២០២៥ ដើម្បីធានាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់, នៅក្នុងទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានកំណត់អាទិភាពសំខាន់ៗរួមមាន៖ ការពង្រឹងអភិបាល កិច្ចវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងប្រព័ន្ធអេកូ ឡូស៊ីនវានុវត្តន៍, ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), និងការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម។ជុំវិញបញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ធាតុចូលដែលប្រមូលបានពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤នេះ នឹង ជួយតម្រង់ទិសដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ក្នុងនោះឯកឧត្តមក៏បានជំរុញលើកទឹកចិត្តឱ្យ សមាជិកក្រុមប្រឹក្សាជាតិនេះ ផ្តល់បច្ចុប្បន្នភាពនៃវឌ្ឍនភាពតាមវិស័យ ដើម្បីកែលម្អចំណាត់ថ្នាក់កម្ពុជា នៅក្នុងសន្ទស្សន៍នវានុវត្តន៍ សកល និងដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា៕

សម្តេចធិបតី ផ្តល់ផ្ទះ២៥ខ្នងដល់អតីតយុទ្ធជនខេត្តកណ្តាល ក្នុងឱកាសប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល

2024/08/22 04:44:59 pm        933
កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការជំរុញឲ្យប្រធានកិត្តិយសសមាគមអតីតយុទ្ធជនថ្មីខេត្តកណ្តាល ពិនិត្យលក្ខណៈសម្បត្តិឲ្យបានត្រឹមត្រូវចំពោះអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីនិងផ្ទះ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រេចផ្តល់អំណោយផ្ទះចំនួន២៥ខ្នង ដល់អតីតយុទ្ធជនក្នុងខេត្តកណ្តាល។ការជំរុញរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម គួច ចំរើន ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួប​ផ្ទាល់​ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួល​បាន​នូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង។នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដោយមើលឃើញពីការលំបាក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចផ្តល់អំណោយជាការសាងសង់ផ្ទះចំនួន២៥ខ្នងបន្ថែម​ជូនអតីតយុទ្ធ​ជនខេត្តកណ្តាល ខណៈក្នុងការដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់សប្បុរជនចូលរួមក្នុងការសាងសង់ផ្ទះដល់អតីតយុទ្ធជនផ្សេងទៀតដែលកំពុងមានតម្រូវការ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី រម្លឹកថា គិតមកដល់ថ្ងៃនេះមានរយៈពេល១ឆ្នាំហើយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តគោលការណ៍ និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ព្រមទាំងពិនិត្យ និងវាយតម្លៃដល់អតីតយុទ្ធជនដែលជួបការលំបាកឱ្យទទួលបានអាទិភាពមុនគេ ក្នុងការទទួលអំណោតផ្ទះ និងដីរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចុះជួបសួរសុខទុក្ខជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនគ្រប់បណ្តារាជធានី-ខេត្ត។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ។ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន រាជរដ្ឋាភិបាលបាន ខិតខំដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារ ពលី មរណៈ ផ្តល់ប័ណ្ណប.ស.ស សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពិការភាព ប័ណ្ណក្រីក្រដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីសង្គម ជាពិសេសបានរៀបចំភូមិអភិវឌ្ឍន៏ អតីតយុទ្ធជន ដោយសាងសង់ផ្ទះជូនអតីតយុទ្ធជន គិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០២៤ សរុបមានចំនួនជាង ៥ពាន់ខ្នង និងសាលារៀន ទីចាត់ការ អគារស្នាក់នៅគ្រូ មណ្ឌលសុខ ភាព ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់នៅតាមតំបន់ដីសម្បទានសង្គមកិច្ច និងបានផ្តល់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលមកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីគ្រប់គ្រងអភិវឌ្ឍន៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM