កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

អាជ្ញាធរអគ្គិសនី ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យ​លទ្ធភាព​វិនិយោគ​ស្ថានីយ​បញ្ចូលថាមពលបន្ថែម

2026/01/28 01:37:23 pm        266
អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យ​លទ្ធភាព​វិនិយោគ​បង្កើត​ស្ថានីយ បញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួ​ម​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យ ប្រតិបត្តិការអាជីវកម្មអគ្គិសនី។អាជ្ញាធរអគ្គិសនីកម្ពុជា បានជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាង​កញ្ញ អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការជំរុ​ញ​ការ​អភិវឌ្ឍ​ស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញកំណើន នៃការប្រើប្រាស់​យាន​យន្ត​អគ្គិសនី​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ជុំវិញបញ្ហានេះ, កន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស លេខ ០៣៨៩ រថ.បគ​អថ​.​ប្រក ចុះថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៥ ស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និង​បញ្ញត្តិ​លើ​ការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយាន យន្តអគ្គិសនី ។ គោលការណ៍ និង​នីតិវិធីនេះ មានគោលបំណង៖ ១.លើកកម្ពស់​ការ​អភិវឌ្ឍ​ការ​បញ្ចូល​ថាមពល​ឱ្យ​យាន​យន្ត​អគ្គិសនី​មានគ្រប់គ្រាន់ គ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស និងជំរុញកំណើន​នៃ​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​ព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្តអគ្គិសនី, ២.គ្រប់គ្រងការផ្តល់សេវាកម្មបញ្ចូលថាមពលរបស់​ស្ថានី​យ​បញ្ចូល​ថា​មពលឱ្យយានយន្តអគ្គិសនីឱ្យមានសុវត្ថិភាព និរន្តរភាព ប្រសិទ្ធភាព និងមានថ្លៃ​សមរម្យ និង៣. គ្រប់គ្រងការ ទទួលយក​ថាមពល​របស់​យាន​យន្ត​អគ្គិសនី​បញ្ចូល​ក្នុង​អាគុយ​ឱ្យ​មាន​សុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព ។ ក្នុងគោលបំណងរួម, ដើម្បីអនុវត្តគោលការណ៍នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ស្នើ​សុំ​អ្នក​កាន់​អាជ្ញា​បណ្ណ​ធ្វើ​សេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំង អស់ ពិនិត្យលទ្ធភាព​វិនិយោគ​បង្កើត​ស្ថានីយ​បញ្ចូល​ថាមពល​នៅ​ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្ត អគ្គិសនី ជាពិសេស​យានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។ បញ្ហានេះអគ្គិសនីកម្ពុជា (EDC) បានចូលរួមវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពលនៅតាមរាជធានី-ខេត្តទាំង២៥ ដែល​ស្ថានីយទាំងនោះ នឹងចាប់ផ្ដើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់ក្នុង ពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

នគរបាលបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅ ដើម្បីទប់ស្កាត់បទល្មើស​ឆបោក​តាម​អនឡាញ

2026/01/28 12:49:03 pm        238
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាននឹងកំពុងបន្តបង្កើនការចុះត្រួតពិនិត្យជា ប្រចាំ​ទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បី​តាម​ដាន​លើ​ឧក្រិដ្ឋ​កម្ម​ឆ​បោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាល​ក្រោម​ជាតិ បាននឹងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ វរសេនីយ៍ត្រី អ៊ុន ភិរម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌ​៧​មករា បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងទទួលបានការ​ចង្អុល​បង្ហា​ញពីវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា កម្លាំងប៉ុស្តិ៍​រដ្ឋបាល​នគរបាល​វាលវង់សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ តែងបានចុះពិនិត្យ និងធ្វើកិច្ច​សន្យា​​ណែនាំជាបន្តបន្ទាប់ ដល់បណ្តាម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ ពិសេស​សណ្ឋាគារ និងខុនដូរធំៗ ឱ្យចូលរួមសហ ការល្អជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដើម្បី​ទប់​ស្កាត់ និងបង្ក្រាបដាច់ខាតលើឧក្រិដ្ឋកិម្មឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើស​អសន្តិ​សុខ​នានា​។ គួររំលឹកថា កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់​តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួម​ប្រជាជន​ខ្មែរ​យើង​គ្រប់​ស្រទាប់​វណ្ណៈ គ្រប់និន្នាការក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ ដើម្បីរួបរួមគ្នាជា កម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុប​បំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្មឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើក​កម្ពស់​កេរ្តិ៍​ឈ្មោះដ៏​ប្រពៃ​នៃ​ប្រទេស​កម្ពុជា​នៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ លីហេង 

ក្រសួងសុខាភិបាល និងអង្គការដៃគូ ចុះពិនិត្យ អប់រំសុខភាព ចាក់វ៉ាក់សាំងដល់ស្ត្រី និង​កុមារ​ភៀសសឹក

2026/01/28 12:37:15 pm        281
ក្រសួងសុខាភិបាល សហកាជាមួយអង្គការយូនីសេហ្វ (Unicef)​ និងអង្គការសម្ព័ន្ធ​សុខភាព​កុមារ និងសុខភាពបន្តពូជ (RACHA) ចុះពិនិត្យស្ត្រីមានផ្ទៃពោះ ស្រាវជ្រាវ​រក​កុមារ​អាយុក្រោ​ម​៥​ឆ្នាំ ​ដែលមាន បញ្ហាកង្វះអាហារូបត្ថម្ភ អប់សុខភាព និងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ កុមារ និង​ទារ​កភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។លោក​វេជ្ជបណ្ឌិត ខាំ សម្ផស្ស ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃ រដ្ឋបាល​ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា តាមជំរំភៀសសឹកនីមួយៗ នៅក្នុងខេត្តឧត្តរមានជ័យ គឺ​មាន​ក្រុម គ្រូពេទ្យប្រចាំការពិនិត្យព្យាបាលជំងឺជូនដល់ពលរដ្ឋភៀសសឹកជាប្រចាំ ជាមួយ​នឹង​មាន​រថយ​ន្ត​សង្គ្រោះបន្ទាន់ ចាំដឹកអ្នកជំងឺខ្លាចមានជំងឺធ្ងន់ធ្ងរ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរ​ពេទ្យ​ធំ​ៗ ដើម្បីព្យាបាលឲ្យ ទាន់ពេលវេលា ។លោកវេជ្ជបណ្ឌិត ទន្ទឹមនឹងការផ្ដល់សេវាសុខាភិបាលប្រចាំថ្ងៃ នៅថ្ងៃទី២៨ ខែមករា នេះ ក្រុមគ្រូ ពេទ្យកម្ពុជា សហការជាមួយអង្គការ Unicef និងអង្គការ RACHA មកពិនិត្យ​សុខភាព​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និងស្ត្រីទើបសម្រាលកូនរួច ក៏ដូចជាកុមារក្រោមអាយុ៥ឆ្នាំ ដើម្បីតាមដាន​សុខភាព​ពួក​គេ ​បើរកឃើញថា មានបញ្ហា នឹងត្រូវព្យាបាលឲ្យទាន់ពេលវេលា ។ចំណែកស្ត្រី​មានផ្ទៃពោះ និងសម្រាលកូនរួច បានអរគុណដល់ក្រសួងសុខាភិបាល អាជ្ញាធរ និង អង្គការដៃគូ ដែលបានគិតគូរពីសុខភាព របស់ជនភៀសសឹក ហើយបានមកណែនាំពួកគាត់ ឲ្យ​ចេះ​ថែ​រក្សាសុខភាព និងការមើលថែកូនតូចៗ ។យោង​តាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ៣ម៉ឺននាក់ ឬជាង ៨២ភាគរយ បានវិល​ត្រឡប់​ទៅ​លំនៅឋានវិញ ដោយបច្ចុប្បន្ន នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានា ចំនួន​១១៣ ០៤០នាក់ ទៀត ក្នុងនោះស្រី្ត ចំនួន៥៩ ១៥៩នាក់ និងកុមារ ៣៧ ០៨៨នាក់៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជាបន្តប្រើប្រាស់ផ្លូវការទូតយ៉ាងសកម្ម ដើម្បីដោះស្រាយនិងការពារបូរណភាពទឹកដី

2026/01/28 12:25:58 pm        274
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានអះអាងថា រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​កំពុង​បន្ត​ប្រើប្រាស់ផ្លូវការទូតយ៉ាងសកម្ម ដើម្បីការពារនូវដែនអធិបតេយ្យ និង​បូរណ​ភាព​​ទឹក​ដី​របស់ខ្លួន និងប្តេជ្ញាតវ៉ាគ្រប់ទម្រង់ទាំងអស់ប្រឆាំងនឹងសកម្មភាពទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​ជុំវិញដល់សន្តិសុខរបស់ជនស៊ីវិលកម្ពុជា។តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីស្ថានភាពបច្ចុប្បន្នព្រំដែនរវាងកម្ពុជា និងថៃ នាព្រឹក ថៃ្ង​ទី​២៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គិតចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២៦ ម្សិលមិញ  គឺមានរយៈពេលមួយខែហើយដែលកម្ពុជា និងថៃបាន​អនុវត្ត​នូវ​កិច្ច​​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ​ខណៈកិច្ចព្រមព្រៀងនេះ​គឺ​ជាគោ​ល​បំណង​ដ៏​ពិសិទ្ធ​របស់​រាជ​រដ្ឋាភិបាល​​​កម្ពុជា​​គ្រប់​ជាន់​ថ្នាក់​​ទាំង​អស់ច​ង់បាន ដើម្បីបញ្ជៀសការស្លាប់ រងរបួស និងការ​ខូច​ខាត​ផ្សេង​​ទៀត​​​ដែល​កើត​ឡើង​ដោយ​សារ​ការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ។ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និង​គ្រប់​ចំណុច​ទាំង​អស់​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏​ដូច​ជា​កិច្ច​ព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំង​ពីរ​បាន​ឯកភាព​ជា​មួយ​គ្នា​កាល​ពី​ពេល​កន្លង​ទៅ ក្នុ​ងនោះក៏មានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។ ឯកឧត្ដមបន្តថា ក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលធំជាងគេបំផុត សេចក្តី​ប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា១៨ នាក់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ រយៈពេលមួយខែចុងក្រោយនេះដែរ ជនភៀសសឹកជាង ៨០% ក្នុងចំណោមពលរដ្ឋភៀសសឹក​សរុប​ជាង ​៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ នៅសល់ជន​ភៀសសឹ​ក​ប្រមាណ​ជា ១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ សូម​បញ្ជាក់​ជូន​ថា ជនភៀសសឹកទាំងអស់ ទាំងអ្នកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នក​ដែល​កំពុងប​ន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ បានទទួលការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ទាំ​គ្រប់​បែប​យ៉ាង​ពីរាជរដ្ឋាភិបាល។បទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់​ក្រុម​ការងារ​ចំពោះ​កិច្ច​ដែល​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល បានចុះបំពេញការងារដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និង​ហេដ្ឋា​រចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃ ដើម្បី​ជា​មូល​ដ្ឋាន​សម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាព​ប្រជាពលរដ្ឋ​ភៀស​សឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាតឱ្យបានឆាប់បំផុតផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុម​សម្រប​សម្រួល​នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងក្រុមអ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ដើម្បីបានឃើញការពិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់រងគ្រោះ និង​ពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោង និង​ទម្លាក់​គ្រាប់​បែក​របស់​យោធាថៃលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។ ក្នុងអំឡុងពេលនេះដែរ រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងរួមទាំងក្រសួង ស្ថាប័ន ដែល​ជា​សេនាធិការទាំងអស់បានបំពេញការងារការទូតយ៉ាងសកម្ម ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ និងបូរណភាពទឹកដី។ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន​តាម​ដានយ៉ាងយកចិត្តទុកដាក់បំផុត និងដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​បញ្ហា​នេះ ​ហើយបានតវ៉ាតាមគ្រប់ទម្រង់ប្រឆាំងនឹងសកម្មភាព ដែលធ្វើឱ្យ​ប្រែប្រួល​ដល់​បរិយាកាស​សន្តិសុខ​នៅ​ក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថាន​ភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង។ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន​បាន​និង​កំពុង​ជំរុញ​ភាគី​ថៃ​ឱ្យ​អនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលចែងថា «រាល់ការព្រម​ព្រៀង​ក្រោម​សេចក្តី​ប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែន​អន្តរ​ជាតិ​រវាង​ប្រទេសទាំងពីរនោះទេ។ ភាគីទាំង​ពីរ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​បន្ត​អនុវត្ត​ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រម​ព្រៀង​ដែល​មាន​ស្រាប់​រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាន​នូវ​សន្តិភាព​យូរ​អង្វែង​តាម​បណ្តោយព្រំដែន...»។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត កម្ពុជា​បន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជា​ប្រកាន់​ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈ​កម្ម​ការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការ​ណ៍ខ្សែ​ព្រំដែនមិ​នកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និង​កំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រម​ទាំង​កិច្ច​ព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា​មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ​៕

គណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតលើកទី១៦ នៃសភាតំបន់អាស៊ី (APA) នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន

2026/01/28 12:03:14 pm        151
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជា​ប្រធាន​ក្រុម​សភា​ជាតិ​កម្ពុជា​ នៃសភាតំបន់អាស៊ី (APA) រួមជាមួយ ឯកឧត្តម យស ផានីត្តា ប្រធាន​គណៈកម្មការ​ទី២ នៃ​ព្រឹទ្ធសភា ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​សភា​តំបន់អាស៊ី ស្តីពីកិច្ចការនយោបាយ, កិច្ចការ​សង្គម និងវប្បធម៌, កិច្ចការថវិកា និងផែនការ, និងពិធីបិទមហាសន្និបាតលើកទី១៦ នៅទីក្រុង​ម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន។ មហាសន្និបាត​លើកទី១៦ នៃសភាតំបន់អាស៊ី (APA) បានអនុម័តសេចក្តីសម្រេចចំនួន ២៧ ដែល​បានរៀបចំដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤ និង​សេចក្តី​ប្រកាស​ទីក្រុងម៉ាណាម៉ា។ មហាសន្និបាតបានសម្រេចលើប្រធានដឹកនាំ និង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ទាំង ៤ របស់ APA សម្រាប់ឆ្នាំ២០២៦ គឺ៖ ប្រទេសអ៊ីរ៉ង់ ជា​ប្រធាន​​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព, ប្រទេស​តាហ្ស៊ី​គីស្ថាន ជាប្រធានកិច្ច​ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍​កិច្ចការ​សង្គម និងវប្បធម៌, ប្រទេស​ហ្សក​ដានី ​ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ, និងប្រទេសកាតា ជា​ប្រធាន​​កិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការ​ផែនការ និងថវិកា។សូមជម្រាបថា ក្នុងអំឡុងពេលនៃមហាសន្និបាតលើកទី១៦នេះ គណៈ​ប្រតិភូ​សភា​កម្ពុជា​ត្រូវ​បាន​ជ្រើស​តាំង​ ជាអ្នករាយការណ៍ (Rapporteur) ផងដែរ៕

ឱកាសការងារជិត ៧០០កន្លែង ត្រៀមដាក់តាំងបង្ហាញក្នុងវេទិកាការងារនាថ្ងៃស្អែកនេះ នៅក្រសួងការងារ

2026/01/28 11:51:32 am        141
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជា​មួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្អែកនេះ ដោយ​នាំ​យកឱកាសការងារថ្មីបន្ថែមទៀត ចំនួន៦៧៧កន្លែង ពីក្រុមហ៊ុនធំៗចំនួន៧ សម្រាប់​ផ្តល់​ជូន​យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា ក្រុមហ៊ុនធំៗទាំង៧ ដែល​នឹងចូល​រួម​ក្នុង​វេទិកា​ការ​ងារ​នេះ មានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា)​ ឯ.ក, ក្រុមហ៊ុន គីមអ៊ីនជូ ឯ.ក, អង្គការប្រព័ន្ធទិន្ន័យកម្ពុជា (DDD), ក្រុមហ៊ុន អិមវីអិល តារា (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន ជីអូលីង គ្រុប និងក្រុមហ៊ុន យូ ឡាយហ្វ៍ ខេអេច ស៊ូភើ អាប់ ឯ.ក (WOWNOW)។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអំពាវនាវដល់យុវជន សិស្ស/និស្សិត និងអ្នក​កំពុង​តែ​ស្វែង​រក​ការ​ងារ​ធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន នៅក្នុងបរិវេណក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ចាប់ពីពេលព្រឹកម៉ោង៨ រហូតដល់ម៉ោង៥ល្ងាច៕

ឯកឧត្តម ឌិត ទីណា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

2026/01/28 11:11:22 am        163
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមករា។ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួមចំណែកការពារជាតិ និងប្រជាជន ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង-ស្រុក-ឃុំ ព្រះចៅអធិការវត្ត ព្រះសង្ឃ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋមូលដ្ឋានទាំងអស់ ដែលបានសហការគ្នាជាធ្លុងមួយចូលរួមផ្ដល់ទីជម្រក និងទំនុកបម្រុងដល់ពុកម៉ែបងប្អូនភៀសសឹកនៅទូទាំងខេត្តបន្ទាយមានជ័យ ដោយសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងស្មារតីខ្មែរតែមួយ។ឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងចូលរួមសម្រេចសមិទ្ធផលជូនប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិ ក្នុងឆ្នាំកន្លងទៅ ហើយឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នឹងបន្តខិតខំដើម្បីភាពសុខសាន្តសម្រាប់ប្រជាជន និងការរីកចម្រើនសម្រាប់ខេត្តបន្ទាយមានជ័យទាំងពេលនេះ និងពេលអនាគត៕

ពលករនិងពលរដ្ឋជាង ២ពាន់នាក់ ចូលរួមនិងទទួលបានឱកាសការងារ​ក្នុង​វេទិកា​ការងារ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង

2026/01/28 10:58:03 am        158
អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជាង ២ពាន់នាក់ បាន​ចូលរួម​ និង​ទទួល​បាន​ឱកាស​ការងារ​ពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២៦។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា ក្នុងខែមករានេះ ក្រសួងការងារបានរៀបចំវេទិកាការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តចំនួន២ រួចហើយ គឺនៅខេត្តបន្ទាយមានជ័យ ក្នុង​ស្រុកសិរីសោភ័ណ និងស្រុកមង្គលបូរី និងខេត្តបាត់ដំបង ក្នុងស្រុកបវេល និងស្រុកមោងឫស្សី ដែល​មាន​អ្នកចូលរួមចំនួន ២ ៤០៥នាក់ អ្នកជាប់ការងារ (បឋម) ៧០១នាក់ និងក្រុម​ហ៊ុន​ធំ​ៗ​ចូល​រួម​ផ្ទាល់ចំនួន ១០ក្រុមហ៊ុន ។ លោកបន្ថែមថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏ច្រើនសម្បូរបែប តាមរយៈវេទិកានេះ ពលរដ្ឋខ្មែរ និង​បង​ប្អូន​អតីត​ពលករ​ដែល​ត្រឡល់​មក​ពី​ប្រទេស​ថៃ​បាន​យល់​ដឹង​បន្ថែម​អំពី​អត្ថ​ប្រយោជន៍​របប​សន្តិសុខ​សង្គមនៅ​ពេលចូលបម្រើការងារនៅក្នុងស្រុក ជាពិសេសគឺទទួលបាន​ឱកាស​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។អ្នកនាំពាក្យក្រសួងការងារបានបន្ថែមថា គិតត្រឹមពេលនេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​រៀបចំវេទិកាការងារចំនួន ៥៨៣លើកមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ក្នុ​ង​នោះ​​ពលរដ្ឋ​ជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ។អ្នកនាំពាក្យរូបនេះក៏សូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និង​ពលរដ្ឋខ្មែរ ដែលមានបំណងស្វែងរកការងារធ្វើ សូមចូលរួមវេទិកាការងារនេះ ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​គ្រប់​ៗគ្នា ឬទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងកា​រ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារ​នៅ​រង់​ចាំ​ទទួល​ទូរសព្ទ​របស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍៕

កម្ពុជាគ្រោងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអូស្រ្តាលី លើការពង្រឹងវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស

2026/01/28 10:16:45 am        169
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅពេលខាងមុខនេះ គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។យោងតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រោយចប់កិច្ចប្រជុំពិភាក្សាការងារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦កន្លងទៅ រវាង ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ ជាមួយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក ជេរេមី ក្រហ្វឺត ( Jeremy Crawford) នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុង Geelong រដ្ឋ Victoria ប្រទេសអូស្ត្រាលី បានសសេរឱ្យដឹងថា MoU ដែលគ្រោងនឹងចុះហត្ថលេខានានេះ គឺផ្តោតសំខាន់ទៅលើការបង្កើតកិច្ចសហការលើការកសាងសមត្ថភាព ការតភ្ជាប់ជាមួយឧស្សាហកម្ម ជាពិសេសកិច្ចនឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលឱកាសបណ្ដុះបណ្ដាល តាមរយៈការរៀនជំនាញ និងការផ្លាស់ប្ដូរជំនាញទៅវិញទៅមក រវាងកម្ពុជា និងអូស្ដ្រាលី ដើម្បីអាចទទួលបានការងារលើជំនាញអាទិភាពនៅប្រទេសអូស្ដ្រាលី។ កិច្ចសហប្រតិបត្តិការនេះគាំទ្រយ៉ាងមុតមាំដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ជាពិសេសការអភិវឌ្ឍលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មទីក្រុង Geelong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះលទ្ធផលដែលសម្រេចបានពីជំនួបនេះ ក៏ដូចជាបានកោតសរសើរចំពោះវឌ្ឍនភាពក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដោយសង្ឃឹមថា កិច្ចសហការនេះ នឹងជួយដោះស្រាយការខ្វះខាតកម្លាំងពលកម្មជំនាញនៅក្នុងប្រទេសអូស្រ្តាលីផងដែរ។ លោក ជេរេមី ក្រហ្វឺត បានលើកឡើងថា អូស្ត្រាលីមានប្រព័ន្ធអប់រំដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក រួមទាំងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ប៉ុន្តែបញ្ហាប្រឈមដែលលោកបានកត់សម្គាល់នាពេលកន្លងមក នោះគឺបម្រែបម្រួលនៃការកំណត់ជំនាញបច្ចេកទេសដែលខ្វះខាត នៅក្នុងប្រទេសអូស្ត្រាលី ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាការរៀបចំការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ អាចមានភាពបត់បែនទៅតាមបម្រែបម្រួលនេះបាន។ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា កិច្ចសហការនេះនឹងទទួលបានលទ្ធផលជាទីមោទនៈ ដែលកើតចេញពីកិច្ចពិភាក្សាប្រកបដោយបរិយាកាសរីករាយនេះ ព្រមទាំងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហការនាពេលអនាគតជាច្រើនបន្ថែមទៀត ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងប្រទេសទាំងពីរ៕អត្ថបទ៖ ឈិត បូរ៉ាវី

វិចារណកថាក្រសួងបរិស្ថាន៖ ភាពខុសគ្នានៃលទ្ធផល PM2.5 ដែលទទួលបានពីផ្កាយរណប និងឧបករណ៍វាស់នៅលើដី

2026/01/28 09:15:06 am        172
ឧបករណ៍នៅលើដីផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់តំបន់ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការបំពុលខ្យល់លើតំបន់ធំៗPM2.5 គឺជាធូលីល្អិតតូចៗ ឬភាគល្អិតនិចលនៅក្នុងខ្យល់ ដែលមានទំហំតូចជាង 2.5 ម៉ៃក្រូម៉ែត្រ(ប្រហែលជា ៣០ ដងតូចជាងសរសៃសក់)។ ដោយសារតែវាមានទំហំតូចខ្លាំង ធូលីទាំងនេះអាចចូលទៅក្នុងសួត និងឈាមបាន ហើយអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ដើម្បីយល់ដឹងអំពីការបំពុលខ្យល់ និងការពារសុខភាពសាធារណៈ អ្នកវិទ្យាសាស្ត្រប្រើវិធីពីរដើម្បីវាស់ PM2.5 គឺ ការវាស់នៅលើដី និងការវាស់ដោយផ្កាយរណប។ ទោះជាយ៉ាងណា លទ្ធផលពីវិធីទាំងពីរនេះជាញឹកញាប់មានភាពខុសគ្នា ព្រោះវាស់ក្នុងរបៀបខុសគ្នា។១.ការវាស់ដោយប្រើឧបករណ៍នៅលើដី - ការវាស់ដោយផ្ទាល់ឧបករណ៍វាស់នៅលើដី វាស់ PM2.5 ដោយផ្ទាល់ពីខ្យល់នៅជិតផ្ទៃដី ដែលជាតំបន់ដែលមនុស្សដកដង្ហើម។ ឧបករណ៍ទាំងនេះភាគច្រើនត្រូវបានដំឡើងនៅក្នុងទីក្រុង ជិតផ្លូវ ឬតំបន់ឧស្សាហកម្ម។ ដោយសារតែវាវាស់ដោយផ្ទាល់ លទ្ធផលដែលទទួលបានមានភាពត្រឹមត្រូវខ្ពស់សម្រាប់តំបន់ជាក់លាក់។ វាក៏អាចវាស់បានជាបន្តបន្ទាប់ពេញមួយថ្ងៃ ដែលបង្ហាញពីការប្រែប្រួលនៃការបំពុលខ្យល់។ ប៉ុន្តែ ការដំឡើង និងថែទាំឧបករណ៍ទាំងនេះមានតម្លៃថ្លៃ ដូច្នេះវាមិនមាននៅគ្រប់ទីកន្លែងទេ ជាពិសេសនៅតំបន់ជនបទ ឬតំបន់ឆ្ងាយ។២.ការវាស់ដោយផ្កាយរណប - ការប៉ាន់ស្មានពីលើអាកាសផ្កាយរណបមិនវាស់ PM2.5 ដោយផ្ទាល់ទេ តែវាសង្កេតមើលពីរបៀបដែលធូលី និងភាគល្អិតក្នុងបរិយាកាស (ហៅថា Aerosol Optical Depth - AOD) ជះត្រឡប់ ឬស្រូបពន្លឺព្រះអាទិត្យ (តើពន្លឺព្រះអាទិត្យត្រូវបានធូលីក្នុងអាកាសបាំង ឬជះត្រឡប់មកវិញកម្រិតណា)។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រប្រើរូបមន្តស្មុគស្មាញដើម្បីប៉ាន់ស្មានកម្រិត PM2.5 នៅផ្ទៃដី។ អត្ថប្រយោជន៍សំខាន់នៃផ្កាយរណបគឺ វាអាចគ្របដណ្តប់តំបន់ធំៗ និងជួយវាស់ការបំពុលខ្យល់នៅកន្លែងដែលគ្មានស្ថានីយវាស់នៅលើដី។ ទោះជាយ៉ាងណា ដោយសារវាមិនវាស់នៅផ្ទៃដីដោយផ្ទាល់ លទ្ធផលអាចមានភាពមិនត្រឹមត្រូវខ្លះ។៣.មូលហេតុភាពខុសគ្នានៃលទ្ធផលវាស់កម្រិត PM2.5 ដោយឧបករណ៍វាស់លើដី និងដោយផ្កាយរណប - មូលហេតុមួយសំខាន់ដែលធ្វើឱ្យលទ្ធផល PM2.5 ពីផ្កាយរណប និងឧបករណ៍នៅលើដីខុសគ្នា គឺ៖- ទីតាំង៖ ឧបករណ៍នៅលើដីបង្ហាញស្ថានភាពការបំពុលនៅកន្លែងតូចមួយ ខណៈដែលផ្កាយរណបបង្ហាញជាមធ្យមលើតំបន់ធំ។ ដូច្នេះ ផ្កាយរណបអាចមិនចាប់បានតំបន់ដែលមានការបំពុលខ្លាំង ដូចជាជិតផ្លូវធំ ឬរោងចក្រ- ពេលវេលា៖ ឧបករណ៍នៅលើដីវាស់បានពេញមួយថ្ងៃ ខណៈដែលផ្កាយរណបឆ្លងកាត់តំបន់មួយតែម្ដង ឬពីរដងក្នុងមួយថ្ងៃ ហើយត្រូវការអាកាសធាតុល្អគ្មានពពក។ ដូច្នេះ វាអាចខកខានព្រឹត្តិការណ៍បំពុលខ្លះៗ ដូចជាការកកស្ទះចរាចរណ៍ ឬផ្សែងពីអគ្គិភ័យ- លក្ខខណ្ឌអាកាសធាតុ៖ អាចប៉ះពាល់ដល់លទ្ធផលពីផ្កាយរណប។ ឧទាហរណ៍ សំណើមខ្ពស់ ឬពពក អាចធ្វើឱ្យការបំពុលមើលទៅខ្លាំងជាងការពិត​ ខណៈឧបករណ៍នៅលើដីមិនរងឥទ្ធិពលពីបញ្ហានេះច្រើនដូចផ្កាយរណបទេ។ទោះបីជាលទ្ធផលពីវិធីទាំងពីរមានភាពខុសគ្នា ការវាស់ដោយផ្កាយរណប និងឧបករណ៍នៅលើដីសុទ្ធតែមានសារៈសំខាន់។ ឧបករណ៍នៅលើដីផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់តំបន់ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការបំពុលខ្យល់លើតំបន់ធំៗ។ ការប្រើទិន្នន័យពីវិធីទាំងពីររួមគ្នា អាចផ្តល់រូបភាពច្បាស់លាស់ជាងមុនអំពីគុណភាពខ្យល់ និងជួយការពារសុខភាពសាធារណៈបានល្អប្រសើរឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM