ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

ប្រាក់រៀលបានរក្សាស្ថិរភាពល្អប្រសើរ តែមិនទាន់កាត់បន្ថយកម្រិតដុល្លារូបនីយកម្មបាននៅឡើយ

2024/07/30 07:27:50 pm        113
ភ្នំពេញ ៖ ប្រាក់រៀលបានរក្សាស្ថិរភាពល្អប្រសើរ នៅក្នុងរយៈពេលប្រមាណ ២ ទសវត្សរ៍ចុងក្រោយនេះ តែបានត្រឹមជួយទប់ស្កាត់ដុល្លា-រូបនីយកម្មមិនឱ្យកើនឡើងប៉ុណ្ណោះ ដោយមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មនៅកម្ពុជាបាននៅឡើយ។​ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តព្រៃវែង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះថា ជុំវិញប្រាក់ដុល្លារនេះ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ កម្ពុជាបានបោះឆ្នោតសកលជាលើកដំបូង ក្រោមការរៀបចំរបស់ អ៊ុនតាក់ ដែលនាពេលនោះ អ៊ុនតាក់បានចំណាយក្នុងប្រតិបត្តិការ របស់ខ្លួន ដោយផ្ទាល់ជាដុល្លារអាមេរិកយ៉ាងច្រើន។ គួបផ្សំនឹងការហូរចូលនៃជំនួបពាណិជ្ជកម្ម ការវិនិយោគ និងទេសចរបរទេស បាន នាំយកប្រាក់ដុល្លារអាមេរិក មកប្រើដោយផ្ទាល់បន្ថែមទៀត និងបានធ្វើឱ្យកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ រហូតដល់បច្ចុប្បន្ន។ឯកឧត្តម បន្តថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា គឺជាទម្លាប់មួយដែលបានចាក់ឫសយ៉ាងជ្រៅ ចាប់តាំងពីការ មកដល់របស់អ៊ុនតាក់ ដែលបាននាំមកនូវថវិកានៃគម្រោងចំនួន ១.៧ ពាន់លានដុល្លារអាមេរិក មកកម្ពុជា ក្នុងអំឡុងទស្សវត្សរ៍ ៩០ ខណៈពេលដែលជំនឿចិត្តលើប្រាក់រៀល របស់ប្រជាជនកម្ពុជាមានភាពទន់ខ្សោយ ។ ទោះបីយ៉ាងណា នៅក្នុងរយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ ប្រាក់រៀលរក្សាស្ថិរភាព ចន្លោះប្រមាណ ៤ ០៥០ រៀល ក្នុងមួយដុល្លារ ដោយបានត្រឹមតែទប់ស្កាត់ដុល្លារូបនីយកម្ម មិនឱ្យកើនឡើងតទៅទៀត ប៉ុន្តែមិនទាន់អាចបន្ថយកម្រិត ដុល្លារូបនីយកម្មនៅឡើយទេ។ ឯកឧត្តម យឹម លាភ លើកឡើងបន្ថែមថា ជុំវិញបញ្ហាខាងលើនេះ វាគឺជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញថា ការបាត់បង់ ទំនុកចិត្តលើប្រាក់រៀល កើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ដែលទាមទារនូវពេលវេលា និងការ ចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន ឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ជាក់ស្តែងជុំវិញការងារលើកកម្ពស់ ប្រាក់រៀលវិញ, ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើម ទសវត្សរ៍ឆ្នាំ ២០០០ មក ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកដល់បច្ចុប្បន្នឃើញថា ប្រាក់រៀលបានកំពុងរក្សាស្ថិរភាពល្អប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

អភិបាលខណ្ឌបឹងកេងកង បញ្ជារឱ្យបង្ក្រាបដាច់ខាត លើក្រុមក្មេងទំនើងបង្ហោះម៉ូតូ បង្កភាពអាណាធិបតេយ្យ

2024/07/30 06:39:25 pm        275
ភ្នំពេញ ៖ អភិបាលខណ្ឌបឹងកេងកង បានបញ្ជារដល់កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ពិសេសគណះបញ្ជាការឯកភាពសង្កាត់ទាំង០៧ ក្នុងមូលដ្ឋាន ធ្វើយ៉ាងណា ត្រូវបង្ក្រាប និងទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព លើបញ្ហាក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូ បង្កភាពអាណាធិបតេយ្យ នៅក្នុងមូលដ្ឋាន ។ ការដាក់បទបញ្ជាររបស់លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ថ្លែងឡើង នៅក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌទទួលបន្ទក , លោកអធិការនគរបាល, មេបញ្ជាារកងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលសង្កាត់ខណ្ឌពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ កិច្ចប្រជុំនេះដែរ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារកាលពីពេលថ្មីៗ និងដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមឃួង ស្រេង ប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីបន្តទប់ស្កាត់ក្រុមក្មេងទំនើង និងសកម្មភាពបង្ហោះម៉ូតូអាណាធិបតេយ្យ ។ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានថ្លែងឱ្យដឹងថា ៖ ក្នុងមួយរយះក្រោយមកនេះ បញ្ហាក្រុមក្មេងទំនើងកាប់ចាក់ប្រហារគ្នានៅតាមទីសាធារណះ បានថបថយចុះខ្លាំងបំផុត បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានយកចិត្តទុកដាក់បង្ក្រាប ។ ប៉ុន្តែ វាបែរជាលិចចេញនូវសកម្មភាពទំនើងផ្សេងទៀត ដោយការបង្ហោះម៉ូតូដងផ្លូវ និងតាមទីសាធារណះ ដែលនេះជាកត្តានាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយបំផុត ក្នុងសង្គមជាតិ ។ ត្បិតសកម្មភាពនេះមិនមែនជារឿងថ្មីក៏ដោយ ប៉ុន្តែលោកអភិបាលខណ្ឌ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច ត្រូវចាប់ឃាត់ភ្លាមៗ រាល់ក្រុមទំនើងទាំងឡាយ មិនថាក្មេង ឬចាស់ ឱ្យតែមានសកម្មភាពបង្ហោះម៉ូតូ ត្រូវឃាត់មកសាកសួរនាំ និងធ្វើកំណត់ហេតុ ឬសវតាជាតិអប់រំណែនាំ ហើយត្រូវឃាត់ម៉ូតូរក្សាទុករយះពេល០៣ខែ ក្នុងករណីដែលជនរូបនោះទើបតែប្រព្រឹត្តិសកម្មភាពលើកដំបូង ។ ប៉ុន្តែ បើនៅគគ្លើនហ៊ានប្រព្រឹត្តិជាលើកទី០២ គឺត្រូវឃាត់ម៉ូតូរក្សាទុក០៦ខែ ក្នុងករណីដែលជនរូបនោះ មិនមានប្រព្រឹត្តិបទល្មើសអ្វីផ្សេងក្រៅពីការបង្ហោះម៉ូតូ ។ ផ្អែកក្នុងស្មារតីអង្គប្រជុំដដែលនោះ លោកអភិបាលខណ្ឌសង្កត់ធ្ងន់ថា ៖ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី០៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើម សម្តេចបានយកចិត្តទុកដាក់ខ្ពស់ណាស់ លើការការពារសន្តិសុខជាតិមាតុភូមិ ដូច្នោះហើយលោកអភិបាល ស្នើរឱ្យអាជ្ញាធរក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋានទាំងមូល ត្រូវបន្តពង្រឹងលើកិច្ចការងារសន្តិសុខទាំងអស់ មានទាំងការអប់រំ , ការត្រួតពិនិត្យ ,ការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតមាន ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ ។ ជាចុងក្រោយ លោកអភិបាល ក៏បានប្រាប់ឱ្យ អាជ្ញាធរនៅតាមមូលដ្ឋានសង្កាត់ និងថ្នាក់ឋណ្ឌ ពោលគឺមន្ត្រីទាំងអស់ចំណុះឱ្យរដ្ឋបាលខណ្ឌ ត្រៀមខ្លួនឱ្យបានរួចរាល់១០០ភាគរយ ក្នុងការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានជាផ្លូវការព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះទាំងអស់គ្នា ៕ អត្ថបទ ៖ លីហេង

សហគមន៍ខ្មែរអ៊ិស្លាមក្នុងខេត្តកំពង់ចាម នឹងចូលរួមសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/30 04:01:19 pm        194
ក្រុមយុវជនខ្មែរកាន់សាសនាអ៊ិស្លាមក្នុងខេត្តកំពង់ចាម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងមានមោទកភាពមែនទែន ខណៈកម្ពុជានឹងសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃខាងមុខនេះ។ ប្រជាជនទូទាំងប្រទេស បានសម្តែងការពេញចិត្ត និងគាំទ្រនូវគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះវាបានផ្តល់អត្តប្រយោជន៍ជាច្រើនប្រជាជនកម្ពុជា។ ក្រុមយុវជនកាន់សាសនាអ៊ិស្លាមក្នុងខេត្តកំពង់ចាម ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងមានមោទកភាព ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា​មានការសាងសង់ព្រែកជីកហ្វូណនតេជោ​នេះឡើង ព្រោះ វាសមិទ្ធផលជាប្រវតិ្តសាស្រ្តមួយថ្មី ដែលបានផ្តល់ផលប្រយោជន៍​យ៉ាងច្រើន​ដល់កម្ពុជា ពោលគឺជួយការកាត់បន្ថយនៃការចំណាយផ្នែកដឹកជញ្ជូនផ្លូវទឹក ការស្រោចស្រព​លើវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ។ ក្នុងនោះដែរតាមវិហារអ៊ិស្លាម ក៏​បានត្រៀមរៀបចំទូងស្គរ និងចាក់មេក្រូសូត្រគម្ពីអាល់គួរអានផ្សព្វផ្សាយ ដើម្បីចូលរួមអបអរសាទរនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការណ៍ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តកំពង់ចាម មានការរៀបចំលើកស្លាកតាមទីសាធារណៈ និងបង្កើតកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ ដូចជាអុជកាំជ្រួច តាំងពិព័រណ៍ និងប្រគុំតន្ត្រី នៅទីវាលកំពុងរង់ចាំមាត់ទន្លេ ដើម្បីចូលរួមអបអរសាទរនៅថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការណ៍ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕ 

ពិធីបុណ្យសពអាកាសយានិកទាំង ២រូប រៀបចំនៅបរិវេណមូលដ្ឋានកងទ័ពជើងអាកាសពោធិ៍ចិនតុង

2024/07/30 03:54:35 pm        1307
ពិធីបុណ្យសពអាកាសយានិកទាំង ០២រូប គឺវរសេនីយ៍ទោ ស៊ុន ផល្លា និងអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវបានគណៈកម្មការរៀបចំពិធីបុណ្យសព បានរៀបចំរួចហើយ នាបរិវេណមូលដ្ឋាន​កងទ័ព​ជើងអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខណៈ​ដែលសពអាកាសយានិកទាំង២រូប​ក្រុមរុករក​កំពុងរៀបចំ​ដឹកចេញ​ពី​តំបន់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្ដេចធិបតី៖ កម្លាំងដែលអាចការពារបូរណភាពទឹកដីប្រកបដោយប្រសិទ្ធភាព និងចីរភាព គឺប្រជាជន

2024/07/30 03:23:52 pm        175
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤នេះ បានចេញសារតាមរយៈបណ្ដាញសង្គមដោយបានបញ្ជាក់ថា កម្លាំងដែលអាចការពារបូរណភាពទឹកដីប្រកបដោយប្រសិទ្ធភាពនិងចីរភាពគឺប្រជាជន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស នៅថ្ងៃទី៣០ ខែកក្កដានេះ បានធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។តាមរយៈខ្លឹមសារក្នុងបណ្ដាញសង្គម សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្តថា ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់៕ អត្ថបទ៖ វ៉ន ដារ៉ា

ពលរដ្ឋងាយរងគ្រោះបំផុត៥០៨គ្រួសារ នៅសង្កាត់គោករកា ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

2024/07/30 03:19:55 pm        111
ភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០៨គ្រួសារ រស់នៅសហគមន៍អណ្តូង៤ និងសហគមន៍អណ្តូង៦ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងសហគមន៍អណ្តូង៤ និងសហគមន៍អណ្តូង៦ នៃសង្កាត់គោករកាទាំងមូល។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព បើទោះបីជាយើងមានការលំបាកខាងផ្នែកជីវភាពក៏ដោយ ក៏យើងមានឱកាសរស់នៅក្រោមម្លប់សុខសន្តិភាព មិនដូចនៅតាមបណ្តាប្រទេស ដែលមានប្រជាជន កុមារតូចៗជាច្រើន បាននិងកំពុងរត់ភៀសខ្លួនពីភ្លើងសង្គ្រាមនោះឡើយ។ ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។ ​ប្រជាពលរដ្ឋទាំង៥០៨គ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាជន ព្រមទាំងបាននាំយកអំណោយផ្តល់ជូនគ្រួសារពួកគាត់ដែលកំពុងជួយការលំបាក។សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅសហគមន៍អណ្ដូង៤ និងអណ្ដូង៦ ជាប្រជាពលរដ្ឋដែលមានកម្រិតជីវភាពក្រីក្រលំបាក និងមានលំនៅដ្ឋានតូចចង្អៀតជាងសហគមន៍ផ្សេងទៀត ដែលមានគ្រួសារងាយរងគ្រោះបំផុត និងរងហានិភ័យសរុប ៥០៨គ្រួសារ ដែលមកពីតំបន់មិនរៀបរយជិតអគារប៊ូឌីង មកពីតំបន់ដីក្រហម (សំបុកចាប) និងអ្នកដែលមកពីលើមាត់លូ ប្រឡាយនានាក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នប្រជាពលរដ្ឋមករស់នៅទីនេះ ទទួលបានលំនៅឋាន ផ្ទះមួយល្វែងធ្វើពីបេតុង ប្រក់ស័ង្កសីទំហំ ៤មx៥ម មានប្រព័ន្ធលូ អគ្គិសនីរដ្ឋ និងមានទឹកស្អាតសម្រាប់បរិភោគនិងប្រើប្រាស់។ ប្រជាពលរដ្ឋនៅទីនេះភាគច្រើនជាអ្នកប្រកបមុខរបរកម្មករ កម្មការិនី លក់ដូរបន្តិចបន្តួច លក់លៀសហាល ខ្ចៅស្ងោ ដើររើសអេតចាយ និងលក់ដូររបស់ហូបចុកតាមរបៀបរទេះរុញនៅនឹងកន្លែង ឬចល័ត។ យ៉ាងណាម៉ិញ ប្រជាពលរដ្ឋក្រីក្រជួបការលំបាករស់នៅសហគមន៍អណ្តូង៤ និងសហគមន៍អណ្ដូង៦នេះ ក៏ដូចជាប្រជាពលរដ្ឋក្រីក្ររស់នៅសង្កាត់គោករកាទាំងមូល ទទួលបាននូវប័ណ្ណសមធម៌ក្រីក្រក្នុងកញ្ចប់គ្រួសារ ដែលមានប្រាក់ឧបត្ថម្ភប្រចាំខែរបស់រដ្ឋ និងសម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនអស់ថ្លៃ។ សូមបញ្ជាក់គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០០.០០០រៀល៕ អត្ថបទៈ សំ ងីម

សម្ដេចធិបតីសម្តែងមរណទុក្ខដ៏សែនក្រៀមក្រំជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិកទាំងពីររូប

2024/07/30 03:16:41 pm        83
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤នេះ បានចេញសារចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុត ជូនដល់ក្រុមគ្រួសារនៃសព អាកាសយានិកទាំងពីររូបដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសរសេរថា មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប។ ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថាបានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ។ សម្ដេចថ្លែងថា៖«ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុត ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុសដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន ។ ហើយនេះ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងពីរ ឆាប់បានចាប់បដិសន្ធិក្នុងសុគិភពកុំបីឃ្លៀងឃ្លាតឡើយ»។ក្នុងឱកាសនេះ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គទាំងយប់ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់ រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យនៅក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល ១៨ ថ្ងៃកន្លងមកនេ៕

សិស្សានុសិស្សហាត់ច្រៀងចម្រៀងចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/30 03:12:06 pm        135
កណ្ដាល ៖ ខណៈពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាន់តែខិតជិតមកដល់ បណ្ដាសាលារៀននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត នឹងរៀបចំការជួបជុំ ដោយភ្ជាប់ជាមួយសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងមមាញឹកហាត់សមជាក្បួន ក៏ដូចជាហាត់សមច្រៀង បទចម្រៀងដើម្បីអបសាទរព្រែកជីកហ្វូណន នៅថ្ងៃបើកការដ្ឋានសាងសង់ផងដែរ។​សម្រាប់សិស្សសិក្សានៅបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងរយៈពេលប្រមាណមួយសប្ដាហ៍មកនេះ កំពុងហាត់សមការច្រៀង ចម្រៀង «ព្រែកជីកហ្វូណនគាំទ្រសេដ្ឋកិច្ច»។ ការហាត់សមនេះ គឺដើម្បីសម្ដែងនៅថ្ងៃទី ៥ខែ សីហា ខាងមុខ ដើម្បីអបអរសាទរ ការបើកការដ្ឋានសាងសង់។ នេះជាការលើកឡើងរបស់ សិស្ស ដែលបានចូលរួមហាត់ច្រៀងបានយ៉ាងស្ទាត់ជំនាញ។លោក ផុន ណាត ជានាយកសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស លើកឡើងថា លោកគ្រូ អ្នកគ្រូ បានបង្ហាត់បទចម្រៀងបទចម្រៀងនេះទៅសិស្សគ្រប់ថ្នាក់ទាំងអស់។ លោកថា ការរៀបចំនេះដើម្បីឱ្យកុមារជាសិស្សទាំងអស់ចងចាំនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ជាតិ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ខែសីហាក្រោមអធិបតីភាព សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ដែលភ្ជាប់ពីទន្លេទៅកាន់សមុទ្រ នឹងឆ្លងកាត់ខេត្តចំនួនបួន ក្នុងនោះរួមមាន ខេត្តកណ្ដាល ខេត្តតាកែវ កំពត និងខេត្តកែប៕អត្ថបទ៖គឹមហុក

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដោយចាត់ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកិច្ចការសំខាន់ និង ចម្បង

2024/07/30 02:49:54 pm        60
កំពង់ចាម ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយនៅវេលាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានតាមឃុំទាំង ១២ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រាជរដ្ឋាភិ បាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដូចដែលបានដាក់ចេញយ៉ាងច្បាស់ក្នុងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដែលកម្មវិធីនយោបាយទាំងនេះ ពិតជាបានឆ្លើយតបនឹងការវិវត្តន៍នៃសង្គមជាតិ និងបានចាត់ទុកជីវភាពរស់នៅរបស់ប្រជាពល រដ្ឋជាកិច្ចការសំខាន់ និងចម្បង។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា រយៈពេលជាង ១១ខែនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់ការថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស ការផ្តល់ជំនួយសង្គម និងការជំរុញវិស័យសេដ្ឋកិច្ច ជាដើម ដើម្បីអនាគតកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា។  តាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម លី ធុជ បានណែនាំក្រុមការងាររាជ រដ្ឋាភិបាលគ្រប់ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនអំពីវឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលទាំង ១២ ឃុំ ចុះធ្វើវេទិកាសាធារណៈតាមមូលដ្ឋានរបស់ខ្លួន ចាប់ពីចុងខែកក្កដា ឆ្នាំ២០២៤ រហូត ដល់ដំណាច់ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រមូលដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបន្តខិតខំជំរុញការដោះស្រាយបញ្ហាប្រឈមនានានៅតាមមូល ដ្ឋាន ដើម្បីដោះស្រាយឆ្លើយតបនូវសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។សូមជម្រាបថាសមាជិកក្រុម ការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានទាំង១២ ប្រកាសនាថ្ងៃនេះ មានចំនួនសរុប ៣៦៥នាក់ និងមានសមាស ភាពចូលរួមពីអន្តរក្រសួង ក្រុមប្រឹក្សាខេត្ត រដ្ឋ បាលខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំទាំង១២៕អត្ថបទ ៖ ភារម្យ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តអំពាវនាវដល់ពលរដ្ឋចូលរួមសម្អាតសំរាមសំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍

2024/07/30 01:23:31 pm        161
ក្រចេះ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរដល់អាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំអនាម័យបរិស្ថាន ទីប្រជុំជន និងទីក្រុងស្អាត គ្មានថង់សំរាមរាយប៉ាយតាមដងផ្លូវដូចពីពេលមុន។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការទុកដាក់សំរាម ការប្រែឥរិយាបទវិជ្ជមានចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសអញ្ជើញជាអធិបតីបើក បើកយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» ស្ថិតនៅខេត្តក្រចេះ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តក្រចេះ អង្គការGIZ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដោយមានការចូលរួម ពីប្រតិភូថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រុង ព្រះសង្ឃ ល៩កគ្រូអ្នគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើននាក់។នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និង​ជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យ​នៃ​ភាពស្អាតនេះ មួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែលមានចំនួនជិត៨,៧លាននាក់ ​នៅលើប្រធានបទ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » ។ជាមួយគ្នានេះ ការសម្អាតសម្រាមសំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំង​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស ​ក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាបន្តទៀត ចំពោះការចូលរួម​សម្អាតសំរាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប​ នឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកម្ពុជាផងដែរ ។ជាមួយគ្នានេះ ​ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ បានសំដែងការគាំទ្រ​យុទ្ធសាស្រ្តចក្រា​វិស័យបរិស្ថាន ដែលបាក់ចេញដើម្បីភាពស្អាត ​ភាពបៃតង និងឆ្ពោះទៅ​ការអភិវឌ្ឍដោយចីរភាព។ តាមរយៈកម្មវិធីនៅថ្ងៃនេះ ​ឯកឧត្តមបានស្នើឱ្យមានការចែករំលែក និងការចូលរួមទាំងអស់គ្នា ទុកដាក់សំរាមឱ្យបានល្អ ​ដើម្បីជៀសវាងកុំឲ្យរាយប៉ាយ ហើយងាយស្រួលក្រុមការងារប្រមូល​យកទុកឲ្យមានរបៀបរៀបរយផងដែរ ​និងធ្វើឱ្យមូលដ្ឋាននិងសហគមន៍ស្អាត។ ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ​នឹងបន្តគាំទ្រចូលរួមយុទ្ធនាការដាក់ចេញដោយក្រសួង​បរិស្ថាន សម្អាត​អនាម័យ និងវិចខ្ចប់សម្រាម​ នៅទីតាំងរបស់ខ្លួន ​ដើម្បីសោភ័ណ្ឌភាព និងអនាម័យ​បរិស្ថាន​ស្អាត​នៅពេលអនាគត៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី៖ អាមេរិក ធ្វើការវាយប្រហារថ្មីនៅអ៊ីរ៉ង់ទៅលើទីតាំងយោធា និងយានដ្រូន
05/28/2026 09:05 AM
មេដឹកនាំអ៊ុយក្រែន បានផ្ញើលិខិតស្នើសុំគ្រាប់រំសេវការពារដែនអាកាស Patriot ពីលោក Trump
05/28/2026 09:05 AM
អ៊ីស្រាអែលចេញបញ្ជាជម្លៀសប្រជាជនចេញពីតំបន់ភាគខាងត្បូងលីបង់ និងប្រកាសជាតំបន់ប្រយុទ្ធ
05/28/2026 08:05 AM
លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ
05/28/2026 08:05 AM
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM