សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ

អំណោយភ្លើងទេវតាចំនួន២៤០ឈុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងារក្រសួងបរិស្ថានបំពាក់ជូនពលរដ្ឋតាមផ្ទះ នៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី

2026/01/25 08:50:19 am        111
ក្រុមការងាររបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រួមជាមួយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ក្នុងវិស័យបរិស្ថាន ក្រុមការងារសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាមូលដ្ឋាននៃរដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចុះតម្លើងហ៊ូមសូឡា (ភ្លើងទេវតា) ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងភូមិកោដូន្តី ភូមិតានិល និងភូមិពុទ្រា ឃុំត្រពាំងជោរ ស្រុកឧរ៉ាល់ ខេត្តកំពង់ស្ពឺ សរុបបានចំនួន២៤០ឈុត តាមខ្នងផ្ទះប្រជាពលរដ្ឋ លើផែនការសរុបដែលត្រូវតម្លើងជូនប្រជាពលរដ្ឋ ចំនួន៣០៣ឈុត។ប្រជាពលរដ្ឋ ដែលទទួលបានអំណោយភ្លើងទេវតានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរដល់សុខទុក្ខ និងជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរជាលំដាប់។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានថ្លែងថា ក្រសួងបរិស្ថាន ត្រូវរៀបចំជំរុញសកម្មភាពអភិវឌ្ឍន៍តំបន់ទេទឹកពុះ ជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញបំផុតមួយ និងប្រែក្លាយជាសហគមន៍អព្យាក្រឹតកាបូនផងដែរ។ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុង ក្នុងឱកាសសម្តេចប្រមុខរាជរដ្ឋាភិបាល មកបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់សហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តនេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងបរិស្ថានបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ គឺជាការឆ្លើយតបនឹងការចូលរួមចំណែកសំខាន់ ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីបង្កើតអនាគតថ្មីសម្រាប់ ប្រជាពលរដ្ឋនៅតំបន់នេះ។ សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ក្រុមការងារក្រសួងបរិស្ថាន ក៏សម្រេចបានការបោះបង្គោលព្រំសម្រាប់គម្រោងអភិវឌ្ឍន៍គោលដៅលម្ហៃបៃតង សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ នៅតំបន់ទេទឹកពុះរួចហើយដែរ។ បន្ទាប់មកក្រសួងបរិស្ថាន រៀបចំហេដ្ឋរចនាសម្ព័ន្ធ ក្លោងទ្វារទីតាំងសម្រាប់កម្សាន្ត កន្លែងផ្តល់ព័ត៌មាន កន្លែងផ្សារសហគមន៍ ទីតាំងវប្បធម៌ ការគោរពបូជាតាមជំនឿសាសនា របស់ប្រជាពលរដ្ឋ និងការបង្កើនគម្របបៃតង ដាំដើមឈើ រៀបចំសួនច្បារ និងកន្លែងសម្រាកលម្ហែផងដែរ។ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សារសេ និងអាចមានកន្លែងទៅរហូតដល់១០០អង្សាសេ។ តំបន់ទេទឹកពុះនេះ មានស្ថាិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន និងត្រូវបានចាត់ទុកថាកន្លែង ដែលទាក់ទាញទេសចរមកកម្សាន្ត និងអ្នកមានជំនឿមកគោរពបូជាឥតដាច់ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះស្ថានភាពសហគមន៍ នៅមានព្រៃឈើ ដែលជាតំបន់ភ្នំអារក្ស និងទីតាំងជំនឿរបស់បងប្អូនជនជាតិសួយផងដែរ៕

ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា

2026/01/24 07:58:08 pm        387
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧប​នាយក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និងជា​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា(ស.ស.យ.ក.) បានថ្លែងថា រយៈ​​ពេល ៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ នាថ្ងៃទី២ ធ្នូ ១៩៧៨ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(ស.ស.យ.ក.) បាន និង​កំពុងបន្ត​ពូន​ជ្រុំ​ស្មារតី​យុវជន និងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុង​នាម​ជា​អង្គការ​សមាគម​យុវជន​ដ៏​ធំ​ជាងគេនៅកម្ពុជា ដោយ​បន្តនាំមកនូវចំណុចរួម ពង្រឹង​កត្តា​សាមគ្គី​ឯកភាព ផ្អែក​លើ​បុព្វ​ហេតុ​ដែល​តម្កល់​ផល​ប្រយោជន៍​ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និង​ប្រជាជន ជាចម្បង នៅ​គ្រប់​កាលៈទេសៈ​។ ឯកឧត្ដមបន្តថា កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ដែល​អនុញ្ញាត​ឱ្យ​យើង​សម្រេច​បាននូវសមិទ្ធផលជាច្រើនមកដល់បច្ចុប្បន្ន។ក្នុងនាមយុវជនជំនាន់ក្រោយ ឯកឧត្ដម​ពិត​ជា​មាន​មោទន​ភាព​ចំពោះ​គំរូ​វីរភាព​របស់​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន ​ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា ដោយឈរលើ កត្តា ៣ សំខាន់ៗ៖ ទី១. ការបិទទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ឯង នៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ, ទី២. ការកសាងប្រទេសឡើងវិញពីបាតដៃទទេ លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ ការ​បរ​ទេស​ រដ្ឋបាលសាធារណៈ វប្បធម៌ សីលធម៌សង្គម ដែលជាខឿនដ៏រឹងមាំនៃសង្គមជាតិយើង, និង ទី៣. ​អន្តរកាលនៃការបន្តវេន ប្រកបដោយស្ថិរភាព ដែល​ជា​បុរេ​លក្ខខណ្ឌ​ដ៏​ចាំ​បាច់​សម្រាប់​ការ​បន្ត​ពង្រឹង​វិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។ឯកឧត្ដមបានលើកឡើងជាសំនួរថា «ពីនេះទៅមុខ តើយើងម្នាក់ៗ ក្នុងនាមជាបុគ្គល និង​ជា​ជាតិ​សាសន៍​មួយ ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បីរួមចំណែកដល់ការថែរក្សា ការពារនូវរាល់​សមិទ្ធ​ផល​ដែល​ជា​មរតក​ដ៏​មាន​តម្លៃ ​និង​បន្ត​កសាង​ជាតិ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត?»សូមជម្រាបថា នាព្រឹកថ្ងៃទី២៤មករានេះឯកឧត្តម ឧប​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ភាព​ ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា​រ​អគារ​ស្នាក់​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង។អគារស្នាក់ការថ្មីនេះ​ប្រើរយៈពេលសាងសង់១២ខែ ដោយ​បានចាប់ផ្តើមការសាងសង់ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយ​ថវិកា​សរុប​ជាង ៥០​ម៉ឺន​ដុល្លារ។ អគារនេះ ស្ថិតនៅ​លើ​ផ្ទៃ​ដី​ទំហំ​សរុប​ ២,៤០០ម៉ែត្រការ៉េ កំពស់អគារ១ជាន់ ដោយរចនាបទនៃអគារ មានលក្ខណៈ សាមញ្ញ ប៉ុន្តែ​ឈរ​​លើ​មូលដ្ឋាន​បត់​បែន​ទៅ​តាម​សម័យ​ទំនើប​ស្រប​តាមជំនាន់យុវជនក្នុងយុគសម័យឌីជីថល ដែល​មានពណ៌​អគារ​ស្រប​ទៅ​តាម​និមិត្ត​សញ្ញា ​ស.ស.យ.ក. និងការផ្សារ​ភ្ជាប់​ជាមួយ​បរិស្ថាន​ធម្ម​ជាតិ​ដើម​ឈើ​ធំ​ៗ​ដ៏ស្រស់បំព្រង៕ 

រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី

2026/01/24 06:55:55 pm        360
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធពិធីបុណ្យអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ក្រោម​វត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ, ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង​ពុទ្ធ​បរិស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះករផងដែរ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។ព្រះលោកេស្វរៈ ឬ ព្រះអវលោកិតេស្វរៈ គឺជាពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន ដែល​តំណាង​ឱ្យ ​«សេចក្តីមេត្តាករុណាដ៏មហាសាល»។ តាមជំនឿរបស់បុព្វបុរសខ្មែរ តាំង​ពី​សម័យ​អង្គរ​ ជាពិសេស​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ព្រះ​លោកេស្វរៈ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​អ្នក​តាម​ជួយ​សង្គ្រោះមនុស្ស​លោកឱ្យផុតពីទុក្ខភ័យ និងនាំមកនូវសេចក្តីសុខសាន្ត។ការសាងសង់រូបព្រះបដិមាលោកេស្វរៈនេះឡើង មិនត្រឹមតែដើម្បីសោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជាកន្លែងបួងសួងសុំសេចក្តីសុខ ជួយបីបាច់ថែរក្សា និង​ផ្តល់​សេចក្តី​សុខ​សាន្ត​ត្រជាក់​ត្រជុំ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅទូទាំងប្រទេស ជាពិសេស រំលឹកដល់ដួងវិញ្ញាណ​ក្ខន្ធ​ដល់​វីរៈ​កងទ័ព​គ្រប់​រូប​ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីមួយនេះផងដែរ។ការ​អភិសេកបដិមាលោកេស្វរៈ រង្វង់មូលដៃ៨ នាថ្ងៃនេះ នឹងក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​កម្សាន្តនៅខេត្តឧត្តរមានជ័យកាន់តែច្រើនឡើង។ សមិទ្ធ​ផល​នេះ​គឺ​ជា​សក្ខី​ភាព​បញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទឹក​ដី​ភូមិ​ភាគពាយព្យមួយនេះ កំពុងបោះជំហាន​ទៅ​រក​ភាព​រុង​រឿង​ប្រក​បដោ​យ​និរន្តរ​ភាព​ផង​ដែរ៕ អត្ថបទ​៖ ឃិន សារិទ្ធ

ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ

2026/01/24 05:14:54 pm        365
សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ ចូលរួម​សម្ភាស​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់​នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និង​ផ្ដល់​ការងារឱ្យខ្មែរ» នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសួនមានជ័យ ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យមានបងប្អូនពលករ និងយុវជនចូលរួមប្រមាណ៧០០នាក់។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ ក្នុង​ពិធី​ជួប​សំណេះសំណាលជាមួយបងប្អូននាឱកាសនោះថា នេះជាវេទិកា​ជំនួប​ដ៏​ធំមួយ​រវាង​អ្នក​ស្វែង​រក​ការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក សម្ភាស និង​ទទួល​បាន​ការ​ងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុនធំៗទាំង៤ ដែលត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ចំនួន ២ ៦៥០កន្លែង ដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និង​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរទៅឆ្ងាយ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់​កម្មករ​និយោជិតនៅពេលចូលបម្រើការងារនៅក្នុងស្រុក ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះ​ចូល​រៀន​វគ្គ​អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅគ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស ​និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស​តាម​រយៈ​កម្ម​វិធី​TVET ១,៥លាននាក់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករពិចារណាក្នុងការជ្រើសរើសការងារក្នុងស្រុក បន្ថែមលើប្រាក់ឈ្នួល ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាម​រយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជាពិសេសជួយសម្រាលបន្ទុកគ្រួសារពេលមានជំងឺ ឬ​ចាស់​ជរា​។ ប៉ុន្តែបើជ្រើសរើសការងារក្រៅប្រទេស គួរតែទៅ​ធ្វើ​ការ​នៅ​ប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​។ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍ថា វេទិកា​នេះ​គឺ​បាន​បង្ហាញ​ឱ្យ​ឃើញយ៉ាង​ច្បាស់​អំពី​ការ​រួម​គ្នា​ថែរ​ក្សាប្រពៃណីដ៏ល្អនៃស្មារតី«ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែ​ល​ផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម ផ្តល់ភាពជឿជាក់ដល់បងប្អូន ក្នុងខេត្តបន្ទាយមានជ័យ ដែល​កំពុងស្វែងរកការងារ ដើម្បីឱ្យមានឱកាសរួមគ្នាកសាង និងអភិវឌ្ឍជាតិបន្តទៀត។ឯកឧត្តម​បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការផ្តល់ឱកាសការងារ និង​ការ​បង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជីវភាពពលរដ្ឋផង និងការឈ្លានពានផងតាមរយៈមធ្យោបាយការទូត និងច្បាប់​អន្តរ​ជាតិ​ជា​ដើម​។ យើងមានការឈឺចាប់ពីការឈ្លានពាន តែមិនត្រូវបាក់ទឹកចិត្ត បណ្តោយឱ្យ​ក្លាយ​ជា​កម្លាំង​មួយ​ដែលសង្កត់យើងនោះទេ គឺយើងត្រូវតែរឹងមាំ អត់ធ្មត់ ខិតខំតស៊ូពង្រឹងសមត្ថភាព សាមគ្គី​ភាព គ្រប់គ្រងឱកាស និងពង្រឹងមុខរបរ ដើម្បីបង្កើន​ប្រាក់​ចំណូល​ស្វែង​រក​ឧត្តម​ភាព​ឡើង​វិញ​៕ អត្ថបទ៖ ឃិន សារិទ្ធ

សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល នៅស្រុកសន្ទុក ទទួល​បាន​សេវា​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ TYDA

2026/01/24 04:41:25 pm        371
នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និង​ជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល៣១៩៨នាក់ មក​ពី​សាលាបឋមសិក្សានានាក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.»​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ជាកិច្ចចាប់ផ្តើម ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធាន​ប្រតិបត្តិ​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេចតេជោ បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ​ដែល​មក​ទទួលសេវានាឱកាសនេះ។ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានឱ្យដឹងទៀតថា ក្រុម​គ្រូពេទ្យ TYDA ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកបណ្ឌិត ពេជ ចន្ទ​មុន្នី​ ហ៊ុនម៉ាណែត រយៈពេល១៣ឆ្នាំមកហើយ ប្រកបដោយ​ក្តី​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ជាក់ស្តែងថ្ងៃនេះ ក្រោមការ​ចង្អុល​បង្ហាញ​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត លោកបានដឹក​នាំ​គ្រូពេ​ទ្យ​ជិត​៣០០​នាក់ ចុះមកព្យាបាលជំងឺទូទៅ ជំងឺភ្នែក ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោក អ្នកគ្រូ សិស្សា​នុសិស្ស និងអាណាព្យាបាលនៅទីនេះ ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកប​ដោយ​ក្តី​ស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជំរុញ លើកកម្ពស់សុខភាពសហគម ជាពិសេស​គឺ​ការ​បង្ខិត​សេវា​សុខ​ភាពមកកៀកផ្ទះប្រជាពលរដ្ឋតែម្តង។ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន​លេខា​ធិការដ្ឋាន «គ.វ.អ.» សូមកោតសសើរចំពោះក្រុមគ្រូពេទ្យ TYDA ទាំងអស់ ដែលបាន​លះបង់​កម្លាំង​កាយ​ចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយៈពេលជាងច្រើនឆ្នាំកន្លងមកនេះ មិន​ថា​ព្យុះភ្លៀង រងាក្តៅយ៉ាងណាទេ គឺដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ទន្ទឹម​នឹង​នេះដែ​រ​ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាន​បង្កើត​គណៈ​កម្មាធិការ​ជាតិ ដើម្បីជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈ​កម្មាធិការ​ជាតិ​នេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជា​ប្រធាន។ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា នៅក្នុងការអនុវត្តការងារ លេខា​ធិការដ្ឋាន​នេះ​ដើរ​តួនាទីជាសេនាធិការរបស់ (គ.វ.អ.) ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ ការ​អប់រំ​តាម​រយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អ​កម្ម​វិធី​សិក្សា និង​រៀប​ចំ​កម្ម​វិធី​សិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាព​សិស្ស​តាម​រយៈ​កម្ម​វិធី​អាហា​រូបត្ថម្ភ​ដល់​កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ លើក​ទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។ រចនា​សម្ព័ន្ធលេខាធិការដ្ឋាន (គ.វ.អ) រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោលនយោបាយ, ផ្នែក​គាំទ្រ​សាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង​ទំនាក់​ទំនងសាធារណៈ។ ឯកឧត្តមបណ្ឌិត បានបង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​ក្នុង​ការ​អនុវត្ត​ការ​ងារ​នេះ និងជាពិសេសគឺការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជាតិ និងការ​ថែ​រក្សា​សន្តិភាព​យ៉ាង​រឹងមាំពិតប្រាកដរបស់ជាតិ។លោកគ្រូអ្នកគ្រូដែលជាគណៈគ្រប់គ្រងសាលាបឋមខាងលើ សូមគោរព​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូ​ពេ​ទ្យ TYDA ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចធិបតី និង លោក​ជំទាវ​បណ្ឌិត ដោយចាត់អោយក្រុមគ្រូពេទ្យជំនាញ ចុះមកព្យាបាល​ជំងឺ​ជូន​សិស្សានុសិស្ស​ដល់​សាលា​រៀន ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសហគមន៍ជាពិសេសកុមារ ដែលជា​ទំពាំង​ស្នង​ឫស្សី​។សូមជម្រាបថាសកម្មភាពពិនិត្យ និងព្យាបាលជំងឺទូទៅ និងសុខភាពមាត់ធ្មេញជូន លោកគ្រូ អ្ន​ក​គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលនៅថ្ងៃនេះ សរុបចំនួន ៣១៩៨នាក់ ស្មើរនឹង ៦៧៩៦​ករណី និងបញ្ជូលទៅព្យាបាលបន្តនៅភ្នំពេញមានចំនួន ២ករណី ក្រោមជំនួយឧបត្ថមដោយផ្ទាល់ និង​ទាំងស្រុងពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងថ្ងៃនេះដែរក៏មានការ អប់រំ និង​បណ្ដុះ​បណ្ដាល​អំពី​ការថែទាំសុខភាពបឋម ចំនួន ៧៣នាក់ ដើម្បីលោកគ្រូ អ្នកគ្រូ យកទៅបង្រៀន​ដល់​សិស្សា​នុសិស្សបន្ត៕

គ្រួសារកងទ័ព៤០០គ្រួសារក្នុងក្រុងពោធិ៍សាត់ ទទួលបាន​ការឧបត្ថម្ភ​ស្បៀង និង​ថវិកា​ពី​សប្បុរស​ជន

2026/01/24 04:16:12 pm        315
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និង​ថ​វិកាមួយចំនួនរបស់លោកជំទាវ ភឹម សំភ័ស ទីប្រឹក្សាសម្តេចតេជោ ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឡេង ប៊ុនដែន អគ្គលេខាធិការ​រង​នៃ​អគ្គ​លេខា​ធិការ​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ចែកជូនដល់គ្រួសារកងទ័ពជួរមុខ ក្នុង​ក្រុង​ពោធិ៍សាត់ចំនួន៤០០គ្រួសារដោយមួយគ្រួសារអង្ករ២០គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹក​ស៊ីអ៊ីវ១យួរ ឃីតមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀល នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅ​វត្ត​បន្ទាយដី។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបាន​បញ្ជាក់​ពី​ស្មារតី​ស្នេហា​ជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកជំទាវ ភឹម សំភ័ស និងឯកឧត្តម ឡេង ប៊ុនដែន ដែល​មាន​ទឹក​ចិត្តសប្បុរសធម៌​ផ្តល់​ជូន​គ្រួសារ​កងទ័ពជួរមុខចំនួន ៤០០គ្រួសារ​ក្នុង​ក្រុង​ពោធិ៍សាត់​នា​ពេល​នេះ​ក៏ដូចកន្លែងផ្សេងៗទៀតជាការចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេសក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេងនិងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រ ឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តមបានបន្តទៀតថារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ព្រោះថា ការយកចិត្តទុកដាក់លើគ្រួសារកងទ័ពកំពុងបំពេញបេសកកម្មនៅជួរមុខគឺជាកម្លាំងចិត្តដល់កងទ័ព ថាក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយ ទទួលបានការមើលថែដិតដល់ទាំងស្បៀង សម្ភារ និងថវិកាមិនទ្វេសប្រហែសនោះឡើយ។ ក្នុងខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិអាជ្ញាធរ ខេត្ត ស្រុក ក្រុងរួមជាមួយសប្បុរសជននិងប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម អភិបាលខេត្តសូមឱ្យក្រុមគ្រួសារកងទ័ពជួរមុខទាំងអស់សូមថែរក្សាសុខភាព និងចូលរួមសាមគ្គីគ្នាក្នុងស្មារតីជាតិតែមួយ ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សូមសំដែងនូវការតបស្នងសងគុណចំពោះគុណបំណាច់របស់វីរកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាពលរដ្ឋ សូមចងចាំជាប់ជានិច្ចមិនអាចបំភ្លេចបាននោះឡើយហើយសូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅសោយសុខក្នុងគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

សម្តេច ម៉ែន សំអន អញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣

2026/01/24 03:39:37 pm        237
សម្តេចកិត្តិសង្គហបណ្ខិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រី​សង្ឃទូទាំង​ប្រទេសលើកទី៣៣ប្រគេនដល់មន្ត្រីសង្ឃនិងពុទ្ធបរិសទ័ក្នុងទូទាំងខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ ជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តមលោកជំទាវ លោក លោកស្រីនៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីសង្ឃ ព្រះសង្ឃ តំណាងសាសនានា និងលោកយាយ លោកតាគណះកម្មការអាចារ្យវត្តទាំង៨ស្រុកក្រុងប្រមាណជិត១ពាន់អង្គ/នាក់ ។ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន​មាន​ប្រសាសន៍ថា នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលធំៗរួមមាន សន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី រក្សាលំនឹងសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ត្រូវបានការពារយ៉ាងគត់មត់ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមកាន់តែត្រូវបានលើកកម្ពស់ ជាពិសេសកិត្យានុភាពជាតិកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ រួមនិងការងារសាសនាជាតិ ក៏ត្រូវបានអភិវឌ្ឃន៏ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ពន្ធ័ផងដែរ ។ឆ្លៀតឱកាសនោះដែរ សម្តេចនូវបានថ្លែងកោតសសើរចំពោះមន្ត្រីសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជន ក្នុង និងក្រៅខេត្ត តាមរយៈការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីការងារផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ព្រះសង្ឃ ពុទ្ធបរិស័ទ ពិសេសសប្បុរជន ក្នុង និងក្រៅខេត្ត តាមរយៈសាលាគណខេត្ត កន្លងមក បានចូលរួមឧបត្ថម្ភលើគ្រប់មធ្យោបាយជូនដល់វីរកង ទ័ពសមរភូមិមុខបានល្អ ទៅតាមតម្រូវការ ពិសេសជួយដល់ជនភៀសសឹក ក៏ដូចជួយឧតត្ថម្ភគ្រួសារវីរកង ទ័ពនៅតាមមូលដ្ឋានក្នុងខេត្តដែលប្រឈមនឹងជីវភាពដោយក្តីគោរពស្រឡាញ់ជនរួមជាតិផងដែរ ។ ទន្ទឹមនិងនោះដែរសម្តេច នូវបានផ្តល់ទស្សនាទានមួយចំនួនដូចខាងក្រោម មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍ តាមរយៈសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តតួនាទីភារកិច្ច។ រួមព្រះកាយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្តីសម្រេច សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាលឱ្យក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ គណៈសង្ឃខេត្តត្រូវបន្តយកចិត្តទុក្ខដាក់ក្នុងការពង្រឹងគុណភាពសាលាពុទ្ធិកសិក្សា ដែលមាននៅខេត្តស្វាយរៀង រួមទាំងថ្នាក់ធម្មវិន័យឱ្យក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធិភាព ផ្នែកព្រះធម៌ ភាសាបាលីសំស្រ្កឹត និងចំណេះដឹងទូទៅ ពិសេសបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈដល់ជនគ្មានទីពឹង បរិស័ទដែលជួបគ្រោះ មហន្តរាយផ្សេងៗ ចុះសួរសុខទុក្ខដល់ជនភៀសសឹក និងវីរៈកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ៕ អត្ថបទ៖ ភា សារិទ្ធ​ 

អគារស្នាក់ការ ស.ស.យ.ក ខេត្តព្រៃវែង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោម​អធិបតី​ភាព​ឯកឧត្តម ហ៊ុន ម៉ានី

2026/01/24 01:26:19 pm        403
អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយ​មាន​ការចូលរួមពីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សរុប​៥០០នាក់។នៅក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា អគារថ្មីនេះ នឹងក្លាយ​ជាមូល​ដ្ឋាន​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​ជំរុញ និងបង្កើនប្រសិទ្ឋភាពនៃការងាររបស់ ស.ស.យ.ក ព្រៃវែងឲ្យកាន់​តែ​ល្អ​ប្រសើរ​ថែម​មួយ​កំរិតបន្ថែមទៀត ដើម្បីរួមចំណែកជំរុញកិត្យានុភាពរបស់ ស.ស.យ.ក តាមរយៈ​ការ​សម្រេច​បាន​សមិទ្ធ​ផលថ្មីៗ នៅក្របខណ្ឌខេត្ត គណៈកម្មាធិការកណ្ដាល ដោយស្រប​តាម​ផែន​ការ​យុទ្ធសាស្រ្តយុវជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ២០២៣_២០២៨ របស់ ស.ស.យ.ក។ ហើយអាគារនេះ ក៏ក្លាយជាមជ្ឈមណ្ឌលយុវជនដ៏រស់រវើក ដែល​ឆ្លើយ​តប​តំរូវ​ការ​ផ្សេងៗ​របស់​យុវជនសំដៅធ្វើយ៉ាងណាឲ្យកិត្យានុភាព ស.ស.យ.ក ជ្រៀបចូលដល់បេះដូងនៃស្រទាប់យុវជន គ្រប់​លំដាប់ និងគ្រប់និន្នាការទាំងនៅក្នុងខេត្តព្រៃវែងផ្ទាល់ និង​បណ្ដា​ខេត្ត​ជិត​នេះផ​ងដែ​រ។ បន្ថែម​លើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលបានផ្តល់ដីសំរាប់សាងសងអគារ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបាន​ផ្តួច​ផ្តើម​សាង​សង​អគារ​ស្នាក់​ការ​ថ្មី ស.ស.យ.ក ខេត្តព្រៃវែង និងសប្បុរសជននានាដែលចូលរួមឧបត្ថម្ភ។គួរបញ្ជាក់ដែរថា អគារស្នាក់ការថ្មីរបស់ស.ស.យ.ក.ខេត្តព្រៃវែង ប្រើរយៈពេលសាងសង់១២ខែ ដោយ​បានចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយ​ថវិកា​សរុប​ជាង ៥០​ម៉ឺន​ដុល្លារ។ អគារនេះ ស្ថិតនៅលើផ្ទៃដីទំហំសរុប ២,៤០០ម៉ែត្រការ៉េ កំពស់អគារ១ជាន់ ដោយរចនាបទនៃអគារ មានលក្ខណៈ សាមញ្ញ ប៉ុន្តែ​ឈរ​លើ​មូលដ្ឋាន​បត់​បែន​ទៅ​តាម​សម័យ​ទំនើប​ស្រប​តាមជំនាន់យុវជនក្នុងយុគសម័យឌីជីថល ដែលមានពណ៌​អគារ​ស្រប​ទៅ​តាម​និមិត្ត​សញ្ញា ​ស.ស.យ.ក. និងការផ្សារភ្ជាប់ជាមួយបរិស្ថានធម្មជាតិដើមឈើធំៗដ៏ស្រស់បំព្រង៕ អត្ថបទ​៖ទូច សោភ័ណ 

ទេសចរអន្តរជាតិបន្តមកទស្សនាកម្ពុជាដោយអារម្មណ៍សុវត្ថិភាព ទោះមានបញ្ហាជម្លោះព្រំដែន

2026/01/24 12:31:31 pm        297
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តតាមបណ្តាខេត្ត រាជធានីនៅប្រទេសកម្ពុជា បានអះ​អាង​អំពីអារម្មណ៍រីករាយ និងសុវត្ថិភាព បើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់ បើទោះ​ជា​ពេល​នេះ​កម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃក៏ដោយ។ទេសចរអន្តរជាតិ មកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមករា នេះថា មុនពេលមក ទស្សនា​កម្ពុជា ភ្ញៀវទេសចរអន្តរជាតិស្ទើរទាំងអស់គ្នា ទទួលបាន​ការ​ព្រមាន​អំពី​ភាព​អស្ថិរ​ភាព​ក្នុង​ប្រទេសកម្ពុជា ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា ដោយសារជម្លោះព្រំដែន ប៉ុន្តែ​នៅ​ពេល​មក​ដល់កម្ពុជា គឺស្ថានភាពជារួម មិនដូចអ្វីដែលគេណែនាំនោះទេ ពោល​គឺ​គ្រប់​គោល​ដៅ​​ទេសចរណ៍នៅទូទាំងប្រ ទេសនេះ មានសុវត្ថិភាពល្អ ទេសភាពស្រស់ស្អាត មានភាពអច្ឆរិយៈ ហើយ​ភ្ញៀវ​ក៏បានអំពាវនាវដល់ទេស ចរអន្តរជាតិឯទៀត កុំមានការយល់ច្រឡំចំពោះការណែនាំ និង​ការ​ផ្សាយព័ត៌មាននានា ដែលមិនមានឆ្លុះ បញ្ជាំងអំពីស្ថានភាពជារួម និង​ស្នើ​ទេសចរ​អន្តរជាតិ​នាំ​គ្នាម​កទស្សនាកម្ពុជា។ ថ្មីៗនេះ មានការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជា ហាក់អាចបង្កឱ្យមានការភាន់ច្រឡំ នៅ​ក្នុង​ចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពី​ស្ថាន​ភាព​ទូទៅ នៃសុខសុវត្ថិភាពទេសចរណ៍នៅកម្ពុជា ដែលការលើកឡើងនោះ គឺមានលក្ខណៈ​កំណត់​នៅ​តាម​តំបន់​ព្រំដែនខ្លះៗតែប៉ុណ្ណោះ មិនអាចទាញជាការ​សន្និដ្ឋាន​អំពី​កត្តា​សុខ​សុវត្ថិភាព​ទូទៅ​នៅ​ទូទាំង​ប្រទេសទេ ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍មាន សុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់​ទេសចរណ៍​សំខាន់​ៗ ​ដូច ជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅ​ទេសចរណ៍​ផ្សេង​ៗទៀត នៅតែបន្តបើកដំ ណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោម​ការធានាសុវត្ថិភាពយ៉ាងម៉ឺង ម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖ ស៊ុម សុខជា 

វិទ្យាស្ថាន ITI និងក្រុមហ៊ុនតូយ៉ូតា សហការគ្នាបង្កើនសមត្ថភាពអ្នកជំនាញដំឡើង និង​ថែទាំ​រថយន្ត​នៅ​កម្ពុជា

2026/01/24 11:41:12 am        354
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី​បង្កើត​ក្រប​ខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិ​ការ​ភាពជាដៃគូសាធារណៈ និងឯកជន ក្នុងគោលបំណង​លើកក​ម្ពស់​គុណភាព​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈលើជំនាញ​មេកានិច​រថយន្ត​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​ស្ដង់ដារ​ឧស្សាហ​កម្ម​ទំនើប។យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កិច្ចសហការនេះ ផ្ដោតសំខាន់​លើ​ការ​រៀប​ចំ​កម្ម​វិធីសិ​ក្សាថ្មី ការអនុវត្តកម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ (RIS) និងការផ្ដល់​ឱកាស​ដល់​សិស្ស-​និស្សិតចុះ​កម្មសិក្សា និងហាត់ការផ្ទាល់ និងឱកាសការងារនៅក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុន​នឹងបញ្ជូនអ្នកបច្ចេកទេសមកធ្វើជាគ្រូឧទ្ទេស (Guest Lecture) ដើម្បីចែក​រំលែក​បទ​ពិសោធន៍ និង​បច្ចេកវិទ្យាថ្មីៗដែលកំពុងមានវត្តមាននៅលើទីផ្សារ ព្រមទាំងការបណ្ដុះ​បណ្ដាល​បំពា​ក់​ជំនាញបន្ថែម (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់បុគ្គលិក និង​តម្រង់​ទិស​ដល់សិស្សានុសិស្ស។ក្នុងឱកាសអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងលោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និង​ឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តូយ៉ូតា កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះវិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបាន ក្នុងការកសាង​មូល​ធនមនុស្ស​ដែល​មាន​ផលិត​ភាពខ្ពស់ ជំនាញច្បាស់លាស់ និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបតាម​តម្រូវ​ការ​ទីផ្សារ​ការ​ងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជា​កម្លាំង​ចល​ករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុ​ញ​ឱ្យ​យុវជន​កម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ និងឱកាសការងារ​ល្អៗ​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ដំឡើងរថយន្តដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំង៕ អត្ថបទ៖ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM