ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

កម្ពុជាសម្ពោធជាផ្លូវការ គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស គាំទ្រដល់វិស័យអាទិភាព

2026/01/29 07:45:25 am        165
កម្ពុជាដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស” បង្កើតឡើងដើម្បីគាំទ្រគោលនយោបាយ, យុទ្ធ សាស្រ្ដ, និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដូចជា វិស័យស្រូវអង្ករ ស្វាយចន្ទី កម្មន្ដសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅ ឋានតម្លៃសមរម្យជាដើម។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីអបអរសាទរខួប ៥ ឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) “៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន” នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦, បានអញ្ជើញជាអធិបតីការដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស” ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រគោលនយោបាយ យុទ្ធសាស្រ្ដ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា៖ វិស័យស្រូវអង្ករ ស្វាយចន្ទី កម្មន្ដសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យជាដើម។ ដោយគម្រោងនេះ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍មក CGCC ដោយផ្ទាល់ ក្នុងការទទួលបានការធានាឥណទានលើ កម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី សម្រាប់ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម និងអនុញ្ញាតឱ្យ CGCC ចូលរួម វាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ការបង្កើត CGCC នេះឡើង គឺជាការគិតគូរជាយុទ្ធសាស្ត្រដ៏ល្អិតល្អន់ និងដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៦ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ក្នុងការអនុវត្តវិធានការអន្តរាគមន៍ តាមរយៈយន្តការធានាឥណទាន, សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច, ជាពិសេសក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល, ដោយ ផ្អែកលើឧត្តមានុវត្តជាអន្តរជាតិ ក៏ដូចជាការវិវត្តនៃបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។ យន្តការធានាឥណទាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល រួម មាន៖ ទី១. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈ ការបង្កើនលទ្ធភាពទទួល បាននូវហិរញ្ញប្បទាន; ទី២. ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈការគាំទ្រឲ្យមានការវិនិយោគ ការពង្រីកប្រតិបត្តិការអាជីវកម្ម និងការបង្កើតការងារបន្ថែមឲ្យបានកាន់តែច្រើន ជាពិសេសសម្រាប់យុវជន; និងទី៣. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការ បង្កើនទំនុកចិត្តក្នុងទីផ្សារ និងការរួមគ្នាគ្រប់គ្រងហានិភ័យ ជាពិសេសក្នុងអំឡុងវិបត្តិ ឬបញ្ហាប្រឈមពីកត្តាខាងក្រៅ ដែលមិនចំណុះ នឹងការគ្រប់គ្រងរបស់កម្ពុជា។ចំណែក CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បង ក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែក ដល់កំណើន សេដ្ឋកិច្ច។ នៅក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ CGCC បានដាក់ឱ្យដំណើរការការធានាឥណទាន ឯកត្តឥណទាន ចំនួន ៧ គម្រោង, ការធានាឥណទានជាកញ្ចប់ចំនួន ១៧ កិច្ចព្រមព្រៀង, ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន១ , និងការធានា ឥណទានបោះដុំចំនួន ៣កិច្ចព្រមព្រៀង ព្រមទាំងបានដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ តាមរយៈគម្រោងទាំងអស់នេះ CGCC បានអនុម័តការធានាឥណទានចំនួន ៩.៥៥៦ គណនី លើកម្ចីប្រមាណាង ៥២១លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

កម្លាំងជំនាញ CMAC ប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមសំណល់គ្រាប់មិនទាន់ផ្ទុះរបស់ថៃឈ្លានពាននៅខេត្តបន្ទាយមានជ័យ

2026/01/29 07:36:21 am        503
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញជួរមុខ CMAC បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពានស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានគ្រាប់បែកចង្កោមប្រភេទM46ចំនួន១០គ្រាប់ ស្រូបឆក់និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន១គ្រាប់បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់។ ករណីផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការឬបង្កខូចខាតដល់គ្រឿងចក្រឡើយ។  CMAC បានរំលឹកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានអញ្ជើញវិលត្រឡប់ចូលលំនៅដ្ឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការរបស់បងប្អូន។ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងCMAC តាមរយៈទូរស័ព្ទដូចខាងក្រោម៖ • ខេត្ដព្រះវិហារ៖លេខទូរស័ព្ទ៖០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣/០៩៧ ៥៦៧ ៧៦៧៨/០៩៧ ៨៨៦ ៦២៨៤• ខេត្ដឧត្ដរមានជ័យ៖ លេខទូរស័ព្ទ៖០៩៧ ៨៥៧ ៥៦៦៦/០៩៧ ៧២១ ០២០០ • ខេត្តបន្ទាយមានជ័យ៖លេខទូរស័ព្ទ៖០៩៧ ២០០ ១១៤១/០១២ ២៣១ ៤៤១/០៩៧ ៦៧៦ ២៣៣៨/០១៧ ៩៥៤ ៤៤៤• ខេត្តបាត់ដំបងលេខទូរស័ព្ទ៖០៩៧ ២០០ ១២៣៨/០៧១ ៩៥៥ ១១៦៨/០១២ ៣៨៣ ៩៥៩/០៨៦ ៦២៧ ៧៦៩• ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៖លេខទូរស័ព្ទ៖០៩៣ ៦៦៦ ១៦៩/០៨៨ ៨៦៦ ៦១៦៩/០៩៦ ៥០៦ ៤៤៤៧/០១៦ ៩១៧ ៧៩១• ខេត្ដសៀមរាប៖លេខទូរស័ព្ទ៖០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨។

រដ្ឋមន្រ្តីសុខាភិបាល​ អញ្ជើញចុះពិនិត្យការអនុវត្តការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីបង្ការ និងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានា

2026/01/28 07:19:02 pm        296
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី ឯ.ក (CAIC) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លង វិទ្យាស្ថានជាតិសុខាភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្រ្តីចត្តាឡីស័ក អញ្ជើញចុះពិនិត្យកាអនុវត្តការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការ និងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ច ក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យ លើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនហើរហោះ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត។ ជាជំហានបន្ទាប់ត្រូវមាន លំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ គិតតាំងការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។ ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលដែលបានចូលរួម និងត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព «ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»។

ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ដល់មន្ត្រីរាជការក្រសួងមុខងារសាធារណៈទាំងអស់ ខណៈ៣០ខែមកនេះបានប្រឹងប្រែងលះបង់រួមគ្នាបំពេញតួនាទីយ៉ាងសកម្ម ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ

2026/01/28 07:11:58 pm        199
នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងាររបស់ក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ២០២៦ ដើម្បីពិនិត្យលើសមិទ្ធផលការងារសម្រេចបាន កំណត់នូវបញ្ហាប្រឈមនិងដំណោះស្រាយ និងលើកទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈសម្រាប់ខែបន្ទាប់។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល មានការអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរមុខងារសាធារណៈទូទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ។ថ្លែងមតិស្វាគមន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងរយៈពេល៣០ខែមកនេះ បានប្រឹងប្រែងលះបង់រួមគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តលើកិច្ចការងារស្នូលក្រសួងយ៉ាងសកម្ម ជាពិសេសគឺការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងភាពរហ័សក្នុងការផ្តល់សេវាដល់ក្រសួង ស្ថាប័ន និងមន្រ្តីរាជការទូទៅ។តាមរយៈការរាយការណ៍របស់ ឯកឧត្តមអគ្គលេខាធិការ ហាស់ ប៊ុនថ្ថន បានបង្ហាញពីវឌ្ឍនភាពការងារជាច្រើនដែលក្រសួងមុខងារសាធារណៈសម្រេចបាននៅក្នុងខែមករា ក្នុងការអនុវត្តការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រៅពីការងារដែលសម្រេចបាន កិច្ចប្រជុំបានបង្ហាញឱ្យឃើញនូវទិសដៅការងារឆ្ពោះទៅមុខយ៉ាងច្រើនទាំងការងារការគ្រប់គ្រងមន្ត្រី អភិវឌ្ឍសមត្ថភាពមន្រ្តី ស្ថាប័ន និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយគោរពយ៉ាងហ្មត់ចត់តាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី តាមរយៈការសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ស្ថិតក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

រដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈហេដ្ឋារចនាសម្ព័ន្ធនៅដំណាក់ដំរីកសាងរួចរាល់

2026/01/28 07:01:38 pm        162
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទចំណុះមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាន និងហេដ្ឋារចនាសម្ព័ននានា នៅចំណុចដំណាក់ដំរីរួចរាល់ ១០០ភាគរយ ហើយ ។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា តាមរយៈគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា របស់ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួនដើម្បីបម្រើដល់វិស័យទេសចរណ៍ ដែលការអភិវឌ្ឍន៍តំបន់ព្រៃភ្នំ ដ៏មានសក្ដានុពលនេះ ធ្វើឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍ ។ឯកឧត្តមបានបន្តថា ជាងនេះទៅទៀត ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំខ្នងផ្សារនេះដែរ ក៏ដើម្បីបម្រើឱ្យគោលដៅ “លំហែបៃតង” តាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលគឺសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអំឡុង ដែលសម្តេចបានអញ្ជើញដោយផ្ទាល់ ក្នុងការសម្រាកលំហែរលើភ្នំខ្នងផ្សារ ។ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន ហើយការងារនេះនឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ។ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងរៀបចំរបៀងគោលដៅលំហែបៃតងនោះដែរ ឯកឧត្តមអភិបាលខេត្តបានក្រើនរំឭកបន្ថែម ដល់មន្តី្រជំនាញបច្ចេកទេសទាំងអស់ ត្រូវពន្លឿនការសាងសង់ធ្វើយ៉ាងណាអាចស្រូបទាញភ្ញៀវទេសចរណ៍ ឱ្យមកលេងកម្សាន្ត និងគយគន់ធម្មជាតិលើភ្នំខ្នងផ្សារបានកាន់តែច្រើន ។សូមបញ្ជាក់ថា ភ្នំខ្នងផ្សារគឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ។ ភ្នំនេះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល ១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ។ មិនតែប៉ុណ្ណោះ ភ្នំនេះមានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងជាង ៨០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺ ៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងវៀតណាម មានជំនួបទ្វេភាគី នៅកោះសេប៊ូ ប្រទេសហ្វីលីពីនក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន

2026/01/28 06:56:41 pm        124
ក្នុងស្មារតីមិត្តភាពជាប្រពៃណីកម្ពុជា-វៀតណាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបនេះធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន។ភាគីទាំងពីរបានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មការចម្រុះ (JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅកាលពីដើមខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម។

មន្ត្រីក្រសួងការងារ និងសហភាពសហជីពប្រជុំពង្រឹងសុខដុមនីយកម្ម និងស្ថិរភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

2026/01/28 06:44:37 pm        146
(ភ្នំពេញ)៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដើម្បីពង្រឹងកិច្ចសហការ និងស្ថិរភាពការងារ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការស្ដាប់នូវមតិយោបល់របស់ថ្នាក់នាំដឹកនាំសហភាពសហជីព និងការវិវត្ត នៃស្ថានភាពកម្មករនិយោជិត ក្នុងគោលដៅរួមគ្នាថែរក្សាសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។  ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការងារនេះមិនត្រឹមតែជួយលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការចូលរួមរបស់កម្មករនិយោជិត ឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការមួយក្នុងការទប់ស្កាត់ និងជៀសវាងរាល់ការធ្វើកូដកម្ម បាតុកម្ម ខុសច្បាប់ផងដែរ។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងបង្កើតបរិយាកាសការងារ កាន់តែល្អប្រសើរ ដែលជាប្រភពចំណូលដ៏មានស្ថិរភាពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកម្មករនិយោជិត ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងម្ចាស់ក្រុមហ៊ុន ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់៕

ខណ្ឌ/ស្រុក មួយចំនួននៅ ភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ នឹងដាច់អគ្គិសនី តាមម៉ោង ៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ មករា

2026/01/28 06:39:33 pm        188
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ អគ្គិសនីកម្ពុជា បានជូនសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៣:០០ ឬម៉ោង ១៦:០០។ការណ៍នេះ នឹងធ្វើឱ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងកំឡុងពេលជួលជុល ក្នុង ១១ខណ្ឌ នៅភ្នំពេញ ២ស្រុកក្រុង នៃខេត្តកណ្ដាល និង ២ស្រុក នៃខេត្តកំពង់ស្ពឺ ដូចជា៖ ខណ្ឌឫស្សីកែវ ខណ្ឌកំបូល ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង ខណ្ឌជ្រោយចង្វា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ស្រុកអង្គស្នួល នៃខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកសំរោងទង ស្រុកគលពិសី នៃខេត្តកំពង់ស្ពឺ។

ប្រមុខការទូតកម្ពុជា៖ កម្ពុជាត្រៀមខ្លួនសហការជាមួយដៃគូនានា ក្នុងស្វែងរកដំណោះស្រាយបន្ធូរបន្ថយភាពតានតឹងនៅមីយ៉ាន់ម៉ា

2026/01/28 06:36:45 pm        156
ប្រមុខការទូតកម្ពុជា បានបបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់បែបនេះក្នុងឱកាស ចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។កិច្ចប្រជុំបានជ្រាបអំពីវឌ្ឍនភាពដែលសម្រេចបាន និងយន្តការនានា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) អោយមានប្រសិទ្ធភាព ជាពិសេសគឺការយកចិត្តទុកដាក់ អោយសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង និងប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា៕

ផ្លូវជនបទស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាជន

2026/01/28 05:08:24 pm        29
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើការងារលើកកម្រិតគុណភាពផ្លូវ ក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដែលស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយ សម្រេចបានតាមផែនការ ឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ, ប្រវែង ៣ ០០០ ម៉ែត្រ, និងទទឹង ៧ ម៉ែត្រ ស្ថិតនៅភូមិព្រៃបន្ទំ ទៅភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត គម្រោងនេះអនុវត្តដោយនាយកដ្ឋាន វិស្វកម្ម ក្រសួងការពារជាតិ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាន គិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មិនថាការស្ថាបនា ការស្តារ និងការកែលម្អផ្លូវជនបទនោះឡើយ ដោយក្រសួងបាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬ ផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ច ផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន។ទាក់ទិនផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែល បានខិតខំប្រែងលើការងារស្ថាបនាផ្លូវ ដែលស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានតាមផែនការ និងបានអនុវត្ត ស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ជាពិសេសការលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទ ឱ្យទៅជាតំបន់ដែលមាន ភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០៕អត្ថបទ៖សុនរ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM