ក្រុមគ្រូពេទ្យចាប់ផ្ដើមផ្ដល់វ៉ាក់សាំងគ្រុនស្វិតដៃជើងដូសទី២ ដល់កុមារអាយុក្រោម៥ឆ្នាំ
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សំណូមពរពលរដ្ឋងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹងការយល់ដឹង ផ្តល់គំនិត និងទស្សនៈ ជាជាងទស្សនាព័ត៌មានបែបរន្ធត់ ការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់អ្នកបង្កើតមាតិកាឱ្យចូលរួមលើកកម្ពស់តម្លៃសីលធម៌សង្គម
រដ្ឋមន្រ្ដី កសិកម្ម-ទឹក-ជនបទ ប្ដេជ្ញាបន្តសហការ​ធានា​បង្កើន​ប្រសិទ្ធភាព​ការងារ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ

ព័ត៌មានជាតិ

វិស័យស្វាយចន្ទីកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ១២ម៉ឺននាក់ ក្នុងរដូវប្រមូលផលចូលមកដល់ឆ្នាំនេះ

2026/02/10 03:38:10 pm        319
អ្នកតំណាងឱ្យសហគ្រាស /សិប្បកម្ម កែច្នែគ្រាប់ស្វាយចន្ទី បានអះអាងថា បច្ចុប្បន្ន នៅ​តាម​ចម្ការ​ស្វាយ​ចន្ទីធំៗ និងទីតាំង សហគ្រាស ឬក៏ សិប្បកម្មកែច្នៃស្វាយចន្ទី កំពុងមាន​តម្រូវ​ការ​កម្លាំង​ពលកម្មជាចាំបាច់ប្រមាណ១២ម៉ឺននាក់ ដើម្បីប្រមូលផលស្វាយចន្ទី ខណៈរដូវ​ប្រមូល​ផល​នឹង​ចូល​មកដល់ពេញលេញចាប់ពីខែក្រោយនេះ តទៅ ដោយពួកគាត់បានអំពាវដល់ប្រជាពលរដ្ឋ ជាពិសេស អតីតពលករ អាចទៅស្វែងការងារនៅតាមទីតាំងចម្ការ ឬតាម​បណ្តា​សហ​គ្រាសផ​លិត​កែច្នែ​គ្រាប់ស្វាយចន្ទីនានានៅទូទាំងប្រទេស។លោក អួន ស៊ូឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ BTV ថា វិស័យស្វាយចន្ទី នារដូវ​ប្រមូល​ផលនេះ មានត្រូវការកម្លាំងពលកម្មច្រើនរហូតដល់ប្រមាណ ១២ម៉ឺននាក់ ដើម្បីរើសគ្រាប់​ស្វាយ​ចន្ទី​នៅ​ក្នុងចម្ការ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស អតីតពលករមកពីថៃ ប្រសិន​បើកំពុងស្វែងរកការងារធ្វើ អាចទៅស៊ីឈ្នួល​រើសគ្រាប់​ស្វាយចន្ទី​នៅ​តាម​ចម្ការ​នានា​នៅ​ទូទាំង​ប្រទេស។ រដូវប្រមូលស្វាយចន្ទីពេញលេញនឹងចាប់ពីខែមីនា ខាងនេះ តទៅ។លោក ឡាយ គង់ ប្រធានផលិតកម្មក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទី សានតាណាអាហ្គ្រោ ប្រូដាក់ អ្នក​តំណាងឱ្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី អះអាងថា ដោយសារ​ក្រុមហ៊ុន​មាន​ផែន​ការ​បញ្ជាទិ​ញ​គ្រាប់ស្វាយចន្ទីស្រស់រាប់ម៉ឺនតោន ដើម្បីផលិតកែច្នៃសម្រាប់ការនាំចេញ ដូច្នេះក្រុមហ៊ុន មាន​តម្រូវការកម្លាំងពលកម្មរាប់រយនាក់បន្ថែមទៀត នាពេលនេះ។សូមបញ្ជាក់ថា រដូវប្រមូលផលស្វាយចន្ទីនៅកម្ពុជាជាធម្មតាចាប់ផ្តើមនៅខែកុម្ភៈ ហើយ​បញ្ចប់​នៅ​ខែ​ឧសភា។ ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទីល្អបំផុត ហើយ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីធំជាងគេ បន្ទាប់មកខេត្តក្រចេះ និងខេត្តរតនគិរី៕ អត្ថបទ៖ ធូ វិរៈ

ទូតប្រេស៊ីល ប្រចាំកម្ពុជា គ្រោងរៀបចំព្រឹតិ្តការណ៍មហោស្រពភាពយន្តអន្តរជាតិ និងពិព័រណ៌ម្ហូបអាហារ

2026/02/10 03:34:35 pm        238
នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវិស័យវប្បធម៌។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងជាដៃគូ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌។ជាការឆ្លើយតបលោកជំទាវ ឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីគោលបំណងនៃជំនួបនេះ ដោយលើឡើងពីការបន្តធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរ កម្ពុជា-ប្រេស៊ីល នាពេលអនាគត ក្នុងនោះលោកជំទាវ មានបំណងស្នើសុំរៀបចំបើកព្រឹតិ្តការណ៍មហោស្រពភាពយន្តអន្តរជាតិ ដោយធ្វើការចាក់បញ្ចាំងខ្សែភាពយន្តរបស់ប្រទេសប្រេស៊ីល និងបកប្រែ មានចំណងជើងរងជាភាសាខ្មែរ ព្រមទាំងពិព័រណ៌ម្ហូបអាហាររបស់ប្រទេសប្រេស៊ីល និងអនុញ្ញាតជូនសាធារណជនបានចូលរួមទស្សនាដោយសេរីផងដែរ។ ជាពិសេសប្រទេសប្រេស៊ីល តែងតែមានអាហារូបករណ៍ជូនដល់និសិ្សតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសប្រេស៊ីលជារៀងរាល់ឆ្នាំ គ្រាន់តែការសិក្សានោះ ត្រូវប្រើប្រាស់ជាភាសាព័រទុយហ្គាល់។ជាចុងក្រោយលោកជំទាវ រដ្ឋមន្រី្ត និងលោកជំទាវ ឯកអគ្គរដ្ឋទូត សង្ឃឹមថាប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបតិ្តការគ្នាលើវិស័យវប្បធម៌ និងមានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត៕អត្ថបទ រដ្ឋា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»

2026/02/10 03:29:00 pm        204
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការណណៈបក្សក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណបក្សរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណៈបក្សមូលដ្ឋាន និងគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ សរុបប្រមាណ ៥០០នាក់។បន្ទាប់ពីបានអានរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទាំងស្រុងរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់សមាជិក សមាជិកាដែលមានវត្តមានទាំងអស់ ប្រកបដោយខ្លឹមសារស៊ីជម្រៅ សម្រាប់យកទៅអនុវត្តក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។តាមរយៈរបាយការណ៍ ជាការកត់សម្គាល់បានបង្ហាញថា ឆ្លងតាមការវិវត្តជាក់ស្តែងនូវសភាពការណ៍ជាតិ និងអន្តរជាតិ ទាមទារឱ្យគណបក្សយើង បន្តលើកកម្ពស់សមត្ថភាពដឹកនាំលើគ្រប់ផ្នែក ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានាការការពារឯករាជ្យ សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាជន ការពាររាល់សមិទ្ធផល និងបន្តរការជំរុញការអភិវឌ្ឍសង្គមជាតិ។ ឧត្តមភាព និងភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សយើង ការគាំទ្រដ៏រឹងមាំរបស់ប្រជាជន ភាពធនរបស់កម្ពុជាចំពោះមុខ ការប្រែប្រួលដ៏ស្មុគស្មាញរបស់ពិភពលោក និងការគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង ចំពោះកាលានុវត្តភាពសម្រាប់ដំណើរការជាតិតទៅមុខទៀត ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការស្ថាររសេដ្ឋកិច្ចជាតិ ដោយនាំមកនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូលថា “នៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ចាប់តាំងពីដើមអាណត្តិទី៧មក យើងបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច សម្រេចនូវកិច្ចការងារច្រើនគួរជាទីមោទនៈ ទាំងកិច្ចការងារស្នូលរបស់ក្រសួងមិនឱ្យយឺតយ៉ាវនោះទេ។ លើសពីនេះថែមទៀត កិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ជាពិសេសការអនុវត្តវិធានការគន្លឹះទី១នេះ ជាផ្នែកមួយដ៏សំខាន់នៃការកសាងជំនឿទុកចិត្តពីសាធារណជន។ បន្តផ្សព្វផ្សាយនូវសមិទ្ធផល ដែលយើងសម្រេចបានតាមរយៈការកែទម្រង់រដ្ឋបាលសាធារណៈនេះ ជូនដល់វិស័យអង្គការក្រៅរាជរដ្ឋាភិបាល តាមរយៈការរៀបចំជាវេទិកាមួយ សម្រាប់ចែករំលែកពីទស្សនៈគ្នាទៅវិញទៅមក និងផ្សព្វផ្សាយនូវអ្វីដែលយើងបានធ្វើនាពេលកន្លងមក។”ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្ថានភាពដែលយើងកំពុងជួបប្រទះនាពេលនេះ ជាស្ថានភាពសង្គមជាតិទាំងមូល តែការងារចម្បងរបស់គណបក្ស គឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ គោលជំហរ ទស្សនៈសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសបន្តសកម្មភាពជាប្រចាំ ដើម្បីសម្រេចបានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។

អាជីវករមកពីផ្សារដើមគរចាស់ថា ចំណូលពីការលក់បន្លែ​បោះដុំ​នៅ​ផ្សារ​តាម៉ាប់​ព្រែកជ្រៃ​រក្សា​បាន​ស្ថិរភាព​ចំណូល

2026/02/10 03:26:13 pm        267
គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេលជិត ១ខែហើយ ដែល​អាជីវករ​លក់​ដូរ​ជុំវិញ​ផ្សារដើមចាស់ ដែលមិនមានសណ្តាប់ធ្នាប់បានផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មី ដែល​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បានរៀបចំជូនចំនួនពីរទីតាំង ទី១ គឺនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្ដរជាតិ ស្ថិត​នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង​ទីតាំង​​ទី២ នៅផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ភូមិព្រែកកំពិស សង្កាត់​ព្រែ​កំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តំណាងអាជីវករលក់បន្លែបោះដុំ ចំនួន៣រូប នៅផ្សារតាម៉ាប់ព្រែកជ្រៃ បានប្រាប់​ទូរទស្សន៍​ព័ត៌មាន​ BTV កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ថា ការលក់ដូរនៅទីតាំងថ្មីនេះ បើទោះបីមិន​ទាន់​មាន​អតិថិជន​ច្រើន ប៉ុន្ដែការលក់ដូរ ទទួលបានចំណូលជួយគាំទ្រដល់លំនឹងសេដ្ឋកិច្ចគ្រួសារ។ ក្រុមអាជីវករ អះអាងថា ការមកលក់ដូរនៅទីតាំងថ្មីនេះ មានភាពងាយស្រួល ទាំងផ្លូវធ្វើដំណើរ និង​ទីតាំងលក់ដូរ ដែលបានផ្ដល់ភាពកក់ក្ដៅ ផាសុកភាពយ៉ាងល្អសម្រាប់ពួកគាត់។ ចំណែក​អ្នកស្រី ស្រីពៅ ពលរដ្ឋរស់នៅខណ្ឌមានជ័យ ដែលទៅទិញបន្លែ យកទៅលក់បន្ត បាន​ប្រាប់​BTV​ថា អ្នកស្រីមកទិញនៅ ផ្សារតាម៉ាប់ព្រែកជ្រៃ ពីព្រោះតម្លៃធូរថ្លៃ ហើយមាន​បន្លែ​ច្រើន​ប្រភេទ​ និងមានគុណភាពល្អ។ ហើយម្យ៉ាងវិញទៀត នៅទីតាំងថ្មីនេះ ងាយស្រួលធ្វើដំណើរ មិន​ជួបបញ្ហាស្ទះចរាចរណ៍ថែមទៀត។លោក ខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ មានប្រសាសន៍ថា បច្ចុប្បន្ននេះ មាន​បង​ប្អូន​អាជីវករ​ដែលប្ដូរមកពីផ្សារដើមគរចាស់ ពេលនេះមានជាង៤០០តូបហើយ។ ហើយជា​រៀង​រាល់​ថ្ងៃ ​ការលក់ដូរមានដំណើរការល្អ ខណៈលោកបានផ្ដល់ការអនុគ្រោះមួយចំនួន ជូនអាជីវករ ដែល​មកលក់ដូរនៅផ្សាររបស់លោក។សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងបំណងរៀបចំសណ្ដាប់ធ្នាប់ និងស្ដារឡើងវិញ នូវ​សោភ័ណ្ឌភាព ជុំវិញផ្សារដើមគរ បាន​រៀប​ចំ​ឲ្យ​អាជីវករ​ដែល​ធ្លាប់​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជុំវិញ​ផ្សារ​ដើមគរ ប្ដូរទៅកាន់ទីតាំងថ្មី ដោយមានជម្រើសចំនួន២ ទី១ គឺនៅ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​អាស៊ាន​-អន្ដរជាតិ (ផ្សារដើមគរថ្មី) និងទី២ គឺនៅ ផ្សារតាម៉ាប់ព្រែកជ្រៃ។ សម្រាប់​ទីតាំង​ទី​២​នេះ​ សុទ្ធតែទទួលបានការអនុគ្រោះ ដោយការលក់ដូរមិនគិតថ្លៃ ក្នុងរយៈពេលកំណត់ បូក​រួម និង​ការ​រៀប​ចំហេដ្ឋារចនាសម្ព័ន្ធ គាំទ្រនានាជូនអាជីវករ និងអតិថិជន៕ អត្ថបទ៖ លៀ ស៊ីណា

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមករៀនជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍខ្លួនបង្កើន​ជីវភាព​ឱ្យ​សមរម្យ​ជាង​មុន

2026/02/10 03:14:38 pm        182
ការរៀនជំនាញបច្ចេកទេសទទួលបានអត្ថប្រយោជន៍ជាច្រើន ម្លោះ​ហើយ​បាន​ជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ងាកមកចូលរៀនជំនាញបច្ចេកទេសនេះ ដោយសង្ឃឹមថា ជីវភាពនឹងល្អជាមុន បន្ទាប់​ពី​រៀន​ចប់។អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ខែកុម្ភៈនេះ បានប្រាប់BTV ឱ្យ​បាន​ដឹង​ថា មូលហេតុដែលចូលរៀនជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្ត ព្រោះចូល​រៀន​អត់​បង់​លុយ ​និងពេលរៀនចប់ងាយស្រួលរកការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើ​ឲ្យ​ជីវភាព​រស់​នៅល្អជាងមុន។ លើសពីនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានអរគុណដល់រាជរដ្ឋាភិបាល ដែ​លបា​នដាក់ចេញគោលនយោបាយ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ជូន​ប្រជា​ពលរដ្ឋ​ ដោយឥតគិតថ្លៃ។លោក ណុន ឌី គ្រូបបណ្តុះបណ្តាញជំនាញបច្ចេកទេសថែទាំ និងជួសជុលរថយន្ត នៅវិទ្យាស្ថាន​បច្ចេក​ទេស​ឧស្សាហកម្ម បានលើកឡើងថា អ្នកដែលរៀនជំនាញបច្ចេកទេសនេះចប់ ចេះ​ពិត​ប្រាកដ​ គឺមានការងារធ្វើគ្រប់ៗគ្នា ដោយមានការសម្របសម្រួលពីវិទ្យាស្ថាន និងក្រសួងការងារ ម្លោះ​ហើយទើបមានយុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូល​រៀន​ជំនាញ​បច្ចេក​ទេស​ជា​បន្ត​បន្ទាប់​។គួរបញ្ជាក់ដែរថា កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ដល់​យុវជន​ម​ក​ពី​គ្រួសារ​ក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ ចូលរៀនដោយឥតគិតថ្លៃ មានជំនាញ​៣៨​ក្នុង​វិស័យ​អាទិភាព​ចំនួន​១០ដែលក្នុងនោះរួមមាន៖ទី១.វិស័យសំណង់ ទី២.វិស័យអគ្គិសនី និងថាមពល ទី៣.វិស័យអេឡិចត្រូនិក ទី៤.វិស័យបរិក្ខាត្រជាក់ និងកំដៅ ទី៥.វិស័យកម្មន្តសាល ទី៦.វិស័យមេ​កា​និក​/មេកានិករថយន្ត ទី៧.វិស័យទេសចរណ៍ ទី៨.វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទី៩.​វិស័យ​សេវាកម្ម និងទី១០.វិស័យធុរកិច្ច និងព័ត៌មានវិទ្យា៕ អត្ថបទ៖ទូច សោភ័ណ 

កញ្ចប់ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេលយូរថ្ងៃ​បានធ្វើឱ្យទេសចរអន្តរជាតិពេញចិត្ត

2026/02/10 02:45:39 pm        148
បណ្តាភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញពេញចិត្តខ្លាំងចំពោះកញ្ចប់ទេសចរណ៍ដំណើរកម្សាន្តមក ប្រទេសកម្ពុជារយៈពេលយូរថ្ងៃ ហើយភ្ញៀវទេសចរអន្តរជាតិ បានសន្យាថា នឹងកក់​ទិញ​កញ្ចប់​ទេសចរណ៍ដើរកម្សាន្តយូរថ្ងៃមកទស្សនាកម្ពុជាម្តងទៀត។ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី បានប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ នៅឯអាកាសយាន ដ្ឋាន​អន្តរជាតិតេជោថា ការទិញ​កញ្ចប់​ទេសចរណ៍ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុ​ជា​រយៈ​ពេល​១៤​ថ្ងៃ​នេះ ​គឺពួកគេមានការជក់ចិត្តចាប់អារម្មណ៍ជាខ្លាំងនូវការទទួលបានចំណេះដឹង និងបទ​ពិសោធន៍​ល្អ​ៗ​ជាច្រើន ជាពិសេសការយល់ដឹងទំនៀមទម្លាប់ការរស់នៅប្រជាពលរដ្ឋខ្មែរ យល់ដឹង​ពី​ទេសចរ​ណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ នៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបាត់ដំបង និង​ទេសភាព​​ស្រស់ត្រកាលតាមដងទន្លេ មេគង្គ ហើយភ្ញៀវទាំងអស់គ្នា បានអំពាវនាវ​ទេសចរ​អន្តរ​ជាតិ​នានា​ទៀត ធ្វើដំណើរកម្សាន្តមកកម្ពុជា តាម កញ្ចប់ទេសចរណ៍រយៈពេល១៤ថ្ងៃនេះ ដើម្បី​ដឹង​រឿង​រ៉ាវ​បែបអច្ឆរិយៈជាច្រើន។តំណាងទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រោមកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុនទីភ្នាក់ ទេសចរណ៍នៅកម្ពុជា និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៅអូស្រ្តាលី បានរួមគ្នា​ផ្សព្វ​ផ្សាយ​លក់​កញ្ចប់​ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេល៤ទៅ៥ថ្ងៃ និងកញ្ចប់​ទេសចរណ៍​ទស្សនា​កម្ពុជា​ រយៈពេល ១០ទៅ១៤ថ្ងៃ ដោយតម្លៃសមរម្យ និងផ្តល់គុណតម្លៃបន្ថែមច្រើន ទើបភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន បាន​ នាំគ្នាដាក់​ផែន​ការ​កក់​ទិញ​កញ្ចប់​ទេសចរណ៍​រយៈ​ពេល​យូរ​ថ្ងៃ​មក​ទស្សនា​កម្ពុជា ខណៈកម្ពុជា អូស្ត្រាលី មានជើងហោះត្រង់ច្រើន។សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ថ្មីៗនេះ ក្រសួងទេសចរណ៍ បានជំរុញ​បង្កើត​កញ្ចប់​ខ្សែ​ទស្សន​កិច្ច CLUSTER វៃឆ្លាតដើម្បីផ្តល់តម្លៃបន្ថែម និងនាំភ្ញៀវទេសចរ​អន្តរជាតិ​មក​ស្នាក់​នៅ​ដើ​រ​កម្សាន្ត​នៅ​កម្ពុជា ឲ្យបានចាប់ពី១០ថ្ងៃឡើងទៅ ហើយបើតាមឯកឧត្តម នី ផល្លី រដ្ឋលេខា​ធិការ​ក្រសួង​ទេសចរណ៍ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍​បាន​រៀបចំ​សេចក្តី​ព្រាង​ខ្សែ​ទស្សន​កិច្ច​ Cluster វៃឆ្លាតនេះបានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏​មាន​ក្រុម​ហ៊ុនការី​ទេសចរណ៍​កម្ពុជាមួយចំនួនបានយកកញ្ចប់ទេសចរណ៍នេះទៅផ្សព្វផ្សាយលក់ទៅក្រៅប្រទេស ហើយ​ក៏មានសេចក្តីព្រាងកញ្ចប់ខ្សែទស្សនកិច្ចCluster មួយចំនួន​ត្រូវ​បាន​និង​កំពុង​ពិភាក្សា​កែ​សម្រួល ​កំណត់តម្លៃសមរម្យ និងបង្កើនការផ្តល់​នូវ​ភាព​ប្រទា​ក់​ក្រឡាគ្នា​ពី​គោល​​ដៅ​ទេសចរ​ណ៍​មួយ​ទៅ​គោលដៅទេសចរណ៍មួយទៀត នាំភ្ញៀវមកស្នាក់នៅដើរកម្សាន្តរយៈពេលយូរថ្ងៃ និង​ធានា​បាន​នូវភាពទាក់ទាញភ្ញៀវមកទស្សនាម្តងទៀតហើយម្តងមកទស្សនាទៀត៕ អត្ថបទ៖  ស៊ុម សុខជា

អតីតសិស្សនិទ្ទេស A ប្ដេជ្ញាបន្តប្រឹងរៀនសូត្រ អភិវឌ្ឍខ្លួនដើម្បីសង្គមជាតិ

2026/02/10 02:30:07 pm        139
អតីតសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៤-២០២៥កន្លងទៅ លើកឡើងជាការប្ដេជ្ញា ដោយ​ប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សក្នុងគោលដៅសំខាន់រួមមួយ គឺប្រែ​ក្លាយ​កម្ពុជា ពីប្រទេសកំពុងអភិវឌ្ឍ ទៅជាប្រទេសអភិវឌ្ឍ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុង​ឱកាស​ជួប​សំណេះសំណាលជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។សិស្សនិទ្ទេស A ចំនួន៣,០០៣នាក់ ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ២៨ ខែសីហា ឆ្នាំ២០២៥ នាថ្ងៃនេះ បានទទួលឱកាសជួបសំណេះសំណាលជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដោយផ្ទាល់។ ការទទួលបានជួបសំណេះសំណាលនេះ ផ្ដល់ជាស្នាមញញឹមដល់សិស្សនិទ្ទេសAគ្រប់រូប។ ភ្ជាប់ជាមួយស្នាមញញឹមនេះ ក្នុងនាមជាអតីតសិស្សនិទ្ទេស A និងក្នុងនាមជានិស្សិតកំពុងសិក្សាមុខជំនាញផ្សេងៗគ្នា នៅសាកលវិទ្យាល័យ ពួកគេលើកឡើងថា ពួកគេនៅតែរក្សាគោលដៅច្បាស់លាស់ ភ្ជាប់ជាមួយសកម្មភាពជាក់លាក់ ក្នុងការសិក្សារៀនសូត្រ។ រៀនសូត្រភ្ជាប់ជាមួយការប្រឹងប្រែង ដោយម្នាក់ៗមានក្ដីប្រថ្នារួមមួយគឺនាំកម្ពុជា ឱ្យឆ្ពោះទៅជាប្រទេសអភិវឌ្ឍ។ ពួកគេក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺពិតជាមានភាពឈឺចាប់ នូវអ្វីដែលបានកើតឡើងនៅឆ្នាំ២០២៥កន្លងទៅ ឈឺចាប់ដោយសារការមើលងាយរបស់ជាតិសាសន៍ដទៃ មកលើជាតិសាសន៍ខ្មែរ។ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ពួកគេស្នើសុំទៅកាន់យុវជនដទៃទៀត ត្រូវតែប្រឹងប្រែងរៀនសូត្រ ចំណេះជំនាញ ដើម្បីយកចំណេះជំនាញមកអភិវឌ្ឍជាតិរួមគ្នាជាចាំបាច់។កន្លងទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តែផ្ដាំផ្ញើជាច្រើនលើកច្រើនសារ ដោយរម្លឹកឱ្យយុវជនខ្មែរ ត្រូវប្រែក្លាយភាពឈឺចាប់ ទៅជាការប្រឹងប្រែង។ ប្រឹងប្រែង សិក្សារៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្ស ព្រោះម្នាក់ជាកោសិកានៃសង្គមជាតិ ជាធាតុចូលជួយឱ្យជាត់មានការអភិវឌ្ឍ។សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បេក្ខជនបានប្រឡងជាប់មានសរុប១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងចំណោមបេក្ខជនបានប្រឡងជាប់នេះ បេក្ខជនទទួលបាន៖ និទ្ទេស A ចំនួន៣,០០៣នាក់ (ស្រី ១,៦៩៤នាក់), និទ្ទេស B ចំនួន ៩,៩០១នាក់ (ស្រី ៦.១៩៨នាក់), និទ្ទេស C ចំនួន ២៨,៨០១នាក់ (ស្រី ១៨,៥៧៨នាក់), និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ (ស្រី ៧,១៨៩នាក់), និទ្ទេស E ចំនួន ៣៤,៩០៩នាក់ (ស្រី ១៧,៣៣២នាក់)៕ អត្ថបទ៖ គឹម ហុក

ក្រុមសមាជិកាព្រឹទ្ធសភា បន្តចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងខេត្តព្រះវិហារ

2026/02/10 02:15:27 pm        151
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុករវៀង ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និងការឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ នៅសាលាក្រុងព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត និងលោកស្រីអភិបាលក្រុងព្រះវិហារ សរុបចំនួន៦២នាក់។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុម បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ប្រកបដោយក្តីនឹករលឹក ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយចំនួនដល់រដ្ឋបាលក្រុង និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់៕

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គក្នុងក្រុងកំពង់ចាម

2026/02/10 02:08:14 pm        131
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស ក្នុងការទប់ស្កាត់បណ្ដោះអាសន្ន ចំពោះការបាក់ច្រាំងស្រុតទន្លេមេគង្គ ស្ថិតនៅក្នុងក្រុងកំពង់ចាម។ គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះ បានបណ្តាលឱ្យ ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាល មកពី៖ ម្យ៉ាងទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែល មកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕

អ្នកនាំពាក្យ៖ អាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល គឺការការពារទឹកដី និងពលរដ្ឋ ដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ

2026/02/10 02:00:10 pm        135
រាជរដ្ឋាភិបាលកម្ពុជាតាំងតែពីការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតបន្តដឹកនាំដោយ សម្ដេចមហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន តែងតែគិតគូរ និងយកចិត្ត​ទុកដា​ក់​អាទិភាព​ខ្ពស់​បំផុត​ គឺការការពារទឹកដី និងពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្រ្ដ សន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ នេះ​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា បានថ្លែថា ជាក់ស្ដែង សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា រាជរដ្ឋាភិបាលបាន និងកំពុងខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងរយៈពេល​យូរ​សម្រាប់​ប្រទេសជាតិ និងប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ទន្ទឹមនឹងដៃម្ខាងដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែលរង​ផល​ប៉ះ​ពា​ល់​ពី​សង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំយ៉ាងខ្លាំង និ​ង​យ៉ាង​សកម្មលើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី​តាម​យន្តការ JBCដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ ដោយ​គោរព​យ៉ាងខ្ជាប់ខ្ជួននូវស្មារតី នៃ​សេចក្តីប្រ​កាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ របស់​គណៈកម្មាធិការ​ព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​តវ៉ា​ជា​បន្ត​បន្ទាប់​ប្រឆាំង​រាល់​សកម្មភាព​រំលោភ​បំពាន​នានា​នៅ​ក្នុងតំបន់ដែលភាគីថៃដណ្តើមកាន់កាប់ខុសច្បាប់ដោយប្រើកម្លាំងយោធា។ ជាក់​ស្តែង​ក្នុង​អំឡុង​ពេល៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតបកស្រាយ​ឬ​បំភ្លឺ​ឆ្លើយ​តប​ផ្សេង​ៗ​គ្រប់​ទម្រង់​សរុបចំនួនជិត៧០០លើក និងការឆ្លើយតប​ក៏​ដូច​ជា​ការ​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ដោយ​ផ្ទាល់​មាត់​តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព(Press Briefing) របស់អ្នកនាំពាក្យ​ជា​ប្រចាំ​ថ្ងៃ​ចំនួន​ជិត​២០០ លើក។ ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញឬដឹកនាំអង្គទូត តំណាងអង្គការ​អន្តរជាតិ ​អ្នកសង្កេតការណ៍អាស៊ាន(AOT) និងសម្របសម្រួលឱ្យ​អ្នក​សារព័ត៌​មាន​ជាតិ​ និង​អន្តរជាតិ​ទៅ​មើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាបន្តបន្ទាប់។ អ្នកនាំពាក្យបន្តអំពាវនាវដល់បងប្អូនជនរួមជាតិចងចាំប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រីថា ទោះ​បីជាយើងឈឺចាប់ យើងរងរបួសផ្លូវកាយ ឬផ្លូវចិត្ត តែយើងមិនដួលនោះទេ ផ្ទុយទៅវិញ យើង​ត្រូវពង្រឹងខ្លួនយើងឱ្យរឹងមាំឡើយ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកនិងរដ្ឋឈូងសមុទ្រនឹងជំរុញសេចក្តីសម្រេចរបស់UN ដើម្បីទប់ទល់សកម្មភាពអ៊ីរ៉ង់នៅផ្លូវទឹកអន្តរជាតិ
05/05/2026 02:05 PM
ក្រុមគ្រូពេទ្យចាប់ផ្ដើមផ្ដល់វ៉ាក់សាំងគ្រុនស្វិតដៃជើងដូសទី២ ដល់កុមារអាយុក្រោម៥ឆ្នាំ
05/05/2026 02:05 PM
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សំណូមពរពលរដ្ឋងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹងការយល់ដឹង ផ្តល់គំនិត និងទស្សនៈ ជាជាងទស្សនាព័ត៌មានបែបរន្ធត់ ការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ
05/05/2026 02:05 PM
Manchester City ស្មើនៅផ្ទះ Everton ៣-៣ ធ្វើឱ្យឱកាសប្រជែងពានធ្លាក់ទៅ Arsenal ខ្ពស់ជាង
05/05/2026 02:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់អ្នកបង្កើតមាតិកាឱ្យចូលរួមលើកកម្ពស់តម្លៃសីលធម៌សង្គម
05/05/2026 02:05 PM
រដ្ឋមន្រ្ដី កសិកម្ម-ទឹក-ជនបទ ប្ដេជ្ញាបន្តសហការ​ធានា​បង្កើន​ប្រសិទ្ធភាព​ការងារ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ
05/05/2026 02:05 PM
គណៈប្រតិភូ នៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកសភាកម្ពុជា អញ្ជើញ​ទស្សនា​សារ​មន្ទីរ​តេជោសនិ្តភាព ខេត្តសៀមរាប
05/05/2026 02:05 PM
អង់គ្លេសអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីអារ៉ាប់រួមរាយការណ៍ពីការវាយប្រហារ
05/05/2026 02:05 PM
បញ្ហាសិទ្ធិផ្សាយផ្ទាល់អាចធ្វើឱ្យមនុស្សរាប់លាននាក់ខកខានទស្សនា World Cup នៅចិន និងឥណ្ឌ
05/05/2026 02:05 PM
លក្ខខណ្ឌតវ៉ាថ្មីនៅប្រទេសស៊ីរី បង្កើនការព្រួយបារម្ភអំពីសេរីភាព
05/05/2026 02:05 PM