ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោក្នុងខេត្តកណ្តាលបានត្រៀមរួចរាល់ ១០០ភាគរយ

2024/08/02 12:04:38 pm        264
នៅថ្ងៃនេះគណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញ​ចុះពិនិត្យ​ទីតាំង​បើកការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណនតេជោ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បី​ត្រៀមពិធីអបអរសាទរជាប្រវត្តិសាស្រ្តជាមួយមហាជនប្រមាណ១ម៉ឺននាក់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ហ្វូណនតេជោ នៅ​ថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញ​ចុះពិនិត្យ​ទីតាំង​ប្រារព្ធ​ពិធី​បើកការដ្ឋាន​គម្រោង​ព្រែក​ជីកហ្វូណនតេជោ ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នគ្រប់លំដាប់ថ្នាក់ និង​អាជ្ញាធរខេត្តកណ្តាល។ ការចុះពិនិត្យនាពេលនេះសង្កេតឃើញមានការរៀបចំតុបតែងចាប់តាំងពីបណ្តោយផ្លូវជាតិលេខ១ ដោយបំពាក់ដងទង់ជាតិ និងផ្ទាំងប៉ាណូដែលគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ។ ក្រៅ​ពីនោះ នៅទីតាំងពិធីមានការរៀបចំគ្រឿងចក្រជាច្រើន និង​ប្រទីប​យ៉ាង​ស្រស់បំព្រង​រំលេច​រូបភាព​នៃ​គម្រោង ដើម្បីជាសោភ័ណភាពបន្ថែមក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលនឹងចូលរួមថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ និងការទន្ទឹងរង់ចាំ​គម្រោង​ដែល​ជា​ប្រវត្តិសាស្រ្ត​ដែល​ជា​ផល​ប្រយោជន៍​សម្រាប់ជាតិ និងប្រជាជន។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤​ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បី​ឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេ​ទៅកាន់សមុទ្រកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញការអភិវឌ្ឍជនបទប្រែក្លាយជាតំបន់សមាហរណកម្ម រុញកំណើនសេដ្ឋកិច្ច

2024/08/02 11:25:54 am        106
តាកែវ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យ ក្លាយជាតំបន់ជនបទសមាហរណកម្ម ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទឱ្យកាន់តែ ប្រសើរ។ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពល ភាពផ្លូវ និងស្ពាន នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ ក្រសួងបានស្ថាបនា ស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែង ជាង ៥០ ពាន់គីឡូម៉ែត្រ មានផ្លូវក្រាលកៅស៊ូពីរជាន់ ផ្លូវក្រាលបេតុង ផ្លូវល្បាយគ្រួស ផ្លូវក្រាលដីស រួមជាមួយសំណង់សិល្បការ្យគ្រប់ ប្រភេទ សរុបប្រវែងជាង ៤៨ ពាន់កន្លែងផងដែរ។ ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅឃុំព្រៃយុថ្កា ស្រុក កោះអណ្តែត ខេត្តតាកែវ, ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ មាន២កំណាត់ ប្រវែងសរុប ៣ ២០០ ម៉ែត្រ នៅឃុំមហាសាំង និង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, និងផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៣ ២០០ ម៉ែត្រ, ស្ថិតនៅក្នុងដីសម្បទានសង្គម កិច្ចភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនេះជាដើម បានកំពុងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ ដូច្នេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា គឺមានគោលដៅជំរុញឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។ជុំវិញការចុះពិនិត្យផ្លូវ និងស្ពានខាងលើនេះដែរ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារគណៈកម្មាធិការអន្តរក្រសួង ក៏បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ ក្នុងនោះឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាន ផ្តល់អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋជាច្រើន ដោយម្នាក់ៗទទួលបានក្រម៉ា១។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងស្ពាន និងសំណង់ សិល្បការ្យគ្របប្រភេទ ក្នុងមូលដ្ឋានរបស់ពួកគាត់ រក្សាឱ្យបានគង់វង់ ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់យូរអង្វែង៕អត្ថបទ៖ សុន រ៉ាឌី

ព្រះមហាក្សត្រយាងប្រទានព្រះរាជអំណោយដល់សិល្បករមានវ័យចំណាស់ និងជីវភាពខ្វះខាត នៅរាជធានីភ្នំពេញ

2024/08/02 11:19:03 am        192
ព្រឹកថ្ងៃទី២ខែសីហានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា​បានសព្វព្រះរាជហឫទ័យស្តេចយាង​ប្រទាន​ព្រះរាជ​អំណោយ ជូនដល់ ក្រុមសិល្បករ និងសិប្បករ ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ស្ថិតនៅ​ក្នុងបរិវេណកោះនរា រាជធានីភ្នំពេញ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន​សុន្ទរកថា​​ថ្វាយព្រះពរស្វាគមន៍និងបានបញ្ជាក់ឱ្យដឹងថា ក្នុងព្រះរាជកម្ម​វិធី​ប្រទាន​ព្រះរាជអំ​ណោយ​នេះមានក្រុមសិល្បករ និងសិល្បករដែល​ត្រូវទទួល​បាន​ព្រះរាជ​អំណោយ​មាន​ប្រមាណ​ជាង​៥០០​នាក់។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសុន្ទរកថាដោយបាន​នាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពី សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម លោក​ជំទាវ ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បករ សិប្បករ ដែលបានអញ្ជើញមកចូល រួមក្នុងទីនេះ ក៏ដូច​ជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គមានព្រះរាជបន្ទូលថា៖ព្រះរាជាណាចក្រកម្ពុជា ជា​ប្រទេស​ដែលមានអរិយធម៌រុងរឿងតាំងតែពីបុរាណកាលមក ហើយបានរីក​សាយល្បី​ល្បាញ​ទូទាំង​ពិភព​លោក។ អរិយធម៌ដ៏រុងរឿងនោះបានបន្សល់ទុកមក ដល់យើងនាពេលបច្ចុប្បន្ននេះ នូវ​សម្បត្តិ​វប្បធម៌​ជាតិដ៏សម្បូរបែប ដែលត្រូវបានទទួលស្គាល់ ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង​។ជោគជ័យ​នៃការទទួលស្គាល់សម្បត្តិវប្បធម៌ជាអន្តរជាតិ ពិតជាបានមកពីការខិតខំប្រឹងប្រែង របស់​ប្រជាជាតិខ្មែរទាំងមូល តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ។ គុណតម្លៃនេះជាស្នាដៃរបស់ រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានលោក លោកស្រី ជាវីរសិល្បករ សិល្បករ សិល្បការិនី ខិតខំ ចូលរួ​ម​ថែ​រក្សា ការពារ និងអភិរក្ស ។ព្រះរាជសុន្ទរកថា គូសបញ្ជាក់ថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណា ព្រះបរមរតន កោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាល​ព្រះអង្គនៅគង់ព្រះជន្ម និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភ​គាំទ្រ​ដល់​សិល្បៈ​វប្បធម៌​ជាតិ ពិសេសសិល្បករ និងសិប្បករ។ ជាមួយគ្នានេះ ក្នុងអតីតកាលកន្លងទៅ សម្តេច​ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ទ្រង់តែង​យក​ព្រះរាជ​ហឫទ័យ​ទុក​ដាក់​យ៉ាងខ្លាំងក្នុងការថែរក្សា ការពារ និងលើកស្ទួយ របាំ និង ល្ខោនព្រះរាជទ្រព្យ ឱ្យថ្កុំ​ថ្កើង​ល្បី​ល្បាញ​ខ្ទរខ្ទារទូទាំងពិភពលោករហូតមកដល់សព្វថ្ងៃ ហើយប្រជាជាតិ ពិសេសសិល្បករ ប្រសិទ្ធ​នាមព្រះអង្គថាជា "ព្រះមាតានៃរបាំ និងល្ខោនព្រះរាជ ទ្រព្យ ” ផងដែរ ។ព្រះអង្គ​បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្នដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់​ចេញ​នូវ​គោល​នយោបាយ​លើក​កម្ពស់​សិល្បៈ​វប្បធម៌​ជាតិ ដើម្បីលើកស្ទួយកិត្យានុភាពជាតិ និងកំណើនសេដ្ឋកិច្ច។ព្រះអង្គបានកោតសរសើរយ៉ាងក្រៃលែង និងសូមឧទ្ទិសចំពោះសិល្បករខ្មែរគ្រប់រូប ដែល​បាន​ទទួល​មរណភាពទៅហើយក្តី ប៉ុន្តែបានបន្សល់ទុកកេរ្តិ៍ឈ្មោះ ស្នាដៃដ៏ល្បី​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​រៀនសូត្រ​តាមរហូតមកដល់បច្ចុប្បន្ននេះ និងអ្នកកំពុងរស់នៅក្តី ដែលបានខិត​ខំ​ជួយ​ជ្រោម​ជ្រែង​គាំទ្រ និងបានចំណាយពេលវេលាពេញមួយជីវិត បូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និង​ទេព​កោសល្យ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានៅក្នុងការអភិរក្សសិល្បៈ និងវប្បធម៌ ដែល​ដូន​តា​បាន​បន្សល់​ទុក​មក និងការអភិវឌ្ឍទម្រង់សិល្បៈ និងវប្បធម៌ថ្មីបន្ថែមទៀត ដើម្បីឱ្យកាន់តែរុងរឿងបន្តទៀត សម្រាប់​កូនខ្មែរ ជំនាន់ក្រោយ ។ព្រអង្គបន្តថា ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណីវប្បធម៌ជាតិរស់រវើកដ៏ល្អផូរផង់ បាន​ឆ្លង​កាត់​នូវរបបខ្មៅងងឹត ហើយឋិតនៅគង់វង្សមកដល់សព្វថ្ងៃនេះ គឺជាគុណបំណាច់មហិមារបស់ បង​ប្អូន។ វប្បធម៌ប្រពៃណីជាតិដែលជាអត្តសញ្ញាណជាតិយើងរុងរឿង ភ្លឺថ្លា ត្រចះត្រចង់ ដោយ​សារ​ការ​ខិតខំលះបង់របស់បងប្អូន ហើយបងប្អូននៅតែមានតួនាទីសំខាន់ក្នុងការចូលរួម ចំណែក​ថែ​រក្សា ការពារសិល្បៈ និងវប្បធម៌ ការអភិវឌ្ឍសង្គមជាតិ និងសន្តិភាព ទៅតាមសមត្ថភាព រៀងៗ​ខ្លួន។ព្រះអង្គក៏បានអំពាវនាវដល់សហគមន៍ជាតិ អន្តរជាតិ និងសប្បុរសជននានា មេត្តាបន្តចូលរួម ជួយ​ឧបត្ថម្ភគាំទ្រ លើកស្ទួយសិល្បៈ និងវប្បធម៌ជាតិនៃយើងឱ្យកាន់តែថ្កុំថ្កើងថែមទៀត និងសូម ជួយ​ចូលរួមចំណែកទ្រទ្រង់ជីវភាព ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ សិប្បករ តាម​រយៈអំណោយសប្បុរសធម៌ ដើម្បីជួយលើកកម្ពស់ និងជំរុញការបន្តវេនសិល្បៈវប្បធម៌ឱ្យ កាន់​តែ​ទូលំទូលាយថែមទៀត ។ព្រះរាជអំណោយដែលប្រទាន ដល់ក្រុមសិល្បករ និងសិប្បករ ប្រមាណ ៥០៥ នាក់ នេះ ក្នុង​ម្នាក់​ៗ​ទទួលបាន៖អង្ករ ០១ បាវ = ៥០ គ.ក្រ ឃីត០១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង ១)មី ០២ កេស ទឹកត្រី០១ យូរ = ១០ កំប៉ុង-អាវយឺត​ មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១- អាវរងា មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា​ចំនួន ៥០០,០០០ ៛ - អាហារ​ថ្ងៃត្រង់ (បាយសាច់មាន់ចៀន, ពងទាប្រៃ ០១, ទឹកបរិសុទ្ធ ០១ដប, ទឹកក្រូច ០១កំប៉ុង, និងផ្លែក្រូចហ្វិច ០១ផ្លែ)៕

សម្តេចធិបតី អរគុណចំពោះបណ្តាធនាគារ និងអាជីវករប្តូរប្រាក់ដែលបានអនុវត្តទៅ​តាមការណែនាំរបស់ធនាគារជាតិ

2024/08/02 11:06:23 am        195
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថែ្លង​អំណរគុណ​ដល់​បណ្តា​ធនាគារ និងអាជីវករប្តូរប្រាក់ទាំងអស់នៅខេត្តសៀមរាប ដែលបាន​អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​ធនាគារជាតិ ទាក់ទងនឹងការប្រើប្រាស់ប្រាក់ដុល្លារដែលមានសភាពចាស់ និងរហែក ខណៈ​គោលការណ៍នេះរនឹងត្រូវអនុវត្តនៅទូទាំងប្រទេសនាពេលឆាប់ៗខាងមុខនេះ។តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា«សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវ​គោលការណ៍​ថ្មី​របស់​ធនាគារ​ជាតិ​នៃក​ម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក»។ ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ផង​ដែរថា មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិ​មិនដាក់​ឲ្យអនុវត្ត​នៅ​ទូទាំង​ប្រទេស​តែម្ដង? សម្តេចបានលើកឡើងថា «ដោយសារការទទួល​យក​ក្រដាស​ប្រាក់​ដុល្លារ​ហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅ​ដូរ​យក​ក្រដាស​ប្រាក់​ថ្មី​ពី​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់​ឲ្យ​អនុវត្ត​នូវ​គោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន»។ សម្តេចធិបតី បានបន្ថែមទៀតថា«ហេតុដូច្នេះការដាក់អោយអនុវត្តន៍នៅខេត្តសៀមរាបនេះ ជា​ជំហ៊ាន​​សាកល្បង (pilot)ដើម្បីធនាគារជាតិអាចធ្វើការវាយតម្លៃ និងយក​ជាមូល​ដ្ឋាន​សម្រាប់​រៀបចំ​ផែន​ការ​ឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់​ឲ្យ​អនុវត្តគោ​លការណ៍​ថ្មី​នេះ​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេលឆាប់ៗខាងមុខ»៕ អត្ថបទ បានចក់

យុវជន និងអាជ្ញាធរថា រមណីយដ្ឋាន«ភ្នំស»មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ

2024/08/02 10:33:32 am        225
ភ្នំស ជារមណីយដ្ឋានថ្មីមួយ ដែលរដ្ឋបាលស្រុកទឹកឈូ ទើបផ្តួចផ្តើមគំនិតរៀបចំបង្កើតឡើង ភ្នំស​គេអាចឡើងទៅដល់កំពូល ហើយមើលឃើញទេសភាពនៅជុំវិញ ដូចជាក្រុងកំពត ជួរភ្នំ​បូកគោ ទេសភាពដងព្រែក ស្រែចំការ គយគន់ថ្ងៃរះ ឬថ្ងៃលិច និងស្រូបយកខ្យល់បរិសុទ្ធជាដើម។ យុវជន និងអាជ្ញាធរបានចញ្ជាក់ថា តំបន់នេះមានសក្តានុពលខ្ពស់ អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន បន្ទាប់ពីការរៀបចំរួចរាល់ទាំងស្រុង។ ក្រុមកីឡាករ “កង់ភ្នំ” និងយុវជន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគេ​បាន​មើល​ឃើញ​សក្តានុពលតំបន់ភ្នំសនេះ ជាយូរមកហើយ ដោយសារកន្លងមក ធ្លាប់មកចូលរួម​ព្រឹត្តិការណ៍​ប្រណាំងម៉ូតូ Off-road Enduro នៅក្នុងតំបន់នេះ ហើយក៏ធ្លាប់គិតថារៀប​ចំ​ជា​ទីលាន​ប្រណាំង​កងភ្នំ នៅតំបន់នេះដែរ។ ដោយឡែក ពាក់ព័ន្ធវិស័យទេសចរណ៍ ភ្នំសមាន​ទីតាំង​ភូមិ​សាស្ត្រល្អនៅជិតក្រុង ទេសភាពស្អាត សម្បូរទៅដោយដើមត្របែកព្រៃ ដែលមាន​ផ្កា​គ្រប់​រដូវ មានរូងភ្នំ មានអាស្រម និងទីកន្លែងសក្តារៈបូជា ភ្នំសរមានកំពូលពីរ (ខ្ពស់១ ទាប១) ដែលអាចឡើងទៅដល់ ហើយមើលទេសភាពនៅជុំវិញ ។ ពួកគេជឿថា រមណីយដ្ឋានភ្នំស នឹងក្លាយ​ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខ។ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានលើឡើងថា រដ្ឋបាលស្រុក​បាន​រៀបចំ​ប្លង់​មេ​អភិវឌ្ឍន៍រមណីយដ្ឋានភ្នំសរួចហើយ។ ទន្ទឹមគ្នានោះរដ្ឋបាលស្រុកបានរៀបចំការងារមួយចំនួនដូចជាការរៀបចំសម្អាត់អនាម័យបរិស្ថានប្រចាំ ការដាំដើមត្របែកព្រៃ៥០០ដើមបន្ថែម ការចាក់សាបធ្វើកន្លែងអង្គុយកម្សាន្តលើកំពូលភ្នំ និងរៀចំ​កាំជណ្តើរឡើងជាដើម។លោកអភិបាលបានបន្តថា បន្ថែមពីលើអ្វីដែលមានស្រាប់ ទៅអនាគត ភ្នំស​នឹង​ក្លាយ​ទៅ​ជា​ភ្នំ​គ្រប់​ដណ្តប់​ដោយ​ដើមត្របែកព្រៃ ដែលមានផ្កាគ្រប់រដូវ ហើយទីនេះនឹង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ និងធម្មជាតិ តភ្ជាប់ជាមួយបណ្តុំតំបន់ទេសចរណ៍ទឹកឈូ និងតំបន់ដង​ព្រែក​ឃុំ​កំពង់គ្រែង ៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/08/02 10:14:35 am        215
នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គ​រដ្ឋទូត​នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារ នៅវិមានរដ្ឋសភា។

របាំងសាច់អួនជិត២ពាន់ម៉ែត្រ និងលបលូសាច់អួន ៤៥លប ត្រូវកម្លាំង​ខណ្ឌជលផល​កំពង់ឆ្នាំងបំផ្លាញចោល

2024/08/02 10:08:13 am        230
កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល​ដឹក​នាំ​ដោយ​លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាលស្រុករលាប្អៀរ និងស្រុកជលគីរី ចុះបង្ក្រាបបទល្មើស​របាំង​សាច់​អួនវែងៗ​ដែល​បាន​ដាក់​នៅរដូវបិទនេសាទនេះ ។លោក លី ឡា បានបន្តថា កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចែកជា២ក្រុម ដើម្បី​បង្ក្រាប​បទល្មើស២ចំណុចផ្សេងគ្នាក្នុងថ្ងៃតែមួយ ១ក្រុមចុះបង្ក្រាបនៅស្រុកជលគីរី និង១ក្រុម​ទៀត​បង្ក្រាប​នៅស្រុកកំពង់លែង ។ ក្រុមទី១ដឹកនាំដោយលោកផ្ទាល់ សហការជាមួយ​កម្លាំង​គណៈ​បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហគមន៍នេសាទស្វាយរំពារសែនជ័យ, អន្លង់​មេត្រី​សែនជ័យ មានកម្លាំង៤៨នាក់ និងមធ្យោបាយបាឡាស្មាច់១១គ្រឿង បានបង្ក្រាប​របាំង​សាច់​អួន​នៅ​ចំណុច​ព្រែកសាយ ឃុំពោធិ៍ និងចំណុចទំនប់ស្រុក ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុក​កំពង់​លែង ។ ចំណែកក្រុមទី២ ដឹកនាំដោយលោក អ៊ឹង ជឺប៉ោ នាយរង​ខណ្ឌរដ្ឋបាល​ជលផល​កំពង់​ឆ្នាំង សហការជាមួយគណបញ្ជាការឯកភាពស្រុកជលគិរី សហគមន៍នេសាទភូមិថ្មី កោះធំ និង​អន្លុងមេត្រី មាន២២នាក់មធ្យោបាយបាឡាស្មាច់០៦គ្រឿង បានបង្ក្រាបរបាំងសាច់អួន និងរបាំង​ស្បៃមុងនៅចំណុចព្រែកតាសួស វាលស្រងែ កប់ចេះ ឃុំពាមឆ្កោក ស្រុកជលគិរី ។ជាលទ្ធផលក្នុងការបង្ក្រាបពេញ១ថ្ងៃនេះ កម្លាំងចំរុះបង្ក្រាបបានរបាំងសាច់អួនចំនួន១៧កន្លែង ប្រវែង​១៩៨០ម លូសាច់អួនចំនួន៤៥ គ្រឿង បង្គោលចំនួន៨២០ដើម។ របាំងស្បៃមុង​ចំនួន​០៥​កន្លែង ប្រវែង៩០ម លូស្បៃមុងចំនួន០៥ គ្រឿង បង្គោលចំនួន១០០ដើម និងចាក់លែង​ត្រី​ចំរុះ​ក្នុង​ដែន​នេសាទចំនួន២៥គីឡូក្រាម។ក្រៅពីការបង្ក្រាបបទល្មើសនេសាទ ក្រុមការងារចំរុះ​បានផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល​ដល់​ប្រជា​នេសាទផងដែរ ដូចជាការធ្វើនេសាទដោយប្រើរបាំងវែងៗលើសពីច្បាប់កំណត់ នឹងត្រូវ​កម្លាំង​ចំរុះ​បំផ្លាញ​ចោល ហើយត្រូវនាំគ្នាជួយការពារ ថែរក្សាតំបន់ព្រៃលិចទឹក ដើម្បីអោយត្រី​សំបូរ​ឡើង​វិញ​៕ កាំង ហុងវាស្នា

ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាអាទិភាពចម្បងក្នុងការពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា

2024/08/02 09:38:48 am        106
កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញ​ជា​អធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ និង​ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥២រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និង​តាមបណ្តាខណ្ឌ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច។ក្នុងឱកាសដ៏មានតម្លៃនាពេលនោះ ឯកឧត្តមរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើដល់​សិក្ខាកាម​ដែល​បាន​បញ្ចប់វគ្គអធិការកិច្ចបឋម ទាំង៥២រូប ត្រូវអនុវត្តឱ្យបានខ្ជាប់​ខ្ជួន​នូវ​គោលកា​រណ៍​គ្រឹះ​របស់​មន្រ្តីអធិការកិច្ច ដែលជាលក្ខណសម្បត្តិនៃវិជ្ជាជីវៈ ត្រូវមាន៖ សុចរិតភាព, ភាពមិនលំអៀង, សមត្ថភាពវិជ្ជាជីវៈ, ជៀសវាងទំនាស់ផលប្រយោជន៍, មានក្រមសីលធម៌ ត្រូវតម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ និងជាពិសេសត្រូវគោរពអភិក្រមទាំង ៥ របស់ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងទិសស្លោក «គ្មាន​ការ​ជឿទុកចិត្តណាមួយ អាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ»។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្ដដំណើរទស្សនកិច្ចចុះពិនិត្យមណ្ឌលសុខភាពត្រពាំងសង្កែ មណ្ឌលសុខភាពកំពង់កណ្តាល និងមនី្ទរពេទ្យបង្អែកខេត្តកំពត

2024/08/01 10:08:50 pm        113
កំពត ៖ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសុខាភិបាលខេត្តកែប ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពត្រពាំងសង្កែ មណ្ឌលសុខភាពកំពង់កណ្តាល និងមនី្ទរពេទ្យបង្អែកខេត្តកំពត ក្នុងខេត្តកំពត នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។ក្នុងកំឡុងពេលចុះដល់មូលដ្ឋានសុខាភិបាល ក្រុមការងារប្រតិភូ និងអ្នកជំនាញ បានត្រួតពិនិត្យមើលបច្ចុប្បន្នភាព និងវឌ្ឍនភាពមណ្ឌលសុខភាពត្រពាំងសង្កែ មណ្ឌលសុខភាពកំពង់កណ្តាល និងមនី្ទរពេទ្យបង្អែកខេត្តកំពត ដែលក្នុងនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំជាបន្តបន្ទាប់ ដល់មន្រ្តីទាំងអស់ អោយបង្កើនសមត្ថភាពថែទាំព្យាបាល បង្ហាត់បង្រៀនគ្នា ហៅរកគ្នា និងត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺ ការរៀបចំទូដាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ។ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ សមត្ថភាពចុះត្រួតពិនិត្យការអនុវត្តគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមត្ថភាពឆ្លើយតបបានទាន់ពេលនៃសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ និងត្រូវខិតខំគ្រប់មធ្យោបាយ បង្កើនការផ្សព្វផ្សាយ លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈការជំរុញឱ្យប្រជាជនពលរដ្ឋមកទទួលសេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅក្នុងតំបន់ និងគៀកផ្ទះគាត់។ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ជូនដល់មន្រ្តីសុខាភិបាល សំដៅបន្តពង្រឹងសុវត្ថិភាព-គុណភាព នៃសេវាដែលបម្រើជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង រៀងរាល់ថ្ងៃ។ លើសពីនេះ គឺត្រូវបង្កើនសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបន្ត រួមទាំងសមត្ថភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីទឹកចិត្តដឹងគុណ ចំពោះមន្រ្តីសុខាភិបាលទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ដែលខិតខំប្រើគ្រប់មធ្យោបាយ សំដៅបម្រើប្រជាពលរដ្ឋលើតម្រូវការសុខាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាបន្តបន្ទាប់៕អត្ថបទ រដ្ឋា

អាជ្ញាធរសវនកម្មជាតិបន្តផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៅកម្ពុជា

2024/08/01 09:49:45 pm        192
ភ្នំពេញ៖អាជ្ញាធរសវនកម្មជាតិ នៅថ្ងៃទី១ខែសីហា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងអង្គភាពពាក់ព័ន្ធ សរុបជាងមួយរយនាក់ ស្ថិតនៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ។ អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ។នៅក្នុងអង្គសិក្ខាសាលា លោកជំទាវបណ្ឌិតបានថ្លែងថា អង្គសិក្ខាសាលានាពេលនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិ ដែលបាននិងកំពុងបន្តអនុវត្តបេសកកម្មនាពេលបច្ចុប្បន្ន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារនៅបណ្តាក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងអង្គភាពពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។ យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិ អនុវត្តការងារសវនកម្មផ្ទៃក្រៅប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តសិទ្ធភាព ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ រួមចំណែកក្នុងការជួយជំរុញឱ្យកាន់តែមានតម្លាភាពលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពង្រឹងគណនេយ្យភាពលើយន្តការគ្រប់គ្រងមូលនិធិ និងទ្រព្យសម្បត្តិសាធារណៈ និងផ្តល់នូវសុវត្ថិភាព និងតុល្យភាពដល់ដំណើរការនៃប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ លោកជំទាវបន្តថា ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតាក់តែងឡើងដោយស្របតាមស្តង់ដារអន្តរជាតិសម្រាប់ស្ថានប័នសវនកម្មកំពូល និងស្របតាមស្ថានភាពជាក់ស្តែងនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈដែលឯករាជ្យលើរាល់កិច្ចប្រតិបត្តិការការងារ និងមានតួនាទីអនុវត្តមុខងារសវនកម្មផ្ទៃក្រៅនៃរាជរដ្ឋាភិបាល។ អាជ្ញាធរសវនកម្មជាតិ ជួយរាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងធនធានសាធារណៈដោយហ្មត់ចត់ តម្លាភាព និងជួយលើកិច្ចការទទួលខុសត្រូវផ្នែកសាធារណៈតាមរយៈការធ្វើសវនកម្មប្រកបដោយគុណភាព ទាន់ពេលវេលា និងជឿទុកចិត្តបាន។ អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM