អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

គយ បន្តពង្រឹងការបង្ក្រាបទំនិញខូចគុណភាព និងខុសច្បាប់ ពិសេសមុខទំនិញសាច់បង្កក

2026/02/16 11:58:16 am        176
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា មន្រ្តីមានសមត្ថកិច្ចនឹងបន្តកិច្ចខិតខំប្រឹងប្រែង ទប់​ស្កាត់ និងបង្រ្កាបទំនិញខូចគុណភាព និងទំនិញគេចពន្ធឱ្យកាន់តែសកម្មឡើងថែមទៀត ជា​ពិសេស​លើមុខទំនិញសាច់បង្កកគ្រប់ប្រភេទ ចូលមកកម្ពុជា។ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា ការទប់ស្កាតអំពើរត់ពន្ធផលិតផលពីសត្វ គឺជាកិច្ចការ​អាទិភាព​របស់​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នេះគឺជាវិធានការមួយ ត្រូវបានដាក់ចេញ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ ដែលជាកាតព្វ​កិច្ច​បន្ថែម​ក្នុង​ការ​ពង្រឹង​ការ​គ្រប់​គ្រង​នៃ​ការ​នាំ​ចូល ឬពង្រឹងការគេចបង់ពន្ធលើមុខទំនិញពីសាច់សត្វនេះ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥​កន្លង​ទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្រាប និងដុតកម្ទេចចោលសាច់បង្កក និង​ទំនិញ​បង្កក​ដែលគ្មានគុណភាពចំនួនជិត ២០តោន។ ឯកឧត្ដមបណ្ឌិត គុណ ញឹម ថ្លែងដូចនេះ ត្រូវបា​នធ្វើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្កេតឃើញថា ក្នុងឆ្នាំ២០២៥កន្លងទៅ អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយកចិត្តទុកដាក់ក្នុងការទប់ស្កាតទំនិញខូចគុណភាព និង​ទំនិញគេចពន្ធបានល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះជា មានជនខិលខូចមួយចំនួនតូច បាន​លួច​នាំ​ចូលសាច់បង្កកតាមច្រករបៀងខ្លះក៏ដោយ។លោកថាសម្រាប់ឆ្នាំ ២០២៦នេះ វិស័យឯកជន​នៅ​តែ​បន្ត​ជឿជាក់​លើ​ការ​ទប់​ស្កាត​លើ​ទំនិញ​នាំ​ចូល​ដែល​គ្មាន​គុណភាព ព្រោះ ការររឹតបន្តឹងរបស់​រាជរដ្ឋាភិបាល​នាំ​ឱ្យអ្ន​ក​នំា​ចូល​គោរព​ច្បាប់​តាម​រយៈ​ការ​បង់ពន្ធត្រឹមត្រូវជូនរដ្ឋ។ ទន្ទឹមនឹងនេះ លោក ស្រ៊ុន ពៅ បន្តអំពាវនាវ​ដល់​អ្នក​ចិញ្ចឹម​សត្វ​ទាំង​អស់​ត្រូវពង្រឹងគុណភាពបន្ថែមទៀត ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តទប់​ស្កាត់​កា​រ​នាំ​ចូល​ទំនិញខុសច្បាប់ឱ្យខ្លាំងក្លាឡើងថែមទៀត។សូមបញ្ជាក់ថា ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ប្រមូល​ចំណូល​សម្រាប់​ផែន​ការ​សកម្ម​ភាព​ប្រចាំ​ឆ្នាំ​២០២៦​ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ផ្ដល់​ការ​ណែ​នាំ​ឱ្យបន្តការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូល ទំនិញ​ហាម​ឃាត់​នានា ព្រមទាំងការ​ពង្រឹង​អនុ​លោម​ភាព​ពាក់​ព័ន្ធ​វិធាន​ដើម​កំណើត​ចំពោះ​ផលិត​ផល​នាំ​ចេញ​៕ អត្ថបទ ៖ ធូ វិរៈ

មន្ទីរទេសចរណ៍អំពាវនាវភ្ញៀវមកលេងកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំចិន

2026/02/16 11:29:46 am        157
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូម​អញ្ជើញ​មក​ទស្សនា​កម្សាន្តសប្បាយ​នៅ​ខេត្តបាត់ដំបង​ឱ្យ​បាន​ច្រើន​កុះករ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំចិន ខណៈតំបន់រមណីយដ្ឋាន និងគោលដៅ​ទេសចរណ៍​នៅ​ទូទាំង​ខេត្ត​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺ​ជា​ទឹក​ដី​ដ៏ស្រស់ប្រិមប្រិយមានសក្ដានុពលទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សិល្បៈ ប្រពៃណី ហើយ​អ្វី​ដែលកាន់​តែ​ចាប់​អារម្មណ៍​នោះ​ គឺ​នៅតា​មគោល​ដៅ​ទេសចរណ៍​ជាប់​ប្រភព​ទឹក​គឺ​ល្អ​មែន​ទែន​សម្រាប់​ការងូតទឹកលេងកម្សាន្តនារដូវកាលនេះ។សូមរំលឹកថា មន្ទីរទេសចរណ៍​ខេត្តបាត់​ដំបង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ទេសចរណ៍​នៃ​ស្នង​ការដ្ឋាន​នគរបាលខេត្ត ចុះណែនាំការ​ពង្រឹង​គុណភាព​សេវា​កម្ម​ទេសចរណ៍​ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន។មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានណែនាំដល់ម្ចាស់​អាជីវកម្ម​ទាំង​អស់​ត្រូវ​ចូល​រួម​ថែ​រក្សា​អនាម័យ​បរិស្ថាន និងរៀបចំសណ្ដាប់​ធ្នាប់​ឱ្យ​បាន​រៀប​រយ​ដើម្បី​ធានា​ថា​ភ្ញៀវ​ដែល​បាន​មក​លេង​កម្សាន្ត​មាន​អារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ។សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់​ប្រិមប្រិយ​មាន​ទាំង​រមណីយ​ដ្ឋាន​បែប​ប្រវត្តិ​សាស្រ្ត ​វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោល​ដៅ​ទេសចរណ៍​សរុប​ចំនួន​១១៥​កន្លែង​ក្នុង​នោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន​២​កន្លែង ​ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕

កម្ពុជាលើកទឹកចិត្តពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ដល់បំណាច់ឆ្នាំ២០២៦

2026/02/16 11:13:39 am        182
រាជរដ្ឋាភិបាលលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៦។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅ ខេត្តសៀមរាប ដែលគោលបំណងផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចជា៖ ១. លើក លែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៦, ២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦, ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែល សហគ្រាសបានបង់រួចឆ្នាំ២០២៧ នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំ, និង ៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៦។ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារដូចមានចែងក្នុងប្រការនេះ សហគ្រាសនៅតែមានកាតព្វកិច្ចដូចខាងក្រោម៖ ១- អ្នក ជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវដាក់លិខិតប្រកាសពន្ធអាករដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Fiing) ជារៀងរាល់ខែ និងត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (Tol e-Firg) ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ ដោយ ឡែកអ្នកជាប់ពន្ធតូចត្រូវដាក់លិខិតប្រកាសពន្ធទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាច ដាក់លិខិតប្រកាសពន្ធតាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GOT Tax Preiling App)។ ២- អ្នកជាប់ពន្ធត្រូវ កាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មានដែលទាក់ទិននឹងសកម្មភាពអាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារ។សូមបញ្ជាក់ថា ជុំវិញការលើកទឹកចិត្តពន្ធដារនេះ កាលពីឆ្នាំ២០២៤កន្លងមក រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់ សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្ដារវិស័យទេសចរណ៍ ឱ្យបានល្អប្រសើរឡើងវិញរួមមាន៖ លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ ដំណាច់ខែមិថុនា ឆ្នាំ២០២៥, លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ជាដើម។ចំណែកក្នុងឆ្នាំ២០២៦នេះ, វិស័យសេវាកម្ម ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងមានកំណើនទាបក្នុងរង្វង់ ៣,៧% ក្នុងនោះអនុវិស័យ បដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ, ត្រូវបានព្យាករថានឹងងើបឡើងវិញសន្សឹមៗ ផ្អែកលើការរំពឹងទុកការ ងើបឡើងវិញនៃភ្ញៀវ ទេសចរណ៍អន្តរជាតិ បន្ទាប់ពីទទួលរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ដោយសារការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។ បើ ទោះបីស្ថានភាពនៃវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ដែលពឹងផ្អែកលើទីផ្សារ និងកញ្ចប់ទេសចរណ៍ថៃ ត្រូវបានរំពឹងថា នឹងមិន អាចវិលត្រលប់ទៅរកប្រក្រតីភាពដូចស្ថានភាពមុនមានការបិទខ្ទប់ព្រំដែនគោកក៏ពិតមែន ក៏និន្នាការទេសចរណ៍ទីផ្សារផ្សេងទៀត ជាពិសេសទេសចរធ្វើដំណើរផ្លូវឆ្ងាយ ត្រូវបានរំពឹងថា នឹងមាននិន្នាការកើនឡើង៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំពាក្យ៖ ការតវ៉ា​របស់​កម្ពុជា​ចំពោះ​សកម្មភាព​រំលោភ​បំពាន​ពី​សំណាក់​ភាគី​ថៃ​ជា​ភស្តុតាង​ផ្នែក​គតិយុត្តមិន​អាចខ្វះបាន

2026/02/16 11:00:41 am        173
ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងជាបន្តបន្ទាប់ ប្រឆាំង​នឹង​សកម្មភាព​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជា​ភស្តុតាង​ដែល​មាន​តម្លៃ​ផ្នែក​គតិ​យុត្ត​មិន​អាច​ខ្វះបាន​ក្នុងការការពារអធិបតេយ្យភាព និងបូរណ​ភាព​ទឹក​ដី​របស់​របស់​កម្ពុជា​។ ​នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការចូលកាន់កាប់​ទឹកដី​នៃ​ប្រទេស​អធិបតេយ្យ​មួយ​ដោយ​ប្រើ​កម្លាំង​យោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ ​និងច្បាប់អន្តរជាតិ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និង​ការ​រារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​បទ​ប្បញ្ញត្តិ​នានា​នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច ​សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​(ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC)1) អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការ​ភាព​(CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)​ និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ ជា​ដើម​។ ឯកឧត្តមបានបន្តថា ច្បាប់អន្តរជាតិទាំងអស់នេះ បានហាម​ប្រាម​ការ​ចូល​កាន់​កាប់​ទឹក​ដី​នៃ​ប្រទេស​អធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ត្រូវ​មាន​លំនៅ​ឋាន​សម​រម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងការរឹបអូស​ឬ​លួច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ឯក​ជនពីបុគ្គល ឬក្រុមណាមួយ។ ប៉ុន្តែ ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ហើយ​បាន និងកំពុងបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជា ជាពិសេសស្ត្រី កុមារ ជន​ចាស់​ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់។ ពួក​គេ​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង ដូចជា ភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហាសុខភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត ​ព្រមទាំងបាត់បង់ឱកាសទទួលបានសេវាចាំបាច់ផ្សេងៗទៀត។ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា ចំពោះមុខការរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាន​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​បន្ត​បន្ទាប់​ដោយ​បាន​សម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែល​ធ្វើ​ឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ពង្រឹង​ការ​គ្រប់​គ្រង​យោធា ​ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង និងរារាំងដល់​ការ​វិល​ត្រឡប់​របស់​ជន​ស៊ីវិល​ទៅ​កាន់ផ្ទះសម្បែងនិងកាន់កាប់ទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ រាជ​រដ្ឋាភិបាល តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បាន​ផ្ញើ​លិខិត​ទៅ​ប្តឹង​តវ៉ា​យ៉ាង​ខ្លាំង​ជូន​ទៅ​ដល់ស្ថាប័នសិទ្ធិមនុស្សនានាទាំងថ្នាក់តំបន់ និងអន្តរជាតិ ដោយ​បាន​ស្នើ​សុំ​ឱ្យ​ចាត់​វិធាន​ការ​ប្រឆាំង​ការ​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ដ៏​ធ្ងន់​ធ្ងរនេះ​ជា​បន្ទាន់ និង​ទៅ​តាម​សមត្ថ​កិច្ច​រៀង​ៗ​ខ្លួន​។ ឯកឧត្តមបានរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ​បានមានប្រសាសន៍បញ្ជាក់ថា «ការការពារទឹកដី និងប្រជាជន គឺជាអាទិភាព​ខ្ពស់​បំផុត​របស់​រាជ​រដ្ឋាភិបាល ហើយរាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន»។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «រាជរដ្ឋាភិបាល​ដាច់​ខាត​មិន​បោះ​បង់​កាត​ព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាននិង​កំពុង​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្ត​រជា​តិ​ដើ​ម្បី​ធានា​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​រយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ»។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ក៏​បាន​បញ្ជាក់​ច្បាស់​ថា កម្ពុជានឹងមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ឡើយ។​ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនជនរួមជាតិថា៖«ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើ​ឡើង​ជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និង​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ខ្មែរ​ពីសំណាក់ភាគីថៃ គឺជាភស្តុតា​ងដែលមាន​តម្លៃផ្នែ​កគ​តិយុត្តមិ​ន​អាច​ខ្វះ​បាន​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ចំណែកឯ​ជំហរច្បា​ស់​លាស់​ និង​ដាច់​ខាត​របស់​រាជ​រដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា គឺជាសក្ខីភាពនៃ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ទឹក​ដី និង​ប្រជា​ព​លរដ្ឋ ខណៈដែលកម្លាំងមហាសាមគ្គីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ គឺជាខឿន​ការ​ពារ​ជាតិរ​បស់​ប្រជា​ជនដ៏រឹងមាំ។ ទាំងនេះគឺជាចន្ទុលដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ បូរណ​ភាព​ទឹក​ដី និងការពារប្រជាពលរដ្ឋខ្មែរពីការរំលោភបំពាន»។អ្នកនាំពាក្យរាជរដ្ឋាភិកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជា​ប្រកាន់​ជំហរ​ដាច់​ខាត​ក្នុង​ការ​ការ​ពារ​ខ្សែព្រំ​ដែន​អន្តរ​ជាតិ​កម្ពុជា-​ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយ​គោរ​ព​គោល​ការណ៍​ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុ​សញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះប​ង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា មិនទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

ពលរដ្ឋ​ខ្មែរត្រឡប់​ពីអាមេរិក​ស្ងើច​សរសើរ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​

2026/02/16 10:55:01 am        271
បន្ទាប់ពីបានដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាច្រើនសប្តាហ៍កន្លងទៅនេះ ពលរដ្ឋ​ខ្មែរ​មក​ពី​សហ​រដ្ឋ​អាម៉េរិក​បានបង្ហាញការភ្ញាក់ផ្អើល និងស្ងើច​សរសើរ​ចំពោះ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រទេសក​ម្ពុជា ​មានការអភិវឌ្ឍ រីកចម្រើនគ្រប់ទីកន្លែង។ ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះបានប្រាប់ BTV ឲ្យដឹងថា អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ ដែលពួកគាត់បានមកប្រទេសកម្ពុជា និងបាន​ដើរ​លេង​នៅ​រាជ​ធានី​ភ្នំពេញ ​តាមបណ្តាខេត្តមួយចំនួន ជាពិសេសស្រុកកំណើតនៅខេត្តព្រៃវែង។ ពលរដ្ឋខ្មែរ​​ទើប​ត្រឡប់​ពី​អាមេរិកសង្កេតឃើញថា បច្ចុប្បន្នប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនច្រើន ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ព្រលានយន្តហោះថ្មីស្អាតទំនើប និងអគារ​ខ្ពស់ៗ​រាប់​សិប​ដែល​ពួក​គាត់​មិន​នឹកស្មានដល់។ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកនោះបន្តទៀតថា បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជា និងថៃ មាន​ជម្លោះ​ព្រំដែន​ជា​មួយគ្នាក្តី តែក្រៅពីតំបន់ជម្លោះព្រំដែន ប្រទេសកម្ពុជា មានសុវត្ថិភាព និង​សណ្តាប់​ធ្នាប់​ល្អ ម្លោះហើយប្រជាពលរដ្ឋខ្មែរនៅបរទេស ក៏ដូចជាភ្ញៀសទេសចរ អាច​មក​លេង​ប្រទេស​កម្ពុជា​បានជាធម្មតា ពីព្រោះមានតំបន់ទេសចរណ៍ស្អាតៗជាច្រើន ជាពិសេស​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប។ សូមជម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី ​និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានយក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈទេសៈ៕ អត្ថបទ៖ទូច សោភ័ណ 

កម្ពុជាក្លាយជាប្រទេសនាំចេញស៊ីម៉ង់ត៍ជាលើកដំបូង បន្ទាប់ការផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់

2026/02/16 10:40:00 am        158
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបង្ហាញនូវមោទនភាពនៃកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលនាំចូលស៊ីម៉ង់ត៍ ១០០ ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុង និងក្លាយជាប្រទេសដែលនាំចេញស៊ីម៉ង់ត៍ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុងទទួលបានការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ ក្នុងនោះចំ ពោះថ្មសំណង់ និងរ៉ែខ្សាច់សំណង់ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធានានិរន្តរភាព នៃការផ្គត់ផ្គង់វត្ថុធាតុដើមបានគ្រប់គ្រាន់ និងតម្លៃសមរម្យ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសំណង់ធំ-តូចនានានៅទូទាំងប្រទេស ជាក់ស្តែងផលិតផល ស៊ីម៉ង់ត៍ចាប់ពីឆ្នាំ២០២៣មក កម្ពុជាបានប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ង់ត៍ ១០០ ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំង ស្រុង និងក្លាយជាប្រទេសដែលនាំចេញស៊ីម៉ង់ត៍ជាលើកដំបូង ក្នុងរង្វង់ ៣ ម៉ឺនតោនក្នុងមួយឆ្នាំ នៅមុនការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។អ្នកឧកញ៉ា វិញ ហួរ ប្រធានសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា លើកឡើងថា ជុំវិញវិស័យស៊ីម៉ង់ត៍នេះ ពីមុនកម្ពុជាបាននាំ ចូលស៊ីម៉ង់ត៍ពីប្រទេសជិតខាងទាំងស្រុង ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរ៉ែ និងថាមពល ជា សេនាធិការ បានធ្វើឱ្យវិស័យស៊ីម៉ង់ត៍នៅកម្ពុជារីកចម្រើនគួរកត់សម្គាល់ និងបានកំពុងកើនឡើងយ៉ាងខ្លាំងសម្រាប់តម្រូវការនៅទូទាំងប្រទេស ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដែលកំពុងប្រតិបត្តិការអាជីវកម្មចំនួន ៦ មានសមត្ថភាពផលិតស៊ីម៉ង់ត៍ សរុបបានចំនួន ១២ លានតោន ក្នុង១ឆ្នាំ ដែលបានឆ្លើយតបដល់ការអភិឌ្ឍក្នុងស្រុក និងនាំចេញ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា វិស័យរ៉ែបានកំពុងចូលរួមដល់ដ៏សំខាន់នៅក្នុងសេដ្ឋកិច្ច ជាតិ ជាក់ស្តែងគិតមកដល់ពេលនេះ វិស័យរ៉ែមានទុនវិនិយោគសរុបជិត ៣ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារដោយ ផ្ទាល់ប្រមាណ១២ពាន់កន្លែង ដោយប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ពាន់កន្លែង ស្មើនឹង ៩៥% ក្នុងនោះនៅក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះ កម្ពុជាបានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បានប្រមាណពីជាង ១៣ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០១៦ ដល់ជាង ១៣៥ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ខណៈដែលរ៉ែមាសបាននិងកំពុងលេចធ្លា នៃការចូលរួមយ៉ាងសកម្មក្នុងសេដ្ឋ កិច្ចជាតិ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងបរិស្ថានកម្ពុជា និងសហព័ន្ធសមាគមមេធាវីជប៉ុន ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​កិច្ច​ការ​ច្បាប់ និងអភិបាលកិច្ចបរិស្ថាន

2026/02/16 10:34:38 am        140
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ ចុះហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi ។លោក Ozawa Yoshinori ប្រធានសហព័ន្ធ Shiho-Shoshi សមាគមមេធាវីជប៉ុន បាន​គូស​បញ្ជាក់​ថា ​នឹងគាំទ្រនិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចូលរួម​ចំណែក​ដល់​ការព្យាករណ៍​បរិស្ថាននៅកម្ពុជា។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនេះ មាន​គោលបំណងសម្រេចបាននូវគោលដៅសំខាន់ៗចំនួនបីគឺ (១) លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​បរិស្ថាន​(2) ពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន និង (៣)កសាង​ក្រប​ខ័ណ្ឌស្ថាប័ន​ឱ្យកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្ថែមថា នៅពេលស្ថាប័នរបស់យើងមានតម្លាភាព ច្បាប់គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព យើងនឹងបង្កើតបានមូលដ្ឋានគ្រឹះនៃភាពជោគជ័យយូរអង្វែង៕

ប្រឡាយទឹកក្នុងឃុំកោះសំរោង សមិទ្ធផលថ្មី នៃស្រុកកំពង់សៀម ត្រូវបាន​អាជ្ញាធរ​ធ្វើ​ការ​ស្តារ​ឡើង​វិញ

2026/02/16 10:27:14 am        161
ប្រឡាយជាង ៣០០០ ម៉ែត្រ ជាសមិទ្ធផលថ្មី ក្នុងឃុំកោះសំរោង នៃស្រុកកំពង់សៀម ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ការស្តារឡើងវិញ និងកែលម្អដើម្បី​ធ្វើ​ជា​អាង​ស្តុក​ទឹក​សម្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​ស្រោចស្រព​ដំណាំកសិកម្ម និងការរស់នៅប្រចាំថ្ងៃ។ឃុំកោះសំរោង ជាឃុំមួយមានផ្ទៃស្ថិតលើតំបន់ដីកោះ និងជាឃុំមួយក្នុងចំណោមឃុំទាំង១៥ នៃ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ហើយឃុំនេះហ៊ុមព័ទ្ធជុំវិញដោយទឹកទន្លេមេគង្គ។ លោក សក សុក មេឃុំកោះសំរោង នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈ​ថវិកា​មូល​និធិ​ឃុំ​សង្កាត់​ឆ្នាំ​២០២៥ រដ្ឋបាលឃុំបានយកថវិកានេះ ទៅអភិវឌ្ឍន៍ដោយស្តារប្រឡាយ និង​ពង្រីក​អាង​ស្តុក​ទឹកនៅរដូវប្រាំងបានប្រវែងជិត ៤ពាន់ម៉ែត្រ។ លោកមេឃុំកោះសំរោង បញ្ជាក់ថា ប្រឡាយ​មួយ​នេះជាសមិទ្ធផលថ្មីមួយដែលចាំបាច់បំផុតសម្រាប់អ្នកភូមិ ក្នុងការធ្វើកសិកម្ម និង​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​ដោយ​ពលរដ្ឋ​អាចទាញ​ទឹក​មក​ប្រើ​ប្រាស់​ដោយ​មិន​អាច​ខ្វះ​ខាត​បន្ត​ទៀត​នៅ​រដូវប្រាំង។ ទន្ទឹមនឹងនេះដែរ លោក សន សុក មេឃុំកោះសំរោង រូបនេះ​ក៏​បាន​ប្តេជ្ញា​ចិត្ត​បន្ត​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋដែលមកទទួលសេវាតាមតម្រូវដោយធ្វើឲ្យលឿនរហ័ស តម្លាភាព និង​បន្ត​ដឹកនាំកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកមេ​ឃុំ​បាន​ឱ្យ​ដឹង​ថា ​រដ្ឋបាលឃុំ ក៏បាន ត្រៀមផែនការអភិវឌ្ឍន៍ផ្លូវបេតុងដែលសេសសល់ រួមនឹង​បន្ត​អភិវឌ្ឍន៍​តំបន់​ក្រោយ​សាលា​ឃុំធ្វើជាទំបន់បង្ហៀទឹក មានសួនច្បារអាចឲ្យបងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណ និង​លំហែកម្សាន្តនៅពេលល្ងាចផងដែរ៕ អត្ថបទ៖ ថុង សីហា

ការលក់ដូរទំនិញក្នុងរដូវកាលចូលឆ្នាំចិន-វៀតណាមនៅខេត្តសៀមរាប មិនមាន​ការ​ដំឡើង​ថ្លៃ​នោះ​ទេ

2026/02/16 10:14:53 am        140
អាជីវករ និងកូនខ្មែរកាត់ចិន នៅខេត្ដសៀមរាប បានសម្ដែងការរីករាយ ក្នុង​ការ​លក់​ដូរ​គ្រឿង​រណ្ដាប់ ​ឬទំនិញផ្សេងៗ ដូចជានំផ្លែឈើ ផ្កា សម្រាប់សែនពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅ​ឆ្នាំ​នេះ ​ដោយពួកគាត់លើកឡើងថា ទំនិញនៅឆ្នាំនេះមានតម្លៃធម្មតា ការ​លក់​ដូរ​មិន​មាន​ការ​ដំឡើង​ថ្លៃ​នោះ​ទេ។អាជីវករនៅផ្សារ ក្រុងសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេល​បី​ថ្ងៃ​នេះ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​សែ​ស្រឡាយ​ចិន និងវៀតណាម ជាច្រើនបានមកទិញទំនិញ ក៏ដូជាសម្ភារៈ សម្រាប់សែន​ព្រេន​ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន វៀតណាមហើយតម្លៃទំនិញមិនមានការតម្លើងថ្លៃនោះទេ។ ប៉ុន្ដែក្រុមអាជីវករ​សង្កេត​ឃើញ​ថា សន្ទុះចំនួនអ្នកមកទិញមានការធ្លាក់ចុះបន្ដិចបន្ទួច បើធៀបនឹងឆ្នាំ​២០២៥​កន្ល​ង​ទៅ​។ ក្រុមអាជីវករលើកឡើងថា ទំនិញដែលបានលក់ដូរដាច់ច្រើន មានដូចជាផ្កា នំសែន និងផ្លែឈើ ខណៈ​ដែលពួកគាត់ជាប់សែស្រឡាយចិន វៀតណាម តែងតែ​រក្សា​ប្រពៃណី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-វៀតណាម និងធ្វើពិធីសែនចូលឆ្នាំចិនជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋសែស្រឡាយចិន បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម​នេះ ធ្វើឡើងទៅតាមទំនៀមទម្លាប់របស់ពួកគាត់ ហើយការធ្វើបុណ្យ​ទាន​នេះ​បាន​ធ្វើ​ទៅ​តាម​លទ្ធភាព។ ពួកគាត់បន្ដថា តម្លៃទំនិញ ក៏ដូចជាសម្ភារៈសម្រាប់សំណែនបុណ្យនេះ គឺ​មាន​លក្ខណៈ​ធម្មតា។ ក្នុងពេលជាមួយគ្នានេះ ពលរដ្ឋក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​អុច​ទៀន​ធូប ​ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះ ខណៈដែល​ពិធី​នេះមា​ន​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត សាវី

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប

2026/02/15 09:51:34 pm        408
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ពីថ្ងៃទី១៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។សូមជម្រាបជូនថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលគឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយ ឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM