ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

គណៈកម្មការធ្វើជំរឿនមន្រ្តី នឹងបន្តធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅក្រសួង ស្ថាប័ន៩ នាពេលឆាប់ៗនេះ

2026/02/22 11:08:25 am        178
នាពេលថ្មីៗនេះ គណៈកម្មការជំរឿនមន្ត្រី បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ទូទាំងរាជធានីភ្នំពេញ ដោយឡែកសម្រាប់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រសួងមុខងារសាធារណៈ ជាក្រសួងទី១ ដែលបានអនុវត្តការធ្វើជំរឿនមន្ត្រីជាក់ស្តែងមុនគេ។គណៈកម្មការជំរឿនមន្ត្រី នឹងចាប់ផ្តើមការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួង ស្ថាប័នចំនួន៩ ចំណុះអង្គការនីតិប្រតិបត្តិ រួមមាន៖ (១)ក្រសួងកិច្ចការនារី, (២)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, (៣)ក្រសួងទេសចរណ៍, (៤)ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, (៥)ក្រសួងអភិវឌ្ឍន៍ជនបទ, (៦)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, (៧)ក្រសួងធម្មការនិងសាសនា, (៨)រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង (៩)ក្រសួងសុខាភិបាល។ដើម្បីឱ្យដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល គណៈកម្មការសូមស្នើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម និងលោកជំទាវ រដ្ឋមន្ត្រី ក្រសួង ស្ថាប័នទាំង៩ មេត្តាមានចំណាត់ការ ដូចខាងក្រោម៖១) ផ្អាកបណ្តោះអាសន្នការផ្ទេរ ឬផ្លាស់ប្តូរអង្គភាពបំពេញការងាររបស់មន្ត្រី និងមិនអនុញ្ញាត ឱ្យមានការកែតម្រូវ ឬកែប្រែទិន្នន័យ ឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីក្នុងអំឡុងពេលយុទ្ធនាការ ចាប់ពីពេលជូនដំណឹង រហូតដល់ដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពចំណុះទីស្តីការក្រសួង ស្ថាប័នទាំង៩ ត្រូវបានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ប្រកាសបិទបញ្ចប់។២) ណែនាំដល់ក្រុមការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាម រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំង៩ និងគ្រប់ប្រធាន អង្គភាពចំណុះទីស្តីការក្រសួង ស្ថាប័នទាំង៩ ចូលរួមសហការ និងបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធី និងការណែនាំរបស់គណៈកម្មការ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។

សូមប្រុងប្រយ័ត្ន! ជនខិលខូចបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឆបោកតាមប្រព័ន្ធអនឡាញ

2026/02/22 10:57:32 am        148
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវដល់សាធារណជនកុំចាញ់កលបោក​ប្រាស់ក្រុមជនឆបោក ដែលបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ទៅ​ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កន្លងទៅនេះ មានក្រុមជនខិលខូចបានបង្កើត​ក្រុម Telegram ឈ្មោះ «OCIC ក្រុមហ៊ុនវិនិយោគ» និងឈ្មោះប្រហាក់ប្រហែល ក្នុង​គោលបំណងបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យចូលក្នុងអន្ទាក់នៃការ​ឆបោក។ក្រុមនេះបានយករូបភាព និងឈ្មោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បុគ្គលល្បីៗ និងអ្នក​ប្រើ​ប្រាស់បណ្តាញសង្គមដោយគ្មានការអនុញ្ញាត ទៅបង្កើតគណនីក្លែងក្លាយសម្រាប់​គាំទ្រ​សកម្មភាពប្រព្រឹត្តិបទល្មើសរបស់ខ្លួន។គណនីទាំងនោះ បានបង្កើតសេណារីយ៉ូប្រឌិតផ្សព្វផ្សាយរូបភាព ប្រតិបត្តិការធនាគារ ក្រដាស់ប្រាក់ គ្រឿងអលង្ការ និងសកម្មភាពផ្សេងៗ ដោយអះអាងថាការផ្ទេរប្រាក់​វិនិ​យោគ​ទៅក្រុមខ្លួន បានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លី។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ការទាក់ទាញឱ្យជនរងគ្រោះធ្លាក់ក្នុង​អន្ទាក់នៃការ​ឆបោកនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ ក្នុងបណ្តាញ Telegram ដូចរូបភាពជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ។ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនមានជាប់ពាក់ព័ន្ធជាមួយក្រុមឆបោកខាងលើឡើយ។ក្នុងបរិបទ​ដែល​រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាប និងលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញ ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា អំពាវនាវអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធការបង្ក្រាបបទ​ល្មើសឆបោកតាម​ប្រព័ន្ធ​អនឡាញ ពន្លឿនចាត់វិធានការឆបោកនេះ។ក្រុមអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏អំពាវនាវដល់សាធារណជន មេត្តាប្រុង​ប្រយ័ត្ន​ចំពោះការផ្សព្វផ្សាយពាក់ព័ន្ធនឹងការវិនិយោគដែលគ្មានអត្តសញ្ញាណ​ច្បាស់​លាស់ និងសូមរាយការណ៍ទៅកាន់សមត្ថកិច្ចប្រសិនបើបានជួបប្រទះករណីសង្ស័យ៕

ប្រធានតុលាការកំពូល ព្រមានដាក់វិន័យលើអង្គចៅក្រម និងមន្ត្រី ខណៈអ្នកប្រព្រឹត្តិខុសត្រូវបានដកចេញបន្តបន្ទាប់

2026/02/22 10:48:19 am        134
ភ្នំពេញ៖ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល បានថ្លែងថា ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវបន្តពង្រឹងមនសិការវិជ្ជាជីវៈដោយប្រកាន់ខ្ជាប់ នូវអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារថ្លៃថ្នូរ ស្អាតស្អំ ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ដែលមកទទួលសេវាយុត្តិធម៌ពីតុលាការ និងអង្គការអយ្យការ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ហើយបានព្រមានអ្នកប្រព្រឹត្ត កំហុស នឹងត្រូវទទួលវិន័យមិនលើកលែង ដូចដែលបានអនុវត្តជាច្រើនករណី រួចមកហើយ ដោយអនុលោម តាមនីតិវិធីស៊ើបអង្កេតប្រកបដោយតម្លាភាព ។ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារ ឆ្នាំ២០២៦ របស់តុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជីវ កេង មានប្រសាសន៍ថា អង្គចៅក្រម, មន្ត្រីតុលាការ និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអំពើល្អគ្រប់កាលៈទេសៈ និងបន្តរក្សាទំនាក់ទំនងឱ្យល្អជាមួយតួអង្គពាក់ព័ន្ធ ក្នុងសង្គមក្នុងន័យលើកស្ទួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ។ឯកឧត្តមបានបន្តថា ត្រូវបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងយុត្តិធម៌ ដើម្បីគាំទ្រការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី ព្រមទាំងបន្តយកចិត្តទុកដាក់ លើចំណាត់ការជាអាទិភាព លើសំណុំរឿងគ្រឿងញៀន, សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍, សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងពាក់ព័ន្ធក្មេងទំនើង, សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) និងសម្អាតប្រាក់ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលក្នុងការធានាសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ។ប្រធានតុលាការកំពូល បានបន្ថែមថា បន្តយកចិត្តទុកដាក់ ផ្តល់នូវសេវាយុត្តិធម៌ឱ្យបានត្រឹមត្រូវដោយឆាប់រហ័ស និងពង្រឹងគុណភាព នៃសេចក្តីសម្រេចតាមរយៈការវាយតម្លៃលើភស្តុតាង អង្គហេតុ អង្គច្បាប់ឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ហើយបន្តយកចិត្តទុកដាក់ផ្សះផ្សាគូភាគីក្នុងរឿងរដ្ឋប្បវេណី ឱ្យស្របតាមច្បាប់ជាធរមាន និងបន្តគាំទ្រដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយក៏គប្បីធ្វើការសម្រុះសម្រួលគូភាគី ទន្ទឹមគ្ននឹងការអនុវត្តដោយបង្ខំ ឈរលើគោលនយោបាយឈ្នះឈ្នះ កុំឱ្យជះឥទ្ធិពលអវិជ្ជមានលើជំនឿ ទុកចិត្តមកលើស្ថាប័នតុលាការ ។ឆ្នាំ២០២៥ តុលាការកំពូល និងមហាអយ្យការ បានទទួលសំណុំរឿង ព្រហ្មទណ្ឌចំនួន ១ ៧៩៧រឿង ចាត់ការរួចចំនួន ១ ៣៥១រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១ ០៤៥រឿង ចាត់ការរួចចំនួន ៧០២រឿង ដូច្នេះជាសរុបមានចំនួន ២ ៨៤២រឿង ចាត់ការរួចចំនួន ២ ០៥៣រឿង ត្រូវនឹង ៧២,២៤ភាគរយ នៃសំណុំរឿងសរុប។ ក្នុងឆ្នាំដដែល ទទួលបានលទ្ធផលរីកចម្រើនជាវិជ្ជមានក្នុងការបម្រើសេវាយុត្តិធម៌ដោះស្រាយរឿងក្តីគ្រប់ប្រភេទ ធៀបនឹងឆ្នាំ២០២៤ សម្រេចបានត្រឹមតែ ៦៦,០៩ភាគរយ នៃសំណុំរឿងសរុបប៉ុណ្ណោះ, ព្រមទាំងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់របស់តុលាការកំពូល និងមហាអយ្យការលើការងារ ធ្វើបរិវត្តកម្មឌីជីថល ជាងនេះទៅទៀត អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងសកម្មដោយផុលផុស និងបានរកឃើញដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដើម្បីអនុវត្តក្នុង ឆ្នាំ២០២៦ ៕ 

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ

2026/02/22 10:02:07 am        360
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី​ អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាគណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី​ អភិវឌ្ឍន៍មាតុភុមិកម្ពុជា និងលោកជំទាវ នៅគេហដ្ឋានរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូន សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏មានប្រសាសន៍ថា ក្រុមគ្រួសារពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំរណសិរ្សគ្រប់លំដាប់ថ្នាក់ ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាន នាពេលនេះ។ជាថ្មីម្តងទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មហិទ្ធិឫទ្ធិ បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមសមប្រកបនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០

2026/02/22 09:35:47 am        127
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាល មកពីរាជធានី-ខេត្ត វិស័យ ក្រុមការងានីតិបុគ្គល និងអង្គការ សមាគម ចូលរួមប្រមាណជាង៨០០នាក់។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្ដៃយ៍តំណាង ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងអគ្គលេខាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានឡើងរាយការណ៍ជូនគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសារៈសំខាន់ និងខ្លឹមសារសង្ខេបនៃផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា២.០។ ក្នុងនោះ ឯកឧត្តមក៏បានរំលេចឲ្យឃើញ ការរៀបចំឯកសារផែនទីបង្ហាញផ្លូវនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការគិតគូរ និងពិភាក្សាយ៉ាងម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ នឹងគ្រប់ភាគីពាក់ព័ន្ធ។ឯកសារផែនទីបង្ហាញផ្លូវនេះ ដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ ធានានិរន្តរភាពសកម្មភាព ការងាររបស់ ស.ស.យ.ក. ឱ្យកាន់តែមានភាពធន់ ឆ្លើយតបបានទៅនឹងបេសកកម្ម និងការវិវត្តន៍ ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ៕

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានកុងស៊ុលកិត្តិយសកម្ពុជា សហការរួមគ្នាជំរុញទេសចរណ៍កម្ពុជា និងឥណ្ឌាជាមួយការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (Bangalore)

2026/02/22 08:26:48 am        148
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru (ឈ្មោះពីមុន Bangalore) រដ្ឋ Karnataka នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍ និងការវិនិយោគបន្ថែមរវាងកម្ពុជា និងឥណ្ឌា នាទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Karthik Tallam បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru (Bangalore) និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។បន្ថែមពីលើនេះ លោកក៏បានគូសបញ្ជាក់ពការពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋ Karnataka ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្រោមក្របខណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋ Karnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក ជាពិសេសគឺកិច្ចប្រឹងប្រែងរួមគ្នាជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo Airlines ហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (ហៅពីមុន Bangalore) ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាឱ្យកាន់តែច្រើនឡើង។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះតួនាទីដ៏សកម្មរបស់លោកកុងស៊ុលកិត្តិយស ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគកម្ពុជានៅប្រទេសឥណ្ឌា រួមទាំងគំនិតផ្តួចផ្តើមដ៏ល្អនាពេលនេះដែលពិតជាជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើលោកកុងស៊ុលកិត្តិយស បន្តជួយផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា ដល់ប្រជាពលរដ្ឋនិងវិនិយោគិនឥណ្ឌា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលការពិត កម្ពជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងសន្តិសុខ។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

2026/02/21 03:41:28 pm        107
នាថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ាក ឡេង សមាជិកក្រុម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងអស់មានវត្តមាននៅទីនេះផងដែរ ហើយឯកឧត្តម បានថ្លែងនូវការដឹងគុណចំពោះវីរកងទ័ពដែលបានលះបង់ជីវិតការពារលើបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជាពីការឃ្លានពានរបស់ប្រទេសថៃ ជាពិសេសអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលបានបរិច្ចាគធនធាន ទោះបីតិចក្ដី ច្រើនក្ដី ជាតំបន់សមរភូមិក្រោយ ជួយឧបត្ថម្ភដល់សមរភូមិមុខ គឺជាកម្លាំងសាមគ្គីភាពជាធ្លុងមួយដ៏រឹងមាំ។ លើសពីនេះ ឯកឧត្តម បានជម្រាបជូនអំពីសភាពការណ៍វិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងគ្នាត្រូវជឿជាក់ទៅលើ ប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំប្រទល់ជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម»។ ជាចុងបញ្ចាប់ ឯកឧត្តមតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា តាមរយៈការហូបស្អាត រស់នៅស្អាត និងគោរពតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងជូនពរអាជ្ញាធរខេត្ត ស្រុក និងសហការី ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសបារាំង សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។តាមរយៈការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល១ថ្ងៃពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសបារាំង បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំដារ ស្រុកមេមត់ សរុបចំនួន១៥៧នាក់ ក្នុងនោះ (មនុស្សចាស់១៥៦នាក់ ស្រី៩៣នាក់ និងកូនក្មេង១នាក់)

សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង

2026/02/21 03:22:57 pm        97
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន​នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង។ ក្នុងពិធីនេះក៏មានវត្តមានអមសម្តេចអនុប្រធានគណបក្សរួមមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តស្វាយរៀង សរុប ៣២១នាក់។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តស្វាយរៀង បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅក្នុងខេត្តជូនគណៈអធិបតី។មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការសាកសួរសុខទុក្ខពីសម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។ សម្តេចបានលើកឡើងបន្តទៀតថា កិច្ចជំនួបថ្ងៃនេះមានគោលបំណងធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយរួមជូនដល់មន្រ្តីគណបក្សដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងសតិអារម្មណ៍មហាជននៅក្នុងមូលដ្ឋានរៀងៗខ្លួន សំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលជាតិសំខាន់ៗទាំងឡាយដែលគណបក្សបានខិតខំកសាងដោយលំបាក។ ជាមួយគ្នានោះដែរ សម្តេចក៏បានជម្រាបជូនអង្គពិធីនូវការវិវឌ្ឍថ្មីៗ នៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្តេចបានរំលេចនូវចំណាត់ការ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ បញ្ជៀសនូវបញ្ហាធ្ងន់ធ្ងរ ចែករំលែកជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្ត យកទៅផ្សព្វផ្សាយដល់សមាជិក សមាជិកា និងមហាជនទូទៅក្នុងមូលដ្ឋានរៀងៗខ្លួន៕

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកបោះដុំឲ្យប្រតិបត្តិករឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច

2026/02/21 03:15:39 pm        161
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះកិច្ចព្រមព្រៀងលក់ទឹកបោះដុំ ជាទឹកស្អាតដែលមានគុណភាព ឱ្យប្រតិបត្តិករឯកជនបែកចាន ដើម្បី ចែកចាយបន្ត ចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសការផ្តល់ទឹកស្អាតដល់រោងចក្រ សហគ្រាស បម្រើក្នុងអាជីវកម្ម និងក៏ការទាក់ទាញវិនិយោគិនមកបណ្តាក់នៅតំបន់នោះបន្ថែម។​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកិច្ច សម្ភាសន៍ ស្តីពីការលក់ទឹកបោះដុំ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងពិធីបិទសន្និបាតលទ្ធផលការងារអាជីវកម្មប៉ាន់ស្មានឆ្នាំ២០២៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្នមានសមត្ថភាពផលិតសរុប ប្រមាណក្នុងរង្វង់ ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈការចែកចាយប្រចាំថ្ងៃក្នុងរង្វង់ ៩០ ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ នៅសល់ ១០ ម៉ឺនម៉ែត្រ គូប ដែលរដ្ឋាករទឹកបាននិងកំពុងគិតគូរលក់ជូនដល់ប្រតិបត្តិករបែកចាន។  ឯកឧត្តមប្រតិភូ បន្តថា ជុំវិញការលក់ទឹកបោះដុំនេះ កន្លងមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនអញ្ជាញ ស្ថិតនៅ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ចំណែកការចុះហត្ថលេខាជាមួយប្រតិបត្តិករទឹកស្អាតឯកជនបែកចាន នេះគឺជាលើកទី២ ដើម្បីយកទៅ ចែកជូននៅក្នុងតំបន់របស់ខ្លួន ខណៈដែលពួកគាត់មានរោងចក្រ និងបណ្តាញទឹកស្អាតរួចជាស្រាច់ នេះគឺជាការចូលរួមចំណែកលើក កម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសការផ្តល់ទឹកស្អាតដល់រោងចក្រ សហគ្រាស បម្រើក្នុងអាជីវកម្មនៅក្នុង តំបន់ទាំងនោះឱ្យកាន់តែ ប្រសើរ និងតាមរយៈនេះផងដែរ ក៏ការទាក់ទាញវិនិយោគិនមកបណ្តាក់នៅតំបន់នោះបន្ថែមទៀត ព្រោះថា មានទឹក មានភ្លើង និងមានផ្លូវ គឺមានការអភិវឌ្ឍ។ សូមបញ្ជាក់ថា សម្រាប់នីតិកាលទី៧នេះ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាលបានកំណត់យកអាទិភាព គន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយបានបន្ថែម «បច្ចេកវិទ្យា» ទៅក្នុងអាទិភាពគន្លឹះទី ៥ ហើយ «ទឹក» ត្រូវបានរំកិល មកជាអាទិភាពទី៣។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តតួនាទីជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹក ស្អាត ព្រមទាំងបន្តអនុវត្តគោលនយោបាយ លើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគលើវិស័យទឹកស្អាត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាទូទៅ និងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រអាទិភាពដូចជា តំបន់សេដ្ឋកិច្ចពិសេស, សួនបណ្ដុំ សហគ្រាសធុនតូច និងមធ្យម និងតំបន់ប៉ូលសេដ្ឋកិច្ច នៅបណ្តារាជធានីខេត្តជាដើម ដែលជាកត្តាចាំបាច់ក្នុងការរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញសួរសុខទុក្ខវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត

2026/02/21 01:46:17 pm        178
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសមានចិត្តអាណិតអាសូរយ៉ាងពន់ពេក ដល់វីរយុទ្ធជនកម្ពុជា ដែលរងរបួស ដោយសារការខិតខំតស៊ូការពារបូរណភាពដែនដី យ៉ាងអង់អាចក្លាហាន ពីការឈ្លានពានដោយចោរសៀមសារជាថ្មី បានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដល់វីរកងទ័ពកម្ពុជាចំនួន ៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ក្នុងចំណោមវីរកងទ័ពទាំង៥នាក់នោះ មាន២នាក់ ទើបតែចូលសម្រាកពេទ្យរួមមាន ទី១. ពលបាលទោ អាយុ៣២ឆ្នាំ ប្រចាំការនៅតំបន់៣៣៩ កោះកុង និងទី២. អនុសេនីយ៍ឯក អាយុ៥៩ឆ្នាំ ប្រចាំការនៅទិសប្រាសាទតាក្របី។ ចំណែកវីរកងទ័ព ៣នាក់ទៀត ក៏ត្រឡប់មកសម្រាកពេទ្យម្ដងទៀត ។ ប៉ុន្តែ៣នាក់នេះ សម្ដេចឥស្សរវិទេសបញ្ញា ធ្លាប់បានសួរសុខទុក្ខ និងឧត្ថម្ភថវិកាម្ដងរួចហើយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណោម ៨នាក់ ដែលសុខភាពបានឈឺឡើងវិញ ។ក្នុងឱកាសនេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានជូនពរដល់វីរកងទ័ពទាំងអស់ឱ្យបានជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗ ព្រមទាំងបានថ្លែងអំណរគុណ និងគោរពដល់វីរៈកងទ័ពកម្ពុជា ដែលបានលះបង់សាច់ឈាម ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យភាពប្រទេស ហើយប្រឆាំងទៅនឹងអំពើឈ្លានបានរបស់កងទ័ពថៃ ក្នុងស្មារតីឆន្ទៈមុះមុត ។សម្ដេចបានបន្ថែមថា វីរៈភាពដ៏អង់អាចក្លាហាននេះ គឺបន្តស្ថិតនៅជាប់ក្នុងទឹកចិត្តរបស់ពលរដ្ឋខ្មែរជានិច្ច ជាមួយនឹងការរួបរួម និងលើកទឹកចិត្តដល់វីរកងទ័ពគ្រប់កាលៈទេសៈ ដើម្បីប្រឆាំងទៅនឹងសត្រូវឈ្លានពាន និងសូមវីរកងទ័ពគ្រប់រូបចងចាំ និងជឿជាក់ថា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទីនៅតែឈរគាំទ្រ និងលើកទឹកចិត្តជានិច្ច ។គួរបញ្ជាក់ថា ជានិច្ចកាល ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្តេចអតីតប្រមុខការទូតឆ្នើមកម្ពុជា គឺតែងតែនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ថវិកា និងអំបុកជាដើម ដើម្បីផ្ដល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខ និងរបួសសម្រាកនៅមន្ទីរពេទ្យ រួមទាំងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM