អ្នកនយោបាយអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើតមនសិការស្នេហាជាតិនិងចងចាំថ្ងៃទី២៨ ខែឧសភា ថៃឈ្លានពានកម្ពុជា
រដ្ឋមន្រ្តីស្តីទីក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតស្វ៊ីសប្រចាំកម្ពុជាជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់
ដាស់ស្មារតី! យុវជនប្តេជ្ញាបង្វែរ​ការឈឺពីសត្រូវឈ្លានពានកសាងសមត្ថភាព​ ដើម្បី​ជា​ខែល​ការពារ​ជាតិ​
ជនជាតិចិន ១៧៣នាក់ និងជនជាតិវៀតណាម ១៣៧ នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្រូវប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

2024/08/09 07:08:08 pm        78
ស្ទឹងត្រែង ៖នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដំណាំស្រូវ ព្រមទាំងការខូចខាត ក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ក្នុងពេលចុះពិនិត្យក្នុងខេត្តស្ទឹងត្រែង ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងចំណោមស្រុកដែលប៉ះពាល់ក្នុងខេត្តស្ទឹងត្រែង មានឃុំឬស្សីស្រែ និងឃុំថាឡាបរិវ៉ាត ស្រុកថាឡាបរិវ៉ាតប៉ះពាល់ច្រើនជាងគេ។ក្នុងពេលចុះពិនិត្យនេះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការស្តោកស្តាយ ចំពោះការប៉ះពាល់និងខូចខាតនេះដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យឆ្នាំនេះទឹកមានទំហំធំ និងឡើងមុនពេលវេលា។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរ និងជំនាញ ពិសេសខាងកសិកម្ម យកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់នៅពេលខាងមុខ និងពិនិត្យលទ្ធភាពផ្លាស់ប្តូរប្រភេទដំណាំនៅតំបន់ដែលមិនអាចធ្វើស្រូវបាន។ បើតាមរបាយការណ៍ខេត្តស្ទឹងត្រែងមានផលប៉ះពាល់ និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង, ក្នុងនោះផ្ទៃដីប៉ះពាល់ចំនួន៥៩៦ហិកតា និងខូចខាតទាំងស្រុងចំនួន៩៧ហិកតា៕ដោយឡែក ចំពោះខេត្តព្រះវិហារវិញ បើតាមរបាយការណ៍មានផលប៉ះពាល់ និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង, ក្នុងនោះផ្ទៃដីប៉ះពាល់ ចំនួន២៩៧១ហិកតា និងខូចខាតទាំងស្រុងចំនួន៣៦៥ហិកតា ខណៈក្នុងចំណោមស្រុកដែលប៉ះពាល់ក្នុងខេត្តព្រះវិហារ មានឃុំពុទ្រា ស្រុកជ័យសែនបានប៉ះពាល់ច្រើនជាងគេ។

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំប្រចាំផ្លូវជាច្រើនខ្សែក្នុងខេត្តកំពង់ធំ

2024/08/09 06:54:01 pm        73
កំពង់ធំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទជារឿងដ៏ចាំបាច់ ដើម្បីសម្រួល ដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនេះជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។ ​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំប្រចាំផ្លូវ ចំនួន ៥ ខ្សែ ក្រាលកៅស៊ូ DBST ប្រវែងសរុបជាង ១៦៦ គីឡូម៉ែត្រ ក្នុងស្រុកចំនួន ៥ នៅខេត្តកំពង់ធំ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៤ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួស ជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់ បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។ ឯកឧត្តម បន្តថា បញ្ហានេះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើន គុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅ ជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ ដូច្នេះតាមរយៈផ្លូវខាងលើ ដែលអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ, អ្នកទទួលការងារលើថែទាំប្រចាំផ្លូវនេះ សូមយកចិត្តទុកដាក់បន្ត និងត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចបានតាមផែនការ និងប្រកប ដោយគុណភាព ដើម្បីជួយសម្រួលដល់ការរស់របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ជាក់ស្តែងជុំវិញការអភិវឌ្ឍផ្លូវជនបទនេះដែរ, បើយោងតាមរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានឆ្នាំ ២០២៣ របស់ក្រសួង អភិវឌ្ឍន៍ជនបទ ក្នុងនោះគិតត្រឹមឆ្នាំ ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែងជាង ៥ ម៉ឺនគីឡូម៉ែត្រ ដែលផ្លូវ ទាំងនេះ គឺជាការចូលរួមវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅជម្រុញស្ថាបនាផ្លូវជនបទគ្រប់ទិសដៅ សម្រាប់ជាប្រយោជន៍ ប្រជាពលរដ្ឋ។នៅក្នុងការត្រួតពិនិត្យផ្លូវខាងលើនេះ, ឯកឧត្តម ផូ ផារិទ្ធ និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួប នេះដែរ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ឯកអគ្គរដ្ឋទូតចិនបង្ហាញការប្ដេជ្ញាចិត្ត បន្តពង្រឹ-ពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនវិស័យជាមួយកម្ពុជា

2024/08/09 06:47:20 pm        112
ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិន ប្រចាំកម្ពុជា បង្ហាញការប្ដេជ្ញាចិត្ត បន្តពង្រឹ-ពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនវិស័យជាមួយកម្ពុជាដើម្បីជួយកម្ពុជាសម្រេចតាមគោលដៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិតី កិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ​ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា បច្ចុប្បន្ននេះទំនាក់ទំនងចិន-កម្ពុជាកំពុងបន្តលើគ្រប់វិស័យយ៉ាងល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងខិតខំបន្តជំរុញទំនាក់ទំនង និងការការអភិវឌ្ឍលើគ្រប់វិស័យឱ្យមានភាពរុងរឿង និងប្រើសរថែមទៀតនាពេលខាងមុខ ខណៈដែលប្រទេសចិនកំពុងខិតខំកសាងប្រទេសឱ្យក្លាយទៅជាប្រទេសទំនើបកម្មសង្គមនិយមគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០៥០។ ឯកឧត្តមបន្តថា ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលដៅអភិវឌ្ឍប្រទេសត្រឹមឆ្នាំ ២០៣០ ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា ចិន មានគោលដៅដូចគ្នា ហើយមានចក្ខុវិស័យ គោលដៅស្រដឿងគ្នាលើការជំរុញការអភិវឌ្ឍ តាមរយៈការកែទម្រង់នានា ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសមានភាពរីកចម្រើនរុងរឿងតាមគោលដៅដែលបានកំណត់នាពេលអនាគត។ សូមជម្រាបថាក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និង ផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។ ប្រទេសចិនក៏ស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និងវិបុលភាព ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល៕អត្ថបទ៖ វ៉ន ដារ៉ា

ដាក់ឲ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ និងពង្រឹងសន្តិសុខ

2024/08/09 06:15:48 pm        99
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ។ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល ព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីឯកឧត្តម សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន បណ្ដាទីភ្នាក់ងារទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីតាមបណ្ដាច្រកទ្វារព្រំដែនគោក និងអាកាសជាច្រើនរូប ។ឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញពីប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ ខណៈបណ្ដាប្រទេសជឿលឿនកាន់តែច្រើនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះ ។បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា Cambodia e-Arrival រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ ។ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធ Cambodia e-Arrival ជាបណ្ដើរៗនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង៣នេះ នៅអំឡុងខែកកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការផ្ដួចផ្ដើម និងដឹកនាំឈានទៅសម្រេចបាននូវប្រព័ន្ធ Cambodia e-Arrival នេះ គឺជាការបញ្ជាក់ច្បាស់នូវលទ្ធផលជាក់ស្ដែងថ្មីមួយទៀត នៃទិសដៅការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសអនុវត្តចាប់ពីដើមនីតិកាលទី៧ ៕អត្ថបទ ៖ បាន សុខរិទ្ធិ

អ្នកជំនាញសេដ្ឋកិច្ច និងសហជីព៖ ការចុះMOUរវាងរដ្ឋាភិបាល និងធនាគារធំៗផ្តល់ឥណទាន​ដែលមានការប្រាក់ទាប​សម្រាប់ពលករ គឺជាជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន

2024/08/09 04:49:38 pm        927
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថាការចុះអនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់​ឥណ​ទាន​មានអត្រាការប្រាក់ទាបត្រឹមតែ៨,៥ភាគរយក្នុង១ឆ្នាំ គឺ​ជា​ការ​គិត​គូ​ថ្មី​បន្ថែម​មិន​ធ្លាប់​មាន​។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​រួម​ចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ៨,៥ភាគរយក្នុង១ឆ្នាំ ខណៈ​បណ្តា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន ដែលមានអត្រាការ​ប្រាក់​ខ្ពស់​រហូត​ដល់​១៨​ភាគ​រយក្នុ​ង​១​ឆ្នាំ​ឯណុះ​។ លោក​បណ្ឌិតបញ្ជាក់ថា ការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៨,៥ភាគរយក្នុងមួយឆ្នាំនេះ ប្រជា​ពលរដ្ឋទទួលបានការបន្ទាបអត្រាការប្រាក់រហូតដល់ជាងពាក់កណ្តាល គឺទាប​ជាង​៩​ភាគរយ ហើយទាបជាងអត្រាការប្រាក់ធម្មតាដែលពួកគាត់ធ្លាប់ខ្ចី។ មិនតែ​ប៉ុណ្ណោះ​អត្រា​ការ​ប្រាក់​នេះ​បើ​ធៀប និងកម្ចីក្រៅផ្លូវការគឺកាន់តែទាបជាងថែមទៀត ហេតុនេះការចុះ MOU នេះគឺ​ជា​ការ​រួម​ចំណែក​ជួយដល់ពលករក្នុងការកាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុ ហើយមាន​លទ្ធភាព​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ផងដែរ។ លោកថ្លែងថា៖ «ការកាត់បន្ថយនេះគឺជាយន្តការមួយរួមចំណែក នៅក្នុងការកាត់បន្ថយ​ចំណាយ​របស់​គ្រួសារ ពលករ ហើយ និងរួមចំណែកឱ្យពលករនៅសល់ប្រាក់ ដែលអាចយក​ទៅ​ចាយ​វាយ​បាន​ក្រោយ​ពេលទូទាត់ថ្លៃការប្រាក់រួច។ ដូចច្នេះពលករ យើងអាចមានលទ្ធភាព​រស់​នៅ​មាន​ភាព​ប្រសើ​ជាង​មុនខណៈអត្រាការប្រាក់ថយចុះរហូតដល់ជាងពាក់កណ្តាល»។ ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា យល់ឃើញថា ការចុះ​អនុស្ស​រណៈ​នេះ​មាន​ប្រយោជន៍ក្នុងការជួយដោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ឈប់​បារម្ភ​រឿង​បំណុល ដែលមានអត្រាការប្រាក់ខ្ពស់ មានឱកាសសន្សំលុយ ធ្វើឱ្យសេដ្ឋកិច្ច​គ្រួសារ​កាន់​តែ​រីក​ចម្រើន​ប្រសើរជាងមុន។ លោកថ្លែងថា៖«ពលករយើងលែងបាម្ភទៅលើបំណុលការប្រាក់ ដែលគាត់ធ្លាប់​ជួប​ប្រទះ​ក្នុង​ពេល​កន្លង​មក ហើយការបារម្ភរបស់គាត់នេះត្រូវបានរាជរដ្ឋាភិបាលជាពិសេសក្រសួងការងារ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយក្តីបារម្ភរបស់គាត់ ហើយនេះជាក្តីសុបិនមួយរបស់ពួកគាត់បានក្លាយជាការពិត មាន​​ឱកាសទៅធ្វើការនៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ ហើយ​មាន​ឱកាស​ទទួល​បាន​នូវ​ឥណទាន​ដែល​មានអត្រាការប្រាក់ទាប»។ ក្នុងនាមសហជីព​លោក សំ សឿន បានសម្តែងក្តីត្រេកអរ និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះ​ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តាធនាគារ ដែលបានផ្តល់ឱកាស​ដល់​ពលករ​ក្នុងការទទួលបានឥណទានដែលមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង​១​ឆ្នាំ​។​ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហានេះ ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ បានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

ស្រ្តីទីមួយកម្ពុជា ផ្ដល់អនុសាសន៍ដល់ប្រតិភូយុវជនមុនទៅចូលរួម​កម្មវិធីអ្នកដឹកនាំ​យុវជនអាស៊ីនៅជប៉ុន

2024/08/09 04:22:24 pm        941
លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១កម្ពុជា និងក្នុង​នាម​ជា​អគ្គ​ស្នង​ការ​សមាគម​កាយប្ញទ្ធីនារីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨ រូប ចូលជួប​សម្ដែង​ការ​គួរ​សម និងសំណេះសំណាល មុននឹងចេញ​ដំណើរ​ទៅ​ចូលរួម​កម្ម​វិធី​អ្នក​ដឹកនាំ​យុវជន​អាស៊ី​វ័យ​ក្មេង​​នៅឯប្រទេសជប៉ុននាប៉ុន្មានថ្ងៃខាងមុខនេះ ដែលជំនួបខាងលើធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែ​សីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារហៃយ៉ាត់​រីជេនស៊ីភ្នំពេញ។​ប្រតិភូយុវជនវ័យក្មេងកម្ពុជាទាំង៨រូប ចូលជួបសម្ដែងការគួរសមជាមួយ លោក​ជំទាវ​បណ្ឌិត​ដែល​ជា​ថ្នាក់​ដឹកនាំគំរូរបស់កម្ពុជានាពេលនេះ ត្រូវបានដឹកនាំដោយលោកជំទាវ ស្រូយ សុជាតិ​ អគ្គនាយក​នៃអគ្គនាយកដ្ឋានយុវជន​ នៃក្រសួងអប់រំយុវជន និងកីឡា ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់អាណាព្យាបាលយុវជនទាំង៨រូប​ ព្រមទាំង​ថ្នាក់ដឹកនាំ និងសមាជិក​នៃ​សមាគម​កាយ​ប្ញទ្ធិ​នារី​កម្ពុជា និងគណៈកម្មាការអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផង​ដែរ។ នៅក្នុងឱកាសដ៏ប្រសើរនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍​ចូល​រួម​អបអរសាទរដល់ប្រតិភូយុវជនទាំង៨រូប ពេញដោយសមត្ថភាព មានឱកាស​ចូលរួម​នៅ​ក្នុង​កម្ម​វិធីអ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ ២០២៤​ នៅឯប្រទេសជប៉ុន។ លោកជំទាវ​បណ្ឌិត​បាន​មាន​ប្រសាសន៍​បន្តថា យុវជនគឺជាសរសេរទ្រូងរបស់ប្រទេសជាតិ ហើយជាកម្លាំង​បន្ត​វេន​ដ៏​សំខាន់​ក្នុង​ប្រទេស​នា​ថ្ងៃ​អនាគតដែលស្ដែងឡើងតាមរយៈសមត្ថភាព និងភាពច្នៃប្រឌិតរបស់ប្អូនៗយុវជន។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានលើកឡើងពីគំរូរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃកម្ពុជា ដែលជាអ្នកបន្តវេនដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ និង​ថែ​រក្សា​សន្តិភាព​ជូន​ប្រជា​ជាតិ​កម្ពុជា បន្តពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។ ជាមួយគ្នានេះដែរ លោកជំទាវក៏មិនភ្លេចរំលេច​ពី​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៧ នៃរដ្ឋសភា ដែលមុំសំខាន់នៃយុទ្ធសាស្រ្តគឺការភិវឌ្ឍន៍មូលធនមនុស្ស តាម​រយៈ​ការ​កសាង និងពង្រឹងសមត្ថភាពយុវជន ដើម្បីជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមជាតិ។ លោក​ជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការចូលរួមរបស់ប្អូនៗទាំង ៨រូប នា​ពេល​នេះ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល លោកជំទាវបានផ្ដាំផ្ញើដល់ប្អូនៗយុវជន ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌ល្អ គោរពវិន័យ ពង្រឹងសាមគ្គីភាពក្រុម បញ្ចេញទាំងសមត្ថភាព និង​ត្រូវ​រៀន​សូត្រ​ពី​គេ​ឱ្យ​បានច្រើន​ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសខ្លួនវិញ ។ បន្ថែម​ពីនេះ លោកជំទាវ​បណ្ឌិត​ក៏​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍ល្អៗ​នៃ​ភាពជាអ្នក​ដឹក​នាំ​ដល់​ប្អូន​ៗ យុវជន ព្រមទាំងបានណែនាំដល់ប្អូនៗ ត្រូវសិក្សាឈ្វេង​យល់​ពី​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន ដើម្បីជាទុកទុនចំណេះដឹងដ៏សំខាន់ចូលរួមនៅក្នុងការបញ្ចេញមតិយោបល់ និង​ត្រូវ​ចាប់​យកឱកាសចែករំលែកបទពិសោធន៍​​ បង្កើតទំនាក់ទំនង និងជាពិសេសត្រូវលើកយកវប្បធម៌​ និ​ង​អត្តសញ្ញាណជាតិទៅបង្ហាញនៅដល់ប្រទេសដទៃបានស្គាល់។ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានមានប្រសាសន៍ថា ប្រតិភូ​យុវជន​ ទាំង៨រូប នឹងត្រូវចេញ​ទៅ​ចូល​រួម​កម្ម​វិធី​អ្នក​ដឹក​នាំ​យុវជន​អាស៊ី​វ័យ​ក្មេង​នៅឯប្រទេស​ជប៉ុន​ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ ឆាប់ៗខាងមុខ។ ជាមួយ​គ្នា​នេះ​លោក​ជំទាវ​បាន​ថ្លែង​អំណរ​គុណ​ដល់លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ដែលឆ្លៀតពេលវេលាដ៏មាមាញឹក និងផ្ដល់​អាទិភា​ព​ដល់ប្រតិភូយុវជនបានជួបសម្ដែងការគួរសម និងស្ដាប់នូវអនុសាសន៍ល្អ ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​គំរូ និងជាស្រ្តីទី១របស់ប្រទេសកម្ពុជា។ ក្នុងជំនួបដ៏កម្រនេះ ប្រតិភូយុវជនវ័យក្មេងទាំង៨រូប ក៏បាន​ថ្លែង​អំណរ​គុណដ​ល់​លោក​ជំទាវ​បណ្ឌិត​ដែល​អនុញ្ញាតឱ្យចូលជួប និងផ្ដល់អនុសាសន៍ល្អៗ ដែលជាទុនគំនិតដ៏សំខាន់​ក្នុង​ការ​ត្រៀម​ខ្លួន​ចេញទៅបង្ហាញសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ជាមួយបណ្ដា​យុវជន​មក​ពី​ប្រទេ​ស​ចំនួ​ន​៨ ​ទៀតនៅតំបន់អាស៊ី។ ជាមួយគ្នានេះ ប្អូនៗយុវជន​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការបង្ហាញ​សមត្ថភាព​លើ​ឆាកអន្តរជាតិ ​និងត្រៀមបង្ហាញពីវប្បធម៌​ ប្រពៃណី និងអត្តសញ្ញាណជាតិ ព្រម​ទាំង​បង្ហាញ​ពីវឌ្ឍនភាពជាតិ ដែលរីកចម្រើនលើគ្រប់​វិស័យ​តាម​រយៈ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ សូមជម្រាបជូនថា ប្រតិភូយុវជន ៨ រូប ក្នុងនោះមាន យុវតី ៥ រូប និងយុវជន ៣ រូប ដែល​នឹង​ទៅ​ចូល​រួម​កម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេង នៅប្រទេសជប៉ុន មកពី៖ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ​ ១រូប, វិទ្យាល័យហ៊ុន សែន ស្អាង ១ រូប, វិទ្យាល័យ ហ៊ុន សែន កងតាណឹង ១រូប, សាលា​ប៊ែលធីអន្តរជាតិ ១ រូប, សាលាមីគីវ៉េ ១ រូប, សាលាអន្តរជាតិអ៊ីសវ៉េស ១ រូប និងមកពី CCF ចំនួន២រូប ដែលជាសមាជិកានៃសមាគមកាយប្ញទ្ធិនារីផងដែរ។ ក្នុងនាមជាស្រ្តីទីមួយនៃកម្ពុជា និងជាអគ្គស្នងហការសមាគមកាយប្ញទ្ធិនារីកម្ពុជា លោកជំទាវ​បាន​កោត​សរសើរ​ដល់ក្រសួងអប់រំយុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងកបេសកកម្មអភិវឌ្ឍន៍សមត្ថភាពយុវជន ព្រមទាំងបាន​ស្វែង​រក​ឱកាស​ល្អៗ ឱ្យយុវជនយើងអាចបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ។ លោកជំទាវ​សង្ឃឹម​ថា​ពេល​ក្រោយ​កម្ពុជា​អាចធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេង ដើម្បីឱ្យកម្ពុជាមាន​ឱកាស​បង្ហាញ​ពីសក្ដានុពលយុវជនឱ្យកាន់តែច្រើនថែមទៀត៕ អត្ថបទដោយ៖ កញ្ញា ចេន​ សុភានាថ

រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦

2024/08/09 04:06:40 pm        133
ភ្នំពេញ ÷ ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្រោមប្រធានបទ ”យុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាល ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញប្បទានថែទាំសុខភាពប្រកបដោយនិរន្តរភាព សំដៅកែលម្អលទ្ធផលសុខភាព ជំរុញភាពធន់ នៃប្រព័ន្ធសុខាភិបាលទូទាំងតំបន់ និងសកល ពេលមានការគំរាមកំហែងសុខភាពជាសកល” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ប្រទេសទីម័រឡេស្តេ និងមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬតំណាងក្រសួងហិរញ្ញវត្ថុ នៃប្រទេសជាសមាជិកអាស៊ាន ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ម ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។កិច្ចប្រជុំនេះធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពិភាក្សាអំពីជំហានសំខាន់ៗក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាលដើម្បីទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានថែទាំសុខភាព និងការកែលម្អលទ្ធផលសុខភាពនៅទូទាំងតំបន់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងប្រធានបទខាងលើ និងបានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អាទិភាពដល់វិស័យសុខាភិបាល និងការគាំពារសុខភាពសង្គម ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អង្គប្រជុំបានឯកភាពគ្នាលើចំនុចមួយចំនួនដូចខាងក្រោម៖១-បានអនុម័តលក្ខខន្តិកៈ សម្រាប់ការបង្កើតក្រុមការងារស្តីពីកិច្ចសហការហិរញ្ញវត្ថុ និងសុខាភិបាល ដែលនឹងជួយសម្រួលដល់ការសម្របសម្រួលឆ្លងវិស័យរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលអាស៊ាន ។២-បានប្រគល់ភារកិច្ចឱ្យក្រុមការងារពិភាក្សា និងដោះស្រាយចំណុចប្រសព្វនៃការពិចារណាផ្នែកហិរញ្ញវត្ថុ និងលទ្ធផលសុខភាព ដោយទទួលស្គាល់ទំនាក់ទំនងអន្តរកម្មនៃវិស័យទាំងពីរនេះ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាព និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អ និងការរៀបចំការសម្របសម្រួលរវាងវិស័យហិរញ្ញវត្ថុ និងវិស័យសុខាភិបាល។៣-ឯកភាពក្នុងការបង្កើនការយោគយល់គ្នាក្នុងតំបន់ និងស្វែងរកដំណោះស្រាយលើហានិភ័យទាក់ទងនឹងសុខភាព និងជម្រើសហិរញ្ញប្បទាន។៤-ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអន្តរជាតិ ដៃគូសន្ទនា និងអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់ ក្នុងការបង្កើតនូវអាស៊ាន ដែលមានសុខភាពល្អ ការយកចិត្តទុកដាក់ និងសហគមន៍ដែលមាននិរន្តរភាព។៥-បានចាត់តាំងឱ្យក្រុមការងាររៀបចំបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ-សុខាភិបាលអាស៊ាន (AFHMM) ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដើម្បីជួយសម្រួលដល់កិច្ចសហការរវាងវិស័យទាំងពីរ ដោយមានការរៀបចំឆ្លាស់វេណគ្នា ជាប្រធានរវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល និងក្រោមសហប្រធានដែលជាប្រធានអាស៊ាន៕អត្ថបទ រដ្ឋា

នាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ថ្លែងអំណរគុណសម្តេចតេជោប្រធានព្រឹទ្ធសភា ដែលបានផ្តល់អគារសិក្សា១ខ្នង អគារទីចាត់ការ របងខ្លោងទ្វា និងបន្ទប់ទឹក ដល់សាលាបឋមសិក្សាអន្លង់អក

2024/08/09 03:46:06 pm        88
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ នាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តល់អគារសិក្សា១ខ្នង អគារទីចាត់ការ របងខ្លោងទ្វា និងបន្ទប់ទឹក ដល់សាលាបឋមសិក្សាអន្លង់អក ស្ថិតក្នុងភូមិអន្លង់អក ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ពួកគាត់បានថ្លែងអំណរគុណបែបនេះ ក្នុងពេលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី ប្រធានក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រ បានអញ្ជើញចុះពិនិត្យការសាងសង់អគារទាំងនោះ។នាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស បានថ្លែងថា៖ ដោយសារការមើលឃើញពីភាពលំបាកក្នុងការរៀនសូត្ររបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាអន្លង់អក ដែលកំពុងរៀននៅក្នុងរោងចាស់មួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់អគារសិក្សា១ខ្នង អគារទីចាត់ការ របងខ្លោងទ្វា និងបន្ទប់ទឹក ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាអន្លង់អក តាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ធ្វើអោយសិស្សនុសិស្ស ប្រជាពលរដ្ឋជាអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ នាយកសាលាមានក្តីរំភើបឥតឧបមា។ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា៖ មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់លើវិស័យអប់រំ ការកសាងធនធានមនុស្ស។ ដូច្នេះមនុស្សយើងដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែងលើចំណេះដឹងនេះ ត្រូវចាប់ផ្ដើមពីការសិក្សាថ្នាក់មូលដ្ឋានឡើងទៅ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានខិតខំកសាងសាលារៀន យ៉ាងច្រើននៅក្នុងទូទាំងប្រទេស ដូចជាអ្វី ដែលយើងកំពុងបានឃើញនេះ ។ អគារសិក្សា១ខ្នង អគារទីចាត់ការ១ខ្នង របងព័ទ្ធជុំវិញ ខ្លោងទ្វា និងបន្ទប់ទឹក ត្រូវបាន និងកំពុងសាងសង់ជូនចៅៗ និងក្មួយៗជាលោកគ្រូអ្នកគ្រូក្នុងសាលាបឋមសិក្សាអន្លង់នេះ អាចប្រើរយៈពេលប្រមាណជា៨ខែ ទើបសាងសង់រួចជាស្ថាពរ ហើយសាលានេះ គឺជាការកសាងធនធានមនុស្ស ចាប់ផ្ដើមពីថ្នាក់មូលដ្ឋាន នឹងធ្វើឲ្យកូនចៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះបានរៀនសូត្រ ឈានឡើងទៅរកកម្រិតថ្នាក់ឧត្តមសិក្សា បន្តយកការសិក្សាដែលមានកម្រិតជំនាញ ហើយក្រោយបញ្ចប់ការសិក្សាកម្រិតជំនាញ និងឈានឆ្ពោះទៅកាន់ទីផ្សារការងារ ដោយអ្នកខ្លះបន្តចូលទៅធ្វើការនៅវិស័យឯកជន ដើម្បីបានប្រាក់ខែ និងអ្នកខ្លះទៀតប្រលងចូលជាមន្ត្រីរាជការ ដោយពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួន៕ កាំង ហុងវាស្នា

ក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបជុំគ្នា ដើម្បីថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលធ្វើនយោបាយចរិកខ្មៅកខ្វក់

2024/08/09 03:38:50 pm        831
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ សីហា នេះ ក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋ​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានជួបជុំគ្នា ក្នុង​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ ចំពោះ​អ្នក​នយោបាយ​ចាស់​វស្សា​ក្បត់​ជាតិ​បីជំនាន់​ដែល​ជា​ទណ្ឌិត​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល ឲ្យដឹងថា ក្រុ​ម​នាម​ជា​យុវជន និងប្រជាជនខ្មែរមិនអាចឈរឱបដៃ ចំពោះអ្នកធ្វើនយោបាយ ព្រៃផ្សៃដូចលោក សម រង្ស៊ី បាន​នោះទេ។ យើងដឹងទាំងអស់គ្នាហើយថា ទាំងគម្រោង​ព្រែកជីក​ហ្វូណនតេជោ និងកិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍  កម្ពុជា-ឡាវ-វៀតណាម (CLV) គឺ​ពិត​ណាស់​បាន​ផ្តល់​ផល​ប្រយោជន៍ជូនប្រជាជនកម្ពុជា ពិសេសប្រជាជនខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ គ្រប់​គណបក្សនយោបាយ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមអបអរសាទរ និ​ង​គាំទ្រ​នូវ​ការ​អភិវឌ្ឍ​នេះយ៉ាងច្រើនលើសលប់។ ចំលែកអ្នកនយោបាយចាស់វស្សាជាទណ្ឌិតក្បត់ជាតិបីជំនាន់ ញុះ​ញុង់​បំផ្លើសបំផ្លៃ ឥតល្អែ សូម្បីថ្មីៗនេះ យកបញ្ហា ប្រទេស បង់ក្លាដេស មកបំផុស​បំផុល​តាម​បណ្តាញ​សង្គម ដើម្បីជាលក្ខណៈញុះញង់។ អ្នកនយោបាយចាស់វស្សាជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស តែងតែបង្កើត​នយោបាយ​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់ នយោបាយយកជើងរាទឹក មានចិត្តគំនិតទុច្ចរិក បំផ្លើសបំផ្លៃព័ត៌មាន ញុះញង់ គ្រប់​រឿង ចំពោះការអភិវឌ្ឍរបស់កម្ពុជា ដើម្បីតែមហិច្ឆតាផ្ទាល់ខ្លួនហួសហេតុ ចង់បំផ្លាញ​ប្រយោជន៍​ជាតិ​ខ្លួន និងធ្វើឱ្យសង្គមជាតិមានការចលាចល។ ការធ្វើ​នយោបាយ​ខ្មៅ​កខ្វ​ក់ជ្រុល​និយម​រាប់​សិប​ឆ្នាំ​ដដែល​ៗ​បែបនេះ មិនទទួលបានលទ្ធផលទេ ផ្ទុយទៅវិញ កាន់តែធ្វើឱ្យប្រជាជនខ្មែរសាមគ្គីគ្នា និងស្រឡាញ់ជាតិកាន់តែខ្លាំងឡើង ពិសេសក្រុមជ្រុលនិយមទាំងនេះ បានបាត់ទំនុកចិត្ត​ពី​បក្ស​ពួក​ និងសកម្មជនខ្លួនទៅវិញ៕

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

2024/08/09 03:32:03 pm        849
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។តាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបានលើកឡើងថា សម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី ២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុចសំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិនក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្មបែបផែនចិនជំរុញដោយគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកទំនើបកម្ម និង ប្រព័ន្ធសង្គមកាន់តែល្អ របស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍគ្រប់ប្រទេសទាំងអស់។ឯកឧត្តម វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ។ ជាពិសេសបានចែករំលែក និង ជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០។ ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០ គឺជាកិច្ចប្រជុំសំខាន់មួយដែលមានអត្ថន័យជាទីកត់សម្គាល់។ តាមរយៈកិច្ចប្រជុំនេះ ពិភពលោកបានមើលឃើញពីប្រទេសចិន ដែលក្លាហានពុះពារជំនះឧបសគ្គ មានការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍន៍ទៅមុខ បានមើលឃើញពីប្រទេសចិនដែលបន្តពង្រីកនវានុវត្តន៍ និង កាន់តែប្រកបដោយថាមពល បានមើលឃើញពីប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និង តែងតែបើកទូលាយប្រកបដោយបរិយាបន្ន។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និង ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ របស់ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនជូនគ្រប់ប្រទេសលើពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់ និង ផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។ ប្រទេសចិនស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង លើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និង វិបុលភាព ក្នុងតំបន់ ក៏ដូចជា ក្នុងពិភពលោកទាំងមូល។ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសន្ទនានាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិនកញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិនក៏បានធ្វើបទបង្ហាញអំពីការស្វែងយល់ រៀងៗខ្លួនចំពោះការកែទម្រង់នៃប្រទេសចិននិងកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។កម្មវិធីវិធីសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា, ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា,និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាគណៈវាគ្មិន លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានជាតិ និងអន្តរាជាតិសរុបប្រមាណ២៥០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនយោបាយអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើតមនសិការស្នេហាជាតិនិងចងចាំថ្ងៃទី២៨ ខែឧសភា ថៃឈ្លានពានកម្ពុជា
05/28/2026 03:05 PM
ចិនប្តេជ្ញាគាំទ្រប្រទេសគុយបាប្រឆាំងនឹង «នយោបាយអំណាច និងការគំរាមកំហែង»
05/28/2026 03:05 PM
អ៊ីរ៉ង់ និងអាមេរិក វាយប្រហារគ្នា ​ ក្រោយ​លោក Trump បដិសេធព័ត៌មាន​ពី​​កិច្ចព្រមព្រៀងនៅ​ច្រក​សមុទ្រ Hormuz
05/28/2026 03:05 PM
ប្រទេសអ៊ីតាលី ចេញការព្រមានអំពីរលកកម្តៅពណ៌ក្រហម សម្រាប់ទីក្រុងចំនួនបួន
05/28/2026 03:05 PM
កងទ័ពអ៊ុយក្រែន បាញ់ផ្លោងលើលេណដ្ឋានរុស្ស៊ី ដោយកាំភ្លើងធំស្វ័យកម្មផលិតក្នុងស្រុក
05/28/2026 03:05 PM
អ្នកគ្មានលំនៅឋាននៅទីក្រុងប៉ារីស ទាមទារទីជម្រកនិងការការពារ ក្នុងពេលមានកម្តៅខ្លាំងបំផុត
05/28/2026 03:05 PM
វិមានក្រឹមឡាំងនិយាយថា លោក Putin នៅតែបើកទូលាយសម្រាប់ការចរចាជាមួយអឺរ៉ុប
05/28/2026 03:05 PM
រដ្ឋមន្រ្តីស្តីទីក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតស្វ៊ីសប្រចាំកម្ពុជាជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់
05/28/2026 03:05 PM
ដាស់ស្មារតី! យុវជនប្តេជ្ញាបង្វែរ​ការឈឺពីសត្រូវឈ្លានពានកសាងសមត្ថភាព​ ដើម្បី​ជា​ខែល​ការពារ​ជាតិ​
05/28/2026 03:05 PM
ជនជាតិចិន ១៧៣នាក់ និងជនជាតិវៀតណាម ១៣៧ នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
05/28/2026 03:05 PM