ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ

ព័ត៌មានជាតិ

កម្មការិនីរោងចក្រ៖ «បើសិនអត់មាន ប.ស.ស ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ»

2024/08/22 05:08:57 pm        922
ស្វាយរៀង៖ កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេស​មហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយ​រូបនាង​ឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។កម្មការិនី ប៊ុន សម្ភស្ស បានប្រាប់ថា ពេលត្រឡប់មកពីទីរួមខេត្តស្វាយរៀងដើម្បីទិញថ្នាំឱ្យកូន កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍​ដួលម៉ូតូ​ត្រូវ​របួស​ធ្ងន់​ត្រង់​ផ្ទៃមុខ និងមានឈាមកកក្នុងខួរក្បាល ដែលត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅរាជធានីភ្នំពេញ។ អ្នកស្រីលើកឡើងថា សេវាពេទ្យ បសស មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសម្រួល​ឱ្យ​ឆាប់​បាន​ចូលព្យាបាល ហើយក្រុមគ្រួពេទ្យមានការយកចិត្តទុកដាក់មើលថែអ្នកជំងឺ ផ្ទុយពី​អ្វី​ដែល​ធ្លាប់​លឺ​កន្លងមកថា ការប្រើ បសស មានភាពយឺតយ៉ាវ ពេទ្យមិនសូវយកចិត្តទុកដាក់។សម្ភស្សនិយាយថា៖«ពេទ្យ បសស ជួយបានច្រើន រហ័សរហួន រត់ការឱ្យយើងភ្លាមៗ ខ្លាច​យើង​បាត់​បង់ជីវិត ហើយសម្បីតែយើងហៅគាត់ ក៏ស្ទុះមកភ្លាមៗដែរ រត់មករកយើង ក្រែង​លោ​យើង​ខ្វះ​ខាត​អី គាត់លឿនណាស់ខាង បសស»។លោក សុខ មនោ អាយុ៥៤ឆ្នាំ ត្រូវជាឪពុករបស់សម្ភស្ស បាននិយាយថា ពេលកើតហេតុ​បាន​ឃើញ​កូន​ស្រីរ​បស់លោកសន្លប់បាត់ស្មារតី ត្រូវរបួសធ្ងន់ បែកមុខរយះរហែកសាច់ បែកក្បាលហូរ​ឈាម ប្រឡាក់ពេញមុខ គួរឱ្យខ្លោចផ្សា។ ភ្លាមៗក៏​លោក​បាន​បញ្ជូន​កូន​ស្រី​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ដើម្បីពិនិត្យព្យាបាល។ លោកបន្តថា ពេលទៅដល់មន្ទីរពេទ្យបបង្អែកខេត្ត ក្រុមគ្រូពេទ្យបានដេរមុខរបួសលើផ្ទៃមុខ រួ​ច​ក៏​បាន​ស្កែន​ពិនិត្យទើបដឹងថា មានឈាមហូរចូល​ក្នុង​ខួរ​ក្បាល​មិន​អាច​បន្ត​ទុក​ព្យាបាលត្រឹ​ម​មន្ទីរ​ពេទ្យ​ខេត្ត​បាន ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ បុរសជាឪពុក​បាន​ប្រាប់​ថា នេះជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ដែលកូនរបស់លោកបានរួចផុតពីចង្កូមមច្ចុរាជ និង​គេចផុតពីការជំពាក់បំណុលគេពេលឈឺធ្ងន់ ដោយសារតែមាន បសស។លោកនិយាយថា៖«បសស ជួយតាំងពីការដេរ តាំងពីការសម្អាតរបួស តាំងពីស្កែន តាំងពីការធ្វើ​ដំណើរ​​ដោយ​ឡានពេទ្យ រហូតដល់ភ្នំពេញនៅពេទ្យរុស្ស៊ី តាំងពីការថតកាំរស្មី តាំងពីអេកូ មើល​ឈាម​មួយ​កំប្លេទាំងអស់នៅហ្នឹង គឺយើងមានតែតួនាទីរត់ទៅ ព្រោះ បសស ជាអ្នក​ជួយ​ចំណាយ​អ្វី​ៗ​ទាំងអស់ហ្មងយើងគ្រាន់តែបានបំពេញបែបបទទៅ។»រីឯអ្នកស្រី រ័ត្ន សារិត អាយុ៥៤ឆ្នាំ ត្រូវជាម្តាយបានប្រាប់ថា ពេល​ទទួល​ដំណឹង​ភ្លាមអ្នក​ស្រីភ័​យ​ស្លន់​ស្លោស្ទើ​រតែបាត់បង់ស្មារតី ខ្លាចបាត់បង់កូនជាទីអាណិតស្រលាញ់ផង បារម្ភពីបញ្ហា​ថវិកា​បង់​ថ្លៃ​ព្យាបាល​ទៅមន្ទីរពេទ្យផង ព្រោះភ្លាមៗមិនដឹងត្រូវទៅរកប្រាក់ឯណាបាន។ អ្នកស្រីលើកឡើងថា៖«ភ័យមែនទែន អត់មាន១រៀលក្នុងខ្លួនផង ពីរនាក់ប្តីប្រពន្ធភ័យមែនទែន ខ្ចីបងប្អូនក៏មិនទាន់គ្មានលុយតែម្តង ឃើញកូនអ៊ីចឹងរន្ធត់មែនទែន។»ពេលឃើញ​កូន​កំពុងតែក្រលំបាកហើយជួបគ្រោះថ្នាក់បែបនេះ ធ្វើឱ្យអ្នកស្រីនឹក​ឃើញ​គ្រាមួយ​ដែល​ខ្លួន​ធ្លាប់​ជួបបញ្ហាដោយសារតែជំងឺ គឺមានពេលមួយនោះអ្នកស្រីធ្លាក់ខ្លួនឈឺធ្ងន់ បានលក់​របស់​​ទ្រព្យទាំងអស់ដើម្បីយកលុយព្យាបាលខ្លួនឱ្យមានជីវិត ដើម្បីបន្តមើលថែកូនៗ។ អ្នកស្រីប្រាប់ថា៖«ធ្លាប់ពិបាកខ្លាំងខ្ញុំពិបាកខ្លាំងទៅចូលពេទ្យម្តង១ម្ជុល ១លាន អស់១៤០ ចូល​មន្ទី​រ​ពេទ្យ​ពិបាកច្រើនពេលនោះ លក់ដីស្រែអស់ អស់គោអស់ដីស្រែរលីង ធ្វើម៉េចឱ្យខ្ញុំបានរស់»។យ៉ាងណាក៏ដោយ អ្នកស្រីបានធូរស្បើយក្នុងទ្រូង និងបាត់កង្វល់​ដោយសា​រ​តែ​ការ​ជួប​គ្រោះ​ថ្នាក់​របស់​កូនមាន បសស ជាអ្នកទទួលបន្ទុកចេញថ្លៃព្យាបាល។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន​ក៏​បាន​យោគយល់​អធ្យាស្រ័យបន្តឱ្យកូនអ្នកស្រីបានឈប់សម្រាក​ដោយទទួល​បាន​ប្រាក់​ឈ្នួល​៦០​ភាគរយ​ទៀត​ផង។   បច្ចុប្បន្ន កម្មការិនី ប៊ុន សម្ភស្ស បានចេញពីមន្ទីរពេទ្យទៅបន្តការសម្រាកនៅផ្ទះ ដោយសភាព​ជំងឺ​កាន់​តែធូរស្បើយឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សម្ភស្សអាចបន្តការមើលថែកូនៗ បង្រៀនកូនៗ និ​ង​ប្រលែងលេងជាមួយកូនបន្តទៀត ខណៈឪពុកម្តាយរបស់ខ្លួន មាន​ផ្ទះនៅក្បែរ​នោះ​បាន​បន្ត​ជួយ​យក​អាសាមើលថែ ដោយក្តីរីករាយ៕

ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរុញវិស័យបីសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/08/22 05:02:53 pm        152
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំលើកទី ៤ របស់ខ្លួន ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិស ដៅយុទ្ធសាស្ត្រ ជាពិសេសការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដើរតួនាទីកាន់តែសំខាន់ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចប្រជុំលើកទី ៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រ សម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៤ នេះថា កិច្ចប្រជុំនេះមានគោល ដៅជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យដើរតួនាទីកាន់តែសំខាន់, ដោយក្នុងនោះឯកឧត្តម បានជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រូវបានកែសម្រួល និង ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយបន្ថែមការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទៅក្នុងភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការការងារ និងបេសកកម្មរបស់ក្រុមប្រឹក្សា។កិច្ចប្រជុំក៏បានពិនិត្យសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិរួមមាន៖ វឌ្ឍនភាពនៃគំនិតផ្តួចផ្តើមបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រម ទាំងបានពិនិត្យបច្ចុប្បន្នភាពគំនិតផ្តួចផ្តើមផ្សេងៗក្នុងកម្រិតអាស៊ាន លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំក៏បាន វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២, កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥, របាយការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២៣, និងការសិក្សាប្រព័ន្ធព័ត៌មាន ស្រាវជ្រាវ និងអភិវឌ្ឍជាតិ។បញ្ហានេះដែរ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធាន បានសង្កត់ធ្ងន់លើ ក្របខណ្ឌប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិ និងបានផ្តល់បទអន្តរាគមន៍ស្តីពីវឌ្ឍនភាពនៃរដ្ឋាភិបាលឌីជីថល។ ទន្ទឹមនឹងនោះដែរឬ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន បានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការ អភិវឌ្ឍថ្នាលឌីជីថលនានា លើសង្គតិភាព អន្តរប្រតិបត្តិការ និងសុវត្ថិភាពសម្រាប់បច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលផងដែរ។ក្នុងកិច្ចប្រជុំនេះ, ក្រុមប្រឹក្សាជាតិក៏បានអនុម័តឯកសារចំនួនបីរួមមាន៖ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការ អនុវត្តរបៀបវារៈស្រាវជ្រាវជាតិ ២០២៥, គោលការណ៍ណែនាំស្តីពី «សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា» (CEII) ដែលឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឱ្យរីកលូតលាស់ និងរឹងមាំ, និងបទបញ្ជាផ្ទៃក្នុងដែលមាន គោលដៅពង្រឹងប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិនេះកាន់តែរលូន។ កិច្ចប្រជុំនេះដែរ ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាក្នុងការ អនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ របស់កម្ពុជា ដោយស្នើឱ្យមានការពិនិត្យពាក់កណ្តាលអាណត្តិ នៅឆ្នាំ ២០២៥ ដើម្បីធានាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់, នៅក្នុងទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានកំណត់អាទិភាពសំខាន់ៗរួមមាន៖ ការពង្រឹងអភិបាល កិច្ចវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងប្រព័ន្ធអេកូ ឡូស៊ីនវានុវត្តន៍, ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), និងការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម។ជុំវិញបញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ធាតុចូលដែលប្រមូលបានពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤នេះ នឹង ជួយតម្រង់ទិសដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ក្នុងនោះឯកឧត្តមក៏បានជំរុញលើកទឹកចិត្តឱ្យ សមាជិកក្រុមប្រឹក្សាជាតិនេះ ផ្តល់បច្ចុប្បន្នភាពនៃវឌ្ឍនភាពតាមវិស័យ ដើម្បីកែលម្អចំណាត់ថ្នាក់កម្ពុជា នៅក្នុងសន្ទស្សន៍នវានុវត្តន៍ សកល និងដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា៕

សម្តេចធិបតី ផ្តល់ផ្ទះ២៥ខ្នងដល់អតីតយុទ្ធជនខេត្តកណ្តាល ក្នុងឱកាសប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល

2024/08/22 04:44:59 pm        933
កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការជំរុញឲ្យប្រធានកិត្តិយសសមាគមអតីតយុទ្ធជនថ្មីខេត្តកណ្តាល ពិនិត្យលក្ខណៈសម្បត្តិឲ្យបានត្រឹមត្រូវចំពោះអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីនិងផ្ទះ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រេចផ្តល់អំណោយផ្ទះចំនួន២៥ខ្នង ដល់អតីតយុទ្ធជនក្នុងខេត្តកណ្តាល។ការជំរុញរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម គួច ចំរើន ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួប​ផ្ទាល់​ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួល​បាន​នូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង។នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដោយមើលឃើញពីការលំបាក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចផ្តល់អំណោយជាការសាងសង់ផ្ទះចំនួន២៥ខ្នងបន្ថែម​ជូនអតីតយុទ្ធ​ជនខេត្តកណ្តាល ខណៈក្នុងការដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់សប្បុរជនចូលរួមក្នុងការសាងសង់ផ្ទះដល់អតីតយុទ្ធជនផ្សេងទៀតដែលកំពុងមានតម្រូវការ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី រម្លឹកថា គិតមកដល់ថ្ងៃនេះមានរយៈពេល១ឆ្នាំហើយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តគោលការណ៍ និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ព្រមទាំងពិនិត្យ និងវាយតម្លៃដល់អតីតយុទ្ធជនដែលជួបការលំបាកឱ្យទទួលបានអាទិភាពមុនគេ ក្នុងការទទួលអំណោតផ្ទះ និងដីរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចុះជួបសួរសុខទុក្ខជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនគ្រប់បណ្តារាជធានី-ខេត្ត។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ។ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន រាជរដ្ឋាភិបាលបាន ខិតខំដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារ ពលី មរណៈ ផ្តល់ប័ណ្ណប.ស.ស សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពិការភាព ប័ណ្ណក្រីក្រដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីសង្គម ជាពិសេសបានរៀបចំភូមិអភិវឌ្ឍន៏ អតីតយុទ្ធជន ដោយសាងសង់ផ្ទះជូនអតីតយុទ្ធជន គិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០២៤ សរុបមានចំនួនជាង ៥ពាន់ខ្នង និងសាលារៀន ទីចាត់ការ អគារស្នាក់នៅគ្រូ មណ្ឌលសុខ ភាព ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់នៅតាមតំបន់ដីសម្បទានសង្គមកិច្ច និងបានផ្តល់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលមកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីគ្រប់គ្រងអភិវឌ្ឍន៍។

ចម្លាក់បដិមាទ្វារបាលចំនួន១ រកឃើញនៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី

2024/08/22 04:16:01 pm        981
ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨ទឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១,៦០ម៉ែត្រ៕

អន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBSTចំនួន៧ខ្សែ និងផ្លូវក្រាលគ្រួសក្រហម១៥ខ្សែក្នុងខេត្តកំពង់ឆ្នាំង

2024/08/22 03:48:54 pm        274
កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន៧ខ្សែ ស្ថិតក្នុងស្រុករលាប្អៀរ និងសាមគ្គីមានជ័យ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់លើផ្លូវទាំងនេះ ឯកឧត្តម ចាន់ ដារ៉ុង បានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកធ្ងន់ៗផង ព្រោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច ។ ការគិតគូរបស់ថ្នាក់ដឹកនាំ ធ្វើអោយបងប្អូនបានមកវិញនូវផ្លូវកៅស៊ូDBSTថ្មីស្អាតចំនួន៧ខ្សែ ប្រវែងជាង៥២គីឡូម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ប្រវែងជាង១១៥គីឡូម៉ែត្រ នាំអោយងាយស្រួលដល់ការធ្វើដំណើរទៅមកមន្ទីរពេទ្យ មណ្ឌលសុខភាព កូនចៅទៅសាលារៀន ធ្វើការ ទៅវត្ត និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវDBSTទាំង៧ខ្សែ និងផ្លូវក្រាលគ្រួសក្រហម១៥ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់ការអនុវត្តការងារថែទាំផ្លូវកៅស៊ូទាំងនេះ។ ឯកឧត្តម បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវកៅស៊ូ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុករលាប្អៀរនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាព និងយូរអង្វែង។ ផ្លូវទាំងអស់នេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យពួកគាត់ឡើងថ្លៃជាដើម ៕ កាំង ហុងវាស្នា

ហាងឆេងមាសកំពុងស្រុតចុះក្នុងរយៈពេលខ្លី និងអាចស្រុតចុះបន្ថែម ប្រសិនអាមេរិកមិនកាត់អត្រាការប្រាក់

2024/08/22 03:37:19 pm        206
ភ្នំពេញ ៖ ទីផ្សារហាងឆេងមាស នៅក្នុងរយៈពេលខ្លី បានកំពុងស្រុតចុះមកវិញ ជាមធ្យមក្នុងមួយថ្ងៃ រង្វង់ ៣០ ដុល្លារ ហើយនឹងអាចធ្លាក់ មកដល់តម្លៃ ២ ៥០០ ដុល្លារក្នុងមួយអោន ឬស្រុតចុះក្រោមនេះបន្ថែមទៀត ប្រសិនមិនមានការប្រែប្រួលអត្រាការប្រាក់របស់ ធនាគារកណ្តាលសហរដ្ឋអាមេរិក។ ​ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities ថ្លែងប្រាប់ BTV អំពីទីផ្សារ ហាងឆេងមាសបច្ចុប្បន្ន នេះថា ជុំវិញទីផ្សារហាងឆេងមាស នាពេលកន្លងមកនេះ បានហក់ឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើល ដែលមិនធ្លាប់ មានពីមុនមក ដោយការហក់ឡើងថ្លៃនេះ បានចាប់ផ្តើមពីខែ មិថុនា កន្លងមក ដែលពីមុនតម្លៃហាងឆេងមាសជាសកល មានត្រឹមតែ ២ ៣០០ ដុល្លារ ក្នុងមួយអោនប៉ុណ្ណោះ តែបច្ចុប្បន្នតម្លៃហាងឆេងមាសបានហក់ឡើងដល់ ២ ៥៣១ ដុល្លារ ក្នុងមួយអោន ឬតម្លៃ ៣ ០៥០ ដុល្លារ ក្នុងមួយតម្លឹងមាស ក្នុងនោះអ្វីដែលធ្វើឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួលរួមមាន៖ តម្រូវការនៃការផ្គត់ផ្គង់ និងការ បម្រែបម្រួលនៃតម្លៃប្រាក់ដុល្លារ ។លោក បន្តថា ទាក់ទិននិងតម្រូវការផ្គត់ផ្គង់នេះមានដូចជា ការជាវមាសទៅធ្វើគ្រឿងអលង្ការ, ការប្រើប្រាស់ធាតុមាសក្នុង ប្រព័ន្ធអេឡិចត្រូនិច, និងការរក្សាមាសនៅក្នុងធនាគារធំៗលើពិភពលោកជាដើម។ ចំណែកលុយដុល្លារវិញ គឺពាក់ព័ន្ធនឹងគោលនយោ បាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលទាក់ទិននិងអត្រាការប្រាក់ និងអតិផរណា រួមជាមួយនិងវិបត្តិជាសកលផងដែរ ជាពិសេសការប្រកាសទិញមាសពីធនាគារធំៗលើពិភពលោក ដែលបានប្រកាសទិញមាសសម្រាប់គ្រប់គ្រង និងរក្សាអតិផរណា នៃ ស្ថិរភាពតម្លៃសាច់ប្រាក់របស់ពួកគេ ជាក់ស្តែងថ្មីៗនេះ ធនាគារប្រទេសចិនបានកំពុងប្រមូលបញ្ជាទិញមាស។ ជុំវិញការកាត់អត្រាការ ប្រាក់ដុល្លារវិញ, ធនាគារកណ្តាលសហរដ្ឋអាមេរិក នៅយប់ម្សិលមិញនេះដែរ កំពុងធ្វើការវាយតម្លៃអំពីអត្រាការប្រាក់ ដែលបញ្ហានេះ, អាចឈានទៅដល់ការកាត់អត្រាការប្រាក់ នៅថ្ងៃ ១៩ ខែ កញ្ញា ខាងមុខ ពីប្រមាណ ៥,៥ ភាគរយ មកនៅ ៥,២៥ ភាគរយ ។ សរុបមក, គ្រាន់តែគម្រោងនៃការកាត់អត្រាការប្រាក់នេះ បានធ្វើឱ្យប្រាក់ដុល្លារបន្តធ្លាក់ចុះ តែហាងឆេងមាសមានការកើនឡើង។  ជុំវិញបញ្ហាហាងឆេងមាសនេះ, លោក ឈា ឆាយហេង បន្តថា នៅក្នុងរយៈពេលខ្លី ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៩ ខែ កញ្ញា ខាងមុខ អាចធ្វើឱ្យតម្លៃមាសនឹងបន្តធ្លាក់ចុះ ជាមធ្យមក្នុងមួយថ្ងៃ នៅក្នុងរង្វង់ប្រមាណ ៣០ ដុល្លារ ក្នុងមួយអោន ក្នុងនោះ ប្រសិនអាមេរិក កាត់អត្រាការប្រាក់លុយដុល្លារមែននោះ តម្លៃមាសនឹងហក់ឡើងថ្លៃបន្ត, តែប្រសិនធនាគារកណ្តាលសហរដ្ឋអាមេរិក មិនកាត់អត្រាការប្រាក់នោះទេ តម្លៃហាងឆេងមាសនឹងអាចស្រុតចុះបន្ថែមទៀត។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះ តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជា ក្នុងនោះសម្រាប់ មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣០៣ និងទិញចូល ២៩៣ ដុល្លារអាមេរិក ក្នុងមួយជី, ដុល្លារទិញចូល ៤ ០៨៦ រៀល លក់ចេញ ៤ ០៩៤ រៀល, ប្រេងឥន្ធនៈ ១លីត្រ ៤ ១០០ រៀល (សាំងធម្មតា) និងប្រេងម៉ាស៊ូត ៤ ០០០ រៀល ក្នុងមួយលីត្រ៕អត្ថបទ៖ សុន រ៉ាឌី

នគរបាលបញ្ជូនខ្លួនស្រ្តីម្នាក់ទៅតុលាការ ក្រោយបាញ់បោះសេរី និងបង្ហោះលេងក្នុងបណ្ដាញសង្គម

2024/08/22 03:37:09 pm        1129
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ BTVនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានបង្ហោះប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី ត្រូវបាន​នគរបាលបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ក្រោយមានការបង្ហោះក្នុងបណ្ដេញសង្គម និងបានចែករំលែកតៗគ្នា ​ពាក់ព័ន្ធករណី ស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួន​ភ្លាមៗ​តែម្ដង ​នាយបើថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។គួរបញ្ជាក់ផងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ប្រហែល១ម៉ោងក្រោយការបង្ហោះ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់​ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ​ដឹកនាំលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ​បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។សូមបញ្ជាក់ផងដែរ​ ស្ដ្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ​ ម៉េង លីហ័រ អាយុ២៤ឆ្នាំ ក្រោយឃាត់ខ្លួនន​ស្រ្តីនោះបានសារភាពថា​ វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើប​យកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly៕ អត្ថបទ៖ កុម្ភះ

ក្រុមជនល្មើសដែលធ្វើសកម្មភាពចូលលួច ប្លន់ប្រាក់ពីអាជីវករផ្ទេរប្រាក់ នៅតាមបណ្តារាជធានី-ខេត្ត ជាច្រើនលើក ត្រូវបានកម្លាំងអាវុធហត្ថកណ្ដាល ស្រាវជ្រាវបង្ក្រាបបានហើយ​

2024/08/22 02:54:34 pm        825
កណ្តាល៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាព​ឲ្យ​យកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ​នៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៍តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។ជាក់ស្តែងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្រុមជនល្មើសបានធ្វើសកម្មភាពប្លន់ផ្ទះវីង នៅចំណុច​ភូមិក្រោលគោ ឃុំសបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាក់ប្រហែល ១០លានរៀល។ ក្រោយពីបានទទួលពាក្យរបស់ជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថ​ខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ​កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និង​មូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល ដឹកនាំចុះផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ជាបន្តបន្ទាប់ រហូតកំណត់បានមុខ​សញ្ញាជនល្មើស ដែលបានទៅជួបជុំគ្នានៅខេត្តប៉ៃលិន នាថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំផែនការធ្វើសកម្មភាពលួច ប្លន់ នៅទីនោះ។នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ដោយមានការដឹកនាំរួមសហការពីស្នងការដ្ឋាន​ស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តប៉ៃលិន ជំនាញ អហ បានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ០៨នាក់ (ស្រី ០៣នាក់) នៅចំណុចសណ្ឋាគារចំនួន ២ ស្ថិតនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន៖១-ឈ្មោះ វណ្ណៈ (ហៅចេះ) ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីចូលរួមលួចប្រាក់ផ្ទះផ្តល់សេវាផ្ទេរប្រាក់វីង នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)។២-ឈ្មោះ សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីចូលរួមលួចប្រាក់ផ្ទះផ្តល់សេវាផ្ទេរប្រាក់វីង នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)។៣-ឈ្មោះ សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវែង សង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។៤-ឈ្មោះ វុទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។៥-ឈ្មោះ ភ័ក្ទ (ហៅរុំ) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។៦-ឈ្មោះ ស្រីរ័ត្ន (ហៅអូន) ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់គោកឃ្លាំង រាជធានីភ្នំពេញ។៧-ឈ្មោះ ស្រីល័ក្ខ (ហៅអូន) ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ។៨-ឈ្មោះ ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (មានសារធាតុញៀន)។គួររម្លឹងផងដែរថា បក្ខពួកជនសង្ស័យទាំងនេះ ធ្លាប់ធ្វើសកម្មភាពនៅខេត្តកណ្ដាលចំនួន៣លើក មិនបានសម្រេច១លើក,កម្លាំងអាវុធហត្ថបង្ក្រាបបាន២លើក (ធ្វើសកម្មភាពបានសម្រេច១លើក ដោយ​ចូល​លួច​លុយ​ផ្ទះ​វេរ​លុយ​វី​ង​មួយកន្លែង ស្ថិតនៅ​ភូមិ ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្នុង​កញ្ជរ​ប្ដូរប្រាក់ អស់​ប្រមាណ ១២០០០$ នៅវេលា​ម៉ោង ១០ និ​១៦​នាទី ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ ២០២៤ រួច​គេចខ្លួន​។ ករណី​បន្លំ​លួច​នេះ ជនរងគ្រោះ ក៏បាន​ដាក់ពាក្យ​បណ្ដឹងមក​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​ផងដែរ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បន្ដ​ស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរ​ទាំងនោះ បាន​បក្ខពួក​ម្នាក់ ដកហូត​វត្ថុ​តាំង មាន​រថយន្ដ​លុច​ស៊ី​ស​១​គ្រឿង ម៉ូតូ​ស្ក​ត់​ពីរ​១​គ្រឿង រួមទាំង​សម្ភារៈ​មួយចំនួនទៀត ដែល​ជនសង្ស័យ​លួចបាន​ពី​ជនរងគ្រោះ) ។+ចាប់យកវត្ថុតាងពីក្រុមជនសង្ស័យមួយចំនួនរួមមានៈ១-រថយន្ត ម៉ាក Toyota Prius ចំនួន ០២គ្រឿង២-ម៉ូតូម៉ាក Honda dream C១២៥ ចំនួន ០៣គ្រឿង៣-មួកសុវត្ថិភាពចំនួន ០៣៤-ទូរស័ព្ទដៃចំនួន ១០គ្រឿង៥-កាបូបស្បែកតូចធំចំនួន ០៩៦-ថង់ក្រណាត់សម្រាប់ដាក់ប្រាក់លួចបានចំនួន ០២៧-សំលៀកបំពាក់បុរសស្រ្តី សម្រាប់ផ្លាស់ប្តូរមុនពេលនិងក្រោយពេលធ្វើសកម្មភាពរួច មួយចំនួន៨-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៥៩-ប័ណ្ណសម្គាស់ទោចក្រក្រយាន្តចំនួន ០២១០-ប័ណ្ណបើកបរចំនួន ០២១១-លោហៈធាតុពណ៌លឿង (ក្រវិល ០១គូ ចិញ្ចៀនពណ៌លឿងលាយសចំនួន ០២វង់)១២-ប្រាក់រៀលមួយចំនួននៅចំពោះមុខជំនាញកងរាជអាវុធហត្ថ ក្រុមជនសង្ស័យទាំង ០៨នាក់ បានឆ្លើយសារភាពថា នៅក្នុងឆ្នាំ ២០២៤នេះ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពចំនួន ១៦លើក ៖– នៅរាជធានីភ្នំពេញចំនួន ០៥លើក– ខេត្តកណ្តាលចំនួន ០៣លើក– ខេត្តតាកែវចំនួន ០២លើក– ខេត្តកំពង់ឆ្នាំងចំនួន ០២លើក– ខេត្តបាត់ដំបងចំនួន ០៣លើក– ខេត្តកំពង់ស្ពឺចំនួន ០១លើក– និងខេត្តប៉ៃលិន (រៀបចំផែនការ មិនបានសម្រេច ដោយយើងបង្ក្រាបបានមុនធ្វើសកម្មភាព)ដោយឡែកមុនឆ្នាំ២០២៤ ពួកគេធ្វើសកម្មភាពស្ទើរគ្រប់រាជធានី-ខេត្ត បានសម្រេចជាច្រើនលើកទៀតផងដែរ។ ចុងក្រោយនេះ ពួកជនល្មើសបានជួបជុំគ្នានៅខេត្តប៉ៃលិន ថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ រៀបចំផែនការ ជិះមើលភូមិសាស្រ្ត ដើម្បីធ្វើសកម្មភាពបន្លំចូលលួចលុយនៅផ្ទះវេប្រាក់វីងចំនួនពីរទីតាំង ស្ថិតក្នុងទីរួមខេត្តប៉ៃលិន តែមិនទាន់បានធ្វើសកម្មភាពផងក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់។តាមការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងហ្មត់ចត់ទាំងយប់ទាំងថ្ងៃ ក្រុមនេះមុននឹងធ្វើសកម្មភាពម្តងៗ គឺមានអ្នកដើរមើលទីតាំងផ្ទះណាមានអំណោយផលល្អសម្រាប់ពួកគេធ្វើសកម្មភាព ហើយពួកគេប្រើរូបភាពបំភ័ន្តភ្នែកជនរងគ្រោះ និងសមត្ថកិច្ច ដោយមានអ្នកចាំមើលផ្លូវ មានម្នាក់ចូលទៅធ្វើជាទិញអីវ៉ាន់ឬដូរលុយ នាំនិយាយឲ្យជនរងគ្រោះភ្លេចខ្លួន ធ្វើយ៉ាងណាឃ្លាតឆ្ងាយពីកន្លែងទុកប្រាក់ បើឃើញមានឱកាសល្អទើបឲ្យម្នាក់ទៀតចូលយកកាបូបប្រាក់តែម្តង រួចមានម្នាក់អង្គុយលើម៉ូតូរង់ចាំដឹករត់គេចខ្លួន លុះដល់កន្លែងស្ងាត់ទើបឲ្យជនល្មើស (អ្នកចូលយកប្រាក់) និងជនល្មើស (អ្នកចូលទៅធ្វើជាទិញអីវ៉ាន់) ឡើងរថយន្ត ហើយអ្នកនៅក្នុងរថយន្តប្តូរមកជិះម៉ូតូម្តង រួចបំបែកផ្លូវគ្នារៀងៗខ្លួន។បច្ចុប្បន្នជនល្មើសទាំងអស់បានចាត់ការតាមនីតិវិធីច្បាប់ចប់និងបានបញ្ជូនទៅដាក់ក្នុងពន្ធនាគាររួចរាល់។គួរបញ្ជាក់ថា មុខសញ្ញាបក្ខពួកជនសង្ស័យនៅរត់គេចខ្លួន២ទៅ៣នាក់ទៀត ជាពិសេសស្ដ្រីម្នាក់ ដែលជាមេក្លោង ពេលធ្វើសកម្មភាពតែងតែចូលនិយាយ​ពន្យារពេល​យ៉ាង​យូរ ដើម្បីទុក​ឱកាស​ឱ្យបក្ខពួក​ចូលទៅ​ប្រមូល​ប្រាក់​ពី​បញ្ជរប្ដូរប្រាក់របស់បងប្អូន​អាជីវករវេរលុយប្ដូរប្រាក់។ស្ដ្រីពាក់អាវឈូតពណ៌ក្រហមជាមេក្លោង កងរាជអាវុធហត្ថ កំណត់មុខសញ្ញាបានហើយ នឹងកំពុងស្វែងរកចាប់ខ្លួន​មុខសញ្ញា​ស្ដ្រីម្នាក់មេក្លោងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំណត់មុខសញ្ញាបានហើយ នឹងកំពុងស្វែងរកចាប់ខ្លួនផងដែរ។សូមផ្ដាំផ្ញើដល់បងប្អូនអាជីវករផ្ដល់សេវាផ្ទេរប្រាក់ (វីង អុីម៉ានី…) សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលមានមនុស្សច្រើនទៅទាក់ទងការងារផ្ទេរប្រាក់ឬទិញនេះនោះ ដូចបទពិសោធន៍ករណីខាងលើកើតច្រើនទីតាំង ច្រើនរាជធានី-ខេត្ត ! ។ បងប្អូនជនរងគ្រោះអាចមកដាក់ពាក្យបណ្ដឹងបន្ថែមនៅសាលាដំបូងខេត្តកណ្ដាលបានផងដែរ៕

ប.ស.ស. គ្រោងដាក់ឲ្យដំណើរសាខាចំនួនពីរបន្ថែមទៀតក្នុងផ្សារអ៊ីអនទី១ និងទី៣ នាខែកញ្ញាខាងមុខ

2024/08/22 01:48:41 pm        95
ភ្នំពេញ ៖ ក្នុងគោលបំណងផ្តល់សេវាឱ្យកាន់តែកៀក និងងាយស្រួលជូនដល់ប្រជាពលរដ្ឋ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. គ្រោងនឹងដាក់ឲ្យដំណើរការសាខាការិយាល័យចំនួន២ទីតាំងបន្ថែមទៀត ស្ថិតក្នុងផ្សារទំនើបអ៊ីអន ភ្នំពេញ (អ៊ីអន១) និងអ៊ីអន ម៉ល មានជ័យ (អ៊ីអន៣) ។​ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គោលបំណងនៃការពង្រីកសាខានេះ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន សិស្ស និស្សិត និងសមាជិក ប.ស.ស. កន្លែងតែមួយ និងចំណាយពេលខ្លី។ លើសពីនេះទៀត គឺបម្រើសេវាជូនជារៀងរាល់ថ្ងៃ ពោលគឺ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីពេលព្រឹក រហូតដល់យប់។ឯកឧត្តម បានឲ្យដឹងទៀតថា សាខារបស់ ប.ស.ស. នៅបណ្តាផ្សារទំនើបនេះ មានផ្តល់សេវាដូចជា៖ ការធ្វើប័ណ្ណសមាជិក ប.ស.ស. , ការដាក់របាយការណ៍គ្រោះថ្នាក់ការងារ , ស្នើសុំលិខិតព្យាបាលបន្ត , ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានផ្ទៃពោះ , ស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់បំណាច់លំហែមាតុភាព និងស្នើសុំប្រាក់សោធន។លោក វណ្ណ សំណាង ប្រជាពលរដ្ឋមកពីតំបន់សែនសុខ រាជធានីភ្នំពេញ សព្វថ្ងៃប្រកបរបររត់កង់បី បាននិយាយថា ការបើកសាខាថ្មីបន្ថែមរបស់ ប.ស.ស គឺជាបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបការចង់បានរបស់ប្រជាពលរដ្ឋ ដោយបង្កភាពងាយស្រួលក្នុងការធ្វើបណ្ណ ប.ស.ស. ជាពិសេសសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលមានបំណងចង់ស្នើធ្វើប័ណ្ណ ប.ស.ស. តាមរយៈរបបភាគទានស្ម័គ្រចិត្ត។ លោកពិតជាសប្បាយចិត្តណាស់ ដែលរដ្ឋាភិបាលបានបង្ខិតសេវា ប.ស.ស. ឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។សូមជម្រាបជូនទៀតថា ក្រៅពី ប.ស.ស. គឺកាន់តែពិសេសថែមទៀត សហគ្រាស គ្រឹះស្ថានឯកជន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនអាចមកទទួលសេវាការងារ និងព័ត៌មានទីផ្សារការងារពីមជ្ឈមណ្ឌលការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានផ្តល់សេវាដូចជា៖ចុះឈ្មោះស្វែងរកការងារ, ជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក, ប្រឹក្សាយោបល់អំពីការងារ និងអាជីព និងផ្តល់ព័ត៌មានទីផ្សារការងារ។គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម មានសមាជិកប្រើប្រាស់សេវា ប.ស.ស សរុបចំនួនជាង ២,៤លាននាក់ ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ចំនួនជាង ៤៤ម៉ឺននាក់ , សមាជិក ប.ស.ស. ក្នុងវិស័យឯកជន ចំនួនជាង ១,៦លាននាក់ , សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួនជាង ២៨ម៉ឺននាក់ និងសមាជិក ប.ស.ស. ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ៨ម៉ឺន ៧ពាន់នាក់៕អត្ថបទ ឈិត បូរ៉ាវី

ពេញមួយឆ្នាំនៃអាណត្តិទី៧កម្មករនិយោជិតនិងសហជីពទូទាំងប្រទេសសប្បាយចិត្តនិងពេញចិត្តចំពោះការចុះសួរសុខទុក្ខផ្ទាល់ដល់រោងចក្រ

2024/08/22 01:29:43 pm        84
ភ្នំពេញ ៖ កម្មករនិយោជិត និងសហជីពក្នុងវិស័យកាត់ដេរនៅទូទាំងប្រទេស រំភើបសប្បាយរីករាយ និងពេញចិត្តចំពោះការយកចិត្តទុកដាក់ ការចុះសួរសុខទុក្ខផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរគ្រប់លំដាក់ថ្នាក់ពេញមួយឆ្នាំនៃអាណត្តិទី៧នេះ។ ជាការសប្បាយរីករាយក៏ព្រោះតែប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំទាំងអស់ បានចុះជួបកម្មករដោយផ្ទាល់ដែលបង្កើតបានភាពស្និទ្ធស្នាល យល់ដឹងពីសុខទុក្ខពិតប្រាកដរបស់កម្មករតាមរយៈជំនួបសំណេះសំណាលដោយផ្ទាល់ និងការចុះតាមរោងចក្រ។កម្មការិនីរោងចក្រ ខ្វាន់ទុម អ្នកស្រី អ៊ុក ចាន់ថា បានអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតចាប់តាំងពីដើមរហូតមក។អ្នកស្រីនិយាយថា៖ «ពួកខ្ញុំជាកម្មករបានទទួលអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ទាំងការថែទាំសុខភាព ស្រ្តីមានផ្ទៃពោះ និងអ្នកមានជំងឺផ្សេងៗទៀត។ លើសពីនេះ ពួកខ្ញុំរំភើបរីករាយនៅពេលដែលទទួលដំណឹងថា ការចរចាប្រាក់ខែកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥កំពុងដំណើរការយ៉ាងល្អ»។បន្ថែមពីនេះ លោក ផាស សនស៊ីណែត ជាកម្មកររោងចក្រខ្វាន់ទុមបាននិយាយថា ការគិតគូរសំណាក់រាជរដ្ឋាភិបាល បានធ្វើឱ្យជីវភាពកម្មករនិយោជិតកាន់តែមានភាពល្អប្រសើរ និងអាចដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារបានទាន់ពេលវេលា ជាពិសេស កម្មវិធីប្រាក់សោធននិវត្តន៍។លោកនិយាយថា៖«នៅពេលខ្ញុំទៅពិនិត្យសុខភាព និងព្យាបាលជំងឺ គឺមិនសូវមានការលំបាកច្រើនទេ ដោយសារខ្ញុំមានប័ណ្ណ ប.ស.ស ដែលអាចជួយសម្រួលដល់ការចំណាយរបស់ខ្ញុំច្រើនណាស់។ អ្វីដែលខ្ញុំសប្បាយចិត្តមួយទៀត គឺយើងជាកម្មករក៏ទទួលបានប្រាក់សោធននិវត្តន៍ដូចជាមន្រ្តីរាជការដែរ ដើម្បីជួយសម្រួលជីវភាពនាថ្ងៃខាងមុខ»។រីឯកម្មការិនី ព្រំ ស្រីមុំ ក៏បានអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារដែលបានយកចិត្តទុកដាក់ចំពោះកម្មកររោងចក្រសហគ្រាស និងបានចុះមកពិនិត្យស្ថានភាពជាក់ស្ដែង នៃដំណើរការផលិតកម្មផលិតផលគ្រប់ប្រភេទនៅទូទាំងប្រទេស។អ្នកស្រីបាននិយាយថា៖«ខ្ញុំសូមអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារដែរ ដែលតែងតែយកចិត្តទុកដាក់ដល់កម្មករនយោជិតដូចពួកខ្ញុំ។ នៅពេលដែលថ្នាក់ដឹកនាំក្រសួងចុះមកផ្ទាល់បែបនេះ គឺពួកខ្ញុំមានការស្នើសុំដំណោះស្រាយបានទាន់ពេលវេលា»។គួរគូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលត្រូវបានបង្កើតឡើងភ្លាមកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីអាណត្តិទី៧ បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមរោងចក្រជាបន្តបន្ទាប់១០លើកនេះ បន្តពីសម្តេចតេជោក្នុងនោះសម្តេចធិបតី បានជួបសំណេះសំណាលជាមួយកម្មករនិយោជិត សរុបប្រមាណជាង ១៧ម៉ឺននាក់ មកពីរោងចក្រសហគ្រាសសរុបប្រមាណ១៨៩នៅទូទាំងប្រទេស។ ជាបន្តបន្ទាប់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំនៅតែបន្តការអនុវត្តមាគ៌ានៃការយកចិត្តទុកដាក់លើបងប្អូនកម្មករបន្ថែមទៀត ដោយបានអញ្ជើញសួរសុខទុក្ខកម្មករនិយោជិតនៅតាមរោងចក្រដើម្បីពិនិត្យមើលលក្ខខណ្ឌការងារ និងស្ថានភាពនៃការធ្វើការដោយពិតប្រាកដ។ ជាក់ស្តែងតាំងពីបានឡើងជារដ្ឋមន្ត្រីនៃក្រសួងការងារភ្លាម ឯកឧត្តមហេង សួរ បានចុះហូបបាយ និងពិនិត្យលក្ខខណ្ឌការងារនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង ការចុះពិនិត្យនៅតាមតំបន់ផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌឬស្សីកែវដែលជាទីតាំងកម្មករស្នាក់នៅច្រើនក្នុងរាជធានីភ្នំពេញ។ ហើយសកម្មភាពនៅតែបន្តដូចជាភ្លៀងរលឹមបន្តរហូតដល់បច្ចុប្បន្នដែលទាំងឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងនៅតែបន្តចុះជាប់ជាមួយកម្មករនិយោជិតក្នុ្ងងការស្វែងយល់ពីសុខទុក្ខជាបន្តទៀត។ ទន្ទឹមនឹងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសម្តែងការគាំទ្រសកម្មភាពឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ ដែលបានចុះជួប និងពិសារអាហារជាមួយកម្មករ-កម្មការិនីបន្តបន្ទាប់ក្នុងរយៈពេល១ឆ្នាំនេះ។ លោកថ្លែងថា៖«ក្នុងនាមខ្ញុំជាតំណាងកម្មករ ខ្ញុំគាំទ្រសកម្មភាពចុះជួបជាមួយកម្មករផ្ទាល់ គឺដើម្បីអាចដឹងច្បាស់ពីសុខទុក្ខរបស់ពួកគាត់ ហើយក៏ជាការបង្កឱ្យមានភាពស្និទស្នាលរវាងមន្រ្តីរាជរដ្ឋាភិបាល និងកម្មករនិយោជិតដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីនិយោជក ក៏មានឱកាសលើកជាបញ្ហាប្រឈមជាមួយនឹងមន្រ្តីក្រសួងការងារដែរ»។លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) បានមានប្រសាសន៍ថា សកម្មភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីថ្មីនៅពេលនេះគួរតែអនុវត្តបន្តបន្ទាប់ថែមទៀត ដើម្បីបង្ហាញភាពកក់ក្តៅ និងការយចិត្តទុកដាក់ជួយដោះស្រាយបញ្ហារបស់កម្មករ-កម្មការិនី និងការរំលោភបំពានការងារផ្សេងៗទៀតនៅតាមមូលដ្ឋានរោងចក្រសហគ្រាស។លោកបញ្ជាក់ថា៖«នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តីចុះទៅ គឺគាត់អាចដឹងថា កម្មកររស់នៅដូចម្ដេច មានទឹកស្អាតប្រើប្រាស់ឬអត់ មានអគ្គីសនីប្រើដែរទេ ហើយម្ចាស់ផ្ទះជួលតម្លើងតម្លៃឈ្នួលថែមទៀតដែរទេ។ ដូច្នេះសកម្មភាពនេះ គឺជារឿងល្អ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
06/03/2026 11:06 AM
ព្យុះត្រូពិក Jangmi វាយប្រហារប្រទេសជប៉ុន ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់លំនៅឋាន៦ម៉ឺនខ្នង
06/03/2026 11:06 AM
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
06/03/2026 11:06 AM
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
06/03/2026 10:06 AM
ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM