សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យការជួសជុលតភ្ជាប់កំណាត់ផ្លូវជាតិលេខ១០ ដែលបាក់ស្រុត

2024/07/27 05:23:48 pm        457
ពោធិ៍សាត់៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុន នៅកំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 ដែលបានរអិលបាក់ស្រុត ស្ថិតក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ។ ទីតាំងលើកំណាត់ផ្លូវជាតិ ដែលមានដីរអិលបាក់ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោកជាំ ប្រមាណ២សប្តាហ៍ជាប់ៗគ្នា ដែលមានកំរិតទឹកភ្លៀងខុសពីធម្មតា បានធ្វើឱ្យហូរច្រោះដីនៅស្រទាប់​ខាងក្រោម និងបាក់ស្រុត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងភាគីក្រុមហ៊ុន បានធ្វើការយ៉ាងសកម្ម ក្នុងការជួសជុល និងតភ្ជាប់ឡើងវិញ ​រហូតអាចចរាចរណ៍ជាបណ្តោះអាសន្នបានសម្រាប់រថយន្តធុនស្រាល និង​ខិតខំរួមគ្នាបន្តដោះស្រាយ ដើម្បីអាចបើកចរាចរណ៍ធម្មតានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ​ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេច​បាន៨៩,៥៦% ហើយ។ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើម​សាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង

2024/07/27 05:00:11 pm        503
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យ នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលជាតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ ។ ឯកឧត្តម ឆាយ ឫទ្ធិសែន មានប្រសាសន៍បន្ថែមថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិមុនបាន បង្កើតឡើងក្នុងឆ្នាំ២០២១ ពោលគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានផ្ដល់ដីសម្បទាន សង្គមកិច្ច​ប្រមាណជាង ៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារ ឱ្យបានរស់នៅ និងកសាងជីវភាពថ្មី ហើយរាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ននៅ​តែ​បន្តកិច្ចការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះ ដើម្បីជួយសម្រួលការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តែអ្វីដែលសំខាន់គឺបងប្អូន​ត្រូវខិតខំ​ដាំដុះដំណាំផ្សេងៗ និង​ចិញ្ចឹម​សត្វជាដើម​ ដើម្បីជួយសម្រួលជិវភាពបន្ថែម កុំយកពេលទៅ​លេងល្បែង ឬ ផឹកគ្រឿងស្រវឹង ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ​បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺប្រើប្រាស់ថវិកា​របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប ដោយផែនការអភិវឌ្ឍ​កសាងក្នុងឆ្នាំ២០២៤នេះ រួមមាន​ការស្ថាបនាផ្លូវចំនួន០២ខ្សែ ប្រវែងសរុប ១០គីឡូនិង២០០ម៉ែត្រ ទទឹងខ្នងលើក្រាលល្បាយក្រួស , សាងសង់លូប្រអប់មុខបួនចំនួន២កន្លែង, លូប្រអប់មុខពីរចំនួន១កន្លែង, លូមូលមុខពីរចំនួន៤កន្លែង, និងលូមូលមុខមួយចំនួន៥កន្លែង ។ លទ្ធផលជារួម ការងារស្ថាបនាតួផ្លូវសម្រេចបាន១០០% សំណង់លូមូលរួចរាល់បាន៧កន្លែង គិតជាភាគរយសម្រេចបានប្រមាណ៧០%នៃការងាររួម។ ហើយកាលពីក្នុងឆ្នាំ ២០២២ បានស្ថាបនាផ្លូវល្បាយក្រួស (២កំណាត់) ប្រវែង ១០គីឡូនិង៧០០ម៉ែត្រ សាងសង់​ទំនប់បង្ហៀរមានបង្កប់លូមូលមុខ១០ចំនួន១កន្លែង ប្រវែង៥០ម៉ែត្រ​ ទទឹង៨ម៉ែត្រ និង​មានរៀបថ្មសងខាង និងកសាងលូផ្សេងៗសរុប១៦កន្លែង ​ហើយក្នុងឆ្នាំ២០២១ បានស្ថាបនា​ផ្លូវល្បាយក្រួស (២កំណាត់) ប្រវែង ១០គីឡូ និង៧០០ម៉ែត្រ និងលូផ្សេងៗ២១កន្លែង ៕អត្ថបទ៖ ភិរុណ ពៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅពេលយប់ ក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្របែក ខេត្តព្រៃវែង

2024/07/27 04:35:49 pm        473
នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបញ្ចប់ពិធិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅខេត្តស្វាយរៀង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញឆ្លៀតឱកាសបន្ថែម ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាល នៅតាមផ្លូវត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដ្ឋាន។ក្នុងអំឡុងពេលនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានវត្តមានបុគ្គលិក ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ទៅតាមជំនាញនីមួយៗ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បាន សំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ព្រមទាំងបានការ​កោត​សរសើរ និងថ្លែងអំណរគុណមន្រ្តីសុខាភិបាល ដែលបានបម្រើការផ្តល់សេវាជូន​ប្រជាពលរដ្ឋ​ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។ ឯកឧត្តមសាស្រ្តាចារ្យ​ ក៏បានសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានថ្លែងអំណរគុណជូនប្រជាពលរដ្ឋ ដែលទុកចិត្តមកទទួលសេវាសុខាភិបាលសាធារណៈ៕

ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្ស នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ

2024/07/27 02:59:31 pm        461
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ច ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត, នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤។ក្នុងកិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួប​ប្រជុំជាមួយក្រុមការងារទៀងទាត់ដើម្បីបូកលទ្ធផលការងារខែកក្កដា និងដាក់ទិសដៅការងារ​បន្ត​សម្រាប់ខែសីហា។ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ​ ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិក សមាជិកា ​គណបក្សប្រជាជនជនកម្ពុជាទាំងអស់ ដែលបានពុះពារ​ប្រឹងប្រែង​រួមគ្នាក្នុងការសម្រេចការងារ ​និងនាំភាពឈ្នះមកជូនគណបក្សប្រជាជនជាបន្តបន្តាប់។បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ​ឯកឧត្តមបានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ។ ឯកឧត្តម បានមានប្រសាសន៍ថា ​សុខុដុមរមនីយកម្ម កម្មាភិបាលជំនាន់មុន និង​កម្មាភិបាលជំនាន់​ក្រោយ ​មានលក្ខណះបំពេញបន្ថែមគ្នាទៅវិញទៅមក ដែលក្នុងនោះគឺក្មេងដើរលឿន តែមិនទាន់​ស្គាល់ផ្លូវ តែកម្មាភិបាលជំនាន់មុនស្គាល់ផ្លូវ ​ហើយមានការចែករំលែក ផ្តល់ដំបូន្មានដល់​កម្មាភិបាលជំនាន់ក្រោយ ដើម្បីទទួលបានជាពុទ្ធិបន្ថែមដើម្បីអនុវត្តការងារ។ ជាមួយគ្នានោះ ​ឯកឧត្តមក៏បានណែនាំ ​ដល់សមាជិក សមាជិកា ឱ្យបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស​ និងបន្តយកចិត្តទុកដាក់លើការថែរក្សាសុខសុវត្ថិភាព និង​តម្រូវការរបស់ប្រជាជនផងដែរ៕អត្ថបទ រដ្ឋា 

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសាធារណៈ និងជួបមន្រ្តីរាជការសុខាភិបាល ខេត្តស្វាយរៀង

2024/07/27 02:33:39 pm        528
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពបាសាក់ មនី្ទរពេទ្យបង្អែកសាមគ្គីរំដួល មនី្ទរពេទ្យខេត្តស្វាយរៀង និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។នាឱកាសចុះពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមនី្ទរពេទ្យខេត្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល ដែលបានបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកត់សម្គាល់នូវការរីកចម្រើនទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្ស បើទោះជាការបណ្តុះបណ្តាលបន្ថែមលើសមត្ថភាព​បុគ្គលិកសុខាភិបាលនៅជាតម្រូវការចាំបាច់មិនអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងបានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវតែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងនវានុវត្តន៍។តមកនាល្ងាចថ្ងៃដដែល ក្នុងឱកាសសំណេះសំណាលជាលក្ខណៈគ្រួសារធំ នៃវិស័យសុខាភិបាល រួមជាមួយវត្តមានជាពិសេសឯកឧត្តម លោកជំទាវអាជ្ញាធរមូលដ្ឋាន ឯកឧត្តមសមាជិកក្រុមប្រឹក្សា លោកជំទាវអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានកោតសរសើរការខិតខំប្រឹងប្រែងចាប់ពីបុគ្គលិកសុខាភិបាល រហូតដល់ថ្នាក់ដឹកនាំសុខាភិបាល​ខេត្តស្វាយរៀង ដែលចូលរួមលើកកម្ពស់គុណភាពសេវាថែទាំព្យាបាល ផ្តោតសំខាន់លើអនាម័យ សោភណ្ឌ័ភាពទីតាំងផ្តល់សេវា និងរក្សាបានឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ រីករាយទទួល​បងប្អូន​ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកពីមណ្ឌលសុខភាពគំរូមួយ ក្នុងចំណោមមណ្ឌលសុខភាព​ទាំង​ឡាយទូទាំងប្រទេស គឺមណ្ឌលសុខភាពបាសាក់ ដែលអាចដកយកជាបទពិសោធន៍ជូនទៅ​មណ្ឌលសុខភាពដទៃក្នុងខេត្ត។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកជូនជ្រាបពីកិច្ចការនៅខ្វះចន្លោះមួយចំនួនដែលសុខាភិបាលខេត្តត្រូវបន្តបំពេញបន្ថែម ដែលក្នុងនោះប្រសិទ្ធិភាព សុវត្ថិភាព និងគុណភាពនៃការថែទាំព្យាបាលអ្នកជំងឺ គឺជាអាទិភាពខ្ពស់បំផុត និងបានផ្តល់ជូនកិច្ចការអទិភាពដែលត្រូវចាប់យកមកអនុវត្ត និងតាមដានមើលការវាស់វែងលទ្ធផលនៃការអនុវត្ត ក្នុងនោះរួមមាន៖បង្កើនការយកចិត្តទុកលើការងារអនាម័យ និងភាពស្អាតក្នុងទីតាំងផ្តល់សេវាថែទាំ ព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាព នៃការព្យាបាលឆាប់ជាសះស្បើយ។- ពង្រឹងគុណភាព លើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។- ពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញ ដើម្បីឈានទៅការបណ្តុះបណ្តាលជាប់ជាប្រចាំ។ - ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់អោយបានគង់វង្សយូរអង្វែង។- បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ។- ត្រៀមទាំងលក្ខណៈបច្ចេកទេស និងធនធានមនុស្ស សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។- ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។-បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាលឱ្យបានល្អ និងនៅរក្សាបានដំណើរការប្រកបដោយគុណភាព និងយូរអង្វែង។- រួមគ្នាគិតពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល។- បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា ទូលំទូលាយសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងត្រៀមឆ្លើយតបបានទៅនឹងកិច្ចការប្រឈម ដោយបុរេសកម្ម ដើម្បីធានាបានកម្រឹតអតិបរមា កិច្ចការបម្រើសេវាសុខភាពសាធារណៈ ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌៕អត្ថបទ រដ្ឋា 

មន្ត្រីជាន់ខ្ពស់ NBC អំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រើប្រាស់និងចូលរួមលើកកម្ពស់ប្រាក់រៀលបន្ថែម

2024/07/27 02:23:09 pm        66
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនកម្ពុជា អំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេស បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលឲ្យកាន់តែប្រសើរ។​ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តស្វាយរៀង ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។ទោះបីយ៉ាងណា ការប្រើប្រាស់ដុល្លារអាមេរិក នៅបន្តមានកម្រិតខ្ពស់ បើធៀបនឹងប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត, ក្នុងស្ថានភាពនេះ ឯកឧត្តម បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការ របស់ ខ្លួនដូចជា តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់ តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល របស់ជាតិយើងទាំងអស់គ្នា។ទាក់ទិនប្រាក់រៀលនេះដែរ ឯកឧត្តម យឹម លាភ លើកឡើងឲ្យដឹងថា ចំពោះការបោះផ្សាយក្រដាសប្រាក់ប្រភេទថ្មីវិញ សម្រាប់ជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ត្រូវបានធ្វើឡើងទូទាំងពិភពលោក ដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់ក្រដាសប្រាក់ និង ការពារការ ក្លែងបន្លំ ព្រោះនៅពេលបោះពុម្ភថ្មី យើងអាចបញ្ចូលបច្ចេកវិទ្យាសុវត្ថិភាពមួយចំនួនដូចជា ៖ រូបស្រមោល ខ្សែសយជាដើម ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។ ក្រដាសប្រាក់មួយអាចមានចំណុចសុវត្ថិភាពពី ៣៥ ទៅជិត ៥០ ចំណុច ដើម្បីការពារការក្លែង បន្លំ លើសពីនេះក្រដាសប្រាក់ថ្មីត្រូវបានគេបោះផ្សាយ ដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសដូចជា ក្រដាស ៣០ ០០០ រៀល និង ១៥ ០០០ រៀលជាដើម។ជុំវិញប្រាក់រៀលនេះដែរ, តាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA កាលពីឆ្នាំ ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថា ប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។ ជាក់ស្តែងសម្រាប់ខេត្តស្វាយរៀង យោងតាមទិន្នន័យអង្កេតនេះ គិតជាមធ្យមប្រ មាណ ៧០% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។ ចំណែកការចំណាយជាប្រចាំវិញ យោងតាម ការស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា និង UNDP ក្នុងឆ្នាំ២០២៣, ការចំណាយជាប្រចាំថ្ងៃរបស់កម្មករនិយោជិតនៅរោងចក្រ រួមមាន៖ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវជាប្រាក់រៀល សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត គឺមានចំនួន ៩២ ភាគរយ និងអ្នករស់នៅទីក្រុងមានចំនួន ៨២ ភាគរយ, ដូចនេះប្រសិនទាំងអ្នកលក់ និងអ្នកទិញ ប្រើប្រាស់ប្រាក់ រៀលតែមួយនោះ គឺអាចជួយដល់ការដោះដូរ ឲ្យមានភាពឆាប់រហ័ស និងងាយស្រួល ៕អត្ថបទ៖ សុន រ៉ាឌី

ប្រទេសជាតិមានសុខសន្តិភាព បានជំរុញឲ្យសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រកំពុងរីកចម្រើន

2024/07/27 01:37:42 pm        50
ភ្នំពេញ ៖ ប្រទេសជាតិមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានធ្វើសមិទ្ធផលនានានៅក្នុង វិស័យពុទ្ធចក្រ កំពុងកើតឡើងជាបន្តបន្ទាប់ និងបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងការគោរព ប្រណិប័តន៍ព្រះពុទ្ធសាសនា។​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ក្នុងពិធីសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តពោធិ ព្រឹក្សាខារាម នៅស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី ២៦-២៧ ខែ កក្កដា ឆ្នាំ២០២៤ នេះ លោកជំទាវ មានអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនេះ។ ការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពី ស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ព្រមទាំងបង្ហាញឱ្យឃើញពីការគាំទ្ររបស់បងប្អូន ចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ច កាលតែងតែគិតគូរយកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាកគ្រប់បែបយ៉ាងជូនប្រជាជន នៅទូទាំងប្រទេសដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អគ្គិសនី និងការពង្រីកទីផ្សារផលិតផលកសិកម្មជូនប្រជាជនទូទាំងប្រទេស។លោកជំទាវបណ្ឌិត បន្តថា ជាក់ស្តែងសមិទ្ធផលខ្លោងទ្វារថ្មីនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម អាចកើត មានឡើង ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ លើវិស័យព្រះពុទ្ធសាសនា ហើយបានបន្តជំរុញឱ្យមានការអភិវឌ្ឍ ដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពប្រណិប័តន៍ ក្នុងនោះការចូលរួមពីសប្បុរសជន ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់សមិទ្ធផលនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ដើម្បីទុកជាប្រយោជន៍រួម របស់លោកតាលោកយាយ ពូមីងបងប្អូនទាំងអស់គ្នា។ ការណ៍នេះបង្ហាញពីស្មារតីសាមគ្គីភាព និងភាតរភាពរវាងលោកតាលោកយាយ ពូមីង បងប្អូន ពុទ្ធបរិស័ទ ចំណុះជើងវត្តពោធិព្រឹក្សាខារាមទាំងអស់។ ក្នុងពិធីនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងខេត្តកំពតនេះ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកជំទាវ បន្តថា ព្រែកជីកហ្វូណនតេជោនេះ ត្រូវបានតភ្ជាប់ពីប្រព័ន្ធដៃទន្លេមេគង្គរហូតដល់សមុទ្រខេត្តកែប មានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្តកំពតនេះ ជាពិសេសអ្នកដែលរស់នៅអមសងខាងព្រែកជីកនេះដូចជា កាត់បន្ថយរយៈចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ចំណេញពេលវេលា បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភស្តុភារកម្ម ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹមសត្វជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អាស៊ានបូកបីនឹងទាញយកសក្តានុពលគ្មានដែនកំណត់ ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

2024/07/27 01:29:16 pm        528
អាស៊ានបូកបីនៃវិថីអ្នកវិទ្យាសាស្រ្តវ័យក្មេង ជាវេទិកាតម្រង់ទិសដល់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យពួគគេបន្តទាញយកសក្តានុពលដែលគ្មានដែនកំណត់ ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ទាំងក្នុងតំបន់ និងពិភពលោក។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកឡើងនៅក្នុង កម្មវិធីអាស៊ាន បូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ជាមួយនឹងពិធីប្រគល់រង្វាន់ ដែលបិទបញ្ចប់នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា កម្មវិធីអាស៊ានបូកបីវិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី ១០ ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួល អាកាសធាតុ» សិស្សានុសិស្សបានចូលរួមក្នុងសិក្ខាសាលា ដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការបង្កើតគម្រោងធ្វើពិសោធន៍ វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និងស្វែងរកដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងនាពេលនេះ សិស្សានុសិស្សបានបង្ហាញមិនត្រឹមតែចំណេះដឹង និង សមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជាស្នូលនៃសហគមន៍អាស៊ានបូក៣។ឯកឧត្តមបានសង្កត់ធ្ងន់ លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមផែនការ សកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅបង្កើនវឌ្ឍនភាពក្នុងតំបន់ ក្នុងនោះការធ្វើជា ម្ចាស់ផ្ទះរៀបចំកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងរបស់កម្ពុជាជាលើកដំបូង បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍ ហើយក៏ជាវេទិកាមួយដើម្បីតម្រង់ទិសដល់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍​ករ​ជំនាន់ក្រោយរបស់យើង ដើម្បីឱ្យពួគគេបន្តទាញយកសក្តានុពល​ដែលគ្មានដែនពីវិស័យទាំងនេះ សម្រាប់ទាំងក្នុង តំបន់ និងពិភពលោក។ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ បន្តអភិវឌ្ឍចំណេះដឹង និង​បទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹង​ថ្មីៗរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។កម្មវិធីអាស៊ានបូកបីវិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ​បានបញ្ចប់ទៅដោយស្មារតីសាទរ និង​ក្តីសង្ឃឹម ដោយអ្នកចូលរួមវ័យក្មេង ទាំងនេះ ​បានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញ​ពីឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ សម្រាប់តំបន់ អាស៊ានបូក៣៕អត្ថបទ៖ សុន រ៉ាឌី, ថត៖ បូសាវី

ថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំគគីរធំ នាំយកទៀនព្រះវស្សាទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត

2024/07/27 12:52:42 pm        456
កំពង់ធំ៖ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីធំ តំណាងឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋាន​ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ២០២៤ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី រួមទាំអគ្រឿងសក្ការៈបូជាជាច្រើនថ្វាយព្រះសម្មាសម្ពុទ្ធ នឹងបាននាំយកទៀនព្រះវស្សា៤គូរ និងគ្រឿងឧបភោគ-បរិភោគ ​ព្រមទាំងថវិកាចំនួន២លានរៀល វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ស្ថិតនៅក្នុងឃុំគគីរធំ ស្រុកបារាយណ៍ខេត្តកំពង់ធំ។ក្នុងនាមឯកឧត្តម សុខ សូកេន ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ បានមានប្រសាសន៍ថា គ្រប់​កាលៈទេសៈថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជា​តែងតែយកចិត្ដទុកដាក់ ពីជីវភាពរស់​នៅ​របស់ប្រជាពលរដ្ឋ ជាពិសេសគិតគូរ​ខ្វល់ខ្វាយ​ពីការខ្វះខាត ព្រះសង្ឃនៅតាមវត្ដអារ៉ាម ក្នុងរដូវចូលព្រះវស្សាដោយហេតុថា ព្រះសង្ឃទាំងឡាយគ្រប់ទីវត្តអារាមនៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ​៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ឯកឧត្តម បានបញ្ជាក់ថា ដោយសារកត្តាប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍ​លើគ្រប់វិស័យ​ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ខ្វាត់ខ្វែង​ទូទាំង​ប្រទេស​បង្កលក្ខណៈងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរកំសាន្ត និងធ្វើបុណ្យទានតាមប្រពៃណីជាតិគ្រប់ទីកន្លែង។ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី​សម្តេចទាំង​បី សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ គ​ណបក្សប្រជាជនកម្ពុជា៕ 

អង្គភាពសេនាតេជោ នឹងរៀបចំអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅវិមាន ឈ្នះ ឈ្នះ

2024/07/27 12:12:50 pm        503
ភ្នំពេញ៖ ខណៈការបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»កាន់តែខិតជិតមកដល់នោះ ពោលគឺថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ អង្គភាពសេនាតេជោ និងក្រុមការងារសាងសង់នូវវិមានឈ្នះ ឈ្នះ នឹងរៀបចំអបអរសាទរជាទ្រង់ទ្រាយធំ នៅក្នុងបរិវេនវិមាន ឈ្នះ ឈ្នះ ដោយនឹងមានការវាយជួង ទូងស្គរ និងរគាំង ដើម្បីជាការបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការកសាងនូវគម្រោងដ៏ប្រវត្តិសាស្រ្តដែលផ្តល់ឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូលនេះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព នៃការសាងសង់នូវវិមាន ឈ្នះ ឈ្នះ និងសួនតេជោសន្តិភាព នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនា យកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិ មានឈ្នះ ឈ្នះ បានឲ្យដឹងថា សម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងដឹកនាំនាយទាហានពលទាហានមួយចំនួនដែលជាក្រុមការងារសាងសង់នូវវិមាន ឈ្នះ ឈ្នះជួបជុំ គ្នានៅវិមាន ឈ្នះ ឈ្នះ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ» នាថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមានការវាយជួង ទូងស្គរ និងរគាំងនៅទូទាំងប្រទេសនោះ។សូមបញ្ជាក់ថា​ គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងបើកការដ្ឋានសាងសង់ ​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោង​យក្សមួយនេះ​ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង ​និងក្រៅប្រទេសបានចូលរួម​អបអរសាទរ ​និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ​ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុង​ថ្ងៃបើកការដ្ឋានសាងសង់ដែរនោះ។គម្រោង«ព្រែកជីកហ្វូណនតេជោ»​ មានប្រវែង១៨០គីឡូម៉ែត្រ ​ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់​តាមព្រែកតាឯកនៃទន្លេបាសាក់ ​រួចចូលតាមព្រែកតាហ៊ីង ​នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ​ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ​ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ​ ត្រូវបានប៉ាន់ស្មានថា ​នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ ​និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការ​ចំពោះ​គម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជាពលរដ្ឋ​ខ្មែរទាំង​ក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ ​កង​កម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ​ស្ថាប័នជាតិ ​និងក្រោមជាតិ ​ព្រមទាំងបណ្តាគណបក្សនយោបាយ ​និងអង្គការសង្គម​ស៊ីវិលផង ​បានចេញញ្ញត្តិ និង​បញ្ចេញសំឡេង​គាំទ្រ​យ៉ាង​កងរំពង​ដើម្បីឱ្យរាជរដ្ឋាភិបាល​សម្រេច​គម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មាន​សារសំខាន់មួយនេះ បានក្លាយ​ជាចលនាជាតិយ៉ាងធំទូលំទូលាយ ​និងបាន​បង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិ​ផ្ទៃ​ក្នុងខ្មែរយ៉ាងរឹងមាំផងដែរ។គម្រោងព្រែកជីកហ្វូណនតេជោ ​មានអត្ថប្រយោជន៍​ដ៏មហាសាល​សម្រាប់​កម្ពុជាពោលគឺ វា​អាចកាត់បន្ថយ​រយៈពេលចម្ងាយ​ និងតម្លៃនៃការដឹកជញ្ជូន​ដែលអំណោយផល​ដល់ភាពប្រកួត​ប្រជែង​នៃទំនិញកម្ពុជា ​ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម ​មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់​ការអភិវឌ្ឍកសិកម្ម ​ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ​និងការចិញ្ចឹមសត្វផងដែរ។«ព្រែកជីកហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ ​របស់កម្ពុជា ដោយ​បង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ​កំពង់ផែស្វយ័តភ្នំពេញ និង​កំពង់ផែផ្សេងៗទៀត ​ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀត​ដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលបានវាយប្រហារគោលដៅចំនួន ៥៥០កន្លែង នៅក្នុងប្រទេសលីបង់ ចាប់តាំងពីដើមសប្តាហ៍មក
05/28/2026 05:05 PM
មន្ត្រីសន្តិសុខជាន់ខ្ពស់៖ លោកខាងលិចគួរតែដោះលែងទ្រព្យសកម្មដែលបង្កករបស់ប្រទេសអាហ្វហ្គានីស្ថាន
05/28/2026 05:05 PM
សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
05/28/2026 05:05 PM
អ៊ីរ៉ងថ្កោលទោសការវាយប្រហារ នៅភាគខាងត្បូងប្រទេស​ និងព្រមានពី​ការរំលោភលើបទឈប់បាញ់
05/28/2026 04:05 PM
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
05/28/2026 04:05 PM
ទីភ្នាក់ងារដឹកជញ្ជូន៖ នាវាដឹកប្រេងចំនួនបីគ្រឿង ត្រូវរងការវាយប្រហារដោយយានដ្រូន នៅក្នុងសមុទ្រខ្មៅ
05/28/2026 04:05 PM
យោធាចិន បញ្ជាក់​ថា បានបង្ខំ​ឲ្យ​នាវាចម្បាំងហូឡង់ចាក​ចេញ នៅសមុទ្រចិនខាងត្បូង
05/28/2026 04:05 PM
អនាគតនៃការចរចារវាងអ៊ីស្រាអែលនិងលីបង់សម្របសម្រួលដោយអាមេរិក នៅមិនច្បាស់លាស់ ខណៈអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលីបង់
05/28/2026 04:05 PM
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
05/28/2026 04:05 PM
អ៊ីស្រាអែលវាយប្រហារទីក្រុង Tyre បន្ទាប់ពីប្រកាស «តំបន់ប្រយុទ្ធ» នៅភាគខាងត្បូងប្រទេសលីបង់
05/28/2026 04:05 PM