ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គិសនី ដើរជាន់គ្រាប់បែកចង្កោម ជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានកម្ពុជាបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន ០៣

2026/01/29 03:14:56 pm        153
ខេត្ត​ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦​ វេលាម៉ោង​ ១០:៤០នាទីព្រឹក ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី បានដើរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានកម្ពុជា។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន ០៣នាក់ រងរបួសធ្ងន់និងស្រាល។ ជនរងគ្រោះរួមមាន៖១​-ឈ្មោះ​ សេន​ សីហា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ។ ២​-ឈ្មោះ​ គុណ​ ថា​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ រស់នៅភូមិសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ។៣​-ឈ្មោះ​ ហាន​ ប៉ែល​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិសាលាក្រៅ​ ខេត្ត​ប៉ៃលិន​បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ ឧត្ដរមានជ័យ។អាជ្ញាធរមីន​ សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពរនានាដែលធ្វើសកម្មភាព នៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមឈ្លានពានរបស់ថៃ៕

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤,២៩១ ប័ណ្ណត្រូវបានប្រគល់ជូនពលរដ្ឋក្នុងស្រុកខ្សាច់កណ្ដាល

2026/01/29 02:55:51 pm        100
ប្រជាពលរដ្ឋចំនួន៦ភូមិរួមមាន៖ ភូមិព្រែកតាបែន ភូមិឈើទាល ភូមិស្លា ភូមិស្វាយរមៀត ភូមិកណ្តាល ភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤,២៩១ប័ណ្ណ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរឡើង ។ មានប្រសាសន៍ក្នុងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលមានប្រសាសន៍ថា៖ ប័ណ្ណកម្មសិទ្ធិដីធ្លីនេះពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ គឺបងប្អូនអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល ចង់លក់ ចង់ដូរ ចង់បញ្ចាំ ចង់ដាក់អ៊ីប៉ូតែក ចែកទៅកូនចៅ ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តត្រឹមត្រូវ ជាពិសេសដីដែលមានប័ណ្ណកម្មសិទ្ធិគឺធ្វើអោយដីមានតម្លៃ។ ឯកឧត្តមបានបន្តថា ៖ ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កានាពេលនេះ ដែល អាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះ យើងពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ ។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា បន្តបង្រ្កាបនូវបញ្ហាបទល្មើសគ្រប់ប្រភេទ ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ជាពិសេសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព។ ជាចុងក្រោយឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ ពិសេសកុំដុតព្រៃព្រោះនាំបង្កជាអគ្គីភ័យឆាបឆេះជាយថាហេតុ ដែលបង្កឱ្យមានអគ្គីភ័យកើតឡើង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ ពិសេសបង្កើន ការ ប្រុង ប្រយ័ត្ន ចំពោះឧបករណ៍ ដែល អាច បង្ក ជា អគ្គិភ័យ មុន ពេល ចាក ចេញពីផ្ទះ ដើម្បីការពារ ការបង្កជាអគ្គីភ័យកើតឡើងដោយប្រការណាមួយ។  អត្ថបទ ៖ សៅ យ៉ាម៉ង់

កម្ពុជា-សិង្ហបុរី បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/01/29 02:38:16 pm        197
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានជួប​ពិភាក្សា​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​យោប​ល់​លើ​ការ​ពង្រឹង​ទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់-អន្តរជាតិដែលជាផលប្រយោជន៍រួម ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ​ដែលមានស្រាប់លើគ្រប់វិស័យ និងបន្ត​ស្វែង​រក​កាលានុវត្ត​ភាព​ថ្មីៗ​ដើម្បី​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​ឱ្យ​កា​ន់​តែស៊ីជម្រៅបន្ថែមទៀត។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការងារត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសសិង្ហបុរី ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី១ នៃ​ឆ្នាំ​២០២៦​នេះ៕

រដ្ឋាភិបាលកម្ពុជានៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំលើវិស័យសកម្មភាពមីន និងជំរុញ​សកម្មភាព​មីន​មនុស្ស​ធម៌ ទោះបីមានបញ្ហាប្រឈមដែលនៅសេសសល់

2026/01/29 02:33:24 pm        223
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួម​ជា​មួយ លោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បាន​អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុម​ប្រឹក្សា​ភិបាល​គម្រោង​បោស​សម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់​កាល​ទី៥ (CfR5)– សកម្មភាពមីនសម្រាប់ការអភិវឌ្ឍមនុស្ស ។កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្នាក់ការអាជ្ញាធរមីន និងតាមប្រព័ន្ធអនឡាញ ដោយមានការ​អញ្ជើញ​ចូលរួ​ម​ពី​តំណាងស្ថានទូតលុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងតំណាងមូលនិធិជនពិការ។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថាសកម្មភាពមីននៅកម្ពុជាបន្តការពារអាយុជីវិត ស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងបើកឱកាសសម្រាប់ការអភិវឌ្ឍ។ ឯកឧត្តម បន្តទៀតថា ការរួមចំណែកនេះផងដែរ នឹងបញ្ជូនសញ្ញាដ៏រឹងមាំនៃសាមគ្គីភាពអន្តរជាតិជាមួយនឹងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានមីន។ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ខណៈពេលដែលប្រទេសកម្ពុជាទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើនទសវត្សរ៍កន្លងមក ផលប៉ះពាល់ដែលនៅសេសសល់ កាន់តែមានភាពស្មុគស្មាញខ្លាំង ហើយផ្ទៃដីរងផលប៉ះពាល់ស្ថិតនៅក្នុងតំបន់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនេះផងដែរ ភាពតានតឹងនាពេលថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កើតបញ្ហាប្រឈមផ្នែកមនុស្សធម៌ និងទាមទារឱ្យបង្កើនប្រតិបត្តិការបន្ថែមទៀត។ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា ទោះបីមានបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំនៃវិស័យសកម្មភាពមីនក្នុងការរក្សាការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងការណែនាំច្បាស់លាស់ក្នុងការជំរុញសកម្មភាពមីនមនុស្សធម៌ ។ ការប្តេជ្ញាចិត្តរបស់សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វិស័យសកម្មភាពមីន នៅតែឈរជើងយ៉ាងរឹងមាំជាអាទិភាពជាតិក្នុងការគាំទ្រសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមជាដើម។តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ UNDP លុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ ដែលបានចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានបន្តភាពជាដៃគូ និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអាទិភាពសកម្មភាពមីន និងរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

រដ្ឋាភិបាលកំពុងរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន

2026/01/29 01:32:05 pm        191
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការគិតគូរ និង​យក​ចិត្ត​ទុក​ដាក់​ពី​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី, ក្រសួង ស្ថាប័នពាក់ព័ន្ធ​កំពុង​ខិតខំ​រៀប​ចំ​ជម្រក​បណ្ដោះ​អាសន្ន រឹងមាំសម្រាប់ជា​ជម្រក​បង​ប្អូន​ភៀស​សឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​សំបែង​វិញ​បាន​អាច​ស្នាក់នៅបានដោយសុខសុវត្ថិភាព។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះថា ក្នុងសារជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្រាប់បងប្អូនភៀសសឹកដែលមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន រាជរដ្ឋាភិបាលតាមរយៈក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងគិតគូរពីការពង្រឹងជម្រកបណ្តោះអាសន្ន ឬក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងថ្មីដែលមានភាពប្រសើរជាងបច្ចុប្បន្នក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាលក៏គិតគូរដោះស្រាយដើម្បីឱ្យបងប្អូនអាចរក្សាលំនឹងជីវភាពបាននៅក្នុងគ្រាដ៏លំបាកនេះ រហូតដល់ពេលដែលបងប្អូនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ ឯកឧត្តម បានបន្តថា ឆ្លើយតបនឹងបំណងប្រាថ្នា និងការគិតគូររបស់សម្តេចនាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខបងប្អូនជនភៀសសឹក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានកំណត់តំបន់ដែលបានសិក្សារួច ដើម្បីរៀបចំជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញបាន។ នេះគឺជាការវិវឌ្ឍន៍ថ្មីមួយទៀតដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការជួយសម្រួលដល់ជីវភាពនិងការរស់នៅរបស់ជនភៀសសឹក ដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅពេលនេះ រហូតដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននាពេលខាងមុខ។ ឯកឧត្តម ប៉ែន បូណា បានជម្រាបជូនប្រជាពលរដ្ឋថា រហូតមកទល់ពេលនេះ មានបងប្អូនជនភៀសសឹកជិត ៨៣% ហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញរួចជាស្រេច។ ការវិលត្រឡប់របស់ជនភៀសសឹកត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីម្តងទៀតថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅប្រមូលផ្តុំក្នុងមណ្ឌលសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល។ ពួកគេត្រូវបានផ្តល់ជូននូវជម្រកឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ (ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់ក្រកជាដើម) ព្រមទាំងទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ប្រចាំថ្ងៃ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង។ សេវាទាំងអស់នេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត និងសប្បុរសជនពីគ្រប់ទិសទី។លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល។ កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរ និងផ្តល់ជូនផងដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើង ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផងចំណែកប្រជាពលរដ្ឋភៀសសឹក ដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក៏ត្រូវបានរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហានានាដែលពួកគេជួបប្រទះ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់បីគឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជា សេវាទូរគមនាគមន៍ ទឹក និងភ្លើងអគ្គិសនីជាដើម។ជាក់ស្តែង ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក និងបានលុបចោលបំណុល (ទាំងប្រាក់ដើម ទាំងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាម៉េរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារអាម៉េរិក ដើម្បីសម្រាលសំពាធហិរញ្ញវត្ថុជូនដល់ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ដោះស្រាយតាមគ្រប់មធ្យោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាគ្រួសារវីរយុទ្ធជនពលី និងវីរយុទ្ធជនរបួស។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា បន្ទាប់ពីកិច្ចខិតខំស្វះស្វែងរកបទឈប់បាញ់ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិនិងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលីនិងយុទ្ធជនរងរបួស ក៏ដូចជាការស្តារឡើងវិញនូវជីវភាពជនភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចុះវាយតម្លៃអំពីការខូចខាត និងផលប៉ះពាល់នានាឱ្យបានជាក់លាក់ ដើម្បីរាជរដ្ឋាភិបាលយកមកធ្វើជាមូលដ្ឋានក្នុងការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព៕

សម្ដេចតេជោ ផ្ញើសារទៅក្រុមឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាថា «កម្ពុជាមិនមែនជាទីសុវត្ថិភាពរបស់ពួកគេក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ ក៏ប៉ុន្ដែកម្ពុជាគឺជាឋាននរកនៃឧក្រិដ្ឋជនទាំងឡាយ»

2026/01/29 01:28:40 pm        379
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារទៅកាន់ឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាទាំងឡាយដែលចង់មកប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេសកម្ពុជាថា «កម្ពុជាមិនមែនជាទីសុវត្ថិភាពរបស់ពួកគេក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ ក៏ប៉ុន្ដែ កម្ពុជាគឺជាឋាននរកនៃឧក្រិដ្ឋជនទាំងឡាយនៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា»។សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារបែបនេះ ក្នុងឱកាស អនុញ្ញាតជូន ជូន ឯកឧត្តម គឹម ចាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនេះសម្ដេចតជោបានលើកឡើងទាក់ទងនឹងឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យា (online scams) ដោយក្នុងនោះសម្ដេចតេជោ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាក្នុងការបង្រ្កាបឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យាដែលទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ សម្ដេចតេជោ ក៏ឆ្លៀតចូលរួមរំលែកទុក្ខចំពោះករណីនិស្សិតកូរ៉េខាងត្បូង ដែលត្រូវបានឧក្រិដ្ឋជនធ្វើទារុណកម្មហើយបានស្លាប់នៅកម្ពុជា, ដោយសម្ដេចតេជោបានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំចពោះរឿងនេះ។ យ៉ាងណាក៏ដោយសម្ដេចតេជោ បានចោទជាសំណួរទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដោយឱ្យភាគីកូរ៉េចែករំលែក និងផ្ដល់ព័ត៌មានដែលមានពាក់ព័ន្ធនឹងឧក្រិដ្ឋជននៃបទល្មើសបច្ចេកវិទ្យាដែលបានសម្លាប់និស្សិតកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ? ត្រង់ចំណុចនេះ សម្ដេចតេជោ មានការចំឡែកចិត្តថា ហេតុអ្វីឧក្រិដ្ឋជនអាចបោកប្រាស់និស្សិតកូរ៉េខាងត្បូងមកសម្លាប់នៅក្នុងប្រទេសកម្ពុជាបានហើយបែរជាត្រូវបានចាប់ខ្លួនឧក្រិដ្ឋជននោះនៅលើទឹកដីប្រទេសថៃទៅវិញ? ដូច្នេះហើយសម្ដេចតេជោ ចង់ឱ្យភាគីកូរ៉េចែករំលែកព័ត៌មាន ដើម្បីធានានូវតម្លាភាពនៃករណីនេះ ពីព្រោះកម្ពុជាក៏ត្រូវឈ្វេងយល់បន្ថែមអំពីរឿងនេះថាតើមានស្ថានភាព និងកម្រិតនៃរឿងមានទំនាក់ទំនងស៊ីជម្រៅកម្រិតណាដើម្បីឈានទៅរកការដោះស្រាយបញ្ហា ជាពិសេស គឺការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាព។ សម្ដេចតេជោបានលើកឡើងថា ថៃនឹងកូរ៉េខាងត្បូងមានទំនាក់ទំនង និងសហការគ្នាយ៉ាងល្អក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះ ដូច្នេះសម្ដេចចង់ឱ្យភាគីកូរ៉េខាងត្បូងសហការចែករំលែកព័ត៌មានទាក់ទងនឹងការសម្លាប់និស្សិតកូរ៉េខាងត្បូងនៅលើទឹកដីកម្ពុជា តែឧក្រិដ្ឋជននោះត្រូវបានចាប់ខ្លួននៅលើទឹកដីប្រទេសថៃ។ ទាក់ទងទៅនឹងការលើកឡើងរបស់សម្ដេចតេជោ ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យា ឯកឧត្តមឯកអគ្គរដ្ឋទូតបានអរគុណចំពោះកម្ពុជាដែលបានសហការយ៉ាងល្អជាមួយកូរ៉េខាងត្បូង ដោយបានបង្កើតជាក្រុមការងារចម្រុះរវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ហើយបានធ្វើការងារយ៉ាងល្អជាមួយគ្នា។ ឯកឧត្តមបានរំលេចដែរថា លោកប្រធានាធិបតីកូរ៉េខាងត្បូងក៏បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះផងដែរ។ ទាក់ទងនឹងការលើកឡើងរបស់សម្ដេចតេជោ ចង់ឱ្យមានការចែករំលែកព័ត៌មានអំពីការបង្ក្រាបឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាដែលបានសម្លាប់និស្សិតកូរ៉េខាងត្បូងនៅលើទឹកដីថៃនោះ, ឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងថា ឯកឧត្តមនឹងរាយការណ៍បន្ថែមទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងបន្ថែមទៀតចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយឯកឧត្តមសង្ឃឹមថា ភាគីកម្ពុជា កូរ៉េខាងត្បូង និងថៃ នឹងធ្វើការសហការគ្នាបន្ថែមទៀតក្នុងការបង្រ្កាបឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានរំលេចបន្ថែមអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបានខិតខំប្រឹងប្រែងក្នុងការសហការ លើការបង្ក្រាបឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះ។ ជាចុងក្រោយឯកឧត្តម ក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានចូលរួមលំលែកមរណទុក្ខចំពោះនិស្សិតកូរ៉េខាងត្បូងដែលត្រូវបានឧក្រិដ្ឋជន សម្លាប់នៅក្នុងប្រទេសកម្ពុជា។ ជាចុងក្រោយ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតថា សកម្មភាពនៃការបង្រ្កាបបទល្មើសបច្ចេកវិទ្យា គឺកម្ពុជាកំពុងតែធ្វើការយ៉ាងសកម្ម ដោយធ្វើការសហការជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ពីព្រោះបញ្ហាឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះមិនមែនជាបញ្ហាកម្ពុជាដោយឡែកនោះទេ ក៏ប៉ុន្ដែវាជាបញ្ហាតំបន់ និងក្លាយទៅជាបញ្ហារបស់សកលលោកទាំងមូល ដូច្នេះតម្រូវឱ្យមានការសហការជាអន្តរប្រទេស។សម្ដេចតេជោ បានរំលេចពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះថា «សកម្មភាពដែលកម្ពុជាបង្ក្រាបនូវឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យាយ៉ាងសកម្មនៅពេលនេះ គឺចង់បង្ហាញជាសារទៅកាន់ឧក្រិដ្ឋជនទាំងឡាយដែលចង់មកប្រព្រឹត្តឧក្រិដ្ឋកម្មនៅប្រទេសកម្ពុជាថា កម្ពុជាមិនមែនជាទីសុវត្ថិភាពរបស់ពួកគេក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ ក៏ប៉ុន្ដែកម្ពុជាគឺជាឋាននរកនៃឧក្រិដ្ឋជនទាំងឡាយ នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា គឺកម្ពុជាជាឋាននរកសម្រាប់ពួកគេ»៕

សហគមន៍កសិកម្មចំនួន១៧ ទទួលបានហិរញ្ញប្បទានជិត ៩លានដុល្លារ របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រីក​ដើម​ទុន

2026/01/29 01:06:43 pm        177
គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយនឹងសហគមន៍កសិកម្មទំនើប និងសហគមន៍កសិកម្មចំនួន១៧ ក្នុងការទទួល​បាន​ហិរញ្ញប្ប​ទាន​សរុប​ជាទឹកប្រាក់ជិត ៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារ ជាជំនួយឥតសំណង និងជាង ៦​លាន​ដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាល​ពី​រសៀល​ថ្ងៃ​ទី២៨ មករា ឆ្នាំ២០២៦កន្លងទៅថា ហិរញ្ញប្បទាននេះ មានគោលបំណង​ពង្រឹង​សមត្ថភាព​ផលិត​កម្ម​កសិកម្ម កែលម្អខ្សែសង្វាក់តម្លៃ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែល​រួម​ចំណែក​ដល់កា​រធ្វើពិពិធកម្ម និងនិរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ឯកឧត្តម លើកឡើងបន្តថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជាគម្រោងរបស់ក្រសួងកសិកម្ម ហើយ​ទទួលបានថវិកាពីធនាគារពិភពលោក។ ការចុះកិច្ចព្រមព្រៀងឥណទានបំពេញបន្ថែមទុនវិនិយោគ ដែល​ជាការជួយគាំទ្រដល់សហគមន៍ដើម្បីទទួលបាននូវជំនួយឥតសំណងផង និងទ​ទួល​បាន​នូវ​កម្ចី​ឥណ​ទាន​ការ​ប្រាក់ទាបផងសម្រាប់ការវិនិយោគរបស់គាត់នៅក្នុងសហគមន៍។ ឯកឧត្តម បានបន្តទៀតថា កិច្ច​ព្រម​ព្រៀងនេះបានចុះជាមួយសហគមន៍ចំនួន១៧ មកពី៨ខេត្ត ដូចជា សៀមរាប កំពង់ចាម តាកែវ និង​ឧត្តរមានជ័យ...។ អ្វីដែលក្រសួងជួយនេះ គឺជួយទៅលើការវិនិយោគ មានន័យថា ជួយទៅលើទុនបង្វិល ប៉ុន្តែ​យើងចែកជាពីររូបភាព ដែលមួយ​ជ្រុង​យើង​ហៅ​ថា​ជំនួយ​ឥត​សំណង​ដែល​ជំនួយ​នេះ​ជួយ​ទៅ​លើ​ការ​វិនិយោគ​លើ​អ្វីដែលជាទ្រព្យ ដូចជាផ្ទះសំណាក់ ម៉ាស៊ីន គ្រឿងចាក់ ឃ្លាំង ទីលានហាលសម្ងួតជាដើម។លោក គង់ វ៉ុង ប្រធានសហគមន៍ចំប៉ាសែនជ័យ ខេត្តតាកែវ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា លោកពិត​ជា​សប្បាយ​រីករាយខ្លាំង ដោយសារជា​ឱកាសទី១​ដែល​សហគមន៍​របស់​លោក​បាន​ទទួល​នូវ​ហិរញ្ញ​ប្បទាន​សំណង​​រហូតដល់ ៤០ភាគរយ ដែលជួយឱ្យសហគមន៍​របស់​លោក​រុញ​ការ​ផលិត​ឱ្យកាន់​តែ​ប្រសើរ​បន្ថែម​ទៀត។លោកឱ្យដឹងថា ការផលិតបន្លែនៅក្នុងសហគមន៍របស់លោក សម្រាប់ឆ្នាំនេះការផលិតបានទិន្នផលល្អ និង​តម្លៃមានលំនឹងល្អដែលកសិករអាចទទួលយកបាន ដោយ១ថ្ងៃសហគមន៍អាចប្រមូលបានពី ៤ទៅ៥​តោន​។ លោកបានបន្ថែមថាពិតជាសប្បាយ​ចិត្ត ហើយក៏អរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​កសិកម្ម ដែលបានផ្តល់ឱកាសដល់សហគមន៍របស់លោក បានចូល​រួម​និង​ទទួ​ល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​នេះ។ លោកបានប្តេជ្ញាធ្វើកិច្ចការនេះឱ្យបានកាន់តែប្រសើរ និងពង្រឹងសេដ្ឋកិច្ច​នៅ​ក្នុង​មូល​ដ្ឋាន​កាន់​តែ​រីកចម្រើនទៅមុខបន្ថែមទៀត។សូមជម្រាបជូនថា សហគមន៍ទាំងនេះ គឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុន​នឹង​គម្រោង​ដែល​ដឹកនាំ​ដោយ​ក្រសួង​កសិកម្ម និង​គាំទ្រ​ហិរញ្ញប្បទាន​ដោយ​ធនាគារ​ពិភព​លោក​មួយ​នេះ​ត្រូវ​បានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។ ដោយ​ហេតុ​ផល​នេះ​ហើយ​ទើប​ក្រុម​ការ​ងារ​សម្រេច​រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញ​ពេល​វេលា និង​បង្កើន​ល្បឿន​អនុវត្ត​ផែន​ការ​វិនិយោគ​នៅ​តាម​សហគមន៍​នីមួយ​ៗ​ឱ្យ​បាន​ទាន់​ពេល​និង​ត្រឹម​ត្រូវទៅ​តាម​នីតិវិធីតម្រូវ៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងកូរ៉េខាងត្បូងខិតខំពង្រីកទំនាក់ទំនងទៅជាដៃគូយុទ្ធស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ

2026/01/29 12:59:12 pm        279
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងសារធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តខិតខំពូនជ្រំ និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញនៅឆ្នាំ២០២៧ខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតជូន ជូន ឯកឧត្តម គឹម ចាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនេះ សម្ដេចតជោ បានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្តម គឹម ចាងយ៉ុង ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំនៅកម្ពុជា ដោយសម្ដេចបានចាត់ទុកវត្តមានរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េនាពេលនេះគឺជាការបង្ហាញយ៉ាងច្បាស់ថា សាធារណរដ្ឋកូរ៉េបានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះសម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺសម្ដេចតេជោបានខិតខំប្រឹងប្រែងពូនជ្រំតាំងពីចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅឆ្នាំ២០២៧ខាងមុខ គឺជាខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េជាមួយកម្ពុជា។ ដូច្នេះសម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងឡើងវិញនេះប្រទេសទាំងពីរនឹងសហការគ្នាដើម្បីរៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ ហើយក៏ជាខួប៣០ឆ្នាំដែរនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់សាធារណរដ្ឋកូរ៉េជាលើកដំបូងផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េតែងតាំងថ្មី ប្រចាំនៅកម្ពុជា បានសម្ដែងនូវក្ដីអរគុណជាអនេកចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េមានការរីកចម្រើនជាលំដាប់ ហើយបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តពូនជ្រំបន្ថែមទៀតរហូតដល់ក្លាយជាដៃគូយុទ្ធសាស្រ្ដជាមួយគ្នារវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានចាត់ទុកតួអង្គសម្ដេចតេជោ គឺជាអ្នកពូនជ្រំ និងជាស្ថាបនិកនៃការបង្កើត និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្នុងអាណត្តិរបស់ឯកឧត្តមនឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោបានអរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានគត់សម្គាល់ថា នៅក្នុងឱកាសខួប៣០ឆ្នាំនៅឆ្នាំក្រោយ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរគួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្រ្ដឱ្យក្លាយទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ពីព្រោះសម្ដេចតេជោ យល់ថាបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរីកចម្រើនស្ទើគ្រប់វិស័យទៅហើយ ដូច្នេះទំានាក់ទំនងនេះគួរតែពង្រីកបន្ថែមទៀតដោយលើកកម្រិតទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ។ជាការឆ្លើយតបចំពោះប្រសាសន៍សម្ដេចតេជោ លើការជំរុញកម្រិតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយនាពេងខាងមុខ, ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរាយការណ៍រឿងនេះទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូង, ហើយរូបឯកឧត្តមផ្ទាល់ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារដើម្បីដំឡើងនូវកម្រិតការទូតរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្នកំពុងឋិតនៅជាដៃគូយុទ្ធសាស្រ្ដជាមួយគ្នា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងកូរ៉េខាងត្បូងនាពេលកន្លងទៅ ទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ។ ក្នុងនោះសម្រាប់វិស័យវិនិយោគ បច្ចុប្បន្នអ្នកវិនិយោគិនកូរ៉េខាងត្បូងមានប្រមាណ ២០០ ក្រុមហ៊ុនកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លទ្ធផលនេះបង្ហាញច្បាស់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង៕

កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ

2026/01/29 12:34:11 pm        263
កម្ពុជា​បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្ម​ភាព​អរិភាព​របស់​អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។ សកម្មភាព​នេះ​មាន​ទម្រង់​ជា​ពាក្យ​បណ្តឹង​ផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទង​នឹង​ប្រតិបត្តិ​ការ​យោធា​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ នេះ​បើ​យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថាពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នេះ​ផ្ទុយ​នឹង​កិច្ច​ខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំង ផ្ទុយ​នឹង​ស្មារតី​នៃ​សេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែល បាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណង និង គោល​ការណ៍​នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ នោះ​ទេ ​ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ ដឹក​នាំ​ជាន់​ខ្ពស់​នៃ​រដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាព​ទាក់​ទង​នឹង​ការ​ការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ។ កម្ពុជាជំរុញឱ្យប្រទេសថៃចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្តាយ នេះ ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំ នានា​ដើម្បី​កាត់​បន្ថយភា​ពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្ដារទំនុក​ចិត្ត និង​ទំនាក់​ទំនង​រវាងប្រទេសទាំងពីរឡើងវិញ៕

អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការ​ចំពោះ​អាជ្ញាធរមូលដ្ឋានណា​ដែល​ឃុបឃិត​បង្កើត​ឱ្យ​មាន​ការ​ឆបោក​តាម​ប្រព័ន្ធ​​អនឡាញ (Online Scams)

2026/01/29 11:52:11 am        156
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បាន​ធ្វើ​ការ​ព្រមាន​ចាត់​វិធាន​ការ​ទៅ​លើ​អធិការ​​ ឬ​មេប៉ុស្តិ៍ណាដែលបានឃុបឃិតបង្កើតឱ្យមានស្គែមអនឡាញ (Online Scams) នៅ​ក្នុង​មូល​ដ្ឋាន​ដែល​ខ្លួនគ្រប់គ្រង ហើយក្នុងនោះ​ក៏​មិន​លើក​លែង​ដែរ​ចំពោះ​អភិបាល​ក្រុង​ស្រុក​ដែល​ខ្វះ​ការ​ត្រួត​ពិនិត្យ ​និងមិនរាយការណ៍ពីទីតាំងស្គែមអនឡាញនេះ។ការព្រមានដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញ ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ ក្រោមវត្តមានលោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កំពង់ស្ពឺ ​ឯកឧត្តម​បណ្ឌិតបានលើកឡើងថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាន​និង​កំពុង​បង្ក​ការ​​គំរាមកំហែង និងអសន្តិសុខក្នុង​ពិភពលោក និង​តំបន់​ហើយ​ក្រុម​ឧក្រិដ្ឋ​ជន​បរទេស​ក៏​បាន​ជ្រៀត​ចូល​មកប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាព​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ឯកឧត្តម​បាន​បន្ត​ថា ដើម្បីបង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំដល់អភិបាលរាជធានី ខេត្ត និង​ស្នង​ការ​នគរបាល​រាជ​ធានី-ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុង​ការបោសសម្អាតគ្រប់​ទីតាំង​ធ្វើ​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តជាធរមាន។គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការសន្តិសុខសម្ហសមុទ្រ លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈ​បញ្ជា​ការ​ឯកភាពរដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យ​បាន​ម៉ឺង​ម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។ជុំវិញការអនុវត្តប​ទបញ្ជារបស់រាជរដ្ឋាភិបាលអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​អភិបាល​ខេត្ត​ បាន​បញ្ជាក់​ដោយ​ម៉ឺង​ម៉ាត់​ថា អាជ្ញាធរអធិការក្រុង ស្រុក មេប៉ុស្តិ៍ត្រូវតែបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​បង្ក្រាប​ទប់​ស្កាត់ការឆបោកនេះឱ្យមានប្រសិទ្ធិភាពនិងតម្លាភាព ប៉ុន្តែមិនលែងឱ្យទេ ប្រសិនរក​ឃើញ​ថា​បាន​ឃុប​ឃិត និង​សម្រួលឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងមូលដ្ឋានរបស់ខ្លួន៕ អត្ថបទ​បាន​ សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM