គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ជួបពិភាក្សាការងារ

2026/07/17 03:53:53 pm        200
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ក្រុមហ៊ុន New Dazheng គឺជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ (Third-party Property Service) ដ៏ធំមួយ ដែលមិនត្រឹមតែផ្តោតលើបុរី ឬលំនៅឋាននោះទេ ប៉ុន្តែមានជំនាញខ្ពស់លើការគ្រប់គ្រង អគារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត (Smart City Public Buildings)។

សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន Sinopec (China) & CamTIPA ចូលជួបពិភាក្សាការងារ

2026/07/17 03:50:08 pm        157
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Qian Zhenhua ប្រធានក្រុមហ៊ុន Sinopec (China) & CamTIPA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ក្រុមហ៊ុន Sinopec (China) & CamTIPA គឺជាក្រុមហ៊ុនថាមពល និងគីមីឥន្ធនៈដ៏ធំលំដាប់ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ លើការរុករក និងផលិតប្រេង ឧស្ម័នធម្មជាតិ, ការចម្រាញ់ប្រេង, ការដឹកជញ្ជូនតាមបំពង់, ផលិតកម្មគីមីឥន្ធនៈ និងបណ្តាញលក់ស្ថានីយប្រេងឥន្ធនៈ។

សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Commercial Aircraft Corporation of China ចូលជួបពិភាក្សាការងារ

2026/07/17 03:45:31 pm        138
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) គឺជាក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ។ បច្ចុប្បន្ន ក្រុមហ៊ុនបានផលិត និងដាក់ឱ្យដំណើរការ យន្តហោះខ្នាតតូចប្រភេទ COMAC C909 (ARJ21) សម្រាប់តំបន់ (Regional Jet) ដែលមានកៅអីពី ៧៨ ដល់ ៩០កៅអី, ប្រភេទ COMAC C919 ជាយន្តហោះស្នូលខ្នាតកណ្តាល មានកៅអីពី ១៥៨ ដល់ ១៩២កីអី, និងកំពុងអភិវឌ្ឍ ប្រភេទយន្តហោះខ្នាតធំ ប្រភេទ COMAC C929 ដែលមានកៅអីពី ២៨២ ដល់ ៤៤០កៅអី អាចហោះហើរបានចម្ងាយរហូតដល់ ១២,០០០ គីឡូម៉ែត្រ និងគ្រោងហោះហើរសាកល្បងក្នុងរង្វង់ឆ្នាំ២០៣០។

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

2026/07/17 03:48:19 am        176
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចធិបតី ជាថ្មីម្តងទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចិននិងកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម លី ឈាងបានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។ ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី »។ សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំ។ មុននឹងបញ្ចប់, សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ​,​ និងអនុលោមតាមអនុសញ្ញា,​ សន្ធិសញ្ញា​ និងកិច្ចព្រមព្រៀង​ដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

ប្រេស៊ីលប្តេជ្ញាជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម និងការផ្សាភ្ជាប់ធុរកិច្ចជាមួយកម្ពុជា

2026/07/17 02:26:17 am        116
រដ្ឋាភិបាលប្រេស៊ីល ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យឯកជននានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ខណៈដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានវេសនដ្ឋានប្រចាំនៅកម្ពុជា ក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ព្រមទាំង បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការដាក់និវេសនដ្ឋានទូត ផ្ទាល់នៅភ្នំពេញ កាលពីឆ្នាំ២០២៤។ជាមួយគ្នានេះទំហំពាណិជ្ជកម្មកម្ពុជា-ប្រេស៊ីល មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេស ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១៨៦ លានដុល្លារអាម៉េរិក កើនឡើងជាង ៨១% បើធៀបនឹងឆ្នាំ២០២៤ ដោយការនាំចេញផលិតផលសំបកកង់ និងសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ប្រេស៊ីលជាដើម ។​​ លោកជំទាវ Vivian Loss Sanmartin ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែល ឆ្លៀតពីការងារមមារញឹកអនុញ្ញាតឲ្យលោកជំទាវ និងសហការី ជួបពិភាក្សាការងារ ។ លោកជំទាវបន្ថែមថា ជុំវិញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ប្រេស៊ីលនេះ, រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានប្តេជ្ញាចចិត្តបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យឯកជន នានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសក្តានុពល ដែលអាចឈានទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ឲ្យកាន់តែស៊ីជម្រៅថែម ទៀត មានវិស័យកសិកម្ម វិស័យថាមពល និងបច្ចេក​​វិទ្យាហិរញ្ញវត្ថុ។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍បច្ចេក​​វិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់, កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដែលមានគោលដៅជំរុញការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ, ការ បង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, និងការបង្កើនភាពធន់ផងដែរ។ ប្រេស៊ីលមានឧត្តមភាពលើវិស័យកសិកម្ម វិស័យថាមពល និង វិស័យធនាគារ ដែលអាចចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជា ក្នុងការស្រាវជ្រាវ ក៏ដូចជាការផ្លាស់ប្តូរជំនាញជាដើម។ ឈរ លើសក្តានុពល, កម្ពុជា-ប្រេស៊ីលគួរចាប់ផ្តើមពិនិត្យលទ្ធភាពសិក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការរៀបចំកិច្ចព្រមព្រៀង ស្ដីពីការជំរុញនិងការការពារទៅវិញទៅមកនូវការវិនិយោគ, លទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀង​​ពាណិជ្ជកម្មសេរីទ្វេភាគី និងរៀបចំយន្ត ការមិនយកពន្ធត្រួតគ្នាជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ធគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស

2026/07/17 12:45:42 am        121
ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ឋគ្រប់គ្រងដីជូនជនជាតិដើមភាគតិច​នៅ​​ព្រៃ​​សហគមន៍តាដេស ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សា​​ត់។ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាព្រៃសហគមន៍តាដេស ដែលជាតំបន់គ្រប់គ្រងដោយរដ្ឋមានផ្ទៃដីសរុបប្រមាណ១០០ហិតា ដោយក្នុងជនជាតិដើមភាគតិចបានស្នើសូមគ្រប់គ្រងដីមួយចំនួនទុកជាកន្លែងគោរ​​ព​បូ​​​​ជា និងកន្លែងកប់សព ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចរស់នៅទីនេះ។ហើយបច្ចុប្បន្នក្រសួងបរិស្ថានកំពុងធ្វើការសម្របសម្រួលកំណាត់ទីតាំងដីដែល​ជន​ជាតិដើមភាគបានស្នើសូម។ ឯកឧត្តមបានបន្តថា ជនជាតិដើមភាគតិចរស់នៅទីនេះ បានចូលរួមចំណែកថែរក្សា និងការពារព្រៃឈើយ៉ាងសកម្មផងដែរ។លោក សន សារឿន មេភូមិតាដេស បានលើកឡើងដែរ នៅភូមិនេះ មានជនជាតដើមភាគតិចំនួន២រួមមាន ព័រ និងជង ដែលជាទូទៅពួកគេគោរពតាមបែបបទប្រពៃណីគឺរូបី និងអរូបី ដូច្នេះហើយបានជាមានការស្នើ​​​សូមកំណាត់ដីសម្រាប់ទុកបូជាអារក្សព្រៃឈើ និងកប់សព។ លោកបន្តថា បើសិនការស្នើនេះទទួលបានជោគជ័យ ប្រជាពលរដ្ឋនៅក្នុងភូមិ ជាពិសេសជនជាតិដើមភាគតិច និងខិតខំបន្ថែមទៀតការពារ និង​អ​​ភិរ​ក្សព្រៃឈើ។លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍមូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើក​​ឡើ​ងដែរថា គម្រោងរេតបូកសំកុស បានចាប់ផ្តើមការងារអនុវត្តនៅចុង​ឆ្នាំ​​២​​០​​២៣ ​ដែលមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអ្នកអនុវត្ត ដោយផ្តោតទៅលើ២៧សហគមន៍ ស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ។ ដោយឡែក​​​នៅ​​ក្នុងភូមិតាដេស គម្រោងបានជួយជ្រោមជ្រែងប្រជាសហគមន៍ ជាពិសេស​ជ​​ន​​ជា​​តិ​​ដើមភាគតិចរស់នៅទីនេះឲ្យពួកគេទទួលបានសិទ្ធទីតាំងសក្ការ: និងទីតាំង​​កប់សព ដោយធ្វើការងារជាមួយក្រសួងបរិស្ថាន។គួរបញ្ជាក់ដែរថា ព្រៃ​​សហគមន៍តាដេស ស្ថិតនៅភូមិតាដេស មានប្រជាព​​ល​​រ​ដ្ឋជាង២រយគ្រួសារ ក្នុងនោះជនជាតិដើមភាគតិចព័រចំនួន៣០គ្រួសារ និងជនជាតិដើម​ភា​​គ​​តិចជ​ងចំនួន៣៥គ្រួសារ ។ អត្ថបទ:ទូច សោភ័ណ

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងចូលរួមចំណែកគាំទ្រការរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទ

2026/07/17 12:20:11 am        60
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធ ជនបទមានភាពប្រទាក់ក្រឡា និងកាន់តែរឹងមាំ បង្កើតបរិយាកាសផ្នែកសេដ្ឋកិច្ច និងសង្គម ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងខណៈដែលឯកឧត្តមបានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជា ប្រចាំដោយក្រាលកៅស៊ូ DBST ផ្លូវចំនួន ១០ ខ្សែ ប្រវែងសរុបជាង ១០៥ គីឡូម៉ែត្រ ស្ថិតនៅក្រុងពោធិ៍សាត់ និងស្រុកចំនួន៥ ផ្សេងទៀត ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងជំរុញនៅលើការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោល ដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ។ចំណែកទាក់ទិនការថែទាំប្រចាំផ្លូវខាងលើ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងថែទាំប្រចាំផ្លូវ ទាំងអស់ របស់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទបានល្អប្រសើរ និងសូមបន្តយកចិត្តទុកដាក់នៅក្នុងដំណាក់កាល បន្ទាប់ ត្រូវថែរក្សាឱ្យបានល្អនូវកន្លែងដែលខូតខាត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរដល់ពលរដ្ឋទូទៅ ហើយនេះក៏ជា ការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ត្រូវបានរាជរដ្ឋាភិបាលផ្តោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង និងបានវិនិយោគដោយចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើតបរិយាកាស និងការលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ក៏បានរំលេចថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការគាំទ្រដល់ការងារជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទពីផ្លូវក្រាលក្រួស ក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង ដើម្បីជំរុញការអភិវឌ្ឍផ្លូវនៅតាមជនបទ ឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃឈាម នៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម៕

ឯកឧត្តម ឡាំ ជា ៖ កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ

2026/07/16 11:12:16 pm        339
ភ្នំពេញ៖ “កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ ដែល​កន្លង​មក​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបាន​សម្រេច​ឆន្ទៈ​មោះ​មុត​ក្នុង​ការ​កសាងខ្សែបន្ទាត់ព្រំដែន និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់​លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់”។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅ​ក្នុ​​ងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោ​ស្រព​ខេត្ត​រតនគិរី នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម ឡាំ ជា បានបន្តទៀថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ថែ​រក្សា​ការពារ​នូវ​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្រ្ត​ពាក់ព័ន្ធ​កិច្ច​ការ​ព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់ខ្ជាប់​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​ ក្នុងការសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់​លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ​អភិវឌ្ឍ​។ ឯកឧត្តមបានគូសបញ្ជាក់អំពីគោលបំណងដ៏សំខាន់នៃសិក្ខាសាលានេះ គឺដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​ថ្នាក់​ដឹក​នាំ ​មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏​ដូច​ជា​អ្នក​ចូល​រួម​ទាំង​អស់បានយល់ដឹងកាន់តែច្បាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ​អំពី​ទិដ្ឋភាព​ច្បាប់​​អន្តរជាតិ ​បច្ចេកទេសកិច្ចការព្រំដែន ទិដ្ឋភាពប្រវត្តិសាស្ត្រទឹកដី និងយុទ្ធសាស្រ្ត​ការពារ​បូរណ​ភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រកកម្ពុជា សំដៅរួមគ្នាទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានមិនពិត ការ​ញុះ​ញង់​ ឬការបំភ្លៃការពិតពីសំណាក់ក្រុមជនអគតិជ្រុលនិយមមួយចំនួនតូច ព្រមទាំង​ចូលរួម​ការពារ​ឱ្យ​បាន​ដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕ អត្ថបទ៖ វង្ស សុភាព

ខេត្តកំពង់ស្ពឺប្រារព្ធពិធីរុក្ខទិវា និងចែកកូនឈើជាង ៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍

2026/07/16 11:05:13 pm        229
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនបានប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦ នៅក្នុងទីតាំងបរិវេណវត្តវត្តសំពៅ ភូមិសំពៅ សង្កាត់និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួមទាំងមានការចែកកូនឈើដោយឥតគិតថ្លៃចំនួនជាង៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍ ។ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ២០២៦ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ការដាំដើមឈើឡើងវិញ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ ថ្មីមួយបន្ថែមទៀត ប្រកបដោយភាពទាក់ទាញ ហើយពិធីដាំដើមឈើនេះ នឹងចូលរួមលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាននៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានសោភ័ណភាព និងភាពស្រស់បំព្រង ។ ឯកឧត្តមបានបន្តថា ដាំដើមឈើឡើងវិញនេះ គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងធានាបាននូវកម្ពុជាបៃតង ប្រកបដោយចីរភាព។ ការណ៍នេះ មិនត្រឹមតែជួយបង្កើតគម្របព្រៃឈើ និងទាក់ទាញនូវភ្ញៀវទេសចរតាមរយៈទេសភាពធម្មជាតិ ដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតខ្យល់អាកាសបរិសុទ្ធ ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារប្រព័ន្ធអេកូឡូស៊ីផងដែរ ។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា ដើមឈើស្រូបយកឧស្ម័នកាបូនិក ពីបរិយាកាស បញ្ចេញអុកស៊ីសែន គ្រប់គ្រងសីតុណ្ហភាព ការពារប្រភពទឹក កាត់បន្ថយការហូរច្រោះដី និងផ្តល់ជម្រកដល់សត្វព្រៃ ហើយដើមឈើនីមួយៗ ដែលបានដាំនៅក្នុងថ្ងៃនេះ គឺជាការវិនិយោគសម្រាប់បរិស្ថានដ៏មានសុខភាពល្អនៅថ្ងៃស្អែក ។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំផងដែរ ទៅដល់ស្ថាប័ន មន្ទីរជំនាញកសិកម្មនិងបរិស្ថាន ត្រូវពិនិត្យមើលនូវផ្លូវអាទិភាពសំខាន់ៗ ដែលឆ្ពោះទៅកាន់ទីរមណីយដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវដាំដើមឈើលំអរអមសងខាងផ្លូវ ដើម្បីបង្កើនភាពបៃតងគ្រប់រដូវកាល ហើយបានជំរុញ និងលើកទឹកចិត្តទៅដល់មន្ទីរជំនាញ និងប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានក្រុងស្រុក ឱ្យនាំគ្នាដាំដើមឈើឡើងវិញ ដើម្បីបរិស្ថានទេសចរណ៍ និងកម្ពុជាបៃតង ។ គួរបញ្ជាក់ថា សម្រាប់កូនឈើចំរុះទាំងជាង ៨ពាន់ដើម មានប្រភេទរយៈពេលវែង ដូចជា ដើមក្រញូង ធ្នង់ បេង ត្នោត និងកូនឈើលំអរ ហើយចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងភូមិឋាន និងមូលដ្ឋានរស់នៅ ធ្វើយ៉ាងណាអនុវត្តឱ្យបាន នូវទិសស្លោករបស់រាជរដ្ឋាភិបាល “មនុស្សម្នាក់ដើមឈើមួយដើម” ៕ អត្ថបទ បាន សុខរិទ្ធិ

កូរ៉េបន្តឈរនៅជាមួយកម្ពុជា ក្នុងនាមជាមិត្តពិតប្រាកដ ដើម្បីគាំទ្រកុមារ​កម្ពុជាទទួល​បានសុខភាពល្អ

2026/07/16 10:55:21 pm        462
លោក គីម អ៊ូហ៊្សុកី(KIM WOO HYUK) ប្រធានគណៈប្រតិភូ និងជាលេខាទី២ ផ្នែក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ នៃក្រសួងការបរទេស សាធារណរដ្ឋកូរ៉េ និងតំណាងមកពីការិយាល័យ កយកា (KOICA) ប្រចាំកម្ពុជា អ្នកជំនាញ ដៃគូ អញ្ជើញមកទស្សនកិច្ច​គម្រោង​នានាជាមួយ​របស់​សាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ ដែលផ្តល់ឱកាសឱ្យឆ្លុះបញ្ចាំង​ពីភាព​ជាដៃគូ​យូរ​អង្វែង និងពិភាក្សាអំពី​ចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍនា​ពេលអនាគតនៃ​ការថែទាំសុខភាព​កុមារ​នៅកម្ពុជា, នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ។ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមនី្ទរពេទ្យកុមារជាតិ បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃការគាំទ្ររបស់ កយកា (KOICA) ក្នុងឆ្នាំ២០០៥ ភាពជាដៃគូរបស់យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ការកែលម្អឧបករណ៍វេជ្ជសាស្ត្រ ការបង្កើនសេវាព្យាបាល និងការអភិវឌ្ឍសមត្ថភាពអ្នកជំនាញថែទាំសុខភាព រួមមានការបង្កើតមន្ទីរពេទ្យកុមារទំនើប (២០០៥-២០០៦) ការបង្កើនអគារមិត្តភាពកម្ពុជា-កូរ៉េ (២០១៣-២០១៨) និងគម្រោងបច្ចុប្បន្នផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសរបស់មន្ទីរពេទ្យ។ តាមរយៈដំណាក់កាលជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការ យើងបានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការទទួលបានការថែទាំកុមារឯកទេស និងការកែលម្អគុណភាព នៃការព្យាបាលដែលផ្តល់ជូនកុមារនៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ លោក គីម អ៊ូហ៊្សុកី(KIM WOO HYUK) បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ និងកម្ពុជា បានកសាងភាពជាដៃគូយ៉ាងរឹងមាំ និងគួរឱ្យទុកចិត្តនៅក្នុងវិស័យសុខាភិបាលក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ។ មន្ទីរពេទ្យកុមារជាតិ គឺជាស្ថាប័នសាធារណៈឈានមុខគេរបស់កម្ពុជា ដែលឧទ្ទិសដល់ការថែទាំសុខភាពកុមារ។ ចាប់តាំងពីការគាំទ្រដល់ការសាងសង់អគារមន្ទីរពេទ្យដំបូងក្នុងឆ្នាំ២០០៥ មក ប្រទេសកូរ៉េបានបន្តភាពជាដៃគូរបស់ខ្លួនតាមរយៈគម្រោងអភិវឌ្ឍន៍ដំណាក់កាលទីបីនេះ ដោយមានគោលដៅជួយឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យកុមារឈានមុខគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីការសាងសង់អគារថ្មី គម្រោងនេះក៏ឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកូរ៉េ ក្នុងការផ្តល់ជូនកុមារកម្ពុជា ដែលជាអនាគតរបស់ប្រទេសជាតិ នូវការថែទាំវេជ្ជសាស្ត្រដ៏កក់ក្តៅ និងមានគុណភាពខ្ពស់។ ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្រសួងការបរទេស KOICA និងដៃគូទាំងអស់ចំពោះមិត្តភាព និងការគាំទ្រដ៏រឹងមាំរបស់កូរ៉េ។ ការប្តេជ្ញាចិត្តរបស់កូរ៉េ បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងមានអត្ថន័យនៅក្នុងជីវិតរបស់កុមារកម្ពុជារាប់មិនអស់ និងគ្រួសាររបស់ពួកគេ និងសូមជូនពរឱ្យអ្នកចូលរួមទាំងអស់មានកិច្ចប្រជុំប្រកបដោយផលិតភាព និងជោគជ័យ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចរបស់អ្នកមកកាន់មន្ទីរពេទ្យកុមារជាតិ នឹងពង្រឹងបន្ថែមទៀតនូវចំណងសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នរបស់យើង និងប្រទេសទាំងពីរ៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM