សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ

កម្ពុជាកំពុងពង្រឹងកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/25 01:51:24 pm        155
ធនាគារជាតិនៃកម្ពុជា កំពុងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រទេសនានា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីចៀសវាងជាប់ក្នុងបញ្ជីប្រផេះ និងដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជន វិនិយោគិនជាតិ និងអន្តរជាតិមកលើកម្ពុជា។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លង គ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសនានា និងក្រុមហ៊ុនទូទាត់អន្តរជាតិផ្សេងៗ ដើម្បីបង្កើនជម្រើសក្នុងការ ទូទាត់ឆ្លងដែន ព្រមទាំងចូលរួមគាំទ្រពាណិជ្ជកម្មអន្តរជាតិ និងការផ្ទេរប្រាក់អន្តោប្រវេសន៍។លោកជំទាវបណ្ឌិត បន្តថា ទន្ទឹមនិងការទទួលបានអត្ថប្រយោន៍ពីបច្ចេកវិទ្យា, ការឆបោកតាមប្រព័ន្ធអនឡាញបានកំពុងជា បញ្ហាប្រឈមស្មុគស្មាញ និងគួរឱ្យបារម្ភសម្រាប់តំបន់និងពិភពលោក, ក្នុងនោះប្រសិនការផ្សព្វផ្សាយអវិជ្ជមានពីកម្ពុជា ពាក់ព័ន្ធការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្កជាហានីភ័យកេរ្តិ៍របស់ប្រទេស ដែលអាចប៉ះពាល់មួយកម្រិតដល់វិស័យទេសចរណ៍ ទំនុកចិត្ត របស់វិនិយោគិន និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនជាដើម។ ការណ៍នេះអាចធ្វើឱ្យប្រទេសកម្ពុជាប្រឈមការដាក់បញ្ជូលក្នុងបញ្ជី ប្រផេះសារជាថ្មី ឬធ្ងន់ធ្ងរជាងនេះ។ ក្នុងន័យនេះ, រាជររដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីកសាយនៃ សកម្មភាពទាំងនេះ តាមរយៈការចុះបង្រ្កាបតាមអគារកាស៊ីណូខុសច្បាប់ ទីតាំងជម្រកសម្មភាពឆបោកអនឡាញ និងមានវិធានការ តឹងរឹងលើជនឧក្រិដ្ឋ។ ដើម្បីប្រយុទ្ធប្រឆាំងកាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម អង្គភាពស៊ើប ការណ៍ហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រទេសដៃគូរនានា តាមរយៈនៃសហការ ជាមួយអាជ្ញាធរ និងការដកហូតអាជ្ញាប័ណ្ណគ្រឹះស្ថានពាក់ព័ន្ធ ព្រមទាំងការបង្កកទ្រព្យសម្បត្តិបុគ្គលពាក់ព័ន្ធតាមអំណាចតុលាកា។ចំពោះទិសដៅក្នុងឆ្នាំ២០២៦នេះ ទាក់ទិនការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម, ធនាគារជាតិនៃកម្ពុជា នឹងបន្តសម្របសម្រួល ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានីភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មលើកទី២។ ការសម្របសម្រួល យុទ្ធសាស្រ្តជាតិស្តីពីការសម្អាតប្រាក់ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានភេវរកម្ម ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ការ បន្តតាមដានអនុវត្តកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ ស្របតាមច្បាប់និងបទប្បញ្ញាត្តិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេវរកម្ម។ បន្តរៀបចំឧបករណ៍ត្រួតពិនិត្យ ផ្អែកលើហានីភ័យសម្រាប់វិស័យអចលនវត្ថុ កាស៊ីណូ និងវិជ្ជាជីរៈច្បាប់, បន្តអភិវឌ្ឍប្រព័ន្ធ បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការវិភាគ និងការងារត្រួតពិនិត្យ និងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និង អន្តរជាតិ លើការងារប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មនេះជាដើម៕ អត្ថបទ៖ រ៉ាឌី

គ្រូនិងសិស្ស អំពាវនាវរៀនជំនាញតោន និងបាញ់ថ្នាំ ដោយសារអាចរកប្រាក់ចំណូលយ៉ាងហោច ៤០០ដុល្លារក្នុងមួយខែ

2026/01/25 01:36:43 pm        260
គ្រូបណ្តុះបណ្តាលជំនាញបច្ចេកទេសខាងផ្នែកតោន និងបាញ់ថ្នាំ បានបញ្ជាក់ឱ្យដឹងថា ខណៈដែលតម្រូវការទីផ្សារការងារមានខ្ពស់ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត ជំនាញក្នុងវិស័យតោន និងបាញ់ថ្នាំនៅកម្ពុជា ពលរដ្ឋអាចរកប្រាក់ចំណូលចន្លោះពី៤០០ ទៅ៥០០ដុល្លារ នៅក្នុងមួយខែ ឬអាចលើសពីចំនួនទាំងនេះ ប្រសិនបើមានចំណេះ និងជំនាញច្បាស់លាស់។នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានមានប្រសាសន៍ថា ដោយសារជំនាញតោន និងបាញ់ថ្នាំ ស្ថិតក្នុងវិស្វកម្មរថយន្ត និងខណៈមានការខ្វះខាតខ្លាំងក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យដើរទាន់ការវិវឌ្ឍន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា និងដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ វិទ្យាស្ថានបានសហការជាមួយវិស័យឯកជនជប៉ុន បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតោន និងបាញ់ថ្នាំបន្ថែម ដើម្បីរួមចំណែកយ៉ាងសំខាន់ និងទាន់ពេលវេលាក្នុងការផ្តល់ឱកាសដល់សិស្ស និស្សិត ទទួលបាននូវចំណេះ ជំនាញមួយច្បាស់លាស់ពិតប្រាកដ និងដើម្បីឆ្លើយតបឱ្យចំគោលដៅទៅនឹងតម្រូវការទីផ្សារការងារ គ្រាដែលជំនាញនេះ សិស្ស និស្សិតអាចរកចំណូលបានសមរម្យ ក៏ដូចជាអាចមានឱកាសខ្ពស់ចេញទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសជប៉ុន ដែលកំពុងមានតម្រូវការខ្ពស់ផងដែរ ដែលនឹងទទួលបានប្រាក់ខែចំនួនប្រមាណ ១ ៥០០ដុល្លារ ក្នុងមួយខែ។លោក ផុន រស្មី ជាគ្រូបណ្តុះបណ្តាលជំនាញតោន និងបាញ់ថ្នាំ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បាននិយាយឱ្យដឹងថា តាមបទពិសោធន៍ផ្ទាល់របស់លោកជំនាញទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងនៅលើទីផ្សារ ហើយតម្រូវការការងារក៏មានខ្ពស់ដែរ។ លោករៀបរាប់បន្តថា សម្រាប់អ្នកមានជំនាញ ចំណេះច្បាស់លាស់ក្នុងជំនាញនេះ គឺងាយស្រួលក្នុងការរកប្រាក់មែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលធ្វើការងារមានបទពិសោធន៍ខ្ពស់ ថ្ងៃក្រោយទៅក៏អាចបើកជាអាជីវកម្មផ្ទាល់ខ្លួន និងអាចរកចំណូលបានខ្ពស់ទៅតាមនឹងដូចគ្នា។ ក្រុមនិស្សិតដែលកំពុងរៀនជំនាញតោន និងបាញ់ថ្នាំនេះ បានអំពាវនាវដល់យុវជន ដែលពុំទាន់មានជំនាញ ឬមិនទាន់ដឹងថាគួររៀនជំនាញអ្វី អាចចាប់អារម្មណ៍មកចុះឈ្មោះរៀនជំនាញនេះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារខ្វះខាតទាំងពេលបច្ចុប្បន្ន និងអនាគត។ដើម្បីកសាងធនធានមនុស្សឱ្យមានជំនាញ និងផលិតភាពការងារខ្ពស់ ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន ក្រុមហ៊ុន ហុងដា ខា ហាកាតា ខូអិលធីឌី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦កន្លងទៅ បានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា ការបំពាក់ឧបករណ៍ និងសម្ភាបរិក្ខា ដែលមានតម្លៃ ២៧ម៉ឺនដុល្លារអាម៉េរិក ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យឈានដល់កម្រិតស្តង់ដារមួយកម្រិតទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

មន្រ្ដីជលផលខេត្តកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលក្នុងភូមិសាស្ត្រស្រុកបាធាយ

2026/01/25 01:24:03 pm        179
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញជលផលកំពង់ចាម បានបន្តចុះបង្ក្រាបបទល្មើសជល នៅភូមិសាស្ត្រស្រុកបាធាយបីករណី ក្នុងនោះបានលែងកូនត្រីចម្រុះទម្ងន់ជាង២២គីឡូក្រាម ចូលបឹងធម្មជាតិវិញផងដែរ។ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន៣ករណី និងលែងកូនត្រីចម្រុះទម្ងន់២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ នៅចំណុចតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។លោក លី ស្រ៊ី នាយខណ្ឌជលផលខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជល ក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរឹបអូសវត្ថុតាង និងបំផ្លាញចោលឧបករណ៍ល្មើស នៅនឹងកន្លែងរួមមាន៖ ឧបករណ៍លូស្បៃមុង របាំងស្បៃមុង និងលបប្រឹស១០០ ចំនួន ៧៥គ្រឿង និងបានប្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ។ ទន្ទឹមនឹងនេះដែរក្នុងនាមជាមន្ត្រីជំនាញនៃខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ផងដែរ៕

ផ្លូវកៅស៊ូ៥ខ្សែក្នុងស្រុកកណ្តៀង ត្រូវបានស្ថាបនា ដើម្បីសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ មានភាពងាយស្រួល

2026/01/25 12:54:45 pm        241
ពោធិ៍សាត់៖ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ផ្លូវក្រាលគ្រួសក្រហមជនបទចំនួន០៥ខ្សែ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បាននឹងកំពុងដំណើរការស្ថាបនាទៅជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់(DBST)និងបេតុង ស្របគ្នាក្នុងពេលតែមួយ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួលធ្វើដំណើរ ដឹកកសិផល និងសិស្សានុសិស្សទៅសាលារៀនជាដើម ។ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវទាំង០៥ខ្សែនេះ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្លូវកៅស៊ូDBSTទាំង០៥ខ្សែក្នុងស្រុកកណ្តៀង ដែលកំពុងស្ថាបនាក្នុងពេលនេះ សរុបមានប្រវែងជិត៣០គីឡូម៉ែត្រ ដោយមានសំណង់លូមូល៤៤កន្លែង លូប្រអប់១២កន្លែង និងស្ពានបេតុងរឹងមាំ១កន្លែង ដែលរួមមាន៖១-ផ្លូវផ្ទះស្រែ-បាគូ ប្រវែង៧គីឡូ៦១៥ម៉ែត្រ ២-ផ្លូវស្ថាននី-ធ្លក-បឹងចក ប្រវែង១១គីឡូ៣០០ម៉ែត្រ៣-ផ្លូវវត្តព្រះធាតុ-ភូមិថ្មី ប្រវែង៣គីឡូ២០០ម៉ែត្រ៤-ផ្លូវថ្មី-ធ្លាអំពិល ប្រវែង២គីឡូម៉ែត្រ៥-ផ្លូវបន្ទាយត្រោក-កំពង់សំបួរ ប្រវែង៤គីឡូ១០០ម៉ែត្រ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ការស្ថាបនាផ្លូវទាំង០៥ខ្សែនេះ គឺស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ។ សូមជម្រាប់ជូនដែរថា SAAMBAT(សម្បត្តិ) គឺជាគម្រោង១ក្នុងចំណោម​គម្រោងជាច្រើន​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរ​សហការចំនួន២ ក្នុងគោលបំណងស្ថាបនផ្លូវជនបទឲ្យប្រសើរឡើង លើកកម្ពស់គុណភាពផ្លូវពីក្រួសក្រហមទៅជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ។ បច្ចុប្បន្នគម្រោង SAAMBAT(សម្បត្តិ) គ្រប់ដណ្តប់ក្នុងខេត្តចំនួន១២ ដោយខេត្តពោធិ៍សាត់ទទួលបានផ្លូវចំនួន៨ខ្សែ មានប្រវែងសរុប៥១១៧០ម៉ែត្រ ក្នុងនោះស្រុកតាលោសែនជ័យទទួលបានផ្លូវ១ខ្សែស្ថាបនារួចរាល់ក្នុងជំហានទី១ ស្រុកវាលវែងទទួលបាន០២ខ្សែកំពុងស្ថាបនា និងស្រុកកណ្តៀងទទួលបានចំនួន០៥ខ្សែកំពុងស្ថាបនា ៕

ក្រសួងនាំយកឱកាសការងាររាប់ពាន់កន្លែងជូនអតីតពលករត្រឡប់មកពីថៃ និងពលរដ្ឋនៅបាត់ដំបង

2026/01/25 12:17:15 pm        220
ក្នុងស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារដល់បងប្អូនអតីតពលករវិលត្រឡប់មកពីថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបានការងារធ្វើភ្លាមៗ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស។ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.)រួមមាន៖១.ផ្នែកថែទាំសុខភាព៖ បងប្អូនទទួលបានការពិនិត្យ និងព្យាបាលជំងឺ ឬគ្រោះថ្នាក់ការងារ នៅតាមមន្ទីរពេទ្យដៃគូដោយមិនអស់ប្រាក់ ដែលជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារបានយ៉ាងច្រើន។២.ផ្នែកសោធននិវត្តន៍៖ ធានានូវសន្តិសុខសេដ្ឋកិច្ចនៅពេលចាស់ជរា ដោយបងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ប្រចាំខែសម្រាប់ចិញ្ចឹមជីវិត ដូចមន្ត្រីរាជការដែរ។៣.ផ្នែកហានិភ័យការងារ៖ ផ្ដល់ការគាំពារ និងប្រាក់បំណាច់ផ្សេងៗ ក្នុងករណីមានគ្រោះថ្នាក់កើតឡើងជាយថាហេតុក្នុងពេលបំពេញការងារ ឬពេលធ្វើដំណើរ។ជាមួយគ្នានេះ ការងារក្នុងស្រុកជួយឱ្យបងប្អូនបានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ ចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យយុវជន និងបងប្អូនពលករ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET ១,៥លាននាក់) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករពិចារណាក្នុងការជ្រើសរើសការងារក្នុងស្រុក ប៉ុន្តែបើជ្រើសរើសការងារក្រៅប្រទេសគួរតែទៅធ្វើការនៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់។ប្រជាពលរដ្ឋដែលសម្ភាសន៍ការងារជាប់ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានការងារធ្វើដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្រជាពលរដ្ឋ ថ្លែងអំណរគុណរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់តែម្ដង។សូមជម្រាបថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺវេទិកាជំនួបដ៏ធំមួយរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក សម្ភាស និងទទួលបានការងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុនធំៗដែលត្រូវការកម្លាំងពលកម្មបន្ថែមដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅឆ្ងាយ៕

កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

2026/01/25 11:50:25 am        696
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីថា កម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ខណៈកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃនៅច្រកព្រំដែនអន្តរជាតិរវាងខេត្តប៉ៃលិន និង ខេត្តចន្ទបូរី ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរ។ ក្នុងនោះភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ ហើយបានឯកភាពប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌ សីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេស ទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងតវ៉ាយ៉ាងខ្លាំង ចំពោះសកម្មភាពបំផ្លិចបំផ្លាញរបស់យោធាថៃមកលើប្រាសាទបុរាណខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា បណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ ក្នុងនោះក្រសួងស្ថាប័នពាក់ព័ន្ធបានចេញសេចក្ដីប្រកាសតវ៉ាយ៉ាងខ្លាំងដោយចាត់ទុកសកម្មភាពរបស់យោធាថៃនេះជាការរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយបន្តអំពាវនាវដល់ភាគីថៃ ត្រូវអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់លើគ្រប់ចំណុចដែលមានចែងក្នុងសេក្ដីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធីដោយផ្អែកលើច្បាប់៕

អភិបាលខេត្តកំពត ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ

2026/01/25 11:36:21 am        161
ដើម្បីបំពេញតម្រូវការ និងសម្រួលដល់ជីវភាពរបស់កងទ័ពជើងទឹក ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ។ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូននាយនាវី នាយនាវីរង និងពលនាវីទាំងអស់ និងបានកោតសរសើរដោយស្មោះ ចំពោះសកម្មភាពកសាងអង្គភាព និងមានភាពស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សណ្ដាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ការពារនូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងប្រទេសជាតិទាំងមូល។ឯកឧត្តមអភិបាលខេត្តបានបន្តថា កងកម្លាំងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដី ដែនកោះ ឆ្នេរសមុទ្រតាមបណ្តោយព្រំដែនទឹក ដែនគោក កម្ពុជា-វៀតណាម-ថៃ និងជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម ដែលមិនអាចខ្វះបាន។ ឯកឧត្តមអភិបាលខេត្តក៏បានសំដែងនូវការគោរពដឹងគុណចំពោះវីរកងទ័ព ពិសេសកងកម្លាំងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កន្លងមកបានឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន ដែលទាំងនេះគឺជាគំរូវីរៈភាពដែលពុំអាចកាត់ថ្លៃបាន ។ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ដែលបានយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងបានគិតគូរពីការលំបាកគ្រប់បែបយ៉ាងដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តាកោះជួរមុខជាប់ជាប្រចាំ និងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ បរិក្ខា គ្រឿងឧបភោគ បរិភោគ ក៏ដូចជាថវិកាសម្រាប់កសាងអង្គភាពផងដែរ។សូមជម្រាបថា អំណោយផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះ ឆ្នេរ រួមមាន៖ អង្ករ ១០តោន, មី ១០០កេស, ទឹកត្រី ១០០យួរ, ត្រីងៀត៖ ១០០គីឡូក្រាម, ស្ករស ១០០គីឡូក្រាម, ប្រេងឆា ១០០លីត្រ, ប៊ីចេង ២០គីឡូក្រាម, ទឹកសុទ្ធ ១៥០យួរ, ម៉ូតូ ០៥ គ្រឿង, ថវិកាចំនួន ២០លានរៀលសម្រាប់កសាងអង្គភាព និងឃីតចំនួន ១ ០០០កញ្ចាប់ ដែលក្នុងមួយៗឃីតមានដូចជា៖ អាវរងា ភួយ អំបុកលីងជាមួយសាច់ជ្រូកផាត់ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចំបាច់មួយចំនួនទៀត។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ជូននូវ ស៊ីម៉ងត៍ចំនួន ៤០០តោន និងដែកចំនួន ២០តោនសម្រាប់សម្រាប់កសាងអង្គភាព និងបន្តផ្តល់អង្ករ៥តោនក្នុងមួយខែ ជារៀងរាល់ខែផងដែរ៕

មន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាជូនពលរដ្ឋជាង៤០០នាក់នៅខេត្តកែប

2026/01/25 11:23:39 am        130
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤២៦នាក់ និងបញ្ជូនទៅវះកាត់ព្យាបាលភ្នែកបន្តនៅមន្ទីរពេទ្យព្រះអង្គឌួង ចំនួន១០៣នាក់ រស់នៅខេត្តកែប ។ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នៅមនី្ទរពេទ្យខេត្តកែប ក្រោមវត្តមាន លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង, លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប, លោក ប៉ាង ពៅ នាយកអភិវឌ្ឍន៍កម្មវិធីចិរភាពកម្ពុជា និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្រេ្វដហូឡូ និងប្រជាពលរដ្ឋជាច្រើនទៀត។លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ការចុះពិនិត្យសុខភាពភ្នែកនាពេលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋយើង ឱ្យបានល្អប្រសើរ ព្រោះថាសុខភាពភ្នែកមានសារសំខាន់ណាស់។ ការចុះពិនិត្យភ្នែកនេះ មន្ទីរពេទ្យសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប មូលនិធិ ហ្វ្រេដហូឡូ និង មូលនិធិ វ័ន សាញ ក្នុងនោះមូលនិធិ វ័ន សាញ ចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលគ្រូពេទ្យជំនាញពិនិត្យឃើញថាមានបញ្ហាគំហើញដែលតម្រូវឱ្យពាក់វ៉ែនតា ដើម្បីធ្វើឱ្យភ្នែកបានល្អប្រសើរ។ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកែប បានអរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតាដោយមិនគិតថ្លៃ។លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប មានប្រសាសន៍ថា វត្តមានរបស់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យភ្នែក ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យព្រះអង្គឌួង ពិតជាមានប្រយោជន៍សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ និងសូមអរគុណចំពោះការយកចិត្តទុកដាក់ពីលោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងមូលនិធិហ្វ្រេដហូឡូ តែងតែយកចិត្តទុកដាក់ជួយគាំទ្រផ្នែកសុខភាពភ្នែក នៅខេត្តកែប។អត្ថបទ រដ្ឋា 

អភិបាលខេត្តកណ្ដាលណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបង្ក្រាបបទល្មើសទាំងអស់ក្នុងមូលដ្ឋាន

2026/01/25 11:04:11 am        208
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ទូទាំងខេត្តត្រូវបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនោះបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ online scam អាជ្ញាធរ ក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ " ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះឯកឧត្តមអភិបាលខេត្តកណ្ដាលបានថ្លែងថា សម្រាប់បទល្មើស បោកប្រាស់តាមប្រព័ន្ធអនឡាញ online scam អាជ្ញាធរ ក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ត្រូវមានកិច្ចសហការចូលរួមពីប្រជាពលរដ្ឋក្នុងការរាយការណ៍ព័ត៌មាននានាពាក់ព័ន្ធនិងជនសង្ស័យ ឬទីតាំងដែលសង្ស័យមកកាន់សមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលក៏បានជំរុញដល់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវយកបញ្ហាទប់ស្កាត់បទល្មើសនានា មកប្រជុំឱ្យបានទៀងទាត់ក្នុងក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ សំដៅពិនិត្យពិភាក្សាគ្នា ដាក់ចេញនូវវិធានការដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អនុវត្ត ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋានខ្លួនកុំឱ្យមានការកើនឡើង។ ក្នុងឱកានោះ ឯកឧត្តម ក៏បានកោតសរសើរ ដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២៥ កន្លងទៅ។ សម្រាប់ឆ្នាំ២០២៦នេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវតែបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគឺត្រូវខិតខំធ្វើឱ្យភូមិឃុំសង្កាត់របស់ខ្លួនទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវខិតខំបង្កា និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាព ត្រូវមានវិធានការ ដើម្បីទប់ស្កាត់បទល្មើសមិនឱ្យកើនឡើង៕សៅ យ៉ាម៉ង់

ផែប៉ុស្តិ៍សុខភាពចល័តភូមិព្រែកក្រ លើបឹងទ្លេសាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ សម្រួលការលំបាកប្រជាពលរដ្ឋ

2026/01/25 09:12:11 am        126
ពោធិ៍សាត់៖ ផែប៉ុស្តិ៍សុខភាពចល័តព្រែកក្រ ស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិបណ្តែតទឹកព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) តាមរយៈឯកឧត្តមបណ្ឌិត ទី ថានីអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបាកាន ត្រូវបានធ្វើពិធីប្រគល់-ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមជួយលើកកម្ពស់សុខមាភាពនិងជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ប្រជានេសាទ ដែលនៅដាច់ស្រយាលឆ្ងាយពីទីប្រជុំជនស្រុកបាកាន ។ពិធីប្រគល់-ទទួល សម្ពោធផែប៉ុស្តិ៍សុខភាពចល័តនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយស្រុកបាកាន លោក ចន និងភរិយារួមនិងក្រុមគ្រួសារ ដែលជាម្ចាស់ជំនួយ និងដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុកបាកាន លោកអភិបាលស្រុកបាកាន លោកប្រធានមន្ទីរសុខាភិបាលខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ។លោក តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ផែប៉ុស្តិ៍សុខភាពចល័ត ដែលធ្វើពិធីប្រគល់-ទទួល និងសម្ពោធ នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះសុខុមាលភាព របស់បងប្អូន ទោះបីជាបងប្អូនរស់នៅលើផ្ទះបណ្តែតទឹកដែលនៅឆ្ងាយពីដីគោកយ៉ាងណាក្តី ។ ភូមិសាស្ត្រតំបន់បឹងទន្លេសាប ជាពិសេសតំបន់ភូមិអណ្តែតទឹកនេះ មានភាពលំបាកបន្តិច សម្រាប់ការធ្វើដំណើរទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅលើគោក។ កត្តានេះហើយ ដែលធ្វើឱ្យបងប្អូនមួយចំនួន ជាពិសេសចាស់ជរា និងកុមារ ជួបការលំបាកក្នុងការ ទទួលបានការថែទាំសុខភាពឱ្យបានទាន់ពេលវេលា ។ មើលឃើញពីទុក្ខលំបាកនេះ ទើបរាជរដ្ឋាភិបាល ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរខេត្ត បានខិតខំសម្រេចឱ្យមាន ផែប៉ុស្តិ៍សុខភាពចល័ត នេះឡើងដោយមានមន្ត្រីសុខាភិបាលនិងគ្រូពេទ្យ ប្រចាំការ ។ ចាប់ពីពេលនេះតទៅ ប៉ុស្តិ៍សុខភាពនេះនឹងដើរតួនាទី យ៉ាងសំខាន់៖ ១. ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅបឋមជូនបងប្អូននៅមូលដ្ឋាន ២. ផ្តល់សេវាថែទាំសុខភាព មាតា និងទារក ព្រមទាំងថ្នាំបង្ការ ៣. ជាកន្លែងសង្គ្រោះបឋម មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្នុងករណី ធ្ងន់ធ្ងរ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ការទទួលបាននូវផែចល័តដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី តាមរយះ ឯកឧត្តមបណ្ឌិត ទី ថានី ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅទីនេះ ដោយបង្ខិតសេវាអោយកាន់តែជិតប្រជាពលរដ្ឋ ដែលកន្លងមកប្រជាពលរដ្ឋត្រូវបន្តទៅស្វែងរកសេវាថែទាំសុខភាពផ្សេងៗ រឺសម្រាលកូន នៅមណ្ឌលសុខភាពមេទឹកនារដូវវស្សា និងតំបន់ផ្សេងៗដូចជា ខេត្តសៀមរាប និង មណ្ឌលសុខភាពរាំងទិលនារដូវប្រាំង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះត្រូវចំណាយថវិកាច្រើនក្នុង ការទៅស្វែងរកសេវាថែទាំសុខភាពដែលស្ថិតនៅឆ្ងាយ និងប្រជាពលរដ្ឋមួយចំនួនសម្រាលកូន នៅទីនេះដោយឆ្មបបុរាណ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ហើយក៏មិនមានប្រព័ន្ធបញ្ជូនអ្នកជំងឺច្បាស់លាស់ទាន់ពេល ប្រកបដោយសុវត្ថិភាពដល់អ្នកជំងឺនៅឡើយ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) ដែលមានលោក ចន និងភរិយា រួមនិងក្រុមគ្រួសារ ដែលជាម្ចាស់អំណោយ បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រួលការលបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនេះគឺកាយវិការមនុស្សធម៌ដ៏មានតំលៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) បានចូលរួមសកម្មភាពមនុស្សធម៌ក្នុងខេត្តពោធិ៍សាត់ កន្លងមកអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី តែងតែចូលរួមឧបត្ថម្ភ ផ្តល់អំណោយ និងកសាងសមិទ្ធផលនានាលើវិស័យអប់រំនៅខេត្តពោធិ៍សាត់ ។ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រួមនិងក្រុមការងារចុះជួយស្រុកបាកាន បានប្រគល់ជូន ឈុតភ្លើងសូឡា និងទូកសម្រាប់ធ្វើដំណើររបស់ប៉ុស្តិ៍ផែសុខភាពចល័តព្រែកក្រ ងាយស្រួលផ្តល់សេវានិងជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM