ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

សមត្ថកិច្ចអាវុធហត្ថរាជធានីបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូកោរសក់អប់រំណែនាំ

2024/08/03 10:47:49 am        155
ភ្នំពេញ ៖ ក្មេងទំនើង ០៥នាក់ រួមជាមួយម៉ូតូចំនួន ០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ តាមផ្លូវសាធារណៈបង្កភាពអាណាធិបតេយ្យ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  យុវជនទាំង ០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ កោរសក់ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។   នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំង ៥នាក់នេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយន។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ ដោយ ៖ តារាវុទ្ធី

កម្ពុជា អបអរសាទរទិវាអាស៊ានលើកទី៥៧ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន

2024/08/02 10:09:22 pm        155
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទទិវាអាស៊ានលើកទី៥៧ ថ្ងៃបង្កើតអាស៊ាន នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន, នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលសន្និសីទចតុម្មុខ។​ទិវាអាស៊ានលើកទី៥៧ ក៏មានការអញ្ជើញចូលរួមឯកឧត្តមឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតនៃប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្សានុសិស្ស និងសហការី។លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលគ្រប់គ្នានៅទីនេះទទួលស្គាល់ពីសារៈសំខាន់នៃការប្រារព្ធទិវាអាស៊ានលើកទី៥៧ និងសារៈសំខាន់ក្នុងការលើកកម្ពស់ឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ៥៧ឆ្នាំកន្លងមកនេះ ពិតជាអស្ចារ្យ ពោរពេញដោយសមិទ្ធផល សេចក្តីប្រាថ្នា និងការរំពឹងទុកសម្រាប់សហគមន៍អាស៊ានដ៏មានឥទ្ធិពល។ យើងរីកចម្រើន និងមានអារម្មណ៍រឹងមាំជាក្រុម ហើយយើងអាចសម្រេចបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋអាស៊ានទាំងអស់។ មានព្រឹត្តិការ និងសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើន ដែលយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រអាស៊ាន។ យើងបានរីកចម្រើនទៅជាសហគមន៍អាស៊ានពេញលេញនៃរដ្ឋសមាជិកទាំងដប់ ដោយមានទីម័រ-Leste នឹងចូលជាសមាជិកទី១១ របស់យើងបន្ទាប់ពីការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ នៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២។ កាលពីឆ្នាំមុន យើងបានរៀបចំរួមគ្នាខួបលើកទី៥៦ ក្រោមប្រធានបទ«សំលៀកបំពាក់អាស៊ាន ដើម្បីបង្ហាញពីវប្បធម៌ និងរបៀបរស់នៅរបស់សមាជិកអាស៊ាន» តាមរយៈភាពស្រស់ស្អាតនៃសំលៀកបំពាក់ប្រពៃណី ដើម្បីពង្រឹងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជនក្នុងតំបន់ និងរួមចំណែកពង្រីកសេដ្ឋកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការទេសចរណ៍។ ដោយមានគោលបំណងដូចគ្នា យើងរួមគ្នាម្តងទៀតនៅឆ្នាំនេះ ដោយបានរួមដៃគ្នាពង្រឹងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់យើង ដោយនាំយកអាហារឆ្ងាញ់ប្រពៃណីរបស់យើង ដើម្បីរំលឹកខួប។​លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសង្កត់ធ្ងន់ថា ដូចដែលអ្នកបានដឹងហើយថា ជារៀងរាល់ឆ្នាំ ប្រធានបទដែលបានជ្រើសរើសមានគោលបំណងបង្ហាញពិភពលោកអំពីវប្បធម៌ដ៏ពិសេស និងសម្បូរបែបនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយតាមរយៈភាពពិសេសនៃវប្បធម៌របស់យើង យើងអាចចងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើងតាមរយៈការពង្រឹងការតភ្ជាប់ និងសាមគ្គីភាពក្នុងចំណោមប្រទេសអាស៊ាន ក្រោមពាក្យស្លោក "អាស៊ានដូចគ្នា"។ ក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការរៀបចំ និងអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យការប្រារព្ធពិធីនេះប្រព្រឹត្តទៅបាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសមាជិកអាស៊ានទាំងអស់ និងស្ថានទូតនៃប្រទេសទីម័រខាងកើត សម្រាប់កិច្ចសហការដ៏សប្បុរសរបស់អ្នកក្នុងការរៀបចំពិព័រណ៍អាហារអាស៊ាន៕ អត្ថបទ រដ្ឋា​

សាច់បង្កកខូចគុណភាពចំនួន ២តោនត្រូវបានមន្ត្រីជំនាញក្រសួងកសិកម្មដុតកម្ទេចចោល នៅទីលានចាក់សំរាមខណ្ឌដង្កោ

2024/08/02 08:57:48 pm        115
ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់សាច់បង្កកខុសច្បាប់ និងខូចគុណភាពចំនួន ២តោន ដែលរឹបអូសពីក្រុមឈ្មួញទុច្ចរិតនាពេលថ្មីៗកន្លងទៅនេះ ត្រូវបានយកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាមខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ នៅរសៀសថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។ ទាក់ទងនឹងប្រតិបត្តិការចុះការចាប់ និងដុតកម្ទេចចោលសាច់បង្កកខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ហ៊ុន សារ៉ាត បានប្រាប់ឱ្យដឹងថា ការបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើការដុតកម្ទេចចោលផលិតផលសត្វបង្កកចំនួន២០០០គីឡូក្រាម ហើយសម្រាប់សាច់បង្កកនេះគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ និងផ្ទុយពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក្នុងរយៈពេល ៦ ខែ នៃសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ជាក់ស្តែងនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញខាងលើ បាននាំយកសាច់បង្កកខូចគុណភាពដែលប្រមូលបានចំនួន២តោននេះ ទៅកម្ទេចចោលនៅទីលានចាក់សំរាមក្នុងដង្កោ រាជធានីភ្នំពេញ។សូមបញ្ជាក់ថា៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តចុះបង្ក្រាប់ និងចុះត្រួតពិនិត្យឆែកឆេនូវទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងៗទៀតជាប្រចាំនៅទូទាំងប្រទេសបន្តទៀត ។អត្ថបទ ៖ ពៅយី ប្រុស​

សហគ្រិនខ្មែរ កសាងសមត្ថភាពអនាគតសហគ្រិនកម្ពុជា តាមរយៈកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យ

2024/08/02 08:43:25 pm        263
ភ្នំពេញ៖នៅក្នុងសក្ខីកម្មនៃស្មារតីសហគ្រិនភាព ដែលកំពុងរីកចម្រើនក្នុងចំណោមយុវជនកម្ពុជា សហគ្រិនខ្មែរ មានមោទនភាពចំពោះការបើកដំណើរការកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៤។ កម្មវិធី Hackathon ដ៏សកម្មនេះ បាននាំយកនិស្សិតដែលមានបំណងក្លាយជាសហគ្រិនចំនួន ២០០នាក់ មកពីសាកលវិទ្យាល័យចំនួន៩ ដែលមានទីស្នាក់ការនិងប្រតិបត្តិការក្នុងខេត្តចំនួន៨ នៅទូទាំងប្រទេសកម្ពុជា រួមមាន សាកលវិទ្យាល័យអង្គរខេមរា (កំពង់ស្ពឺ) វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (កំពង់ស្ពឺ) សាកលវិទ្យាល័យជាតិមានជ័យ (បន្ទាយមានជ័យ) សាកលវិទ្យាល័យជាតិបាត់ដំបង (បាត់ដំបង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ទីតាំងគោល) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ព្រៃវែង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (កំពង់ចាម) សាកលវិទ្យាល័យស្វាយរៀង (ស្វាយរៀង) និង សាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ (សៀមរាប) ដែលធ្វើឱ្យកម្មវិធីសហគ្រិនមហាវិទ្យាល័យមានអ្នកចូលរូមសរុបទាំងអស់ប្រមាណ ១.០០០នាក់ ក្នុងឆ្នាំ២០២៤ នេះ។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ លោក Kenzaburo Bekku នាយក និងជាអនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ មានប្រសាសន៍ថា «ភាពចម្រុះនៃគំនិត និងកម្រិតនៃចំណង់ចំណូលចិត្តដែលបង្ហាញដោយនិស្សិតចូលរួមនៅក្នុង UnipreneurCamp វគ្គទី៣ គឺពិតជាគួរឲ្យកត់សម្គាល់។ តាមរយៈការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ យេីងមានគោលបំណងបំផុសគំនិតសហគ្រិនកម្ពុជាជំនាន់ក្រោយ និងផ្តល់ធនធាន និងការគាំទ្រដែលពួកគេត្រូវការ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅជាអាជីវកម្មដែលអាចដំណើរការបាន។»លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School បានមានប្រសាសន៍ថា «ការរៀបចំកម្មវិធី UnipreneurCamp នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានផ្តល់បរិយាកាសដ៏ល្អឥតខ្ចោះ សម្រាប់អ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះដើម្បីកសាងសមត្ថភាពឲ្យកាន់តែរឹងមាំ។ វីគីរីរម្យផាញរីស៊ត បានបង្កើតបរិយាកាសបំផុសគំនិត ដែលជំរុញការច្នៃប្រឌិត និងការសហការគ្នាក្នុងចំណោមនិស្សិតចូលរួម។»ក្នុងរយៈពេលបីថ្ងៃដែលពោរពេញដោយការប្រកួតប្រជែងខ្លាំង និស្សិត ២០០នាក់ បានបង្កើតក្រុមធុរកិច្ចថ្មីចំនួន ៤០ក្រុម ហើយធ្វើការយ៉ាងសកម្មដោយមិននឿយហត់ដើម្បីបង្កើតគំនិតច្នៃប្រឌិតថ្មីដែលដោះស្រាយបញ្ហាប្រឈមក្នុងសង្គមពិតជាច្រើន។ ជាមួយការសម្របសម្រួលដំណើរការកម្មវិធី ពីបុគ្គលឆ្នើមពោរពេញដោយបទពិសោធន៍ អ្នកចូលរួមទទួលបានឱកាសអភិវឌ្ឍជំនាញសហគ្រិនភាពរបស់ពួកគេ រួមមានការសិក្សានិងអនុវត្ត ចាប់ពីការកសាងគំនិតរហូតដល់ ការរចនាផ្តោតលើអ្នកប្រើប្រាស់ វង្វាយតម្លៃគំនិត និងការបង្កើតគុណតម្លៃ និងការធ្វើបទបង្ហាញដោយប្រសិទ្ធភាព។ កម្មវិធីនេះបានបញ្ចប់ជាមួយការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលក្រុមកំពូលៗបានបង្ហាញនូវដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិតរបស់ពួកគេទៅកាន់គណៈកម្មការ។ ក្រុមដែលទទួលជ័យលាភី មិនត្រឹមតែបានសបញ្ជាក់ពីការយល់ដឹងយ៉ាង ស៊ីជម្រៅអំពី ទីផ្សារគោលដៅរបស់ពួកគេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយល់ច្បាស់អំពីយុទ្ធសាស្ត្រ និងឧបករណ៍នានា ដែលត្រូវការចាំបាច់ ដើម្បីកែច្នៃគំនិតរបស់ពួកគេទៅជាគម្រោងការជាក់លាក់។ UnipreneurCamp វគ្គទី៣ បានពង្រឹងបន្ថែមទៀតនូវតួនាទីរបស់សហគ្រិនខ្មែរជាកាតាលីករសម្រាប់កំណើន សហគ្រិននៅកម្ពុជា។ តាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីនេះ ដើម្បីចូលរួមជាមួយនិស្សិតមកពីទូទាំងប្រទេស សហគ្រិនខ្មែរ បានបង្កើតវេទិកាសម្រាប់យុវជនកម្ពុជា ដើម្បីបង្ហាញពីភាពប៉ិនប្រសប់របស់ពួកគេ និងជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។នៅពេលដែលប្រទេសកម្ពុជាបន្តប្រកាន់យកនូវវប្បធម៌នៃភាពជាសហគ្រិន ព្រឹត្តិការណ៍ដូចជា UnipreneurCamp នឹងពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះអ្នកច្នៃប្រឌិតក្នុងស្រុក និងអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយ៕

សម្តេចរដ្ឋសភាធិបតី៖ ឯកអគ្គរដ្ឋទូតថ្មីប្រទេសចិននឹងបន្តរួមចំណែកកាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់មិត្តភាពដែកថែប ដើម្បីសម្រេចចក្ខុវិស័យសហគមន៍ជោគវាសនារួម កម្ពុជា-ចិន

2024/08/02 04:29:30 pm        95
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។  សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានរដ្ឋសភា មានជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តរួមចំណែកកាន់តែសកម្មនិងខ្លាំងឡើង ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបរវាងប្រទសទំាងពីរកម្ពុជា-ចិន ឈានទៅសម្រចបាននូវការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដោយយកប្រជាជនជាស្នូល។សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត នៅក្នុងរយៈពេលប្រមាណជាងមួយខែមកនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត មិនត្រឹមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជាប៉ុណ្ណោះទេ ឯកឧត្តមក៏បានចុះជួបប្រជាពលរដ្ឋកម្ពុជានៅទីកន្លែងផ្សេងៗដោយផ្ទាល់ផងដែរ ដែលកាយវិការនេះមានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន ស្របជាមួយនឹងឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៤នេះ។ឯកឧត្តម វ៉ាង វិនពីន ក៏បានអបអរទរសាទរ សម្តេចរដ្ឋសភាធិបតី ដែល សម្តេច ត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា និងជាស្រ្តីលើកដំបូងដែលកាន់តួនាទីដ៏សំខាន់នេះ។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថា សម្តេចជាអ្នកនយោបាយស្រ្តីដ៏ឆ្នើមមួយរូបហើយក៏ជាមិត្តចាស់របស់ប្រទេសចិន ដែលជានិច្ចកាលបានចូលរួមចំណែក លើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលរហូតមកដល់ពេលបានឈានជិតចូលដល់ខួប៧០ឆ្នាំ ហើយត្រូវបានបន្តពូនជ្រំ ពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ តាំងពីអតីតថ្នាក់ដឹកនាំនៃប្រទេសទាំងពីមាន ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតប្រមុខដឹកនាំកំពូលចិន ដែលមាន ឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តម ជូ អេងឡាយ ហើយបានបន្តមកដល់ជំនាន់បច្ចុប្បន្ន ដែលមាន សម្តេចតេជោ ហ៊ុន សែន បន្តវេនមក សម្តេចមហាវបធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានឯកភាពគ្នាដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ គ្របដណ្តប់លើវិស័យអាទិភាពចំនួនប្រាំមួយ (៦) គឺ៖ កិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាពផលិតកម្ម និងគុណភាព, កសិកម្ម, ថាមពល, សន្តិសុខ, និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលក្នុងនោះដែរ កម្ពុជា-ចិន បានឯកភាពគ្នាបង្កើត "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា" និង "ច្រករបៀងមច្ឆា និងអង្ករ" ដើម្បីជាផែនទីចក្ខុវិស័យសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ ភាគីទំាងពីរ ក៏បានអបអរសាទរ ចំពោះ ការសម្ពោធមហាវិថី ស៊ី ជីនពីង នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដែលជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីការបន្តវេនថែរក្សាការពារចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ ពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទំាងពីរ ដែលបានប្រសិទ្ធនាមមហាវិថីម៉ៅសេទុង រួចមកហើយនោះ។សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិមួយ ដោយមិនប្រកាន់ប្រទេសតូចនិងប្រទេសធំ ហើយបានឈរលើគោលការណ៍ស្មើភាព គោរពឯករាជ្យភាពគ្នាទៅវិញទៅមក និងគ្មានលក្ខខណ្ឌ ដែលមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជានិងចិនប៉ុណ្ណោះទេ តែបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងសកលលោកផងដែរ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។  ក្នុងអាណត្តិការទូតរបស់ឯកឧត្តម វ៉ាង វិនពីន នៅកម្ពុជា ឯកឧត្តមនឹងពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងជួយពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ជាងនេះទៀត ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសចិននាពេលខាងមុខ ជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតមួយសម្រាប់ឆ្នាំនេះ ដែលនឹងជំរុញបន្ថែមនូវថាមពលថ្មីមួយឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ ឈានដល់កម្រិតខ្ពស់ថ្មីមួយ។ ក្នុងន័យនេះ ប្រទេសចិន ត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរកាន់តែគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង៕

ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំបន្ត ដើម្បីពិនិត្យឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ SSOM-45th AMAF

2024/08/02 04:26:14 pm        118
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (SSOM-45th AMAF)។ កិច្ចប្រជុំកិច្ចប្រជុំដើម្បីពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាននេះ មានការចូលរួមពីមន្ដ្រី នៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមក្រសួងក្រសួងកសិកម្ម បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (FAF) និងព្រៃឈើអាស៊ាន(AMAF) ដោយពិនិត្យ និងពិភាក្សាលើការងាររបស់ក្រុមការងារតាមវិស័យ អនុវិស័យ និងក្រុមអ្នកជំនាញដែលបានអនុវត្តកន្លងមក ដើម្បីជំរុញពាណិជ្ជកម្មកសិកម្ម ពង្រឹងសន្តិសុខស្បៀង និងផលិតផលព្រៃឈើ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំនឹងពិនិត្យ ពិភាក្សាលើការផ្តល់ជាអាទិភាពលើកិច្ចសហប្រតិបត្តិការតាមវិស័យ និងគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងតំបន់លើវិស័យសំខាន់ៗរបស់វិស័យស្បៀង កសិកម្ម និងព្រៃឈើ (FAF)៕អត្ថបទ ឈិត បូរ៉ាវី 

ក្រសួងកសិកម្ម គាំទ្រការអភិវឌ្ឍនិងប្រើប្រាស់ប្រព័ន្ធ CamDx និង CamdigiKey

2024/08/02 04:24:19 pm        94
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការកែលម្អបន្ថែមទៀតនូវការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ Online ក្នុងគោលបំណងដើម្បីជំរុញបរិវត្តកម្មឌីជីថល នៃសេវាសាធារណៈរបស់ក្រសួងកសិកម្ម ឱ្យកាន់តែល្អ និងងាយស្រួលប្រើ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ សីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការសម្រួលរបៀបធ្វើបរិវត្តកម្មឌីជីថល ដើម្បីឱ្យការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល អាចប្រើបានគ្រប់គ្នា និងរហ័សទាន់ពេលវេលាជូនដល់សាធារណជន។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ការប្រើប្រាស់ប្រព័ន្ធ CamdigiKey ជាមួយថ្នាល CamDx នៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយប្រើប្រាស់ទិន្នន័យមានស្រាប់ដោយឆ្លាតវៃ នឹងធ្វើឱ្យការផ្តល់សេវាតាមប្រព័ន្ធ Online កាន់តែងាយស្រួលនិងមានសុវត្ថិភាពខ្ពស់។ ក្រសួងកសិកម្ម គាំទ្រទាំងស្រុងនូវការអភិវឌ្ឍ និងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវប្រព័ន្ធទាំងពីរខាងលើនេះ៕

ថៃ រៀបចំកម្មវិធិពិព័រណ៍ពាណិជ្ជកម្មរយៈពេល៣ថ្ងៃនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច

2024/08/02 04:21:40 pm        80
ភ្នំពេញ ៖ ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំកម្មវិធីពិព័រណ៌ International Mega Fair ដើម្បីជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ច រវាងកម្ពុជានិងថៃ ដោយរំពឹងថា នឹងជួយគាំទ្រសហគ្រិនរវាងប្រទេសទាំងពីរ ឲ្យឈានទៅដល់ការសម្រេចគោលដៅបង្កើនទំហំពាណិជ្ជកម្មចំនួន ១៥ពាន់លានដុល្លារអាម៉េរិក។​កម្មវិធី International Mega Fairនេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ ដែលបែងចែក ជាកម្មវិធីតូចៗចំនួន ៣ផ្នែក រួមមាន៖ ១.Cambodia Architect & Decor 2024, ២. Cambodia FoodPlus Expo 2024 និង៣.Cambodia Health and Beauty Expo 2024 នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទស្សនៈ ចំណេះដឹងនិងបទពិសោធន៍ រវាងរដ្ឋនិងឯកជនថៃនិងកម្ពុជា ក្នុងវិស័យទេសចរណ៍ សុខភាព ធ្វើយ៉ាងណាអាចតភ្ជាប់វិស័យវេជ្ជសាស្ត្រ និងសុខភាពរវាងគ្នាទៅវិញទៅមកបាន ដែលជាប្រយោជន៍ រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជាការស្វែងរកនូវវិធីសាស្ត្ររួមគ្នា តាមគោលនយោបាយ Two Kingdoms, One Destination ដែលអគ្គនាយកដ្ឋានជំរុញសេវាថែទាំសុខភាព ក្រសួងសុខភាពសាធារណៈថៃ អជ្ញាធរទេសចរណ៍ថៃ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍សុខភាពឈានមុខគេនៅកម្ពុជា។ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរនៅក្នុងការរីកចម្រើនទៅព្រមៗគ្នា នឹងបានបញ្ជាក់អំពីតួនាទីរបស់វិស័យឯកជនថៃក្នុងភាពជាដៃគូរធុរកិច្ចដែលប្រកបដោយចីរភាពជាមួយប្រជាជនខ្មែរ ដោយក្នុងពេលបច្ចុប្បន្ននេះ ថៃជាប្រទេសដៃគូរពាណិជ្ជកម្ម និងវិនិយោគលំដាប់កំពូលៗរបស់កម្ពុជា និងជំរុញឲ្យអ្នកធុរកិច្ចថៃបង្កើតនូវភាពជាដៃគូរជាមួយអ្នកធុរកិច្ច និងប្រជាជនខ្មែរឲ្យបានគង់វង្ស ដើម្បីបង្កើនទំហំវិនិយោគ រវាងគ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរឡើងថែមទៀត និងដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនទាំងពីរ ជាពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើង។ ក្នុងឱកាសចូលរួមតាំងបង្ហាញក្នុងកម្មវិធីនេះ លោកស្រី សុផាកាន យ៉តឆុន អគ្គនាយកនៃក្រសួងទេសចរណ៍ថៃឡង់ដ៍ និងលោកវេជ្ជបណ្ឌិត វុទ្ធិឆ័យ ប៉េនថង អគ្គនាយកមន្ទីរពេទ្យ Kapcheong មកពីប្រទេសថៃ បានលើកឡើងថា នេះជាលើកទី១ ដែលបានចូលរួមតាំងបង្ហាញនៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថា នឹងអាចបង្កើតនូវភាពជាដៃគូរក្នុងវិស័យធុរកិច្ចប្រកបដោយចីរភាព និងជំរុញការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនព្រមៗគ្នា ជាពិសេសខាងផ្នែកសុខភាព និងទេសចរណ៍។នៅក្នុងស្តង់ពិព័រណ៍ថៃ មានដូចជាការតាំងបង្ហាញផ្សព្វផ្សាយ និងផ្តល់ព័ត៌មានទាក់ទិនជាមួយនិងវិស័យទេសចរណ៍សុខភាពនៅខេត្តភូមិភាគឥសានខាងត្បូងរបស់ប្រទេសថៃ មានដូចជាខេត្តសុរិន្ទ និងស៊ីសាកេតដែលជាខេត្តមានព្រំដែនគោកជាប់ប្រទេសកម្ពុជា។ ក្រៅពីនេះដែរ នៅមានការបើកឱកាសនៅក្នុងការទំនាក់ទំនងជាមួយទីភ្នាក់ងារតំណាងពីខេត្តផ្សេងៗរបស់ប្រទេសថៃ មន្ទីរផ្តល់សេវាសុខភាព និងមណ្ឌលសុខភាព ដើម្បីបង្កើនឱកាសនៅក្នុងការបង្កើតនូវបណ្ដាញតំណាងទេសចរណ៍រវាងថៃ និងកម្ពុជា៕អត្ថបទ ឈិត បូរ៉ារី

ផ្លូវជនបទក្រាលកៅស៊ូ DBST ជាច្រើនខ្សែក្នុងខេត្តសៀមរាប ត្រូវបានថែទាំសម្រាប់ប្រើប្រាស់យូរអង្វែង

2024/08/02 04:18:31 pm        129
សៀមរាប ៖ ផ្លូវជនបទចំនួន ១៤ ខែ្ស ក្រាលកៅស៊ូ DBST នៅតាមបណ្តាឃុំ និងស្រុកជាច្រើន ក្នុងខេត្តសៀមរាប ត្រូវបានក្រសួងអភិវឌ្ឍន៍ ជនបទ កំពុងបន្តយកចិត្តទុកដាក់លើការថែទាំជាប្រចាំ ដើម្បីថែរក្សាបណ្តាញផ្លូវទាំងនោះឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង។​ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរ កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីប្រជុំជន ក្នុងនោះការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគដ៍ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍គ្រប់ទិសទី និងជាចំណែក ដ៏សំខាន់ផងដែរក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ទាក់ទងផ្លូវជនបទនេះ, ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ (ដំណាក់កាលទី១) លើការថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៤ខ្សែ ប្រវែងជាង ២០៧គីឡូម៉ែត្រ នៅក្នុងស្រុកចំនួន ៧ ក្នុងខេត្តសៀមរាប នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញបញ្ហាផ្លូវជនបទនេះ ក្រសួងបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុរួមមាន៖ ផ្លូវដីស ផ្លូវល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុងជាដើម ជាក់ស្តែងផ្លូវជាច្រើនខ្សែ ខាងលើនេះ ក្រសួងកំពុងអនុវត្តន៍លើការថែទាំជាប្រចាំ ដើម្បីថែរក្សាបណ្តាញផ្លូវទាំងនោះឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តម បានស្នើដល់អ្នកថែទាំ ត្រូវអនុវត្តឲ្យបានជាប្រចាំ ដើម្បីថែរក្សាគុណភាពផ្លូវទាំងនេះឲ្យបានល្អ ព្រោះផ្លូវគឺជាបណ្តញយ៉ាងដ៏សំខាន់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូន ក៏ដូចជាការធ្វើដំណើររបស់ភ្ញៀវទេសចរ ខណៈខេត្តមួយនេះ ក្នុងមួយឆ្នាំៗបានស្រូបភ្ញៀវទេសចរណ៍ជាច្រើន ជាពិសេសការផ្តល់អត្ថប្រយោជន៍ សម្រាប់ការរកស៊ីទទួលទាន ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាដើម។នៅក្នុងការត្រួតពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តម សាន វិសាល និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធាសភា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះផងដែរ ឯកឧត្តម ក៏សូមឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរនូវសមិទ្ធផលថ្មី ដែលជាប្រវត្តិសាស្រ្ត ព្រែកជីកហ្វូណន តេជោ ដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី ៥ ខាងមុខនេះ បន្ទាប់ពីសំណោះសំណាលរួច ឯកឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមអ្នកធាក់ស៊ីក្លូ ប្រកាសហែរក្បួនធាក់ស៊ីក្លូអបអរថ្ងៃបើកការដ្ឋានអនុវត្ត​គម្រោងព្រែកជីកហ្វូណនតេជោ

2024/08/02 03:57:43 pm        549
ដើម្បីចូលរួមអបអរសាទរ ថ្ងៃប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានគម្រោងសាងសង់​ព្រែកជីកហ្វូណន​តេជោ​នា​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បណ្តាពលរដ្ឋប្រកបរបរធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ប្រកាស​នាំគ្នាធាក់ស៊ីហែរក្បួន ពីរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមគាំទ្រ និង​អបអរសាទរ ថ្ងៃជាប្រវត្តិសាស្ត្របើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២ ខែសីហានេះថា នៅថ្ងៃទី៥ ខែសីហានេះ នៅក្នុងសមាគមរបស់លោក នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​អ្នក​ប្រកប​របរធាក់ស៊ីក្លូ ប្រមាណជិត៣០០នាក់ ចូលរួមធ្វើការហែរក្បួនធាក់ស៊ីក្លូខ័ណ្ឌដូនពេញ រាជ​ធានី​ភ្នំពេញ ទៅកាន់ក្រុងតាក្រុងខេត្តកណ្តាល ដើម្បីចូល​រួម​បង្ហាញ​មុខ​របរ​ធាក់​ស៊ីក្លូ​ដឹក​អ្នក​ដំណើរ​បែបបុ​រាណរបស់ខ្មែរនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាគុនខ្មែរ នៅ​សួន​មាត់​ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល។ពលរដ្ឋប្រកបរបរធាក់ស៊ីក្លូលើកឡើងថា ជាក់ស្តែងក្រុមអ្នកធាក់ស៊ីក្លូទាំងអស់គ្នា ពិតជាមាន​ការ​សប្បាយ​ចិត្តធាក់ស៊ីក្លូហែរក្បួនអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងបើក​ការដ្ឋាន​ជីក​ជាផ្លូវការនៅថ្ងៃទី៥ ខែសីហានេះ ដោយសារនៅពេលដែលព្រែកជីកហ្វូណនតេជោ បើកដំណើរការប្រើប្រាស់នឹងនាំភ្ញៀវទេសចរអន្តរជាតិជាច្រើនមកទស្សនាកម្ពុជាតាមច្រកផ្លូវទឹកនេះ ហើយមុខរបរធាក់ស៊ីក្លូដឹកភ្ញៀវទេសចរអន្តរជាតិទស្សនារាជធានីភ្នំពេញ ក៏នឹង​មាន​ការ​រីក​ចម្រើន​ដែរ។សូមបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រ និងអបអរសាទរការបើកការដ្ឋានសាង​សង់ជីក​ព្រែក​ហ្វូណន​តេជោ នៅតាមក្រសួងស្ថាប័នរដ្ឋ ឯកជន សាលារៀន រោងចក្រ វត្ត មណ្ឌលវិបស្សនា អាស្រម សាលា​បុណ្យ វិហាសាសនា ស្នាក់ការស៊ូរ៉ាវ និងបណ្តា​មន្ទីរជុំវិញ​រាជ​ធានី​ខេត្ត​ទូទាំង​ប្រទេស​នឹង​ធ្វើ​កា​រ​វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដោយ​បន្លឺ​ជា​សំឡេង​ឲ្យ​បាន​កង​រំពង​ព្រម​ៗ​គ្នា នៅថ្ងៃទី៥ ខែសីហានេះ វេលាម៉ោង ៩និង០៩នាទីព្រឹក៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM