ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ស្នើឱ្យអ្នកទេសចរណ៍​មកកម្សាន្តឱ្យបានច្រើនថែមទៀត​នៅតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត

2026/02/23 12:25:32 pm        136
ក្រសួងបរិស្ថានសូមជម្រាបជូនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ត្រឡប់មកមានភាពស្រស់ស្អាត បន្ទាប់ពីមានការអន្តរាគមន៍និងការចូលរួម សម្អាតនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពេលជំនន់ទឹកភ្លៀងហូរនាំសំរាម ចាក់ចូលទៅសមុទ្រ នៅខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ ចាប់ពីថ្ងៃនេះ អ្នកទេសចរណ៍អាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នឹងមិនឃើញមានសំរាម ធ្លាក់ចូលទៅក្នុងទឹកសមុទ្រទៀតទេ ដោយសារ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន រួមជាមួយអាជីវករ និងអ្នកទេសចរណ៍ បានចូលរួមប្រមូលទុកដាក់សំរាម សម្អាតអនាម័យ តាមឆ្នេរសមុទ្រ តាមផ្លូវ ក្នុងក្រុងព្រះសីហនុនិងក្រុងកំពង់សោម រយៈពេល២ថ្ងៃកន្លងមកនេះ បានល្អស្អាតឡើងវិញ បន្ទាប់ពីមានសំរាមហូរធ្លាក់ទៅសមុទ្រ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ។ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលបានប្រកាន់ខ្ជាប់នូវភាពស្អាត និងស្នើសុំបន្តចូលរួមជំរុញសកម្មភាព យុទ្ធនាការនានា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ធ្វើការរើសសំរាម សម្អាតបរិស្ថាន ធ្វើការទុកដាក់ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលសម្អាត បញ្ឈប់ការបោះចោលសំរាមតាមទីសាធារណៈ តាមដងផ្លូវ អូរប្រឡាយ និងចូលរួមសម្អាតតាមមូលដ្ឋាន តាមផ្ទះ តាមអាគារ តាមមន្ទីរ អង្គភាព រដ្ឋនិងឯកជនឱ្យបានស្អាត ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត និងបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕ 

មេដឹកនាំបក្សនយោបាយ គាំទ្រសកម្មភាពសម្តេចធិបតី បានផ្សព្វផ្សាយ​ឱ្យពិភព​លោក​បាន​ដឹង​ពី​ការ​ឈ្លាន​ពាន​របស់​ថៃម​ក​លើបូរណភាពទឹកដីកម្ពុជា ក្នុងបេសកកម្មនៅអាមេរិក

2026/02/23 12:10:31 pm        348
មេដឹកនាំបក្សនយោបាយបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើកិច្ចការងារដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និង​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពិភព​លោក​បាន​ដឹង​ពី​ការ​ឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។ ហើយ​ជា​ពិសេស​បាន​ទាក់​ទាញវិនិយោគទុននៅអាម៉េរិក និងបណ្តាប្រទេសផ្សេងៗទៀត មក​វិនិយោគ​ទុន​នៅ​កម្ពុជា​បន្ថែមទៀត។ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានប្រាប់ BTV ថា ការអញ្ជើញ​ទៅ​ចូល​រួម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន​តោន​ សហរដ្ឋអាមេរិក ដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ គឺសម្តេចធិបតីបានធ្វើកិច្ចការងារដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និងបាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពិភ​ព​លោក​បានដឹងពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។ ហើយ​ភាព​ជោគ​ជ័យ​ក្នុង​ការផ្សព្វផ្សាយទៅកាន់ពិភពលោកនៅក្នុងក្រុមប្រឹក្សាសន្តិភាព និងតាមសារព័ត៌មានល្បីៗ គឺ​ធ្វើឲ្យពិភពលោកបានដឹងបានលឺពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ចំណែក​ឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការ​អញ្ជើញ​ទៅ​ចូល​រួម​របស់​សម្តេចធិបតី ក្រុមប្រឹក្សាសន្តិភាព និងនៅអឺរ៉ុប ក្នុងកាតព្វកិច្ចការពារទឹកដី និង​ប្រជា​ពលរដ្ឋ ​គឺពិតជាមានសារសំខាន់ ពីព្រោះសបញ្ជាក់ឲ្យឃើញថា ប្រទេសថៃកំពុង​ឈ្លាន​ពាន​ទឹក​ដី​នៅ​ក្នុ​​ងអធិបតេយ្យភាពរបស់កម្ពុជា និងជាពិសេស​ទទួល​បាន​ជោគ​ជ័យ​លើ​យន្ត​ការ​ស្ងាត់​តែ​មិន​ស្ងៀម​ដោយ​សម្តេចធិបតីបានធ្វើការសម្ភាសន៍ជាមួយសារព័ត៌មាន រ៉យទ័រ និងហ្វុកញូវ ដោយ​សម្តេច​បាន​បញ្ជាក់យ៉ាងច្បាស់ថា ថៃនៅតែបាននិង​កំពុង​ប​ន្ត​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់ បានបង្ហាញឲ្យពិភពលោកបានដឹងថា ថៃបានឈ្លានពានកម្ពុជា។ ហើយ​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លើយ​តប​របស់​សម្តេច​ធិបតី​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាងកម្ពុជា និងថៃ។សូមជម្រាបថា ប្រជាពលរដ្ឋទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ទស្ស​ន​កិច្ច​ផ្លូវ​ការ និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកម្រិត​ខ្ពស់​លើក​ដំបូង​នៃ​ក្រុម​ប្រឹក្សា​សន្តិភាពនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព 

វិស័យឧស្សាហកម្មឆ្នាំ២០២៥ មានតម្លៃបរិមាណផលិតផលសរុបជាង ១៣ពាន់​លាន​ដុល្លារ​អាមេរិក

2026/02/23 11:42:21 am        227
តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៥ មានចំនួនជាង ១៣,៥ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ៣,៦ពាន់​លាន​ដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លាន​ដុល្លារ​អាមេរិក​។តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញ​ការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាកម្ម​នៅ​ក្នុង​ឆ្នាំ២០២៥, កម្ពុជាមានរោងចក្រធុនធំដំណើរការមាន ចំនួន ៣.០៨៣ រោងចក្រ ស្ថិត​នៅ​ក្នុង​២៥ រាជធានី-ខេត្ត បានកើនឡើងចំនួន ៦៥៨ រោងចក្រ ស្មើជាង ២៧ ភាគរយ បើធៀបទៅ នឹង​ឆ្នាំ២០២៤ ក្នុងនោះរោងចក្រធុនធំកើតថ្មី មានចំនួន ៧០០ រោងចក្រ ស្ថិតនៅក្នុង ១៩ រាជ​ធានី​-ខេត្ត កើនឡើងចំនួន ៣៧៤ រោងចក្រ ស្មើជាង ១១៤ ភាគរយ និងរោងចក្រធុនធំបិទទ្វារ មាន​ចំនួន ៤២ រោងចក្រ ស្ថិតនៅក្នុង ៧ រាជធានី-ខេត្ត កើនឡើងចំនួន ១៦ រោងចក្រ ស្មើជាង ៦១ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ចំណែកទុនវិនិយោគសរុប នៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥ ពាន់​លាន​ដុល្លារ​អាមេរិក​កើន​ឡើងជាង ៤,៧ ពាន់លានដុល្លារអាមេរិក ស្មើជាង ២៣ ភាគរយ បើ​ធៀប​ទៅ​នឹ​ងឆ្នាំ​២០២៤ ក្នុងនោះទុនវិនិយោគក្នុងស្រុក មានចំនួនជិត ៤ ពាន់ លានដុល្លារអាមេរិក កើន​ឡើង​ជាង​ ១៥ ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកវិស័យការងារ កម្ពុជាមានកម្លាំងពលកម្មសរុប ចំនួន​ ១,២ លាននាក់ ក្នុងនោះមានស្រីចំនួន ៩០ ម៉ឺននាក់ ស្មើជាង ៧១ ភាគរយ មាន​ការ​កើន​ឡើង​ចំនួន ១០ ម៉ឺននាក់ ស្មើជិត ១០ ភាគ រយ បើធៀបទៅនឹងឆ្នាំ២០២៤។សម្រាប់​ឆ្នាំ​២០២៥, វិស័យឧស្សាកម្មមានតម្លៃបរិមាណផលិតផលសរុបជាង ១៣ ពាន់​លាន​ដុល្លារ​អាមេរិក​ ថយចុះជាង ១,៥ ពាន់ លានដុល្លារអាម៉េរិក ស្មើជាង ១០ ភាគរយ បើ​ធៀប​ទៅ​នឹង​​ឆ្នាំ២០២៤ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មាន ចំនួនជាង ៣,៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ថយចុះចំនួន ២៣៤ លានដុល្លារអាម៉េរិក ស្មើជាង ៦ ភាគរយ បើប្រៀប​ធៀប​ទៅ​នឹងឆ្នាំ២០២៤ និងនាំចេញមានចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក ថយចុះ​ចំនួន​ជាង ​១,៣ ពាន់លានដុល្លារអាម៉េរិក ស្មើជិត ១១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ខែមករាឆ្នាំនេះ សហភាពអឺរ៉ុបស្រូបយកទំនិញពីកម្ពុជាមានទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារ

2026/02/23 11:14:21 am        170
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាទីផ្សារសហភាពអឺរ៉ុប ក្នុងខែមករា ដើមឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារអាមេរិក បានបន្តកើនឡើងប្រមាណជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញឱ្យដឹងថា សម្រាប់ខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនាំ ចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសអឺរ៉ុបចំនួន៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៥៦ លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសទាំង ៥ បាននិងកំពុងជួយជ្រោមជ្រែងដល់នាំចេញរបស់ទំនិញកម្ពុជា ដោយបន្តមានកំណើនកើនឡើងល្អប្រសើរ បើធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។ជាក់ស្តែងក្នុងខែដំបូងឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅអេស្បាញ មានទឹកប្រាក់ប្រមាណជាង ១១៨ លានដុល្លារ កើនឡើងជាង ១៤ ភាគរយ, អាល្លឺម៉ង់ ជាង ៨៣ លានដុល្លារ កើនជាង ២ ភាគរយ, ហូឡង់ ជិត ៧៦ លានដុល្លារ កើនជាង ៤ ភាគរយ, បារាំង ជាង ៤៥ លានដុល្លារ កើនជិត ១៣ ភាគរយ និងប្រទេសបែកហ្សិក មានទឹកប្រាក់ជិត ៤០ លានដុល្លារ កើនឡើង ជិត ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេស្បាញ មានទឹកប្រាក់ សរុបជាង ១២០ លានដុល្លារ កើនជាង ១៥៨ ភាគរយ, អាល្លឺម៉ង់ ជាង ៩៥ លានដុល្លារ ថយចុះជាង -១៣ ភាគរយ, ហូឡង់ ៨២ លានដុល្លារ កើនជាង ៥៧ ភាគរយ, បារាំង ជិត ៥៨ លានដុល្លារ កើនជិត ២៤ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- បែកហ្សិក មានទឹកប្រាក់ជិត ៤២ លានដុល្លារ ថយចុះជាង -៥៧ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥។សូមបញ្ជាក់ថា ក្នុងខែដំបូងឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ កើនឡើង ១៩ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៣ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ និងការនាំចូលពីបរទេស មានទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី,

យុវជនកម្ពុជាកំពុងដើរលើផ្លូវត្រូវលើការអភិវឌ្ឍជំនាញ ដើម្បីចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2026/02/23 10:50:08 am        399
អ្នកជំនាញថ្លែងថា យុវជនកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍរបស់ខ្លួន ឱ្យ​ក្លាយ​ជា​ធនធាន​ដែល​មានសក្តានុពល តាមរយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយ​តបទៅនិងតម្រូវការទីផ្សារការងារ និងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្រប​តាម​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើង​ក្នុង​ការ​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស ចែករំលែក ស្តីពីភាពជាអ្នកដឹកនាំ ការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និង​ការ​គ្រប់​គ្រង​ពេល​វេលា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍ សមត្ថភាព​ធន​ធាន​មនុស្ស និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ គោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺ​ការ​កសាង​ធនធាន មនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទះម្ចាស់ការ និងក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។ឯកឧត្តមបណ្ឌិតបន្ថែមថា យុវជនគឺជាតួអង្គដ៏សំខាន់ ក្នុងការបន្តវេន សម្រាប់ខ្លួនឯង គ្រួសារ ការ​ដឹកនាំអាជីវកម្ម និងការ ចូលរួមជាមួយសង្គមជាដើម បច្ចុប្បន្នឃើញថា យុវជន​កម្ពុជា​បាន​និង​កំពុង​ដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍន៍របស់ខ្លួន ឱ្យក្លាយជាធនធាន ដែលមានសក្តានុពល តាម​រយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និង​ការ​ចូល​រួម អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។លោក ឆេង ភារុន អនុប្រធានថ្នាក់តំបន់ឆ្នាំ២០២៦ នៃសភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​ចតុ​មុខ​លើកឡើងថា Junior Leadership Accademy (JLA) បានកំពុងជួយយុវជនកម្ពុជា តាម​រយៈ​ការចូលរួមបណ្តុះបណ្តាលជំនាញ ជាពិសេសការ ផ្តល់ឱកាសដល់យុវជនកម្ពុជា ចេញ​ទៅ​បំពេញការងារស្ម័គ្រចិត្តទៅតាមគម្រោងផ្សេងៗ ដោយផ្តល់​គុណ​តម្លៃ​នូវ​អ្វីៗ​ដែល​ពួក​គាត់​បាន​ធ្វើ​ ដើម្បីឈានទៅពង្រីកខ្លួនក្លាយទៅជាសហគ្រិនឆ្នើម ឬជាអ្នកដឹកនាំខ្លំាងពូកែ ចូលរួម​ចំណែក​ដល់​ការ​អភិឌ្ឍសង្គម-សេដ្ឋកិច្ច។ចំណែកក្រុមយុវជន ថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍ ច្បាស់ជាត្រូវការចូលរួមពីប្រជាជន និង​យុវជន ​ដែលជាចលករដ៏សំខាន់ ជួយរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ជាក់ស្តែង​តាម​រយៈ​ការ​ចូល​រួម​របស់យុវជននៅពេលនេះ បានបង្ហាញឱ្យឃើញអំពីការយកចិត្ត ទុកដាក់ ដើម្បី​ចាប់​យក​ចំណេះ​ជំនាញ សម្រាប់ឈានទៅអភិវឌ្ឍខ្លួន ឆ្លើយតបទៅការងារ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាជំនាញ ដើម្បី​ទទួល​បាន​ឱ​កាសការងារក្នុងសង្គម។សូមបញ្ជាក់ថា ជុំវិញការពង្រឹងសមត្ថភាពប្រកួតប្រជែងនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្ត ជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស និងមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាណអប់រំ និង​ការ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីបង្កើតផលិតភាព ធន​ធាន​មនុស្សប្រ​កប​ដោយសក្តានុពល ឱ្យបានគ្រប់គ្រាន់ និងដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូ​វ​ការ​ទី​ផ្សា​រ​ការ​ងា​រ និងការចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

ទាហានជើងទឹកថៃចាប់អ្នកនេសាទខ្មែរបីនាក់នៅចម្ងាយជាង១៣គីឡូម៉ែត្រ ពីកោះយ៉​ខេត្តកោះកុង​ ខណៈក្រសួងការបរទេសកម្ពុជា​កំពុងទាមទារឱ្យមានការដោះលែងវិញជាបន្ទាន់

2026/02/23 10:30:25 am        195
ទាហានជើងទឹកថៃមួយក្រុមប្រដាប់ដោយអាវុធបានចូលមកចាប់ទូក និង​អ្នក​នេសាទ​ខ្មែរ​ចំនួន​បី​នាក់ ​នៅតំបន់កោះយ៉ខេត្តកោះកុង នៃប្រទេសកម្ពុជា ខណៈការចាប់​នេះ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា​ជាទង្វើរំលោភបំពានយ៉ាងច្បាស់ក្រលែតលើដែនអធិបតេយ្យ និង​ដែន​ទឹក​កម្ពុជារួ​មទាំងបំពានច្បាប់អន្តរជាតិផង ហើយក្រសួងការបរទេសកម្ពុជាបានធ្វើការតវ៉ា និង​ទាមទារ​ឲ្យ​ថៃ​ធ្វើការដោះលែងពួកគេមកវិញជាបន្ទាន់ផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែល​បាន​ចេញកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ ធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និង​ការ​អនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយសកម្មភាព របស់កងទ័ពជើងទឹកថៃ រួមទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រម​ទាំង​ការ​រឹប​អូស​នាវានេសាទរបស់ប្រជាពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៧.២​ម៉ៃល៍សមុទ្រ ស្មើនឹងជាង១៣គីឡូម៉ែត្រ ពីកោះយ៉រ ខេត្តកោះកុងប្រទេសកម្ពុជា។ ក្រសួង​ការ​បរទេស​កម្ពុជា​បានចាត់ទុកថាសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និង​ដែន​ទឹក​កម្ពុជាព្រមទាំងច្បាប់អន្តរជាតិ។យ៉ាងណាក៏​​ដោយកម្ពុជាសូមធ្វើការទាមទារឲ្យថៃដោះលែងពលរដ្ឋកម្ពុជា និងនាវា​នេសាទ​របស់​ពួក​គេ​មក​វិញ​ជា​បន្ទាន់ ហើយបញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជា​សកម្មភាព​អនុវត្ត​ច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការ​សមស្រប​ដើម្បីទ​ប់​ស្កាត់​មិន​ឲ្យ​សកម្ម​ភាព​បែប​នេះកើតជាថ្មីទៀតនៅពេលខាងមុខផងដែរ។សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលកងទ័ពជើងទឹកថៃ បានចូលមកចាប់ប្រជានេសាទខ្មែរ ដោយ​ខុស​ច្បាប់ ដោយលើកទីមួយបានធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២៦កន្លង​ទៅ​ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​មកវិញភ្លាមៗក្រោយមានការអន្តរាគមន៍ពីកងទ័ពជើងទឹកកម្ពុជា និងរដ្ឋបាល​ខេត្ត​កោះកុង​៕​

បេសកកម្មនៅអាមេរិកសម្ដេចធិបតី បានបង្ហាញអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា

2026/02/23 10:22:28 am        178
ភ្នំពេញ៖ ក្នុងឱកាសបំពេញបេសកកម្មចូលរួម «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងតាមរយៈជំនួបនានាជាមួយឥស្សជនជាន់ខ្ពស់អាមេរិក និងបណ្ដាប្រទេសជាមិត្តនានា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលមានស្រាប់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬប្រើប្រាស់កម្លាំង។ សូមជម្រាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ រដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាប្រធានក្រុមប្រឹក្សាសន្តិភាព។ស្របពេលនឹងកិច្ចប្រជុំខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម។ ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ជាពិសេស ខណៈកម្ពុជា និងហុងគ្រីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្ដេចធិបតី បានជួបពិភាក្សាការងារជាមួយ ឥស្សរជនជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាមេរិកមួយចំនួន។ ក្នុងជំនួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (US Trade Representative) ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកឱ្យកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលពាណិជ្ជកម្មទ្វេភាគីបានកើនដល់២៩%នៅឆ្នាំ២០២៥ ហើយការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ក្នុងជំនួបជាមួយឯកឧត្តម Christoper Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានស្វាគមន៍ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម រួមមានការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តម Christoper Landau បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា និងតំបន់ដទៃទៀត។ក្នុងជំនួបជាមួយឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងឯកឧត្តម Andrew Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានកត់សម្គាល់ពីដំណើរវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ទស្សនកិច្ចរបស់នាវា USS Cincinnati នៅមូលដ្ឋានសមុទ្ររាម និងការលុបចោលបម្រាមលក់សព្វាវុធ ដល់កម្ពុជា។ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ជាពិសេសសមយុទ្ធឆ្មាំអង្គរនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជំនួបសម្តែងការគួរសមពីឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលជាចំណាប់អារម្មណ៍រួម និងបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យនានាដើម្បីជាប្រយោជន៍របស់ប្រជាជន និងប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីតំណាងស្ថាប័នអន្តរជាតិ រួមមាន Atlantic Council ដឹកនាំដោយនាយឧត្តមសេនីយ៍ Jim Jones និងឯកឧត្តម Federick Kempe ប្រធាន និងជានាយកប្រតិបត្តិនៃ Atlantic Council។ បន្ថែមលើនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Reuters និង Fox News ៕

ជនជាតិចិន ៤៩៤នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

2026/02/23 10:13:27 am        166
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៤៩៤នាក់ (ស្រី២៨នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ករណីបង្រ្កាបនៅខេត្តព្រះសីហនុ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

គណៈកម្មាធិការគណបក្សក្រសួងការងារ ប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦

2026/02/22 05:38:54 pm        225
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពសមាជិកគណបក្សចូលរួមប្រមាណ ២០០រូប មកពីគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មាធិការគណបក្សខណ្ឌចំការមន និងគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ។ កិច្ចប្រជុំបានផ្សព្វផ្សាយសម្រាប់ជាមូលដ្ឋានក្តាប់ជាប់នូវសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងប្រទេស និងទិសដៅរបស់គណបក្ស ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់គណបក្សគ្រប់ថ្នាក់ ក្នុងការធានាដល់ការកសាងស្មារតីសតិអារម្មណ៍របស់សមាជិកគណបក្សក៏ដូចជាប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលអាចដឹកនាំប្រទេសទោះបីត្រូវប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តី រួមទាំងការបង្កសង្គ្រាមឈ្លានពានដោយយោធាថៃ​ ដែលប្រការនេះបានបង្ហាញច្បាស់នូវការរួបរួមនៃកម្លាំងជាតិរឹងមាំក្នុងការការពារ និងកសាងមាតុភូមិ។នាឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារគណបក្សរហូតសម្រេចសមិទ្ធផលគួរជាទីមោទក ជូនប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិ ក៏ដូចជាគណបក្សផងដែរ​។​ ទន្ទឹមនឹងនេះ ត្រូវសិក្សាវាយតម្លៃរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់ជាមូលដ្ឋានរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ជាពិសេសការយកចិត្តទុកដាក់ដល់មុខសញ្ញាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ ដើម្បីផ្តល់ការគាំទ្រជួយដោះស្រាយការលំបាករបស់ពួកគាត់ យកចិត្តទុកដាក់លើការងារចលនានារី យុវជន កម្មករនិយោជិត និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់ទទួលបាននូវឱកាសបណ្តុះបណ្តាលជំនាញ និងឱកាសទទួលបានការងារសមរម្យ។ ឯកឧត្តម ហេង សួរ ក៏បានដាស់តឿនឱ្យមន្រ្តីគណបក្សត្រូវប្រកាន់ខ្ជាប់ជំហរ "ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ" ហេីយត្រូវចងចាំពាក្យស្លោករបស់គណបក្ស គឺ "ពេលនៅឱ្យប្រជាជនស្រឡាញ់ ពេលចេញឱ្យប្រជាជនរឭក"។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋនៅស្រុកមេមត់ រយៈពេលបីថ្ងៃ

2026/02/22 04:49:53 pm        245
បេសកកម្មមនុស្សធម៌ដ៏ធំមួយបានធ្វើឡើងរយៈពេល ៣ថ្ងៃ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតី ខ្មែរស្រឡាញ់ខ្មែរ និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា។ បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង សមាជិក ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) មកពីប្រទេសបារាំង។ជាលទ្ធផលនៃការពិនិត្យ និងព្យាបាលជំងឺ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ក្រុមគ្រូពេទ្យបានចុះជួយពិនិត្យដោយផ្ទាល់ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយនៅឃុំចាន់មូល ព្យាបាលបានចំនួន ២២៨នាក់ មនុស្សចាស់ ២១៧នាក់ និងកុមារ ១១នាក់ នៅនៅឃុំដារ ព្យាបាលបានចំនួន ១៥៧នាក់ មនុស្សចាស់ ១៥១នាក់ និងកុមារ ៦នាក់ ។មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានពាំនាំការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងអស់ និងបានលើកឡើងថា ការចុះពិនិត្យ និងព្យាបាលនេះ ធ្វើឡើងដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃសុភមង្គលគ្រួសារ និងសង្គម។ ជាមួយគ្នានោះឯកឧត្តម ស៊ាក ឡេង ក៏បានសម្តែងការដឹងគុណចំពោះវិរកងទ័ព ដែលការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ពីការឃ្លានពានរបស់ប្រទេសថៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលបានបរិច្ចាគធនធានជួយដល់សមរភូមិមុខ ក្នុងនាមជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ។ ក្នុងនោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល ក្រោមយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ៕ដោយ ៖ សេងឡុង 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM