ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ

កាកបាទក្រហមផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់គោករកាជាង៧០០គ្រួសារទៀត

2024/08/07 04:00:22 pm        143
ភ្នំពេញ ៖ ឆ្លើយតបតាមសំណូមពររបស់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាលើកទី២ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៧០៣គ្រួសារទៀត រស់នៅសហគមន៍ចំនួន៨ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះទាំងអស់។ លោកជំទាវឱ្យដឹងថា នេះជាលើក ទី២ហើយ ដែលក្រុមការងារកាកបាទក្រហមកម្ពុជា ចុះចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ដោយលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា កន្លងទៅ បានចែកជាជូនប្រជាជនចំនួន៥០៨គ្រួសារ មកពីសហគមន៍អណ្តូង៤ និងអណ្តូង៦។ ហើយលើកទី២នេះចំនួន៧០៣គ្រួសារ មកពី៨សហគមន៍ផ្សេងទៀតរួមមាន៖ សហគមន៍អណ្តូងមួយ៥៦គ្រួសារ, សហគមន៍     អណ្តូងពីរ៤៧គ្រួសារ, សហគមន៍អណ្តូងនបី១៦៣គ្រួសារ, សហគមន៍អណ្តូងបួន១៥០គ្រួសារ, សហគមន៍ស្វាយចេកថ្មី៩០គ្រួសារ, សហគមន៍ត្រពាំងសំព័រថ្មី៧៥គ្រួសារ, សហគមន៍ជ្រេសថ្មី៤២គ្រួសារ និងសហគមន៍ខ្មែរលើថ្មី ចំនួន៨០គ្រួសារ ដែលសរុបទាំង២លើកនេះសរុបចំនួន ១២១១គ្រួសារ។ប្រជាពលរដ្ឋបានទទួលអំណោយនាពេលនេះម្នាក់ៗបាន សម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាជន។ ទន្ទឹមនឹងនេះពួកគាត់បានថ្លែងអំណរគុណ សុខសន្តិភាព ជាពិសេសសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះផងដែរ។ឆ្លៀតក្នុងឱកាសនេះលោកជំទាវ ម៉ែន នារីសោភ័គ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគអាហារមិនបានត្រឹមត្រូវ។សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅសហគមន៍ក្រីក្រទាំង១០ នៃសង្កាត់គោករកា ដែលមកតាំងទីលំនៅនៅទីនេះ គឺមកពីតំបន់មិនរៀបរយ ដូចជាក្នុងអតីតអគារប៊ូឌីង មកពីតំបន់ដីក្រហម (សំបុកចាប) និងអ្នករស់នៅលើលូ ប្រឡាយនានា ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នពួកគាត់មករស់នៅទីនេះទទួលបានដី និងលំនៅឋានពីសាលារាជធានីភ្នំពេញ យ៉ាងណាម៉ិញប្រជាពលរដ្ឋនៅសង្កាត់គោករកាទាំងមូល ទទួលបាននូវប័ណ្ណសមធម៌ក្រីក្រក្នុងកញ្ចប់គ្រួសារ រួមទាំងមានថវិកាឧបត្ថម្ភប្រចាំខែរបស់រដ្ឋ និងសម្រាប់ទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនអស់ថ្លៃទៀតផង។សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, ឃីត (មុង ភួយ សារុង ក្រមា)១កញ្ចប់ និងថវិកា ១០០.០០០រៀល៕អត្ថបទៈ សំ ងីម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ

2024/08/07 03:59:25 pm        195
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន ជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។ ប្រសាសន៍ស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុង សន្និសីទ​ស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារហ៊ីយ៉ាត់រេជិនស៊ី (Hyatt Regency) រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ដែរថា កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត របស់ធុរជនគ្រប់រូប ដែលបានរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងប្រកបដោយភាពបៃតង ស្អាត និងចីរភាព ជាមួយគ្នានេះ ការនាំមកនូវបច្ចេកវិទ្យា គឺជាកត្តាជំរុញឱ្យល្បឿននៃការវិនិយោគវិវឌ្ឍទៅបានលឿន និងឆាប់រហ័ស ប៉ុន្តែយ៉ាងណា ត្រូវតែគិតមុនគេទៅដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករខ្មែរ ដែលស្របនឹងគោលនយោបាយជាតិ ឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ ២០៥០ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន តាមរយៈការបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០។ សូមរម្លឹកជូនថា សន្និសីទ​ស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុននេះ បានរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេស របស់ប្រទេសជប៉ុន(JETRO) ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) និងសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកឧញ៉ា លី យ៉ុងផាត ប្រធានសមាគមឧញ៉ាកម្ពុជា ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយក្រសួង ស្ងាប័នពាក់ព័ន្ធ ធុរជនជាតិ និងអន្តរជាតិ ជាច្រើននាក់។ វេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណង បង្កើនការយល់ដឹងដល់ធុរជនតាមរយៈបច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូលមួយផ្សេងទៀត តាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្ម តាមរបៀបបៃតង និងនិរន្តរភាព៕

វិស័យឯកជនកំពុងលើកកម្ពស់សហគ្រិនក្នុងស្រុក ដើម្បីរក្សាជំហរក្នុងការធ្វើអាជីវកម្ម

2024/08/07 03:22:14 pm        128
ភ្នំពេញ ៖ សមាគមសហគ្រិនវីម៉ូកម្ពុជា កំពុងចូលរួមលើកកម្ពស់សហគ្រិនក្នុងស្រុក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងផ្សេងៗ ការស្វែងដៃគូអាជីវកម្ម ដើម្បីរក្សាជំហរនៅក្នុងភាពជាសហគ្រិន និងការបង្ហាញពីសក្តានុពល ដើម្បីជំរុញការធ្វើអាជីកម្ម ប្រកបដោយ បរិយាបន្ន។​លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា ក្នុងជំនួបប្រចាំខែ រវាងសមាជិកសហគម ក្រោមប្រធានបទ៖ ការរក្សា វិជ្ជមានក្នុងស្ថានភាពលំបាក នេះថា សមាគមសហគ្រិនវីម៉ូកម្ពុជា បានប្រមូលផ្តុំដោយសហគ្រិនតូចធំជាច្រើន គិតមកដល់ពេលនេះ មានសហគ្រិនភាពដែលជាសមាជិកសមាគម ជាអ្នកមើលឃើញនូវឪកាសក្នុងការច្នៃប្រឌិត ឬធ្វើនវានុវត្តន៍ នូវដំណោះស្រាយអ្វីមួយ ដែលអាចបង្កើតតម្លៃបន្ថែមដល់ទីផ្សារ មានចំនួនជិត ៣០០ ក្រុមហ៊ុន ដែលក្នុងនោះសមាគមតែងតែបង្កើតឱកាសឲ្យសហគ្រិនជួបជុំ គ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការចាប់ដៃគូក្នុងការធ្វើអាជីវកម្ម ក្នុងគោលដៅស្វែងរកចំណុចវិជ្ជមាន ដើម្បីភាពរីកចម្រើនរបស់ សហគ្រិន។លោក សួន ម៉ិ បន្តថា ជុំវិញការធ្វើអាជីវកម្មនេះយើងឃើញថា ខណៈដែលជំងឺកូវីដ-១៩ បានផ្ទុះឡើង និងការអូសបន្លាយ សង្រ្គាមរុស្សី-អ៊ុយក្រែន ធ្វើសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះបណ្តាប្រទេសនីមួយៗបានរងនូវការប៉ះពាល់សេដ្ឋកិច្ច យ៉ាងដំណំផងដែរ ជាពិសេសការប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម។ ប៉ុន្តែសម្រាប់កម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លៀសវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្តេចបានយកចិត្តទុកដាក់យ៉ាង ខ្លាំង អស់ពីកំលាំងកាយ កំលាំងចិត្ត បច្ចុប្បន្នកំពុងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញ ឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញជាបណ្តើរៗ។ ស្របពេលនៃការងើបឡើងនៃសេដ្ឋកិច្ចនេះ វិស័យឯកជនក៏ជាស្នូលមួយដ៏សំខាន់ ផងដែរ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាក់ស្តែងបច្ចុប្បន្ននេះសមាគមានកំពុងជំរុញលើកទឹកចិត្តដល់សហគ្រិន ដើម្បីឈោង ចាប់យកឱកាសសម្រាប់ការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ក្នុងគោលដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ, រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់លើការស្តារ និងជំរុញកំណើន សេដ្ឋកិច្ច ឱ្យវិលត្រឡប់ទៅរកវិថីនៃកំណើនសក្តានុពលរបស់ខ្លួនឡើងវិញ ពិសេសតាមរយៈការជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី គឺការស្តារឡើងវិញនូវ កំណើនក្នុងវិស័យសំខាន់ៗ ដែលជាចន្ទល់សេដ្ឋកិច្ច, ការកែទម្រង់ដើម្បី កសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម, និង ភាពប្រកួតប្រជែង និងការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសការជួយជ្រោមជ្រែងដល់សហគ្រាស អាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានផ្សេងៗ ដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ច ជាក់ស្តែងក្នុងឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា មាន អត្រាក្នុងរង្វង់ ៦ ភាគរយ ខ្ពស់ជាងឆ្នាំមុន ដែលត្រូវបានប៉ាន់ស្មានប្រមាណ ៥ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM)

2024/08/07 03:09:20 pm        98
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (European Chamber of Commerce in Cambodia – EUROCHAM) ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជំនួបនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឱ្យតំណាងគណៈកម្មការជំនាញ នៃ EUROCHAM បានជជែកពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជុំវិញគោលគំនិតក្នុងការសម្របសម្រួលឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរ ពោលគឺមានភាពបត់បែនខ្ពស់ស្របតាមបរិបទសង្គមឌីជីថល កាត់បន្ថយពេលវេលាក្នុងការអនុវត្តនីតិវីធីនានា ព្រមទាំងលើកកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងគិតគូរដល់បរិស្ថាន។ថ្លែងនៅក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតយន្តការមួយចំនួនដូចជា វេទិការាជរដ្ឋាភិបាល-វិស័យឯកជន និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនជាដើម ក្នុងគោលបំណងលើកកម្ពស់កម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែង ដោយសម្របសម្រួល និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលជាក្តីកង្វល់របស់វិនិយោគិន ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនដែលជាសមាជិក EUROCHAM ទាំងអស់ដែលបានពង្រឹងនិងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងឆន្ទៈខ្ពស់ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលបានស្នើឡើងដោយសមាជិក EUROCHAM ឱ្យបានទាន់ពេលវេលា ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់៕

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតចិននៃក្រុមផ្សព្វផ្សាយសន្តិភាពសកល និងមូលនិធិអាប៉ូឡូ ដែលមកសិក្សាឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

2024/08/07 03:06:12 pm        106
ភ្នំពេញ ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតចិន នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advocates Team) និងមូលនិធិអាប៉ូឡូ (Apollo Foundation) ដែលបានមកសិក្សាឈ្វេងយល់អំពីកិច្ច ប្រតិ បត្តិការសកម្មភាពមីននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរមីន បានធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង ៣០ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោសសម្អាតមីននេះ អាចដំណើរការបានគ្រប់ជ្រុងជ្រោយ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ដើម្បីដោះ ស្រាយបញ្ហាមីនដែលនៅសេសសល់ រាជរដ្ឋាភិបាលអាណត្តិទី៧របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និងដឹកនាំឥតងាករេ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ ដែលអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់ក្រុមនិស្សិតចិនថា ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន ការរួម ចំណែករបស់ប្រទេសចិន ក្នុងចំណោមប្រទេស និងដៃគូអភិ វឌ្ឍន៍ដទៃទៀត ពិតជាមានសារៈសំខាន់ណាស់ និងបន្តត្រូវការគាំទ្រពីមិត្តចិន ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់។ ក្នុងឱកាស​នោះ​ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យក្រុមនិស្សិតចិនដែលមកទស្សនកិច្ចនៅកម្ពុជា គាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់កម្ពុជា នាពេលកន្លងមក ក្នុងនោះរួមទាំងការងារបោសសម្អាតមីន ផងដែរ៕ អត្ថបទ៖ ភារម្យ

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ណែនាំមន្រ្តីតាមដានទឹកជំនន់ក្នុងខេត្តកំពង់ធំ ខណៈស្រូវអាចបន្តខូចខាតច្រើនជាងនេះ

2024/08/07 03:02:56 pm        55
កំពង់ធំ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណអភិបាលស្រុកកំពង់ស្វាយ និងមន្ត្រីក្រោមឱវាទ រួមជាមួយក្រុមការងារគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់លិចស្រូវ និងទឹកជនហូដាច់ផ្លូវ នៅភូមិកំពង់គោក្រោម និងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ក្នុងពេលចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនៅទីនោះ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានរាយការអំពីផលប៉ះពាល់មួយចំនួនលើផ្ទៃដីស្រូវ ហ្នឹងហើយថារចនាសម្ព័ន្ធ ក្នុងស្រុក ដែលបណ្ដាលមកពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀងតាមដងស្ទឹងសែន ព្រមទាំងបានបញ្ជាក់អំពីការគិតគូររបស់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំភូមិ ក្នុងការជួយរាល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងរយៈពេលនៃទឹកជំនន់នេះ ។ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបានកើតសរសើរចំពោះអាជ្ញាធរស្រុកកំពង់ស្វាយ ចំពោះការយកចិត្តទុកដាក់រាល់កង្វល់ជាច្រើនរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ ។ ឯកឧត្តម បញ្ជាក់ថា តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង ៤០០០ហិតានៅទូទាំងខេត្តនេះ ឃើញមានស្រូវប្រមាណជា ៥០ ភាគរយប៉ុណ្ណោះដែលរងការខូចខាត ។ ព្រោះទីតាំងខាងលើនេះវាមិនមានស្រូវ ១០០ ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នាដោយសារតែភាគច្រើនយើងធ្វើស្រូវពង្រោះ ។ ដូច្នេះសូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធភាព បន្តធ្វើស្រូវប្រាំង ក្នុងខែវិច្ឆិកា និងខែធ្នូ បានដែរទេ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជឱ្យគាត់តាមលទ្ធភាពជាក់ស្តែង ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង យើងសង្កេតឃើញថា ទឹកជំនន់ទាំងនេះ គឺមិនអាចមានសភាពស្រក់ភ្លាមៗនោះទេ ព្រោះវាជារដូវវស្សា មានភ្លៀងធ្លាក់ពីលើតំបន់ភ្នំច្រើន ហើយបើយោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត៥ពាន់ហិតាឯណោះ ក្នុងនោះខូចខាតជាង២ពាន់ហិតាទៅហើយប្រសិនបើទឹកតាមសន្តរស្ទឹងសែននៅតែបន្តឡើង។ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអន្តរាគមន៍ អនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់នេះបានទាន់ពេលវេលា ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តឱ្យត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លេីអាយុជីវិតមនុស្ស សត្វ៕

ការស្ដារប្រព័ន្ធលូបង្ហូរទឹកឱ្យបានប្រសើរឡើង ធ្វើឱ្យតំបន់បឹងទំពន់ លែងទទួលរងការជន់លិចដូចមុន

2024/08/07 02:33:49 pm        541
បច្ចុប្បន្ននេះ តំបន់បឹងទំពន់ លែងប្រឈមនឹងការលិចលង់ទៀតហើយ ខណៈប្រព័ន្ធលូមេដែលមានមុខកាត់ធំៗ របស់រាជរដ្ឋាភិបាល បានដំណើរការអនុវត្ត នៅតាមបណ្តាមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ។ សង្កាត់បឹងទំពន់ទី១ ជាសង្កាត់មួយ ក្នុងចំណោមសង្កាត់ទាំង៧ នៅមូលដ្ឋានខណ្ឌមានជ័យ ដែលតែងប្រឈមការលិចលង់ខ្លាំងជាងគេបំផុត ប៉ុន្តែក្នុងមួយរយះក្រោយមកនេះ ការលិចលង់ត្រូវទប់ទល់បាន តាមរយៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូមេធំៗ ទំហំចាប់ពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះភ្លោះ ត្រូវបានដាក់តាមតំបន់ងាយរងគ្រោះ ។ លោកសួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាលចំនួន៧ធំៗ មួយចំនួនធំបានអនុវត្តរួចរាល់ និងមួយចំនួនទៀតកំពុង​ដំណើរការអនុវត្ត ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាការលិចលង់ ក្នុងរដូវវស្សានេះ ។ លោកបន្តថា ត្បិតគម្រោងខ្លះមិនទាន់រួចរាល់ក៏ដោយ ប៉ុន្តែក្នុងមួយរយះចុងក្រោយនេះ ទោះភ្លៀងធ្លាក់ខ្លាំង តែមិនបានបង្កជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋនោះឡើយ ។ ប្រព័ន្ធលូមេធំៗ មានមុខកាត់ ចន្លោះពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះ ដោយប្រព័ន្ធលូអាទិភាពចំនួន៤ គឺត្រូវដាក់២ម៉ែត្រកន្លះភ្លោះ ដើម្បី​អាច​ឱ្យ​បរិមាណ​ទឹកហូរ​បានលឿន ។ ​ក្រោយការដាក់ប្រព័ន្ធលូរួច រួមជាមួយក៏នឹងមានការស្ថាបនា​ផ្លូវបេតុងថ្មីក្រាល​ពីលើផងដែរ សម្រាប់ប្រជាពលរដ្ឋទាំងក្នុង ​និងក្រៅតំបន់ប្រើប្រាស់ជាប្រយោជន៍រួម ។ ក្រៅពីការដាក់ប្រព័ន្ធលូមេធំៗហើយនោះ ប្រលាយទឹកបឹងទំពន់ ក៏ត្រូបានយកចិត្តទុកដាក់ ក្នុងការ​កាយឱ្យមានជម្រៅ និងស្តារជាប្រចាំ ដើម្បីធានាបានថា ផ្ទៃប្រលាយមិនមានសំរាមបង្កជាការរាំងស្ទះ ប៉ះពាល់ដល់ចរន្តបង្ហូរទឹក ព្រោះប្រលាយនេះ ជាប្រលាយមេ​សំខាន់​ ដែល​ទទួលរងទឹកពីផ្នែក​ខាងលើ ពោលគឺតាមបណ្តាខណ្ឌនានា ​ទម្លាក់មកអាងស្តុកទឹកបឹងទំពន់ ។ ក្នុងនាមអាជ្ញាធរសង្កាត់លោកសួស សារិន សុំការយោគយល់​អធ្យាស្រ័យ​ខ្ពស់ផង ចំពោះផលប៉ះពាល់លើបងប្អូនប្រជាពលរដ្ឋ ព្រោះជាធម្មតាការអភិវឌ្ឍ​រមែង​មានផលប្រឈម ក៏ប៉ុន្តែ នៅពេលការអភិវឌ្ឍនោះ បានរួចរាល់ជាស្ថាពរពេលណា បងប្អូន​នឹងលែង​ទទួលរងនូវកា​រ​ប្រឈម​ទៀតហើយ គឺនឹងអាចធ្វើដំណើរទៅមកបានងាយស្រួល , ងាយប្រកបរបរ​ទទួលទាន និងរស់នៅប្រកបដោយភាព​សុខដុម​ផងដែរ ។ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ​បានបង្ហាញក្តីរីករាយ ចំពោះគម្រោង​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាល​ ដែលបាន​គិតគូរ​ផ្លាស់ប្តូរប្រព័ន្ធលូ ជូនពួកគាត់ ​បញ្ចៀស​ការ​លិចលង់ ។ ពលរដ្ឋបន្តថា ​ប៉ុន្មានថ្ងៃមកនេះ​ ត្បិតភ្លៀងធ្លាក់ខ្លាំង​ក៏ពិតមែន ប៉ុន្តែមិនមាន​ការលិចលង់​ដូចកាលពីពេលមុននោះឡើយដោយសារតែប្រព័ន្ធលូមានមុខកាត់ធំ ​ដែលអាចឱ្យទឹកហូរទៅបាន ក្នុងបរិមាច្រើន ។ ពលរដ្ឋ ថ្លែងអំណរគុណរាជរដ្ឋាភិបាលអាណត្តិទី៧ ​ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ​ដែលបានយកចិត្តទុកដាក់គិតគូរ ស្ថាបនា និងកែលម្អប្រព័ន្ធលូ និងផ្លូវថ្នល់ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ទាំងអស់ ក៏ដូចជានៅតាមបណ្តាមូលដ្ឋានដទៃនានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ៕ លីហេង

សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ

2024/08/07 02:30:09 pm        296
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងអបអរសារទរយ៉ាង កក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជាបន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសមនាព្រឹកនេះ។ឯកឧត្តមក៏បានកោតសសើរចំពោះការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័យក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេស ការពូនជ្រំទំនាក់ទំនង មិត្តភាពយូរអង្វែងកម្ពុជា-ចិន។ឯកឧត្តម ក៏បានបេ្តជ្ញាថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានអញ្ជើញសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីចូលរួមក្នុងវេទិការ ស្ត្រីកិច្ចសហប្រតិបត្តិការសៀងហៃ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសានទុង ប្រទេសចិននៅថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ ២០២៤ខាងមុខនេះ។ជាកិច្ចឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីចំណងមិត្តភាពកម្ពុជា ចិន សម្រាប់ឆ្នាំនេះជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ ។ សម្ដេចតេជោបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយមិត្តចិន។ ការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់គ្រប់ជាន់ថ្នាក់ បានធ្វើឱ្យទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេសទំាងពីររឹងមាំដូចដែកថែប មិនអាចបំបែកបាន។ ទំនាក់ទំនងកម្ពុជា-ចិន បានរីកចំរើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។សម្តេចមានជំនឿយ៉ាងមុតមាំ ចំពោះមិត្តចិនក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា៕

ក្រសួងការពារជាតិ បើកវគ្គបណ្តុះបណ្តាលស្តីពី​«គោលគំនិត​នៃការបញ្ជ្រាបយេនឌ័រ» ដល់យោធិននារី

2024/08/07 02:25:31 pm        264
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល​ស្តីពី​«គោលគំនិត នៃការបញ្ជ្រាបយេនឌ័រ»ដល់យោធិននារីមកពី១៨ អង្គភាពនៃកង​យោធពល​ខេមរភូមិន្ទ​រយៈពេលពីរថ្ងៃ(៧-៨) ដោយកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ គឺបាន​ធ្វើឡើ​ង​ក្រោម​អធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា។លោកស្រីឧត្តមសេនីយ៏ទោ មាស រជ្ជនី អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា បាន​ថ្លែង​ថា​វគ្គ​បណ្តុះ​បណ្តាលនេះមានគោលបំណង ដើម្បីបង្កើនការ យល់ដឹង និងអភិវឌ្ឍសមត្ថភាព ដល់ សិក្ខា​កាម អំពីគោលគំនិត វិធីសាស្ត្រ និងទិសដៅជាគន្លឹះសំខាន់ៗ ក្នុងការបញ្ជ្រាបយេនឌ័រ ជា​ពិសេស ការអនុវត្តតាមផែនការយុទ្ធសាស្រ្តក្រសួងការពារជាតិ និងផែន​ការ​យុទ្ធសាស្ត្រនា​រី​រតនៈ​ទី៦ ឆ្នាំ ២០២៤-២០២៨ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការ​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី និងក្មេងស្រី។លោកស្រីបានបន្ថែមថា វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ និង​ទី០៨ ខែ សីហា ឆ្នាំ២០២៤ ដែលមានវត្តមាន៖ សិក្ខាកាមមកពីតាមបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ ចំនួន ១៨ អង្គភាព ដែលមាន យោធិន និងយោធិននារី ឋានន្តរសក្តិ ថ្នាក់​ឧត្តមសេនីយ៍ទោ បន្តបន្ទាប់រហូតដល់ថ្នាក់អនុសេនីយ៍ទោ សរុបចំនួន ៥០រូប និងមានគ្រូឧទ្ទេស និង​អ្នកសម្របសម្រួល មកពីក្រសួងកិច្ចការនារី ចំនួន ០៦រូប។ថ្លែងនៅ​ក្នុងកម្មវិធីបើកនោះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានកោតសរសើរ​ចំពោះ​លោក​ស្រី​ប្រធាន​ក្រុម​ការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ដែលបាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់ក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ស្តីពី “គោលគំនិតនៃការបញ្ជ្រាប យេនឌ័រ” យោធិននារី នៃកងយោធពលខេមរភូមិន្ទ នេះឡើងដើម្បីបញ្ជាក់ពី គោលនយោបាយ របស់ រាជ​រដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ និងក្រសួងកិច្ចការនារី ពាក់ព័ន្ធទៅនឹងទស្សនវិស័យ តួនាទី ភារកិច្ចរបស់ក្រុមការងារយេនឌ័រ និងយោធិននារីក្នុងក្រសួងការពារជាតិ សម្រាប់ យក​ទៅ​អនុវត្ត​នាពេលខាងមុខប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ នាយឧត្តមសេនីយ៍ មាស សាវ៉ន បាន​បន្ត​ទៀត​ថា​យោធិន និង​យោធិន​នារី​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​មូល ពិតជាមានមោទនភាព ដោយព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា នាពេល បច្ចុប្បន្ន, សម្តេចពិជ័យសេនា ទៀ បាញ់ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង ឯកឧត្ដម នាយឧត្ដម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ដែលបានទទួលស្គាល់និងគាំទ្រនូវ សារៈប្រយោជន៍ ក្នុងការបញ្ជ្រាបយេនឌ័រ ការ​លើក​កម្ពស់ឋានៈតួនាទី និងសិទ្ធិរបស់ស្ត្រី ជាពិសេស ការបង្កើនភាពអង់​អាច​របស់​ស្រ្ដី​នៅ​គ្រប់​វិស័យ ជាអាទិភាព ក្នុង របៀប វារៈ គោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់​កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា

2024/08/07 02:21:39 pm        202
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការ គួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។នៅក្នុងកិច្ចជំនួបនាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការ​អបអរសាទរ​ចំពោះ​ ឯកឧត្តម Sha haruddin Onn ដែលត្រូវបានតែងតាំងជា​ឯកអគ្គរាជទូតម៉ាឡេស៊ី​ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត ​បានពិភាក្សាលើការងារមួយចំនួនទាក់ទងនឹងវិស័យវប្បធម៌៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមសង្គ្រោះបន្តតាមរកមនុស្ស២នាក់ទៀត ក្រោយរកឃើញ៥នាក់នៅមានជីវិត ពីការជាប់ខ្លួនក្នុងរូងភ្នំនៅឡាវ
05/28/2026 10:05 AM
យានដ្រូនអ៊ុយក្រែន ដែលវង្វេងគន្លងបានបង្កើនភាពតានតឹងលើដែនអាកាសនៅភាគខាងកើតរបស់ប្រទេសសមាជិកណាតូ
05/28/2026 10:05 AM
ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់
05/28/2026 10:05 AM
លោក Trump៖ លោកអាចរង់ចាំអ៊ីរ៉ង់យូរជាងនេះ និងបានច្រានចោលសម្ពាធបោះឆ្នោតពាក់កណ្តាលអាណត្តិ
05/28/2026 09:05 AM
អង្គការ WHO ព្រមានអំពី «ផលប៉ះពាល់ធ្ងន់ធ្ងរ» នៃជំងឺអេបូឡានិងសង្គ្រាម នៅកុងហ្គោ
05/28/2026 09:05 AM
មន្ត្រី៖ អាមេរិក ធ្វើការវាយប្រហារថ្មីនៅអ៊ីរ៉ង់ទៅលើទីតាំងយោធា និងយានដ្រូន
05/28/2026 09:05 AM
មេដឹកនាំអ៊ុយក្រែន បានផ្ញើលិខិតស្នើសុំគ្រាប់រំសេវការពារដែនអាកាស Patriot ពីលោក Trump
05/28/2026 09:05 AM
អ៊ីស្រាអែលចេញបញ្ជាជម្លៀសប្រជាជនចេញពីតំបន់ភាគខាងត្បូងលីបង់ និងប្រកាសជាតំបន់ប្រយុទ្ធ
05/28/2026 08:05 AM
លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ
05/28/2026 08:05 AM
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM