ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

ក្រសួងកសិកម្ម និងអាជ្ញារធរខេត្តកំពង់ធំ រិះរកវិធានការស្ទាក់ទឹកដើម្បីសង្គ្រោះផលស្រូវប្រជាពលរដ្ឋ

2024/08/06 07:19:59 pm        62
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ បានសសេរលើផេកផ្លូវការថា ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីប្រជាកសិករបានចំណាយថវិកាយ៉ាងច្រើនដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងស្ថានភាពនេះ មន្ដ្រីជំនាញរបស់ក្រសួងកសិកម្ម ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។ជាការកត់សម្គាល់ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម ឌិត ទីណា បានពិនិត្យលទ្ធភាព ដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករបានពេលជួបហានិភ័យដោយសារគ្រោះធម្មជាតិ និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ដើម្បីឱ្យប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ។ ម្យ៉ាងវិញទៀតប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន សម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក ទោះបីមិនទាន់ដល់អាយុប្រមូលផលក៏ដោយ (ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា នៅក្នុងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេ គឺប៉ះពាល់ដំណាំស្រូវចំនួន ២,០៤៥ហិកតា និងខូចខាតចំនួន ១,៦២១ហិកតា ខណៈក្រុងស្ទឹងសែន រងផលប៉ះពាល់ចំនួន ៦៧០ហិកតា និងខូចខាតចំនួន ៩១ហិកតា៕

ក្រសួងការងារ និងមជ្ឈមណ្ឌលអាមេរិកកាំង ACILS សហការគ្នាលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

2024/08/06 06:57:34 pm        131
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វីលៀម ខន់ឃ្លីន (William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ ក្នុងបំណងលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ(OSH)នៅកម្ពុជា។ ​ក្នុងពិធីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងសុវត្ថិភាពការងារក្នុងរោងចក្រសហគ្រាសនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរក្សាបាននូវការវិនិយោគ និងទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀត ព្រោះតែភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលមានវឌ្ឍនភាពជាលំដាប់។ ត្រង់ចំណុចនេះ ឯកឧត្តម បានកត់សម្គាល់បន្ថែមថា អនុស្សរណៈនាពេលនេះ គឺមិនត្រឹមតែបង្ហាញពីភាពជឿជាក់ និងទុកចិត្តគ្នា រវាងស្ថាប័នទាំងពីរនោះទេ ប៉ុន្តែក៏ជាកត្តាជំរុញឱ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតរំលឹកពីផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដែលមានទិសដៅសម្រាប់ពង្រឹងវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ ទន្ទឹមនេះ លោក វីលៀម ខន់ឃ្លីន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ដែលជាវឌ្ឍនភាពដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់តាមរយៈយន្តការច្បាប់ និងយន្តការស្ថាប័ន ជាពិសេសយន្តការ នៃកិច្ចការពារកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងមូលក្នុងបរិបទកូវីដ១៩។ ជាមួយនេះ លោក បានបញ្ជាក់នូវការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈដែលភាគីទាំងពីរ បានចុះហត្ថលេខាជាលើកទី៣នេះ នឹងបន្តទទួលបានជោគជ័យដូចលើកទី១ និងទី២ ដែលបានចុះតាំងពីឆ្នាំ២០១៨ មកផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធជនបទកាន់តែរឹងមាំ ដើម្បីជីវភាពរស់របស់ប្រជាជន

2024/08/06 06:28:49 pm        64
ព្រះវិហារ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធជនបទ កាន់តែរឹងមាំ ដើម្បីបង្ករបរិយាកាសដល់ជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា ស្តារឡើងវិញផ្លូវ ស្ពាន និងលូ ស្ថិតនៅខេត្តព្រៃវែង កំពង់ចាម និងខេត្តព្រះវិហារ នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ, ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុក ដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ។ឯកឧត្តម បន្តថា ជាក់ស្តែងផ្លូវ និងស្ពានខាងលើនេះ ត្រូវបានស្តារឡើងវិញ ដើម្បីបម្រើដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រោះហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ជនបទ គឺជាសរសៃរឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការធ្វើសមាហរណសេដ្ឋកិច្ចរវាងតំបន់ជនបទ ទី ក្រុង និងទីប្រជុំជន ។ ជាក់ស្តែងផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ៤ គីឡូម៉ែត្រ ភ្ជាប់ពីភូមិអណ្តូងថ្មី ឃុំពានរោង និងភូមិក្បាលខ្វែក ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង, ការស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ១ ខ្សែទៀត ប្រវែងជាង ១១ គីឡូម៉ែត្រ ស្ថិតនៅភូមិកោងយោង ទៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមជាមួយការស្ថាបនាគ្រឹះស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ១០៨ ម៉ែត្រ នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបច្ចុប្បន្នផ្លូវនិងស្ពានទាំងនោះ បានកំពុងជួយដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពាជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ បានអនុវត្តការងារនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារជាដើម និងការបង្ករលក្ខណៈងាយស្រួលលើសេវាកម្មនានាដូចជា អប់រំ សុខភាព អនាម័យ ព័ត៌មានសិក្សាធិការជាដើម, ជាក់ស្តែងការងារស្ថាបនាផ្លូវ និងស្ពានខាងលើទាំងនេះ បានអនុវត្តសម្រេចបានលទ្ធផលល្អ ១០០ ភាគរយ។នៅក្នុងការត្រួតពិនិត្យផ្លូវនិងស្ពានខាងលើ, ឯកឧត្តម សាន វិសាល និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះ សំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងជំរុញឲ្យតំបន់ជនបទមានការអភិវឌ្ឍរីកចម្រើន និងបច្ចុប្វន្នបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់ នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃណែនាំឲ្យអាជ្ញាធរភ្នំពេញបំពេញការងារដើម្បីអភិវឌ្ឍន៍ទីក្រុងបន្ថែមទៀត

2024/08/06 05:44:31 pm        90
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឲ្យរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យរីកចម្រើនបន្ថែមទៀត។​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានផ្តាំផ្ញើឲ្យ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលត្រូវតែងតាំងជាអភិបាលរងរាជធានី ក៏ដូចជារដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យរីកចម្រើនបន្ថែមទៀត បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បន្តការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែម។ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានណែនាំឲ្យអាជ្ញាធរដាក់ចេញជាវិធានការលុបបំបាត់ ចំពោះការប៉ុនប៉ងធ្វើឲ្យកើតមានអំពើអសន្តិសុខនៅក្នុងសង្គម លុបបំបាត់គ្រឿងញៀន ទប់ស្កាត់ឲ្យបានការជួយញដូរមនុស្សគ្រប់ទម្រង់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនិងការចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍។ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ រចនាសម្ព័ន្ធអង្គការលេខ នៃសាលារាជធានីភ្នំពេញ គឺមានទីចាត់ការ អង្គភាព និងថ្នាក់ប្រហាក់ប្រហែលចំនួន ១៣ ។ ក្នុងរយៈពេលប្រាំមួយខែ ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើស ព្រហ្មទណ្ឌសរុបបានចំនួន ២៣១ ករណី បង្ក្រាបបទល្មើសល្បែងស៊ីសង ៣៣ ករណី និងបានបើកប្រតិបត្តិការបង្ក្រាបក្មេងទំនើង ៤១១ ករណី។ ឯកឧត្ដម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងខិតខំស្ការ កសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ កាមេរ៉ាសុវត្ថិភាព ការកែលម្អសួនច្បារសាធារណៈ ស្ថាបនាផ្លូវក្រោមដី ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងនេះ រាជធានីភ្នំពេញ បាននឹងកំពុងប្រែប្រួល មុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្ហាញឲ្យឃើញតាមរយៈវត្តមានរបស់ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញ បានក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក និងជាគោលដៅវិនិយោគដ៏គាប់ប្រសើរបំផុត។ឯកឧត្ដម ឃួង ស្រេង ក៏បានផ្តាំផ្ញើឲ្យលោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសត្រូវចូលរួមសហការ អនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញ ហើយត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម័យកាលសម្ដេចធិបតី កម្ពុជាទទួលបានមេដាយមាសពិភពលោកចំនួន ១២ គ្រឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ

2024/08/06 05:39:29 pm        230
ភ្នំពេញ ៖ ជារឿងដែលនឹកស្មានមិនដល់នៅពេលដែលកម្ពុជាទើបចប់សង្គ្រាម និងមានសន្តិភាពជាង ២០ ឆ្នាំប៉ុណ្ណោះនោះ អាចដណ្ដើមបានមេដាយមាសពិភពលោករហូតដល់ ១២ គ្រឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាហាប់គីដូ បើទោះជាកម្ពុជាខ្វះខាតធនធានទាំងថវិកា និងធនធានមនុស្សក្ដី។មេដាយមាសទាំង ១២ គ្រឿងនេះ កម្ពុជាដណ្ដើមបានពីការប្រកួត World I.H.F Hapkido Championships 2024 ដែលរៀបចំធ្វើនៅប្រទេសថៃពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ក្រៅពីមេដាយមាស កម្ពុជាក៏ដណ្ដើមបានមេដាយប្រាក់ ១៣ គ្រឿង និងសំរឹទ្ធចំនួន ១៥ មេ ដាយបន្ថែមទៀតផងដែរ ពីកម្មវិធីប្រកួតលំដាប់ពិភពលោកមួយនេះ។ហាប់គីដូ ជាក្បាច់គុនចម្រុះមួយដែលត្រូវបានបង្កើតឡើងនៅប្រទេសកូរ៉េសម័យបុរាណ។ អំឡុងសម័យបុរាណ ព្រឹទ្ធាចារ្យក្បាច់គុនកូរ៉េបានប្រជុំគ្នារៀបចំបង្កើតឡើងជាក្បាច់គុនពិសេសមួយ គឺហាប់ គីដូ ដើម្បីបម្រើឱ្យវិស័យការពារនៅក្នុងព្រះបរមរាជវាំង។ ក្បាច់គុននេះរួមបញ្ចូលគ្នាទាំងស្នៀតប្រយុទ្ធ, ចំបាប់, បោក, កាច់ រួមទាំងការប្រើអាវុធពិសេសៗជាច្រើនទៀត។ក្បាច់គុននេះបានហូរចូលមកកម្ពុជានៅអំឡុងចុងទសវត្សរ៍ ១៩៦០ និងមានអ្នកនិយមហាត់ច្រើន លើកលែងតែអំឡុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ។ ក្រោយការរលំដួលនៃរបបខ្មែរក្រហម ក្បាច់គុននេះ មានការនិយមហាត់ឡើងវិញច្រើន ប៉ុន្តែមិនសូវមានការបង្ហាញជាសាធារណនោះទេ ដោយ សារជាក្បាច់គុន ដែលងាយបង្កគ្រោះថ្នាក់ដល់គូប្រយុទ្ធ។ ក្បាច់គុននេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យមាននៅក្នុងវិញ្ញាសាប្រកួតរបស់កីឡាអូឡាំពិកផងដែរ។ ការប្រកួត World I.H.F Hapkido Championships 2024 គឺសម្រាប់តែកីឡាករក្បាច់គុនហាប់គីដូ ដែលដឹងពីស្នៀត និងគ្រោះថ្នាក់គ្រប់បែបយ៉ាងនៅក្នុងកីឡានេះប៉ុណ្ណោះ ទើបអាចចូលរួមប្រកួតបាន។លទ្ធផលនៃការប្រកួតជើងឯកពិភពលោកនៅថៃនាពេលថ្មីៗកន្លងមកនេះ គឺជាមោទនភាពមួយរបស់កម្ពុជានៅក្នុងសម័យកាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕​ដោយ៖ គង់ ឌិន

ខេត្តកំពតនាំចេញកសិផលសំខាន់ៗរបស់ខ្លួនចំនួន៦មុខ ទៅទីផ្សារអន្តរជាតិ

2024/08/06 04:33:27 pm        528
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ទីផ្សារនាំចេញផលិតផលកសិកម្មរបស់ខេត្តកំពត កាន់តែធំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះកសិផលសំខាន់ចំនួន៦មុខ មាន ស្រូវ ម្រេច ស្វាយ ចេក ទុរេន និងអំបិល(GI) ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ មានប្រទេសចិន និងអាមេរិកជាដើម ។ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោកស្រី កុម្ភៈ បានប្រាប់ឲ្យដឹងថា ទំហំនៃការនាំចេញ នាំចូលទំនិញរបស់ខេត្តកំពតមានស្ថានភាពល្អជាវិជ្ជមាន ពិសេសការនាំចេញផលិតផលកសិកម្ម កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបានបញ្ជាក់ថា គិតចាប់ពីខែកញ្ញាឆ្នាំ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៤ ខេត្តកំពត បាននាំចូលទំនិញកសិកម្ម មានដូចជា៖ សម្ភារៈប្រើប្រាស់ទូទៅ, ផ្លែឈើ, បន្លែ, សម្ភារៈសំណង់ ។ល។ ទំហំទឹកប្រាក់សរុបចំនួន ៣,១២១,៤២១,២០០ រៀល។ ខណៈដែលទំនិញនាំចេញ មានដូចជា៖ ស្រូវអ៊ីអ៊ារ ៖ ចំនួន ៤៧,២២៦ តោន គិតជាទឹកប្រាក់ ៥៤,២៩០,១៣៧,៥០០ រៀល, ស្រូវធ្ងន់ ៖ ចំនួន ២៩,៥៥៣ តោន គិតជាទឹកប្រាក់ ៤៣,២៣៧,៤៦៥,០០០ រៀល, ស្វាយកែវរមៀត៖ ចំនួន ១២,០៧៩ តោន គិតជាទឹកប្រាក់ ៧,២៨២,៣៩១,៧០០ រៀល, ទុរេនកំពត ៖ ចំនួន ៦០តោន គិតជាទឹកប្រាក់ចំនួន ១,០៨០,០០០,០០០ រៀល។លោកបានគូសបញ្ជាក់បន្ថែមថា សម្រាប់ឆមាសទី១ឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិកម្ម​សំខាន់៦មុខមាន១. ស្វាយកែវរមៀត ទៅប្រទេសវៀតណាម ចំនួន៩៤៨៥តោន ។ ២. ម្រេច៖ សម្រាប់ម្រេចជ្រក់ ៤៩៩១គីឡូ ម្រេចខ្មៅ១៩៧១០គីឡូ ម្រេចក្រហម ៥៨៤៥គីឡូ ម្រេចស ១៦៨២គីឡូ ម្រេចខ្ចី ២១៥៨គីឡូ សរុប ៣៤ ៣៨៦គីឡូក្រាម ។ ៣. ការនាំស្រូវទៅ​ប្រទេសវៀតណាម ស្រូវអ៊ីអ៊ែ(សើម) ២៦៦១៧តោន ស្រូវធ្ងន់(សើម)៧៣២តោន ស្រូវធ្ងន់(ស្ងួត)៣៥៨១តោន ។ ៤. អំពិលជីអាយ(GI) មានផ្កាអំបិល អំបិលស្លឹក និងអំបិលគ្រួស នាំទៅប្រទេសឆែក អង់គ្លេស និងសហរដ្ឋអាមេរិក ចំនួន ១០០តោន។ដោយឡែកទី៥. ចេកអំបូងលឿង រយៈពេល៩ខែ មកត្រឹមខែមិថុនា ឆ្នាំ២០២៤ ផ្ទៃដីដាំ​ដុះ១៤១១ហិកតា បរិមាណផលប្រមូលបាន ៤៩ ៦១០តោន នាំទៅប្រទេសចិន​ ៤១ ៣៧០តោន លក់ក្នុងស្រុក៨២៤០តោន ខណៈដែលទី៦. ទុរេន មានចំនួន៦០តោន ៕

ទំនប់អាងស្តុកទឹកថ្មីមួយបានកើតឡើងក្នុងខេត្តឧត្ដរមានជ័យ ដើម្បីបម្រើវិស័យកសិកម្ម និងសហគមន៍

2024/08/06 04:17:36 pm        488
ទំនប់អាងស្តុកទឹកថ្មីមួយ មានលេចចេញជារូបរាងឡើងនៅក្នុងភូមិសាស្ត្រភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមន្ត្រីជំនាញ បានឱ្យដឹងថា ទំនប់ទឹកនេះ នឹងមានប្រយោជន៍ បន្ថែមទៀតសម្រាប់បម្រើដល់ការងារកសិកម្ម និងប្រយោជន៍សហគមន៍ជុំវិញនោះ ។លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទំនប់ អាងទឹកថ្មី ដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៤នេះ ត្រូវបានកសាងរួចរាល់ និងមានស្ពានវែងជាង​គេ​ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ គឺប្រវែង១២៥ម៉ែត្រ ទទឹង៧ម៉ែត្រ ។ សំណង់ទំនប់ទឹកនេះ ត្រូវបានស្ថាបនា ឡើងសម្រាប់បម្រើឱ្យវិស័យកសិកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងការនេសាទផងដែរ។ ទំនប់ទឹកនេះ នឹងមានលទ្ធភាពអាចគ្រប់គ្រងទឹក និងបញ្ជូនទឹក​សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវ វស្សាប្រមាណជាង១៤៩០ហិកតា និងស្រូវរដូវប្រាំង ប្រមាណជិត២៨០ហិកតា រួមទាំងដំណាំរួមផ្សំផ្សេង ៗ ប្រមាណ៧៨ហិកតា និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋបានចំនួនពីរភូមិ​ ក្នុងឃុំត្រពាំងតាវ ស្រុក អន្លង់វែង ដែលមានចំនួនជាង៤០០គ្រួសារ ។លោកបានបញ្ជាក់ថា ទំនប់ទឹកថ្មីនេះ មានតួនាទីដ៏សំខាន់ក្នុងការទទួលយកទឹកពីទំនប់ទឹកតាម៉ុក ទំនប់ទឹករំចេកមករក្សាទុក ​សម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំ​ផ្សេងៗ ក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងបញ្ជូនទឹកទៅអាងទឹក ស្ទឹងស្រែងទី១ និងទី២ ដើម្បីស្រោចស្រពលើផ្ទៃដីប្រមាណ ២៥០០០​ហិកតា នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងបន្តជួយស្រោចស្រពដល់ផ្នែក​ខ្លះនៃខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលកន្លងមក តែងប្រឈមកង្វះខាតទឹកស្រោចស្រពដំណាំ ។លោកប្រធានមន្ទីរធនធានទឹកខេត្តឧត្ដរមានជ័យ ​បានបញ្ជាក់ថា​ បន្ទាប់ពីបានសិក្សាគម្រោងតាម លក្ខណៈបច្ចេកទេស ​និងដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋាន វិស្វកម្ម បានអនុវត្តគម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់​អាងទឹកថ្មីនេះឡើង ដើម្បី ជួយសម្រួលនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ​រស់នៅ​ក្នុងតំបន់នេះ ឱ្យមានភាពងាយស្រួល ឡើងវិញក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលឆ្លងកាត់​ពីតំបន់​មួយទៅតំបន់មួយទៀត ។ កសិករ ក្នុងតំបន់នេះ អាចទទួលបានកំណើនប្រាក់ចំណូល​ប្រសើរជាងមុន ​តាមរយៈការបង្កើនការដាំដុះដំណាំ​កសិកម្ម​ពីពីរទៅបីដងក្នុងមួយឆ្នាំ ព្រមទាំង​ទទួលបានស្ពាន​ និងផ្លូវធ្វើដំណើរល្អប្រសើរជាងមុន ៕ អត្ថបទ៖ ឃិន សារិទ្ធ

នាយឧត្ដមសេនីយ៍ សំ វណ្ណថន ដឹកនានាយទាហានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/06 04:03:33 pm        15
ភ្នំពេញ៖ឯកឧត្តម នាយឧត្ដមសេនីយ៍ សំ វណ្ណថន អញ្ជើញដឹកនាំ នាយទាហាន អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងសិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល ជំនាន់ទី៤ ឆ្នាំ២០២៣ ចូលរួមអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។នៅអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំ នាយទាហាន អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងសិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល ជំនាន់ទី៤ ឆ្នាំ២០២៣ ចូលរួមអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សំ វណ្ណថន បានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមសេចក្ដីណែនាំ របស់ក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋាន បានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង អបអរសាទរ និងសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ប្រកបដោយមោទកភាព ចំពោះជាតិ ដែលសម្រេចបាននូវសមិទ្ធផលថ្មី យ៉ាងត្រចះត្រចង់ នៅពេលបច្ចុប្បន្ន និងទៅអនាគតរាប់ពាន់ឆ្នាំទៅមុខ សម្រាប់កូនខ្មែរគ្រប់ៗរូប។ នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បន្តថា៖ ពិតណាស់ ព្រែកជីកនេះ នឹងបង្កើតបណ្តាញផ្លូវទឹកបន្ថែម ពីលើផ្លូវទឹកដែលមានស្រាប់ តាមទន្លេ ឬសមុទ្រ ហើយមានគោលបំណងធំបំផុត សម្រាប់បម្រើលើវិស័យ ពាណិជ្ជកម្ម ការដឹកជញ្ជូន ចេញទៅកាន់ច្រកសមុទ្រអន្តរជាតិបានរហ័ស។ ការបង្កើតបណ្តាញផ្លូវទឹក ឬព្រែកជីក មិនមែនជារឿងថ្មីនោះទេ នៅតំបន់ឥណ្ឌូចិននេះ ព្រែកជីកមានតាំងពីសម័យអាណាចក្រហ្វូណន ឬនគរភ្នំ មកម៉្លេះ ដូចជាកំពង់ផែអូរកែវ ត្រូវបានតភ្ជាប់ព្រែកជីកអូរកែវ ទៅកាន់ច្រកសមុទ្រ ដើម្បីធ្វើពាណិជ្ជកម្ម រវាងអាណាចក្រហ្វូណន ជាមួយអាណាចក្រផ្សេងៗទៀត។ ក្នុងនោះ កាត់បន្ថយការពឹងពាក់ បង្កើនភាពម្ចាស់ការ បើយើងខ្ចីដង្ហើមគេដក យើងមិនអាចខ្លាំងបាននោះទេ។នាយឧត្តមសេនីយ៍ សំ វណ្ណថន បានគូសបញ្ជាក់ថា៖ ក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គម្រោងនេះ បាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយថ្ងៃនេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ និងជាមរតកប្រវត្តិសាស្រ្ត សម្រាប់ប្រជាជនកម្ពុជាទាំងមូលតទៅរាប់ពាន់ឆ្នាំតទៅមុខ។ ក្នុងនាមអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង និងចងចាំទុកជាប្រវត្តិសាស្រ្ត ក្នុងស្មារតីសាមគ្គីភាព មនសិការជាតិខ្មែរដ៏រឹងមាំ ក្រោមម្លប់សន្ដិភាព និងការអភិវឌ្ឍ។ក្នុងឱកាសនោះផងដែរ នាយឧត្ដមសេនីយ៍ សំ វណ្ណថន បានកោតសេសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧត្ដមសេនីយ៍ទោ ហៀ ហ៊ីន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំ ចាត់ចែងរៀបចំទីកន្លែងប្រារព្ធពិធីបានយ៉ាងល្អប្រសើរ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់គ្រួសារយោធិនធ្លាក់ឧទ្ធម្ភាគចក្រ

2024/08/06 03:55:28 pm        196
ភ្នំពេញ ៖ នៅទី៦ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន រួមជាមួយគ្រឿងឧបភោគបរិភោគរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរ ដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានមានប្រសាសន៍ថា «ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ដែលសម្តេចទាំងទ្វេ មានការសោកស្តាយ និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចាប់តាំងពីឧបទ្ទវហេតុខាងលើនេះកើតឡើង។ មកទល់ពេលនេះ សម្តេចទាំងទ្វេ នៅតែមានក្តីបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារយុទ្ធជនពលីទាំង២រូប ជាពិសេសគឺ ភរិយា និងកូនៗនៅតូច ដែលនៅមានអនាគតវែងឆ្ងាយ។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ បានសម្រេចផ្តល់ការឧបត្ថម្ភគ្រឿងបរិភោគ និងថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យមានស្មារតីរឹងប៉ឹង ខិតខំតស៊ូ ជម្នះការលំបាកដើម្បីជីវភាពរស់នៅតទៅថ្ងៃមុខ និងដើម្បីអនាគតភ្លឺស្វាងរបស់កូនៗ។លោកស្រី ខាន់ ចាន់ឆុល ភរិយាវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកស្រី ឆែម កល្យាណ ភរិយាអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ព្រមទាំងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាជន និងសូមបួងសួងសូមឱ្យ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តនៅជាម្លប់ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងដរាប។សូមបញ្ជាក់ថា ក្រោយពេលស្វាមីបានពលីជីវិត ភរិយាត្រូវទទួលបន្ទុករែកពន់ជីវភាពគ្រួសារ ជាពិសេសសុទ្ធតែមានកូននៅតូចៗ ដែលនៅមានអនាគតវែងឆ្ងាយ។ ទោះជាយ៉ាងនេះក្តី ពួកគាត់នៅតែមានក្តីសង្ឃឹម ព្រោះទទួលបានភាពកក់ក្តៅ ជាពិសេសគឺការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់រឹងមាំ បន្តជ្រោងជីវភាពគ្រួសារ និងដើម្បីកូនៗមានអនាគតភ្លឺស្វាង៕អត្ថបទៈ សំ ងីម

ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBSTចំនួន៥ខ្សែ ប្រវែងជិត១០០គីឡូម៉ែត្រក្នុងខេត្តកំពង់ឆ្នាំង

2024/08/06 02:27:11 pm        223
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន៥ខ្សែ ប្រវែងសរុប៩៨ ៨៨០ម ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម ចាន់ ដារ៉ុង បានជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់លើផ្លូវទាំង៥ខែនេះ និងបានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវនេះ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកធ្ងន់ៗផង ព្រោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច ។ ការគិតគូរបស់ថ្នាក់ដឹកនាំកំពូលៗ នាំអោយបងប្អូនបានមកវិញនូវផ្លូវកៅស៊ូថ្មីស្អាតជិត១០០គីឡូម៉ែត្រ ងាយស្រួលធ្វើដំណើរទៅមកមន្ទីរពេទ្យ មណ្ឌលសុខភាព កូនចៅទៅសាលារៀន និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវទាំង៥ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់ការអនុវត្តការងារថែទាំផ្លូវកៅស៊ូទាំងនេះ។ ឯកឧត្តម បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវកៅស៊ូ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុករលាប្អៀរនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាព និងយូរអង្វែង។ ផ្លូវទាំង៥ខ្សែនេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យពួកគាត់ឡើងថ្លៃជាដើម ៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM