គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

«កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» គាំទ្រគម្រោងវិនិយោគ ៤៩០ គម្រោង មានដើមទុនជាង ៨,៤ប៊ីលានដុល្លារអាមេរិក

2026/07/17 06:53:10 pm        93
ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» បន្តសម្រេចបានលទ្ធផលវិជ្ជមាន ដោយបានផ្តល់ការលើកទឹកចិត្តពិសេសដល់​គម្រោងវិនិយោគសរុបប្រមាណ ៤៩០គម្រោង ដែលមានទុនវិនិយោគសរុប ៨,៤ប៊ីលានដុល្លារអាមេរិក កើនឡើង ៧៩គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥០លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២៥។ នេះគឺបានឆ្លុះបញ្ចាំងពីការបន្តកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនចំពោះសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រាប់ BTV ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ» ក្នុងគោលដៅទាក់ទាញការបណ្ដាក់ទុនវិនិយោគ, បង្កើតការងារ, និងជំរុញសកម្មភាពសេដ្ឋកិច្ច។ កម្មវិធីនេះត្រូវបានអនុវត្តជាយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ផ្តោតលើការដោះស្រាយបញ្ហាអគារជាប់គាំង និងផ្តល់ការលើកទឹកចិត្តពិសេសៗដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក​។ឯកឧត្តម បានឱ្យដឹងទៀតថា គិតត្រឹមឆមាសទី១ ឆ្នាំនេះ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» មានគម្រោងវិនិយោគសរុបចំនួន​ ៤៩១ គម្រោង​ មានទុនវិនិយោគប៉ាន់ស្មានសរុបចំនួន​ ៨ ៤២៥ លានដុល្លារអាមេរិក ពោលគឺ កើនឡើង ៧៩ គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥៤លានដុល្លារអាមេរិក បើធៀនឹងឆ្នាំ២០២៥ ដែលមាន​គម្រោងវិនិយោគចំនួន ៤១២ គម្រោង និងមានទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក។ឯកឧត្តម បានបន្ថែមទៀតថា «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» ​គឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​ដោះស្រាយបញ្ហាជាច្រើន​តាមរយៈ​ការ​លើកទឹកចិត្តពិសេសដល់វិនិយោគិនបរទេស​និងក្នុងស្រុក ដើម្បី​បង្កើនទំនុកចិត្ត​មកលើយន្តការសម្របសម្រួល​ និង​ថែទាំអ្នកវិនិយោគរបស់រាជរដ្ឋាភិបាលនាពេលនេះ។ដោយសារ​លទ្ធផលសម្រេចបានជាទីមោទនៈ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេស​រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែលនិងបន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ៕អត្ថបទ៖ ធូ វិរៈ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ កិច្ចសហការរវាងមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន គឺជាខែលទប់ស្កាត់ការបំពានក្រមសីលធម៌ និងប៉ះពាល់សន្តិសុខជាតិ

2026/07/17 06:43:18 pm        135
បន្ទាយមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងការផ្តល់ព័ត៌មានពិត និងប្រកបដោយទំនុកចិត្ត ជាពិសេសពាក់ព័ន្ធនឹងប្រធានបទកិច្ចការយោធា និងការការពារបូរណភាពទឹកដីកម្ពុជា។ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ»ដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនារសៀលថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការស្វែងយល់ពីតម្រូវការ ដើម្បីកិច្ចសហការ រវាងមន្ត្រីនៃមន្ទីរព័ត៌មាន ជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋានខ្លួន ឬអ្នកសារព័ត៌មានឆ្លងកាត់មកពីខេត្តផ្សេងទូទាំងប្រទេសគឺជារឿងសំខាន់ សម្រាប់ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានដោយគុណភាពវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធកិច្ចការសន្តិសុខជាតិ។ឯកឧត្តមបានលើកឡើងថា កិច្ចសហការនេះគួរធ្វើឡើងជាប្រចាំ និងតាមគ្រប់លទ្ធភាព ដើម្បីគាំទ្រដល់តម្រូវការសារព័ត៌មាន ក៏ដូចជាផ្តល់ជាគន្លឹះជួយសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មានអាចចុះយកព័ត៌មាន និងសម្ភាសមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរ អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ ជាមួយគ្នានោះ ការផ្តល់ព័ត៌មានទាន់ពេល និងគ្រប់ជ្រុងជ្រោយ នឹងជួយអ្នកសារព័ត៌មានពីការផ្សាយខុសឆ្គង ដែលអាចនាំឱ្យមានប្រតិកម្ម ឬបញ្ហាផ្លូវច្បាប់។ ជាមួយគ្នានេះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងសម្របសម្រួលជាមួយមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត ដើម្បីបង្កើតទំនាក់ទំនងល្អ និងវប្បធម៌សហការក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយភាពត្រឹមត្រូវ។ គោលដៅសំខាន់ គឺធានាឱ្យបាននូវការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ មិនប៉ះពាល់ដល់សន្តិសុខជាតិ និងកិត្តិយសបុគ្គល តាមរយៈការរួមគ្នាគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានម៉ឺងម៉ាត់។ឯកឧត្តមទេព អស្នារិទ្ធបានថ្លែងបញ្ជាក់ដូច្នេះថា «ជាមេរៀនកន្លងមក ក្នុងអំឡុងពេលមានការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួនតូចបានវង្វេងសមរភូមិ ដោយផ្សាយព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ និងអាថ៌កំបាំងយោធា។ ការផ្សព្វផ្សាយដោយខ្វះការប្រុងប្រយ័ត្នបែបនេះ វាបានក្លាយជាបន្ទុក និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរទៅវិញ។ ហេតុដូច្នេះ ការរួមគ្នាក្នុងក្របខណ្ឌកិច្ចសហការ និងការសម្របសម្រួលដល់ការអនុវត្តការងារសារព័ត៌មាន មិនត្រឹមតែជាកិច្ចការចាំបាច់ក្នុងការលើកកម្ពស់សមត្ថភាព និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតព្វកិច្ចដ៏ចម្បង សម្រាប់បុព្វហេតុរួមនៃជាតិមាតុភូមិរបស់យើង។»លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការណែនាំរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានមកពីគ្រប់ទិសទី ដែលមានបំណងចុះយកព័ត៌មានក្នុងខេត្តបន្ទាយមានជ័យ ដោយលោកសន្យាថានឹងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចឱ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈ៕

កិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើង​ស្រូវ-អង្ករនៅកម្ពុជា (BRIC)» ជាកម្លាំងចលករថ្មី បង្កើនប្រាក់ចំណូល​កសិករ និងអភិវឌ្ឍផលិតកម្មស្រូវ-អង្ករ ប្រកបដោយនិរន្តរភាព

2026/07/17 06:39:38 pm        92
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)» ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋ​មន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខា​ធិការ យ៉ង សាំង កុមារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុម​ប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ GIZ ដើម្បីរួមគ្នាអនុវត្តគំនិត​ផ្ដួចផ្ដើមនេះ។សូមជម្រាបជូនថា គំនិតផ្ដួចផ្ដើម BRIC នឹងរួមចំណែក៖ លើកកម្ពស់​ជីវភាព និងប្រាក់ចំណូលរបស់ប្រជាកសិករ អភិវឌ្ឍការផលិតស្រូវ-អង្ករប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់កសិកម្មបៃតង ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម ដើម្បីផ្តល់​សេវាកម្មកសិកម្មកាន់តែមានប្រសិទ្ធភាព៕

កម្ពុជាបញ្ជាក់សាជាថ្មី នូវការប្ដេជ្ញាចិត្តក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងវេទិកាជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

2026/07/17 06:35:32 pm        93
ដោយមានការសម្របសម្រួលពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) គណៈប្រតិភូកម្ពុជាមកពីក្រសួងផែនការ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងក្នុង “វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព” (High-Level Political Forum - HLPF) និង “កិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. (ECOSOC)” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃកិច្ចប្រជុំកម្រិតខ្ពស់ខាងលើ ឯកឧត្តម ប៉ាន សុបណ្ឌិត រដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ជាឧបករណ៍ដ៏សំខាន់ក្នុងការពន្លឿនការសម្រេចបាននូវ SDGs ឯកឧត្តមបានអំពាវនាវឱ្យមានការលើកកម្ពស់ការអប់រំ SDGs ក្នុងចំណោមកុមារ និងយុវជន ដើម្បីជួយកសាងអនាគតប្រកបដោយចីរភាព ព្រមទាំងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីដោះស្រាយគម្លាតហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។ទន្ទឹមនេះ នៅក្នុងសម័យប្រជុំស្តីពី “ទស្សនៈថ្នាក់តំបន់លើការអនុវត្ត SDGs” នៃកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. (ECOSOC) លោកជំទាវ ជី ប៉ូលីដែត នាយិកាខុទ្ទកាល័យរបស់ទេសរដ្ឋមន្ត្រី អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងរំលេចអំពីតួនាទីនៃភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងគំរូហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ក្នុងការដោះស្រាយគម្លាតថវិកាសម្រាប់ការអនុវត្ត SDGs។ លោកជំទាវក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពហុភាគីនិយម ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការចែករំលែកចំណេះដឹង ជំនាញ និងឧត្តមានុវត្តន៍ ដើម្បីជំរុញដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោក យួស សាវុធ៖ ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មដែលរកចំណូលជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

2026/07/17 06:30:32 pm        91
ភ្នំពេញ៖ សម្រាប់មនុស្សមួយចំនួន ការធ្វើការពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច អាចជារបៀបរស់នៅធម្មតា ប៉ុន្តែសម្រាប់លោក យួស សាវុធ ការធ្វើការ​ពេលយប់ជាសន្តិសុខ ហើយបន្តទៅរៀនជំនាញជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ គឺជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាព​គ្រួសាររបស់លោក។ មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក សាវុធ ធ្លាប់ចាកចេញពីស្រុកកំណើត ទៅធ្វើការជា​ពលករនៅ​ក្រៅ​ប្រទេស ដោយ​សង្ឃឹមថា នឹង​អាច​រក​ប្រាក់​មក​ជួយ​គ្រួសារ ប៉ុន្តែ​ជីវិត​មិន​បានដូចការរំពឹងទុកឡើយ។ ក្រោយត្រ​ឡប់មកប្រទេសកំ​ណើតវិញ ការ​ងារដំបូង​ដែលលោក​ចាប់ផ្ដើមនោះ គឺ​ចូល​ធ្វើជាស​ន្ដិសុខនៅ​ស្ថាប័នមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹម ១៨០ដុល្លាក្នុងមួយខែប៉ុណ្ណោះ។ លោករំឭកទៅអតីតកាលដ៏លំបាកមួយនោះថា៖ «ប្រាក់ខែប៉ុណ្ណេះ មិនអាចផ្គត់ផ្គង់គ្រួសារបានឡើយ ពេលខ្លះ សូម្បីតែលុយទិញទឹកដោះឱ្យកូន ក៏មិន​គ្រប់ផង។ ​បើខ្ញុំនៅតែធ្វើការមួយថ្ងៃ ៨ម៉ោងបែបនេះ ជីវភាពគ្រួសារខ្ញុំមិនអាចប្រសើរឡើយ»។ ការលំបាក​ក្នុងជីវិតនេះ បាន​ជំរុញឲ្យលោ​ក សាវុធ ​ចាប់ផ្ដើ​មស្វែង​រកជំនាញប​ច្ចេកទេសមួ​យមក​ដាក់ក្នុ​ងខ្លួន។ ថ្ងៃមួយ មិត្តរួមការ​ងារម្នា​ក់បា​នណែ​នាំ​ឱ្យ​លោកទៅរៀន​ជំនាញជួសជុល​ម៉ាស៊ីនត្រជាក់តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ។ លោក​និយាយថា ៖«ខ្ញុំមិនទាន់​ទៅរៀន​ភ្លាមៗ​ទេ ខ្ញុំជិះ​ម៉ូតូដើរ​មើលតាម​ផ្ទះសិន ថាមា​នអ្ន​កប្រើច្រើន​អត់។ បន្ទាប់ពី​មើល​ឃើញ និងជឿជាក់ថា ជំនាញ​​នេះ​មានអនា​គត ខ្ញុំក៏ស​ម្រេចចិត្ដចូលរៀននៅ​វិទ្យាស្ថានអ​ភិវឌ្ឍមុខជំនាញកម្ពុជា​»។ ការស​ម្រេចចិត្តរៀនជំនាញម៉ាស៊ីន​ត្រជាក់ បានក្លា​យជាចំណុចរបត់នៃជីវិតលោក។ ពេលយប់ លោកធ្វើការជាសន្តិសុខ ខណៈពេលថ្ងៃ លោក​ទៅ​សិក្សា​ជំនាញ ដោយ​មិនដែ​លទុកពេលទំនេរចោលឡើយ។ លោកនៅចាំមិន​ភ្លេច​ថា មានថ្ងៃមួ​យ ពេលធ្វើដំ​ណើរទៅសាលា លោកបាន​ដួល​ម៉ូតូ​តាម​ផ្លូវ ប៉ុន្តែ​លោកមិនបា​នត្រឡប់ទៅ​ផ្ទះទេ ហើយ​នៅតែបន្តទៅ​រៀ​នដដែល។លោកបានលើកឡើងថា៖ «ពេលខ្លះ ខ្ញុំស្ទើ​រតែបោះបង់​ហើយ តែខ្ញុំគិតថាមានតែ​ចំណេះ ជំនាញទេ ដែលអាចផ្លាស់ប្ដូរជីវិតខ្ញុំ និងគ្រួសារបាន»។ ខណៈពេលកំពុងសិក្សា លោកចាប់ផ្ដើ​មមានអ​តិថិជនជាប​ណ្ដើរៗ។ ​ក្រោយបញ្ចប់ការសិក្សា លោកបន្តទ​ទួលការងារជាជួស​ជុល និងថែ​ទាំ​ម៉ាស៊ីន​ត្រជាក់​ចល័ត និងនៅ​បន្តធ្វើ​ការជាសន្តិសុខពេលយ​ប់ ដើម្បី​រកប្រាក់បន្ថែម​។ ពេលការងារជា​ជាងចាប់ផ្ដើមមាន​ស្ថិរភាព និងអាចរក​ចំណូល​បាន​ច្រើន​ជាងមុ​ន លោកក៏​បានសម្រេចចិត្ត លាឈប់​ពីការងារសន្តិសុខ ហើយបើកអាជី​វកម្មជួសជុល និង​ថែទាំម៉ាស៊ីន​ត្រជាក់ដោ​យខ្លួនឯង។ថ្ងៃនេះ លោកគឺជាម្ចាស់អាជីវកម្មជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ ដែលអាចរកចំណូលជាមធ្យមប្រមាណ ២,០០០ ដុល្លារក្នុងមួយខែ ប៉ុន្តែជោគជ័យមួយនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។ វាកើតចេញពីទឹកញើស ការលះបង់ និងការតស៊ូមិនបោះបង់ចោលក្ដីស្រមៃ។លោ​កនិយាយ​ដោយស្នាមញ​ញឹមថា៖«សព្វថ្ងៃ ជីវភាពគ្រួសារលែងសូវលំបាកដូចមុនទៀតហើយ បើចង់ហូបអី ឬចង់ទៅណាក៏បានដែរ យើងលែងបារម្ភពីបញ្ហាលុយកាត់ដូចមុន»។ លោកក៏បា​នលើកទឹកចិត្តឱ្យយុវជនគួរតែមានជំនាញពីរក្នុងខ្លួន ដើម្បីបង្កើន​​ឱកាសការងារ និងចំណូលនាពេ​លអនាគ​ត។ សម្រាប់​អ្នកដែល​មាន​ចំណាប់​អារម្មណ៍​លើជំនាញជួ​សជុលម៉ា​ស៊ីនត្រជាក់ អា​ចចុះឈ្មោះសិក្សាដោយមិនគិតថ្លៃ​នៅវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន

2026/07/17 06:13:41 pm        165
ចិន៖ ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន។

ទស្សនកិច្ចថ្ងៃទីបីនៅចិនសម្តេចធិបតីបន្តជួបថ្នាក់ដឹកនាំក្រុមហ៊ុនយក្សរបស់ចិនចំនួន៣ទៀត ដើម្បីទាក់ម៉ូយ

2026/07/17 06:00:59 pm        187
តាំងពីថ្ងៃដំបូងនៃដំណើរទស្សនកិច្ចការងារ​នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តជួបជាមួយក្រុមហ៊ុនយក្សរបស់ចិនចំនួន ៣ បន្ថែមទៀត បន្ទាប់ពីរបាន​ជួបចំនួន ៩ក្រុមហ៊ុនរួចមកហើយនោះដែល​ពួកគេសុទ្ធតែចាប់អារម្មណ៍ចង់បណ្ដាក់ទុនវិនិយោគ និងពង្រីកការ​វិនិយោគថ្មីបន្ថែមទៀតនៅក្នុងប្រទេស​កម្ពុជា​។ជាក់ស្ដែង​នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអនុញ្ញាតជូន លោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) គឺជាក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ។ បច្ចុប្បន្ន ក្រុមហ៊ុនបានផលិត និងដាក់ឱ្យដំណើរការ យន្តហោះខ្នាតតូចប្រភេទ COMAC C909 (ARJ21) សម្រាប់តំបន់ (Regional Jet) ដែលមានកៅអីពី ៧៨ ដល់ ៩០កៅអី, ប្រភេទ COMAC C919 ជាយន្តហោះស្នូលខ្នាតកណ្តាល មានកៅអីពី ១៥៨ ដល់ ១៩២កីអី, និងកំពុងអភិវឌ្ឍ ប្រភេទយន្តហោះខ្នាតធំ ប្រភេទ COMAC C929 ដែលមានកៅអីពី ២៨២ ដល់ ៤៤០កៅអី អាចហោះហើរបានចម្ងាយរហូតដល់ ១២,០០០ គីឡូម៉ែត្រ និងគ្រោងហោះហើរសាកល្បងក្នុងរង្វង់ឆ្នាំ២០៣០។ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអនុញ្ញាតជូន លោក Qian Zhenhua ប្រធានក្រុមហ៊ុន Sinopec (China) & CamTIPA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ ក្រុមហ៊ុន Sinopec (China) & CamTIPA គឺជាក្រុមហ៊ុនថាមពល និងគីមីឥន្ធនៈដ៏ធំលំដាប់ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ លើការរុករក និងផលិតប្រេង ឧស្ម័នធម្មជាតិ, ការចម្រាញ់ប្រេង, ការដឹកជញ្ជូនតាមបំពង់, ផលិតកម្មគីមីឥន្ធនៈ និងបណ្តាញលក់ស្ថានីយប្រេងឥន្ធនៈ។ជំនួបជាមួយវិនិយោគិន​ចិនចុងក្រោយនាព្រឹកនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអនុញ្ញាតជូន លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុន New Dazheng គឺជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ (Third-party Property Service) ដ៏ធំមួយ ដែលមិនត្រឹមតែផ្តោតលើបុរី ឬលំនៅឋាននោះទេ ប៉ុន្តែមានជំនាញខ្ពស់លើការគ្រប់គ្រង អគារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត (Smart City Public Buildings)។សូមជម្រាបថា ចាប់តាំងពីដើមអាណត្តិទី៧មក សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវគោលនយោបាយទាក់ទាញវិនិយោគិន ឬ «ទាក់ម៉ូយ» ដ៏ចម្បងរបស់សម្តេចធិបតី គឺគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។ យុទ្ធសាស្ត្រនេះផ្តោតលើការផ្តល់ទំនុកចិត្ត និងការសម្របសម្រួលយ៉ាងកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ ព្រមទាំងបើកទ្វារស្វាគមន៍ និងទាក់ទាញគម្រោងវិនិយោគថ្មីៗមកកាន់កម្ពុជា៕

កម្ពុជា-វៀតណាម ជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោក នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ

2026/07/17 05:50:26 pm        462
កាលពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលភាគីវៀតណាមដឹកនាំដោយ លោកស្រី ផាន់ ធី ធូ ហៀន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់លើនីតិវិធី និងលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម អាចដំណើរការបាននៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (កម្ពុជា) - តឹនណាម (វៀតណាម) បានពេញលេញ ស្របតាមបទប្បញ្ញត្តិច្បាប់ និងឯកសារគតិយុត្តដែលមានជាធរមាន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរផងដែរ។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសនៃការយោគយល់គ្នា ស្មារតីមិត្តភាព អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីទាំងពីរបានឯកភាពលើការបន្តបំពេញនីតិវិធី និងការរៀបចំផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ដំណើរការទៅបានពេញលេញនាពេលឆាប់ៗខាងមុខ។ ការអនុវត្តនេះនឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ក្នុងឱកាសនោះផងដែរ ប្រតិភូនៃប្រទេសទាំងពីរ បានអញ្ជើញចុះទស្សនកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំប្រតិបត្តិការនៅច្រកទ្វារព្រំដែន សំដៅគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោករវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា ក្នុងសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅទីក្រុងសៀងហៃ ប្រទេសចិន

2026/07/17 05:38:25 pm        196
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា ក្នុងសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ទស្សនកិច្ចការងារនេះ គូសបញ្ជាក់ពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបន្តថា សម្ដេចធិបតី បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ បើតាម ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕

អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា កំពុងជួយឱ្យប្រជាសហគមន៍នៅខេត្តពោធិ៍សាត់ មានទឹកស្អាតប្រើប្រាស់ និងមិនបាច់ចំណាយថវិកា

2026/07/17 04:03:00 pm        112
ពោធិ៍សាត់៖ អណ្តូងទឹកធំចំនួន២ ស្ថិតនៅភូមិ បាដេស ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ដែលផ្តល់ទឹកចំណុះ១ម៉ឺនលីត្រ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកភ្នំសំកុស កំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ទឹកដោយមិនត្រូវចំណាយថវិកាទិញទឹកប្រើប្រាស់ជាប្រចាំថ្ងៃ។ប្រជាពលរដ្ឋរស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៦ខែកក្កដានេះ បានប្រាប់BTVថា អណ្តូងទឹកដែលទទួលបានតាមរយៈគម្រោងរេដបូកនេះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រើប្រាស់របស់ប្រជាសហគមន៍។វាបានជួយឱ្យមានទឹកស្អាតប្រើប្រាស់មិនជួបការលំបាកទៀតឡើយ ពិសេសមានទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍។ពលរដ្ឋបន្តថា អណ្តូងទឹកនេះ បានជួយសម្រាលការលំបាកពិសេសនៅរដូវប្រាំងមិនចាំបាច់ត្រូវទិញទឹកប្រើប្រាស់ ឬដើររកទឹកដូចមុនទៀតឡើយគឺមានត្រឹមអណ្តូងទឹកមួយនេះអាចប្រើប្រាស់ច្រើនគ្រួសារ។លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា អណ្តូងទឹកបែបថ្មីបង្កប់ដោយបច្ចេកវិទ្យាតាមរយៈគម្រោងរេដបូក (REDD+) បានសាងសង់អណ្តូងទឹកស្អាតដើរដោយប្រព័ន្ធស្វាយប្រវត្តិសូឡា ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធនធានធម្មជាតិ។អណ្តូងទឹកស្អាតចំនួន២កន្លែងនៅភូមិ តាដេសដោយក្នុងនេះមួយបានកសាងឡើងក្នុងឆ្នាំ ២០២៣ និងមួយទៀតកសាងឡើងក្នុងឆ្នាំ ២០២៥ ។ហើយអណ្ដូងទឹកនេះ បានផ្តល់ផលប្រយោជន៍ និងការផ្លាស់ប្តូរជាវិជ្ជមាន យ៉ាងធំធេងដល់ក្រុមគ្រួសារអ្នកភូមិជាង៦០គ្រួសារ ដែលជាជនជាតិដើមភាតិចព័រ និងជងនៅក្នុងតំបន់ដាច់ស្រយាល។ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តូងទាំងនេះជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ដូចជាការចំណាយលើប្រេងឥន្ធនៈ ការថែទាំសុខភាពព្រោះធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ទ្រទ្រង់ដល់ការដាំដុះនិងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ លើសពីនេះវាជាថាមពលស្អាតឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលមធ្យោបាយនេះ រួមចំណែកដល់យុទ្ធសាស្រ្តប្រែក្លាយសហគមន៍អព្យាក្រឹតកាបូនទៅថ្ងៃអនាគត។ គួរបញ្ជាក់ដែរថា គម្រោងរេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដើម្បី កាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ ពីការសឹករិចរឹល និងបាត់បង់ព្រៃឈើ។ នៅក្នុងប្រទេសកម្ពុជា ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈគម្រោងនេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ ដើម្បីការពារបរិស្ថាន និងការគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន៕អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM