កម្ពុជាស្វាគមន៍ និងកោតសរសើរចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ប្រទេសហ្វីលីពីនមកកាន់កម្ពុជាក្នុងនាមជាប្រធានក្រុម AOT
ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំងពេលពរពោះ និងពេលសម្រាលដោយសុវត្ថិភាពដល់មាតា និង​ទា​រក​គ្រប់​រូប
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%
ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ

ព័ត៌មានជាតិ

អតីតសិស្សនិទ្ទេស A ប្ដេជ្ញាបន្តប្រឹងរៀនសូត្រ អភិវឌ្ឍខ្លួនដើម្បីសង្គមជាតិ

2026/02/10 02:30:07 pm        139
អតីតសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៤-២០២៥កន្លងទៅ លើកឡើងជាការប្ដេជ្ញា ដោយ​ប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សក្នុងគោលដៅសំខាន់រួមមួយ គឺប្រែ​ក្លាយ​កម្ពុជា ពីប្រទេសកំពុងអភិវឌ្ឍ ទៅជាប្រទេសអភិវឌ្ឍ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុង​ឱកាស​ជួប​សំណេះសំណាលជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។សិស្សនិទ្ទេស A ចំនួន៣,០០៣នាក់ ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ២៨ ខែសីហា ឆ្នាំ២០២៥ នាថ្ងៃនេះ បានទទួលឱកាសជួបសំណេះសំណាលជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដោយផ្ទាល់។ ការទទួលបានជួបសំណេះសំណាលនេះ ផ្ដល់ជាស្នាមញញឹមដល់សិស្សនិទ្ទេសAគ្រប់រូប។ ភ្ជាប់ជាមួយស្នាមញញឹមនេះ ក្នុងនាមជាអតីតសិស្សនិទ្ទេស A និងក្នុងនាមជានិស្សិតកំពុងសិក្សាមុខជំនាញផ្សេងៗគ្នា នៅសាកលវិទ្យាល័យ ពួកគេលើកឡើងថា ពួកគេនៅតែរក្សាគោលដៅច្បាស់លាស់ ភ្ជាប់ជាមួយសកម្មភាពជាក់លាក់ ក្នុងការសិក្សារៀនសូត្រ។ រៀនសូត្រភ្ជាប់ជាមួយការប្រឹងប្រែង ដោយម្នាក់ៗមានក្ដីប្រថ្នារួមមួយគឺនាំកម្ពុជា ឱ្យឆ្ពោះទៅជាប្រទេសអភិវឌ្ឍ។ ពួកគេក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺពិតជាមានភាពឈឺចាប់ នូវអ្វីដែលបានកើតឡើងនៅឆ្នាំ២០២៥កន្លងទៅ ឈឺចាប់ដោយសារការមើលងាយរបស់ជាតិសាសន៍ដទៃ មកលើជាតិសាសន៍ខ្មែរ។ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ពួកគេស្នើសុំទៅកាន់យុវជនដទៃទៀត ត្រូវតែប្រឹងប្រែងរៀនសូត្រ ចំណេះជំនាញ ដើម្បីយកចំណេះជំនាញមកអភិវឌ្ឍជាតិរួមគ្នាជាចាំបាច់។កន្លងទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តែផ្ដាំផ្ញើជាច្រើនលើកច្រើនសារ ដោយរម្លឹកឱ្យយុវជនខ្មែរ ត្រូវប្រែក្លាយភាពឈឺចាប់ ទៅជាការប្រឹងប្រែង។ ប្រឹងប្រែង សិក្សារៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្ស ព្រោះម្នាក់ជាកោសិកានៃសង្គមជាតិ ជាធាតុចូលជួយឱ្យជាត់មានការអភិវឌ្ឍ។សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បេក្ខជនបានប្រឡងជាប់មានសរុប១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងចំណោមបេក្ខជនបានប្រឡងជាប់នេះ បេក្ខជនទទួលបាន៖ និទ្ទេស A ចំនួន៣,០០៣នាក់ (ស្រី ១,៦៩៤នាក់), និទ្ទេស B ចំនួន ៩,៩០១នាក់ (ស្រី ៦.១៩៨នាក់), និទ្ទេស C ចំនួន ២៨,៨០១នាក់ (ស្រី ១៨,៥៧៨នាក់), និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ (ស្រី ៧,១៨៩នាក់), និទ្ទេស E ចំនួន ៣៤,៩០៩នាក់ (ស្រី ១៧,៣៣២នាក់)៕ អត្ថបទ៖ គឹម ហុក

ក្រុមសមាជិកាព្រឹទ្ធសភា បន្តចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងខេត្តព្រះវិហារ

2026/02/10 02:15:27 pm        151
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុករវៀង ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និងការឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ នៅសាលាក្រុងព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត និងលោកស្រីអភិបាលក្រុងព្រះវិហារ សរុបចំនួន៦២នាក់។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុម បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ប្រកបដោយក្តីនឹករលឹក ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយចំនួនដល់រដ្ឋបាលក្រុង និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់៕

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គក្នុងក្រុងកំពង់ចាម

2026/02/10 02:08:14 pm        131
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស ក្នុងការទប់ស្កាត់បណ្ដោះអាសន្ន ចំពោះការបាក់ច្រាំងស្រុតទន្លេមេគង្គ ស្ថិតនៅក្នុងក្រុងកំពង់ចាម។ គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះ បានបណ្តាលឱ្យ ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាល មកពី៖ ម្យ៉ាងទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែល មកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕

អ្នកនាំពាក្យ៖ អាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល គឺការការពារទឹកដី និងពលរដ្ឋ ដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ

2026/02/10 02:00:10 pm        135
រាជរដ្ឋាភិបាលកម្ពុជាតាំងតែពីការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតបន្តដឹកនាំដោយ សម្ដេចមហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន តែងតែគិតគូរ និងយកចិត្ត​ទុកដា​ក់​អាទិភាព​ខ្ពស់​បំផុត​ គឺការការពារទឹកដី និងពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្រ្ដ សន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ នេះ​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា បានថ្លែថា ជាក់ស្ដែង សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា រាជរដ្ឋាភិបាលបាន និងកំពុងខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងរយៈពេល​យូរ​សម្រាប់​ប្រទេសជាតិ និងប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ទន្ទឹមនឹងដៃម្ខាងដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែលរង​ផល​ប៉ះ​ពា​ល់​ពី​សង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំយ៉ាងខ្លាំង និ​ង​យ៉ាង​សកម្មលើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី​តាម​យន្តការ JBCដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ ដោយ​គោរព​យ៉ាងខ្ជាប់ខ្ជួននូវស្មារតី នៃ​សេចក្តីប្រ​កាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ របស់​គណៈកម្មាធិការ​ព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​តវ៉ា​ជា​បន្ត​បន្ទាប់​ប្រឆាំង​រាល់​សកម្មភាព​រំលោភ​បំពាន​នានា​នៅ​ក្នុងតំបន់ដែលភាគីថៃដណ្តើមកាន់កាប់ខុសច្បាប់ដោយប្រើកម្លាំងយោធា។ ជាក់​ស្តែង​ក្នុង​អំឡុង​ពេល៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតបកស្រាយ​ឬ​បំភ្លឺ​ឆ្លើយ​តប​ផ្សេង​ៗ​គ្រប់​ទម្រង់​សរុបចំនួនជិត៧០០លើក និងការឆ្លើយតប​ក៏​ដូច​ជា​ការ​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ដោយ​ផ្ទាល់​មាត់​តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព(Press Briefing) របស់អ្នកនាំពាក្យ​ជា​ប្រចាំ​ថ្ងៃ​ចំនួន​ជិត​២០០ លើក។ ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញឬដឹកនាំអង្គទូត តំណាងអង្គការ​អន្តរជាតិ ​អ្នកសង្កេតការណ៍អាស៊ាន(AOT) និងសម្របសម្រួលឱ្យ​អ្នក​សារព័ត៌​មាន​ជាតិ​ និង​អន្តរជាតិ​ទៅ​មើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាបន្តបន្ទាប់។ អ្នកនាំពាក្យបន្តអំពាវនាវដល់បងប្អូនជនរួមជាតិចងចាំប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រីថា ទោះ​បីជាយើងឈឺចាប់ យើងរងរបួសផ្លូវកាយ ឬផ្លូវចិត្ត តែយើងមិនដួលនោះទេ ផ្ទុយទៅវិញ យើង​ត្រូវពង្រឹងខ្លួនយើងឱ្យរឹងមាំឡើយ៕ 

សម្តេចធិបតីរំលឹកអំពីការពង្រឹងគុណភាពអប់រំដែលរាជរដ្ឋាភិបាលបានដាក់ចេញជាចំណុចអាទិភាព

2026/02/10 01:48:49 pm        194
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវមោទនភាពចំ ពោះវឌ្ឍនភាពនៃវិស័យអប់ដែលសម្រេចបានយ៉ាងល្អប្រសើរ ដោយបានរំលឹកអំពីការពង្រឹងគុណភាពអប់រំដែលរាជរដ្ឋា ភិបាលបានដាក់ចេញជាចំណុចអាទិភាព។នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ កាលពីខែ កក្កដា និងសីហា ឆ្នាំ២០២៥ នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា លទ្ធផលដែលសម្រេចបានលើវិ ស័យអប់រំដ៏ល្អប្រសើរ ក៏អាស្រ័យដោយការដឹកនាំ និងយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការចូល រួមរបស់មាតា បិតា អាណាព្យាបាល ហើយសម្តេចក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និង ស.ស.យ.ក ដែលបានចូលរួមយ៉ាងសកម្មក្នុងការអប់រំ បណ្តុះបណ្តាលដល់យុវជន។សូមបញ្ជាក់ថា សិស្សនិទ្ទេសA ដែលត្រូវបានសម្តេចធិបតីទទួលជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តនៅថ្ងៃនេះ សរុប៣ពាន់២០នាក់ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីសម័យប្រឡង២៨ សីហា ២០២៥ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២៨ កក្កដា ឆ្នាំ២០២៥កន្លងទៅនេះ៕ អត្ថបទ៖ មុត សុទ្ធ

ជាង៣០ឆ្នាំមកនេះ ប្រជាជន​កម្ពុជា​ជាង ២ម៉ឺននាក់​ទទួល​បាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី

2026/02/10 01:45:57 pm        156
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៤មក មាន​​ប្រជាជនកម្ពុជាប្រមាណជាង ២ម៉ឺននាក់រួចមកហើយ បានទទួល​ឱកាស​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលីនៅគ្រប់កម្រិតសិក្សា ហើយបានត្រឡប់មកវិញជាមួយនឹងចំណេះដឹង ជំនាញ និង​បណ្តាញទំនាក់ទំនងជាអន្តរជាតិ។នៅក្នុងកម្មវិធីបើកអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា ឆ្នាំសិក្សា២០២៧ កាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍ឱ្យដឹងថា អូស្ត្រាលីគឺជាដៃគូដ៏រឹងមាំមួយនៅក្នុងវិស័យអប់រំកម្ពុជា ដែល​ជួយ​ស្រោច​ស្រង់ និងកសាងកម្ពុជាឡើងវិញក្រោយសង្គ្រាមស៊ីវិល។ ឈានមកដល់ទសវត្សរ៍ឆ្នាំ១៩៨០ និង​១៩៩០ អូស្ត្រាលីបានផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការបណ្តុះបណ្តាលភាសាអង់គ្លេស ដល់​ប្រជាជន​កម្ពុជា។ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តទៀតថា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ អ្នក​សិក្សា​ស្រាវ​ជ្រាវកម្ពុជាជាង១ ១០០នាក់ បានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍ Australia Awards​ ដើម្បីបន្តការសិក្សានៅតាមសកលវិទ្យាល័យលំដាប់ពិភពលោកជាច្រើនរបស់អូស្ត្រាលី។ អាហារូបករណ៍នេះ គឺជាជំហានមួយសម្រាប់ជ័លាភីទាំងអស់ក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍ ចាប់​តាំង​ពី​កម្រិតបុគ្គល ស្ថាប័ន និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ននេះ អតីតនិស្សិត​ដែល​ទទួល​អាហា​រូបករណ៍អូស្ត្រាលី បាននឹងកំពុងក្លាយជាអ្នកជំនាញ និងថ្នាក់ដឹកនាំ នៅតាមស្ថាប័ន រដ្ឋ និង​ឯកជន ដោយបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ រួម​មានអភិបាលកិច្ចល្អ សុខាភិបាល ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។ឯកឧត្តម ដេរិក យិប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថ​ភាព​នៃ​ប្រទេស​អូស្ត្រាលី ​ប្រ​ចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា អាហារូបករណ៍អូស្ត្រាលី គឺជា​អាហា​រូបករណ៍​អន្តរជាតិ​ដ៏​មានកិត្យានុភាព ដែលរដ្ឋាភិបាល​អូស្ត្រាលី​ផ្តល់​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​នឹង​ក្លាយ​ខ្លួន​ជាថ្នាក់ដឹកនាំសាកលក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តម បានបន្ថែមថា តាម​រយៈ​ការ​សិក្សា ​និងស្រាវជ្រាវ និស្សិតអាហារូបករណ៍អាចអភិវឌ្ឍជំនាញ និងចំណេះដឹង ដើម្បីជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ និងជួយកសាងទំនាក់ទំនងឋិតថេរយូរអង្វែងរវាងប្រជាជនកម្ពុជា និង​ប្រជា​ជន​អូស្ត្រាលី​។ សូមជំរាបជូនថា ប្រទេសអូស្ត្រាលី​បាន​ចាប់ផ្តើម​ផ្តល់​អាហារូបករណ៍​ដល់​ប្រជាជន​កម្ពុជា​នៅក្នុ​ង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ស្ថិតក្រោមផែនការកូឡុំបូ។ កម្មវិធីនេះបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ១៩៩៤ ដោយ​មានឈ្មោះថា អាហារូបករណ៍អភិវឌ្ឍន៍អូស្ត្រាលី (ADS)។ អាហារូបករណ៍អូស្ត្រាលីប្រចាំនៅកម្ពុជា (AAC) បន្តកេរដំណែលនោះរហូតមកដល់ពេលបច្ចុប្បន្ន តាម​រយៈ​ការ​ផ្តល់​ឱកាស​ជូន​ប្រជាជន​កម្ពុជា​ដើម្បី​ឱ្យពួក​គេ​ទទួល​បាន​គុណវុឌ្ឍិ​សិក្សា​កម្រិត​អនុ​បណ្ឌិត​ (ទាំងតាមវគ្គសិក្សា ឬ ស្រាវជ្រាវ) ឬ កម្រិតបណ្ឌិតនៅគ្រឹះស្ថានឧត្តមសិក្សាអូស្ត្រាលី៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អនុប្រធានទី១រដ្ឋសភា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនការងារអន្តរសភាអាស៊ាន (AIPA) សម្រាប់ឆ្នាំ២០២៦

2026/02/10 01:24:41 pm        143
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ប្រតិទិន​ការងារ​ប្រចាំ​ឆ្នាំ២០២៦ របស់អន្តរសភា អាស៊ាន (AIPA)។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមលោកជំទាវជាតំណាងរាស្ត្រដែល ទទួលបន្ទុក​ការងារ​អន្តរ​សភា ​អាស៊ាន អាយប៉ា និងមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរួមចូលរួម ផ្តោត​លើ​របៀប​វារៈ​ការងារសំខាន់ៗ ជាច្រើន រួមមាន ការរំលឹកអំពី​សមាសភា​ព​ទទួល​បន្ទុក​តាម​គណៈកម្មាធិ​ការ​នានា របស់អាយប៉ានិងការពិភាក្សា លើការត្រៀមលក្ខណៈចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ជាតិ​នានា​ក្នុង​ឆ្នាំ២០២៦នេះ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងអំពីប្រវត្តិនិងការវិវត្តរបស់អាយប៉ា ដោយរំលឹកថា សភា​នៃ រដ្ឋសមា ជិក អាស៊ាន​បាន​ចាប់​ផ្តើម​បង្កើត​វេទិកា​សហប្រតិបត្តិការសភានេះតាំងពី​ឆ្នាំ១៩៧៥ ហើយ​បាន​វិវត្តទៅជាអង្គការអន្តរ សភា អាស៊ាន (AIPO) ក្នុងឆ្នាំ១៩៧៧។ ដោយឡែក សភា​កម្ពុជា​បានចូលជាសមាជិកសង្កេតការណ៍ ពិសេស នាឆ្នាំ១៩៩៧ និងបានក្លាយជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ឆ្នាំ១៩៩៩។ រហូតមកដល់ឆ្នាំ២០០៦ ទើបអង្គការ នេះត្រូវ បានប្តូរឈ្មោះជាផ្លូវការមកជា "អន្តរ​សភាអាស៊ាន" (AIPA) វិញ។ក្នុងនាមជាសមាជិកសកម្ម សភាកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាចំនួន ៣​លើករួចម​ក ហើយ គឺក្នុងឆ្នាំ២០០៤ ឆ្នាំ២០១១ និងឆ្នាំ២០២២ ព្រម​ទាំង​បាន​រៀប​ចំ​កិច្ច​ប្រជុំ​សំខាន់​ៗ​ជាច្រើនទៀតដូចជា កិច្ច ប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀន (AIPACODD) និងកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាដើម។សម្រាប់​ប្រតិទិនការងារឆ្នាំ២០២៦ នេះ លេខាធិការដ្ឋានអាយប៉ាបានគ្រោងកម្មវិធីចំនួន ៣២ ដែល​ក្នុងនោះរដ្ឋសភា កម្ពុជា បាន និងកំពុង​ត្រៀម​លក្ខណៈ​មិន​ត្រឹម​តែ​ចូល​​រួម​កិច្ចប្រ​ជុំ​សំខាន់​ៗ​របស់​អាយ​ប៉ាប៉ុណ្ណោះទេ ប៉ុន្តែសភាកម្ពុជាក៏នឹងត្រៀមនូវ​ទស្សន​ទាន​គន្លឹះ​សំខាន់​ៗ​ជា​ច្រើន​ដើម្បី​ជា​ធាតុ​ចូលសំដៅដល់ការរីកចម្រើនរួមរបស់គ្រួសារអាយប៉ាផងដែរ។តាមរយៈ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ក៏​បាន​ផ្តោត​លើ​ការ​ត្រៀម​លក្ខណៈ​សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​សភា​ស្តីពី​ការ​បង្ការ និងប្រឆាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងអំពើភេរវកម្ម ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅទីក្រុងម៉ានីល នាពេល ឆាប់ៗខាងមុខ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការជំនាញទាំង ៥ របស់​អាយប៉ា រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តជំរុញ សហប្រតិបត្តិការតំបន់ឱ្យកាន់តែរឹងមាំ ឆ្លើយតប​ទៅនឹងច​ក្ខុ​វិស័យ​អាស៊ាន​​ឆ្នាំ២០៤៥។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែង បំពេញ​ការ​ងារ និងការទទួល ខុសត្រូវ របស់ខ្លួន ឲ្យសម្រេចបាន​ជោគជ័យ​តាម​ផែន​ការ​គ្រោង​ទុក​ឆ្លើយ​តបទៅ​នឹង​ការប្តេជ្ញាចិត្ត និងការចង់បាន របស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរ​បស់​សម្តេច​មហា​រដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ក្នុងការបង្កើនសមត្ថភាព មន្ត្រីជំនាញ និងសមាជិកសភា ដើម្បី​ឆ្លើយ​តប​ទៅនឹងបញ្ហាប្រឈមជាសកល និងការអភិវឌ្ឍតាមចក្ខុវិស័យ អាស៊ាន​ឆ្នាំ​២០៤៥​ខាង​មុខ​។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា ក៏បានកោតសរសើរ និង វាយ តម្លៃខ្ពស់ ជូនសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលបានបំពេញភារកិច្ចក្នុងការចូលរួមកិច្ចប្រជុំ នានារបស់អន្តរសភា អាស៊ានទទួលបានជោគជ័យនាពេលកន្លងមក៕

សម្តេចធិបតីណែនាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវជំរុញតម្រង់ទិសវិជ្ជាជីវៈតាំងពីថ្នាក់ទី៩ឡើងទៅ

2026/02/10 01:09:00 pm        212
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តលើកទឹកចិត្ត និងណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តអនុវត្តនូវ គន្លងតម្រង់ទិសដល់សិស្សតាំងពីថ្នាក់ទី៩ ទី១០ឡើងទៅ ។នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ កាលពីខែ កក្កដា និងសីហា ឆ្នាំ២០២៥នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រិ បានបញ្ជាក់ថា ក្នុងបរិបទ បដិវត្តកម្មឌីជី ថល ត្រូវបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាព ចាប់ពីការអប់រំកុមារ តូច និងត្រូវបន្តនូវគន្លងតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សតាំងពីថ្នាក់ទី៩ ឬទី១០ឡើងទៅ កុំចាំដល់ចប់បាក់ឌុប។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននឹងកំពុងអនុវត្តការអប់រំ ទាំងចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ដែលជាមធ្យោបាយបត់បែន ស្វែងរកចំណេះ និងជំនាញ ដើម្បីងាយស្រួលក្នុងការស្វែងរក ការងារធ្វើ៕ អត្ថបទ៖ មុត សុទ្ធ

ជនជាតិចិន៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

2026/02/10 12:14:20 pm        180
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សម្ដេចធិបតី អរគុណពលរដ្ឋបានរួមសាមគ្គីគ្នាជួយវីរកងទ័ព និងពលរដ្ឋភៀសសឹកពេលសត្រូវឈ្លានពាន

2026/02/10 11:51:01 am        195
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនៅទូទាំងពិភពលោក ដែលបានបានរួបរួមសាមគ្គីគ្នា ក្នុងកាលៈទេសៈប្រទេសជាតិត្រូវបានកងទ័ពថៃឈ្លានពានចំនួនពីរលើកនៅឆ្នាំ២០២៥ ដោយបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពទាំងសម្ភារៈ ស្បៀងអាហារ និងថវិក ទៅដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថ្លែងអំណរគុណជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារជាតិ និងប្រជាជន។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជួយដល់ប្រជាពលរដ្ឋជាជនភៀសសឹកក្នុងពេលមានសង្គ្រាមឈ្លានពាន ជាពិសេសអាជ្ញាធរខត្តដែលរងផលប៉ះពាល់ដោយផ្ទាល់ដែលបានសម្របសម្រួលជួយដល់ពលរដ្ឋភៀសសឹកដែលពេលសង្គ្រាមពីរឡើងកើនឡើងដល់ជាងកន្លះលាននាក់។សម្តេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី ដោយសម្ដេចមើលឃើញថា រយៈពេល១០នាទី មានប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង។ តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយលើការដោះស្រាយបញ្ហាព្រំដែននេះ។សូមបញ្ជាក់ថា មកទល់ពេលនេះ សកម្មភាពការងាររបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់ប្រទេសថៃបាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ខណៈសហគមន៍តំបន់ និងអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវឌ្ឍស្ថានការណ៍ និងជួយជ្រោមជ្រែងគ្រប់ពេលវេលាដើម្បីធានាថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នារវាងកម្ពុជា និងថៃត្រូវបានគោរព ហើយការរំលោភបំពាននានាត្រូវបានកត់ត្រា និងបកអាក្រាត ហើយក៏ជាសារយ៉ាងច្បាស់ប្រាប់ទៅភាគីថៃថា ទឹកដីកម្ពុជាមិនអាចរំលោភបំពានបានឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្វាគមន៍ និងកោតសរសើរចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ប្រទេសហ្វីលីពីនមកកាន់កម្ពុជាក្នុងនាមជាប្រធានក្រុម AOT
05/05/2026 04:05 PM
កាសយានដ្ឋាន និងទីតាំងយោធានៅក្នុងរដ្ឋធានីស៊ូដង់ ត្រូវបានកំណត់គោលដៅវាយប្រហារដោយយានដ្រូន
05/05/2026 04:05 PM
មន្ត្រីអ៊ីស្រាអែល៖ ភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់ «បម្រើផលប្រយោជន៍» អ្នកដែលចង់បានសង្គ្រាម
05/05/2026 04:05 PM
ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំងពេលពរពោះ និងពេលសម្រាលដោយសុវត្ថិភាពដល់មាតា និង​ទា​រក​គ្រប់​រូប
05/05/2026 04:05 PM
ឥណ្ឌាថ្កោលទោសការវាយប្រហារដោយដ្រូនលើអារ៉ាប់រួម និងជំរុញឲ្យបើកច្រកសមុទ្រហ័រមូសឡើងវិញ
05/05/2026 03:05 PM
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%
05/05/2026 03:05 PM
ប្រភព៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល នៅបន្តការប្រុងប្រយ័ត្នខ្ពស់ ស្របពេលស្ថានភាពវិវត្តន៍នៅជុំវិញអ៊ីរ៉ង់
05/05/2026 03:05 PM
ហ្ស៊កដានីជម្លៀសកុមារប៉ាឡេស្ទីនឈឺរាប់សិបនាក់ចេញពីហ្កាហ្សា ដើម្បីទទួលការថែទាំសុខភាព
05/05/2026 03:05 PM
លោក AOUN៖ កិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ីស្រាអែល ត្រូវតែធ្វើឡើង មុនពេលជួបជាមួយលោក NETANYAHU
05/05/2026 03:05 PM
ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ
05/05/2026 03:05 PM