ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ

2026/02/22 04:40:27 pm        110
ភ្នំពេញ៖ ក្នុងចំណោមកម្រិតឧត្តមសិក្សារដ្ឋ និងឯកជនរាប់សិបកន្លែង ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា កំពុងចូលរួមពង្រីកនូវធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបង្កើតមូលធនមនុស្ស ឲ្យបានកាន់តែច្រើនចូលរួមអភិវឌ្ឍន៍ជាតិ ។ជាក់ស្ដែង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា មានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជាព្រះសាកលវិទ្យាធិការ បានរៀបចំប្រឡងជ្រើសរើសសមណនិស្សិត និងនិស្សិត ចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦ ។ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងថា ការប្រឡងនេះ មានបេក្ខជនបានចុះឈ្មោះមានចំនួនសរុប ៦៤៣អង្គ/នាក់ (ក្នុងនោះបព្វជិត ៨៨អង្គ) ដោយបែងចែកជា ១៤បន្ទប់ លើឯកទេស៧ រួមមាន៖ រដ្ឋបាលសាធារណៈ, នីតិឯកជន, គ្រប់គ្រងទូទៅ, វិទ្យសាស្ត្រអប់រំ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ។សាស្ត្រាចារ្យ ភៀន មករា ប្រធានដេប៉ាតេម៉ងទស្សនវិទ្យាសាសនា នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា បានឲ្យដឹងថា ការសិក្សានេះ គឺសមណនិស្សិត និងនិស្សិតទទួលបានអាហារូបករណ៍ចំនួន២ឆ្នាំ ដែលការសិក្សាតាមរយៈប្រព័ន្ធអនឡាញ ដោយជួយកាត់បន្ថយលើការធ្វើដំណើរ និងការចំណាយមួយចំនួនទៀត ខណៈនិស្សិតចុះឈ្មោះប្រឡងខ្លះបម្រើការងារនៅតាមបណ្ដាខេត្ត ។ក្នុងឱកាសបើកវិញ្ញាសារប្រឡង ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ប្រៀបបាននឹងត្រីវិស័យ និងផែនទ បង្ហាញផ្លូវដ៏ស័ក្ដិសិទ្ធិសម្រាប់នាវាកម្ពុជា ហើយក្នុងមុំចម្បងនៃយុទ្ធសាស្ត្រនេះ ការផ្តោតសំខាន់លើ “ការអភិវឌ្ឍមូលធនមនុស្ស” គឺជាចំណុចអាទិភាពខ្ពស់បំផុត ។ ឯកឧត្តម បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក “មនុស្ស” ជាស្នូលនៃអភិវឌ្ឍន៍ ។ ការពង្រឹងគុណភាពអប់រំទាំងផ្នែក “ពុទ្ធិចក្រ” និង “អាណាចក្រ” គឺជាសសរស្តម្ភដ៏រឹងមាំ និងជាកម្លាំងចលករដែលមិនអាចខ្វះបាន ក្នុងការជំរុញកម្ពុជា ឱ្យសម្រេចបាចក្ខុវិស័យដ៏មហិច្ឆតា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែល មានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ឯកឧត្តម ងួន ស្តេចភក្តី បានញ្ជាក់ថា បច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងបណ្តុះបណ្តាលសមណនិស្សិត និស្សិត ថ្នាក បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥ជំនាន់បន្តទៀត សរុប ១ ៣១៩អង្គ/នាក់ ហើយកន្លងមក បានបណ្តុះបណ្តាលសមណនិស្សិត និស្សិត ឱ្យបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ១៧ជំនាន់ សរុប ១,៨៤១ អង្គ/នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ 

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសជាង៤គីឡូម៉ែត្រ នៅតំបន់ដីសម្បទានសង្គមកិច្ច ស្រុកពញាក្រែក

2026/02/22 04:26:43 pm        307
ត្បូងឃ្មុំ៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន ៨កំណាត់ ប្រវែង ៤,៣៦៥ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ១៤កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤៨ផ្លាក និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។នាឱកាសនោះ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានលើកឡើងថា ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធជនបទ ឱ្យកាន់តែរីកចម្រើន គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១" របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួស១ ខ្សែ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលេចរូបរាងឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋបានស្នើសុំនាពេលកន្លងមក ដែលក្រសួងអភិវឌ្ឍន៍ជនបទ មានកិច្ចសម្របសម្រួលពីមន្ទីរអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីធ្វើឳ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងមូលដ្ឋានគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាពិសេសក្នុងការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការក្នុងការប្រើប្រាស់ផ្លូវមួយខ្សែនេះ ។ ខណៈគម្រោងស្ថាបនានេះ មិនមែនជាគម្រោងចុងក្រោយនោះទេ វាជាជំហានបឋមដែលយើងនឹងត្រូវខិតខំប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលល្បាយក្រួស ហើយទៅថ្ងៃខាងមុខ យើងនឹងបន្តប្រែក្លាយទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងការដឹកជញ្ជូនដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ។ ក្នុងនោះឯកឧត្តមបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យដំណើរការស្ថាបនាប្រព្រឹត្តទៅដោយជោគជ័យតាមផែនការ និងត្រូវរួមគ្នាថែរក្សាសមិទ្ធផលនេះ ឱ្យបានគង់វង្សសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ។ ចំពោះបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានទំនុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីការពារអធិបតេយ្យភាពជាតិ និងរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។

ទេសចរជាតិ-អន្តរជាតិប្រមាណមួយម៉ឺននាក់ ចូលរួមការដង្ហែរតុក្កតាយក្ស នៅសៀមរាប

2026/02/22 01:56:36 pm        220
មនុស្សប្រមាណមួយម៉ឺននាក់ រួមទាំងជនបរទេសផង បានចូលរួមទស្សនា និងការដង្ហែរតុក្កតាយក្ស ដ៏ធំប្រចាំនៅតំបន់អាស៊ី ដែលធ្វើឡើងនៅសៀមរាប កាលពីល្ងាចថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៦ ខណៈដែលព្រឹត្តិការណ៍នេះ ជាការប្រារព្ធសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា។លោក អ៊ុន សារ៉ាន់ ប្រធានគម្រោងតុក្កតាយក្ស មានប្រសាសន៍ថា តុក្កតាយក្សដែលបានរៀបចំដង្ហែរនេះ មាន ជារូបភាពតុក្កតាសត្វព្រៃកម្រចំនួន និងមានសត្វព្រាបយក្សតំណាងឱ្យព្រាបសសន្ដិភាព នាំមុខក្បួនដង្ហែរដ៏ធំមិនធ្លាប់មាន ដែលលោកថា ព្រឹត្ដិការណ៍នេះ បានទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិ ចូលរួមទស្សនានិងចូលរួមក្បួនដង្ហែរផងប្រមាណមួយម៉ឺននាក់នាពេលរាត្រីថ្ងៃទី២១ខែកុម្ភៈនេះ។ក្បួនដង្ហែរតុក្កតាយក្សនេះ ចេញពីតំបន់ខាងមុខវត្ដដំណាក់ ឆ្ពោះទៅតាមវិថីសំខាន់ៗជាច្រើនទៀតនៅក្នុងតំបន់ទេសចរក្រុងសៀមរាប ដែលក្បួនដង្ហែរ អមទៅដោយភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាតភ្លឺចែងចាំងនាពេលរាត្រី លាយឡំជាមួយការប្រគំតន្ដ្រីសិល្បៈជាច្រើនទម្រង់ ខណៈដែលអ្នកចូលរួមដង្ហែរ មានកុមារ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋក្រប់ស្រទាប់វណ្ណៈ ព្រមទាំងប្រតិបត្ដិករទេសចរណ៍ ប្រកបដោយស្នាមញញឹម និងភាពសប្បារីករាយ ។កបានបន្ដថា ព្រឹត្ដិការណ៍នេះ ជាព្រឹត្ដិការណ៍ប្រចាំឆ្នាំសម្រាប់ខេត្ដសៀមរាប ហើយជាការប្រារព្ធសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា។លោក អ៊ុន សារ៉ាន់ បញ្ជាក់ថា ព្រឹត្ដិការណ៍ជាលើកទី១៦ហើយ ។បន្ទាប់ពីក្បួនដង្ហែតុក្កតាយក្សបានបញ្ចប់ រូបតុក្កតាយក្យ នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងសួនច្បារក្បែព្រះរាជដំណាក់ ហើយបន្ដដាក់តាំងបង្ហាញនៅទីតាំងរបស់ម្ចាស់ឧបត្ថម្ភជុំវិញទីក្រុង និងនៅមន្ទីរពេទ្យកុមារក្នុងស្រុក ដែលអនុញ្ញាត អោយសហគមន៍បន្តរីករាយជាមួយតុក្កតាយក្ស និងពង្រីកផលចំណាប់អារម្មណ៍នៃគម្រោងលើសពីមួយយប់។គម្រោងតុក្កតាយក្ស ត្រូវមានការគាំទ្រ និងការផ្តល់មូលនិធិពីសហគមន៍គឺមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់គម្រោងតុក្កតាយក្ស ដោយរួមចំណែកមិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការកសាង និងចែករំលែកតម្លៃដែលផ្តល់អំណាចដល់ការអភិវឌ្ឍយុវជន និងពង្រឹងទេសភាពវប្បធម៌ និងសិល្បៈរបស់ប្រទេសកម្ពុជា៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំពិតជាមានមោទនភាពចំពោះគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ

2026/02/22 01:16:36 pm        269
នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ (អគារ E-F)។ឯកឧត្តម បានថ្លែងថា ក្នុងរយៈពេល ៤៧ឆ្នាំនេះ ដោយឈរលើកត្តា ៣ សំខាន់ៗ៖ ទី១.ការបិទទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង, ទី២.ការកសាងប្រទេសឡើងវិញពីបាតដៃទទេលើគ្រប់វិស័យ ដែលជាខឿនដ៏រឹងមាំនៃសង្គមជាតិយើង, និង ទី៣.អន្តរកាលនៃការបន្តវេនដោយស្ថិរភាព ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់វិបុលភាព និងអនាគតនៃប្រទេសជាតិ។ឯកឧត្តមចបានបន្តថា ក្នុងបរិការណ៍សកលដែលវិវត្តយ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេ បន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយអនុវត្តតាមមាគ៌ាដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតប្រធានទី១ នៃ ស.ស.យ.ក. នូវសសរស្តម្ភ ០៣៖ ទី១.ភាពជាក់ស្តែងនិយម, ទី២.ការរស់នៅក្បែរប្រជាជន ទី៣.ការពារជាតិ និងតម្កល់ប្រយោជន៍ប្រជាជនជាធំ។ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ដោយឈរលើស្មារតីបុរេសកម្ម ស.ស.យ.ក. បានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវ ស្តីពី សហភាពសហព័ន្ធយុវជនកម្ពុជា ២.០” បំពេញបន្ថែមឱ្យ “ផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨” ដែលនឹងចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ព្រមទាំងគោលនយោបាយ វិធានការគន្លឹះ និងកម្មវិធីអាទិភាពនានា។ឯកឧត្តម បានបន្តថា រាល់សកម្មភាព និងព្រឹត្តិការណ៍នានាដែល ស.ស.យ.ក. បានរៀបចំឡើង គឺក្នុងគោលបំណងកសាង និងស្វែងរកចំណុចរួមឱ្យបានច្រើន ព្រមទាំងបន្តពូនជ្រុំស្មារតីយុវជន ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន៕

សំរាមប្រមាណបួនពាន់មួយរយតោនត្រូវបានប្រមូលក្នុងមួយថ្ងៃនៅភ្នំពេញ

2026/02/22 12:59:16 pm        236
សំរាមប្រមាណបួនពាន់មួយរយតោនត្រូវបានប្រមូល និងដឹកជញ្ជូនចេញនៅរាជធានីភ្នំពេញក្នុងមួយថ្ងៃ ដែលបរិមាណនេះគឺមានការកើនឡើង។ក្រោយពីមានការកែទម្រង់លើការគ្រប់គ្រង និងការដឹកជញ្ជូនសំរាម ឃើញថានៅរាជធានីភ្នំពេញបានកើនឡើងនូវបរិមាណសំរាមគួរឱ្យកត់សម្គាល់ ដោយពីមុនការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែ៣០០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះបរិមាណសំរាម បានកើនឡើងរហូតទៅដល់៤១០០តោនក្នុងមួយថ្ងៃ ទោះបីកើនឡើងបែបនេះក៏មិនបានធ្វើឱ្យរាជធានីភ្នំពេញមានគំនរសំរាមគរដូចមុនទៀតទេ។នេះបើតាមការលើកឡើងរបស់លោក ហួត ហៃ អភិបាលរងរាជធានី ខណៈលោកអញ្ជើញជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលធ្វើឡើងនៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ ហើយពិធីនេះក៏បានបែងចែកក្រុមការងារជា៣ក្រុម ដោយមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចូលរួម ដើម្បីសម្អាតអនាម័យបរិស្ថាន នៅសួនច្បារមាត់ទន្លេ និងសួនច្បារនានាផងដែរ។លោក ហួត ហៃ មានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងសម្អាតរាជធានីភ្នំពេញឱ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អ ទោះបីរាជធានីភ្នំពេញមានអនាម័យបរិស្ថានល្អប្រើសើរមួយកម្រិតហើយក្តី។ កម្មវិធីនេះក៏មានបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាមបានត្រឹមត្រូវ ទៅតាមម៉ោង តាមពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់។លោក ហួត ហៃ បានបញ្ជាក់ថា ដើម្បីឱ្យរាជធានីភ្នំពេញមានអនាម័យ បរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែទម្រង់ជាច្រើនរហូតមានការកែទម្រង់ពីក្រុមហ៊ុនដឹកសំរាមតែមួយដាច់មុខ មកជាការប្រមូលសំរាមដោយមានការប្រកួតប្រជែងគ្នារហូត ៣ក្រុមហ៊ុន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម អញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

2026/02/22 12:50:48 pm        186
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខជនភៀសសឹកដែលនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុក ឃ្នួច ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋភៀសសឹក សូមថែរក្សាសុខភាពឱ្យបានល្អ និងរាយការណ៍ដល់អាជ្ញាធររាល់ពេលមានតម្រូវការបន្ទាន់។

អ្នកនាំពាក្យ៖ បេសកកម្មការទូត​របស់​សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ច​ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ​

2026/02/22 12:11:50 pm        425
អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ជាថ្មីថា បេសកកម្មការទូត​របស់​សម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ច​ការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ​។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​គណៈ​ប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរឆ្ពោះទៅ​កាន់ទ្វីបអឺរ៉ុប។ នៅលើទឹកដី​សហរដ្ឋអាម៉េរិក បេសកកម្មដ៏សំខាន់​មួយ​របស់សម្តេច​នាយករដ្ឋមន្ត្រី គឺដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(The Board of Peace) កាលពីថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថាន​សន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត តបតាមការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ ដូចការរំពឹងទុក មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះបានលើកឡើងអំពីសោកនាដកម្មនៃសង្គ្រាម និងផ្តល់​សារសំខាន់ដល់សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។វត្តមានរបស់សម្តេច​មហាបវរធិបតី​ក្នុងកិច្ចប្រជុំនេះពិតជាមានសារសំខាន់សម្រាប់កម្ពុជា​នៅត្រង់ថា ក្រៅពីអត្ថន័យសន្តិភាពដែលឆ្លុះបញ្ចាំងពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិភាពក៏ជាឱកាស​ដែលឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ រម្លឹក​ឡើងវិញពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ ឯកឧត្តម ប៉ែន បូណា បន្ត នេះសបញ្ជាក់ថា សហគមន៍អន្តរជាតិ​ពិតជាមិនបំភ្លេច ហើយបាននិងកំពុងតាមដានយ៉ាងយកចិត្តទុក​ដាក់​លើ​ជម្លោះព្រំដែនរវាងប្រទេសទាំងពីរជាពិសេសការចូលកាន់កាប់ទឹកដី​កម្ពុជានៅទីតាំងមួយចំនួនដោយបំពានច្បាប់អន្តរជាតិ ពីសំណាក់កងកម្លាំង​ប្រដាប់អាវុធថៃ និងការរារាំងប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ​ គឺជាបញ្ហាក្តៅគគុកមួយ​ដែលពិភពលោកកំពុងផ្តោត​ការចាប់អារម្មណ៍យ៉ាងខ្លាំង។ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Board of Peace) ក៏ជាឱកាសដែលប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំប្រទេសជាច្រើន ក៏ដូចជាភាគីពាក់ព័ន្ធ លើកឡើងអំពីសារសំខាន់នៃការបញ្ចប់ជម្លោះ​ប្រដាប់អាវុធ ការសង្គ្រោះជីវិតមនុស្ស និងការកសាងឡើង​​វិញពីភាព​ខ្ទេចខ្ទាំដោយសារសង្គ្រាម ក៏ដូចជាការផ្សព្វផ្សាយ​អំពីគុណតម្លៃនៃ​សន្តិភាព​។​ ក្នុងន័យនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ក្រុមប្រឹក្សា​សន្តិភាពនេះ​គឺជាយន្តការថ្មីមួយទៀត​​បន្ថែមពីលើ​យន្តការ​អន្តរជាតិ​ដែលមានស្រាប់​ក្នុងការ​​​ជួយបន្ធូរភាពតានតឹងនិងស្តាឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ដែលមានជម្លោះឬសង្គ្រាម រួមទាំងជម្លោះព្រំដែន​កម្ពុជាថៃផងដែរ។ នៅទីក្រុងវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាត​ឱ្យឥស្សរជនអាម៉េរិក និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសមួយចំនួនទៀត ជួបសម្តែងការគួរសម​ និងពិភាក្សា​ការងារ ក្នុងនោះរួមមានជាអាទិ៍​ អនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីសង្គ្រាម និងអនុទីប្រឹក្សា​សន្តិសុខជាតិនៃសហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ព្រមទាំងរដ្ឋមន្ត្រីការបរទេសតួកគី និង នាយកប្រតិបត្តិនៃក្រុមប្រឹក្សា​អាត្លង់ទិច ជាដើម​។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា​បាន​បង្ហោះសារ​មួយ​ដែល​មានន័យថា«សូមស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន!សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព»។ សារនេះសបញ្ជាក់ពីផ្លែផ្កា​នៃការទូត​សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាឆ្លុះបញ្ចាំងពីតួនាទីរបស់កម្ពុជា​ក្នុងការចូលរួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាពក្នុងតំបន់ ក៏ដូចជាសន្តិភាពសាកល។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់​ថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ក៏​បាន​តាមដានបេសកកម្មការទូត​របស់សម្តេចធិបតី​ដោយយកចិត្តទុកដាក់ និងបានផ្តល់ការគាំទ្រពេញទំហឹង​ចំពោះការសម្រេចចិត្តរបស់​សម្តេចប្រមុខរាជរដ្ឋាភិបាល​ នៅក្នុងដំណើរបំពេញបេសកកម្មការងារការទូតលើឆាកអន្តរជាតិ​នាពេលនេះជាពិសេស​ពាក់ព័ន្ធនឹង​ការ​ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលរងការបំពាន​ពីកងកម្លាំងប្រដាប់អាវុធថៃ ដោយបង្ហាញជំហរច្បាស់លាស់របស់កម្ពុជា​ប្រាប់សហគមន៍អន្តរជាតិ។អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា គុណតម្លៃសន្តិភាពនិងការគោរពច្បាប់​អន្តរជាតិ គឺជាគោលការណ៍ដែលកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន។ ដោយ​ឈរលើគោលការណ៍នេះ កម្ពុជា​បន្តអនុវត្ត​យ៉ាងម៉ឺងម៉ាត់​នូវ​បទឈប់បាញ់និងគ្រប់ចំណុចទាំងអស់​នៃសេចក្តីប្រកាស​​រួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជា​កិច្ចព្រមព្រៀង​ផ្សេងទៀតដែលមានស្រាប់​។កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ព្រមទាំងអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ក៏ដូចជាកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ​៕ 

ឆ្នាំនេះ កម្ពុជា-ចិន នឹងរួមគ្នារៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាញភ្ញៀវទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន

2026/02/22 11:51:57 am        278
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធនានារបស់ប្រទេសចិន នៅឆ្នាំ២០២៦នេះ នឹងរួមគ្នារៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ប្លែកៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងភ្ញៀវបរទេសផ្សេងទៀត មកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន ខណៈកម្ពុជាបានត្រៀមបដិសណ្ឋាររួចរាល់ ក្នុងការទទួលភ្ញៀវទេសចរទាំងអស់នោះ ។ ក្នុងព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិន អបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា-ចិន នៅតាមផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ដើម្បីជំរុញសន្ទុះនៃយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ឲ្យកាន់តែខ្លាំងក្លា និងមានភាពទាក់ទាញ ក្រសួងទេសចរណ៍ នឹងសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌កម្រិតអន្តរជាតិជាច្រើន សម្រាប់ឆ្នាំ២០២៦ ។ឯកឧត្តមបន្តថា ព្រឹត្តិការណ៍អន្តរជាតិទាំងអស់នោះ រួមមាន មហាស្របសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន, មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ កម្ពុជា-ចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ភាពយន្ត កម្ពុជា-ចិន, ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន កម្ពុជា-ចិន និងកម្មវិធីបង្ហាញផ្លូវទេសចរណ៍រដូវកាលបៃតង សម្រាប់ទីផ្សារចិន ដែលជាយុទ្ធសាស្ត្រទាក់ទាញទេសចរណ៍ ឲ្យមកសម្រាកកម្សាន្តនៅកម្ពុជាពេញមួយឆ្នាំ រួមជាមួយកម្មវិធីយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀត ។ជាមួយនេះឯកឧត្តម ហួត ហាក់ បានចាត់ទុកព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា-ចិន ជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍ នៃប្រទេសទាំងពីរ តាមរយៈការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពលេចធ្លោ និងទាក់ទាញខ្លាំងលើឆាកអន្តរជាតិ ។ ព្រឹត្តិការណ៍នេះ បានផ្ដល់នូវការកម្សាន្ត និងចំណេះដឹង តាមរយៈសិល្បៈភាពយន្ត ដល់សាធារណជន ជាពិសេសរឹតចំណងកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ ទេសចរណ៍ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ។ថ្លែងតាមរយៈវីដេអូពីចម្ងាយ លោក អាន ស៊ាវយូ (An Xiaoyu) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍ការចូលរួមសហការពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន និងវិស័យវប្បធម៌នៃប្រទេសទាំងពីរ ។គួរបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០លើក និងមានអ្នកទស្សនាសរុបជាង ១០ម៉ឺននាក់ ។ ព្រឹត្តិការណ៍នេះ បានចាក់បញ្ចាំង វីដេអូស្តីអំពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី , វីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជា, MV “បំភ្លឺពន្លឺភ្នែកផ្កាយ”, ភាពយន្តចិន មានចំណងជើងថា សួស្ដីម៉ាក់ និងភាពយន្តខ្មែរ មានចំណងជើងថា មរណៈមាតា ៕ អត្ថបទ បាន សុខរិទ្ធិ

«ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ គឺជាឧបករណ៍ដ៏សំខាន់ ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹង ស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោកដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»

2026/02/22 11:29:28 am        228
នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ (អគារ E-F)។ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែលដែលបន្សល់ទុកពីអតីតយុវជន ជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ “ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី”។ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏បានផ្ដល់អនុសាសន៍ និងណែនាំជូនគ្រប់រចនាសម្ព័ន្ធនៅក្នុងអង្គពិធីរួមមាន៖ ( ១) សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ (២) សូមសមាជិក សមាជិកា ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក.២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក ជាពិសេសនោះ ការធ្វើនវានុវត្តន៍ ស.ស.យ.ក. ឱ្យកាន់ទំនើបស្របទៅនឹងសម័យឌីជីថល និងបច្ចេកវិទ្យា (៣) ជំរុញអនុវត្ត តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ (៤) បន្ដផ្សព្វផ្សាយដល់សមាជិក សមាជិកា ក្រោមចំណុៈខ្លួនឱ្យបានទូលំទូលាយ។

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ

2026/02/22 11:15:15 am        196
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។ពិធីនេះបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នាបរិវេណមណ្ឌលសុខភាពអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា សប្បុរសជន មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមគ្រូពេទ្យ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាជាច្រើនទៀត។បន្ទាប់ពីអានសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមាររួចមក ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនត្រូវខិតខំថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗ។ឯកឧត្តម សុខ លូ ណែនាំដល់ស្រ្តីទើបសម្រាលត្រូវនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ និងផ្ដល់អាហាររូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដល់កូនៗ។ឯកឧត្តម សង្កត់ធ្ងន់ថា ប្រទេសជាតិទៅថ្ងៃអនាគតត្រូវពឹងផ្អែកលើទារក កុមារ និងយុវជនដែលមានសុខភាព និងទទួលបានការអប់រំល្អដែលពួកគេគឺជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងរបស់ប្រទេសជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM