ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ សមិទ្ធផល៣០ឆ្នាំនៃរដ្ឋធម្មនុញ្ញធ្វើឱ្យកម្ពុជាបន្តមានលទ្ធិប្រជាធិបតេយ្យ

2024/08/01 05:41:41 pm        130
ភ្នំពេញ ៖ ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា សមិទ្ធផលសម្រេចបានក្នុងរយៈពេល៣០ឆ្នាំនៃរដ្ឋធម្មនុញ្ញធ្វើឱ្យកម្ពុជាបន្តមានលទ្ធិប្រជាធិបតេយ្យ និងជឿនលឿន។នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាធម្មនុញ្ញបានសហការជាមួយរដ្ឋបាលខេត្តកណ្តាលអញ្ជើញផ្សព្វផ្សាយអំពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំ” ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អ៉ឹមម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើបទបង្ហាញជូនដល់អាជ្ញាធរខេត្ត ក្រុង ស្រុក និងស្ថាប័ន-អង្គភាពមន្រ្តីរាជការជុំវិញខេត្តសរុបចំនួនជាង ២០០រូប។ក្នុងពិធីនោះ ឯកឧត្តម អ៉ឹម ឈុនលឹម មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជាពស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ ក្នុងនោះ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។ ឯកឧត្តម អ៉ឹម ឈុនលឹម មានប្រសាសន៍ទៀតថា ក្នុងដំណើរការអនុវត្តនៃគុណតម្លៃខាងលើបានបង្កនូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នាក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ដែលបានកើតមានឡើង ជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គមញុំាងឱ្យរដ្ឋធម្មនុញ្ញនេះ និងរបបនយោបាយមានស្ថិរភាពរយៈពេលវែងរហូត៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។ឯកឧត្តម អ៉ឹម ឈុនលឹម បញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺសមិទ្ធផលប្រវត្តិសាស្ត្រ ដោយក្នុងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញនេះ ពិសេសក្រោយប្រទេសជាតិសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ដោយ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅចុងឆ្នាំ១៩៩៨ ធ្វើឱ្យប្រទេសកម្ពុជាមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់ ដើម្បីបន្តប្រតិបត្តិរដ្ឋធម្មនុញ្ញនេះ ជាអាទិ៍ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, សិទ្ធិមនុស្ស, នីតិរដ្ឋ, និងសេដ្ឋកិច្ចទីផ្សារ។ លើសពីនេះ ឯកឧត្តម បញ្ជាក់ទៀតថា ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំ សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ដែលរួមមាន៖ កម្ពុជារក្សាការពារ និងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, ការបង្កើតឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងទម្រង់ជារាជានិយមជឿនលឿនស្របនឹងបរិបទនៃសង្គមខ្មែរ ដែលមានអង្គព្រះមហាក្សត្រ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ និង ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ក្រៅពីនោះ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា ដោយរបបប្រជាធិបតេយ្យ សេរីពហុបក្សកម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗ។ ឯកឧត្តម បន្ថែមថា កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ ពោលគឺកម្ពុជាតម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រប្រទេស ហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។អត្ថបទ សេក ឧត្តម

ក្រសួងវប្បធម៌បើកសន្និសីទបង្ហាញលទ្ធផលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌា

2024/08/01 05:38:29 pm        172
ភ្នំពេញ ៖ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» ខណៈគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកាន់តែមានភាពមមាញឹកនៅក្នុងកាលៈទេសៈ នៃការសម្រេចបញ្ចូលសម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសផ្សេងៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។​នៅក្នុងសន្និសីទនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្តោតទៅលើការតាមដាន និងវាយតម្លៃទៅលើបេតិកភណ្ឌពិភពលោកទាំងអស់ដែលបានចុះបញ្ជីនៅក្នុងពិភពលោក ខណៈគិតមកដល់បច្ចុប្បន្ននេះ សម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីមានចំនួន ១,២៣៧បេតិកភណ្ឌនៅលើពិភពលោក។ កិច្ចប្រជុំនេះ គឺដើម្បីតាមដានពីស្ថានភាពការអភិរក្សរបស់បេតិកភណ្ឌពិភពលោកនីមួយៗ ក៏ដូចជាការចុះបញ្ជីបេតិកភណ្ឌថ្មីៗរបស់ប្រទេសនីមួយៗផងដែរ។ ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមថា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះដែរ ជាទូទៅត្រូវបានប្តូរវេនគ្នា ដែលមានរដ្ឋចំនួន២១ជាសមាជិកអចិន្ត្រៃយ៍នៅក្នុងគណៈកម្មាធិការ ដែលតម្រូវឲ្យបោះឆ្នោតត្រូវប្តូរវេនគ្នា ដូចជាប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៣ ក៏ជាប្រទេសមួយទទួលការប្រជុំរបស់បេតិកភណ្ឌពិភពលោកនេះដែរ ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី ហើយឆ្នាំ២០៤នេះជាវេនរបស់ប្រទេសឥណ្ឌា និងនៅឆ្នាំក្រោយគឺប្រទេសប៊ុលហ្គារី ទទួលវិញម្តង ក្នុងការប្រជុំដូចគ្នាខាងលើនេះ ដែលបានរៀបចំទៅក្នុងប្រព័ន្ធការងាររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ឯកឧត្តម ហង់ ពៅ បានលើកឡើងបន្តថា យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅទីក្រុងញូដេលី ប្រទេសកម្ពុជា បានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ បានលើកឡើងថា យន្តការអនុវត្តរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ គឺជាយន្តការគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះ យន្តការ ICC Angkor មានអាយុកាល ៣០ឆ្នាំ និងបានបន្តរយៈពេល ១០ឆ្នាំទៅមុខទៀត។ សូមបញ្ជាក់ជូនថា តំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោកដែលផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានការរស់នៅប្រជាពលរដ្ឋ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទំលាប់របស់ពួកគេជាមួយនឹងប្រាសាទ៕អត្ថបទ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យមើលទីតាំងសាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្ម​ដ៏ទំនើបរបស់រោងចក្រម៉ាវ៉ល

2024/08/01 05:29:55 pm        306
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់​ផលិតកម្ម​ដ៏​ទំនើប​ក្នុង​តំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជ​ធានីភ្នំពេញ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំង​សាងសង់​ជា​ទារកដ្ឋាន​នៅ​ក្នុង​តំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុ​ចាប់​ពី​ទារក​ក្រោយ​ពេលកើតរហូតដល់អាយុ ៣ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តី​ជំនាញ​របស់​ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឲ្យបានរលូន ដើម្បី​ជួយសម្រួលដល់​បងប្អូន​កម្មករ​និយោជិត​ក្នុង​រោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការ​មើលថែ​ទាំ​សុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូល​ធនមនុស្ស​កម្ពុជា​ចាប់​ពី​តូច​ទៅ​តែម្តង។ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាការ​យកចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ដល់កម្មករនិយោជិត ក៏ដូចជាធនធានមនុស្សជំនាន់ក្រោយ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិនិត្យមើលសង្វាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបពាក់កណ្តាលស្វ័យប្រវត្តិ និងមានកន្លែង​ធ្វើ​ការ​ប្រកប​ដោយ​ផាសុកភាព និងមានលក្ខណៈស្តង់ដាខ្ពស់ និងស្របតាម​បទដ្ឋាន​បច្ចេកទេស​ស្តង់ដាកា​រងារ​ថែម​ទៀត​ផង៕

ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ត្រូវបានធានាតាមរយៈ សុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច

2024/08/01 05:17:43 pm        68
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា” (Cambodia Economic Environment and Business Opportunities) ត្រូវបានរៀបចំឡើងក្នុងវេទិកាសហគ្រិនឆ្នើម (Pinnacle Entrepreneur Forum) នៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន (ASEAN Women Entrepreneur Network – AWEN) ដែលកម្ពុជាគឺជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២៤នេះ។ នៅក្នុងវេទិកានៃកិច្ចពិភាក្សានេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវរដ្ឋលេខាធិការតំណាង ក្រសួងពាណិជ្ជកម្ម និងក្រសួងកិច្ចការនារី។ថ្លែងក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប ប្រទាក់ក្រឡាផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីភាពរីកចម្រើនលូតលាស់ទៅមុខទាំងអស់គ្នា សហគ្រិនគ្រប់រូប គួរតែត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការបន្ស៊ីខ្លួនចូលក្នុងរបត់ថ្មីនៃសង្គម តាមរយៈនវានុវត្តន៍ថ្មីៗ និងបរិវត្តកម្មឌីជីថល។ ការទទួលយកនូវបម្លាស់ផ្តូរ និងរៀនសូត្រនូវអ្វីថ្មីៗ នឹងធ្វើឱ្យយើងដើរទាន់ស្ថានការណ៍ ទាំងក្នុងតំបន់ និងជុំវិញពិភពលោក។ជម្រាបទៅកាន់សហគ្រិនស្ត្រីដែលអញ្ជើញចូលរួម ពីបណ្តាប្រទេសទាំង១០ នៃសមាគមអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់អំពីចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពបរិយាកាសវិនិយោគ និងកាលានុវត្តភាពនៃការធ្វើធុរកិច្ចនៅកម្ពុជា ទៅកាន់ពិភពលោក សំដៅគោះទ្វារទាក់ទាញវិនិយោគិនឱ្យងាកមកពិចារណា និងសិក្សាស្វែងយល់បន្ថែមពីឱកាសក្នុងការមកបណ្តាក់ទុនវិនិយោគផងដែរ៕

ស្ថានីយសំខាន់ៗចំនួន៧ គ្រោងដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខ

2024/08/01 05:15:03 pm        155
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នៅពេលអនាគតខាងមុខ កម្ពុជាគ្រោងនឹងដាក់បញ្ចូលស្ថានីយសំខាន់ៗចំនួន៧ ទៅក្នុងបេតិកភណ្ឌពិភពលោក មានដូចជា សារមន្ទីរទួលស្លែង អង្គបុរី បន្ទាយឆ្មារ ឧត្តុង្គ ភ្នំគូលែន ប្រាសាទព្រះខ័ន កំពង់ស្វាយ និងប្រាសាទបេងមាលា។​នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» កាលពីព្រឹកថ្ងៃទី១ ខែសីហានេះ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកគណៈកម្មការជាតិយូណេស្កូកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា មុននឹងបញ្ចូលស្ថានីយណាមួយចូលសម្បត្តិបេតិកភណ្ឌពិភពលោក គឺត្រូវបញ្ចូលស្ថានីយនោះ ទៅក្នុងបញ្ជីត្រៀមសិន យ៉ាងហោចណាស់ឱ្យបានមួយឆ្នាំមុនពេលដាក់ឯកសារ។  ឯកឧត្តម បន្ថែមទៀតថា នាឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានដាក់បញ្ចូលប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយឡែកឆ្នាំ២០២៤នេះ មិនមានបញ្ចូលអ្វីទេ ប៉ុន្តែនៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងដាក់សារមន្ទីរទួលស្លែង និងស្ថានីយជើងឯកជាមួយគ្នា ដែលដាក់ជាស្ថានីយថ្មី ទាក់ទងជាមួយនឹងការចងចាំ។ ឯកឧត្តម ឈុំ ម៉េងហុង បានគូសបញ្ជាក់ថា ក្រៅពីស្ថានីយសំខាន់ៗទាំង៧ខាងលើ ក៏មានសម្បត្តិវប្បធម៌អរូបី ដែលជាមរតកបង្កើតដោយមនុស្សបានផ្ទេរបន្តពីជំនាន់មួយ ទៅជំនាន់មួយ ដូចជាក្រមាជាដើម បានបញ្ជូនឯកសារទៅអង្គការយូណេស្កូសព្វគ្រប់អស់ហើយ ដោយកំពុងរង់ចាំចម្លើយមកវិញ ថាអាចបញ្ចូលក្រមាជាសម្បត្តិវប្បធម៌អរូបីក្នុងបេតិកភណ្ឌពិភពលោកបានទេ។ ដោយឡែក សម្រាប់សម្លៀកបំពាក់ប្រពៃណីខ្មែរវិញ កម្ពុជាក៏បានត្រៀមជូនដំណឹង និងកំពុងរៀបចំឯកសារនានា ក្នុងការស្នើដាក់ចូលជាសម្បត្តិបេតិកភណ្ឌទៅអង្គការយូណេស្កូផងដែរនាពេលខាងមុខ៕  អត្ថបទ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល ខេត្តកែប

2024/08/01 04:48:48 pm        84
កែប ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប, នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។​ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីប្រតិភូអមដំណើរ ជាឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស អគ្គនាយក អគ្គនាយករងរដ្ឋបាល-ហិរញ្ញវត្ថុ និងសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្តកែប និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជុំវិញខេត្ត។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនជ្រាបដល់មន្ត្រីជាថ្នាក់ដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តពីលទ្ធផលនៃការចុះពិនិត្យ អំពីតម្រូវការបង្កើនសមត្ថភាពជំនាញ តម្រូវការបណ្តុះបណ្តាលបន្ត ការពិនិត្យអាទិភាពលើសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងបន្ថែមលើសពីនេះការខិតខំថែរក្សាធនធានមនុស្ស។ឯកឧត្តមសាស្រ្តាចារ្យ ក៏បានជូនអនុសាសន៍គន្លឹះបន្ថែម សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា៖ យកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍សុខភាពតាមរយៈបណ្ណ័សមធម៌ និងប.ស.ស។ សម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ និងខិតខំកត់ត្រាព័ត៌មានអ្នកជំងឺអោយបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារឱ្យបានត្រឹមត្រូវ និងទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ ពីការពេញចិត្ត និងការផ្តល់ជាគំនិតស្ថាបនា និងបង្កើនសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។ឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សូមជួយថែរក្សាការពារសន្តិសុខប្រជាពលរដ្ឋ ជាពិសេសមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបម្រើការងារនៅពេល២៤ម៉ោង លើ២៤ម៉ោង ទាំងនៅតំបន់ឆ្ងាយពីទីប្រជុំជន ដើម្បីជាការពារ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលបានផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌។ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តស្មារតីចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាពរឹងមាំទូលំទូលាយ បន្តតម្កល់ខ្ពស់វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលត្រូវឆ្លុះបញ្ចាំងមកវិញតាមរយៈការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ជូនបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ៕ អត្ថបទ រដ្ឋា

រដ្ឋបាលក្រុងបានចុះរុះរើស្លាកសញ្ញាស្រាបៀរបាន៧៥ផ្លាក

2024/08/01 04:43:11 pm        157
កំពង់ឆ្នាំង : តាមការបញ្ជាក់របស់លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះថា ផ្លាកស្រាបៀរតាំងផ្សាយក្នុងក្រុងកំពង់ឆ្នាំងប្រមាណ៧៥ផ្លាក ត្រូវបានរុះរើចេញអស់ ហើយផ្លាកស្រាបៀរធំៗកាត់ទទឹងផ្លូវជាតិលេខ៥ រដ្ឋបាលក្រុងកំពង់ឆ្នាំងនឹងត្រូវរុះរើបន្ត។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋនៅមណ្ឌលសុខភាព​ចំនួន២ និងមន្ទីរពេទ្យខេត្តកែប

2024/08/01 03:57:36 pm        463
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យការ​ផ្តល់​សេវា​ សុខាភិបាល​សាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅ​មណ្ឌល​សុខភាពអង្កោល មណ្ឌលសុខភាពពងទឹក និងមន្ទីរពេទ្យខេត្តកែប ក្នុងខេត្តកែប, នាព្រឹក​ថ្ងៃ​ទី១ ខែសីហា ឆ្នាំ២០២៤នេះ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល បាន​ជួប​បង​ប្អូន​ប្រជា​ពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌលភាព និងមនី្ទរពេទ្យខេត្ត ដោយបាន​សំណេះ​សំណាល​សួរនាំអំពីការទទួល ការពន្យល់ ការផ្តល់ការថែទាំសុខភាព​ពី​បុគ្គលិក​សុខាភិបាល​មណ្ឌលសុខភាព។ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ ទាំងពិគ្រោះក្រៅ ទាំងពិនិត្យផ្ទៃពោះ ទាំង​ការ​ទុកដាក់ថ្នាំសង្កូវ សម្ភារៈបរិក្ខា និងអនាម័យតាមគ្រប់ទីតាំង រួមទាំងបង្គន់​អនាម័យ​សំរាប់​ទាំង​បុគ្គលិក និងបងប្អូនសាធារណៈជន។ចំណែក​បង​ប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមណ្ឌលសុខភាព និងមនី្ទរពេទ្យខេត្តកែប បានលើកឡើងស្រៀងគ្នាថា ពួកគាត់ពិតជាមានភាពរីករាយជាខ្លាំង ក្នុងពេលមានជំងឺឈឺស្កាត់ មកទទួលសេវាពិនិត្យ សម្រាកព្យាបាល គឺលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានទទួលស្វាគមន៍ និងផ្តល់សេវាបានទាន់ពេលវេលា។អ្នកគ្រូ ឈឿង សី្រម៉ៅ ប្រធានផ្នែកមនី្ទរពិសោធន៍ នៃមនី្ទរពេទ្យខេត្តកែប ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយជាខ្លាំង ដែលឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី បានអញ្ជើញចុះមក​ពិនិត្យ​ផ្នែក​មនី្ទរ​ពិសោធន៍ និងទទួលបានអនុសាសន៍ល្អៗ ដើម្បីមកធ្វើការកែលម្អ និងអភិវឌ្ឍផ្នែក​មួយ​នេះ​ឲ្យកាន់តែរីកចម្រើន។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ឆ្លៀតផ្តល់ជូនអនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តី​មណ្ឌល​សុខភាព ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការថែរក្សាទុកដាក់ឱសថ កត់ត្រា​រក្សា​ទុក​ឯកសារ​អ្នកជំងឺឱ្យបានគត់មុតល្អ ថែរក្សាវ៉ាក់សាំង រក្សាអនាម័យបរិស្ថាន និងបន្ទប់ថែទាំឱ្យ​បាន​ស្អាត ការថែរក្សានិ ងប្រើប្រាស់រថយន្តគិលានុសង្រ្គោះឱ្យបានត្រឹមត្រូវល្អ និងឆ្លើយតបបានបន្ទាន់ ពេលតម្រូវការ។ ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូន​ប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍៕ អត្ថបទ រដ្ឋា

គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ

2024/08/01 03:52:18 pm        277
ប្រធានគណៈកម្មការទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍​​ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភាឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះបានចុះជួបពិភាក្សា​ការងារមួយចំនួន​ជាមួយថ្នាក់​ដឹកនាំខេត្តត្បូងឃ្មុំដើម្បីពិនិត្យ និងចង់ដឹងអំស្ថានភាពរស់នៅទូទៅរបស់បងប្អូនប្រជាពលរដ្ឋ​នៃខេត្តត្បូងឃ្មុំ។ក្រោយស្តាប់នូវរបាយការណ៍របស់លោក ពាង ណារិទ្ធ អភិបាលខេត្តស្តីទី នៃគណៈអភិបាល​ខេត្តត្បូងឃ្មុំ​ទាក់ទងនឹងការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូននៃខេត្តត្បូងឃ្មុំហើយនោះ ឯកឧត្តម ឡូយ សុផាត បានលើកឡើងថា ដំណើរការចុះជួបពិភាក្សារវាង​គណៈកម្មការទី៣ នៃរដ្ឋសភានៅ​ខេត្តត្បូងឃ្មុំនាពេលនេះគឺមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គឺមានគោលបំណងដ៏សំខាន់នោះ គឺចង់ឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដែលត្រូវរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាតែប៉ុណ្ណោះ។  ជាមួយគ្នានោះដែរឯកឧត្តម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាក៏បាន កត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ ហើយឯកឧត្តមបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ។ ចំណែកឯគណៈកម្មការ នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលជួយ​ដោះស្រាយឲ្យបានទាន់ពេលវេលាដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ ។ យ៉ាងណាក៏ដោយឯកឧត្តម ឡូយ សុផាត បានកោតសរសើរពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តត្បូងឃ្មុំ លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាការពិតខេត្តត្បូងឃ្មុំ ជាខេត្តមួយទើបតែបានបង្កើតថ្មី ហើយពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ ពិសេស បានសម្តែងនូវការពេញចិត្តជាខ្លាំងនៅវិធានការណ៍ទាំង៤ចំណុចរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ការត្រួតពិនិត្យការប្រើប្រាស់អាវុធខុសច្បាប់ និងក្មេងទំនើង ដែលស្របទៅតាមវិធានរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិ យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយផ្លែផ្កា។ ឯកឧត្តម សន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានយកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តផងដែរ៕ អត្ថបទបាន ចក់

សភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូ ចុះស្វែងយល់អំពីឱកាសអាជីវកម្ម និងវិនិយោគនៅខេត្ដកោះកុង

2024/08/01 03:46:01 pm        337
សភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចនៅតំបន់ពាណិជ្ជកម្មមួយ​ចំនួន​នៃ​ខេត្ដ​កោះកុងនាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីស្វែងយល់​អំពី​ឱកាស​អាជីវកម្ម និងវិនិយោគក្នុងវិស័យអាទិភាពនានា។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទស្សនកិច្ចពាណិជ្ជកម្ម ខេត្ដកោះកុង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កម្ម​វិធី​ទស្សនកិច្ចពាណិជ្ជកម្មនេះ មានគោលបំណងសំខាន់ ក្នុងការស្វែង​យល់​អំពី​ឱកាស​អាជីវកម្ម និងវិនិយោគ ក្នុងវិស័យអាទិភាពនានា ក្នុងខេត្តកោះកុងផ្ទាល់ ដោយក្នុងនោះមានដូចជា នៅ​កំពង់ផែកោះកុង តំបន់សេដ្ឋកិច្ចពិសេស,អាកាសយានដ្ឋាន ខេត្តកោះកុង,ក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group),ក្រុមហ៊ុន Diamond Bay Tianjin, ក្រុមហ៊ុន​សហគ្រាសផលិតទឹកត្រីកោះកុង,សហគ្រាសផលិត-កែច្នៃ គ្រឿងសមុទ្រ,និងសហគ្រាស លក់រាយ និងបោះដុំ គ្រឿងសមុទ្រជាដើម។លោកឧកញ៉ា លឹម សុជាតិ បានបន្ថែមទៀតថា តាមរយៈទស្សនកិច្ចពាណិជ្ជ​កម្ម​នៅ​ខេត្ដកោះកុង​នេះ សភាពាណិជ្ជកម្មកម្ពុជាសង្ឃឹមថា ប្រតិភូដែលអញ្ជើញចូលរួម នឹងទទួល​បាន​បទ​ពិសោធ​ន៍​ថ្មីៗ ពីដំណើរការ នៃការគ្រប់គ្រងសង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្ម នាពេល​អនាគត តាមសក្ដានុពលខេត្តកោះកុង។ ថ្លែងប្រាប់អ្នក​សារព័ត៌មាន ក្នុងឱកាសសន្និសីទកាសែតនោះដែរ លោកឧកញ៉ា ងួន ម៉េងតិច ក៏​បាន​ឲ្យ​ដឹងផងដែរថា ទស្សនកិច្ចពាណិជ្ជកម្មនេះ សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូ ក៏​មាន​ជំនួប​សម្តែងការគួសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកោះកុង, ជំនួបពាណិជ្ជកម្ម (B2B) ជាមួយពាណិជ្ជករខេត្តកោះកុង ព្រមទាំងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំខេត្ត និង​សភា​ពាណិជ្ជកម្ម ខេត្តកោះកុង ផងដែរ។ លោកឧកញ៉ា លឹម សុជាតិ បានលើកឡើង​ផង​ដែរ​ថា​កម្ម​វិធី​ទស្សនកិច្ចពាណិជ្ជកម្ម ខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្ដាលខែសីហានេះ ជា​ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជ​កម្ម​ក​ម្ពុជា ដែលផ្តួចផ្តើមគំនិតដ៏មានសារៈសំខាន់ ខណៈកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បង្កើត​ឡើង​ក្នុង​គោលបំណង ដើម្បីពង្រីកការទំនាក់ទំនង អាជីវកម្ម ដើម្បីជំរុញ សេដ្ឋកិច្ច-ពាណិជ្ជកម្ម នៅ​បណ្តា​ខេត្តនានា ក្នុងប្រទេសកម្ពុជា។សូមរំលឹកផងដែរថា សម្រាប់ឆ្នាំ២០២៤ កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បានរៀបចំ​ម្តង​រួច​មក​ហើយ កាលពីខែកុម្ភៈដើមឆ្នាំកន្លងទៅថ្មីៗនេះ ដែលពេលនោះ មានប្រតិភូ​ចូលរួម​សរុប​ចំនួន​២២​រូប ដែលក្នុងនោះ មាន១០រូប ជាពាណិជ្ជករថៃ។ជាលទ្ធផល ក្រោយកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម បាន​បញ្ចប់ មានផលិតផលខ្មែរចំនួន៣សហគ្រាស បានដាក់ចូលក្នុងម៉ាត 7-Eleven និងមាន​ការ​ដោះដូរ​ពាណិជ្ជកម្ម រវាងគណៈប្រតិភូ និងពាណិជ្ជករខេត្តបាត់ដំបង ជាបន្តបន្ទាប់៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM