លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារកម្ពុជា​ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺនាក់ក្នុងមួយឆ្នាំៗ
មួយឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និង​រក្សាការពារសន្តិភាព
ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់ឡើងវិញអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់
បច្ចុប្បន្នភាពករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ

[UPDATE] រកឃើញសាកសពអាកាសយានិកម្នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក

2024/07/29 05:39:54 pm        939
ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ នៅវេលាម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅក្នុងឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងបន្តស្វែងរក។ នេះបើតាមការបញ្ជាក់ពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផ្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង ត្រូវបានកងកម្លាំងរុករកពីខាងលើ តំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រប្រទះឃើញពីលើអាកាសនៅចំណុចចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់.

សាខាកាកបាទក្រហមខេត្តកំពង់ចាម និងខេត្ដមណ្ឌលគីរី ចុះអនុស្សារណៈដើម្បីលើកកម្ពស់វិស័យមនុស្សធម៌

2024/07/29 05:35:59 pm        45
កំពង់ចាម ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ស្នាក់ការកណ្ដាល បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នារវាង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគីរី ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពម្ចាស់ការរបស់សាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ និងការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការងារលើកកម្ពស់បរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ក្នុងភូមិសាស្រ្តនៃខេត្តទាំងពីរ។ ក្នុងករណីភាគីណាមួយ ស្នើសុំការឧបត្ថម្ភគាំទ្រ ពីភាគីម្ខាងទៀតនោះ ភាគីស្នើសុំត្រូវលើកសំណើដោយភ្ជាប់មកជាមួយ នូវផែនការសកម្មភាព និងផែនការថវិកាចំណាយ ជូនទៅភាគីជាដៃគូ ដើម្បីពិចារណាផ្តល់ការឧបត្ថម្ភ។លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាការចែករំលែកក្នុងសមាគមជាតិយើងរវាងសាខា ដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច។ លោកជំទាវបានបន្ដទៀតថា ទោះបីជាសាខាទាំងពីរ បានចុះហត្ថលេខាអនុស្សារណៈជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្ដាលកាកបាទ្រហមកម្ពុជា នៅតែបន្តការយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់ គឺនៅតែជាជំហរផ្ដល់ផ្នែកបច្ចេកទេស និងជាខ្នងបង្អែក ក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន។គួររម្លឹកថាសម្រាប់ឆ្នាំ២០២៤នេះ មានពិធីចុះអនុស្សារណៈចំនួន៣គូររួចមកហើយ ដោយគូរទី១ គឺមានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង សាខាខេត្តស្ទឹងត្រែង, គូរទីពីរសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងសាខា ខេត្តរតនគីរី, ហើយគូរទី៣នេះគឺសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាខេត្ដមណ្ឌលគីរី ដោយអនុស្ស រណៈនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៧ ដោយសាខាទាំងពីរចុងក្រោយនេះ ត្រូវអនុវត្តតាមខ្លឹមសារ នៃអនុស្សរណៈយោគយល់នេះ ដោយអនុលោមតាមកម្រងច្បាប់ កាកបាទក្រហមកម្ពុជា៕​អត្ថបទៈ សំ ងីម​

សម្ដេចតេជោ ស្នើអភិបាលខេត្តឃ្យុងសាងប៊ុកដូកូរ៉េ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា

2024/07/29 05:31:40 pm        406
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងបុកដូ  នៃសាធារណរដ្ឋកូរ៉េចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី២៩ ខែកក្កកដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ឯកឧត្តមអភិបាលខេត្ត ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។ សម្តេចតេជោ មានប្រសាសន៍បន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ ដែលសម្តេច យល់ឃើញថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក។ សម្តេចតេជោ ក៏បានសំណូមពរទៅឯកឧត្តមអភិបាលខេត្ត ជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅប្រជាជនកូរ៉េ ដើម្បីទេសចរកូរ៉េ បានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអភិបាលខេត្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសកូរ៉េ នៅខែកញ្ញា នាពេលខាងមុខ ដើម្បីចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” សម្តេច ក៏នឹងត្រូវទៅទទួល “សញ្ញាបត្របណ្ឌិតកិត្តិយសនៃភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk Wise នៅខេត្តឃ្យុងសាងបុកដូផងដែរ។ សម្តេចតេជោ មានប្រសាសន៍ថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋកូរ៉េ សម្តេចក៏នឹងជួបពិភាក្សាជាមួយ មិត្តចាស់របស់សម្តេចមួយចំនួននៅទីនោះ ដោយសម្តេចបញ្ជាក់ថា ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសនីមួយៗ មិនពឹងផ្អែកតែលើទំនាក់ទំនងរវាងប្រទេសនិងប្រទេសនោះទេ ប៉ុន្តែវាអាស្រ័យលើទំនាក់ទំនងរវាងបុគ្គល និងបុគ្គលជាមេដឹកនាំនៃប្រទេសនោះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លី ឈូលវ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបាន ផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរពីការចងចាំដ៏ច្បាស់លាស់ និងអារម្មណ៍ល្អរីករាយរបស់សម្តេចតេជោ ដែលបង្ហាញថា សម្តេចតេជោ មានសុខភាពរឹងមាំណាស់ ប្រាកដជាមានអាយុយឺនយូរជាទីបំផុត។ ឯកឧត្តម ពិតជារីករាយ នឹងត្រៀមរៀបចំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ខេត្តឃ្យុងសាងបុកដូ នាពេលខាងមុខឱ្យបានល្អប្រសើរជាទីបំផុត។ជាទីបញ្ចប់សម្តេចតេជោ ប្រធានព្រឹទ្ធសភា សូមអរគុណឯកឧត្តមអភិបាលខេត្តចំពោះការពាំនាំការសួរសុខទុក្ខរបស់សម្តេច ជូនឯកឧត្តម ប្រធានាធិបតី Yoon Suk Yeol និងសូមអរគុណ ប្រធានាធិបតី ដែលបានទទួលជួបនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ សម្តេចបានជូនពរឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ និងគណៈប្រតិភូ បន្តមានសុខភាពរឹងមាំ និងទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មការងារជូនដល់ខេត្តឃ្យុងសាងបុកដូ៕

ឯកអគ្គរដ្ឋទូតថ្មីស៊ីលីប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា

2024/07/29 05:11:31 pm        421
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងឆាប់រហ័ស នៅកម្ពុជា ព្រមទាំងបានចាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរឯកឧត្តម Patricio Fernando Powell Osorio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ស៊ីលី ប្រចាំកម្ពុជា ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលី។ ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំស៊ីលី ដែលមាននិវេសនដ្ឋាន នៅប្រទេសប្រេស៊ីល។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាលស៊ីលី ដែលបានសម្រេចគាំទ្របេក្ខភាពកម្ពុជា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ ផងដែរ។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីវិស័យសក្កានុពលសម្រាប់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ថាមពលកកើតឡើងវិញ បរិស្ថាននិងនិរន្តភាព និងការទប់ស្កាត់គ្រោះមហន្តរាយ ៕

ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាបីថ្ងៃ

2024/07/29 04:28:52 pm        92
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលបីថ្ងៃគឺចាប់ពី ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូកងទ័ពប្រជាជនឡាវនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។បន្ទាប់មកនឹងអញ្ជើញទៅទស្សនកិច្ចនៅកងពលតូចលេខ៧០ ចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

[BREAKING NEWS] ឧទ្ធម្ភាគចក្រដែលបានបាត់នៅខេត្តពោធិ៍សាត់ត្រូវបានរកឃើញហើយ នៅរសៀលថ្ងៃនេះ

2024/07/29 03:18:00 pm        1423
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ ឧទ្ធម្ភាគ ចក្រ ដែលបានធ្លាក់បាត់នៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះត្រូវបានក្រុម រុក រកប្រទះ ឃើញហើយ តែការរកឃើញនេះគឺបានឃើញពីលើអាកាស តែប៉ុណ្ណោះខណៈក្រុមការងាររុករកមិនទាន់ ដល់កន្លែងកើតហេតុដោយផ្ទាល់នោះទេ។ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាមនាថ្ងៃនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា«ថតពីលើមេឃឃើញ ប៉ុន្តែកម្លាំង(កម្លាំងរុករក)អត់ទាន់ចូលដល់ទេ…យើងថតពីលើឧទ្ធម្ភាគចក្រទៅឃើញ ដោយសារតែអាកាសធាតុល្អ រកឃើញទូយន្តហោះហើយ រកឃើញទង់ជាតិហើយ តែយើងគ្រាន់តែអត់ទាន់បានដល់ ឥឡូវកម្លាំងថ្មើរជើងយើងនៅប្រហែលជិតមួយគីឡូទៀតបានចូលដល់ ដោយសារព្រៃក្រាស់ និងភ្នំខ្ពស់»។សូមបញ្ជាក់ថាឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា(ធ្លាក់) នៅតំបន់​ភ្នំជួរ​ក្រវាញ​រវាងព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកោះកុងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​កន្លង​ទៅ​នេះខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)៕ អត្ថបទបាន ចក់

អភិបាលខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2024/07/29 03:17:12 pm        406
ក្នុងឱកាសនៃជំនួប ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបញ្ជាក់កាន់តែច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមអភិបាលខេត្ត បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការសម្របសម្រួលដ៏ល្អប្រសើរ ជាពិសេស សកម្មភាពមនុស្សធម៌របស់គណប្រតិភូខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា ក៏ដូចការរៀបចំ “ពិព័រណ៍អង្គរ-ឃ្យុងយុ” នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសខេត្តឃ្យុងសាងប៊ុកដូ ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដូចជាការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តឃ្យុងសាងប៊ុកដូ និងខេត្តកំពង់ធំ នាពេលថ្មីៗនេះ។ សម្ដេចធិបតី និងឯកឧត្តមអភិបាលខេត្ត ក៏បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ជោគជ័យក្នុងការអនុវត្តនូវគម្រោងភូមិថ្មី (Saemaul Undong) នៅកូរ៉េ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការ របស់រាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ព្រមទាំងក៏បានលើកទឹកចិត្តឱ្យឯកឧត្តមអភិបាលខេត្ត បន្តផ្សព្វផ្សាយសក្កានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕

ប្រជាពលរដ្ឋក្នុងឃុំត្រងិលសប្បាយចិត្តខ្លាំង ក្រោយឃើញមន្ត្រីនៃមន្ទីរដែនដី ចុះធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់

2024/07/29 01:59:49 pm        124
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយពីឃើញមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់។ ប្រជាពលរដ្ឋបានសំដែងការដឹងគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅលើដីកោះមួយនេះ។ ប្រជាពលរដ្ឋបានអោយដឹងថា៖ កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានជួយដល់សុខទុក្ខប្រជាពលរដ្ឋមិនរើសអើងនិន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏រឹតតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេរឡើង។ នៅក្នុងអាណត្តិរបស់សម្តេចធិបតី លោកបានអោយក្រុមការងារមន្ត្រីសូរិយោដីនៃក្រសួង និងមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អោយបានលឿន ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់ ។ លោក សុខ សម្បត្តិ ប្រធានក្រុមទី១ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លីដោយស្របច្បាប់ កម្លាំងមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកវាស់វែង និងចេញប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង មានទាំងអស់៤ក្រុម គឺធ្វើយ៉ាងណាពន្លឿនការងារនេះអោយទាន់តាមគោលការណ៍សម្តេចធិបតីនាយករដ្ឋមន្ត្រី។ នៅរដូវនេះ ដីតំបន់២មួយចំនួនត្រូវបានទឹកទន្លេឡើងលិច ដូចនេះមន្ត្រីនៃមន្ទីរដែនដីត្រូវប្រើទូក និងចុះទៅតាមគោលដៅដែលប្រជាពលរដ្ឋបានចង្អុលបង្ហាញ។ នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់។ ប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារប័ណ្ណកម្មសិទ្ធិដីនេះកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដី នោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ ស្របតាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់គ្រប់គ្នាតែម្តង ៕ កាំង ហុងវាស្នា

កម្ពុជា-ហ្វីលីពីនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកឱ្យកាន់តែរឹងមាំ

2024/07/29 01:27:16 pm        168
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពនៃប្រទេសហ្វីលីពីន និងកម្ពុជា។ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកបានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងមិនប្រពៃណី ជាយថាហេតុ។ សម្ដេចធិបតី និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់​លើការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ​ថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែក​ព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស ​ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណៈក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះ​នៅពេល​មានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញឱ្យមាននូវកិច្ច​សហប្រតិបត្តិការរវាងអង្គភាព ​និងអង្គភាព​ នៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕

ក្រសួងសង្គមកិច្ច ដាក់ចេញគោលនយោបាយផ្តោតលើការថែទាំជំនួស លើកុមារកំព្រា និងងាយរងគ្រោះ

2024/07/29 01:22:25 pm        178
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសផ្សព្វផ្សាយ គោលនយោបាយថ្មី ស្ដីពីការថែទាំជំនួសចំពោះកុមារ។ គោលនយោបាយនេះផ្តោតសំខាន់ ទៅលើ​ការថែទាំ​ជំនួស​សម្រាប់​កុមារ​កំព្រា កុមាររងគ្រោះ និងងាយរងគ្រោះ ដែលពុំមែនជាកុមារ​ដែល​ស្ថិត​ក្រោម​ការថែទាំ​របស់​ឪពុកម្ដាយបង្កើត។ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយ​មាន​ការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ ក៏ដូចជាមន្ត្រីមកពីក្រសួងស្ថាប័ន និងរដ្ឋបាល​រាជ​ធានី-ខេត្ត បានប្រកាសផ្សព្វផ្សាយគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ។ គោល​នយោបាយ​នេះ ផ្តោតសំខាន់លើការថែទាំជំនួសសម្រាប់កុមារកំព្រា កុមាររងគ្រោះ និងងាយ​រង​គ្រោះ ដែលពុំមែនជាកុមារដែលស្ថិតក្រោមការថែទាំរបស់ឪពុកម្ដាយបង្កើត។ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ខ្លឹមសា​រ​គន្លឹះ​នៃ​គោលនយោបាយនេះ ផ្តោតលើ ៤ចំណុចសំខាន់ៗ។ ចំណុចសំខាន់ទី ១ សំដៅលើ ការ​កំណត់​មុខ​សញ្ញារបស់កុមារដែលត្រូវកិច្ចការពារ និងការថែទាំ រីឯចំណុចសំខាន់ទី ២ផ្តោត​លើ​ការ​កំណត់​ប្រភេទ​នៃការថែទាំជំនួស ដែលរាប់បញ្ចូលទាំងការថែទាំក្រៅផ្លូវការ និងការថែទាំផ្លូវការ។ ចំពោះ​ចំណុចសំខាន់ទី ៣ ផ្តោតលើការកំណត់ពីគំរូនៃសេវាកម្មថែទាំជំនួស និងចំណុច​សំខាន់​ចុ​ង​ក្រោយ​គឺការកំណត់ពីគោលការណ៍ ចក្ខុវិស័យ គោលបំណង គោលដៅ សុទ្ធសាស្ត្រ ផែនការ យន្តការ ការគាំទ្រហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការត្រួតពិនិត្យតាមដាន។ក្នុង​ពិធីផ្សព្វផ្សាយដដែលនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា លើកឡើងថា គោលនយាបាយស្ដីពីការថែទាំជំនួសចំពោះកុមារ នេះគឺ​ជា​វឌ្ឍនៈ​ភាព​ថ្មី​មួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារ ដែលខ្ញុំសូមចាត់ទុកថា វា​ជា​បរិបទ​មួយយ៉ាងសំខាន់ក្នុងការខិតខំគិតគូររួមគ្នាដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា តាមរយៈ​ការ​ធ្វើឱ្យ​ប្រសើរឡើងនូវគុណភាពសេវា ការគ្រប់គ្រងមណ្ឌលថែទាំកុមារ ការលើក​កម្ពស់​ថែទាំ​កុមារ​នៅ​តាម​គ្រួសារ និងសហគមន៍ ស្របតាមកម្ម​វិធីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសគោលការណ៍​នៃ​ការថែទាំ​ជំនួស​ចំពោះ កុមាររបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិកុមារ៕ អត្ថបទ៖ គឹមហុក 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កោះតៃវ៉ាន់ ជំរុញឱ្យអាមេរិក បន្តលក់អាវុធ ដោយលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំរវាងភាគីទាំងពីរ
05/28/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារកម្ពុជា​ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺនាក់ក្នុងមួយឆ្នាំៗ
05/28/2026 12:05 PM
មួយឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និង​រក្សាការពារសន្តិភាព
05/28/2026 12:05 PM
ប្រជាជនហ្កាហ្សា ប្រមូលផ្តុំគ្នាសម្រាប់ការបួងសួងបុណ្យ Eid ក្នុងពេលមានជម្លោះ និងការលំបាកនៅបន្ត
05/28/2026 11:05 AM
រដ្ឋមន្ត្រីការបរទេស៖ អាមេរិក មិនអនុញ្ញាតឱ្យមានករណីជំងឺអេបូឡាណាមួយ ចូលក្នុងប្រទេសបានទេ
05/28/2026 11:05 AM
អ្នកវិភាគ៖ ភាពមិនប្រាកដប្រជានៃនយោបាយអាមេរិក និងសង្គ្រាមនៅអ៊ីរ៉ង់ នឹងគ្របដណ្ដប់លើកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី
05/28/2026 11:05 AM
ភាពតានតឹងថ្មីកើនឡើងនៅជុំវិញភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក
05/28/2026 11:05 AM
ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់ឡើងវិញអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់
05/28/2026 11:05 AM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះនៅឡាវ ត្រូវការអុកស៊ីសែនបន្ថែមទៀត ដើម្បីបញ្ចប់បេសកកម្មជួយអ្នកជាប់ក្នុងរូងភ្នំ
05/28/2026 11:05 AM
បច្ចុប្បន្នភាពករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ
05/28/2026 10:05 AM