គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

ប្រឡាយមេអាទិភាពមួយក្នុងខណ្ឌដង្កោបានដើរតួនាទីសំខាន់ជួយរំដោះទឹកពីតាមតំបន់ជាច្រើននៅរាជធានីភ្នំពេញ

2026/07/15 08:21:40 pm        273
ប្រឡាយមេអាទិភាពមួយក្នុងខណ្ឌដង្កោ បានដើរតួនាទីសំខាន់ ក្នុងការជួយរំដោះទឹកពីតាមតំបន់ប្រឈមនានាជាច្រើន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះ អាជ្ញាធរ នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំចុះផ្ទាល់ដោយ ឯកឧត្តម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ តែងចុះជាប់លាប់ជាប់ប្រចាំ ក្នុងការពិនិត្យ ជួសជុល និងកែសម្រួលប្រព័ន្ធអណ្តូងលូតូចធំ ក៏ដូចជាប្រឡាយអាទិភាពសំខាន់នានាជាច្រើន នៅតាមថ្នាក់មូលដ្ឋានខណ្ឌពាក់ពន្ធ សំដៅធ្វើយ៉ាងណា ដើម្បីអាចឲ្យប្រព័ន្ធលូ និងប្រឡាយទាំងអស់ អាចនាំលំហូរទឹកទៅបានដោយរលូន មិនបង្កការរាំងស្ទះដោយកត្តាណាមួយនោះឡើយ ។ ជាក់ស្តែង ក្រុមការងាអាជ្ញាធរ បានបន្តទម្លាក់គ្រឿងចក្របន្ថែម ក្នុងការចុះកាយ និងស្តារប្រឡាយម័ល ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ស្របតាមបណ្តោយផ្លូវលេខ៣៧១ ដើម្បីរំដោះបញ្ហារាំងស្ទះនានា ដែលកើតមានឡើងដោយសារស្មៅ សំរាម និងដីភក់ដែលកក់កុញនៅក្នុងជម្រៅប្រឡាយ ដែលជាកត្តាធ្វើឲ្យបរិមាទឹកហូរបានយឺតយ៉ាវ ស្របពេលអាកាសធាតុបន្តធ្លាក់ភ្លៀងប្រចាំថ្ងៃផងនោះ ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ខាងលើ បង្ហាញឆន្ទៈរីករាយ ក្នុងការចូលរួមជាមួយអាជ្ញាធរ និងសង្គមជាតិ ដើម្បីថែទាំប្រឡាយឲ្យបានស្អាត តាមរយៈសកម្មភាពមិនចោលសំរាម ឬកាកសំណល់នានាទៅក្នុងផ្ទៃប្រឡាយ ដើម្បីបរិស្ថាន អនាម័យ និងបញ្ចៀសបានពីការជន់លិចក្នុងរដូវវស្សានេះ ។ គួរបញ្ជាក់ថា ប្រឡាយម័លខាងលើ គឺជាប្រព័ន្ធបង្ហូរទឹកសំខាន់មួយ មានប្រវែង ៣៣០០ម៉ែត្រ ដែលលាតសន្ធឹងពីព្រំប្រទល់សង្កាត់ចាក់អង្រែលើ នៃខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង នៃខណ្ឌដង្កោ ។ប្រឡាយនេះ ជាចរន្តទឹក តភ្ជាប់ពីស្ថានីយ៍ប៊ូមទឹកបឹងទំពន់ ភ្ជាប់បន្តទៅកាន់ស្ថានីយ៍លូ៥ នឹងហូរបន្តទៅកាន់ប្រឡាយធំបន្តបន្ទាប់ទៀត ដែលឋិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលជាផ្នែកជួយរំដោះទឹកធំមួយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅរៀងរាល់មានការជន់លិចខ្លាំងម្តងៗ៕ អត្ថបទ ៖ លីហេង

ប្រមុខការទូតកម្ពុជា ៖ ២០២៦នេះ កម្ពុជាមានកិត្តិយសនិងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង

2026/07/15 08:20:24 pm        181
ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ឆ្នាំ២០២៦នេះ គឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ដោយកម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង នៅរាជធានីភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានរំលេចថា ក្នុងឆ្នាំនេះដែរ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងដ៏សំខាន់សម្រាប់សហគមន៍ហ្រ្វង់កូហ្វូនី ដែលមានសមាជិក៩០ប្រទេស ផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង គុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សូមជម្រាបថា ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំ កំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយជោគជ័យ និងឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី នៅក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង៕

អាជ្ញាធរអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងហក់ឡើងជាង ១៣ម៉ែត្រ

2026/07/15 08:07:27 pm        137
បាត់ដំបង៖ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងបានហក់ឡើងដល់កម្ពស់ជាង១៣ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន១៣.៧០ម៉ែត្រ។ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា បានឱ្យដឹងថា កម្ពស់ទឹកអាចនឹងបន្តកើនឡើងរហូតដល់១៣.៥០ ម៉ែត្រជិតដល់កម្ពស់កម្រិតដែលត្រូវប្រកាសអាសន្នគឺ១៣.៧០ ម៉ែត្រ។លោកបន្តថា កម្ពស់ទឹកស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារមន្រ្តីជំនាញបានបើកទ្វារទឹកទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹកដែលច្រាលនៅក្នុងស្ទឹង។លោក ខៃ សុដា បានអំពាវនាវ ដល់ប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ខណៈមន្ទីរនឹងបន្តការតាមដានការប្រែប្រួលអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និងជម្រាបជូនជាដំណឹងបន្តបន្ទាប់ទៀត។សូមជម្រាបថា កម្ពស់ទឹកស្ទឹងហក់ឡើងខ្លាំងនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង និងស្រុកឯកភ្នំ បានបណ្ដាលឱ្យផ្លូវ ផ្ទះ សម្បែង និងសាលារៀនមួយចំនួនក្នុងភូមិសាស្រ្តស្រុកឯកភ្នំរងការលិចលង់៕

ក្រុមគ្រូពេទ្យចក្ខុសាស្ត្រ ចុះពិនិត្យ និងផ្តល់វ៉ែនតា ជូនពលរដ្ឋក្នុងខណ្ឌសែនសុខ ដោយឥតគិតថ្លៃ

2026/07/15 07:57:30 pm        453
ក្រុមគ្រូពេទ្យចក្ខុសាស្រ្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្តពិនិត្យគំហើញ ព្យាបាលភ្នែកបឋម ចែកវ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខដោយឥតគិតថ្លៃ។សុខភាពភ្នែក គឺជាផ្នែកដ៏សំខាន់ នៃសុខភាពទូទៅ និងជាមូលដ្ឋានសម្រាប់ការសិក្សា ការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ លោកស្រី ស្រ៊ុន ម៉ារី ប្រធានផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ក្រោមកិច្ចចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បន្តយុទ្ធនាការពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ និងផ្តល់វ៉ែនតាជូនដោយឥតគិតថ្លៃ ស្ថិតនៅមណ្ឌលសុខភាពឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យចក្ខុសាស្ត្រ សហការជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈដោយមូលនិធិហ្រ្វេដហូឡូកម្ពុជា (The Fred Hollows Foundation Cambodia)។ សកម្មភាពនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពភ្នែក និងកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់។ជាមួយគ្នានោះដែរលោកគ្រូពេទ្យ ហែម សុធី ប្រធានមណ្ឌលសុខភាពឃ្មួញ និងបងប្អូនប្រជាពលរដ្ឋ បានសម្តែងសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំ និងសូមដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមបណ្ឌិត ងី មានហេង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត និងវាយតម្លៃខ្ពស់ ចំពោះមូលនិធិហ្វ្រេដហូឡូកម្ពុជា ដែលបាននាំយកកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះមកដល់មូលដ្ឋានរបស់ពួកគាត់។ជាចុងក្រោយក្នុងនាមប្រធានមណ្ឌលសុខភាពឃ្មួញ បានប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការបន្តសហការគាំទ្រ យ៉ាងពេញទំហឹងជាមួយមន្ទីរសុខាភិបាល និងអង្គការដៃគូ ដើម្បីនាំយកកម្មវិធីសុខភាពល្អៗមកជូនពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត។ ពង្រឹងគុណភាពសេវា ពិនិត្យ និងព្យាបាលបឋមនៅមណ្ឌលសុខភាព ឱ្យកាន់តែខិតជិត និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា

វេទិកាការងារស្អែកនេះ នឹងតាំងបង្ហាញឱកាសការងារជិត ៤០០កន្លែង សម្រាប់យុវជន និងអ្នក​ស្វែង​រកការងារ

2026/07/15 07:53:07 pm        196
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: សហការជាមួយ សហ​ភាព​សព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនធំៗ ចំនួន៨ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦​ស្អែក​នេះ ​នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដោយនាំយកឱកាសការងារចំនួន ៣៧៦​កន្លែង សម្រាប់អ្នកដាក់ពាក្យស្នើសុំការងារសម្ភាសន៍ដោយផ្ទាល់។ ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឱ្យដឹងថា ក្រុមហ៊ុនទាំង៨ ដែលនឹង​ចូល​រួម​ក្នុងវេទិកាការងារនេះ មកពីវិស័យសេវាកម្ម សំណង់ ហាងនំ និងកសិកម្មជាដើម។ វេទិកា​ការងារនេះ នឹងរៀបចំឡើងស្ថិតនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក្នុងបរិវេណ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអំពាវនាវយុវជន សិស្ស/និស្សិត និងអ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និង​សម្ភាស​ការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង៨នេះ នៅមួយកន្លែងភ្លាមៗតែម្តង។ សូមបញ្ជាក់ទៀតថា ក្រៅពីវេទិកាការងារខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តែង​​តែរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបណ្តាខេត្តនានា ដើម្បី​នាំ​យកឱកាសការងារជាច្រើនកន្លែងពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំង​ព័ត៌មា​ន​អំពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធី​បណ្តុះប​ណ្តាល​បច្ចេ​កទេស និងវិជ្ជាជីវៈ (TVET) ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាក់ស្តែង នៅ​ថ្ងៃ​ទី១៧ និង១៨ ខែកក្កដាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នឹងបន្ត​រៀប​ចំវេទិ​កាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារជាង ៩ម៉ឺន ៣ពាន់​កន្លែង សម្រាប់អ្នកខេត្តបាត់ដំបង៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់បំពេញបន្ថែមសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ

2026/07/15 07:41:44 pm        228
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ ដែលបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈបាន លើកឡើងថា ការរៀបចំពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ មិនមែនគ្រាន់តែជាការបំពេញតាមលក្ខន្តិកៈរបស់សមាគម ឬការបំពេញបន្ថែមសមាសភាពប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព សំដៅធានានិរន្តរភាពនៃសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្របតាមទិសដៅនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តទៀតថា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការជាស្រ្តី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ពិសេសការបង្កើនបរិមាណ សមត្ថភាព និងភាពអង់អាចក្លាហានដល់ស្ត្រី។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួន ១០១,៤៩៥នាក់ ក្នុងចំណោមមន្ត្រីរាជការសរុបចំនួន ២៣៥,២៩៥នាក់ គឺស្មើនឹង ចំនួន ៤៣% ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រីដែល ស្ថិតក្នុងមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ មានចំនួន ១២,៣៤២នាក់ គឺស្មើនឹងចំនួន ២៦%។ ឆ្លៀតក្នុងឱកាសនោះ បានពាំនាំនូវការសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ដោយក្តនឹករលឹក និងការគិតគូរដល់នារី គ្រប់លំដាប់ថ្នាក់។ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវ ឆាយ ថងឌី ហ៊ុនម៉ានី ដែលត្រូវបានតែងតាំងជា អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានមតិផ្តាំផ្ញើរដល់លោកជំទាវ និងថ្នាក់ដឹកនាំ សមាសភាពដែលទើបតែទទួលបានការកែសម្រួល និងបំពេញបន្ថែមថ្មី ដូចតទៅ ៖ ទី១. ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គ្រាមប្រកបដោយភាពឆ្លាតវៃ ដើម្បីបន្ថូរបន្ថយស្ថានការណ៍នៅតាមព្រំដែន និងនាំទៅរកភាពប្រក្រតីភាពវិញ។ ទី២. ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីឲ្យបានខ្ជាប់ខ្ជួន។ ទី៣. ខិតខំការពារផលប្រយោជន៍ស្ត្រីដោយយកចិត្តទុក្ខដាក់និងបន្តដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ទី៤. ពង្រឹងសមត្ថភាពមន្ត្រីជាស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញ ពិសេស ពាក់ព័ន្ធនឹងព័ត៌មានវិទ្យា ទី៥. ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីឲ្យបានច្រើន និងខិតខំចលករធនធាន ថវិកាសម្រាប់គាំទ្រដល់សកម្មភាពនារី ទី៦. ផ្សារភ្ជាប់ផែនការសកម្មភាពសាខាសមាគមនារីជាមួយកិច្ចការស្នូលរបស់ក្រសួង ទី៧. ប្រធានកិត្តិយស និងប្រធានប្រតិបត្តិសាខាសមាគមនារី ត្រូវបន្តថែរក្សា និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងសមាជិកាទាំងអស់ ដើម្បីជាកម្លាំងចលករក្នុងការសម្រេចបានរាល់ភារកិច្ចដែលសមាគមប្រគល់ជូន។ ទី៨. ត្រូវសកម្មក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងការងារអភិវឌ្ឍន៍សង្គមនានា ដើម្បីលើកកម្ពស់តម្លៃស្រ្តីខ្ពស់ និងរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ៕

អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបអគ្គលេខាធិការរងក្រសួងការពារជាតិសិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងស្នើបន្តគាំទ្របេសកកម្មអ្នកសង្កេតការណ៍អាស៊ាន (AOT) លើជម្លោះព្រំដែនកម្ពុជា-ថៃ

2026/07/15 07:30:13 pm        354
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា។ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់សមយុទ្ធរួមគ្នា។ ឯកឧត្តម Frederick Choo បានជម្រាបថា សិង្ហបុរីនឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧ ក្នុងនោះ សិង្ហបុរីក៏នឹងមានរៀបចំកិច្ចប្រជុំការពារជាតិ និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ព្រមទាំងការបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា កម្ពុជាបន្តប្រកាន់ជំហដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែនឡើយ។ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់សិង្ហបុរី ដែលបានគាំទ្របទឈប់បាញ់ និងបញ្ជូននាយទាហានមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងការស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ជាការឆ្លើយតប ឯកឧត្តម Frederick Choo បានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយបញ្ជាក់ថា សិង្ហបុរីនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាព និងភាពសុខដុមរមនាក្នុងតំបន់៕

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន២នៅរាជធានីភ្នំពេញ បានបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន និង​តម្រូវឱ្យអនុវត្តវិធានការច្បាប់​ឱ្យបានត្រឹមត្រូ វដើម្បីការពារបរិស្ថាន និងលើក​កម្ពស់សុខភាពសាធារណៈ

2026/07/15 07:28:40 pm        205
ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងបានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD. និងក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បានធ្វើដុតកម្ទេចក្រណាត់ក្នុងឡទី១ ប្រមាណ ១០០បាវ/ថ្ងៃ (៣០គ.ក្រ/បាវ) និងក្នុងឡទី២ បានដុតអុសចំនួន ១០-១៥ម៉ែត្រគូប/ថ្ងៃ និងប្រើប្រាស់ប្រេងម៉ាស៊ូតសម្រាប់បង្កើនចំហេះ។ ទោះបីក្រុមហ៊ុនមានបំពាក់តម្រងចម្រោះផ្សែង ប៉ុន្តែសក្តានុពលប្រភពបំពុល ត្រូវបានត្រួតពិនិត្យជាបឋម រកឃើញថាគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ឃើញថាលទ្ធផលលើសកម្រិតកំណត់ស្ដង់ដារ។ លើសពីនេះ ក្រុមហ៊ុន បានរៀបចំឱ្យមានកិច្ចសន្យាការពារបរិស្ថាន ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់នៅឡើយ។នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ត្រូវបានក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់បង្កាត់ភ្លើងក្នុងឡចំហាយ ប្រហែល ១០គ.ក្រ/ថ្ងៃ ដែលឡចំហាយជាប្រភេទឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងនោះទេ។- ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ឃើញថាលទ្ធផលលើសកម្រិតស្ដង់ដារ។ ក្រុមហ៊ុននេះ មិនបានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់​ពាក់ព័ន្ធនោះទេ។នៅចំពោះមុខក្រសួងបរិស្ថាន បានចាត់វិធានការចំពោះក្រុមហ៊ុនទាំង២ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ត្រូវទទួលរងពិន័យអន្ដរការណ៍ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ ជាមួយគ្នានេះ ក្រុមហ៊ុន ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងត្រូវបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដាកំណត់។ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាត បញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន៕

កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលាន​ដុល្លារ​ក្នុង​ឆមាសទី១​ឆ្នាំ​នេះ

2026/07/15 07:21:25 pm        274
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគ ត្រូវបាន​ចុះ​បញ្ជី​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួនសរុប ២៧៦ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ៤,៧ ប៊ីលានដុល្លារអាមេរិក ដែលនឹង​អាច​បង្កើត​ការងារបានប្រមាណ១៦០ពាន់កន្លែង។ ក្នុងអំឡុងពេលនេះ ការបោះទុន​វិនិយោគ​ក្នុង​ស្រុក​កើន​ឡើង​គួរឱ្យកត់សម្គាល់​ ដោយកាន់កាប់ចំណែកជាង ៤១% នៃដើមទុនវិនិយោគសរុប។​ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា​ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង ២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ប៊ីលាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគ​នៅ​ក្រៅតំ​បន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​១០៥​ និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។ ដោយឡែក គម្រោង​វិនិយោគ​ដែលត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៩៥ ក្នុង​ទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៥​ពាន់កន្លែង។ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា ​(CDC) កត់សម្គាល់ថា ក្នុងឆមាសទី១ ឆ្នាំនេះ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ថម​ថយ​ល្បឿន​ប​ន្តិច បើធៀបនឹងឆ្នាំទី១ ឆ្នាំ ២០២៥។ ​ ឯកឧត្តមបន្តថា ការធ្លាក់ចុះនេះ ដោយសារកត្តាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដោយ​សារកត្តាសង្រ្គាមនៅមជ្ឈឹមបូព៌ា រួមផ្សុំនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម។​ ទោះ​បី​យ៉ាង​ណា ការបោះទុនវិនិយោគពីវិនិយោគិនក្នុងស្រុកបានឈានមុខគេ ដោយកាន់កាប់ចំណែក ៤១, ៧៤%នៃទុនវិនិយោគ ហើយ​វិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសចិន បាន​ឈរ​នៅ​លំដាប់​ទី២ មានចំនួន ៣៥,៧៥%, សិង្ហបុរី ១៥,៣៥% , ម៉ាឡេស៊ី ៤,២៦% , ហូឡង់ ០,៨៥​% ​និង ជប៉ុន និងសហរដ្ឋអាមេរិក ០,១៧% ដូចគ្នា។ សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ វិស័យឧស្សាហកម្ម​របស់​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ឈាន​មុខគេរហូតដល់ ២,៥៦ប៊ីលានដុល្លារអាមេរិក តាមពីក្រោយដោយ វិស័យហេដ្ឋា​រចនា​សម្ព័ន្ធ​ និងផ្សេងៗ ទទួលបាន​ដើមទុនវិនិយោគចំនួន ១,៧២ ប៊ីលាន​ដុល្លារអាមេរិក ខណៈ វិស័យ​កសិកម្ម និង កសិ-ឧស្សាហកម្ម ទទួលបានទុនវិនិយោគចំនួន ១១៣លានដុល្លារអាមេរិក និង​​វិស័យទេសចរណ៍ទទួលបានចំនួន ៣០០លានដុល្លារអាមេរិក៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច នៅក្នុងឆមាសទី១ មានទឹកប្រាក់សរុបជាង ២១៥លានដុល្លារ

2026/07/15 06:32:32 pm        189
កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច (ម៉ូតសម្លៀកបំពាក់ទំនើបៗ និងវត្ថុវាយនភណ្ឌប្រើរួច) នៅ​ក្នុង​ឆមាសទី១ ឆ្នាំ២០២៦ មានទំហំ ទឹកប្រាក់សរុបប្រមាណជាង ២១៥ លានដុល្លារអាមេរិក នេះ​គឺជាផលិតផលថ្មី បាននិងកំពុងគាំទ្រដល់កំណើននៃទីផ្សារនាំចេញ របស់កម្ពុជា។ ការកែច្នៃម៉ូតសម្លៀកបំពាក់ទំនើបៗ គឺជាការបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និង​និរន្តរ​ភាព ដើម្បីបង្កើតសម្លៀក បំពាក់មានភាពទាក់ទាញ ផាសុកភាព និងស្របតាមបរិបទថ្មីៗ ហើយ​វិស័យ​នេះ​គឺជាសសរស្តម្ភថ្មីដ៏សំខាន់មួយនៃសេដ្ឋកិច្ច ខណៈ បច្ចុប្បន្ន​វាយនភណ្ឌកែច្នៃរួច បាន​និង​កំពុង​កើតឡើងនៅលើទីផ្សារនៃព្រះរាជាចក្រកម្ពុជា ដែលជាផលិតផលថ្មី ផលិត​សម្រាប់​ទីផ្សារ​នាំចេញ។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ បើយោង​តាម​របាយ​ការណ៍​របស់​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន បង្ហាញឱ្យដឹងថា កម្ពុជាបាននាំ​ចេញ​វាយ​នភណ្ឌ​កែច្នៃ​រួម​មាន (ឈុត, សម្លៀកបំពាក់បំពាក់ប្រើរួច, វត្ថុវាយនភណ្ឌប្រើរួច) មានទំហំ ជាង ២១៥ លាន​​ដុល្លារអាមេរិក កើនជិត ៥៣ ភាគរយ បើធៀបរយៈរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញ​ការ​កៃច្នៃម៉ូតនេះ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើក​ឡើង​ថា ​ទាក់ទិនការនាំចេញទំនិញ របស់កម្ពុជា, ផលិតផលដែលបាននិងកំពុងគាំទ្រដល់ការងារ និង​កំណើន​សេដ្ឋកិច្ចរួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង ការបូប និងសម្ភារៈធ្វើដំណើរ និង​នៅ​ក្នុងរយៈពេលចុងក្រោយនេះកម្ពុជាទំនិញសំខាន់ៗផ្សេងទៀត បានកំពុង​គាំទ្រ​ដល់​កំណើន​នៃ​ការនាំចេញផងដែរនោះមានដូចជា៖ គ្រឿងបង្គុំអេឡិចត្រូនិច ម៉ាស៊ីន ឧបករណ៍​អគ្គិសនី​ គ្រឿងបន្លាស់រថយន្ត ទោចក្រយាន និងសំបក់កង់ រថយន្តជាដើម។  ឧកញ៉ា​បណ្ឌិត បន្តថា ចំពោះតម្រូវការទីផ្សារទំនិញដែលមានគុណភាព គឺមានការ​ប្រកួត​ប្រជែង​ខ្ពស់ ​ជាក់ស្តែងសម្រា​ប់ការ កែច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតកាបូបជាដើម កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលធនធានម​នុស្ស លើការអភិវឌ្ឍ​សមត្ថភាព​ជំនាញ​ឱ្យ​ចំគោលដៅ ក្នុងនោះប្រសិនយើងមានធនធានលើការកែច្នៃ កម្ពុជានឹង​មាន​ផលិត​ផល​ថ្មី​មួយ​នេះ ​ថែមទៀត គាំទ្រដល់ទីផ្សារនាំចេញផង និងគំាទ្រដល់ក្នុងកំណើនសេដ្ឋកិច្ចផងដែរ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ការដោះ​ដូរ​ពាណិជ្ជ​កម្មអ​ន្តរជាតិ​របស់​កម្ពុជា​ មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ២០ ភាគ​រយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់ លានដុល្លារ កើន​ជាង ១៩ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ១៩,៧ ពាន់លានដុល្លារ កើនជាង ២១ ភាគរយ បើធៀប រយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM