សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀងបង្ហាញជំហរគាំទ្រចំណាត់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/23 02:38:19 pm        250
មន្ត្រីក្រុមប្រឹក្សាស្រុក ក្រុង ខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសមាគមលើកទី២អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានមានចំណាប់អារម្មណ៏ ដោយគោរពសំដែងអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានចាត់វិធានការលើគ្រប់មធ្យោបាយ ក្នុងការបង្ក្រាបល្បែងឆបោកតាម បច្ចេកវិទ្យា ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន បង្ករស្ថេរភាពជូនពលរដ្ឋរស់នៅនិងប្រកបរបរដោយសុស្ថេរភាព។ដោយឡែកសម្រាប់ខេត្តការបង្ក្រាបល្បែងឆរបោកតាមបច្ចេកវិជ្ជា ត្រូវបានរដ្ឋបាលខេត្ត ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ប៉េង ពោធិសា លោកបានប្រជុំ និងធ្វើសេចក្តីណែនាំឱ្យមន្ត្រីមានសមត្ថកិច្ច ចាត់វិធានការរួចរាល់ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច បានលើកបញ្ជាក់ថា៖ សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្ម គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចបង្ក្រាបពីពេលបច្ចុប្បន្ន និងទៅអនាគត៕ 

ការវាយប្រហាររបស់ថៃ បានបន្សល់ទុកគ្រាប់មិនទាន់ផ្ទះក្នុងបរិវេណ​មន្ទីរពេទ្យបង្អែក​ស្រុកសំពៅលូន

2026/01/23 02:29:09 pm        252
សង្គ្រាមឈ្លានពានជាលើកទី២ របស់ប្រទេសថៃមកលើកម្ពុជា បានបង្កផលប៉ះពាល់ និង​បន្សល់​ជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលើទឹកដីមាតុភូមិកម្ពុជា។ គ្រាប់មិនទាន់​ផ្ទុះមាន​ស្ទើ​គ្រប់​ទិសទី មិនថាសាលារៀន ផ្ទះសម្បែង អាគារសាធារណ: និងមន្ទីរពេទ្យ។ ជាក់ស្ដែង នៅមន្ទីរ​ពេទ្យ​បង្អែក​សំពៅលូន ក៏មានគ្រាប់ផ្លោងរបស់ថៃបាញ់ចូលផងដែរ ជាសំណាងមិនផ្ទុះមិន​បង្កជា​វិនាសកម្ម។ការបាញ់ផ្លោងរបស់ទាហានថៃ បានបង្ខំអោយពលរដ្ឋនៅតាមបណ្ដោយព្រំដែន រត់ភៀសសឹក បង្ខំអោយសាលារៀនផ្អាកដំណើរការសិក្សា បង្ខំឱ្យពេទ្យបិទទ្វាជម្លៀសអ្នកជំងឺ រើសម្ភារចាំបាច់សម្រាប់ព្យាបាលអ្នកជំងឺទៅទៅតាំងមានសុវត្ថិភាព។ជាក់ស្ដែងសម្រាប់មន្ទីរពេទ្យបង្អែកសំពៅលូន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវបានបិទទ្វារភ្លាមៗ ដោយសារការបាញ់នៅជុំវិញបរិវេណពេទ្យ។ ក្រោយបិទទ្វារជម្លៀសទៅអស់ គ្រាប់ផ្លោងរបស់ថៃ ក៏បានបាញ់ចូលបរិវេណមន្ទីរពេទ្យតែម្ដង។ ជាសំណាង គ្រាប់មិនប៉ះពាល់ដល់អាគារមន្ទីរពេទ្យ មិនប៉ះពាល់ដល់ផ្ទះពលរដ្ឋជុំវិញ។គ្រាប់ដែលបានបាញ់ផ្លោងចូលមន្ទីរពេទ្យ គឺ គ្រាប់កាំភ្លើងធំ (Artillery) 105mm។ បច្ចុប្បន្ន គ្រាប់នេះត្រូវបានហ៊ុមព័ទ្ធដោយអង្គភាព CMAC និងត្រៀមយកចេញនាពេលឆាប់ៗខាងមុខ ដើម្បីសុវត្ថិភាព។ ថ្មីៗនេះ មន្ត្រី AOT ក៏បានចុះត្រួតពិនិត្យគ្រាប់ដែលបានធ្លាក់ចូលបរិវេណមន្ទីរពេទ្យនេះដែរ។មន្ទីរពេទ្យបង្អែកសំពៅលូននេះ បានបិទទ្វារយ:ពេលប្រមាណជាង២០ថ្ងៃ ទើបបើកដំណើរឡើងវិញក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះជាការបញ្ជាក់របស់លោក ពូន សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកសំពៅលូន។ការបើកដំណើរការមន្ទីរពេទ្យបង្អែកសំពៅលូននេះឡើងវិញ ពិតជាមានសារសំខាន់ជាខ្លាំង ក្នុងការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងពលរដ្ឋរស់នៅស្រុក សំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង ភាគច្រើនមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនេះ។សម្រាប់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលលើកឡើងថា បើមន្ទីរពេទ្យបង្អែកនេះនៅមិនទាន់បើកដំណើរការ ច្បាស់ណាស់អាយុជីវិតរបស់គាត់ អាយុជីវិតរបស់កូនគាត់ច្បាស់ជាប្រឈមគ្រោះថ្នាក់។ ព្រោះទីតាំងមន្ទីរពេទ្យផ្សេងនៅឆ្ងាយ។ ពួកគាត់ពិតជាដឹងគុណដល់ក្រុមគ្រូពេទ្យ។សម្រាប់ភូមិសាស្ត្រស្រុកសំពៅលូន មានផ្ទះសម្បែងរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ថៃប្រមាណ ៥០ផ្ទះ។ ផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរមានចំនួន ៨ផ្ទះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រុក សំពៅលូន៕ អត្ថបទ៖ គឹម ហុក 

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រជុំក្រុមប្រឹក្សាបច្ចេកទេសជំរុញអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍

2026/01/23 02:22:10 pm        266
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ប្រចាំខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស រួមជានឹងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួង ស្ថាប័ន រាជធានី ខេត្តបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូមផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានថ្លែងថា ការសម្រេចបាននូវលទ្ធផលល្អប្រសើរជាទីមោទនៈក្នុងឆ្នាំ២០២៥របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺទទួលបានដោយសារមានការយកចិត្តទុកដាក់គិតគូខ្ពស់បំផុតពីរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ អន្តរជាតិ និងសង្គមស៊ីវិល។ ជាពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការឈានទៅសម្រេចបានកម្មវត្ថុទាំងបីនៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានផ្តល់អនុសាសន៍ដល់កិច្ចប្រជុំ និងក្រុមការងារបច្ចេកទេសរៀបចំផែនការសកម្មភាព និងសូចនាករសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ចូលរួមផ្សព្វផ្សាយ និងអនុវត្តការងារជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ ភាគរយ ដើម្បីបង្ការមេរោគអេដស៍និងជំងឺអេដស៍របស់រាជរដ្ឋាភិបាល និងជំរុញប្រសិទ្ធភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកវេជ្ជបណ្ឌិត ហួត សេរីរដ្ឋ ប្រធាននាយកដ្ឋានទាក់ទង និងចលនាប្រភពធន់ធាន បានលើកឡើងក្នុងអង្គប្រជុំថា ក្នុងឆ្នាំ២០២៤ កម្ពុជា មានអត្រាផ្ទុកមរោគអេដស៍ចំនួន ០.៥ ភាគរយមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦ ០០០នាក់ និងមានអ្នកឆ្លងថ្មីប្រមាណជា ១ ២០០នាក់ ដែលក្នុងនោះប្រមាណជា ៨៨ភាគរយជាក្រុមប្រជាជនគន្លឹះនិងអតិថិជនរួមនឹងដៃគូ និងភាគច្រើនជាយុវវ័យ៕ អត្ថបទ រដ្ឋា 

អនុប្រធានសមាគមអតីតយុទ្ធជន កោតសរសើរការរស់នៅ និងការដាំដុះដំណាំរបស់អតីតយុទ្ធជន នៅខេត្តបាត់ដំបង

2026/01/23 02:19:04 pm        168
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យពីការរស់នៅ និងការដាំដុះដំណាំរបស់អតីតយុទ្ធជន ដែលទើបចាប់ឆ្នោតទទួលបានផ្ទះដីឡូត៍ និងដីសម្បទានសង្គមកិច្ចកាលថ្មីៗនេះ នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជន ដែលបានរៀបចំផ្ទះដីឡូត៍យ៉ាងមានសោភ័ណភាព ព្រមទាំងបានចាប់ផ្តើមដាំដុះដំណាំហូបផ្លែជាបណ្តើរៗជុំវិញផ្ទះរបស់ខ្លួន។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ភូមិអតីតយុទ្ធជនក្នុងទីតាំងខាងលើនេះ គឺជាផែនការបន្ទាប់ពីដំណើរការរៀបចំទទួលបានសមិទ្ធផល និងប្រសិទ្ធភាពជាបន្តបន្ទាប់ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ខេត្តពោធិ៍សាត់ ដែលបានលើកស្ទួយ និងកែប្រែជីវភាពរស់នៅជូនអតីតយុទ្ធជនជាច្រើនរយគ្រួសារឱ្យមានភាពប្រសើរជាងមុន។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការធ្វើកសិកម្មដាំដុះដំណាំលើដីឡូត៍ និងដីកសិកម្មនេះ គឺជាផែនការសកម្មភាពគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋានជូនអតីតយុទ្ធជន និងនិវត្តជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍឆ្នាំ២០២៣-២០២៨ ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត។ក្នុងនាមសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម, ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទន្ទឹមនឹងរាជរដ្ឋាភិបាលតែងតែចាត់ទុកវីរភាពរបស់វីរកងទ័ព គឺជាយុទ្ធជនដែលមានគុណតម្លៃចំពោះជាតិ និងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានរៀបចំផែនការសកម្មភាព ដោយការចុះពិនិត្យផ្ទាល់ ក្នុងការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ដែលនេះជាបេសកកម្មចម្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជន។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អតីតយុទ្ធជនដែលទើបទទួលបានផ្ទះថ្មីត្រូវថែរក្សាឱ្យបានល្អ ដោយសារនេះគឺជាមរតកដ៏មានអត្ថន័យពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តរក្សាជាកេរ្ត៍ដំណែលដល់កូនចៅក្រុមគ្រួសាររបស់ខ្លួន៕

ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរនាយកដ្ឋានវិស្វកម្ម ថែទាំសុពលភាពផ្លូវបានល្អ

2026/01/23 02:08:25 pm        13
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ លើការងារថែទាំសុពលភាពផ្លូវ ចំនួនពីរគម្រោង នៅស្រុកកោះកុង ខេត្តកោះកុង ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទបានល្អប្រសើរ ដោយរក្សានូវប្រកប ដោយគុណភាព ឆ្លើយតបនឹងតម្រូវការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវ ចំនួន២គម្រោង ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅ តាមជនបទ គឺជាការវិនិយោគដ៍ចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងគោលដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យគ្រប់ដណ្តប់នៅទូទាំង ប្រទេស ដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន និងជំរុញដល់ដំណើរការអន្តរកម្មសង្គម-សេដ្ឋកិច្ច ការផ្សាភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗ រវាងជនបទនិងទីប្រជុំជនជាដើម។ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញការវិនិយោគសារធារណះលេីវិស័យផ្លូវនៅតាមជនបទនេះ ក៏ជាការជំរុញធ្វើកំណេីនសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់គ្រួសារនីមួយៗ ជាក់ស្តែងការស្ថាបនា និងការស្តារផ្លូវនៅជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ គឺជាការចូលរួមចំណែក នៃយុទ្ធសាស្រ្តដែលមានសក្តានុពលសម្រាប់សេដ្ឋកិច្ច ទាំងតំបន់នៅតាមក្រវ៉ាត់ការពារ ព្រំដែន ក៏ដូចជាតំបន់មួយចំនួននៅទូទាំងប្រទេសជាដើម ជាក់ស្តែងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តឆ្លើយបតបទៅតាម តម្រូវរបស់រាជរដ្ឋាភិបាល។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់អនុវត្ត គម្រោងខាងលើនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ, នេះជាការបង្ករភាពងាយស្រួល តាមរយៈការកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល ក៏ដូចជាការរកស៊ីទទួលទានផ្សេងៗផងដែរ ពោលគឺ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមមូលដ្ឋាន នៅក្នុងអាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគ ដោយចំណាយ ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងប្រែក្លាយតំបន់ជនបទឱ្យជាតំបន់មានការអភិវឌ្ឍ រីកចម្រើន៕អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តអញ្ជើញប្រកាសតែងតាំង ប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារថ្មី

2026/01/23 01:50:10 pm        191
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ គឺលោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជាប្រធានមន្ទីរពេទ្យថ្មី ជំនួសលោក សុក វាសនា ដែលត្រូវបានចូលនិវត្តន៍។ពិធីប្រកាសនេះត្រូវបានធ្វើឡើង នាសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រីរាជការមន្ទីរសុខាភិបាលជាច្រើនរូបទៀត។ក្នុងឱកាសនោះឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ ចំពោះ លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដើម្បីបន្តនិរន្តរភាពការងារក្នុងការដឹកនាំ គ្រប់គ្រង ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងមានការត្រួតពិនិត្យ វាយតម្លៃ ប្រកបដោយតម្លាភាព សុច្ចរិតភាព និងស្របតាមបែបបទ នីតិវិធីច្បាប់ជាធរមាន។ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់អនុសាសន៍ណែនាំដល់លោកប្រធានមន្ទីរពេទ្យថ្មី បន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងរៀបចំលក្ខណៈសម្បត្តិ និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដោយបន្តខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ដើម្បីបន្តគ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញ នៅក្នុងមន្ទីរពេទ្យឱ្យកាន់តែមានស័ក្ដិសិទ្ធិភាព និងការរីកចម្រើនបន្ថែមទៀត សំដៅចូលរួម លើកកម្ពស់វិស័យសុខាភិបាល និងពង្រឹងខឿនសុខភាពប្រជាជន។ទន្ទឹមនោះដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកកម្ពស់ វិស័យសុខាភិបាល សុខភាព អនាម័យ និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងខេត្តព្រះវិហារ ជាពិសេសគឺក្រុមគ្រូពេទ្យទាំងអស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា " កងទ័ពអាវស " ជួយសង្គ្រោះអាយុជីវិតកងទ័ព និងប្រជាជនស៊ីវិល ដែលរងរបួសដោយសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងចូលរួមគាំទ្រលើផ្នែកសុខភាព អនាម័យ ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌល សុវត្ថិភាព និងតាមសហគមន៍ផងដែរ។

កម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់គាំទ្រក្រុម AOT ដើម្បីធានាតម្លាភាព​សង្កេតការណ៍​បទ​ឈប់​បាញ់​កម្ពុជា-ថៃ

2026/01/23 12:12:00 pm        268
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ដោយបានគាំទ្រ និង​សហការណ៍​យ៉ាងល្អជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីធានានូវតម្លាភាព តាមរយៈ​ការផ្ទៀងផ្ទាត់ និងការវាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ដែល​កើត​ឡើង​ដោយសារ​ការវាយ​ប្រហារ​ដោយ​ប្រដាប់​អាវុធរបស់យោធាថៃដោយបំពានមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះ​បើ​តាម​អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ថ្លែង​តាម​រយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០២៦នេះថា ចាប់តាំងពី​បទ​ឈប់បា​ញ់ចូ​ល​ជា​ធរមាន​កាល​ពី​វេលាម៉ោ​ង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និង​ដោយ​ស្មោះត្រង់ ដោយបានគាំទ្រ និងសហការណ៍យ៉ាង​ល្អ​ជាមួយ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​(AOT​) ដើម្បីធានានូវតម្លាភាព តាមរយៈការផ្ទៀងផ្ទាត់ និងការវាយតម្លៃ​លើ​ផល​ប៉ះ​ពាល់​ដែល​កើត​ឡើង​ដោយសារ​ការវាយ​ប្រហារ​ដោយ​ប្រដាប់​អាវុធរបស់​យោធា​ថៃ​ដោយ​បំពា​ន​មក​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់កម្ពុជា។ ឯកឧត្តមបន្តថា ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។ ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។ចាប់តាំងពីដើមខែមករាឆ្នាំ ២០២៦ មក ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) តាមរយៈការសម្របសម្រួលពីក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជាបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ជាបន្តបន្ទាប់អំពីស្ថានភាពនៅទីតាំងនានាតាមបណ្តាខេត្តជាប់ព្រំដែន ក្នុងនោះដូចជា៖ខេត្តពោធិ៍សាត់៖នៅតំបន់អូរភ្លុកដំរី, ច្រកជ័យជំនះ, មណ្ឌលសុខភាពហ៊ុន សែន ថ្មដា។ ខេត្តឧត្តរមានជ័យ៖ នៅស្ពានអូរជីក, តំបន់ច្រកទ្វារព្រំដែនអន្តរជាតិជាំ និងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ ខេត្តបន្ទាយមានជ័យ៖ តំបន់ភូមិព្រៃចាន់និងភូមិជោគជ័យ,តំបន់ច្រកបឹងត្រកួន និងចុះសង្កេតការណ៍និងសួរសុខទុក្ខ បងប្អូនជនភៀសសឹក នៅជំរំជនភៀសសឹក វត្តកណ្តោល ស្ថិតនៅក្នុងស្រុកថ្មពួកផងដែរ។ខេត្តព្រះវិហារ៖ ចុះពិនិត្យនៅភូមិសាស្រ្តភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត និងតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយយុត្តិធម៌ និងត្រឹមត្រូវតាមគោលការណ៍ច្បាប់អន្តរជាតិ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងគោរព អនុវត្តតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តមបានបន្តថា ការគាំទ្រនិងផ្តល់សារសំខាន់ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ធ្វើឡើងស្របតាមស្មារតីនៃចំណុចទី១២ (ផ្នែកទី២) នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែល ចែងថា ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និង ឯកភាពគ្នាពង្រឹងតួនាទីរបស់ AOT ក្នុងការផ្ទៀងផ្ទាត់ និង ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាននិងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ នេះសបញ្ជាក់ច្បាស់ថា កម្ពុជាពិតជាមានឆន្ទៈគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយស្មោះត្រង់ តម្លាភាព និងយុត្តិធម៌ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាអ្នកផ្ទៀតផ្ទាត់។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើឱ្យមានប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន និងធានាការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ អ្នកនាំពាក្យបន្តថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​ធ្វើពិធីសូត្រមន្ត​ចម្រើន​ព្រះបរិត្ត​សុំសេចក្ដី​សុខ​ចម្រើន​ឡើង «អគារវិមានសាមគ្គីភាព» អគារព្រឹទ្ធសភាថ្មី

2026/01/23 11:44:54 am        272
នៅព្រឹកនៅថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ​ធ្វើ​ពិធី​ចម្រើន​ព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព(អគារព្រឹទ្ធសភាថ្មី)។ ពិធីនេះមានការ​ចូល​រួម​ពីអគ្គលេខាធិការព្រឹទ្ធសភា ខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី លោកអ្នកឧកញ៉ា,អ្នកឧកញ៉ា,ឧកញ៉ា បណ្ដាសប្បុរសជនដែលបានចូលរួមក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។នៅក្នុងឱកាសដ៏ពិសេសវិសាលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាអាសនៈក្រុងពាលី និងពិធីចម្រើនព្រះបរិត្ត ដោយសម្ដេចព្រះសង្ឃចំនួន០៩អង្គ ដោយបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។បន្ទាប់ពីពិធីសាសនារួច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញ ពិនិត្យមើលតាមបន្ទប់សំខាន់ៗនៃអគារវិមានសាមគ្គីភាព ព្រឹទ្ធសភា ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។ សូមជម្រាបថា អគារថ្មីនេះ មានទំហំ៧៩ម៉ែត្រ x ៤៧ម៉ែត្រ មានកម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលខាងមុខនេះ។ អគារវិមានសាមគ្គីភាព ព្រឹទ្ធសភាថ្មី នេះ កសាងឡើងដោយថវិកាបណ្ដាសប្បុរសជនដែលជាភស្តុតាងនៃសាមគ្គីភាពដ៏រឹងមាំ។ អាគារវិមានសាមគ្គីភាព ព្រឹទ្ធសភា មានលក្ខណៈសំខាន់ៗដូចជា៖-ជាន់ផ្ទាល់ដី មានបន្ទប់ធំមួយរបស់នាយកដ្ឋាន បណ្ណាល័យសម្រាប់រៀបចំសៀវភៅផ្សេងៗ ឃ្លាំងដាក់សៀវភៅបន្ទប់ប្រចាំការ និងបន្ទប់គណៈបញ្ជាការអង្គរក្ស បន្ទប់ Server បន្ទប់បច្ចេកទេស បន្ទប់ទឹក នារី និងបុរស និងសន្តិសុខ និងបន្ទប់ផ្សេងៗទៀត។ -ជាន់ទី១ មានបន្ទប់ Hall ធំ សម្រាប់ត្រួតពល សាលជប់លៀង និងអាចប្រើប្រាស់សម្រាប់កិច្ចប្រជុំធំៗ បន្ទប់សន្និសីទកាសែត បន្ទប់ដាក់វត្ថុអនុស្សាវរីយ៍ បន្ទប់ប្រើប្រាស់ពហុបំណង បន្ទប់រង់ចាំសម្រាប់ភ្ញៀវ បន្ទប់រៀបចំអាហារ បន្ទប់ទឹកនារី បុរស ឆ្វេងស្ដាំ និងបន្ទប់ជាន់ឡៅតឿមានបន្ទប់បកប្រែ និងមានបន្ទប់ផ្សេងទៀត។-ជាន់ទី២ មានបន្ទប់ការិយាល័យ បន្ទប់ទទួលភ្ញៀវបន្ទប់សម្រាកសម្រាប់ សម្ដេចប្រធានព្រឹទ្ធសភា សាលសម្រាប់ជូនសារតាំង ឬរៀបចំពិធីផ្សេងៗ សាលជប់លៀង ដោយដាក់បានមនុស្ស២២នាក់ បន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំទ្វេភាគី កន្លែងចាប់ដៃ និងថតរូបពេលប្រជុំទ្វេភាគី បន្ទប់ក្រុមសារព័ត៌មាន បន្ទប់ការិយាល័យបេសកជនពិសេស បន្ទប់ការិយាល័យ និងបន្ទប់សម្រាកសម្រាប់នាយកខុទ្ទកាល័យ ការិយាល័យនាយករងខុទ្ទកាល័យ ទីប្រឹក្សា ពិធីការ ជំនួយការ និងមន្ត្រីខុទ្ទកាល័យសម្ដេចតេជោ បន្ទប់ទឹកបុរសនារី និងបន្ទប់ផ្សេងៗទៀត។-ជាន់ទី៣ មានសាលប្រជុំធំសម្រាប់គណៈអចិន្ត្រៃយ៍ទ្វេភាគី ប្រជុំរួម និងប្រជុំផ្សេងៗ បន្ទប់​បច្ចេក​ទេស បន្ទប់រង់ចាំ បន្ទប់ទឹកបុរស នារី និងបន្ទប់ផ្សេងៗទៀត៕

ក្រសួងបរិស្ថានធ្វើការគ្រប់គ្រងគុណភាពខ្យល់ជាប្រចាំ និងចាត់វិធានការទប់ស្កាត់ បញ្ឈប់​ការ​ដុត​សំណល់​កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជា​ប្រភព​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ធ្លាក់​ចុះ

2026/01/23 11:22:25 am        228
ដើម្បីគុណភាពខ្យល់ស្អាត និងចូលរួមជំរុញសកម្មភាពដើម្បីបរិស្ថានល្អ ក្រសួងបរិស្ថាន​បាន​ធ្វើ​ការ​ជា​មួ​យ​ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និងបញ្ឈប់​ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក​ ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានបានលើកឡើង បែបបនេះ នៅក្នុងពិធី​ផ្សព្វ​ផ្សាយ​សារ​ចរ​លេខ​០១ ​របស់រាជរដ្ឋាភិបាល និងជំរុញសកម្មភាពដើម្បីភាពស្អាតទប់ស្កាត់ការបំពុលខ្យល់សាធារណៈ រៀប​ចំ​ដោយនាយកដ្ឋានគ្រប់គ្រងខ្យល់ សំឡេង និងរំញ័រ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន​ សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី​រាជ​ការ ​កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តប៉ៃលិន អាជ្ញាធរក្រុមូលដ្ឋាន លោកគ្រូអ្នកគ្រូ និង​សិស្សា​នុសិស្ស​ជាច្រើននាក់ នៅក្នុងវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្នុងក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ក្រសួងបរិស្ថាន បាននិង​កំពុង​ទទួល​បាន​ការ​ចូលរួ​ម​ពី​ប្រជា​ពលរដ្ឋ និងអនុវត្តសកម្មភាពជាប្រចាំនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» យុទ្ធនា​ការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«យុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដែលសុទ្ធ​សឹង​តែ​ជា​ការ​ចូល​រួម​លើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការ​ដុត​ប្លាស្ទិក​នៅ​តាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងបរិស្ថានបានពង្រឹង និង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​នូវ​សារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការ​បំពល់​ខ្យល់​សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុត សំណល់កំទេចក្រណាត់ និងធ្វើការ​ជូន​ដំណឹង​រួម​ទាំងវិធានការទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ។ ជាមួយ​គ្នានេះ ក្រសួងបរិស្ថានមិនបានលក់បាំងព័ត៌មានស្តីពីគុណភាពខ្យល់នោះទេ។ ក្រសួងប​រិស្ថាន​បាន​ផ្សព្វផ្សាយនូវសន្ទស្សន៍គុណភាពខ្យល់ ដោយផ្ទាល់ រាល់វិនាទី តាមរយៈគេហទំព័រ airquality.moe.gov.kh ទំព័រហ្វេសប៊ុករបស់ក្រសួង Ministry of Environment និងប្រព័ន្ធ​APP​ចក្រា ​ឈ្មោះ CSA SPA ដើម្បីឱ្យសាធារណជនតាមដានជាប្រចាំ។ ឯកឧត្តមខ្វៃ អាទិត្យា បាន​បន្ថែម​ថា ​រហូតមកទល់នឹងពេលនេះ ពុំទាន់មានរបាយការណ៍​ណា​មួយ​ដែល​គុណ​ភាព​ខ្យល់​របស់​យើង ​ប៉ះពាល់ដល់សុខភាពនោះទេ ដោយគុសារណភាពខ្យល់របស់ប្រទេសកម្ពុជាឈរនៅកម្រិត ល្អ​នៅ​ឡើយ។ក្នុងឱកាសនៃពិធីផ្សព្វផ្សាយ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បាន​ថ្លែង​អំណរគុណដល់ ការរៀបចំយុទ្ធនាការជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ របស់​ក្រសួងបរិស្ថាន។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តប៉ៃលិន ចូលរួម​សហការ​បន្ត​វិធាន​ការ​ផ្សព្វ​ផ្សាយ សារាចរលេខ០១របស់រាជរដ្ឋាភិបាល ជាពិសេសធ្វើការអប់រំប្រជាពលរដ្ឋ និង​អនុវត្ត​វិធាន​ការ​ទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់​រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕

ក្រសួងការងារ បន្តចុះផ្សព្វផ្សាយឱកាសការងារដល់ពលរដ្ឋ និង​ពលករ​ត្រឡប់​មក​ពី​ថៃ​ក្នុង​ខេត្ត​ចំនួន​ពីរ ខណៈមកទល់ពេលនេះមានពលករត្រឡប់ពីថៃជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើ

2026/01/23 10:58:23 am        267
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​បន្ត​បើក​យុទ្ធនាការ​ចុះផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​ឱកាស​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២៤ ខែមករា រហូត​ដល់​ខែ​ឧសភា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីជួយ​សម្រួល​ដល់​ការ​រក​ការ​ងារ​ធ្វើ​ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ខណៈ​មក​ទល់​ពេ​ល​នេះ​មាន​ពលករត្រឡប់ពីថៃជាង៦០ម៉ឺននាក់ហើយដែលទទួលបានឱកាសការងារធ្វើ។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែ​មករា​នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ក្រសួងនឹង​បន្ត​យុទ្ធនាការ​ជួយ​អតីត​ពលករ​តាមច្រកព្រំដែននៅឆ្នាំ២០២៦នេះបន្ថែមទៀត ដើម្បីឱ្យបងប្អូន​អតីត​ពលករ​មាន​ការ​ងារ​ជាក់​លាក់ និងច្បាស់លាស់នៅក្នុងស្រុក ដែលមានប្រាក់ចំណូលខ្ពស់ ប្រាក់ចំណូលសមរម្យ ស្រប​ទៅ​តាមជំនាញរបស់ពួកគាត់។ ឯកឧត្តម បានបន្តទៀតថា ក្នុងយុទ្ធនាការនេះដែរ ក៏នឹងផ្តល់ឱកាស​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈជូនដល់អតីពលករតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២៦ នៅ​ខេត្ត​បាត់ដំបង ក្នុងនោះនៅស្រុកបវេល និងស្រុកមោងឬស្សី និងនៅខេត្តបន្ទាយមានជ័យ ក្នុង​នោះ​នៅ​ក្រុង​សិរីសោភ័ណ និងស្រុកមង្គលបូរី។ ឯកឧត្តមបានបន្ថែមទៀតថា នេះជាដំណាក់កាលថ្មី នៃយុទ្ធនាការចុះផ្សព្វផ្សាយការងារ ដែលក្រសួងនឹងបន្តធ្វើទៅដល់ខែឧសភាខាងមុខចំនួន ៦៦លើក។ឯកឧត្តមអ្នកនាំពាក្យ បានអំពាវនាវប្រជាពលរដ្ឋ និងអតីតពលករ ពលការិនី ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសអ្នកចង់បានការងារ ហើយមិនចេះសូមកុំបារម្ភ ពីព្រោះទាំងនោះ ក្រៅពីមន្រ្តីរបស់ក្រសួងការងារ ក៏មានដែររោងចក្រ សហគ្រាស នឹងចុះទៅដោយផ្ទាល់ផងដែរ ដើម្បីធ្វើការផ្តល់ព័ត៌មានកាន់តែលម្អិតជូន។យោងតាម ឯកឧត្តម ស៊ុន មេសា បច្ចុប្បន្ននេះតម្រូវកម្លាំងពលកម្មដែលមានតម្រូវការខ្ពស់ ភាគច្រើនមកពីវិស័យឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម សំណង់ និងសេវាកម្ម-ល- ។ វិស័យទាំងនេះ គឺជាវិស័យ មានសក្តានុពលដែលស្រូបទាញកម្លាំងពលកម្មច្រើនជាងគេនៅកម្ពុជា។ ឯកឧត្តមបានផ្ញើរសារបន្ថែមថា ទោះបីជាការងារអ្វីក៏ដោយ ឱ្យតែការងារនៅក្នុងស្រុក គឺជួយសេដ្ឋកិច្ចជាតិ និងជាកម្លាំងពលកម្មរបស់យើងគឺមាននៅក្នុងស្រុក មិនមានហានិភ័យ និងបានរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិ ដែលទាំងអស់នេះបងប្អូនគួរតែពិចារណា ហើយធ្វើការនៅក្នុងស្រុក ខណៈដែលប្រាក់បៀរវត្សនៃការធ្វើការក្នុងស្រុក ក៏ដូចជាធ្វើការក្នុងប្រទេសថៃ ក៏មិនខុសគ្នាប៉ុន្មានទេ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅក្រៅស្រុកផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM