មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

សម្ដេចធិបតី ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈ រដ្ឋបានចេញខាត ក្នុងមួយខែប្រមាណ៦០លានដុល្លារ

2026/05/27 01:06:08 pm        308
សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈជាសកលចាប់ពីខែមេសា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលបានចេញខាតក្នុងមួយខែប្រមាណ ៦០លានដុល្លារក្នុងមួយខែៗ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ តាមរយៈការជួយផ្នែកពន្ធអាករដល់បណ្ដាស្ថានីយប្រេងឥន្ធនៈនានាទើបកុំឱ្យតម្លៃប្រេងហក់ឡើងកាន់តែខ្លាំង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា ក្នុងពេលភាពតានតឹងនៅមជ្ឈឹមបូព៌ា បានកើតឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលមានការវាយប្រហាររវាងអ៊ីរ៉ង់ ទល់នឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ បញ្ហានៅមជ្ឈឹមបូព៌ានេះ បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ហើយតាមរយៈវិបត្តិនេះ រាជរដ្ឋាភិបាលបានចេញខាតក្នុងមួយខែប្រមាណ ៦០លានដុល្លារក្នុងមួយខែៗ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ តាមរយៈការជួយផ្នែកពន្ធអាករដល់បណ្ដាស្ថានីយប្រេងឥន្ធនៈនានាទើបកុំឱ្យតម្លៃប្រេងហក់ឡើងកាន់តែខ្លាំង។ សម្ដេចធិបតីបានបន្ថែមថា ក្រៅពីនេះ រាជរដ្ឋាភិបាលតាមរយៈ អគ្គិសនីកម្ពុជា ក៏បានចេញខាតលុយប្រមាណ ៨០លានដុល្លារ ដោយសារមិនតម្លើងថ្លៃភ្លើង លើការប្រើប្រាស់របស់ប្រជាពលរដ្ឋផងដែរ។សូមជម្រាបថារបស់ក្រសួងពាណិជ្ជកម្មកម្ពុជាស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ការអនុវត្តចាប់ពីម៉ោងតម្លៃប្រេងសាំងលក់ ៥ ២៥០រៀល/លីត្រ ចំណែក ប្រេងម៉ាស៊ូតលក់ ៥ ៣០០រៀល/លីត្រ។ តម្លៃនេះ បន្ទាប់ពី រាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសស់រុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕

ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

2026/05/27 12:56:17 pm        374
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ សរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធ​នឹង​ករណី​បើក​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ទម្រង់​ផ្សេង​ៗ​គ្នា។ ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល​​ នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការ​សម្រប​សម្រួល​នីតិ​វិធី​ច្បាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ។ ករណីទី១៖ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំង​ផ្ទះ​លេខ​៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួន ជនជាតិចិនតៃ វ៉ាន់​៦​នាក់( ស្រ្តី០១នាក់ ) និងដកហូតទូរសព្ទដៃ ចំនួន ៤គ្រឿង , all in one ១គ្រឿង,monitor ៩​គ្រឿង និងធុង CPU ៤ ។ ករណី​ទី២៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមាន​ការ​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ និងបង្ក្រាប ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ ទី​តាំង​នៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជា​លទ្ធផលឃាត់ខ្លួនជនជាតិចិនសរុបចំនួន៥៥នាក់(ស្រី្ត០៥នាក់)និងដកហូតសម្ភារៈ All in One ចំនួន ៩៨ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥ គ្រឿង ,Monitor ចំនួន 0៩ គ្រឿង ,CPU ចំនួន ០៧ គ្រឿង ,ទូរស័ព្ទដៃ ចំនួន ១១៣ គ្រឿង ,ដុំ wifi ចំនួន ០៣ គ្រឿង ,ស៊ីម​កាត​បរទេស​មួយ​ចំនួន​។ តាមការសន្និដ្ឋានទាំងពីរករណីនេះ ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់​ក្លែង​ក្លាយ តាមរយៈការបើកហាងទីផ្សារ ក្លែងក្លាយ , អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និង​ទទួលបានការងារការងារ ដែលមានគោលដៅ កោះតៃវ៉ាន់ និងប្រទេសចិន។ បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ៦១នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែល​ដក​ហូត​បាន​ទាំង​អស់​ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និង​អនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការ​បង្ក្រាប​បណ្តាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍​ឈ្មោះ​ប្រទេ​ស​ជាតិ​លើ​ឆាក​អន្តរជាតិ៕

សម្ដេចធិបតី សាទរចំពោះកំណើនការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូពីរោងចក្រនៅក្នុងស្រុក

2026/05/27 12:47:52 pm        128
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញការសាទរចំពោះកំណើននៃការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូរបស់កម្ពុជាទៅតាមបណ្ដារោងចក្រផលិតកង់រថយន្តនានានៅក្នុងស្រុក ជៀសជាងការនាំចេញទៅក្រៅប្រទេសដែលនាំឱ្យកម្ពុជាខាតបង់តម្លៃដើម និងតម្លៃផលិតផលសម្រេចជាច្រើន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ភោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ចំណូលសរុបរបស់កម្ពុជា ទទួលបានពីការលក់ផលិតផលជ័រកៅស៊ូមានប្រមាណ ៨៣៣ លានដុល្លារ កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៤ ខណៈតម្លៃកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើងហើយផ្ទៃដៃដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នានេះសម្ដេចធិបតី បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចំណូលនៃការនាំចេញផលិតផលកៅស៊ូមានប្រមាណ ៦០៤ លានដុល្លារ ដែលមានការថយចុះ ១,៩% ចំពោះការនាំចេញនេះ, ប៉ុន្ដែចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុកមានប្រមាណ ២២៣ លានដុល្លារ ដែលបានកើនឡើង ១៣១%ទៅវិញ។ សម្ដេចធិបតីបញ្ជាក់ថា លទ្ធផលនេះមានន័យថា ការលក់ជ័រកៅស៊ូនៅកម្ពុជាកំពុងបម្រើឱ្យរោងចក្រនៅក្នុងស្រុកច្រើនជាងនាំចេញ។ សម្ដេចធិបតី បានចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ខណៈការអភិវឌ្ឍវិស័យឧស្សាហកម្មនេះជំហានដំបូងកម្ពុជាផលិត និងនាំចេញវត្ថុធាតុដើម, បន្ទាប់មកការនាំចេញ និងផលិតនូវផលិតផលពាក់កណ្ដាលសម្រេច, និងចុងក្រោយ គឺការនាំចេញផលិតផលសម្រេចដែលជំរុញឱ្យកសិឧស្សាហកម្មនៅកម្ពុជា។ លទ្ធផលនេះ គឺជាគោលដៅសំខាន់នេះ ក្នុងការរក្សាបានតម្លៃសរុប និងតម្លៃបន្ថែមនៅក្នុងប្រទេស។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាបានជំរុញការកែច្នៃបាននៅនឹងកន្លែង ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះបានផ្ដល់ផលដោយផ្ទាល់ទៅដល់ កសិករ ម្ចាស់ចម្ការ ឬម្ចាស់ស្រែ ហើយបង្កើតការងារ ការដឹកជញ្ជូន និងដែលនេះជាខ្សែច្រវាក់ផលិតកម្មដែលរាជរដ្ឋាភិបាលចង់បាន៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»

2026/05/27 12:46:29 pm        514
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ត្រៀម​បញ្ជូន​ចៅ​ៗ​របស់​សម្តេច​ដែលគ្រ​ប់​អាយុ​បំពេញ​កាតព្វកិច្ចកងទ័ព អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»។ សម្ដេចតេជោ បានបញ្ជាក់បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត ​ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន ៩៦៦​នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្ត​ច្បាប់​កាតព្វ​កិច្ច​យោធា​នេះ គឺធ្វើ​ឡើង​ដោយ​ស្មើភាព​គ្នា​ហើយ​ចៅ​ៗ​របស់​សម្តេច​បាន​ត្រៀម​អនុវត្ត​ដោយ​គ្មាន​ការ​លើក​លែង​នោះ​ទេ។ សម្ដេចតេជោ បានបន្តថា «ច្បាប់កាតព្វកិច្ច​យោធា​នេះ​គឺ​មាន​វិសាលភាព​អនុវត្ត​លើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចាប់ពីអាយុ១៨ឆ្នាំដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធាលើកលែងតែស្ត្រី គឺ​ផ្អែក​ទៅតា​មការស្ម័គ្រចិត្ត»។សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែ​ឧសភា​ ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាម​ព្រះរាជ​ត្រាស​បង្គាប់​របស់​ព្រះករុណា​ព្រះ​បាទ​សម្ដេ​ចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ព្រះរា​ជ​ក្រម​ ដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»នេះ ដែលមាន ៨ ជំពូក និង ២០ មាត្រា។ ច្បាប់នេះ​ត្រូវ​បាន​រដ្ឋ​សភា ​អនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាល​ទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់​នេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​២០​ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។ជំពូក​ទី១ ​មាត្រា១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះកំណត់អំ​ពី​វិធាន​នៃ​ការ​អនុវត្ត​កាតព្វ​កិច្ច​យោធា ​ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និង​ជា​កិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋាន​គ្រឹះ​នៃ​ប្រភព​កសាង​កម្លាំង​សម្រាប់​វិស័យ​ការ​ពារជាតិ និងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការ​អប់​រំ​ផ្នត់​គំនិត ​និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។ក្នុងជំពូក​១ មាត្រា២ នៃច្បាប់នេះ បានបញ្ជាក់ថា ច្បាប់នេះមានវិសាល​ភាព​អនុវត្ត​ចំពោះ​ប្រជាព​លរដ្ឋ​ខ្មែរ​គ្រ​ប់រូបមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាម​ការ​កំណត់​នៃច្បាប់នេះ។ ក្នុងនោះ​ការ​បំពេញ​កាតព្វកិច្ច​យោធា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ត្រូវ​ផ្អែក​តាម​គោលការណ៍ស្ម័គ្រចិត្ត៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី៖ ការវិនិយោគរោងចក្រផលិតកែច្នៃជ័រកៅស៊ូនៅត្បូងឃ្មុំឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាពរបស់កម្ពុជា

2026/05/27 12:33:51 pm        379
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបនៅខេត្តត្បូងឃ្មុំ កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ភោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចធិបតីបានថ្លែងថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបនៅខេត្តត្បូងឃ្មុំនេះ គឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ សម្ដេចធិបតីបានបន្តថា សមិទ្ធផលនេះក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក។ សម្ដេចធិបតីបានបញ្ជាក់ថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន គឺបានបង្កើនសមត្ថភាពនៃការផលិតកៅស៊ូនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា ជាពិសេសបានបង្កើត និងផ្តល់ការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណ ៣០០កន្លែង និងប្រយោល (អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ម៉ឺនកន្លែងបន្ថែម ក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ៕

សម្តេចធិបតី កំណត់យកថ្ងៃទី៧ ខែកក្កដា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)

2026/05/27 11:09:32 am        260
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធី “សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)” នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ដោយកំណត់យកកំណត់យកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ (៧/៧/២០២៦) សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)។ គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)សម្រេចលទ្ធផលជារួម៩៩%ហើយ គិតត្រឹងចុងខែឧសភា ឆ្នាំ២០២៦នេះ។ ចំពោះការងារសេសសល់បន្ទាប់បន្សំ គឺការពិនិត្យឡើងវិញនូវលទ្ធផលការងារដូចជា៖ កៅស៊ូAC,គំនូសសញ្ញាចរាចរណ៍,ផ្លាកសញ្ញាចរាចរណ៍, បរិក្ខាសុវត្ថិភាព,សួនច្បារពុះចែកទ្រូងផ្លូវ,រុក្ខជាតិលម្អតូច-ធំជាដើម។ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ គួរបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋ«មានផ្លូវ មានក្តីសង្ឃឹម»៕

ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក

2026/05/27 10:47:09 am        254
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងកម្ពុជា និងព័រទុយហ្គាល់ ដែលបង្កើតជាក្របខ័ណ្ឌផ្លូវការមួយសម្រាប់ការផ្លាស់ប្តូរកិច្ចការងារការទូតជាទៀងទាត់ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងសកលលោក។ ការចុះអនុស្សរណៈនេះ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Paulo Rangel រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ជំនួបនេះក៏បានបញ្ចប់ដោយការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងកម្ពុជា និងព័រទុយហ្គាល់ ដែលបង្កើតជាក្របខ័ណ្ឌផ្លូវការមួយសម្រាប់ការផ្លាស់ប្តូរកិច្ចការងារការទូតជាទៀងទាត់ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងសកលលោក ដែលជាកង្វល់រួម៕

ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

2026/05/27 10:37:22 am        409
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ជំនួបនេះបានរំលឹកឡើងវិញនូវកិច្ចពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអគ្គលេខាធិការ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក (UNGA 80) កាលពីខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

ប្រមុខការទូតកម្ពុជាថ្លែងចំពោះមុខកិច្ចប្រជុំកម្រិតខ្ពស់ UNSC ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ

2026/05/27 08:26:43 am        210
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញថ្លែងសុន្ទរកថាជាតិ នៅក្នុងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។ អំឡុងពេលថ្លែងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានថ្លែងថា ដោយដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។ មុននឹងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រឱ្យមានឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃ៕

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាព ក្នុងខេត្តកំពង់ឆ្នាំង

2026/05/27 07:31:14 am        191
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបជិត១ពាន់នាក់។ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំង ជាខេត្តមានក្រុង ស្រុកចំនួន៨ ,ឃុំ សង្កាត់ចំនួន៧១ និងភូមិចំនួន៥៦៩ មានប្រជាជនចំនួន ១៦១ ៣៣០ គ្រួសារ ស្មើនឹងចំនួន ៦១៥ ៨៩៦ នាក់ ស្រី ៣១៦ ៨៨៩ នាក់។ ខេត្តបាន រក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព គ្រប់គ្រងអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់ការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរនៅមូលដ្ឋានតាមរយៈ នៃការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពទទួលបានលេខ១ ចំនួន ៧១/៧១ ឃុំសង្កាត់។ ខេត្តមានកម្លាំងប្រជាការពារប្រមាណ៨ ០០០នាក់ ក្នុងនោះក្នុង ១ភូមិ ១១នាក់ និងក្នុង ១ឃុំ ២២នាក់ ក្នុង ការជួយសម្របសម្រួលកិច្ចការដល់កងកម្លាំងនគរបាលប៉ុស្តិ៍នៃរដ្ឋបាលឃុំ សង្កាត់។ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាស និងសិប្បកម្ម សរុបចំនួន ២ ៧១២ មូលដ្ឋាន ក្នុងនោះរោងចក្រ សហគ្រាសធុនធំចំនួន៤២កន្លែង មានកម្មករ និយោជិតសរុបចំនួន ៧៦ ៩២៤នាក់ ។ ចំពោះផលិតផលកសិកម្មនៅក្នុងខេត្ត មានការងារ បង្កបង្កើនផលស្រូវ ការចិញ្ចឹមសត្វ វារីវប្បកម្មនិងការនេសាទត្រី ទទួលបានលទ្ធលល្អប្រសើរ។ តុល្យភាពស្បៀង ឆ្នាំ២០២៦ ក្រោយពីការទុកសម្រាប់ហូបចុក ទុកពូជ ចំណីសត្វ ប្រជាកសិករនៅសស់ស្រូវ ៧២៣ ៨២៦តោន គិតជាអង្ករ ៤៦៣ ២៤៩តោន ដែលបានលក់ទៅទីផ្សារ។ ខេត្តនេះ ចំពោះការសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ខេត្តកំពង់ឆ្នាំង ពុំមានរបាយការណ៍ពីការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទេ ។ ទោះយ៉ាងណាក៏ដោយ ខេត្តក៏មានរោងចក្រនិងជនបរទេសធ្វើការ រដ្ឋបាលខេត្ត ក្រុង ស្រុក បានសហការចុះជំរឿនជនបរទេសនៅតាមរោងចក្រសហគ្រាស និងបានចាត់តាំងកម្លាំងនគរបាលចារកិច្ចនៅ តាមរោងចក្រ សហគ្រាស ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ក៏បានដាក់កម្លាំងចារកិច្ច ដើម្បីតាម ដាននិងស៊ើបអង្កេតផងដែរ។សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាលនេះ សម្តេចតេជោធ្លាប់បានបញ្ជាក់ថា ជាការផ្តោតការយកចិត្តទុកដាក់ក្នុងអណត្តិថ្មីនៃព្រឹទ្ធសភា ដែលបានដាក់ចេញចំនួន២គឺរួមចំណែកជាមួយរដ្ឋាភិបាល ទាក់ទងកិច្ចការបរទេស ចូលរួមចំណែកក្នុងក្របខណ្ឌនៃការបរទេស (ការទូតសភា) និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ជម្រុញអោយសមាជិកព្រឹទ្ធសភា ចុះមូលដ្ឋានធ្វើការអោយកាន់តែជិតស្និទជាមួយអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ងាយស្រួលដល់ការធ្វើគណនេយ្យភាពរបស់សមាជិកព្រឹទ្ធសភាជាមួយនឹងមូលដ្ឋាន។ គិតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំងជាខេត្តទី១០ហើយដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញចុះជួបសំណេះសំណាល ខណៈផ្តើមដំបូងពីខេត្តកំពង់ចាម បន្ទាប់មកខេត្តត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និងថ្ងៃនេះនៅក្នុងខេត្តកំពង់ឆ្នាំង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM