ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់ឡើងវិញអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់
បច្ចុប្បន្នភាពករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ
ចងចាំ! ថ្ងៃនេះឆ្នាំមុនវីរកងទ័ពកម្ពុជាត្រូវបានយោធាថៃបំពាន និងលួចបាញ់សម្លាប់ដែលជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើក
ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

ព័ត៌មានជាតិ

សម្ដេចធិបតីបញ្ជាក់អត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេសមកបើកដំណើរការនៅកម្ពុជា

2024/08/08 10:51:05 am        238
ក្នុងឱកាសអញ្ជើញជាអធីបតីពិធីសម្ពោធដាក់ឱ្យដំណើរការ បណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត (DE MONTFORT) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មើលឃើញនូវអត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេសមួយនេះមកបើកដំណើរការនៅកម្ពុជា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមសម្ដេចជាអតីតនិស្សិតបានសិក្សានៅចក្រភពអង់គ្លេស សម្ដេចអាចមើលឃើញនូវ​អត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យ ដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត មកបើកដំណើរការនៅប្រទេសកម្ពុជា។ ក្នុងនោះមាន៖ ទី១ វត្តមានសាកលវិទ្យាល័យនេះបង្ហាញពីគុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរថាអាចចូលរៀនបាន។ ទី២ ជាការទទួលស្គាល់ស្ថិរភាពនយោបាយ ការរីកចម្រើនសេដ្ឋកិច្ច និងសក្ដានុពលកំណើនតទៅអនាគតរបស់កម្ពុជា។ ទី៣ វត្តមានរបស់សាកលវិទ្យាល័យនេះនឹងក្លាយជាកាតាលីករ ជំរុញការប្រកួតប្រជែងជំរុញគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងទី៤ សាកលវិទ្យាល័យនេះអាចជួយកម្ពុជាក្នុងការបំពេញលំហូរចេញ និងធនធានខួរក្បាលតាមរយៈការផ្ដល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោលគឺនៅកម្ពុជាផ្ទាល់តែម្ដង។សូមជម្រាបថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) មានអាយុជាង ១៥០ ឆ្នាំរបស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ សាកលវិទ្យាល័យនេះ គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយរបស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០។ សាកលវិទ្យាល័យនេះ គឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេសដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស៕អត្ថបទ៖ វ៉ន ដារ៉ា

វត្តមានសាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជាបញ្ជាក់ឲ្យឃើញថា អង់គ្លេសទទួលស្គាល់ស្ថិរភាពនយោបាយកម្ពុជា

2024/08/08 10:11:46 am        246
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យDe Montfortរបស់អង់គ្លេសជាការបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល និងប្រជាជនអង់គ្លេសទទួលស្គាល់អំពីស្ថិរភាពនយោបាយនៅកម្ពុជា និងជឿទុកចិត្តលើទីផ្សារកម្ពុជា។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្តេចពិតជាមានសេចក្តីរំភើបចំពោះសាកលវិទ្យាល័យDe Montfort នៅលើទឹកដីកម្ពុជា ដោយសម្តេចមើល ឃើញថា វត្តមាននៃសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេសនេះ គឺបានបង្ហាញថា គេទទួលស្គាល់លើគុណ ភាពអប់រំនៅកម្ពុជា, ការទទួលស្គាល់ស្ថិរភាពនយោបាយនៅកម្ពុជា ការរីកចម្រើនសេដ្ឋកិច្ចសក្តានុពល និងកំណើនតទៅអនាគតរបស់កម្ពុជាជាដើម។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា វត្តមានសាកលវិទ្យាល័យDe Montfort នឹងក្លាយជា​កតលិករ​ជំរុញការប្រកួតប្រជែកវិស័យអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើស កាន់តែសម្បូរបែបដល់ទីផ្សារអប់រំដល់និស្សិតកម្ពុជា។ មួយវិញទៀតវត្តមានសាកលវិទ្យាល័យនេះនឹងផ្តល់តម្លៃ បន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សានៅកម្ពុជា ខណៈសាកលវិទ្យាល័យនេះត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌល សាកលមួយរបស់អង្គការសហប្រជាជាតិនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ប្រទេសយើងមិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស

2024/08/08 09:52:34 am        230
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសយើងមិនអាចក្លាយទៅជាអ្នកមាន បាននោះទេ ប្រសិនបើខ្វះនូវធនធានមនុស្ស ដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដោយផ្តោតសំខាន់ក្នុងការលើកកម្ពស់វិសាលភាពចំពោះវិស័យអប់រំឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀត។ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ក្នុងការ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការបណ្តុះបណ្តាលប្រកបដោយ មូលធនមនុស្ស។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី៖ ការអប់រំនូវធនធានមនុស្សគឺជាយុទ្ធសាស្រ្តវិនិយោគវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តោត លើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រភេទចំណូលមធ្យម នៅក្នុង ដំណើរការដ៏វែងឆ្ងាយរបស់កម្ពុជា ឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់ នៅក្នុងឆ្នាំ២០២៥៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា

2024/08/08 08:36:23 am        301
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សានៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្ដែការធ្វើឱ្យសាកលវិទ្យាល័យនោះអាចឈរជើងបានយូរអង្វែង មាននិរន្តរភាពទៅបានទើបជាការប្រសើរពិតប្រាកដ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ សម្ដេចជឿជាក់ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នឹងជួយកម្ពុជា ក្នុងការផលិតនូវធានធានមនុស្សដែលមានគុណភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែនិយាយអះអាងថា ប្រទេសនីមួយៗមិនអាចមានភាពរីកចម្រើនទៅមុខបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស និងខ្សោយនូវវិស័យអប់រំនោះ ដូច្នេះវត្តមានសាកលវិ ទ្យាល័យ DE MONTFORTគឺនឹងផ្តល់តម្លៃជាច្រើនដល់និស្សិតកម្ពុជា និងផ្តល់តម្លៃទៅវិញទៅមករវាងកម្ពុជា និងអង់ គ្លេសផងដែរ។-សម្ដេចធិបតី៖ លើកទឹកចិត្តឲ្យសាកលវិទ្យាល័យសហការជាមួយធុរកិច្ចអង់គ្លេស និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រនានាបណ្ដុះបណ្ដាលសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងគំនិតនវានុវត្តន៍របស់និស្សិតដែលទទួលបានពីសាកលវិទ្យាល័យ។-សម្ដេចធិបតី៖ សាកលវិទ្យាល័យ បានជ្រើសរើសកម្ពុជាទីមួយនៅអាស៊ានក្នុងការបើកការបណ្ដុះបណ្ដាល បញ្ជាក់ពីទំនុកទុកចិត្ត ទទួលស្គាល់ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកំណើនការចាយវាយរបស់កម្ពុជាវត្តមានសាកលវិទ្យាល័យគឺបង្ហាញពីការផ្ដល់តម្លៃអប់រំនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ នៅឡាវ

2024/08/07 09:27:04 pm        56
ភ្នំពេញ ÷ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានារួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានសាធារណរដ្ឋប្រជាមានិតចិន កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ានសាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាមេរិក ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ រដ្ឋមន្ត្រីសុខាភិបាលចិន រដ្ឋមន្ត្រីសុខាភិបាលកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ។គោលបំណងនៃកិច្ចប្រជុំគឺដើម្បីសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ធានានិរន្តរភាព ការយកចិត្តទុកដាក់ និងដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ការយកចិត្តទុកដាក់ និងនិរន្តរភាពតាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល ការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖ - ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន- ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗពាក់ព័ន្ធវិស័យសុខាភិបាល - ការពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាមេរិក និងរបាយការណ៍របស់ឧត្តមមន្ត្រីសុខាភិបាល (SOMHD)។- ការអនុវត្តកិច្ចព្រមព្រៀង ការសម្រេចចិត្ត និងការកំណត់គោលនយោបាយវិស័យសុខាភិបាលអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមទិដ្ឋភាពរៀងៗខ្លួន។- ព្រមទាំងបញ្ជូនរបាយការណ៍ និងអនុសាសន៍ទៅក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។ក្នុងនាមក្រសួងសុខាភិបាលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗមួយចំនួនស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕អត្ថបទ រដ្ឋា

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជិត២ម៉ឺនប័ណ្ណ ដល់ពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅស្រុកគង់ពិសី

2024/08/07 09:12:28 pm        88
កំពង់ស្ពឺ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនជិត ២ម៉ឺនបណ្ណ ដល់ពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ ក្នុងភូមិចំនួន៣០ ស្ថិតនៅឃុំអង្គពពេល និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋទាំងជាង ១ម៉ឺនគ្រួសារ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនេះមាន ១៩ ៨៤០បណ្ណ ស្មើនឹង១០ ៧៥៨គ្រួសារ ក្នុងនោះឃុំវាល មាន២២ភូមិ សរុប១៤ ៤៧៦បណ្ណ ស្មើនឹង ៧ ៤១៧គ្រួសារ និងនៅឃុំអង្គពពេល មាន៨ភូមិ សរុប ៥ ៣៦៤ បណ្ណ ស្មើនឹង ៣ ៣៤១ គ្រួសារ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះមន្ត្រីក្រុមការងារទាំងអស់ ដែលបានស្ម័គ្រចិត្តមកបំពេញបេសកកម្មវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដោយលទ្ធផលទទួលបាននាពេលនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី ក្រុមការងារជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមសហការអនុវត្តកិច្ចការងារ ដ៏មានសារៈសំខាន់នេះ ឱ្យសម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស ។ ឯកឧត្តមបានបន្តថា ការលះបង់កម្លាំងកាយកម្លាំងចិត្ត របស់មន្ត្រីក្រុមការងារ និងអាជ្ញាធរទាំងអស់ គឺបានបន្សល់ទុកនូវអនុស្សាវរីយ៍មួយដ៏ធំ សម្រាប់អ្នកខេត្តកំពង់ស្ពឺ និងសម្រាប់ខ្លួនឯងផ្ទាល់ក្នុងជីវិតការងារ ដែលបានចូលរួមចំណែក សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅគ្រប់គ្រង និងនូវអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាត់បន្ថយវិវាទឲ្យកាន់តែមានប្រសិទ្ធភាព ខណៈការវាស់វែងដីធ្លីចុះជាប្រព័ន្ធនៅសល់ប្រមាណតែ ១,៥លានក្បាលដីទៀតប៉ុណ្ណោះ ហើយអាចនឹងបញ្ចប់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីចំនួន ៣ចំណុច រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លី ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រជុំពិនិត្យ អនុម័ត និងស្ដាប់របាយការណ៍របស់ ACU

2024/08/07 07:41:08 pm        149
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំពិនិត្យ អនុម័ត និងស្ដាប់របាយការណ៍របស់ ACU ដែលបានអនុវត្តក្នុងខែកក្កដាកន្លង។ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី៣៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ លើកទី៣៦ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានជម្រាបជូនកិច្ចប្រជុំឲ្យដឹងថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មានមន្ត្រីចំនួន ២.៩៨១រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១.៤៤៧រូប និងមន្ត្រី ១.៥៣៤រូបទៀត បានមកប្រកាទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។ ចំពោះការងារពាក្យប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែកក្ដដា សរុប ចំនួន ៤៨ ពាក្យប្ដឹង។ចំពោះការងារអប់រំ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង និងអ្នកជំនាញផ្នែកច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញផ្តល់បទឧទ្ទេសនាមជាថ្មី ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌ ដល់សិស្សវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល។ ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ACU បានចូលរួមសង្កេតការណ៍ការប្រឡងបញ្ចប់ឆ្នាំសិក្សា របស់និស្សិតផ្នែកសុខាភិបាល និងការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាប់បម្រើការក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ ACU ក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន ៩៧គម្រោង និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។ ACU ក៏បានអនុវត្តការងារបណ្តុះបណ្តាលជាច្រើនផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយក៏បានឲ្យដឹងពីការងារតំបន់ និងអន្តរជាតិ ដែលACU បានដឹកនាំ និងចូលរួមជាច្រើនកម្មវិធី ព្រមទាំងបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្រុមការងារត្រីភាគី លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ។អំពីករណីសំណុំរឿងមួយចំនួន ដែល ACU បានបញ្ជូនទៅតុលាការហើយ និងកំពុងបន្តស៊ើបអង្កេត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានរាយការណ៍លម្អិតអំពីករណីរបស់ ឮឈ្មោះ ព្រំ ចាន់នី អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ករណីរបស់ឈ្មោះ ហេ គឿន អតីតប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ក្រុងស្ទឹងសែន និងឈ្មោះ សែ សុងហេង មានមុខរបរជាកសិករ។ក្រោយពីបានស្តាប់របាយការណ៍របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា លើកសំនួរ និងផ្តល់អនុសាសន៍ល្អៗជាច្រើន លើការរាយការណ៍អំពីការងារពាក្យប្ដឹង ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ខណ្ឌរដ្ឋបាលជលផល និងរដ្ឋបាលស្រុកក្រគរ ចុះល្បាតនិងបង្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

2024/08/07 06:08:05 pm        213
ពោធិ៍សាត់ ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ និងកម្លាំងសង្កាត់កំពង់លួង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងស្រុកក្រគរ និងដោយមានការចូលរួមពីយោធាខេត្ដ បរិស្ថាន អាវុធហត្ថស្រុកក្រគរ នគរបាលបាលស្រុកក្រគរ ប្រើប្រាស់កម្លាំងសរុបចំនួន១៧នាក់ ប្រើប្រាស់កាណូត៤គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ រហូតដល់ប្រឡាយតាពេជ្រ ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង។ក្នុងការចុះល្បាតនេះ ដោយពិនិត្យឃើញស្ថានភាពជារួមកម្ពស់ទឹក នៅស្ថានីយជលសាស្ត្រ បឹងទន្លេសាប-កំពង់លួង មាន ៣,៨០ម៉ែត្រ ចំពោះហ្វូងកូនត្រីលិញ កូនត្រីរៀល កូនត្រីប្រា កូនត្រីពោ កូនក្បក កំពុងមានវត្តមានចូលមកដល់បឹងទន្លេសាបហើយ ។ ចំពោះលទ្ធផលក្រុមការងារធ្វើការបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ក្នុងនោះករណីទី១ធ្វើការរឹមអូសនិងបំផ្លាញ របាំងស្បៃមុងខុសច្បាប់ ២៣ខ្សែ ប្រវែង ២៥០០ម៉ែត្រ លូកងស្បៃមុង ចំនួន ៣៨មាត់ , ករណីទី២ធ្វើការរឹមអូសនិងបំផ្លាញ របាំងសាច់អួន ចំនួន ០៣ ខ្សែ ប្រវែង ៩០០ម៉ែត្រ  ក្បាលបរចំនួន ១៥ គ្រឿង បង្គោល ចំនួន ៩២០ដើម ចាក់លែងត្រីចូលបឹងវិញ បាន៩១ គីឡូក្រាម និងករណីទី៣ធ្វើការរឹមអូសនិងបំផ្លាញ លបប្រឺស ១០០ចំនួន ១០ខ្សែ ៕

កីឡាករកម្ពុជាប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងសប្បុរសជន ទៅដណ្ដើមយកមេដាយមាសពិភពលោក ១២ គ្រឿងជូនកម្ពុជា

2024/08/07 05:20:19 pm        223
ភ្នំពេញ ៖ ទោះជាសហព័ន្ធមួយនេះនៅមិនទាន់បានទទួលថវិកាទ្រទ្រង់កម្រិតថ្នាក់ជាតិ ពីក្រសួងអប់រំ យុវជន និងកីឡា ដូចកីឡាប្រភេទផ្សេងៗក្ដី តែកីឡាករកម្ពុជានៃសហព័ន្ធខ្មែរកីឡាហាប់គីដូ នៅតែជម្នះទៅ ប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក តាមរយៈការប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងសប្បុរសជននានាជាដដែល។ជារឿងដែលនឹកស្មានមិនដល់នៅពេលដែលកម្ពុជាទើបចប់សង្គ្រាម និងមានសន្តិភាពជាង ២០ ឆ្នាំប៉ុណ្ណោះនោះ អាចដណ្ដើមបានមេដាយមាសពិភពលោករហូតដល់ ១២ គ្រឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាហាប់គីដូនៅកម្ពុជា។ មេដាយមាសទាំង ១២ គ្រឿងនេះ កម្ពុជាដណ្ដើមបានពីការប្រកួត World I.H.F Hapkido Championships 2024 ដែលរៀបចំធ្វើនៅប្រទេសថៃពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ក្រៅពីមេដាយមាស កម្ពុជាក៏ដណ្ដើមបានមេដាយប្រាក់ ១៣ គ្រឿង និងសំរឹទ្ធ ១៥ មេដាយបន្ថែមទៀតផងដែរ។លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឱ្យដឹងថា ហាប់គីដូ ជាក្បាច់គុនចម្រុះមួយដែលត្រូវបានបង្កើតឡើងនៅប្រទេសកូរ៉េសម័យបុរាណ។ អំឡុងសម័យបុរាណ ព្រឹទ្ធា ចារ្យក្បាច់គុនកូរ៉េបានប្រជុំគ្នារៀបចំបង្កើតឡើងជាក្បាច់គុនពិសេសមួយ គឺហាប់គីដូ ដើម្បីបម្រើឱ្យវិស័យការពារនៅក្នុងព្រះបរមរាជវាំង។ ក្បាច់គុននេះរួមបញ្ចូលគ្នាទាំងស្នៀតប្រយុទ្ធ, ចំបាប់, បោក, កាច់ រួមទាំងការប្រើអាវុធពិសេសៗជាច្រើនទៀត។ក្បាច់គុននេះបានហូរចូលមកកម្ពុជានៅអំឡុងចុងទសវត្សរ៍ ១៩៦០ និងមានអ្នកនិយមហាត់ច្រើន លើកលែងតែអំឡុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ។ ក្រោយការរលំដួលនៃរបបខ្មែរក្រហម ក្បាច់គុននេះ មានការនិយមហាត់ឡើងវិញច្រើន ប៉ុន្តែមិនសូវមានការបង្ហាញជាសាធារណនោះទេ ដោយ សារជាក្បាច់គុន ដែលងាយបង្កគ្រោះថ្នាក់ដល់គូប្រយុទ្ធ។ ក្បាច់គុននេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យមាននៅក្នុងវិញ្ញាសាប្រកួតរបស់កីឡាអូឡាំពិកផងដែរ។ ការប្រកួត World I.H.F Hapkido Championships 2024 គឺសម្រាប់តែកីឡាករក្បាច់គុនហាប់គីដូ ដែលដឹងពីស្នៀត និងគ្រោះថ្នាក់គ្រប់បែបយ៉ាងនៅក្នុងកីឡានេះប៉ុណ្ណោះ។លទ្ធផលនៃការប្រកួតជើងឯកពិភពលោកនៅថៃនាពេលថ្មីៗកន្លងមកនេះ គឺជាមោទនភាពមួយរបស់កម្ពុជានៅក្នុងសម័យកាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។លោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ មានក្ដីរីករាយជាខ្លាំងចំពោះកិច្ចខិតខំរបស់ កីឡាករកម្ពុជា ដែលដណ្ដើមបានមេដាយកម្រិតពិភពលោកមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបែបនេះ។ លោកក៏បានអំពាវនាវដល់ក្រសួង, ស្ថាប័ន រួមទាំងសប្បុរសជននានា សូមជួយដល់សហព័ន្ធនេះ ដើម្បីជំរុញដំណើរការរបស់សហព័ន្ធ និងបង្កើនការហ្វឹកហាត់របស់កីឡាករ សម្រាប់ព្រឹត្តិការ ណ៍អន្តរជាតិនៅលើកក្រោយៗទៀត៕​ដោយ៖ គង់ ឌិន

ប្រជានេសាទស្រុកកំពង់លែង សំណូមពរជួយលុបបំបាត់បទល្មើសស្បៃមុង ឆក់ត្រជាក់ និងក្តៅ ដើម្បីអោយធនធានជលផលសំបូរឡើងវិញ

2024/08/07 05:01:33 pm        56
កំពង់ឆ្នាំង៖ ក្នុងពេលឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ខ័ណ្ឌរដ្ឋបាលជលផលខេត្ត អាជ្ញាធរស្រុក និងកងកម្លាំង ចុះជួបប្រជានេសាទដើម្បីផ្សព្វផ្សាយច្បាប់នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នោះ ពួកគាត់បានសំណូមពរដល់ក្រុមការងារ ជួយលុបបំបាត់បទល្មើសឆក់ក្តៅ ឆក់ត្រជាក់ និងរបាំងស្បៃមុងផង ព្រោះពួកគាត់យល់ថា បទល្មើសទាំងនេះនាំអោយវិនាសពូជមច្ឆាជាតិយ៉ាងឆាប់រហ័ស។ ប្រជានេសាទបានសំណូមពរថា៖ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងនេះ គឺជាឃុំមួយជាប់ជាមួយខេត្តកំពង់ធំ ហើយបទល្មើសឆក់ក្តៅ និងឆក់ត្រជាក់ រួមនិងរបាំងស្បៃមុង បានកើតឡើងជាហូរហែរនៅក្នុងរដូវបិទនេសាទ បើទោះជាកម្លាំងជំនាញជលផលខំបង្ក្រាបយ៉ាងណាក៏ដោយ។ ប្រជានេសាទ បានសំណូមពរដល់អាជ្ញាឃុំ ស្រុក ខេត្ត និងកម្លាំងមានសមត្ថកិច្ចដទៃទៀត ជួយបង្ក្រាបបទល្មើសទាំងនេះផង ។ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ពេលនេះ ជារដូវបិទនេសាទ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់បងប្អូនប្រជានេសាទនៅតំបន់ទន្លេសាបក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ។ ប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្តីពីជលផលអោយបានគ្រប់ៗគ្នា ដើម្បីចូលរួមថែរក្សានូវធនធានមច្ឆាជាតិអោយបានគង់វង្សតកូនតចៅ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានជម្រុញអោយមន្ត្រីជំនាញ និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសជលផលនេះបន្ថែមទៀត ក៏ដូចជាតបតាមសំណូមពររបស់ប្រជានេសាទ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់ប្រជានេសាទអោយបានទូលំទូលាយ។ ឯកឧត្តមបានណែនាំដល់ប្រជានេសាទ គឺ ១-ហាមនេសាទដោយប្រើឧបករណ៍ស្បៃមុងជាដាច់ខាត ២-ត្រូវរុះរើរបាំងអោយអស់ក្នុងរដូវបិទនេសាទ ៣-ត្រូវជួយថែរក្សាព្រៃលិចទឹក ៤-កុំចាប់ត្រីមេពូជទុកអោយវាពងកូន និង៥-កុំប្រើប្រាស់ឧបករណ៍ឆក់ក្តៅ និងត្រជាក់អោយសោះ ។ នៅក្នុងរដូវបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណះគ្រួសារដែលមានចែងនៅក្នុងប្រកាសលេខ ៤៥៨ ប្រក/កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងកសិកម្ម ៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់ឡើងវិញអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់
05/28/2026 11:05 AM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះនៅឡាវ ត្រូវការអុកស៊ីសែនបន្ថែមទៀត ដើម្បីបញ្ចប់បេសកកម្មជួយអ្នកជាប់ក្នុងរូងភ្នំ
05/28/2026 11:05 AM
បច្ចុប្បន្នភាពករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ
05/28/2026 10:05 AM
ចងចាំ! ថ្ងៃនេះឆ្នាំមុនវីរកងទ័ពកម្ពុជាត្រូវបានយោធាថៃបំពាន និងលួចបាញ់សម្លាប់ដែលជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើក
05/28/2026 10:05 AM
[BREAKING NEWS] អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក បន្ទាប់ពីការវាយប្រហារថ្មីនៅជិតទីក្រុង Bandar Abbas របស់អ៊ីរ៉ង់
05/28/2026 10:05 AM
ក្រុមសង្គ្រោះបន្តតាមរកមនុស្ស២នាក់ទៀត ក្រោយរកឃើញ៥នាក់នៅមានជីវិត ពីការជាប់ខ្លួនក្នុងរូងភ្នំនៅឡាវ
05/28/2026 10:05 AM
យានដ្រូនអ៊ុយក្រែន ដែលវង្វេងគន្លងបានបង្កើនភាពតានតឹងលើដែនអាកាសនៅភាគខាងកើតរបស់ប្រទេសសមាជិកណាតូ
05/28/2026 10:05 AM
ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់
05/28/2026 10:05 AM
លោក Trump៖ លោកអាចរង់ចាំអ៊ីរ៉ង់យូរជាងនេះ និងបានច្រានចោលសម្ពាធបោះឆ្នោតពាក់កណ្តាលអាណត្តិ
05/28/2026 09:05 AM
អង្គការ WHO ព្រមានអំពី «ផលប៉ះពាល់ធ្ងន់ធ្ងរ» នៃជំងឺអេបូឡានិងសង្គ្រាម នៅកុងហ្គោ
05/28/2026 09:05 AM