គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភាទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍​ដល់សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៃសាលាភូមិន្ទរដ្ឋបាល

2026/07/16 10:28:13 pm        169
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ជូនដល់ សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលក្នុងវគ្គបណ្តុះបណ្តាល ជំនាន់ទី៨ ស្ដីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ មានសិក្ខាកាមចូលរួមចំនួន ១៧៩នាក់ ក្នុងនោះស្រីចំនួន ២៦នាក់ ដែលបានកំពុងបំពេញការងារក្នុងមុខតំណែងជាថ្នាក់ដឹកនាំនិងថ្នាក់គ្រប់គ្រងនៅតាមក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិចាប់ពីថ្នាក់រដ្ឋលេខាធិការ រហូតដល់ថ្នាក់ប្រធាននាយកដ្ឋាន ឬតំណែងប្រហាក់ប្រហែល និងនៅថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ ឬតំណែងប្រហាក់ប្រហែល។ វគ្គសិក្សានេះ មានរយៈពេល៨សប្តាហ៍។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ មានគោលបំណងរួមចំណែកដល់ការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤-២០២៨ នៃវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យមានប្រសិទ្ធភាព តាមរយៈការអភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការក្នុងមុខតំណែងដឹកនាំនិងគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធិភាពនៃការដឹកនាំប្រកបដោយនវានុវត្តន៍ និងការគ្រប់គ្រងអង្គភាពមានភាពបត់បែនឆ្លើយតបនឹងបរិបទសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថលដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ស្របតាមការតម្រង់ទិសនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការទទួលស្វាគមន៍ សិក្ខាកាមទាំងអស់ ដែលបានអញ្ជើញមកកាន់រដ្ឋសភា ក្នុងឱកាសនេះ។សម្តេចបានកោតសរសើរ ចំពោះវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដែលផ្តួចផ្តើមបង្កើតឡើងក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងដោយមាន ឯកឧត្តម យក់ ប៊ុណ្ណា ជាអ្នកអនុវត្តផ្ទាល់។ ឆ្លងកាត់បទពិសោធជាច្រើនវគ្គកន្លងមក កម្មវិធីនេះបានក្លាយជាយន្តការគន្លឹះដ៏មានប្រសិទ្ធិភាព ក្នុងការកសាងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជូនដល់មន្ត្រីជាន់ខ្ពស់ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការអនុវត្តកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ សម្តេចបានកត់សម្គាល់ថា អ្វីដែលជាទីមោទនៈសម្រាប់វគ្គទី៨នេះ គឺការបោះជំហានប្រកបដោយស្មារតីម្ចាស់ការរបស់ក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការបណ្តុះបណ្តាលដោយផ្ទាល់។ វគ្គនេះត្រូវបានសម្រួចខ្លឹមសារមានភាពប្រាកដនិយម ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់ស្ថាប័ន ដោយផ្តោតជាសំខាន់លើ ការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ ការផ្លាស់ប្តូរ និងការកសាងបរិយាកាសការងារដែលពោរពេញដោយស្មារតីសហប្រតិបត្តិការ និងប្រសិទ្ធភាពខ្ពស់។ នៅក្នុងឱកាសដ៏មានសារៈសំខាន់នេះ សម្តេចបាន ចែករំលែក ជូនសិក្ខាកាមទាំងអស់ នូវបទពិសោធការងារផ្ទាល់ខ្លួន ស្ថានភាពពិភពលោក ស្ថានភាពប្រទេសជាតិ ក៏ដូចជាតួនាទីនិងរចនាសម្ព័ន្ធ រដ្ឋសភា ពិសេសការដឹកនាំរបស់រដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំផ្ទាល់របស់សម្តេច បានដាក់ចេញនូវការពង្រឹងអភិបាលកិច្ច កំណែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មស្ថាប័ន។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែនជាថ្នាក់ដឹកនាំគំរូសកល។ សម្តេចតេជោ បានដាក់ចេញនូវអភិក្រមដ៏ថ្លៃថ្លា និងប្រកបដោយគតិបណ្ឌិតជាច្រើនក្នុងការតម្រង់ទិសឱ្យក្លាយជាមន្ត្រីគំរូ និងជាសសរទ្រូងដ៏រឹងមាំបំផុតរបស់រដ្ឋបាលសាធារណៈ។ ទស្សនៈដឹកនាំរបស់ សម្តេចតេជោ មិនត្រឹមតែជាទ្រឹស្តីនោះទេ ប៉ុន្តែជាពុទ្ធិទូន្មានប្រកបដោយសច្ចភាព និងមានលក្ខណៈសកល ដែលអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាពគ្រប់ ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង «មន្ត្រីត្រូវបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរបស់រាស្រ្តនោះឡើយ»។ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាមន្ត្រីសេវាសាធារណៈដ៏ឆ្នើម ដែលទទួលបានការគោរព និងការជឿទុកចិត្តពីប្រជាពលរដ្ឋ មន្រ្តីត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិជា មន្ត្រីល្អ ត្រូវតម្កល់ខ្លួនជាខ្ញុំបម្រើរាស្ត្រ កុំធ្វើជាមន្ត្រីជើង ១០ ត្រូវធ្វើជាមន្ត្រីជើង ២ ត្រូវលុបបំបាត់ «ជំងឺតួឯក» ជាដើម។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ប៉ិនប្រសប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា បានប្រែក្លាយឧបសគ្គធំៗ ដូចជា វិបត្តិសកលលោកដែលកំពុងស្មុគស្មាញ ឧបសគ្គពីការឈ្លានពានរបស់បូរណភាពទឹកដី ទៅជាឱកាសក្នុងការពង្រឹងកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ និងខឿនការពារជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥,៣% ហើយសម្រាប់ឆ្នាំ២០២៦ អត្រាកំណើននឹងមានក្នុងរង្វង់ ៤,២% ដោយសារឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ។ ក្នុងរយៈពេលមធ្យម (២០២៧-២០២៩) សេដ្ឋកិច្ចជាតិនឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រាចន្លោះពី ៥% ទៅ ៥,៥% ដោយសារការរក្សាបាននូវកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម កសិកម្ម និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយពីរាជរដ្ឋាភិបាលទទួលបានជោគជ័យ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានជួយស្តាទំនុកចិត្តទេសចរ និងវិនិយោគឡើងវិញ។ នៅក្នុងឱកាសដ៏ស្និទ្ធស្នាលនិងមានសារៈសំខាន់នោះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីការលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គមកម្ពុជា។ សមភាពយេនឌ័រនៅកម្ពុជា បានលើកកម្ពស់ដោយ សម្តេចតេជោ ហ៊ុន សែន និងបានកំពុងអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការបង្កើនតួនាទីដឹកនាំរបស់ស្ត្រី អាចជួយឱ្យស្ថាប័នអាចមើលឃើញពីចំណុចខ្វះខាតនានាបានកាន់តែច្បាស់ និងគំនិតចម្រុះ ដែលជួយឱ្យឈានទៅរកការរៀបចំគោលនយោបាយប្រកបដោយមនុស្សធម៌ និងមាននិរន្តរភាព។ ឯកឧត្តម យក់ ប៊ុនណា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកនិងមានតម្លៃជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ដ៏ថ្លៃថ្លានៅក្នុងឱកាសនេះ។ សិក្ខាកាមទាំងអស់ពិតមានក្តីសប្បាយរីករាយ ដែលទទួលបាន នូវអនុសាសន៍និងបទពិសោធផ្ទាល់ខ្លួនដែលសម្តេចប្រធានរដ្ឋសភា បានបម្រើប្រទេសជាតិនៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ បទពិសោធនិងអនុសាសន៍ទាំងអស់នេះនឹងបង្កើតនូវពុទ្ធិ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញការងាររបស់សិក្ខាកាម ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

សភាលីបង់ចាប់ផ្តើមពិភាក្សាអំពីច្បាប់លើកលែងទោសដ៏ទូលំទូលាយ

2026/07/16 10:20:52 pm        60
សភារបស់ប្រទេសលីបង់ បានចាប់ផ្តើមសម័យប្រជុំនីតិប្បញ្ញត្តិ កាលពីថ្ងៃពុធ ដើម្បីពិភាក្សានិងបោះឆ្នោតលើសេចក្តីព្រាងច្បាប់មួយចំនួន រួមទាំងច្បាប់លើកលែងទោស ដែលអាចគ្របដណ្តប់លើអ្នកទោសមួយចំនួនធំ។សេចក្តីព្រាងច្បាប់ជាង ៤០ នឹងត្រូវបានពិភាក្សា និងបោះឆ្នោតសម្រេចក្នុងសម័យប្រជុំរយៈពេលពីរថ្ងៃនេះ។ សេចក្តីព្រាងច្បាប់ដែលលេចធ្លោជាងគេរួមមាន ការលុបបំបាត់ទោសប្រហារជីវិត ដែលមិនត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងច្បាប់លើកលែងទោស។អស់រយៈពេលជាច្រើនឆ្នាំមកហើយ សភាបានព្យាយាមអនុម័ត សេចក្តីព្រាងច្បាប់លើកលែងទោសទូទៅ ដែលមានគោលបំណងសំខាន់ គឺកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគាររបស់លីបង់ ប៉ុន្តែមិនអាចទទួលបានការឯកភាពគ្នា ដោយសារតែការបែងចែកផ្នែកនិកាយសាសនា និងនយោបាយទាក់ទងនឹងសំណួរថាតើនរណាខ្លះនឹងទទួលផលប្រយោជន៍ពីច្បាប់នេះ។ការលើកលែងទោស គឺជាការទាមទាររបស់ក្រុមគ្រួសារអ្នកទោសឥស្លាមនិយមមួយចំនួន ដែលអ្នកទោសទាំងនេះ ត្រូវបានចោទប្រកាន់ថា បានវាយប្រហារលើកងទ័ពលីបង់ ចូលរួមក្នុងការប៉ះទង្គិចនៅទីក្រុងទ្រីប៉ូលី (Tripoli) ភាគខាងជើង ដែលមានប្រជាជនភាគច្រើនកាន់សាសនាមូស្លីមនិកាយស៊ុននី និងមានផែនការរៀបចំការបំផ្ទុះគ្រាប់បែក៕

រដ្ឋមន្រ្តីក្រសួងការងារចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារ​ជនទេសន្តរ​ប្រវេសន៍​ការងារ​ខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់កម្ពុជា​

2026/07/16 10:09:25 pm        328
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជន​ទេសន្តរ​ប្រវេសន៍​ការងារ​ខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងថ្មីៗបន្ថែមទាក់ទងនឹងវិស័យការងារ មុនពេលចេញទៅបំពេញបេសកកម្មការទូតនៅតាមស្ថានបេសកកម្មកម្ពុជានៅក្រៅប្រទេស។   នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីការធ្វើទេសន្តរប្រវេសន៍ការងារ ដែលជាបាតុភូតប្រពៃណីដ៏យូរលង់ និងកំពុងបន្តកើតមានកាន់តែច្រើន ជាពិសេសនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ការធ្វើទេសន្តរប្រវេសន៍ការងារជាកម្លាំងចលករ និងជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ លើសពីនេះ ទេសន្តរប្រវេសន៍ការងារ ក៏ជាការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម ដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលប្រទេសនានាប្រើប្រាស់ដើម្បីពង្រីកទីផ្សារការងារ អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ការជំរុញទេសន្តរប្រវេសន៍ការងារអាស្រ័យលើកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈទំនាក់ទំនងការទូតសេដ្ឋកិច្ច និងក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធនានា ដូចជា អនុសញ្ញាក្រុងវីយែន ក្របខ័ណ្ឌអង្គការ WTO និងស្តង់ដាអង្គការ ILO។  ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់ជនទេសន្តរប្រវេសន៍ការងារក្នុងការរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច តាមរយៈប្រាក់បញ្ញើដ៏ច្រើនចូលមកក្នុងប្រទេស។ ឯកឧត្តមក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះជនទេសន្តរប្រវេសន៍ខ្មែរនៅក្រៅប្រទេស តាមរយៈការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងយន្តការគ្រប់គ្រងការជ្រើសរើស បណ្តុះបណ្តាលនិងបញ្ជូនជនទេសន្តរប្រវេសន៍ទៅធ្វើការនៅក្រៅប្រទេស។ កម្ពុជាក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការការពារសិទ្ធិ និងផលប្រយោជន៍បងប្អូនជនទេសន្តរប្រវេសន៍ រួមមាន ច្បាប់ អនុក្រឹត្យ ប្រកាស គោលនយោបាយជាតិ លិខិតូបករណ៍អន្តរជាតិ អនុស្សរណៈនៃការយោគយល់គ្នា កិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិ ដៃគូ ម្ចាស់ម៉ាក និងប្រទេសទទួលជាដើម។ ការធ្វើទេសន្តរប្រវេសន៍ការងារទៅក្រៅប្រទេស គឺជាឱកាសការងារ និងជាជម្រើសបន្ថែមលើឱកាសការងារ និងជម្រើសការងារដែលមាននៅក្នុងប្រទេស។ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការបញ្ជូនជនទេស្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅបរទេសតាមរយៈយន្តការស្របច្បាប់មិនត្រឹមតែជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញបច្ចេកទេស បទពិសោធការងារ និងចំណេះដឹងថ្មីៗ ហើយត្រឡប់មកចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាវិញតាមរយៈការបង្កើតមុខរបរដោយខ្លួនឯងពីប្រាក់សន្សំទុក។ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីជាន់ខ្ពស់ទាំងអស់ដែលបានទៅបំពេញបេសកកម្មការទូត បន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ និងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ដើម្បីបើកឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការ​មានជម្រើសការងារបន្ថែមទៀត៕

គិតត្រឹមខែមិថុនាឆ្នាំនេះ ជប៉ុន​បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ ពាន់លាន​ដុល្លារ​អនុវត្ត​គម្រោង​នានា​នៅកម្ពុជា

2026/07/16 09:50:00 pm        372
គិតដល់ត្រឹមខែ មិថុនា ឆ្នាំ២០២៦, រដ្ឋាភិបាលជប៉ុន​បានផ្តល់ហិរញ្ញប្បទានដល់ការអនុវត្ត គម្រោង/កម្មវិធី មានចំនួន ២៥ គិតជា ទឹកប្រាក់សរុបប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងកំពុងដំណើរការ មានចំនួន ១២ និងគម្រោងត្រូវបានបញ្ចប់មាន ចំនួន១៣។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិដ៏ឧត្តុង្គឧត្តម ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភា- ចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញ ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និង សង្គមកម្ពុជារហូតដល់បច្ចុប្បន្ន។ ជប៉ុនបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដោយផ្តោតអាទិភាព ក្នុងការផ្តល់ឥណទានសម្បទាន ស្របតាមយុទ្ធសាស្រ្ត, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានា។ ជាក់ស្តែងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹម ខែ មិថុនា ឆ្នាំ២០២៦នេះ, មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩ ក្នុងនោះការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន ២៥ មានទឹកប្រាក់សរុបជាង ៤២២ ប៊ីលានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ដោយគម្រោងកំពុងដំណើរ ការមានចំនួន១២ និងគម្រោងត្រូវបានបញ្ចប់មានចំនួន១៣។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម UENO Atsushi ដែលបានខិតខំប្រឹង ប្រែងអស់ពីកំលាំងកាយចិត្ត និងសម្រេចបានស្នាដៃដ៏ធំ នៅក្នុងការបំពេញភារៈកិច្ចជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពនៃ ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងអាណត្តិរបស់ឯកឧត្តម ចាប់ពីឆ្នាំ២០២៣ ដល់ដំណាច់ឆ្នាំ២០២៦នេះ ដោយ ក្នុងនោះកម្ពុជាទទួលបានហិរញ្ញប្បទានសរុបចំនួន ២៦ គម្រោង/កម្មវិធី ដែលមានឥណទានសម្បទានសរុបចំនួន ១៤ គម្រោង/កម្មវិធី និងហិរញ្ញប្បទានឥតសំណងសរុបចំនួន ១២ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១ ៦៥២ លានដុល្លារអាម៉េរិក។  ចំណែកនៅឆ្នាំ២០២៦នេះ, ឥណទានសម្បទានសរុបចំនួន ៦ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ៧០០ លានដុល្លារ អាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៣ គម្រោង/កម្មវិធី មានទឹកប្រាក់សរុប​ប្រមាណ ១១ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ, រដ្ឋាភិបាលជប៉ុនក៏បានសម្រេចផ្តល់កញ្ចប់ឥណទានសម្បទានថ្មី ចំនួន ១ កម្មវិធីបន្ថែមទៀត មានទឹកប្រាក់ចំនួន ១៨៨ លានដុល្លារ អាម៉េរិក ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ២០២៦ នេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ស្អែកនេះ ក្រសួងការងារនឹងបើកវេទិកាការងារនៅខេត្តបាត់ដំបង ផ្តល់ឱកាសការងារជាង ៩ម៉ឺនកន្លែង

2026/07/16 09:40:09 pm        179
បាត់ដំបង៖ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបើកវេទិកាការងារនៅខេត្តបាត់ដំបង ដោយនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនបងប្អូនអតីតពលករ យុវជន និងប្រជាជនមូលដ្ឋាននៅទី ១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកានេះ នឹងរៀបចំនៅថ្ងៃទី១៧ ខែកក្កដា ស្ថិតក្នុងបរិវេណសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងនៅថ្ងៃទី១៨ ខែកក្កដា នៅបរិវេណសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ។ អ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្នុងវេទិកាការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៩ម៉ឺន ៣ពាន់កន្លែង ជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះ អ្នកចូលរួមនឹងទទួលបានអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃ ហើយអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការរៀបចំជីវភាព និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ

2026/07/16 09:25:28 pm        248
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យការរៀបចំជីវភាពរស់នៅ និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំជីវភាពរស់នៅ ព្រមទាំងថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន មានទាំងដំណាំ ជាច្រើន រួមមាន ដំឡូងមី ពោត សណ្តែកគួរជាដើម និងដំណាំរួមផ្សំជាច្រើនទៀត។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ការដាំដុះដំណាំទាំងអស់នេះ នឹងហុចផលសម្រាប់ប្រជាពលរដ្ឋភៀសសឹក ទាំងការលក់ដូរចិញ្ចឹមជីវិត និងការទទួលទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលបានរៀបចំលំនៅឋាន និងអនុវត្តសកម្មភាពកសិកម្ម គឺជាការចូលរួមកម្មវិធីប្រកួតប្រជែង “ផ្ទះស្អាត” របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏ជាគាំទ្រការវាយតម្លៃ និងជំរុញការរៀបចំបរិស្ថានរស់នៅឱ្យមានភាពស្អាត សណ្តាប់ធ្នាប់ និងការអនុវត្តកសិកម្មតាមគ្រួសារ ស្របតាមទិសដៅលើកកម្ពស់អនាម័យ បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក៕

ក្រុមហ៊ុន Beijing Star AI ចង់ស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI នៅកម្ពុជា

2026/07/16 08:53:01 pm        457
នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន Beijing Star AI ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Generated Content – AIGC)។ បន្ថែមលើនេះ, ក្រុមហ៊ុនក៏ជាស្ថាប័នដំបូងគេនៅលើពិភពលោក ដែលបានកសាងសហគមន៍បង្កើតវីដេអូ AIGC ពេញលេញក្នុងកន្លែងតែមួយ (One-Stop Community) ព្រមទាំងបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធ AI Agent ក្នុងកម្រិតភាពយន្តដំបូងគេបង្អស់នៅលើសកលលោក។ ជាមួយគ្នានោះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន ៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន (ASEAN Regional Intelligent Computing Center), មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត (Film-Grade AI Agent R&D Center), មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន (Cross-border AI Short Drama Distribution Center), និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន (ASEAN Digital Commerce Operation Center)។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងន័យនេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សា និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕

ក្រុមហ៊ុន Fujian Jinlu Daily Chemical ចង់វិនិយោគរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅកម្ពុជា

2026/07/16 08:40:03 pm        145
នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោក Fu Laifa បានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនជាសហគ្រាសកម្មន្តសាលឈានមុខមួយ ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន៖ ថ្នាំសម្លាប់សត្វល្អិត,សាប៊ូបោកខោអាវ, ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត។ ជាមួយគ្នានោះ, លោក Fu Laifa បានគោរពជម្រាបជូនបន្ថែមថា ដោយមើលឃើញពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា, ក្រុមហ៊ុនមានបំណងបោះទុនវិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលទាំងស្រុងពីក្រៅប្រទេស ដែលការណ៍នេះ គឺស្របគ្នាទៅនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគលើការបង្កើតខ្សែច្រវាក់ផលិតកម្មសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ លើសពីនេះទៅទៀត, ប្រសិនបើគម្រោងវិនិយោគនេះទទួលបានជោគជ័យ និងរីកចម្រើន, ក្រុមហ៊ុនមិនត្រឹមតែអាចឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជានោះទេ ប៉ុន្តែថែមទាំងអាចឈានទៅដល់ការនាំចេញផលិតផលសម្រេចរបស់ខ្លួនទៅកាន់ទីផ្សារបណ្ដាប្រទេសនានាក្នុងតំបន់ ថែមទៀតផង។ ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីប្រែក្លាយបំណងវិនិយោគនេះឱ្យលេចចេញជារូបរាងជាក់ស្ដែងនៅកម្ពុជា៕  

ក្រុមហ៊ុន Yuanda Group ចង់ស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

2026/07/16 08:28:22 pm        208
នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកនាយកក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន មានភាពជាដៃគូរយៈពេលវែងជាមួយភ្នាក់ងាររាជរដ្ឋាភិបាល, សហគ្រាសរដ្ឋ ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនានា ទាំងនៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ បច្ចុប្បន្ន, ក្រុមហ៊ុនកំពុងផ្ដោតការយកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យសំខាន់ៗ រួមមាន៖វិស័យអប់រំ,កសិកម្ម, កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល។ លោកនាយកក្រុមហ៊ុន ក៏បានគូសបញ្ជាក់បន្ថែមថា ដោយសម្លឹងឃើញពីសក្ដានុពលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអប់រំ, កសិកម្ម និងបច្ចេកវិទ្យាឌីជីថល។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា វិស័យទាំង៣នេះ ដែលរួមមាន៖ វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យា ជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយ ព្រមទាំងយន្តការចាំបាច់នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះឱ្យកាន់តែរីកចម្រើន។សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរក និងចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕  

ក្រុមហ៊ុន Shandong ចង់ពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

2026/07/16 08:23:04 pm        170
ក្នុងឱកាសជួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន, តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដែលបានចាប់ផ្តើមបោះទុនវិនិយោគតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅក្នុងយុគសម័យថ្មី។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនអំពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ពិសេសវិស័យថាមពលកកើតឡើងវិញ។ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលបានជឿជាក់ និងបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ បន្ថែមលើនេះ, សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយឱកាសវិនិយោគទាំងនោះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។ មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយមើលឃើញពីបទពិសោធ និងឧត្តមភាពរបស់ក្រុមហ៊ុនលើការដាំដុះស្វាយចន្ទី។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល សម្រាប់រាល់ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅក្នុងតំបន់ភូមិភាគឦសាននេះផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM