កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

ពលរដ្ឋប្រើបណ្ណ ប.ស.ស ថែទាំសុខភាពកើនឡើងនឹង​រួមចំណែក​សម្រេច​គោល​ដៅ​គ្រប​ដណ្តប់​សេវា​សុខភាពជាសកល កាត់បន្ថយភាពក្រីក្រ

2026/01/28 03:54:01 pm        305
របាយការណ៍ក្រសួងសុខាភិបាលបានបង្ហាញថា ក្នុងឆ្នាំ២០២៥ ចំនួនពលរដ្ឋប្រើប្រាស់បណ្ណ ប.ស.ស និងបណ្ណមូលនិធិសមធម៌ ចូលទទួលសេវាថែទាំសុខភាព មានការកើនឡើងខ្លាំង ហើយ​ពលរដ្ឋក៏បានបង្ហាញការយល់ដឹង ការមានបណ្ណ ប.ស.ស និងបណ្ណមូលនិធិសមធម៌ បណ្ណក្រីក្រ បណ្ណ​ងាយរង ហានិភ័យ គឺបានពិតជាបានរួចំណែកខ្លាំងលើកកម្ពស់សុខភាពពលរដ្ឋ ការ​ផ្តល់​ផល​ចំណេញ​ខ្លាំង និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ពលរដ្ឋទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃ ទី​២៨ ខែមករា នេះ ថាបច្ចុប្បន្ន ពលរដ្ឋទាំង​អស់​គ្នា​មាន​ការ​ជឿជាក់​ខ្ពស់​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ ហើយតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស បណ្ណមូលនិធិសមធម៌ បណ្ណក្រីក្រ និង​បណ្ណ​ងាយ​រង​ហានិភ័យ ចូលពិនិត្យសុខភាព ព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល ដោយ​មិន​មាន​ការ​បង់​ថ្លៃ​នេះ គឺរួមចំណែក ខ្លាំងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ការហ៊ានទៅ​ជួប​ពេទ្យ​ច្រើន​ដង នៅពេលគេមាន បញ្ហាសុខភាព ឈឺធ្ង្ងន់ ឬឈឺស្រាលនានា។តាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹម ឆ្នាំ២០២៥ នេះ​ បេឡាជាតិសន្តិសុខសង្គម ប.ស.ស មានសមាជិកសរុបចំនួនជាង ៣លាន ៥៣៦ពាន់ ៥០៩​នាក់ ហើយបើតាមរបាយការណ៍ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ មាន​ពលរដ្ឋប្រើប្រាស់ បណ្ណ ប.ស.ស ចូលពិនិត្យសុខភាព ព្យាបាលជំងឺ មានចំនួនជាង ៨លាន ១០៣ពាន់ ៣៨៥ករណី កើនឡើង៣% ប្រៀបធៀបឆ្នាំ២០២៤។ ដោយ​ឡែក នៅក្នុងចំណោមពលរដ្ឋប្រើប្រាស់សេវាសុខភាព នៃមូលនិធិសមធម៌ ចំនួនជិត​៤​លាន​ ៦៩៦ពាន់នាក់ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ គឺមានពលរដ្ឋបានចូលពិនិត្យសុខភាព ព្យាបាល​ជំងឺ បានចំនួនជាង៥លានករណី កើនឡើង៤ភាគរយ ប្រៀបធៀបឆ្នាំ២០២៤ ដែលមាន​ចំនួន​៤លាន៨៦២ ពាន់ករណី។ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ឆ្នាំ២០២៥ សរុប​ជារួមទូទាំងប្រទេស ទទួលបានពលរដ្ឋចូលទទួលសេវាថែទាំសុខភាព ព្យាបាលជំងឺទូទៅ ប្រមាណ ជាង២១លានករណី កើនឡើងជាង១៣ភាគរយ ប្រៀបធៀប២០២៤ ហើយបើ​គិត​សន្ទស្សន៍​គ្រ​បដណ្តប់ សេវាសុខភាពជាសកល ដែលគេគិតរង្វាស់ពី០ទៅ១០០ គឺកម្ពុជា ធ្វើ​បាន​ក្នុង​សន្ទស្សន៍កើនពី៦០ នៅ ឆ្នាំ២០២៤ កើនដល់៦៣ នៅឆ្នាំ២០២៥៕ អត្ថបទ៖ ស៊ុម សុខជា 

ប្រធានសភាពាណិជ្ជកម្ម៖ ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន និងត្រូវការការគាំទ្រពីវិស័យឯកជន

2026/01/28 03:40:15 pm        293
ប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន ខណៈដែលកំណើន សេដ្ឋកិច្ចជាតិ ត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០% ដែលបញ្ហានេះត្រូវការគាំទ្រពីវិស័យឯកជន ក្នុងការដើរតួជាអ្នកតភ្ជាប់ទំនាក់ទំនង ក្នុងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លើកឡើងនៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះថា សភាពាណិជ្ជកម្មកម្ពុជាមិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជាដៃគូរបស់ រាជរដ្ឋាភិបាល, តាមច្បាប់ស្តីពីសភាពាណិជ្ជកម្មសភាពាណិជ្ជកម្ម មានបេសកកម្មចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។អ្នកឧកញ៉ា បន្តថា ការរួមចំណែកដ៏សំខាន់បំផុតរបស់សភាពាណិជ្ជកម្មកម្ពុជា ចំពោះវិស័យឯកជន គឺការទទួលបានឱកាស ចូលជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត, តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ គឺបានពង្រឹងកិច្ចសន្ទនាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានពិតប្រាកដ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី, ដោយសារសភាពាណិជ្ជកម្ម បានបញ្ចេញសំឡេងរួមគ្នា ផ្អែកលើមូលដ្ឋានច្បាស់លាស់ គឺបានដោះស្រាយដោយជោគជ័យ នូវ បញ្ហាដែលនៅសេសសល់យូរអង្វែងក្នុងវិស័យពន្ធដារគយ និងភស្តុភារកម្ម។ កត្តានេះបានបញ្ជាក់ យ៉ាងច្បាស់ថា សភាពាណិជ្ជកម្ម កម្ពុជា គឺជាតំណាងស្របច្បាប់នៃវិស័យឯកជន។ បច្ចុប្បន្នបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា បានពង្រីកខ្លួនលើសពីព្រំដែនជាតិ ដោយមានការិយាល័យតំណាងចំនួន៨នៅទូទាំងពិភពលោក។អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេសទាំងអស់ គឺមាន បេសកកម្មចម្បង ដោយត្រូវដើរតួជាច្រកទ្វារយុទ្ធសាស្ត្រក្នុងការធានាថា ម៉ាកសញ្ញាផលិតនៅកម្ពុជា នឹងក្លាយជាសញ្ញាសម្គាល់នៃ គុណភាព និងភាពជឿជាក់នៅក្នុងទីផ្សារអន្តរជាតិ។ ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន ខណៈដែល កំណើនសេដ្ឋកិច្ចជាតិ ត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០%។ សភាពាណិជ្ជកម្មកម្ពុជា ត្រូវជំរុញវិស័យឯកជន ឲ្យត្រូវតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។ស្ថិតក្នុងបរិបទនេះ បានណែនាំឱ្យប្រធានសភាពាណិជ្ជកម្មខេត្ត ត្រូវធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគ្រាសធុន តូច និងមធ្យមក្នុងខេត្តរបស់ខ្លួន។ ធ្វើជាចំណុចបង្គោលសម្រាប់ការរៀបចំសហគ្រាសធុនតូច និងមធ្យម ឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បី ឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាតិ។ កំណត់នូវឧត្តមភាពប្រកួតប្រជែងរបស់ខេត្តនីមួយៗដូចជា វិស័យទេសចរណ៍នៅសៀមរាប កសិ-កែច្នៃនៅកំពង់ធំ ឬភស្តុភារកម្មនៅខេត្តព្រះសីហនុ។ ចំណែកប្រធានតំណាងនៅក្រៅប្រទេស ដើរតួជាអ្នកតភ្ជាប់ទំនាក់ទំនងធុរកិច្ចជួរមុខ។ ត្រូវរៀបចំជំនួបពិភាក្សាធុរកិច្ច ដែលនាំទៅដល់ការចុះអនុស្សរណៈយោគយល់ (MOU) ពិតប្រាកដរវាងក្រុមហ៊ុនបច្ចេកវិទ្យាបរទេស និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងស្រុក៕អត្ថបទ៖ សុន រ៉ាឌី

២០ឆ្នាំមុន ជំនាញសុនខដោះមីនកម្ពុជាពឹងបរទេស១០០% ប៉ុន្ដែ​ពេល​នេះ​អាច​ម្ចាស់​ការ​ខ្លួន​ឯង​ទាំង​ស្រុង

2026/01/28 03:35:05 pm        300
កាលពី២០ឆ្នាំមុន កម្មវិធីសុនខបានពឹងផ្អែកលើបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែ​បច្ចុប្បន្ននេះកម្ពុជា តាមរយៈ អង្គភាព CMAC អាចម្ចាស់ខ្លួនឯងការទាំងស្រុង១០០% លើ​ការ​ងារ​បច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាច​ចែក​រំលែក​ដល់​អន្តរជាតិ​ទៀតផង។ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន​សរសេរ​បញ្ជាក់​នៅ​លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះថា នៅ​ថ្ងៃ​ទី​២៧-២៨ ខែមករា ឆ្នាំ២០២៦នេះ អង្គភាព CMAC និងតំណាង JICA ក៏ដូច​ជា​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ជប៉ុន បានជួបពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនខ CMAC និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និង​នាំ​យក​សុន​ខ​ជំនាញ​ពី​កម្ពុជា​ទៅ​ប្រតិបត្តិការ​នៅ​បណ្តា​ប្រទេស​នានា​ដែល​រង​ផល​ប៉ះពាល់​ដោយ​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​។ ឯកឧត្តម ហេង រតនាបញ្ជាក់ថា៖«កាលពីជាង២០ឆ្នាំមុននេះ កម្មវិធីសុនខ​បាន​ពឹង​ផ្អែក​លើ​បរទេស​ជួយ​គាំ​ទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា (អង្គភាពCMAC) អាច​ម្ចាស់ការទាំងស្រុង១០០% លើការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹក​ហ្វឺន​ជំនាញ​ផ្សេង​ៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផង»។ ឯកឧត្តមបានសង្គត់ធ្ងន់ថា៖«កូនខ្មែរត្រូវតែប្រឹងប្រែង ហ្មត់ចត់ម៉ឺងម៉ាត់ និង​មាន​ស្មារតី​ឆន្ទៈ​ម្ចាស់​ការ​ ដើម្បីសម្រេចបានគោលដៅប្រកបដោយនិរន្តភាពសម្រាប់សង្គមជាតិរបស់យើង»៕

មន្រ្ដីជំនាញ៖ ការនាំចូលទំនិញរបស់ថៃមកកម្ពុជាបន្តធ្លាក់ចុះ ដោយសារការពហិការរបស់ពលរដ្ឋ

2026/01/28 03:28:10 pm        297
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា គិតមកដល់ពេលនេះ ការនាំចូលមុខទំនិញរបស់ថៃមកកម្ពុជាបន្តធ្លាក់ចុះ ដោយសារចលនានៃការពហិការរបស់ប្រជាពលរដ្ឋ និងខណៈសន្ទុះនៃការផលិតផលិតកម្មក្នុងស្រុកដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារមានការកើនឡើង។នៅក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍បញ្ជាក់ថា ទំនិញគ្រឿងឧបភោគ បរិភោគ ដែលនាំចូលពីថៃ នឹងបន្ដធ្លាក់ចុះទៀត។ ជាកាពិត អាជីវករ ពាណិជ្ជករ បានរកប្រភពផ្គត់ផ្គង់ពីកន្លែងផ្សេងដើម្បីជំនួសផលិតផលថៃ។ឯកឧត្តមបណ្ឌិត ជឿជាក់ថា សន្ទុះនៃចលនាផលិតផលិតកម្មនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ គឺមានការកើនឡើងច្រើនឡើងៗ ហើយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។ ឯកឧត្តម បានបន្តថា ទំនិញដែលធ្លាប់នាំចូលពីប្រទេសថៃ ដើម្បីមកផ្គត់ផ្គង់នៅក្នុងទីផ្សារ នឹងមានការធ្លាក់ចុះកាន់តែតិចទៅៗ ដែលអាចដល់ដំណាក់កាលមួយ ធ្លាក់ដល់ចំណុចសូន្យ ដូចទៅនឹងមុខទំនិញ ដែលរាជរដ្ឋាភិបាលហាមឃាត់ផងដែរ មានដូចជា៖ បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ សូមជម្រាបជូនថា វេទិកាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់តំណាងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើប្រធានបទចំនួន៤ គឺ “សកម្មភាពគន្លឹះផែនការសកម្មភាពឆ្នាំ២០២៦ របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា”, “ការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ”, “គោលនយោបាយពន្ធនិងអាករ និងកិច្ចសម្រួលពាណិជ្ជកម្ម”, និង “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចប្រតិបត្តិការគយ” ។ វេទិកានេះ មានការចូលរួមពីតំណាងសមាគមធុរជន, អ្នកនាំចេញ-នាំចូល, ជើងសាគយ, អ្នកជំនាញការ, មន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។គួរបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងរៀបចំផែនការសកម្មភាពការងារជារៀងរាល់ឆ្នាំហើយក្នុងផែនការសកម្មភាពឆ្មាំ២០២៦នេះ មានបែងចែកជា ៣ផ្នែកសំខាន់ៗ គឺ ១) ការពង្រឹងគោលនយោបាយពន្ធអាករ និងការងារបច្ចេកទេសគយ, ២) កិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការអនុវត្តច្បាប់, និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, និង ៣) ការពង្រឹងសមត្ថភាពស្ថាប័នគយ។ ក្នុងនោះ ការជំរុញកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រីកនិងពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចាត់ទុកជាអាទិភាពចម្បងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យនិស្សិតចូលរួមក្នុងកម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព

2026/01/28 03:17:38 pm        376
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱកាសឱ្យនិស្សិត នៅតាម​បណ្ដា​សាកល​វិទ្យាល័យ​អាចចូលរួម ក្នុងកម្មវិធី R&I4E ដែលមានឈ្មោះពេញថា ការស្រាវជ្រាវ និង​នវានុវត្តន៍ ដើម្បី​សហ​គ្រិនភាព Research and Innovation for Entrepreneurship។ កម្មវិធីនេះ​ផ្ដល់​ឱកាស​ដល់និស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជន អាចរួមគ្នាដោះស្រាយបញ្ហា និងបង្កើត​វត្ថុ​គំរូ និងដំណោះស្រាយជាក់ស្តែង ហើយប្រែក្លាយជាសហគ្រិនភាព។កម្មវិធី R&I4E ជាកិច្ចសហការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមូលនិ​ធិស​ម្រាប់​ការ​ស្រាវ​ជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា ហើយផ្តល់​ឱកាស​ដល់​និស្សិត​មក​ពី​សាកលវិទ្យាល័យរដ្ឋនិងឯកជន អាចរួមគ្នាដោះស្រាយបញ្ហា និងបង្កើតវត្ថុគំរូ និង​ដំណោះ​ស្រាយ​ជាក់​ស្តែង ហើយប្រែក្លាយជាសហគ្រិនភាព។គម្រោង R&I4E មានគោលបំណងគាំទ្រការចូលរួម ដំណើរការ គុណភាព និងលទ្ធផល​ចុង​ក្រោយ​នៃ​នវានុវត្តន៍៖• ធានាការអនុវត្ត​ទៅតាមដំណើរការ និងវិធីសាស្ត្រនវានុវត្តន៍៖ កសាងសមត្ថភាព​និស្សិត​តាម​រយៈ​វិធី​សាស្ត្រ Design Thinking ។• បណ្តុះដំណោះស្រាយនវានុវត្តន៍ដែលមានគុណភាព និងជោគជ័យក្នុងទីផ្សារ៖ បង្កើត​វត្ថុ​គំរូ​ដែល​មាន​ភាពច្នៃប្រឌិត និងសក្តានុពលសម្រាប់ការអនុវត្ត។ • អភិវឌ្ឍជំនាញវិជ្ជាជីវៈសំខាន់ៗផ្នែកនវានុវត្តន៍ និងសហគ្រិនភាព៖ ពង្រឹង​សមត្ថ​ភាព​ក្នុង​ការ​ឈ្វេង​យល់​ពីតម្រូវការអ្នកប្រើប្រាស់ ការដោះស្រាយបញ្ហា ការបង្កើតវត្ថុគំរូដោយរហ័ស និង​ការ​គិត​បែប​វិភាគ។• ផ្លាស់ប្តូរគំនិតនវានុវត្តន៍ឱ្យទៅជាសហគ្រាសដែលអាចបន្តការបណ្តុះធុរកិច្ចបាន៖ ជ្រើសរើស និង​រៀបចំក្រុមដែលមានសមត្ថភាពខ្ពស់សម្រាប់ការរីកចម្រើនក្រោយបញ្ចប់កម្មវិធី។កម្មវិធី R&I4E តម្រូវឱ្យក្រុមការងាររួមបញ្ចូលនូវជំនាញជាក់លាក់ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បី​ធានាបាននូវការអភិវឌ្ឍគម្រោងគ្រប់ជ្រុងជ្រោយ ចាប់ពីចំណេះដឹងបច្ចេកទេសស៊ីជម្រៅ ការ​អនុវត្ត​ឌីជីថល ការបង្កើតគំរូផលិតផលជាក់ស្តែង និងលទ្ធភាពជោគជ័យលើទីផ្សារ ៖• អ្នកឯកទេស "ជំនាញរឹង" (អ្នកជំនាញវិស័យ): និស្សិតទាំងនេះមកពីជំនាញដូចជា វិស្វកម្ម កសិកម្ម ឬវេជ្ជសាស្ត្រ ដែលផ្តល់ចំណេះដឹងផ្នែកវិស័យជំនាញ។ • អ្នកជំរុញផ្នែក ICT និងឌីជីថល (អ្នកអភិវឌ្ឍន៍បច្ចេកទេស): និស្សិតដែលមានជំនាញផ្នែក ICT ការ​សរសេរកូដ សូហ្វវែរ និងការរៀបចំកម្មវិធី ដើម្បី​អនុវត្ត​សមាស​ភាគ​ឌីជីថល នៃ​ដំណោះ​ស្រាយ​។ • អ្នកច្នៃប្រឌិតបង្កើតគំរូផលិតផល: និស្សិតទាំងនេះមានជំនាញក្នុងការរចនា ការផលិត និង​ការ​ដំឡើង​ផ្ទាល់​ដៃ។ ពួកគេរួមមានជាងមេកានិក ជាងអគ្គិសនី ជាងផ្សារ និងអ្នកឯកទេសបោះពុម្ព 3D​។• អ្នកយុទ្ធសាស្ត្រធុរកិច្ច និងទីផ្សារ (អ្នកជំនាញលទ្ធភាពជោគជ័យ): និស្សិតមកពីកម្មវិធីធុរកិច្ច ឬ​សហគ្រិន​ភាព ដែលផ្តោតលើទិដ្ឋភាពពាណិជ្ជកម្ម និងប្រតិបត្តិការ៕ អត្ថបទ៖គឹមហុក

សិស្សប្រមាណ ៣០ម៉ឺននាក់នៅតាមសាលារៀនគោលដៅចំនួន ១១១៤ ក្នុងតំបន់ងាយរងគ្រោះ និងអសន្តិសុខស្បៀង បានទទួលការផ្ដល់អាហារពេលព្រឹកតាមរយៈប្រព័ន្ធគាំពារសង្គម

2026/01/28 03:03:04 pm        254
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះថា គិតត្រឹមដើមឆ្នាំ ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង ដោយក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ និងសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀត កំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ កម្មវិធីនេះ កំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន ១០ រួមមាន ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់, និងឧត្តរមានជ័យ ដោយមានសិស្សានុសិស្សទទួលផលសរុបចំនួនប្រមាណ ៣០ម៉ឺននាក់។ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្តថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ត្រូវបានចាប់អនុវត្តចាប់តាំងពីឆ្នាំ១៩៩៩មក ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។ កម្មវិធីនេះ បានចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភ, បង្កើនអត្រាចុះឈ្មោះចូលរៀន, ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់, កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ ផងដែរ។ស្របតាមយុទ្ធសាស្ត្ររួមនៃការផ្ទេរ-ទទួល ឆ្ពោះទៅកាន់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍, ការទទួលយកសាលាដែលអនុវត្តកម្មវិធីនេះពីដៃគូអភិវឌ្ឍន៍មានកំណើនជារៀងរាល់ឆ្នាំ ដើម្បីប្រែក្លាយកម្មវិធីនេះជាកម្មវិធីជាតិដែលអនុវត្តទាំងស្រុងដោយក្រសួងអប់រំយុវជន និងកីឡា នៅត្រឹមឆ្នាំ២០២៨៕

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង

2026/01/28 02:39:35 pm        262
ពោធិ៍សាត់៖ ផ្លូវចំនួន២ខ្សែ បម្រើចរាចរណ៍ដ៏សំខាន់ និង​ជា​សរសៃ​ឈាមសេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ភូមិ ក្នុងឃុំប្រម៉ោយ និងឃុំក្រពើពីរ តភ្ជាប់មកផ្លូវជាតិលេខ៥៥ ឆ្ពោះទៅ​ទី​រួម​ស្រុក​វាល​វែង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនាប្រែក្លាយទៅជាផ្លូវកៅស៊ូពីរជាន់ DBST មាន​ភាព​ធំទូលាយ ងាយស្រួលធ្វើដំណើរ ជំនួសឲ្យផ្លូវចាស់តូចចង្អៀត តាមរយៈ​គម្រោង​គាំទ្រ​និរន្តរ​ភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឲ្យដឹងថា ផ្លូវ​ទាំង​០២​ខ្សែនេះ​មាន​ប្រវែង​សរុប ជិត១៥គីឡូម៉ែត្រ បូករួមនិងសំណង់លូជាច្រើនកន្លែង ដោយមានប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់អាស្រ័យផលដោយផ្ទាល់ចំនួន៥៧៨០គ្រួសារ និងប្រជាពលរ​ដ្ឋ​អាស្រ័យ​ផល​ដោយ​ប្រយោល​ប្រមាណ ៤០០០គ្រួសារ ក្នុងនោះផ្លូវខ្សែទី១ ភ្ជាប់ពីផ្លូវជាតិលេខ៥៥ ទៅកំប៉ង មាន​ប្រវែង ៧២៣២ម៉ែត្រ សម្រេចការសាងសង់បានជិត២៨ភាគរយ ចំណែកខ្សែទី២ គឺផ្លូវ​ស្ទឹង​ថ្មី-ទំព័រ ប្រវែង៧៤១៥ម៉ែត្រ សម្រេចការសាងសង់បាន១០ភាគរយ ។ លោកប្រធានមន្ទីរ បាន​បញ្ជាក់​បន្ថែមថា តាមផែនការគ្រោងទុក ផ្លូវទាំង០២ខ្សែនេះ នឹងស្ថាបនា​រួច​រាល់​ ១០០​ភាគ​រយ​នៅ​ចុង​ឆ្នាំ​២០២៦។សូមជម្រាបជូនថា រាជដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ថវិកា​ពី​មូលនិ​ធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប (EU) ដើម្បី​អនុវត្ត​គម្រោង​គាំទ្រ​និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅ​កាត់​ថា​គម្រោង SAAMBAT តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ ទិសដៅគម្រោងគឺ “ដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ និងពង្រឹងសន្តិសុខស្បៀង” ។ គោលបំណងនៃការអភិវឌ្ឍន៍របស់គម្រោងគឺ ដើម្បី​បង្កើនផលិតភាពរបស់ យុវជន សហគ្រាស និងសេដ្ឋកិច្ច នៅតំបន់ជនបទ។ បច្ចុប្បន្ន​គម្រោង SAAMBAT គ្រប់ដណ្តប់ក្នុងខេត្តចំនួន១២ ដោយ​ខេត្តពោធិ៍សាត់​ទទួលបាន​ផ្លូវ​ចំនួន​៨​ខ្សែ ​មានប្រវែងសរុប៥១១៧០ម៉ែត្រ ក្នុងនោះស្រុក​តាលោសែនជ័យ​ទទួល​បាន​ផ្លូវ​១​ខ្សែ​ស្ថាបនា​រួច​រាល់​ក្នុង​ជំហានទី១ ស្រុកវាលវែងទទួលបាន០២ខ្សែកំពុងស្ថាបនា និងស្រុកកណ្តៀង​ទទួល​បាន​ចំនួន០៥​ខ្សែ​កំពុងស្ថាបនា៕

ធនាគារជាតិ៖ វិស័យចម្បងៗចំនួន៣ នឹងគាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦

2026/01/28 02:11:54 pm        259
ធនាគារជាតិនៃកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ នឹងអាចសម្រេចបានក្នុងអត្រា ៥% គាំទ្រ​ជាចម្បងដោយវិស័យ កម្មន្តសាល, កំណើនវិស័យទេសចរណ៍, កំណើនវិស័យកសិកម្ម និង​ការ​ងើបឡើងសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ។ជុំវិញស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៦, ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា បើ​យោង​តាម​មូល​និធិ​រូបិយ​​វត្ថុអន្តរជាតិ សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦ ត្រូវបានព្យាករថា មានកំណើន ៣,១% ទាប​ជាង​ឆ្នាំ​២០២៥ ៣,២% ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនិងដ្ឋកិច្ច ភាពផុយ​ស្រួយ​នៅក្នុ​ងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការព្រួយបារម្ភពីចីរភាពសារពើពន្ធ និងការកើនឡើ​ង​ហានិភ័យ ពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ប្រទេសអភិវឌ្ឍន៍មានកំណើន ១,៦% ប្រទេស​កំពុងលូតលាស់ និងកំពុងអភិវឌ្ឍ ៤% និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ១,២%។ ចំណែក​អត្រាអតិផរណាពិភពលោក ត្រូវបានព្យាករថា ថយចុះមក ៣,៧% នៅឆ្នាំ ២០២៦ ធៀប​នឹង ៤,២% នៅឆ្នាំ២០២៥ ដោយសារតម្រូវការសកលបានថមថយ ការ​ថយ​ចុះ​ថ្លៃ​ទំនិញ​សកល និងឥទ្ធិពលបន្សល់ ទុកនៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត របស់​ធនាគារ​កណ្ដាល​ធំៗ​។ ចំពោះសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានព្យាករថា នឹងអាចសម្រេចបានក្នុងអត្រា ៥% ដូចឆ្នាំ២០២៥, កំណើន នេះត្រូវបានគាំទ្រជាចម្បងដោយ៖ កំណើនវិស័យកម្មន្តសាល, ដែល​គាំទ្រដោយតម្រូវការខាងក្រៅរបស់ដៃគូពាណិជ្ជកម្ម ជាពិសេស សហរដ្ឋអាមេរិក ការ​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែងដោយសារអត្រាពន្ធគយបដិការ ១៩% ដែលមានកម្រិត​ប្រហាក់​ប្រហែល​នឹង​ដៃគូ ប្រកួតប្រជែង និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ។ កំណើនវិស័យ​ទេសចរណ៍​, ដែលគាំទ្រដោយគោលនយោបាយជំរុញវិស័យ ទេសចរណ៍របស់​រាជ​រដ្ឋាភិបាល​ដូច​ជា ​ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន នៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២៦ ការធ្វើពិពិធ- កម្ម ទិសដៅទេសចរណ៍ និងការ​បន្ត​ជំរុ​ញ​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​តំបន់​។ កំណើនវិស័យកសិកម្ម, ដែលគាំទ្រ ដោយគោលនយោបាយ និង​វិធាន​ការ​គាំទ្រ​របស់​រាជ​រដ្ឋាភិបាល​រួមមាន ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម និងការរៀបចំ អភិវឌ្ឍ​សហគមន៍​កសិកម្មទំនើប ក្នុងគោលដៅប្រែក្លាយកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារ ឱ្យទៅ​ជា​សហ​គ្រាស​សេដ្ឋកិច្ច​កសិកម្មរឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាន​សមត្ថភាព​ប្រកួត​ប្រជែង​ទាំងបរិមាណនិងគុណភាព និងការរងើបឡើង សន្សឹមៗនៃវិស័យសំ​ណង់​និង​អចលន​ទ្រព្យ​។ទន្ទឹមនេះសេដ្ឋកិច្ចកម្ពុជា អាចបន្តប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេស​ហានិភ័យ​ក្រៅ​ដូចជា​៖ ភាពតានតឹងនៃភូមិ សាស្ត្រនយោបាយ ធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់, ឥទ្ធិពល​នៃ​ការ​ប្រែ​ប្រួលអាកាសធាតុ, និងការឆបោកតាមប្រព័ន្ធអនឡាញ។ ចំណែកហានិភ័យខាងក្នុងមាន៖ ភាព​ទន់ខ្សោយនៃវិស័យសំណង់ និងអចលនទ្រព្យ, ផលប៉ះពាល់ពីការអូស​បន្លាយ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និងការកើនឡើងឥណទានមិនដំណើរការ។អត្រាអតិផរណានៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងថមថយបន្តិចមក ២,៣% (ធៀបនឹង ២,៥% នៅឆ្នាំ២០២៥) ដែល ក្នុងនោះ កំណើនថ្លៃក្រុមម្ហូបអាហារនឹងថមថយមក ៣,៣% (ធៀបនឹង ៣,៧%) និងអតិផរណាស្នូលនឹងថមថយមក ១,៧% (ធៀបនឹង ១,៩%) ស្រប​ពេល​ដែល​ក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ នឹងបន្តធ្លាក់ថ្លៃ -២,២% (ធៀបនឹង -១,៧%)។ ការថមថយនេះត្រូវបានព្យាករក្រោមកត្តាសន្មតដូចជា៖ ភាពប្រសើរ​ឡើង​នៃ​វិស័យ​កសិកម្ម និងការស្ដារឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្រោយការផ្ទុះអាវុធកម្ពុជា-ថៃលើកទី២, ប្រាក់​រៀល​នឹង​មានស្ថិរភាពធៀបនឹងដុល្លារអាមេរិក, និងថ្លៃប្រេងឆៅពិភពលោកនឹងបន្តធ្លាក់ ចុះ ដោយសារ​កំណើន​ផលិតកម្មប្រេង ជាពិសេសពីបណ្តាប្រទេសក្រៅពី OPEC+៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ

2026/01/28 01:55:13 pm        241
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ដែលមិនទាន់អាចចូលទៅលំនៅដ្ឋានរបស់ខ្លួនវិញ ក្នុងខេត្តបន្ទាយមានជ័យ។ការអញ្ជើញចុះពិនិត្យមានការចូលរួមពីប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ, លោកប្រធានមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ។យោងតាមក្រុមការងារចុះជាក់ស្តែង និងពិនិត្យឃើញផលលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន។ ក្នុងនោះ ក្រុមការងារ បានដាក់សំណើទៅអន្តរក្រសួង ដើម្បីពិនិត្យពីលទ្ធភាពកសាងជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹក សំដៅជួយលើកកម្ពស់សុខុមាលភាពដល់ជនភៀសសឹក។ការរៀបចំជម្រកបណ្តោះអាសន្ននេះ គឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីជួយឱ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព អនាម័យ និងសុខភាពល្អ៕

កម្ពុជា-ជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន គាំទ្រដល់​អភិវឌ្ឍន៍​នៅកម្ពុជា

2026/01/28 01:52:14 pm        312
កម្ពុជា-ជប៉ុននិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោលនយោបាយ ស្ដីពីកិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍ និង គំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើវិស័យឌីជីថល ជា​ពិសេស​បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ការ អភិវឌ្ឍធនធានមនុស្ស និង​វិស័យ​មួយចំនួនទៀត គាំទ្រដល់ចក្ខុវិស័យក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា នៅក្នុង កិច្ចពិភាក្សាកម្រិតគោលនយោបាយ​ស្តីពីហិរញ្ញប្បទាន​សហ​ប្រតិ​បត្តិការ​​អភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី, បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជប៉ុន និងបាន​ថ្លែង​អំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រ​ដល់​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស តាមរយៈការតម្លើងកម្រិតទំនាក់​ទំនង​ទ្វេភាគី ទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងការដាក់ចេញនូវគោលនយោបាយ ស្ដីពី កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជា សំដៅរួមចំណែក​គាំទ្រ​កម្ពុជា​សម្រេច​បាន​នូវចក្ខុវិស័យក្នុងកិច្ច អភិវឌ្ឍន៍។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់​ជំនួយ​មនុស្ស​ធម៌ ដើម្បីជួយដល់ជនភៀស សឹកនៅតាមព្រំដែន និងគាំទ្រដល់អនុវត្តកម្មវិធីជំនួយសង្គម សម្រាប់​ការ​ស្តារជីវភាព និងកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ជាការឆ្លើយតប, ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុ​នប្រចាំកម្ពុជា បាន សម្តែងក្តីសោមន្សរីករាយ ចំពោះការស្វាគមន៍យ៉ាង​កក់ក្តៅ​របស់​កម្ពុជា ក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៥នេះ និងបានវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ដែលសម្រេចបានកន្លងមក និង​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត របស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តពូនជ្រំកម្ពុជា ឱ្យសម្រេចបាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើ​វឌ្ឍនភាពរួមគ្នាដោះស្រាយបញ្ហា ប្រឈម ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការ​អភិវឌ្ឍន៍​នា​ពេល​កន្លងមក និងបានពិភាក្សាលើវិស័យអាទិភាព និងគំនិតផ្តួចផ្តើមថ្មី សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នាពេលអនាគត។ ជាលទ្ធផលភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ច​សហ​ប្រតិបត្តិការ តាមរយៈ ការបន្តអនុវត្តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង​គំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់, ការអភិវឌ្ឍ​ធនធាន​មនុស្ស, ការបោស សម្អាតមីន, និងបច្ចេកវិទ្យាព័ត៌មាន ដែលអាទិភាពទាំងនេះ មាន​សង្គតិភាព​ជាមួយគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM