ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិ​ស្តីពីការងារ​សមរម្យឈរលើភាព​ប្រាកដនិយមជាក់ស្តែង និងអាចអនុវត្តបាន

2024/08/02 03:45:26 pm        540
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២ ខែ​សីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអង្គសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ​ជជែក​ពិភាក្សា​អំពី​ការងារ​សមរម្យ​នៅ​កម្ពុជាដោយឈរលើភាពប្រាកដនិយម ជាក់ស្តែង និងអាចអនុវត្តបាន ក្នុង​គោល​បំណង​ធានានូវភាពរីកចម្រើន និងសុខដុមនីយកម្មក្នុងវិស័យដោយពិតប្រាកដ។  ការស្នើបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានធ្វើជាអធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ត្រីភាគី​ថ្នាក់ជាតិស្ដីពីការអនុវត្ត “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពី ភាគី​ពាក់ព័ន្ធ ដូចជាអង្គការអន្តរជាតិខាងការងារ(ILO) តំណាងសហជីព និងតំណាង​និយោជក​ជាដើម​។ សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាលើកទី៦ ហើយ​ដែល​កម្ពុជា​បាន​បង្កើត​ឱ្យ​មាន​សិក្ខាសាលា​ត្រីភាគី​ថ្នាក់​ជាតិអំពីការងារសមរម្យប្រចាំឆ្នាំនៅកម្ពុជា។ បើតាមឯកឧត្តមរដ្ឋមន្ត្រី អង្គសិក្ខាសាលា​នឹង​បើក​ការជជែកពិភាក្សា និងផ្តល់ធាតុចូលដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស កត្តា​នៃ​សេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ។  ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការកំណត់​ជា​សូចនាករ​ក្នុង​ការ​អនុវត្ត​លើ​សសរស្តម្ភ​ទាំងនេះ គឺគួរតែមានភាពប្រាកដនិយមជាក់ស្តែង និងការអាចអនុវត្ត​បាន​ដើម្បី​ធានា​បាន​ជា​ប្រយោជន៍យ៉ាងពិតប្រាកដដល់គ្រប់ភាគីក្នុងវិស័យ ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល។ ចំពោះការកសាងមូលធនមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ពេល​វេលា​ដែល​ត្រូវ​ការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាបន្តបន្ទាប់ដល់កម្មករនិយោជិតឱ្យមាន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ និងសមត្ថភាពនៃការយល់ដឹងផ្នែកផ្លូវច្បាប់ និងទំនៀមទម្លាប់ និងកត្តា​ប្រយោជន៍​រួមដើម្បីភាពប្រសើរឡើងបន្ថែមទៀតក្នុងវិស័យ។ ដោយឡែកកត្តាសេដ្ឋកិច្ចវិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរ ឱ្យអង្គសិក្ខាសាលាគួរផ្តោត និង​វាយតម្លៃលើកត្តានៃការពង្រឹងផលិតភាព និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់សហជីព និងអង្គការវិជ្ជាជីវៈ ជួយផ្សព្វផ្សាយ និង​បន្តផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពីការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈដោយឥតគិតថ្លៃ និងការផ្តល់ការថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និង​អ្នក​ក្នុង​បន្ទុក ប.ស.ស. តាមរយៈរបបភាគទានស្ម័គ្រចិត្តដើម្បីកាត់បន្ថយការចំណាយ និងការ​ធានា​បាន​នូវ​សុខ​ភាពល្អពេញលេញ។  សម្រាប់ចំណុចទំនាក់ទំនងវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពរីកចម្រើនក្នុង​សង្គម​កម្ពុជា​រយៈ​ពេល១០​ឆ្នាំ​ចុង​ក្រោយ​ដែល​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ការវិនិយោគក៏ដូច​ជា​ភាព​សុខដុមនីយកម្ម​ក្នុងរោងចក្រក៏កាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ បើទោះបី​ជាក​ម្ពុជា​នៅ​សល់​បញ្ហា​តិចតួចក៏ដោយ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់តួអង្គ​ក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ​ជា​ពិសេសតំណាងសហជីពត្រូវបង្កើនសមត្ថភាព និងត្រូវយល់ដឹងពីតួនាទី​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ចៀសវាងការប្រតិបត្តិហួស​តួនាទី​ ដើម្បី​ក្លាយជាភាគី​ដែល​មាន​ភាព​ជា​តំណាង​សម្រាប់​កិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈដែលជាអាណាព្យាបាលក្នុងវិស័យការងារ ឯកឧត្តម បានស្នើ និង​អំពាវនាវ​កុំ​ឱ្យមានការរើសអើងសហជីពនៅកម្ពុជាដែលបង្ហាញឱ្យឃើញពីភាពបែកបាក់ក្នុងសង្គមជាតិ។ ទោះបីជាបែបណាក៏ដោយ ឯកឧត្តម ហេង សួរ បានបន្ថែមថា ភាពជោគជ័យ​ពិតប្រាកដ​នៃ​ការ​អនុវត្ត​កម្ម​វិធីការងារសមរម្យនៅកម្ពុជា គឺជាការព្រមទទួល​យក​ដោយ​ភាព​ឈ្នះៗ​របស់​គ្រប់​ភាគី​ទាំង​កម្មករ​និយោជិត និយោជក និងរាជរដ្ឋាភិបាលដែលជាអាណាព្យាបាលដោយ​ឈរ​លើ​កត្តា​នៃ​ភាពប្រាកដ​និយម ជាក់ស្តែង និងអនុវត្តបានដើម្បីភាពរីកចម្រើន វិបុលភាពឥតឈប់​ឈរសម្រាប់​កម្ពុជា៕

រដ្ឋមន្ត្រីសុខាភិបាល៖ គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវាថែទាំដែលមានគុណភាព និងសុវត្ថិភាព

2024/08/02 03:13:08 pm        51
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទគិលានុបដ្ឋាក និងឆ្មប ឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឱ្យប្រសើរឡើងដល់ផលប្រយោជន៍អ្នកជំងឺ» នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។​សន្និសីទនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនៅតាមមន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា (JICA) តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) និងគណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប រួមទំាងអង្គការដៃគូសុខាភិបាល ដែលមានការអញ្ជើញចូលផ្ទាល់៣០០នាក់ និងតាមប្រព័ន្ធ Zoom ចំនួន ១០០០នាក់។ សន្និសីទគិលានុបដ្ឋាក និងឆ្មប នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីបទពិសោធន៍ ប្រសិទ្ធភាពការងារដឹកនាំផ្នែកថែទាំ ការគ្រប់គ្រង ការអប់រំគិលានុបដ្ឋាក-ឆ្មប ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងវិស័យថែទាំជំងឺ ការអនុវត្តគ្លីនិកកម្រិតខ្ពស់ ការអនុវត្តន៍ផ្អែកលើភស្តុតាង និងសមត្ថភាពផ្នែកថែទាំនៅប្រទេសកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា គិលានុបដ្ឋាក ដើរតួនាទីយ៉ាងសំខាន់ដែលជាកម្លាំងចលករនៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗមួយចំនួនផ្សេងទៀត។ ដូច្នេះគិលានុបដ្ឋាក និងឆ្មប ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីដោះស្រាយអាទិភាពសុខភាពទាំងអស់នេះ ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យមានប្រសិទ្ធភាពខ្ពស់។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈថែទាំឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូចតទៅ៖១- នៅថ្នាក់កណ្តាល សូមឱ្យការិយាល័យគិលានុបដ្ឋាកនិងឆ្មប គណៈឆ្មប គណៈគិលានុបដ្ឋាក សមាគមឆ្មប និងសមាគមគិលានុបដ្ឋាក ធ្វើការរួមគ្នា រៀបចំផែនការសកម្មភាពជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មបរៀងរាល់ខែ។២- គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប បញ្ជូនរបាយការណ៍ប្រចាំខែ ពីវឌ្ឍនៈភាពមកនាយកដ្ឋានមន្ទីរពេទ្យ ដើម្បីបានដឹងពីការរីកចម្រើន និងធ្វើការចងក្រងជារបាយការណ៍រួម សម្រាប់វិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប។ ៣- មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ជាមួយប្រធានមន្ទីរពេទ្យ និងប្រធានថែទាំមន្ទីរពេទ្យ រៀបចំប្រជុំជាទៀងទាត់ ដើម្បីពិនិត្យមើលពីបញ្ហាប្រឈមដែលកើតមាននៅតាមមន្ទីរពេទ្យ និងស្វែងរកដំណោះស្រាយដែលជាប្រយោជន៍ដល់អ្នកជំងឺ ដល់មន្ទីរពេទ្យ និងដល់មន្រ្តីសុខាភិបាល។ ៤- ប្រធានមន្ទីរពេទ្យបង្អែក គួររៀបចំឱ្យគណៈកម្មការថែទាំមន្ទីរពេទ្យនីមួយៗ មានប្រធាន អនុប្រធាន សមាជិក និងមានកន្លែងពួកគាត់អាចប្រជុំប្រចាំខែ មានតួនាទី និងភារកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់សេវាថែទាំ។ ៥- នៅតាមមន្ទីរពេទ្យ គិលានុបដ្ឋាក និងឆ្មប ត្រូវកំណត់សូចនាករតាមផ្នែក ដើម្បីពង្រឹងការអនុវត្តព្រមទាំងធ្វើការតាមដាន និងវាយតម្លៃសូចនាករឱ្យបានច្បាស់លាស់។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏ណែនាំដល់អង្គសន្និសីទទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារបន្ថែមទៀត ដូចខាងក្រោម (១) ត្រូវត្រួតពិនិត្យអនាម័យតាមតាមន្ទីរពេទ្យ ចុះតាមសាលនានា ប្រធានថែទាំត្រូវប្រជុំរៀងរាល់អាទិត្យ ដើម្បីពិភាក្សាពីបញ្ហា និងដោះស្រាយជាមួយគ្នា (២) ត្រូវធ្វើកិច្ចការឱ្យកាន់តែប្រសើរឡើង (៣) កិច្ចសហប្រតិបត្តិការជាមួយសហភាតរៈ និងដៃគូនានា (៤) ផ្តល់ការថែទាំប្រកបដោយមេត្តាករុណាសម្រាប់អ្នកជំងឹ (៥) ជាម្ចាស់ការលើការងារដែលខ្លួនបានធ្វើ (៦)យកចិត្តទុកដាក់ការងារជាសំខាន់ (៧) ត្រៀមដោះស្រាយបញ្ហាផ្សេងឱ្យបានទាន់ពេលវេលា និង(៨)មានទស្សនៈវិស័យវែងឆ្ងាយសម្រាប់ការងារថែទាំ៕អត្ថបទ រដ្ឋា

អភិបាលខេត្ដ ស្នើឱ្យអាជ្ញាធរ មន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ដ រៀបចំបដាអបអរសាទរការបើកការដ្ឋានសងសង់ព្រែកជីកហ្វូណនតេជោ

2024/08/02 02:53:20 pm        43
ព្រះសីហនុ៖ កិច្ចប្រជុំនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ “បានស្នើឱ្យអាជ្ញាធរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ដ រៀបចំបដា ពាក្សស្លោកអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានគគ្រឹកគ្រគ្រេង (ឱ្យបានច្រើន) ដែលជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រសម្រាប់ជាតិយើង” ។

ប្រធានសមាគមកាត់ដេរពីររូប បង្ហាញការគាំទ្រ និងត្រៀម​អបអរសាទរ​ការបើក​ដំណើរ​ការសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/02 02:36:04 pm        580
ខណៈនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹង​បើក​ដំណើរ​ការ​សាងសង់។ ជាមួយនេះ ប្រធានសមាគមវិស័យឧស្សាហកម្មកាត់ដេរ ២រូប បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ និងអះអាងថា បានត្រៀមរួចជាស្រេច ដើម្បីចូលរួម​អបអរសាទរ​ក្នុង​ការ​បើក​ការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហាខាងមុខ តាមមូលដ្ឋានរៀងៗខ្លួន។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​ព័ត៌មាន ប៊ីធីវី បានមានប្រសាសន៍ឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ ពិតជា​សំខាន់​ណាស់​សម្រាប់​វិស័យឯកជន ក៏ដូចជាសំខាន់សម្រាប់ប្រជាជនខ្មែរទាំងមូល ហើយក៏សំខាន់​សម្រាប់​អ្នក​វិនិយោគនៅប្រទេសកម្ពុជាថែមទៀត ដោយសារអ្នកវិនិយោគនៅទីនេះ ត្រូវការ​ដឹក​ជញ្ជូន​ទាន់​ពេលវេលា ហើយពេលវេលាគឺជាមាសប្រាក់ដែលអាចកាត់បន្ថយពីរយៈពេលវែងមកខ្លី និង​កាត់បន្ថយថ្លៃដឹកជញ្ជូនបានច្រើនថែមទៀត ទាំងនេះហើ​យ​គឺ​អ្នក​វិនិយោគ​ទន្ទឹង​រង់ចាំ​ជា​និច្ច​ដែល​ចង់​បាន ចង់ឃើញផ្ទាល់ភ្នែក នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ជាថ្ងៃប្រកាស​បើក​គម្រោង​សាងសង់​ព្រែកជីកហ្វូណនតេជោជាផ្លូវការ។ស្រដៀងគ្នានេះ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និង​ជា​អនុ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ ព្រោះថា នឹងផ្តល់ផលប្រយោជន៍ទៅកាន់បុគ្គល និងប្រទេសជាតិទាំងអស់។ លោក​ឲ្យ​ដឹង​ទៀត​ថា គម្រោងនេះដែរ សមាជិក សមាជិកាក្នុងសមាគមទាំងអស់ ក៏មានចិត្តសប្បាយរីករាយ នៅពេលទ​ទួលព័ត៌មានលម្អិតតាមរយៈសមាគមរបស់លោក ហើយក៏ត្រៀម​អបអរ​សាទរ​ពី​ចម្ងាយ​តាម​វិធី​រៀង​ៗខ្លួន ដូចជាការច្រៀង ទូងស្គរ និងវាយជួងជាដើម ព្រោះការងារនេះ ពិតជា​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់ប្រទេសកម្ពុជា មិនថាដល់ប្រជាជន ជាបុគ្គលទេ គឺប្រយោជន៍​រួម​ទាំង​អស់គ្នា​តែម្តង​។ ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយ​បាន​និង​កំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុក​ជា​កេរមរតក​ប្រវត្តិ​សាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។សូមជម្រាបជូនទៀតថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខ នៅចំណុចព្រែកតាកែវ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី 

ក្រសួងវប្បធម៌ បើកសន្និសីទសារព័ត៌មាន មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤

2024/08/02 02:24:37 pm        703
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​រៀប​ចំ​សន្និសីទសារព័ត៌មាន មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ "ភាព​យន្ត​ខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង" ដែល​គ្រោង​នឹង​រៀបចំ​នា​សប្តាហ៍ទី៤ នាខែ​វិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះថា តាមរយៈនៃមហោ​ស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លីនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់​យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬ​ផ្ទាំង​សំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។ ដើម្បី​ប្រកួត​ប្រជែង​វាស់​ស្ទង់កម្រិតសមត្ថភាពរបស់យុវផលិតករវ័យក្មេងព្រមទាំងចែក​រំលែក​បទ​ពិសោធន៍ថ្មីៗ​ក្នុង​គោល​បំណងពង្រឹង និងលើកកម្ពស់ធនធានមនុស្ស រួមចំណែកអភិវឌ្ឍន៍​ឧស្សាហកម្ម​ភាព​យន្ត​កម្ពុជា ឲ្យកាន់តែប្រសើរឡើង និងដើម្បីបង្កើននូវបរិយាកាសដ៏សំបូរបែប នៃព្រឹតិ្តការណ៍​វប្បធម៌ និងបង្កើននូវផលិតផលវប្បធម៌ថ្មីៗ ដែលមិនត្រឹមតែ​ជួយ​អភិវឌ្ឍន៍​វិស័យ​ភាព​យន្ត​ប៉ុណ្ណោះ​ទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និង​អត្ត​សញ្ញាណ​ជាតិ នៅលើឆាកអន្តរជាតិផងដែរ។ ចំណែក ទូតសុច្ឆន្ទៈ ចំនួន០២រូប របស់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ២០២៤នេះ គឺ​កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វៃហាំង បានថ្លែងអំណរគុណដល់នាយកដ្ឋានសិល្បៈភាពយន្ត និង​ផ្សព្វ​ផ្សាយវប្បធម៌ បានផ្តល់តួនាទីយ៉ាងសំខាន់ដល់រូបគាត់ទាំងពីរ ក្នុងការដើរ​តួនាទី​ជា​ទូត​សុច្ឆនៈ​ក្នុង​ការផ្សព្វផ្សាយ និងរួមចំណែក​ក្នុង​ដំណើរ​ការ​នៃ​កម្ម​វិធី​មហោ​ស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា​លើកទី៤។ ជាការឆ្លើយតប គ្មានអ្វីក្រៅពីការ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ចូល​រួម​ចំណែក ដើម្បីឲ្យមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នេះ ដំណើរការយ៉ាងរលូន។នា​ឱកាសនោះឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​ថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាព​ទេពកោសល្យ​ក្នុង​វិស័យ​ភាព​យន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់ បានចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបាន​បង្គប់​នូវ​អត្ថន័យ​ខ្លឹម​សារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិន​ត្រឹម​តែ​បានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំ​ង​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើង៕ អត្ថបទ រដ្ឋា

គណៈកម្មការទី៣នៃរដ្ឋសភា ចុះស្វែងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហានានានៅខេត្តក្រចេះ

2024/08/02 02:01:06 pm        151
ប្រធានគណៈកម្មការទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទអភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភាឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានចុះជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំខេត្តក្រចេះដើម្បីពិនិត្យ និងចង់ដឹងអំស្ថានភាពរស់នៅទូទៅរបស់បងប្អូនប្រជាពលរដ្ឋនៃខេត្តក្រចេះ។ក្រោយស្តាប់នូវរបាយការណ៍របស់លោក គង់ គឹមនី អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តក្រចេះទាក់ទងនឹងការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូននៃខេត្តក្រចេះហើយនោះ ឯកឧត្តម ឡូយ សុផាត បានលើកឡើងថា ដំណើរការចុះជួបពិភាក្សារវាងគណៈកម្មការទី៣ នៃរដ្ឋសភានៅខេត្តក្រចេះ នាពេលនេះគឺមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គឺមានគោលបំណងដ៏សំខាន់នោះ គឺចង់ឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដែលត្រូវរួម សហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាតែប៉ុណ្ណោះ។ ជាមួយគ្នានោះដែរឯកឧត្តម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាក៏បាន កត់សម្គាល់នូវបញ្ហា​ប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ ហើយឯកឧត្តមបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់​ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់​បញ្ហាប្រឈមទាំងនោះ។ ចំណែកឯគណៈកម្មការ នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ទៅជម្រាប​ជូនសម្តេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលជួយ​ដោះស្រាយឲ្យបាន​ទាន់​ពេលវេលាដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ ។យ៉ាងណាក៏ដោយឯកឧត្តម ឡូយ សុផាត បានកោតសរសើរពីការខិតខំប្រឹងប្រែង របស់រដ្ឋបាល​ខេត្តក្រចេះ លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរឱ្យ​កត់សម្គាល់ ដែលជាការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែ​មានភាពប្រសើរឡើង ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្ដេចតែងបានណែនាំឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដងនោះ៕អត្ថបទបាន ចក់

រដ្ឋបាលស្រុកមុខកំពូល មិនហាមឃាត់ការទៅបន់ស្រន់នៅទួលព្រះធាតុ​តែមិនឲ្យ​យកជាកន្លែងធ្វើអាជីវកម្ម

2024/08/02 02:00:05 pm        517
កណ្ដាល៖ រដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្ដាល បានច្រានចោលការចោទប្រកាន់ ថា​អាជ្ញាធរ​ស្រុក​បាន​បិទ​ទីតាំងទួលព្រះធាតុ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ មិនឲ្យពលរដ្ឋ​ចូល​ទៅ​បន់​ស្រន់​តាម​ជំនឿផ្សេងៗ ឬធ្វើបុណ្យទាន ដែលតាមជាក់ស្ដែង គឺអាជ្ញាធរមិនមាន​ការ​ហាម​ឃាត់​នោះ​ទេ ប៉ុន្តែគ្រាន់មិនឲ្យមានអ្នកណាយកជាកន្លែងនេះ ធ្វើអាជីវកម្មផ្ទាល់ខ្លួន ព្រោះ​ទូល​បុរាណ​នោះ ជាសម្បត្តិរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ។បើតាមមន្ត្រីការិយាល័យសង្គមកិច្ច សុខមាលភាពសង្គម ស្រុកមុខកំពូល បានឲ្យដឹងថា កាល​ពី​ពេល​ថ្មីៗនេះ មានការចោទប្រកាន់អាជ្ញាធរស្រុក និងមន្ត្រីខេត្ត បានបណ្ដេញព្រះសង្ឃ និង​អ្នក​គ្រប់​គ្រងនៅទីនោះ ដើម្បីបញ្ចប់ជំនឿរបស់ប្រជាពលរដ្ឋ បិទមិនឲ្យធ្វើបុណ្យធ្វើកុសល ដែល​ការ​ចោទ​ប្រកាន់នេះ គឺបានផ្ទុយទៅនឹងការពិតទាំងស្រុង ។លោកបានបន្តថា អាជ្ញាធរខេត្ត និងស្រុកគ្មានបំណងបិទទីទួលនេះ មិនឲ្យពលរដ្ឋ​ទៅ​ធ្វើការ​បន់ស្រន់​តាម​ជំនឿ ឬធ្វើបុណ្យនោះទេ ព្រោះទីទូលនេះ គឺរក្សាទុកជាបេតិកភ័ណរបស់ជាតិ មិន​ឲ្យបុគ្គលណាម្នាក់យក ទៅបម្រើដល់បុគ្គលម្នាក់ ហើយប្រើប្រាស់ក្នុងសាសនាខុសនឹងធម៌វិន័យ (ធ្វើជាកន្លែងទស្សទាយ ឬស្រោចទឹក) ដើម្បីប្រយោជន៍ខ្លួនឯង គឺអាជ្ញាធរបិទចំពោះបុគ្គលណា ដែល​មិនគោរទៅតាមវិន័យប៉ុណ្ណោះ ។ចំណែកលោក សេង ចាន់ណា មន្ត្រីការិយាល័យសង្គមកិច្ច ស្រុកមុខកំពូល លើកឡើងថា ចំពោះបុគ្គលដែលមិនអនុញ្ញាតឲ្យបន្តស្នាក់នៅទីទួលព្រះធាតុនោះ គឺបានប្រព្រឹត្តិខុសធម៌វិន័យ (ទ្រុស្តសីល) ហើយត្រូវបានគណៈព្រះសង្ឃក្នុងខេត្តកណ្ដាល បានឲ្យជម្រើសចំនួន២ ទី១. បើ​ចង់​នៅបន្តជាសង្ឃ គឺត្រូវចាក់ចេញឲ្យផុតពីខេត្តកណ្ដាល ហើយជម្រើសទី២ គឺត្រូវលាចាក់សិក្ខា និង​អាចស្នើសុំស្នាក់នៅទីទូលនោះ ពីសំណាក់មន្ទីរវប្បធម៌ និងសិល្បៈខេត្តសិន ។លោក​បានបន្ថែមថា ប៉ុន្តែចំពោះការស្នាក់នៅនេះ ខាងមន្ទីរវប្បធម៌មិនអនុញ្ញាតនោះទេ គឺត្រូវ​ប្រមូល​មករក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ មិនអាចឲ្យបុគ្គលណាម្នាក់ ស្នាក់នៅ ឬ​ប្រកប​ធ្វើ​អាជីវកម្មអ្វីបានទាំងអស់ ប៉ុន្តែអាចឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​បន់ស្រន់​តាម​ជំនឿ​របស់​ពួក​គាត់ ដោយមិនមានការបិទនោះឡើយ ។លោក សេង ចាន់ណា បានបញ្ជាក់ថា ដូច្នេះ ក្នុងនាមរដ្ឋបាលស្រុកមុខកំពូល សូម​ច្រាន​ចោល​នូវ​ការ​លើកឡើងតាមបណ្ដាសារព័ត៌មានមួយចំនួន ឬបណ្ដាញសង្គម ដែលចោទ​អាជ្ញាធរ​បាន​ហាម​ឃាត់​ពលរដ្ឋ​មិនឲ្យចូលធ្វើបុណ្យ ឬបន់ស្រន់ គឺមិនមាននោះឡើយ គ្រាន់តែរក្សាទុក​ជា​សម្បត្តិ​សាធារណៈ​របស់រដ្ឋវិញតែប៉ុណ្ណោះ ដូចនេះសូមមហាជនកុំមានការយល់ច្រឡំ ។យោង​តាម​បណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ ពៅ ពិសិដ្ឋ ថាតំណាង​ឲ្យ​ពលរដ្ឋក្នុងភូមិព្រែកតាបែន ថាក្រសួងនឹងមានការបិទអាស្រមនៅទីទួលព្រះធាតុនេះ ហើយ​ខ្លួនបានស្នើសុំស្នាក់នៅបន្ត ដើម្បីមើលថែទីកន្លែងនោះ ៕

អាជ្ញាធររាជធានីរៀបចំរួចរាល់ សម្រាប់ពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

2024/08/02 01:13:43 pm        140
អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ជាមួយនឹងការតៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្រាប់រសៀល និងរាត្រីថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការតម្លើងឆាកប្រគុំតន្ត្រីបាននិងកំពុងរៀបចំយ៉ាងមមាញឹក។នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំនិងចុះពិនិត្យទីតាំងប្រារព្វពិធីនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។អង្គប្រជុំបានលើកឡើងពីការការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនេះ ដោយសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងសហការរបស់នាយកដ្ឋានអង្គរ័ក្សបានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត ដោយបានត្រៀមបង្ការ ទប់ស្កាត់បាតុភាពផ្សេងៗដែលបង្កឡើងពីក្រុមជ្រុលនិយម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ត្រៀមកម្លាំង និងរថយន្តសង្គ្រោះពេលមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះអាជ្ញាធររាជធានីភ្នំពេញ បានបែងចែកកម្លាំង ដើម្បីគ្រប់គ្រងចំនួន២តំបន់ធំៗ គឺតំបន់A និងតំបន់B សំដៅធ្វើយ៉ាងណាឲ្យពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដំណើរការទៅដោយរលូន បង្កបាននូវភាពសប្បាយរីករាយ និងជោគជ័យ។គម្រោងដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខ ចំនួន២លើក គឺនៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ហាត់សមបទចម្រៀងត្រៀមថ្ងៃបើកការដ្ឋាន​ព្រែកជីកហ្វូនណនតេជោ

2024/08/02 12:14:20 pm        287
សិស្សសិក្សានៅវិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បាន​ចំណាយ​​ពេលរៀងរាល់ថ្ងៃ ហ្វឹកហាត់ច្រៀងបទចម្រៀង ដើម្បីអបអរសាទរ​ពិធីបើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណនតេជោ។ បទចម្រៀងដែលពួកគេកំពុងហ្វឹកហាត់ គឺបទចម្រៀង ព្រែក​ជីក​ហ្វូណន​តេជោ និងបទចម្រៀង ជយោ! ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ។ តាមបណ្ដាសាលារៀន បច្ចុប្បន្នកំពុងរៀបចំសកម្មភាពនានា ដើម្បីចូលរួមអបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីកហ្វូណនតេជោ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។ សម្រាប់ វិទ្យាល័យជា​ស៊ីម​សាមគ្គី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កំពុងផ្តោតលើការហាត់សមបទចម្រៀង ដើម្បីច្រៀ​ង​អបអរ​សាទរ ថ្ងៃបើកការដ្ឋានសាងសង់។ នេះជាការលើកឡើងរបស់ លោក ផាន់ ណិល ជា​នាយក​សាលា។លោកនាយកសាលាលើកឡើងថា សម្រាប់ថ្ងៃទី ៥ ខាងមុខ សិស្សនៅវិទ្យាល័យជាស៊ីមសាមគ្គី នឹង​ចូលរួមច្រៀងបទចម្រៀងចំនួនពីរបទ ដើម្បីអបអរសាទរ ថ្ងៃបើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ។​ បទចម្រៀងទី ១គឺព្រែកជីកហ្វូណនតេជោ និងបទចម្រៀងទី ២គឺបទ ជយោ!ថ្ងៃ​បើកការដ្ឋាន​ស្ថាប​នាព្រែកជីកហ្វូណនតេជោ។ ក្រោយបញ្ចប់ការហាត់សម នៅព្រឹកថ្ងៃទី ២ ខែសីហា នេះ សិស្សម្នាក់ៗបង្ហាញនូវស្នាមញញឹម។ ស្នាម​ញញឹម ពោពេញដោយការពេញចិត្ត និងការសាទរ​ចំពោះ​គម្រោង​ព្រែក​ជីកហ្វូន​ណន​តេជោ។ ពួកគេលើកឡើងដែរថា ថ្ងៃបើកការដ្ឋានសាងសង់ ថ្ងៃទី ៥ ខែសីហា ពួកគេនឹង​មក​ជួបជុំ​គ្នា​នៅ​សាលារៀន ចូលរួមជាសាក្សី និងចូលរួមច្រៀងបទចម្រៀងដែលខំប្រឹងហាត់សម ដើម្បី​អបអរ​សាទរ សម្រាប់ជាតិទាំងមូល។សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយ​មានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និង​ជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន ៣កន្លែង ស្ពាន ១១​កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន នឹង​ក្លាយ​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូនថ្មី ដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញ ចូល រវាងកម្ពុជា និង​ប្រទេសដទៃ៕ អត្ថបទ៖ គឹម ហុក

ម៉ូតូបុកគ្នាលើផ្លូវមាត់ព្រែកកំពតបណ្តាលឲ្យស្លាប់៣នាក់ និងរបួស១នាក់

2024/08/02 12:08:04 pm        204
កំពត៖ មនុស្សប្រុសស្រី៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាទៀបភ្លឺថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវមាត់ព្រែកក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើគឺ ១. ឈ្មោះ ស៊ូ ចិន្តា ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិពកតាមុំ ឃុំសំពងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ២. ឈ្មោះ គន សិលា ភេទប្រុស អាយុ ១៨ឆ្នាំ។ ៣. ឈ្មោះ សេន រ៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ។ ទាំង២នាក់មានទីលំនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ចំណែកអ្នករងរបួសឈ្មោះ អេន ឡុងនី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២ ខែសីហា មានម៉ូតូ២គ្រឿងបើកបរច្រាសទិសគ្នា បានបុកគ្នាពេញទំហឹង។ តាមការបញ្ជាក់មុនកើតហេតុ គេឃើញយុវជនម្នាក់បានជិះម៉ូតូម៉ាកអ៊ិចសេនទ័រ ដោយល្បឿន​យ៉ាងលឿន​នៅលើផ្លូវលេខ៧៣៥ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុច​ក្បែររង្វង់​មូលរូបសំណាកត្រីផ្សោត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក៏បានបុកម៉ូតូម៉ាកហុងដា សេ១២៥ មកពីមុខធ្វើដំណើរដោយយុវជន និងយុវតី៣នាក់ពេញទំហឹងបណ្តាល​ឲ្យដួលដេករដូក​រណែលពេញផ្លូវតែម្តង។ សមត្ថកិច្ច បានបន្តថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញយុវជនជាអ្នកបើក​ម៉ូតូ​ទាំង២នាក់​បានស្លាប់ភ្លាមៗ ចំណែកនារីម្នាក់របួសធ្ងន់ ​និងម្នាក់ទៀតរបួសស្រាល។ ជាអកុសល ពេលកំពុងបញ្ជូន​ទៅកាន់មន្ទីរពេទ្យ នារីម្នាក់ក៏បានស្លាប់ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM