អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី បន្តរៀបចំអភិវឌ្ឍន៍សួនច្បារផ្នែកខាងលិចនៃបឹងកន្សែងបន្ថែម បន្ទាប់ពីបានអភិវឌ្ឍន៍ផ្នែកខាងកើតយ៉ាងល្អស្អាតសម្រាប់ពលរដ្ឋ និងទេសចរលេងកម្សាន្ត

2026/02/17 12:58:41 pm        202
រតនគិរី៖ ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បឹងកន្សែងបានប្រែមុខមាត់ថ្មី ដ៏ស្រស់ត្រកាល និងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានប្រកបដោយភាពទាក់ទាញ។ បន្ទាប់ពីធ្វើការអភិវឌ្ឍន៍ផ្នែកខាងកើត បានយ៉ាងល្អស្អាត និងស្រស់បំព្រងហើយនោះ ឯកឧត្តម អភិបាលខេត្ត បន្តធ្វើការអភិវឌ្ឍន៍ផ្នែកខាងលិច បន្តទៀត ដោយនឹងរៀបចំសួនច្បារ មានមាត្រដ្ឋាន១/១០០០ មានជណ្តើចុះ២កន្លែងថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តរតនគិរី។សូមបញ្ជាក់ថា បឹងកន្សែង ជាបឹងធម្មជាតិមួយ ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តរតនគិរី។ បច្ចុប្បន្ន នឹងកន្សែង មានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង មានខ្សែរ៉តជិះលេងកំសាន្ត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាក់សត្វ អក ព្រមទាំងរូបសំណាកសត្វដ៏ទៃច្រើនទៀត គួរជាទីចាប់អារម្ម និងជាកន្លែងដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ។ជាពិសេស អាចគយគន់ សត្វប្រវឹក សត្វទម សត្វកុក និងសត្វស្លាបជាច្រើនប្រភេទផ្សេង ផងដែរ។រមណីយដ្នានធម្មជាតិមួយនេះគឺជាទីកន្លែង អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរដែលទៅលេងនៅបឹងនេះហើយទទួលបានអារម្មណ៍ស្រស់ស្រាយ និងបង្កើតអនុស្សារីយ៍ល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន។ដូច្នេះភ្ញៀវទេសចរជាតិ អន្តរជាតិបើបានកមលេងខេត្តរតនគិរីហើយ សូមកុំរំលងរមណីយដ្ឋានធម្មជាតិនេះឱ្យសោះ៕

ប្រតិបត្តិករទេសចរណ៍អរគុណចំពោះរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តពន្ធដារដល់ដំណាច់ឆ្នាំ២០២៦

2026/02/17 12:41:28 pm        181
ប្រតិបត្តិករទេសចរណ៍ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេសសម្ដេចមបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យឯកជន បាន​បន្ត​ផ្តល់​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ចំពោះ​សហគ្រា​ស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប ខណៈពួកគាត់សង្ឃឹមថា ប្រមុខរដ្ឋាភិបាលនឹងពង្រីកវិសាលភាព ការលើក​ទឹក​ចិត្ត​ពន្ធដារ ​ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស។ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ប្រកាស​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុង​គោល​បំណង​ផ្តល់​ការ​លើក​ទឹកចិត្តដល់សហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ​ដ្ឋាន ​និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍។ប្រធានសមាគមមគ្គុទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី បានប្រាប់ BTV ថា ការលើកលែង​ពន្ធដារ ​សហគ្រាសក្នុងវិស័យទេសចរណ៍ នាពេលនេះ នឹងជួយ​សម្រាល​បន្ទុក​ពួក​គាត់​បាន​មួយ​កម្រិត ​ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចបន្តអាជីវកម្មរបស់ខ្លួន បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ។ បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា យល់ថា នេះ​គឺ​ជា​ទឹក​ចិត្ត​ដ៏​ប្រពៃរបស់ប្រមុខរដ្ឋាភិបាល ដែលបាន​បន្ត​អនុ​គ្រោះទៅ​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយលោកបណ្ឌិត សង្ឃឹមថា ការលើកលែងនេះ នឹងអនុវត្តនៅ​មូលដ្ឋាន​សក្តា​នុ​ពល​ទេសចរណ៍ផ្សេងទៀត ដូច រាជធានីភ្នំពេញ, ទេសចរណ៍តំបន់ឆ្នេរ និងតំបន់ផ្សេងៗទៀត។សូមបញ្ជាក់ថា ការលើក​ទឹក​ចិត្ត​ពន្ធដារ​ចំពោះ​សហ​គ្រាស​ក្នុង​វិស័យ​ទេស​ចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុងខេត្តសៀមរាប បានអនុវត្តគិតចាប់ពីខែមករា ឆ្នាំ២០២៦ ដល់ដំណាច់ ខែធ្នូ ឆ្នាំ​២០២៦​។ ការលើកទឹកចិត្តពន្ធដារ រួមមាន ៖ ទី១- លើកលែង​ការ​បង់ពន្ធ​អាករ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២៦។ទី២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦, ចំពោះប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល​ដែល​សហគ្រាសបានបង់រួចឆ្នាំ២០២៧ នឹងត្រូវ​បាន​អនុញ្ញាត​ជា​ឥណទាន​ពន្ធ​សម្រាប់​កាត់​កង​ជា​មួយ​ពន្ធ​លើ​ប្រាក់ចំណូលប្រចាំ និង ទី៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់​ការិយ​បរិច្ឆេទ​ឆ្នាំ​២០២៦៕ អត្ថបទ៖ ធូ វិរៈ 

ចំពោះមុខសម្ដេចតេជោ, អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងកងទ័ពកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/02/17 12:37:00 pm        215
ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានបង្ហាញនូវការប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងកងទ័ពកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ ជាពិសេសសន្ដិសុខ សុវត្ថិភាពនៅតាមបន្ទាប់ព្រំដែនប្រទេសទាំងពីរ។ ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតចូលជួបម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភានៃកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ រួមទាំងប្រទេតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ រួមទាំងប្រទេតិភូមកកាន់ប្រទេសកម្ពុជានាក្នុងឱកាសនេះ នឹងជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលេចអំពីព្រឹត្តិការណ៍កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសឡាវ គឺ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលនេះជាចំណុចដ៏សំខាន់ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវនាពេលបច្ចុប្បន្ន។ នៅក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានសម្ដែងនូវការអរគុណជាអនេកដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ឯកឧត្តម បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្គត់ធ្ងន់ទៅលើទំនាក់ទំនងវិស័យការពារជាតិ និងកងទ័ពរវាងប្រទេសទាំងពីរ ហើយឯកឧត្តមបានប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោថា នឹងខិតខំប្រឹងប្រែងពូនជ្រំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត។ ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្ដិភាព សហប្រតិបត្តិការជាមួយគ្នា ហើយមាននូវសុខសន្ដិភាព សុវត្ថិភាពជាមួយគ្នាបានល្អតាមរយៈការសហការរវាងប្រទេសទាំងពីរកងទ័ព និងអាជ្ញាធរនៃប្រទេសទាំងពីរផងដែរ។ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីសកម្មភាពក៏ដូចជាកិច្ចសហប្រតិបត្តិការដែលឯកឧត្តមបានជួបពិភាក្សាជាមួយ ឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងរដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា ក្នុងពេលដែលឯកឧត្តមបានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាកត្តាដ៏សំខាន់ក្នុងការដាក់ចេញនូវផែនការពង្រីកនូវទំនាក់ទំនងទ្វេភាគី ក្នុងក្របខណ្ឌនៃកងទ័ពកម្ពុជា និងកងទ័ពប្រជាជនឡាវ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយក្រៃលែងចំពោះរបាយការណ៍ ក៏ដូចជាលទ្ធផលដែលឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត បានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរបស់កម្ពុជាដែលជាចំណុចដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ និងកងទ័ពកម្ពុជា និងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍ជាមួយគ្នា និងការបណ្ដុះបណ្ដាលនូវធនធានរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុនតាមរយៈការផ្ដល់អាហាររូបករណ៍ជាដើមនៅក្នុងវិស័យការពារជាតិដើម្បីជាផ្នែកក្នុងការរុញច្រានក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្សនៅក្នុងវិស័យការពារជាតិឱ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរីករាយ និងបានឃើញនូវកិច្ចសហប្របត្តិបត្តិការដ៏ល្អនៅតាមព្រំដែនរវាងកម្ពុជា និងឡាវដែលមានមកជាមួយគ្នានាពេលកន្លងមក ហើយសម្ដេចសង្ឃឹមនឹងជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីធ្វើយ៉ាងណារក្សានូវសន្ដិភាពសន្ដិសុខនៅតាមព្រំដែនឱ្យកាន់តែល្អប្រសើរបន្តទៀត៕

សមាគមមិត្តភាពកម្ពុជា-ចិន រៀបចំកម្មវិធីរាត្រីសមោសរ អបអរចូលឆ្នាំប្រពៃណីចិន និង​ជា​សញ្ញា​នៃ​មិត្តភាព​យ៉ាងជ្រាលជ្រៅនៃប្រទេសទាំងពីរ

2026/02/17 12:22:25 pm        118
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីរាត្រីសមោសរ ចូលឆ្នាំប្រពៃណីចិន ឆ្នាំ​មមី ​២០២៦ នាថ្ងៃទី១៦ ខែកុម្ភៈ ប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម និងពោរពេញ​ដោយ​ស្នាម​​ញញឹម​នៃ​មិត្តភាព ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និង​ជា​ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំង យុវជន ប្រទេសទាំងពីរ និងភ្ញៀវកិត្តិយស ចូល​រួម​យ៉ាងច្រើនកុះករ ។លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា ក្រោយ​ពេល​ដែលពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដោយ UNESCO នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ពិធីបុណ្យដែលមានអាយុកាលជិ ត៤ពាន់ឆ្នាំនេះ កាន់​តែ​មាន​វិសាលភាពសកល និងរួមចំណែកបង្កើនកម្លាំង ដល់កិច្ចកសាង​សហគមន៍​ជោគ​វាសនា​រួម ​នៃមនុស្សជាតិ។ឯកឧត្តម ឯក សំអុល ចាត់ទុកការជួបជុំគ្នានេះ មិនត្រឹម​តែ​ជា​ការ​អបអរ​សាទរ​ពិធី​បុណ្យ​វប្បធម៌​ដ៏​សំខាន់​មួយ​របស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសញ្ញា នៃមិត្តភាពជ្រាលជ្រៅ និង​ការ​តភ្ជាប់​បេះ​ដូង​រវាង​ប្រជាជន និងប្រជាជនកម្ពុជា-ចិនទៀតផង។ឯកឧត្តម​បន្ត​ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា–ចិន ត្រូវ​បាន​លើកកម្ពស់ទៅជាសហគមន៍វាសនា​រួមកម្ពុជា-ចិន​គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយ​កម្ម​វិធី​នារា​ត្រី​នេះ ​បានរំលេចកាន់តែច្បាស់ពីការតភ្ជាប់បេះដូង រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ។ អំឡុងកម្មវិធីនាពេលនោះដែរ ក៏មានការចាក់បញ្ចាំងផ្ទាំងទស្សនីយភាព ផ្សាយផ្ទាល់ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​អំពីការសម្តែងសិល្បៈដោយរួមបញ្ចូលនូវបច្ចេកវិទ្យាក្នុងទម្រង់ 8K+AI ព្រមទាំង បញ្ចេញ​ឧត្តមភាព​នៃ​ការ​ផ្សព្វផ្សាយ​ជាភាសា ៨៥ភាសា ក្រោមកិច្ចខិតខំរបស់​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ដែលចាប់រាប់តាំងពី១៩៨៣មក។ ក្រៅពីនេះ ក៏មានការធ្វើនំគៀវរួមគ្នា និង​ស​កម្មភាព​កម្សាន្ត ដើម្បីអបអរសាទរ​បុណ្យឆ្នាំថ្មី របស់ចិនជាច្រើនទៀត ក្នុង​បរិយាកាស​យ៉ាង​សប្បាយ​រីក​រាយ៕ អត្ថបទ បាន សុខរិទ្ធិ

ម្ចាស់សិប្បកម្មជាស្រ្តីកំពុងបង្កើនការផលិត រុញ​ផលិតផល​ខ្មែរ​ចូល​ទីផ្សារ​ជំនួស​ការ​នាំ​ចូល​ពី​បរទេស​

2026/02/17 11:32:13 am        141
ម្ចាស់សិប្បកម្មជាស្រ្តី បាននិងកំពុងបង្កើនកិច្ចដំណើរការផលិត និងវេចខ្ចប់​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិត​កម្ម​របស់​ខ្លួន ដោយមានសម្ទុះ កើនឡើង៣ទៅ៤ដង បើធៀបមុនការផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន​ ដើម្បីផលិតរុញចូលទីផ្សារជំនួសការនាំចូល គាំទ្រ និងឆ្លើយតបដល់ការ ប្រើប្រាស់​របស់​ប្រជា​ពលរដ្ឋ។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងការផ្គត់ផ្គត់ទំនិញចូលទីផ្សាររបស់សហគ្រិនជាស្តី្រ នេះ​ថា ជុំវិញផលិតផលក្នុងស្រុកឃើញថា ពីមួយឆ្នាំទៅមួយ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈ​ដែលកម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ-ជំនាញ ដើម្បីត្រួសត្រាយ ផ្លូវ ផ្តល់ឱកាសដល់សហគ្រិន ជាពិសេសសហគ្រិនជាស្រ្តី មានឱកាសបង្ហាញផលិតផលរបស់ខ្លួន នៅ​ទីផ្សារ​ក្នុងស្រុកនិងការនាំចេញ។លោកជំទាវ បន្តថា ខណៈប្រជាពលរដ្ឋធ្វើពហិការ បន្ទាប់ពីការផ្ទុះឡើងនូវជម្លោះព្រំដែនកម្ពុជា-ថៃ សហគ្រិនជាស្រ្តីបានជួប បញ្ហាប្រឈមភ្លាមៗមួយចំនួនផងដែរដូចជា លទ្ធភាព​នៅ​ក្នុង​ដំណើរ​ការ​ផលិត​ និងដើមទុនសម្រាប់ពង្រីកអាជីវកម្មជាដើម។ តែទោះបី យ៉ាងណា នៅក្នុងបរិការណ៍​ផ្លាស់​ប្តូរ​នេះ សហគ្រិនជាស្រ្តីបានពង្រីកខ្លួននៅក្នុងដំណើរការផលិតបានទាន់ពេលវេលា ជាក់​ស្តែង​មក​ដល់ពេលនេះ ខ្សែច្រវាក់ផលិតកម្មជាច្រើន បាននិងកំពុងជំរុញការផលិត កើនឡើង ៣ ទៅ៤ដង ដើម្បីរុញចូលទីផ្សារផង និងបង្កើន ប្រាក់ចំណូលរបស់ខ្លួនផង ដែលនេះ​ជា​ការ​ចូល​រួម​ចំណែក ​ដោយមិនត្រឹមផ្គត់ផ្គត់ផលិតផលជំនួសការនាំចូលប៉ុណ្ណោះទេ ថែមទាំង បង្កើតការងារ និង​ចូលរួមលើកកម្ពស់ដល់កសិករដែលជាអ្នកផ្គត់ផ្គត់វត្ថុធាតុដើមផងដែរ។សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុង​កម្ម​វិធី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ​នៅ​ទីផ្សារ​ក្នុង​ស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រម​ទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និង​បណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បី​ចូល​រួម​ចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ធុរជនចិនដាក់ទិសដៅផលិតអាហារហាឡាល់ (Halal) នៅកម្ពុជាដើម្បីនាំចេញ

2026/02/17 11:04:41 am        181
អ្នកវិនិយោគនៃប្រទេសចិន បានចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ក្នុង​ការ​ផលិត​អាហារ​ប្រភេទ​ហាឡាល់ ​បែបអាហារចិន ដែលអាចបរិភោគបានទាំងជនជាតិ ដែលជាសាសនិកឥស្លាម និង​ជន​ជាតិ​ផ្សេង​ៗ​ទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នបានចាប់ផ្ដើម ផលិត​សម្រាប់​ទីផ្សារ​ក្នុងស្រុកខ្មែរ។ក្នុងឱកាសដាក់ឲ្យដំណើរការការផលិតអាហារហាឡាល់របស់ណាហ្វីអឺ អ៊ិនដាស្ទ្រី នៅ​តំបន់​ជ្រោយ​ចង្វារកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា នេះគឺ​ជា​ជោគជ័​យ​មួយ​បន្ថែម​ទៀត ​សម្រាប់ប្រទេសកម្ពុជា ដែលមានធុរជនពីបរទេស មកផលិតចំណីអាហារនៅក្នុងស្រុក ហើយ​គ្រោងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាប្រភេទអាហារមានលក្ខណៈស្ដង់ដារអន្តរជាតិ ហើយ​អាហារប្រភេទនេះ សម្រាប់សាសនិកឥស្លាមនៅកម្ពុជា កំពុងរងចាំជាយូរមកហើយ ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ជាការពិតស្របពេលជាប្រទេស ដែលមាន​សុខដុម​នីយ​កម្ម​នៃ​សាសនា និងជាតិសាសន៍នានា គឺកម្ពុជាមានលំហូរនូវភ្ញៀវទេសចរជាច្រើន បូករួមទាំង​ទេសចរណ៍​នៃ​សាសនិកឥស្លាម ហើយក៏មានថ្នាក់ដឹកនាំនៃប្រទេសនៅតំបន់អារ៉ាប់ជាច្រើន ក៏​បាន​អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្ហាញថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់។ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបង្ហាញការគាំទ្រ ចំពោះគម្រោងរបស់ណាហ្វីអឺ ដែល​គ្រោង​យក​កម្ពុជា ដើម្បីផលិតអាហារហាឡាល់ ប្រភេទប្រហិតនេះ ទៅកាន់ទីផ្សារអន្តរជាតិ ដែល​ជា​ការ​ពង្រីកបន្ថែមនូវការវិនិយោគ និងឱកាសការងារក្នុងស្រុក និងជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។លោក ម៉ា បាវ (Ma Biao) នាយកក្រុមហ៊ុនណាហ្វីអឺ បានឲ្យដឹងថា ការបោះទុន​វិនិយោគ​នៅ​កម្ពុជា​នេះ ​មិនមែនដើម្បីតែប្រាក់ចំណេញនោះទេ គឺជាការចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជា​យូរ​អង្វែង​ទៅ​ខាងមុខ ក៏ដូចជាបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីមាន​ប្រាក់​ចំណូល​បន្ថែម​។លោកបានបន្តថា មួយវិញទៀត ការសម្រេចចិត្តបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺ​ក្រោយ​ពី​ការ​វាយតម្លៃអស់រយៈពេលវែង ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាជាយូរមកហើយនោះ លើ​ប្រភេទ​អាហារ​ហាឡាល់ ជាមួយនឹងស្ដង់ដារគុណភាពមិនមានការប្រែប្រួល ដោយប្រកាន់​ខ្ជាប់​នូវ​បទ​បញ្ញត្តិ​ហាឡាល់ និងសុវត្ថិភាពចំណីអាហារពិភពលោក ។ លោក ម៉ា បាវ (Ma Biao) បានគូសបញ្ជាក់ថា ទីតាំងផលិតអាហារហាឡាល់បែបចិននេះ នឹង​មិន​ត្រឹម​ជាទីតាំងផលិតអាហារប៉ុណ្ណោះទេ ដោយនៅពេលអនាគត​នឹង​អាច​ឲ្យ​មហាជន​បណ្ដុះ​ទេព​កោសល្យ ការងារ និងផ្សារភ្ជាប់នឹងទីផ្សារផងដែរ ។គួរបញ្ជាក់ថា ក្រោយពីដាក់ឲ្យដំណើរការនូវព្រលានយន្តហោះថ្មី កម្ពុជា​បាន​ភ្ជាប់​ជើង​ហោះ​ហើរ​ជា​ច្រើន​ខ្សែ ​ជាមួយបណ្ដាប្រទេសនៅតំបន់អារ៉ាប់ និងប្រទេសមួយចំនួនទៀត ដែលធ្វើឲ្យ​កំណើន​នៃ​ភ្ញៀវ​ទេសចរ នៃសាសនិកឥស្លាម មកលេងកម្សាន្តនៅកម្ពុជាកើនឡើង គួរឲ្យកត់​សម្គាល់​ផង​ដែរ​៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការឆ្លើយតបការប្រែប្រួលអាកាសធាតុ និង​ការ​គ្រប់​គ្រង​សំណល់​ផ្អែកលើយន្តការឥណទានរួម (Joint Credit Mechanism - JCM)

2026/02/17 10:53:03 am        81
កម្ពុជា-ជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង​ការ​គ្រប់​គ្រងសំណល់ ដោយផ្អែកលើយន្តការឥណទានរួម (JCM)។ ខ្លឹមសារនេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ជាមួយ ឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ការជំរុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកាបូនទាប ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគីកម្ពុជា-ជប៉ុន។ ភាគីទាំងពីរបានយល់ស្របជាមួយគ្នាលើចំណុចទាំង៦ ដែល​រួម​មាន ​ទី១.យន្តការឥណទានរួម(JCM) ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស ទី២ សកម្ម​ភាព​ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន ទី៣ ការគាំទ្រលើផែនការជាតិ ការ​បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុជាពិសេសប្រព័ន្ធព្រមានជាមុន(Early Warning System​) ​ទី៤ ​គឺការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គីសនីពីសំណល់ ទី៥ ការ​ផ្សព្វ​ផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសំរាម-សំណល់ ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ និង​ទី៦ ការផ្លាសប្តូរបទពិសោធន៍លើការគ្រប់គ្រងឧទ្យានជាតិ។សូមជម្រាបជូនថា យន្តការឥណទានរួម (Joint Credit Mechanism - JCM) គឺជា​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៤ កន្លងទៅ ក្នុងគោលបំណងសំខាន់ គឺដើម្បីជំរុញការវិនិយោគ និងការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា ផលិតផល ប្រព័ន្ធ សេវាកម្ម និងហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​កាបូន​ទាប​៕​

សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់អាមេរិកដោយសុវត្ថិភាព ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ដំបូង នៃក្រុមប្រឹក្សាសន្តិភាព

2026/02/17 10:44:23 am        210
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់សហរដ្ឋអាមេរិកហើយកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៦នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាព្រឹកម៉ោងនៅអាមេរិក ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព។ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី មានការអញ្ជើញ​ទទួល​ស្វាគមន៍​ពី​សំណាក់​ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងឯកឧត្តម កែវ ឈា ឯក​អគ្គ​រាជ​ទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕

ក្រសួងសុខាភិបាល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល

2026/02/17 10:41:00 am        183
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ) ដើម្បីពិនិត្យវឌ្ឍនភាព និងពន្លឿនការងារបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខាភិបាល។លទ្ធផលនៃកិច្ចប្រជុំបានពិភាក្សា និងឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖១. ប្រព័ន្ធបញ្ជីចាក់វ៉ាក់សាំង (EIR)៖ ប្រព័ន្ធនេះបានត្រៀមខ្លួនរួចរាល់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី១ ឆ្នាំ២០២៦។ បច្ចុប្បន្នប្រព័ន្ធមានទិន្នន័យកំណត់ត្រាវ៉ាក់សាំងជាង ១ លាននាក់ ដែលនឹងជួយសម្រួលដល់ការតាមដានប្រវត្តិវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ២. ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន (HFMS)៖ បានបញ្ចប់ដំណាក់កាលទី១ ដោយជោគជ័យ ដោយអាចបង្ហាញទីតាំង និងទិន្នន័យមន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល និងមន្ទីរពេទ្យឯកជន នៅលើ Dashboard។ ក្រុមការងារកំពុងបន្តដំណាក់កាលទី២ លើការចុះបញ្ជីមូលដ្ឋានសុខាភិបាល និងលើកកម្ពស់ស្តង់ដាសុវត្ថិភាព៣. ប្រព័ន្ធពិគ្រោះជំងឺពីចម្ងាយ (Telemedicine)៖ ជាបច្ចេកវិទ្យាពិគ្រោះព្យាបាលថ្មី ដែលគ្រោងនឹងដាក់ដំណើរការសាកល្បងនៅ មន្ទីរពេទ្យគោលដៅចំនួន ២ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្កើនប្រសិទ្ធភាពសេវាពិគ្រោះ និងព្យាបាលជំងឺ៤. សុវត្ថិភាពឯកសារ (Verify.gov.kh)៖ ជាជំហានៗគ្រោងដាក់បញ្ចូល QR Code ស្តង់ដារបស់ Verify.gov.kh លើឯកសារផ្លូវការតម្រូវនានារបស់ក្រសួងសុខាភិបាល ដើម្បីធានាភាពត្រឹមត្រូវ និងសុវត្ថិភាពឯកសារ។លទ្ធផលខាងលើនេះ ជាកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការនាំយកបច្ចេកវិទ្យាទំនើបមកបម្រើសុខភាពសាធារណៈ និងបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ រួមគ្នា របស់ក្រសួងសុខាភិបាល និង គ.រ.ឌ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា៕

វិចារណកថាក្រសួងបរិស្ថាន៖ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីអ័ព្ទផ្សែងប៉ះពាល់សុខភាព ខណៈសកម្មភាពដុតសំរាម ជញ្ជាំ្រងស្រូវ និងព្រៃនៅតែបន្ត

2026/02/17 10:37:31 am        120
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីអ័ព្ទផ្សែង និងផលប៉ះពាល់ដល់សុខភាព កំពុងកើនឡើង ជាពិសេសនៅពេលគុណភាពខ្យល់ធ្លាក់ចុះ។ ប្រជាពលរដ្ឋជាច្រើនបង្ហាញការព្រួយបារម្ភអំពីបញ្ហាដង្ហើម រលាកភ្នែក និងហានិភ័យសុខភាពរយៈពេលវែងដែលបណ្តាលមកពីខ្យល់ពុល។ ទោះជាយ៉ាងណា អ្នកសង្កេតការណ៍បរិស្ថានបានបញ្ជាក់ថា មានភាពផ្ទុយគ្នារវាងការព្រួយបារម្ភ និងសកម្មភាពប្រចាំថ្ងៃដែលនៅតែបង្កអ័ព្ទផ្សែង។១.ឫសគល់នៃបញ្ហាអ័ព្ទផ្សែងភាគច្រើនកើតឡើងពីផ្សែង និងភាគល្អិតតូចៗដែលបញ្ចេញពីសកម្មភាពដុត ដូចជា ការដុតសំរាម ការដុតជញ្ជ្រាំងស្រូវ ឬសំណល់កសិកម្មបន្ទាប់ពីប្រមូលផល និងការឆេះព្រៃ។ សកម្មភាពទាំងនេះបញ្ចេញសារធាតុពុលក្នុងខ្យល់ ដូចជា ភាគល្អិតនិចលតូច (PM2.5) ដែលអាចចូលទៅជ្រៅក្នុងសួត និងបង្កហានិភ័យជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។២.ភាពផ្ទុយគ្នានៃឥរិយាបថទោះបីមានការយល់ដឹងអំពីហានិភ័យសុខភាពកើនឡើងក៏ដោយ ការដុតនៅតែជាទម្លាប់ដែលត្រូវបានអនុវត្តនៅក្នុងសហគមន៍មួយចំនួន ដោយសារភាពងាយស្រួល កង្វះជម្រើសក្នុងការគ្រប់គ្រងសំរាម និងទម្លាប់កសិកម្មបែបប្រពៃណី។ អ្នកជំនាញបានបញ្ជាក់ថា ការព្រួយបារម្ភមានការកើនឡើង ប៉ុន្តែសកម្មភាពការពារនៅកម្រិតសហគមន៍នៅតែមានកម្រិតទាប។៣.ដំណោះស្រាយរួមគ្នាអ្នកជំនាញផ្នែកសុខាភិបាលបានណែនាំថា ការកាត់បន្ថយអ័ព្ទផ្សែងត្រូវការការចូលរួមពីគ្រប់ភាគី។ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យជៀសវាងការដុតសំរាម ប្រើវិធីគ្រប់គ្រងសំណល់កសិកម្មដែលមានសុវត្ថិភាព និងជូនដំណឹងអាជ្ញាធរនៅពេលមានការឆេះដែលមិនអាចគ្រប់គ្រងបាន។ ខណៈអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគួរតែពង្រឹងការផ្សព្វផ្សាយ និងផ្តល់ជម្រើសជាក់ស្តែងជំនួសការដុត។សរុបមក ទោះបីការព្រួយបារម្ភអំពីអ័ព្ទផ្សែង និងសុខភាពកើនឡើងក៏ដោយ ការកែលម្អស្ថានភាពនឹងកើតឡើងបាន តែបើមានការផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃ និងការសហការរវាងសហគមន៍ និងអាជ្ញាធរ ក្នុងការកាត់បន្ថយសកម្មភាពដុតដែលបង្កការបំពុលខ្យល់។ សុខភាពសាធារណៈនឹងកែលម្អទៅបាន លុះត្រាតែមានការផ្លាស់ប្តូរឥរិយាបថពី "ការបន្តដុត" មកជា "ការរួមគ្នាការពារ"។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM