សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

សាលារដ្ឋចាប់ផ្ដើមអនុវត្តក្បួនគណនាលេខរហ័សជំនួសក្បួនគណនាលេខចាស់

2024/07/24 01:47:10 pm        319
សាលារៀនរដ្ឋ ចាប់ពីកម្រិតបឋមសិក្សា បានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរ ដោយសាលាមួយចំនួន បាន​ឈប់ប្រើប្រាស់ក្បួនគណនាលេខចាស់ ហើយចាប់ផ្ដើមបង្រៀន​សិស្ស​ឱ្យចេះពី​ក្បួនគ​ណនា​លេខ​រហ័ស ដែលអាចជួយឱ្យកុមារមានភាពលូតលាស់បញ្ញា គិតលេខបានកាន់​តែ​រហ័ស​ជាង​មុន​។ ការគណនាលេខរហ័ស ជាក្បួនគិតលេខបែបទំនើប អាចជួយឱ្យកុមារអាច​គណនា​លេខ​កាន់​តែ​លឿន​រហ័ស បើធៀបនឹងក្បួនគណលេខចាស់ ដែលធ្លាប់អនុវត្ត។ ក្បួនគណនាលេខរហ័សនេះ កន្លង​ទៅ​គឺអនុវត្តនៅគ្រឹះស្ថានឯកជនប៉ុណ្ណោះ។ បច្ចុប្បន្ន សាលារៀនរដ្ឋពិសេសថ្នាក់បឋមសិក្សា ក៏​បានចាប់ផ្ដើមអនុវត្តបង្រៀនកុមារ ឱ្យចេះពីរបៀបគិតលេខរហ័សផងដែរ។ យ៉ាង​ណាម៉ិ​ញ​ការ​អនុវត្ត​អាច​មិនទាន់បានគ្រប់សាលារៀននោះទេ។សម្រាប់សាលា​បឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស បច្ចុប្បន្នបាន​អនុវត្តការ​បង្រៀន​ក្បួនគណនាលេខរហ័ស គ្រប់កម្រិតថ្នាក់។ នេះជាការបញ្ជាក់របស់ លោក ផុន ណាត ជា​នាយកសាលា។ លោកបញ្ជាក់ថា សាលាបានចាប់ផ្ដើមអនុវត្តភ្លាមៗ ក្រោយ​ទទួល​បាន​សេចក្ដី​ណែនាំ​ពី​ក្រសួងអប់រំ។ ក្នុងនាមជាគណៈគ្រប់គ្រងសាលា លោកថាការបង្រៀន​កុមារ​ឱ្យ​ចេះ​ពី​របៀប​គិត​លេខ​ថ្មី​បានរហ័សនេះ ជារឿងប្រសើរ ជួយឱ្យកុមារមានភាពវៃឆ្លាត មានភាពលូតលាស់​ខួរក្បាល​។ចំណែកសិស្សានុសិស្សបានបង្ហាញនូវភាពសប្បាយចិត្ត ពេញចិត្ត​ចំពោះ​ការ​សិក្សា​ក្បួនគិ​ត​លេខ​រហ័ស​នេះ។ ពួកគេថា ក្រោយសិក្សាបានមួយរយៈមកនេះ ពួកគេមានសមត្ថភាព​គិត​លេខ​បាន​កាន់​តែ​លឿន ជួយឱ្យពួកគេធ្វើលំហាត់បានកាន់តែលឿន និងកាន់តែស្រលាញ់ការសិក្សា។ការបង្រៀនលើក្បួនគណនាលេខបែបរហ័សនេះ អ្នកគ្រូ សុខ សំភី លើកឡើងឱ្យដឹងដែរថា អ្នក​គ្រូ​ក៏​ដូច​ជា​គ្រូដទៃ ទទួលបានការបណ្ដុះបណ្ដាល និងធ្វើការស្រាវជ្រាវបន្ថែម សម្រាប់ការ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ដ៏ថ្មីមួយនេះ។ អ្នកគ្រូពេញចិត្ត ហើយក៏មើលឃើញពីភាពប្រសើរឡើង របស់សិស្ស​លើ​ការ​គណនា​លេខ​ផងដែរ។សូមជម្រាបថាក្បួនគណនាលេខរហ័សដែលកំពុងអនុវត្តនៅគ្រឹះស្ថានសិក្សារដ្ឋនេះ គឺស្រប​ទៅ​តាម​សេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលណែនាំស្ដីពី ការអនុវត្តកម្ម​វិធី​ក្រៅ​ម៉ោង​សិក្សា នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈគំរូ ដែលបានចេញកាលពីខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ៕ អត្ថបទ៖ គឹម ហុក 

អាជ្ញាធរឃុំកោះខ្សាច់ទន្លាជំរុញបង្កើតសហគមកសិកម្មដាំដំណាំទេសចរណ៍តាមបណ្ដោយព្រែកជីកហ្វូណនតេជោ

2024/07/24 01:33:15 pm        459
អាជ្ញាធរ និងបណ្តាពលរដ្ឋ នៅលើឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ក្រោយ​ពីបាន​ដឹង​ថា​ព្រែកជីកហ្វូណនតេជោ នឹងធ្វើជីកឆ្លងកាត់មូលដ្ឋានឃុំរបស់ខ្លួន គឺគេមានការអបអរសាទរ គាំទ្រ​ជំរុញឲ្យព្រែកជីកនេះជីកឲ្យលឿន ខណៈអាជ្ញាធរ និងពលរដ្ឋ បានរួមគ្នា​បង្កើត​សហគមន៍​កសិកម្ម និងកសិទេសចរណ៍ ជំរុញការធ្វើដំណាំនាំចេញ និងទទួលបាន​អត្ថ​ប្រយោជន៍​នានា​ទៀត​ពី​ព្រែក​ជីកណនតេជោ។បើតាមលោក រឿន សាបុណ្យ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែ​កក្កដានេះ ថ្លែងថា នៅពេលនេះ បណ្តាអាជ្ញាធរមូលដ្ឋាន ក៏ដូច បណ្តាពលរដ្ឋ បាន​សម្តែង​ការ​គាំទ្រ​ពេញ​ទំហឹងថ្ងៃបើកការដ្ឋានផ្លូវការអនុវត្តគម្រោងជីកព្រែកជីកហ្វូណនតេជោ ខណៈការ​ជីក​ព្រែក​ជីក​នេះ នឹងកប៉ាល់ដឹកទំនិញ សេវាកម្ម និងទេសចរជាតិ​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទន្លេ​បាសាក់ និងកាត់តាមកោះខ្សាច់ទន្លានេះ ហើយផ្តល់ប្រយោជន៍​ផ្នែក​ដឹក​ជញ្ជូន​តម្លៃ​ថោក​នាំមក​នូវ​ទេសចរ​ជាតិ​ អន្តរជាតិនានាទៀតអញ្ជើញមកទស្សនា។តំណាងសហគមន៍កសិកម្ម និងកសិទេសចរណ៍ នៅកោះខ្សាច់ទន្លា ថ្លែងថា នៅពេល​នេះ​ពលរដ្ឋ​ទាំង​អស់​គ្នា​ពិតជាចង់ឲ្យព្រែកជីកហ្វូណនតេជោ បើកដំណើរការជីកឲ្យបានលឿន ដើម្បីផ្តល់​ជា​ផល​ប្រយោជន៍ ប្រើប្រាស់ដឹកនាំកសិផលទៅលើកនៅក្រៅប្រទេសផង ក៏ដូចជាការទេសចរ​ជាតិ​ អន្តរជាតិ​មក​ទស្សនាសហគម មូលដ្ឋានរបស់យើងដែរ។ សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោជីក ឆ្លងកាត់ខេត្តកណ្តាលមានសរុបប្រវែង៥៦ គ.ម ដែល​នឹងចាប់ផ្តើមជីកពង្រីកចេញពីទន្លេមេគង្គត្រង់ចំណុចព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀន​ស្វាយ សំដៅទៅកាន់ទន្លេបាសាក់ ម្តុំព្រែក​ពោធិ៍​មាន​ប្រវែង​២១​គ.ម​ហើយ​បន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដង​ទន្លេ​បាសាក់មានប្រវែង២៩គ.ម ទៅដល់ជីកព្រែកតាហ៊ីងទន្លេបាសាក់ស្រុកកោះធំ រួចបន្ត​ជីក​ទៅ​ដល់​ព្រំប្រទល់ខេត្តតាកែវ មានប្រវែង៦គ.មទៀត៕ អត្ថបទ ស៊ុម សុខជា

NEA ក្រៅពីឱកាសការងារ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតក្នុងការផ្សព្វផ្សាយដល់យុវជន និងនិស្សិត

2024/07/24 01:16:34 pm        381
គិតរហូតមកដល់ពេលនេះមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅតែបន្តចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និង​គ្រឹះស្ថាន​សិក្សា​នានានៅរាជធានី-ខេត្ត ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយក​ឱកាស​ការងារ​ឲ្យ​កាន់​តែ​ខិតជិតដល់យុវជន។ជួបសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ លោក ជិន ខិ អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្នុងអំឡុងចុះផ្សព្វផ្សាយព័ត៌មានការងារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បាន​ឲ្យ​ដឹង​ថា ក្រៅពីការងារផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារល្អៗ ពិត​ប្រាកដឲ្យខិតជិតដល់យុវជន និងអ្នកស្វែងរកការងារនេះ NEA ក៏បាន​បន្ត​សកម្មភាព​ក្នុង​ការ​រៀបចំ​វេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើត​ជា​កន្លែង​ជួប​ជុំ​គ្នា​ដោយ​ងាយ​ស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាច​ពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។ ក្រុមនិស្សិតរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងបាននិយាយស្រដៀងគ្នាថា សព្វថ្ងៃនេះ​ឱកាស​ការងារ​ជា​ច្រើន​បានកំពុងបង្ហាញអំពីតម្រូវការកម្លាំងពលជាច្រើនវិស័យ ប៉ុន្តែក្នុងនាម​ជា​យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកស្វែងរកការងារធ្វើគប្បីគួរតែស្គាល់ខ្លួនឯងឲ្យបានច្បាស់ និង​ត្រៀមខ្លួន​ឲ្យបានត្រឹមត្រូវជាមុនដើម្បីឆ្លើយតបទីផ្សារការងារដែលកំពុងមានតម្រូវការទាំងនេះ។ សូមបញ្ជាក់ថា នៅថ្ងៃស្អែកទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសស្ត្រសេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយមានការ​ចូលរួម​ពី​ក្រុម​ហ៊ុនធំៗ​​ចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួនជាង ១,៤០០កន្លែង ជូន​ដល់​យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុង​បរិវេណ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតនៅតំបន់បឹងត្របែក រាជធានីភ្នំពេញ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជានឹងដាក់បញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ ដើម្បីប្រើប្រាស់ធនធាន និងសក្ដានុពល​របស់ខេត្តនីមួយៗ

2024/07/24 01:10:34 pm        398
កម្ពុជាកំពុងពិនិត្យលើការដាក់បញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ ដើម្បីប្រើប្រាស់ធនធាន និង​សក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ផ្គុំ ចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអន្តរក្រសួង រៀបចំផែនការ​មេ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍ បណ្ដាខេត្ត​ជាប់ឆ្នេរ​សមុទ្រ​កម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រទាក់ក្រឡា (គ.ផ.ព.ឆ.) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងលើកទី៤ ដើម្បីពិនិត្យ ផ្ដល់​យោបល់ និងផ្តល់គោលការណ៍ឯកភាព លើ សេចក្ដីព្រាងផែនការមេ​អភិវឌ្ឍបណ្ដាខេត្ត​ជាប់​ឆ្នេរ​សមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។បញ្ហានេះ, តាមការចង្អុលបង្ហាញដោយផ្ទាល់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដើម្បី​ពង្រីក​វិសាលភាពនៃ «ផែនការ មេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស​គំរូ​ពហុ​បំណង​», «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀង សេដ្ឋកិច្ច​ពហុបំណង​ និង​ប្រទាក់ក្រឡា» បានរៀបចំឡើងដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រទាំង ៣ ផ្សេងទៀត តាមរយៈ​ការប្រើប្រាស់ ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាច​ផ្គុំ​ចូល​គ្នា​បង្កើត ជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយសំដៅបង្កើន​ភាព​ប្រកួត​ប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម។ជាក់ស្ដែង, សេចក្ដីព្រាងផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ច​ពហុ​បំណង និងប្រទាក់ក្រឡា មានចក្ខុវិស័យរយៈពេលវែងដល់ឆ្នាំ ២០៣៨ គឺមានទិសដៅ​អភិវ​ឌ្ឍ​ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា៖ ទី១-គោលដៅទេសចរណ៍ ឆ្នេរកម្រិតពិភពលោក៖ ដៃគូ​ប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិ, ផ្ដល់សេវា​ទេសចរណ៍​ប្រកប​ដោយ វិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ។ ទី២-ថ្នាលថ្មី​សម្រាប់​សេដ្ឋកិច្ច​បៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្រ្ត​បៃតង​សម្រាប់​ការ​ធ្វើ​កសិកម្ម និងការអភិវឌ្ឍឧស្សាហកម្មនិងហិរញ្ញវត្ថុបៃតង។សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍ​បណ្ដាខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​របៀង​សេដ្ឋកិច្ច​ពហុ​បំណង និង​ប្រទាក់​ក្រឡា» បានធ្វើ ការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់​សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និង មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បី​វិភាគទៅលើគោលដៅ, លក្ខខណ្ឌនិងសក្ដានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ។ បន្ថែម​ពីលើនេះ, ផែនការមេនេះ ក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និ​ង​ផ្តល់អនុសាសន៍លើការបំពេញឱ្យគ្នាទៅវិញ ទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រម​ទាំងគម្រោងយុទ្ធសាស្រ្តសម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលខេត្ដសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការរលំដើមឈើនៅចំណុច​ទន្លេអុំនៃក្លោង​ទ្វារប្រាសាទបាយ័ន

2024/07/24 12:45:38 pm        396
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖ នាវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច​ខ្លោង​ទ្វារ​ទន្លេ​អុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានភ្លៀងលាយ​ឡំ​នឹង​ខ្យល់ កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋ​ឆ្លងកាត់​ទីតាំងនោះ។សេចក្ដីប្រកាសព័ត៌មានបានបង្ហាញថា ក្រោយទទួលបានព័ត៌មានពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្ត​សៀមរាប និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានដឹកនាំ​កម្លាំងចុះពិនិត្យ និងសង្គ្រោះអ្នករងរបួស។ ជាលទ្ធផលឃើញថា ដើមឈើមួយដើមនៅទន្លេអុំ ដែលបានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និងសង្កត់​លើ​រ៉ឺម៉កម៉ូតូ​បង្ក​គ្រោះថ្នា​ក់​ដល់​អ្នក​ដំណើរ​ជាជ​ន​ខ្មែរ​ចំនួន០៤នាក់ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន០១នាក់ ភេទប្រុស ដែលជាអ្នកបើកបរ និង​របួសមនុស្សចំនួន០៣នាក់ (ស្រាល០២ ធ្ងន់០១នាក់) ដែលជិះរ៉ឺម៉ក។ បច្ចុប្បន្នជនរងគ្រោះបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើចេញ ដើម្បីបញ្ចៀសចរាចរ នៅ​កន្លែង កើតហេតុរួចរាល់ទាំងស្រុងនៅវេលាម៉ោង២០៖៣០នាទី ថ្ងៃខែឆ្នាំដដែល។ក្នុង​នាម​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ជាតិអប្សរា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព និងចូលរួម​សោកស្តាយ​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ ដែលបានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិនេះ៕

សិល្បករសិល្បការិនីត្រៀមចូលរួមសម្តែងអបអរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/07/24 12:31:39 pm        269
សិល្បករ សិល្បការិនីរបស់នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​បាន​ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមរៀបចំការសម្តែងសិល្បៈ​ ទស្សនីយភាព​អបអរ​សាទរ​ថ្ងៃ​បើក​ការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤។លោក ឈាង ឆដាភ័ក្រ ប្រធាននាយដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែង​ប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា ដើម្បីចូលរួម​អបអរ​សាទរ​ព្រឹតិ្តការណ៍​ជាប្រវតិ្តសាស្រ្តនេះ មន្រី្តរាជការ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃ​នាយក​ដ្ឋាន​សិល្បៈទស្សនីយភាព នឹងធ្វើការប្រគុំស្គរចម្រុះ ដើម្បី​អបអរ​សាទរ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤​។ ក្នុងនោះនាយកដ្ឋានបានត្រៀមកម្លាំងសិល្បករ សិល្បការិនីជាច្រើននាក់ ដើម្បីចូលរួមប្រគុំស្គរ គឺត្រៀម​ចូលរួមសម្តែងនៅទីតាំងប្រារព្ធពិធីបើកការដ្ឋាន ដែលស្ថិតនៅក្នុង​ស្រុក​គៀន​ស្វាយ​ខេត្ត​កណ្តាល និងប្រគុំស្គរ នៅទីតាំងក្រសួងការពារជាតិ និងត្រៀម​ចូលរួម​អបអរ​សាទរ​ការ​សម្តែង​នា​ពេល​រាត្រី ជាមួយសាលារាជធានីភ្នំពេញ។ជាមួយគ្នានោះដែរក្នុងនាមជាមន្រី្តការ លោក ឈាង ឆដាភ័ក្រ រួមនិងសិល្បករ សិល្បការិនី ពិត​ជា​មាន​សេចកី្តសាទរ និងសេចកី្តរីករាយយ៉ាងក្រៃលែង ចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ​ដែលនឹងប្រារព្ធឡើងនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ព្រោះថាព្រែក​ជីក​ហ្វូណនតេជោ គឺជាសមិទ្ធិផលថ្មីមួយ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជនកម្ពុជា តាមរយៈ​ការ​ដឹកនាំជញ្ជូន វិស័យកសិកម្ម វិស័យទេសចរ ពាណិជ្ជកម្ម និងហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវទឹក​។សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃ​ប្រវតិ្តសាស្រ្ត​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប ដែលទទួលបាននូវសមិទ្ធិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្រី្ត សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ព្រែកជីក «ហ្វូណន តេជោ» បងប្អូន​ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និង​គោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់​ទីវត្ត​អារាម សាលារៀនឱ្យបានក្លៀវក្លា និងអធិកអធមជាទីមោទនៈ៕ អត្ថបទ រដ្ឋា

ក្រសួងការងារ ចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោហ៊ុន សែន លើការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

2024/07/24 12:18:06 pm        271
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និង​គម្រោង​ក្រោម​ក្រប​ខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានប្រកាស​កាល​ពីថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៤។ការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ធ្វើឡើង​ក្នុង​គោលបំ​ណង​ជំរុញ​សមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ លើសពីនេះ វាក៏នឹងជួយជំរុញសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់ ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ តាមចក្ខុវិស័យ “ប្រទេសបីគោលដៅទេសចរណ៍តែមួយ” ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេស។ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសថ្កោលទោសព្រមទាំងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់បង្កចលាចល ដែលបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងអំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។គួរបញ្ជាក់ផងដែរថា គំនិតក្នុងផ្តួចផ្តើមការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ហើយបានធ្វើកិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ចំនួន ១១លើកមកហើយ ដែលក្នុងឆ្នាំ ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២ផងដែរ៕

សម្រស់ ប្រាសាទបេងមាលា នារដូវវស្សា!

2024/07/24 12:04:36 pm        245
ប្រាសាទបេងមាលា គឺជាបុរាណប្រាសាទមួយ មានអាយុកាលរាប់រយឆ្នាំមកហើយ ដែល​បាន​លាក់​ខ្លួន​ពួនសំងំនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់ក្បែរជើងភ្នំគូលែន ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទបេងមាលា ត្រូវបានស្ថាបនាឡើងនាអំឡុងចុងស.វ ទី ១១ និងដើមស.វ ទី ១២ នៃគ.ស ដោយព្រះបាទសូរ្យវរ្ម័នទី២ សាងសង់លើផៃ្ទដីទំហំ១៤ហិកតា ។ប្រាសាទនេះក៏ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងលទ្ធិព្រហ្មសាសនា។ ប៉ុន្តែ​បច្ចុប្បន្នប្រាសាទបេងមាលា បានក្លាយជាទីបូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្អវិចិត្រ ដែល​ទាក់ទាញក្រសែភ្នែកទេសចរចម្រុះជាតិសាសន៍ឱ្យចូលទៅទស្សនា។ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​បេងមា​លា លោកអ្នកអាចធ្វើដំណើរចេញពីក្រុងសៀមរាប មាន​រយៈ​ចំងាយ​ប្រមាណ ៥៦គីឡូម៉ែត្រ និងមានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន

2024/07/24 11:19:14 am        108
ស្វាយរៀង ÷ ផ្លូវជនបទជាច្រើនខ្សែនៅទូទាំងប្រទេស ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងស្តារ និងស្ថាបនាជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើតនូវហេដ្ឋរចនាសម្ព័ន្ធជនបទឲ្យកាន់តែរឹងមាំ គាំទ្រដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីលើកកម្ពស់ដល់ការរស់នៅ និង មានជីវភាពកាន់តែប្រសើរ។ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុង ផ្ដោតការយកចិត្តទុកដាក់លើការស្ថាបនាហេដ្ឋារនាសម្ព័ន្ធ ជាពិសេសផ្លូវជនបទ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ កសិផល និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ជុំវិញការស្ថាបនាផ្លូវនិងសំណង់សិល្បការ្យនេះ, ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួត ពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារផ្លូវចំនួន ៣ខ្សែ នៅខេត្តស្វាយរៀង និងត្បូងឃ្មុំ, ក្នុងនោះឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ របស់ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដែល ស្ថាបនាសម្រេចបានតាមផែនការ រហូតដល់បញ្ចប់សុពលភាព, ព្រោះការស្ថាបនា ការស្តារ និងការថែទាំផ្លូវ ក៏ដូចជាការកែលម្អហេដ្ឋារ ចនាសម្ព័ន្ធរូបវន្ត គឺជាការចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅជនបទ។ជាក់ស្តែងការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែងសរុប ១ ៥៤០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងការស្ថាបនាផ្លូវ ក្រាលបេតុងចំនួន១ខ្សែ ប្រវង ៦០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងផ្លូវក្រាលដីល្បាយ ក្រួសចំនួន ១ខ្សែ ប្រវែង ៩ ៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ភ្ជាប់ចំនួន៦ភូមិ នៅឃុំព្រែកអាជី ទៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ រួមជាមួយសំណង់សិល្បការ្យផ្សេងៗទៀត បានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ការដឹកជញ្ជូនកសិកផល និងការសម្រួលដល់ការធ្វើដំណើររបស់សាធារណជនទូទៅផងដែរ។ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត និងគណៈកម្មាធិការអន្តរក្រសួង បន្ទាប់ពីចុះពិនិត្យផ្លូវ និងសំណង់សិល្បការ្យរួច បានជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើននាក់ នៅតំបន់ទាំងពីរខាងលើ ដោយនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។ ក្នុងពិធីជួបជុំនេះដែរ ឯកឧត្តម បណ្ឌិត បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ ជួយថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗឲ្យបាន ល្អប្រសើរ ដើម្បីរក្សាឲ្យគង់វង្សយូរអង្វែង ព្រោះផ្លូវគឺជាសរសៃរឈាមយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ សុន រ៉ាឌី

គ្រឿងញៀនជាង ៥តោន ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន​ក្នុងរយៈពេល៧ខែ​ដើម​ឆ្នាំ២០២៤

2024/07/24 10:26:32 am        504
ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវបង្ក្រាប​ករណី​ជួញ​ដូរចែកចាយគ្រឿងញៀន ដកហូតសាធាតុញៀនសរុបជាង៥តោន។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ឲ្យដឹងថា កម្លាំង​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោម​ការ​ដឹក​នាំ​ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល និងឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ប៊ុន ប៉ាម៉ារីលុច និងឯកឧត្តមឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរង ទទួលការដឹកនាំ មន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំ​ដល់​លោកផ្ទាល់ នាយកមន្ទីរប្រឆាំងគ្រឿង​ឲ្យ​ស្រាវ​ជ្រាវ​បង្ក្រាប​ករណីជួញដូរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ច្រើនករណី ហើយឧក្រិដ្ឋ​ជន​ភាគ​ច្រើន​គឺ​ជាជនជាតិចិន និងវៀតណាម និងដកហូតគ្រឿងញៀន​សរុបចំនួន​ជាង៥តោន​ដែល​ជា​ចំនួន​មួយ​យ៉ាងច្រើនខុសពីឆ្នាំកន្លងទៅ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណី​គ្រឿង​កន្លង​មក​រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់បំផុតទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ គឺយកបញ្ហាគ្រឿង​ញៀន​ជា​អាទិភាព ដែលត្រូវស្រាវជ្រាវបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត ហើយតែងតែ​យក​ថ្ងៃ​ទី​២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាដុតបំផ្លាញគ្រឿងញៀន។ ជាចុងក្រោយលោកនាយកមន្ទីរប្រឆាំងគ្រឿងញៀនក៏បានបញ្ជាក់ជាថ្មីជូនដល់សាធារណៈជនថា គ្រឿង​ញៀនដែលកម្លាំងជំនាញបង្ក្រាបាន គឺធ្វើនីតិវិធីបញ្ជូនទៅតុលាការ ចំណែក​គ្រឿង​ញៀន​ដែល​អាច​ដុតបំផ្លាញចោលបានលុះត្រាតែតុលាការចេញសាលដីការកំណត់ទោស ទើប​កម្លាំង​ជំនាញ​មាន​សិទ្ធិក្នុងការដុតបំផ្លាញចោលបាន។ លោកបញ្ជាក់បន្ថែមថា គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ក្នុង​ឆ្នាំ២០២៤នេះ អាចឆ្នាំ២០២៥ទើបដុតបំផ្លាញបាន ទំរាំតុលាការ​ចេញ​ដី​ការ​សម្រេច​កាត់​ទោស​ក្រុមឧក្រិដ្ឋជនជាស្ថាពរ៕ អត្ថបទ៖ កុម្ភះ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM