សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

សហភាពសិទ្ធិកម្មករកម្ពុជានឹងបើកការផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLV ដល់កម្មកររោងចក្រ

2024/07/26 12:21:02 pm        366
ក្នុងគោលដៅបញ្ចៀសព័ត៌មានក្លែងក្លាយ ក៏ដូចជាចៀសវាងការញុះញុង់ បំភ្លៃ​ការពិត​របស់​ក្រុម​ជ្រុល​និយម​មួយចំនួន។ សហភាពសិទ្ធិកម្មករកម្ពុជា គ្រោងនឹងចុះ​ទៅ​ផ្សព្វ​ផ្សាយ​ព័ត៌​បន្ថែម​ជុំវិញ​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីបញ្ជ្រៀប​ការ​យល់​ដឹងដល់កម្មករ កម្មការនីតាមរោងចក្រ សហគ្រាស។នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ លោក គឹម ចាន់​សំណាង​ ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ពាក់ព័ន្ធកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណកម្ពុជា-ឡាវ-វៀតណាម នេះ ទាំងរូបលោក ក៏ដូចជាតំណាង​សហភាព​សហជីព​ អង្គការ-សមាគមនានា ដែលកំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែក​ជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​បង្ហាញ​ការ​ពេញ​ចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារខាងលើនេះ ដោយសារគម្រោងនេះ នឹង​អាច​ជួយ​បង្កើន​ពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម ដែលជាគ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមថែមទៀតផង។ លោកបានបន្តថា ក្រៅពីនេះ គម្រោងនេះ ក៏បានជួយទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន គ្រោះ​មហន្ត​រាយ​ធម្មជាតិ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការជួញដូរមនុស្ស និងការជួញដូរ​គ្រឿង​ញៀន​ជា​ដើម​តាម​រយៈកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣នេះ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏មាន​គោលការណ៍​គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បី​ផល​ប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់​ទំនង​ការ​ទូត និងច្បាប់អន្តរជាតិ។ ជាមួយនេះ លោកប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានប្រកាសថ្កោលទោស និងប្រឆាំង​ដាច់​អហង្ការ​ចំពោះការបំភ្លៃទាំងឡាយរបស់ក្រុមប្រឆាំង និងបានអំពាវនាវដល់កម្មករ និយោជិត​ទាំង​អស់ បន្តចូលរួម និងគាំទ្រដល់ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀត​ណាម​ ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការ​អភិវឌ្ឍ​។ ​គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បាន​ធ្វើ​ឡើង​ចំនួន ១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធាន រវាងប្រទេសទាំងបី ហើយ​ឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។ តាមរយៈ​កិច្ច​សហប្រតិបត្តិការនេះ ប្រទេសទាំង៣ បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការ​កាប់​បំផ្លាញ​ព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញ​ដូរ​មនុស្ស និងការជួញដូរគ្រឿងញៀនជាដើម៕ អត្ថបទ ឈិត បូរ៉ាវី 

ប្រធានរដ្ឋសភាវៀតណាម៖ សម្ដេចតេជោបានបង្កើតប្រវត្តិសាស្រ្ដទំនាក់ទំនងល្អកម្ពុជា-វៀតណាម

2024/07/26 11:53:41 am        159
នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន ថាន់មិញ ប្រធាន​រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​នៃស្ថាប័ន​និតិបញ្ញត្តិ​នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ច​សហប្រតិបត្តិការនៃស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរការរៀបចំនូវការកសាងច្បាប់ ក៏ដូច​ជា​កិច្ច​សហប្រតិបត្តិការក្នុងគណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ ភាគី​ទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កា ក្រោយពី​មាន​កិច្ច​សហប្រតិបត្តិការជាន់ខ្ពស់ រវាងគណបក្សនិងគណបក្ស ក៏ដូចជាស្ថាប័ន​និតិបញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ។ ភាគីទាំងអញ្ជើញគ្នាទៅវិញទៅមក ក្នុងនោះភាគីវៀតណាម បានគោរព​អញ្ជើញ​សម្តេ​ច​តេជោ​ប្រធាន​ព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាម​ជា​ប្រធាន​ព្រឹទ្ធសភា ដែលជាទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃ​កិច្ច​សហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននិតិបញ្ញត្តិ​។ ភាគី​ទាំងពីរក៏បានបញ្ជាក់សាជាថ្មីឡើងវិញអំពីតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​វៀតណាម បន្តពីឯកឧត្តមអគ្គលេខាមជ្ឈឹមបក្ស ង្វៀន ភូចុង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្រ្តជាច្រើន សម្រាប់កិច្ច​សហប្រតិបត្តិកា​រ​នៃ​ប្រទេស​ទាំង​ពីរ បក្សទាំងពីរ ប្រជាជនទាំងពីរ រដ្ឋទាំងពីរ ដើម្បីឆ្ពោះទៅ​កាន់​អនាគត​កាល​នៃ​ព្រំដែន​ប្រកប​ដោយ​សន្តិភាព និងការអភិវឌ្ឍ។ ក្នុងនោះភាគីទាំងពីរ កម្ពុជា វៀតណាម បានប្តេជ្ញាចិត្ត​បន្ត​កិច្ច​សហ​ប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បី​បំរើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា វៀតណាម៕

នាយករដ្ឋមន្ត្រីវៀតណាមប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង ជំរុញសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍កម្ពុជា-វៀតណាម

2024/07/26 11:48:36 am        203
តាមរយៈជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរ​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​រក្សា​ឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ជាពិសេស​បន្ត​ជួយ​គ្នាដើម្បី​ជំរុញដល់ការកសាងសេដ្ឋកិច្ច ជំរុញកិច្ចអភិវឌ្ឍន៍​នាំមកនូវ​ការ​រីកចម្រើន​សម្រាប់​ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ង្វៀង ភូចុង អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម​, កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ក​ម្ពុជា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម។ក្នុង​ជំនួបនេះភាគីវៀតណាមបានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង ចំពោះមនោសញ្ចេតនា ដ៏ជ្រាល​ជ្រៅ​បំផុត​របស់សម្ដេចតេជោ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ទាំងការគោរពវិញ្ញាណក្ខន្ធ និង​បន្តចូលរួមក្នុងពិធីបញ្ចុះសពលោក ង្វៀង ភូចុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ភាគី​វៀតណាម​សន្យាបន្តរក្សានូវប្រពៃណីយ៉ាងល្អ ជាពិសេសការបន្ត​វប្បធម៌ នៃកិ​ច្ច​សហប្រតិបត្តិការ​ដ៏​ជ្រាល​ជ្រៅ​រវាងសម្ដេចតេជោ និងលោក ង្វៀង ភូចុង បានបន្សល់ទុក​សម្រាប់​ថ្នាក់​ដឹកនាំ​ជា​នាយករដ្ឋ​មន្ត្រី, ថ្នាក់ដឹកនាំជាប្រធានរដ្ឋសភា, ថ្នាក់ដឹកនាំជាប្រធានព្រឹទ្ធសភា ក៏ដូចជា​ប្រធាន​គណបក្ស, អគ្គលេខាធិការគណបក្ស ហើយមិនត្រឹមតែកម្ពុជា និងវៀតណាមទេ ក៏សម្ដែង​នូវ​មិត្ត​ភាព​ល្អរ​វាងកម្ពុជា វៀតណាម ឡាវផងដែរ។ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីប្រពៃណីនៃការធ្វើការជាមួយគ្នា ហើយជាពិសេស ក៏បា​ន​ថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានគិតគូរ និង​សម្ដែង​ការ​សោក​ស្ដាយចំ​ពោះកា​រ​បាត់​បង់​ឧត្តម​បុរសជាតិ​របស់​មិត្ត​វៀតណាម ក៏ដូចជាការបាត់បង់ទាំងកម្ពុជាផងដែរចំពោះអ្វីដែលលោកអគ្គលេខាធិការបក្ស បាន​បន្សល់​ទុ​កនូវការពូនជ្រុំនៃកិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែង និ​ង​មិត្តភាព​ជាបងប្អូនល្អជាអ្នកជិតខាងល្អ ក្នុងអាណត្តិដែលលោកអគ្គលេខាធិការ បាន​ទទួល​ជា​មេដឹកនាំ​។ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដោយជូនពរគ្នាទៅវិញទៅមកនូវទំនុកចិត្ត គឺជាការលះបង់ និងការ​សាមគ្គី​គ្នា​គ្រប់ដំណាក់កាល ដើម្បីដណ្ដើមយក​ឯករាជ្យ​ភាព​ក្នុង​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​ទាំង​ពី​រ​អាណា​និគមនិយម និងចក្រពត្តិនិយម ដូច្នេះហើយភាគីទាំងពីរ នឹងបន្តពូនជ្រុំនូវមិត្តភាពនេះ ឱ្យ​បានយូរអង្វែងបន្តទៀត។ ជាពិសេសថ្នាក់នាយករដ្ឋមន្ត្រី តែងតែជួបគ្នាគ្រប់ពេលវេលា ទាំង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងនាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋ​មន្ត្រី​វៀតណាម នៅគ្រប់ទីតាំង និងគ្រប់វេទិកា។ភាគីទាំងពីរក៏បានជូនជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណា ឱ្យពាណិជ្ជកម្ម និងកិច្ច​សហ​ប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេសវៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅ​ជា​ប្រទេស​អ​ភិវឌ្ឍន៍ ហើយក៏ជូនពរ​ឱ្យ​ក្លាយ​ទៅ​ជាប្រទេស​ដែលចូលទៅក្នុងកម្រិត​មហា​សេដ្ឋកិច្ច​ទាំង​២០ របស់ពិភពលោក។ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបាន​ជោគ​ជ័យ​ចំពោះ​ទស្សនៈ​វិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជា​ប្រទេស​ដែល​មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

សម្ដេចតេជោ និងប្រធានគណៈប្រចាំការគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បន្តយកចិត្តទុកដាក់ និងសាមគ្គីភាពបង្កើតនូវការចងចាំនៃមិត្តភាព និងការតស៊ូពីអតីតកាល

2024/07/26 11:33:45 am        137
នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដដែលនេះ ឯកឧត្តម លឿង គឿង ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ក៏បានទទួល​សម្ដែង​ការ​គួរសម​ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា និងបានទទួលស្វាគមន៍អាហារពេលល្ងាចជាមិត្តភាព។ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាខ្ពស់ ចំពោះគុណតម្លៃដែល ឯក​ឧត្តម​ ង្វៀន ហ្វូជុង គឺជាមនុស្សគំរូរបស់ប្រជាជនវៀតណាម ហើយក៏ជាការចងចាំមួយ នៃ​តម្លៃ​របស់​លោក​ក្នុង​ការដឹកនាំគណបក្ស ប្រជាជន និងរដ្ឋវៀតណាមឲ្យមានកិត្តិយសដ៏ឧត្តុង្គឧត្តម ។ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដោយបន្តយកចិត្តទុកដាក់ និងសាមគ្គីភាព ហើយនឹង​បង្កើតនូវ​ការ​ចងចាំ​នៃ​មិត្តភាព និងការតស៊ូពីអតីតកាល ហើយក៏ដូចគ្នា ក្នុងការប្រឹងប្រែង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែល្អថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ និងបន្តពីស្នាដៃរបស់ ឯកឧត្តម វេនភូជុង ។ ភាគីទាំងពីរ ក៏បានផ្ដល់តម្លៃខ្ពស់ទៅដល់កិច្ចសហប្រតិបត្តិការ ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក ដោយការរីកចម្រើនរបស់វៀតណាម ក៏ដូចជាការរីកចម្រើនរបស់កម្ពុជា ហើយបន្ត​បំពេ​ញ​គ្នា​នូវ​ការរីកចម្រើននេះ និងការជួយគ្នាទៅវិញទៅមកឱ្យបានល្អ។ឯកឧត្តម លឿង កឿង ក៏បាន ឯកភាពទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ នៅពេល​ខាង​មុខ ដើម្បីទស្សនកិច្ច បង្កើននូវជំនឿជឿជាក់មិត្តភាព និងប្រពៃណី​ដ៏​ល្អស​ម្រាប់​ការ​ផ្លាស់​ប្ដូរ​គណៈ​ប្រតិភូ​​ទៅវិញទៅមក ក្នុងគំនិតជាន់ខ្ពស់ និងកម្រិតគណបក្សទាំងពីរ៕

ក្រុមប្រឹក្សាខណ្ឌ៧មករា បើកកិច្ចប្រជុំសាមញ្ញលើក២ សម្រាប់អាណត្តិទី៤

2024/07/26 11:21:09 am        195
រដ្ឋបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិ​ទី៤ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការចូលរួមពី លោក-លោកស្រី សមាជិក​ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការ​នគរបាល​ខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកប្រធានការិយាល័យទាំង១១ លោក-លោកស្រី ចៅសង្កាត់ទាំង៨ លោកប្រធានផ្សារ និងលោក​តំណាង​ក្រុមហ៊ុន​មីសូដា​ប្រចាំ​ខណ្ឌ​ផង​ដែរ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ក្នុងកិច្ចប្រជុំនេះដែរ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានត្រួត​ពិនិត្យ​របៀប​វារៈ​របស់​អង្គប្រជុំរួមមាន ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ (២៥.០៦.២០២៤) របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤។ ពិនិត្យ និងអនុម័ត​សេចក្តី​ព្រាង​ដី​កាបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤។ ពិនិត្យ និងអនុម័ត​លើ​សេចក្តី​ព្រាង​ប្រតិទិនការងារ នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ សម្រាប់​រយៈពេលដប់ពីរ(១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ។ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា លោកបានបញ្ជាក់បន្ថែមថា សូមឲ្យមន្រ្តីនៅទូទាំងខណ្ឌ និ​ង​សង្កាត់​ត្រូវ​ត្រៀមលក្ខណះឲ្យបាមរួចរាល់គ្រប់ទីគ្នាគ្រប់ទីកន្លែងដើម្បីថ្ងៃបើកការដ្ឋាន ព្រែកជីក​ហ្វូណន​តេជោ នាថ្ងៃទី០៥ ខែសីហា ខាងមុននេះ។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា សូមមន្ត្រីនៅទូទាំងខណ្ឌ និងសង្កាត់ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យចូលរួមអបអរសាទរ នៅព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ការបើកការដ្ឋាន "ព្រែកជីកហ្វូណនតែជោ" នឹងរៀបចំការទូងស្គរ និងវិធីផ្សេងៗ​ទៀត​តាម​លទ្ធិភាព ដើម្បី ជាការអបអរសាទរ នៅថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ ។លោកអភិបាល បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ គឺជានេះជាស្នាដៃ និង​ជា​កេរ​ដំណែល ដែលប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានាពេលបច្ចុប្បន្ន បានគិតគូរប្រក​ប​ដោយ​កិត្តិ​បណ្ឌិត ដើម្បីកសាងព្រែកជីកដ៏មហាអស្ចារ្យនេះឡើងមក ។ ព្រែកជីកនេះ គឺបន្សល់​ទុក​សម្រាប់​កូន​ចៅ​ក្នុងពេលបច្ចុប្បន្ន និងបន្តទៅកូនចៅនាពេលខាងមុខ រ៉ាប់រយរ៉ាប់ពាន់ជំនាន់៕ អត្ថបទ៖ កុម្ភះ

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាមនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម

2024/07/26 11:04:49 am        194
នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​​អញ្ជើញ​ជួប​ពិភាក្សា​ការងារជាមួយ ឯកឧត្តម ត្រឹន ថាន់មិញ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គម​និយម​វៀតណាម។ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​នៃ​ស្ថាប័ន​និតិបញ្ញត្តិ​ នៃ​ប្រទេសទាំងពីរកម្ពុជាវៀតណាម ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ច​សហប្រតិបត្តិការអន្តរស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍នៃការកសាងការកសាងច្បាប់ ក៏​ដូច​ជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជំនាញរបស់គណៈកម្មការនានា របស់រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​ប្រទេសទាំងពីរ​ ក៏ដូចជាអគ្គលេខាធិការដ្ឋាន។ ភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមកចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កាកន្លងមក​ តាម​រយៈ​កិច្ចសហប្រតិបត្តិការជាន់ខ្ពស់ រវាងគណបក្សនិងគណបក្ស ក៏ដូច​ជា​ស្ថាប័ន​និតិបញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​ និងក្នុងវេទិកាការទូតសភា​ វេទិកា​ពហុភាគី។ភាគីទាំងពីរបានអញ្ជើញគ្នាទៅវិញទៅមកដើម្បីទស្សនកិច្ចផ្លូវការ ក្នុងនោះភាគីវៀតណាម បាន​គោរព​អញ្ជើញសម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​នា​ពេលសមស្របខាងមុខ ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលជាទស្សន​កិច្ច​លើក​ដំបូង​របស់​សម្តេច​តេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃ​ស្ថាប័ន​និតិបញ្ញត្តិ។ ភាគីទាំងពីរ​ក៏​បាន​បញ្ជាក់​សាជាថ្មី​ឡើង​វិញ​អំពី​តម្លៃ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និងវៀតណាម បន្តពីឯកឧត្តមអគ្គលេខាមជ្ឈឹមបក្ស ង្វៀន ភូចុង គឺសម្តេចអគ្គ​មហា​សេ​​​នាបតីតេជោ ហ៊ុន សែន បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្រ្តជាច្រើន សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ នៃប្រទេសទាំងពីរ បក្សទាំងពីរ ប្រជាជនទាំងពីរ រដ្ឋទាំងពីរ ដើម្បីឆ្ពោះ​ទៅ​កាន់​អនាគត​កាល​នៃ​ព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។ក្នុងនោះភាគីទាំងពីរ កម្ពុជា វៀតណាម បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យ​កាន់​តែ​មានប្រសិទ្ធភាពខ្ពស់ ដើម្បីបំរើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន​ទាំង​ពីរ​កម្ពុជា-វៀតណាម៕

មន្ត្រីការបរទេសអាមេរិក សាទរជំហរកម្ពុជាឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​សង្គ្រាម​នៅអ៊ុយក្រែន

2024/07/26 10:51:34 am        184
ភ្នំពេញ៖ លោក Salman Ahmed នាយកទទួលបន្ទុករៀបចំផែនការគោលនយោបាយ នៃ​ក្រសួង​ការ​បរទេសសហរដ្ឋអាមេរិក សាទរចំពោះជំហរកម្ពុជា ក្នុងការឈើ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ផ្អែក​លើធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ (UN) ពាក់ព័ន្ធទៅនឹង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ។នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភាជាតិ កាល​ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក Salman Ahmed បានថ្លែងថា ជំហររបស់កម្ពុជានេះ គឺ​បាន​សបញ្ជាក់ពីគោលជំហរឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ហើយបានកោត​សរសើរ​កម្ពុ​ជា​ពី​ការចូលរួមវិភាគទាន ក្នុងការបញ្ជូនកងទ័ពមួកខៀវ ក្នុងបេសកកម្មរក្សាសន្តិភាពសកល ក្នុង​ចំនួនមួយគួរឲ្យស្ញប់ស្ញែង ។ជាមួយនេះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​កាល​ពី​ឆ្នាំ២០២២កន្លងទៅ ក៏ដូចជាកោតសរសើរ ចំពោះការដាក់​ចេញ​នូវ​វិធានការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាប្រកប​ដោយ​ផ្លែផ្កា​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាជាតិ ដែលផ្ដោតពិសេសទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងយន្តការនានាបន្ថែមទៀត ។ឯកឧត្តមក៏បានរំលឹកពីជំនួបជាមួយរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន កាលពីឆ្នាំ២០២២ ក្នុងពេលកម្ពុជាជាសហប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលពេលនោះភាគីទាំងពីរ បានកត់សម្គាល់ពីចំណុចវិជ្ជមានជាច្រើន នៃកិច្ច​សហ​ប្រតិបត្តិការ​ទ្វេរភាគីកន្លងមក រួមមានវិស័យពាណិជ្ជកម្ម ការប្រឆាំងអំពើភេរវកម្ម កិច្ចការ​មនុស្ស​ធម៌ មាតុភូមិនិវត្តន៍នៃជនជាតិខ្មែរ ការបោសសំអាតមីន និងកិច្ច​សហ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែនជាដើម ។គួរបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន និងលោក Salman Ahmed បានឯកភាពគ្នា លើ​កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពមួយចំនួន មាន​ដូច​ជា​វិស័យ​វិនិយោគ វិស័យវប្បធម៌ និងការអភិរក្សវត្ថុបុរាណ និងវិស័យដោះមីនជាដើម ដែលអាមេរិក​បាន​បន្ត​គាំទ្រក​ម្ពុជាក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការផ្ដល់​ជំនួយ​ប្រមាណ ១៩០លានដុល្លារអាមេរិក ចាប់ពីឆ្នាំ១៩៩៣មក ៕ អត្ថបទ បាន សុខរិទ្ធិ

គណៈឃោសនាអប់រំគណបក្សខេត្តកំពង់ឆ្នាំង បើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី១៤ ដល់សិក្ខាកាមជាង៤៥៧នាក់ក្នុងខេត្ត

2024/07/26 10:33:34 am        215
គណៈឃោសនាអប់រំគណបក្សខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បាន​បើក​វគ្គ​អប់រំ​នយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី១៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន អនុគណៈ​កម្មាធិការ​គណបក្ស​ខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ រួមនិងសិក្ខាកាមប្រមាណ​ជាជា៤៥៧នាក់ ជាមន្ត្រីរបស់គណបក្សមកពីមន្ទីរអង្គភាពជុះវិញខេត្តផងដែរ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបាន​ចូលរួម​ជា​អធិបតី​ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៤ ស្របពេលដែល​សភាពការ​​ទូទៅ​រ​បស់ប្រទេសជាតិ កំពុងមានការវិវត្តន៍ដ៏ល្អក្នុងដំណើរឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ បន្ទាប់ពី​គណបក្ស​ប្រជាជន​ទទួលបា​ន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ក្នុង​ការ​បោះឆ្នោតនាពេលកន្លងមក ។ ឯកឧត្តមបានពាំនាំការសួរសុខទុក្ខ និងជូនពរ​ពី​សំណាក់​សម្តេច​ប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និង​ថ្នាក់​ដឹក​នាំ​គណបក្សទាំងអស់ ជូនដល់សិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារក្នុងវគ្គអប់រំនយោបាយនេះ ដោយ​ក្តី​នឹក​រឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។ ការអប់រំនយោបាយដល់មន្រ្តីគណបក្ស គឺជា​ការងារ​ដ៏មានសារៈសំខាន់មួយ ដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក ទាំង​នៅ​ក្នុង​​សម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ជា​ពិសេសការដឹកនាំក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្សបច្ចុប្បន្ននេះ ។ការរៀប​ចំ​វគ្គអប់រំនយោបាយមានគោលបំណងលើកកម្ពស់សមត្ថភាព និងគុណធម៌​របស់​មន្រ្តី​គណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បី​ធានា​ជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តី​សម្រេច​នានា​របស់គណបក្ស ។ ព្រមជាមួយនេះ ការងារអប់រំនយោបាយ​ក៏​ជា​ថ្នាល​ដ៏​សំខាន់​មួយ​សម្រាប់​បណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្សផងដែរ ។ គប្បីចងចាំថា មន្រ្តី គឺជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជន ដូច្នេះស្ពាននេះត្រូវតែរឹងមាំ ទើប​ចំណង​ទាក់​ទង​រវាង​គណបក្សជាមួយប្រជាជនអាចរឹងមាំបាន ។ឯកឧត្តមបានបន្តថា វគ្គនេះ ទោះបីមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាឱកាសមួយ​ដ៏​មាន​តម្លៃ​សម្រាប់​សិក្ខាកាមគ្រប់ៗរូប ។ ព្រមជាមួយនេះ វគ្គអប់រំនយោបាយ​ក៏​ជា​ឱកាស​ដែល​មន្រ្តី​យើង​មក​ពី​មន្ទីរ​អង្គភាពនានា បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរឹតចំណងសាមគ្គីភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំឡើងថែមទៀត ៕ កាំង ហុងវាស្នា 

ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀមសម្តែង​សិល្បៈ​ទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/07/26 10:21:02 am        234
ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀម​សម្តែង​សិល្បៈ​ទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងប្រវតិ្តសាស្រ្តព្រែកជីកហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ និង៩នាទីព្រឹក។ក្នុងនាមជាថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាននៅថ្ងៃនេះថា ក្រោមការ​ដឹកនាំ​ចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់ព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្ត នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នៅ​ទូទាំងប្រទេស យើងចូលរួមអបអរសាទរនូវសមិទ្ធផលថ្មី ជាប្រវតិ្តសាស្រ្ត នាវេលាម៉ោង៩ និង​៩​នាទី​ព្រឹក គឺជាថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងនោះ​សាលា​មធ្យម​វិចិត្រសិល្បៈ បានត្រៀមចូលរួមក្នុងសកម្មខាងលើនេះ ដើម្បីអបអរសាទរ តាមរយៈគម្រោងដែលថ្នាក់ដឹកនាំបានរៀបចំ គឺមានលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងសិស្សានុសិស្ស ចូលរួមសរុបជាង១០០នាក់ ដើម្បីសម្តែងសិល្បៈទស្សនីយភាព ក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលក្នុងអាណតិ្តទី៧នេះ និងសម្តែងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង៧ និង៣០នាទីព្រឹកឡើងទៅ ដូចជា៖ ទូងស្គរ សម្តែងសិល្បៈទស្សនីយភាព និយាយពីប្រវតិ្តសាស្រ្ត នៅសម័យហ្វូណន បង្ហាញពីព្រែកជីកដ៏មានសារៈសំខាន់ ក្រោយពេលទទួលបានព្រែកជីកនេះហើយ អ្វីដែលយើងទទួលបានពីព្រែកជីក។ ដូច្នេះយើងបានរៀបចំសិល្បៈទស្សនីយភាពនេះ មានរយៈពេលជាង៧នាទី ដើម្បីសម្តែងក្នុងព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្តនេះ។ក្នុងនាមជាមន្រី្តរាជការ លោកគ្រូ ខែម រិទ្ធ បង្រៀនផ្នែកតូរ្យតន្រី្តបុរាណ តេង ពិសី បង្ហាត់របាំបុរាណលោកគ្រូ ទេព ភារៈ បង្រៀនផ្នែកសៀក អ្នកគ្រូ ពិតជាមាន​សេចកី្ត​សោមន្ស​រីក​រា​យ​យ៉ាង​ក្រៃលែង ចំពោះពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលប្រារ​ព្ធ​ឡើង​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ និងគិតថាព្រែកជីកហ្វូណន តេជោ គឺជាសមិទ្ធផលថ្មីមួយ ដែលផ្តល់​អត្ថ​ប្រយោជន៍​ជូនដល់ប្រជាជនកម្ពុជា។សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃប្រវតិ្តសាស្រ្តរបស់​ប្រជាជន​កម្ពុជា​គ្រប់រូប ដែលទទួលបាននូវសមិទ្ធិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្រី្ត សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ប​ង​ប្អូន​ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះ​ត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់ទីវត្ត​អារាម សាលារៀនឱ្យបានក្លៀវក្លា និងអធិកអធមជាទីមោទនៈ៕ អត្ថបទ រដ្ឋា 

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ

2024/07/26 09:46:31 am        112
នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំប្រាសាទព្រះវិហារអាគាររដ្ឋបាល សាលាខេត្តជាន់ទី៣ មានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានរួចមក ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះវិហារបានយកចិត្តទុកដាក់គាំទ្រ និងជំរុញការ អនុវត្តការងារបរិស្ថាន និងកិច្ចការពារអភិរក្សាធនធានយ៉ាងសកម្ម ជាពិសសការចូលរួមអនុវត្តយ៉ាង ម៉ឹងម៉ាត់នូវបទបញ្ជរបស់រាជរដ្ឋាភិបាល ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិតាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានពង្រឹងការ អនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើ ពង្រឹងការគ្រប់គ្រងឱ្យ មានប្រសិទ្ធភាពលើតំបន់ការពារធនធានធម្មជាតិ ដោយបានបន្ថែម កម្លាំងយោធា សហការជាមួយ មន្ត្រីឧទ្យានុរក្សាក្នុងការចុះល្បាតនៅតាមគោលដៅចំនួន ១៣គោលដៅនៅក្នុងតំបន់ការពារធនធាន ធម្មជាតិចំនួន៨កន្លែង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ជាមួយគ្នានេះក៏មានការចូលរួមសហការពី កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។ ក្រៅពីនេះ រដ្ឋបាលខេត្តព្រះវិហារ បានយកចិត្តទុកដាក់ពង្រឹងអនុវត្ត និងផ្សព្វផ្សាយអំពីការយល់ដឹង និងបាន ចូលរួមអនុវត្តយុទ្ធសាស្ត្រ និងការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេសយុទ្ធសាស្ត្រចក្ខុ វិស័យបរិស្ថាន ដែលផ្អែកលើមូលបទចំនួន ៣គឺ៖ភាពស្អាត ដែលផ្តោតលើការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងភាពប៉ៃតង ផ្តោតលើការពង្រឹងចលនាដាំដើមឈើ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរបរិស្ថានខេត្តទាំងអស់ដែលបានខិតខំបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ នៅក្នុងវិស័យបរិស្ថាន ក្នុងការចុះល្បាតនៅក្នុងតំបន់ការពារនានា ក្នុងភូមិសាស្រ្តខេត្ត ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ ទប់ស្កាត់បង្ក្រាបបទល្មើស ព្រៃឈើនិងការទន្ទ្រានដី ព្រៃខុសច្បាប់ រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។ឯកឧត្តម ក៏បានជម្រុញ ដល់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ពិសេសថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរ បរិស្ថាន ត្រូវទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់តំបន់ការពារធម្មជាតិឲ្យបានដាច់ខាត ផ្សព្វផ្សាយដល់ សាធារណៈជន ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក ត្រូវរៀបចំបង្កើត សហគមន៍តំបន់ការពារធម្មជាតិថ្មីបន្ថែម និងសហគមន៍ ដែលមានស្រាប់ ត្រូវ ពង្រឹងសមត្ថភាព ដល់គណៈកម្មការគ្រប់គ្រងសហគមន៍ និងរិះរកមធ្យោបាយ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់សហគមន៍តាមរយៈការផ្តល់ជម្រើសមុខរបរបន្ថែម និងសកម្មភាពផ្សេងៗក្នុងវិស័យទេសចរណ៍ ត្រូវធ្វើនវានុវត្តន៍ក្នុងអង្គភាព និងបណ្តុះបណ្តាលសមត្ថភាពដល់់មន្ត្រីរាជការ រៀបចំថ្នាលបណ្តុះ បណ្តាលកូនឈើឱ្យបាន ១ឆ្នាំ ១០០,០០០ដើម សម្រាប់ចែកជូនដល់សាធារណជន ដើម្បីឲ្យ ប្រទេសកម្ពុជាមានភាពជាបៃតង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM