សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ

ព័ត៌មានជាតិ

​រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី

2026/01/22 04:06:38 pm        116
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួប ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មី។ ក្នុងជំនួបពិភាក្សានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី នាពេលកន្លងមក។ ទន្ទឹមនោះផងដែរ ភាគីទាំងពីរនឹងបន្ដកិច្ចសហប្រតិបត្តិការនានា និងថ្មីៗបន្ថែមទៀតនាពេលអនាគត៕

ខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ

2026/01/22 04:03:57 pm        136
ភ្នំពេញ ៖ ក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន ផ្តល់ជាគោលការណ៍លើកទឹកចិត្តពិសេសលើកទី៣ លើគម្រោងវិនិយោគចំនួន ២២ មានទុនសរុបប្រមាណជិត ៤០០ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះវិនិយោគនៅលើវិស័យផ្សេងៗគ្នា ក្នុងខេត្តគោល ដៅចំនួន ៤ នៅភូមិភាគឦសាន។ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២២ ខែមករា នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ សម្រេចលើការផ្តល់គោលការណ៍លើកទឹក ចិត្តពិសេសជាលើកទី៣ សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ៤១៦០ កន្លែង។ ជុំវិញគម្រោងទាំង២២នេះ ក្នុងនោះគម្រោងចំនួន ៥ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹង ត្រែង, ២ នៅខេត្តរតនគិរី និង៥ នៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះរួមមាន៖ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និងរីសតភូមិទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋាន ដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម, រោងចក្រកែច្នៃកសិផលដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ។ទាក់ទងការស្នើសុំលើកទឹកចិត្ត, ក្រុមការងារក៏ទទួលបានការស្នើសុំសម្របសម្រួលនីតិវិធី និងគាំទ្រការអនុវត្តគម្រោងវិនិយោគ ដូចជា ការធ្វើបច្ចុប្បន្នភាពកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន, ការសម្របសម្រួលសាងសង់ផ្លូវជាដើម ដែលជាកម្មវត្ថុនៃកម្មវិធីពិសេសភូមិភាគឦសាន ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងជំរុញការវិនិយោគនៅ ដំណាក់កាលអនុវត្តឱ្យបានរលូន និងឆាប់រហ័ស សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ពិសេសនៅតំបន់ភូមិភាគ ឦសាន ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលនៃកំណើន។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក.វ.ឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និងស្វែងរក ដំណោះស្រាយ ពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវ ផ្តោតការយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើត ការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោត លើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា ជុំវិញគម្រោងវិនិយោគក្នុងភូមិភាគឦសាន នៅឆ្នាំ ២០២៥, ក.វ.ឦសាន បានអនុម័តគម្រោងវិនិយោគចំនួន ១៣ ក្នុងនោះចំនួន៦គម្រោង នៅខេត្តក្រចេះ, ៤ គម្រោង នៅខេត្តមណ្ឌលគិរី, និង ៣ គម្រោង នៅខេត្តរតនគិរី មានទុនវិនិយោគសរុបជាង ៦៦៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីប្រមាណ ១២ ពាន់កន្លែង ។ គម្រោងទាំង ១៣ នេះ នឹងចាប់ផ្តើមអនវុត្តនៅដើមឆ្នាំ ២០២៦ នេះដែលគ្របដណ្តប់លើវិស័យមួយចំនួនដូចជា ការដាំដុះនិងការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, គ្រឹះស្ថានថែទាំសុខភាពឯកជននិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានជាអាទិ៍ គម្រោង សាងសង់កំពង់ផែពហុបំណងនិងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងធម្មការ និងសាសនាកម្ពុជា ប្រឆាំងជំទាស់ចំពោះសកម្មភាពយោធាថៃតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា

2026/01/22 03:49:04 pm        274
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានចេញ សេចក្តីថ្លែងការណ៍របស់ ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ក្រសួងធម្មការ និងសាសនា បានលើកឡើងថា ស្របតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្តីពីការតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់ ក្រសួងធម្មការនិងសាសនា សូមតវ៉ាប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបាន កសាងព្រះពុទ្ធប្បដិមា នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ក្រសួងធម្មការ និងសាសនា អះអាងថា ការតម្កល់រូបសំណាកព្រះពុទ្ធប្បដិមានៅលើទីតាំងរូបសំណាក បដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ គឺជាការរំលោភបំពានមកលើ ដែនអធិបតេយ្យភាពកម្ពុជា ផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង និងផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅ នាពេលកន្លងមក សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងសូមឱ្យ យោធាថៃចូលរួមគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃកិច្ចព្រមព្រៀង គោរពច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់៕

សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទំាង​ស្ថាប័ន​នីតិប្ប​ញ្ញត្តិ និងនីតិប្រតិបត្តិ

2026/01/22 03:31:44 pm        327
នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច​មហា​រដ្ឋសភាធិ​កា​រ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃ​សាធារណ​រដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាកម្ពុជា បានគូសបញ្ជាក់ថា សាធារណ​រដ្ឋ​កូរ៉េ​នឹង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និងកិច្ចសហប្រតិត្តិការជាមួយកម្ពុជា ទំាងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ។ សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និង​ចំណេះ​ដឹង​ជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការ​ទូត​នៅ​កម្ពុជា​របស់​ឯកឧត្តម​នឹង​ទទួល​បាន​ជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលនឹងរួម​ចំណែក​ធ្វើ​ឱ្យទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទំាង​ពី​រឱ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ ឈានដល់ក​ម្រិត​ខ្ពស់​ថ្មី​មួយ​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​ឧត្តុង្គ​ឧត្តម ជូនប្រជាជន និងប្រទេសទាំងពីរ។“ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយល់យោគគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បី​ឈានទៅសម្រេចបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេស និង​ប្រជាជន​ទាំង​សង​ខាង​។ សម្តេចរដ្ឋសភាធិបតី បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបាន​ចូល​រួម​ស្វែង​រក​សន្តិភាព ​និងបានគំាទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជារហូតមក។សម្តេច​ប្រធានរដ្ឋសភាបានស្នើឯកអគ្គរដ្ឋទូតបន្តជំរុញអ្នកវិនិយោគ អ្នកទេសចរ​ពី​សាធារណរដ្ឋ​កូរ៉េម​កកម្ពុជាបន្ថែមទៀត។ “អរិយធម៌បុរាណ​នៃ​ប្រទេស​យើង​ទាំង​ពីរ​បាន​គូស​បញ្ជាក់​ពី​សក្តានុពល​សម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ រវាងប្រទេសយើងទាំងពីរ”។ ជាមួយគ្នានេះសម្តេចក៏បានស្នើដល់សាធារណរដ្ឋកូរ៉េជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបបញ្ចកោណ ដំណាក់កាលទី១ ដោយ បានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់និងអភិបាលកិច្ច។ សម្តេចមានសង្ឃឹមថា សាធារណរដ្ឋកូរ៉េនឹងបន្តផ្តល់អាហារូបករណ៍ជំនាញសំខាន់ៗជាច្រើនទៀតដល់សិស្សនិស្សិតកម្ពុជាបន្ថែមទៀត។ឯកឧត្តម គីម ឆាងយ៉ុង បានថ្លែងអំណរគុណជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានជម្រាបសម្តេចពីគម្រោងអភិវឌ្ឍន៍ជាច្រើនដែលសាធារណរដ្ឋកូរ៉េបាននឹងកំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (ODA)។ ឯកឧត្តមបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះបានផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តជាខ្លំាងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េក្នុងការធ្វើដំណើរមកកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េត្រៀមខ្លួនក្នុងជួយដល់កម្ពុជាក្នុងការកសាង និងលើកកម្ពស់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមអនឡាន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើសម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជាគំាទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េជាអគ្គលេខាធិការអាណត្តិថ្មី របស់សហភាពអន្តរសភា (IPU)។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត ខូតខាតទ្រព្យសម្បត្តិ និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េកំពុងរៀបចំផ្តល់នូវជំនួយជាទឹកប្រាក់ ៥០ ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF នៅកម្ពុជា ដើម្បីចូលរួមដោះស្រាយផលវិបាកទាំងឡាយនោះ។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែល​បាន​ចូល​រួម​សហការ​ជា​មួយ​កម្ពុជា នៅក្នុងការបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យានាពេលថ្មីៗនេះ។ សម្តេចបានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​វិធាន​ការ​ច្បាស់លាស់ និង​តឹង​រ៉ឹង​ជា​ទីបំផុតក្នុងការបង្រ្កាបបទល្មើសឆ្លងដែន និង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គ្រប់​ប្រភេ​ទ​។ រដ្ឋសភាកម្ពុជាគំាទ្រចំពោះសំណើ​របស់​ភាគី​សាធារណ​​រដ្ឋ​កូរ៉េ​ក្នុង​ការ​ដាក់​ស្នើ​បេក្ខ​ភាព​ជា​អគ្គ​លេខាធិការ(IPU) អាណត្តិថ្មីនេះ៕

កម្ពុជា-ឥណ្ឌូណេស៊ី ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រដ្ឋសភាប្រទេសទំាងពីរ​ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​ពលរដ្ឋទាំងសងខាង

2026/01/22 03:23:04 pm        261
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី បន្តពង្រឹងពង្រីកទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​រដ្ឋ​សភា​ប្រទេស​ទំាង​ពីរ​ឱ្យ​រីក​ចម្រើន រឹងមាំបន្ថែមទៀត ក្នុងការលើកកម្ពស់ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ទំាង​សង​ខាង​។ សម្តេចបានគូសបញ្ជាក់ថារដ្ឋសភា តំណាងឱ្យពលរដ្ឋ ដូច្នេះការភ្ជាប់​ទំនាក់​ទំនង​រដ្ឋ​សភាប្រ​ទេសទំាងពីរគឺជាការភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋ ដែលជាមូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៅ​ក្នុ​ង​ការពង្រឹងពង្រីកវិស័យនានា មានដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង​អប់រំ​ជា​ដើម​ ដែលសុទ្ធសឹងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភាបានលើកសំណើបែបនេះក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលឯកឧត្តមឯកអគ្គរដ្ឋទូត សម្រេចបានគួរជាទីមោទនៈ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ជាពិសេស ការផ្សារភ្ជាប់ផ្នែកធុរកិច្ច និងការផ្លាស់ប្តូរ វប្បធម៌ និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារនិងអនុញ្ញាតដល់ឯកឧត្តម បានចូលជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានអរគុណសម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏ដូចជារដ្ឋសភាទំាងមូល ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឥណ្ឌូណេស៊ីនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តទទួលបានជោគជ័យ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានយល់ស្របជាមួយសម្តេចប្រធានរដ្ឋសភា អំពីសារៈសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរ នៅក្នុងការជំរុញនិងលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋទំាងសងខាង។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមគឺបានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៅក្នុងនោះវិស័យពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូណេស៊ី បានកើនឡើងដល់ជាង១ពាន់លានដុល្លារ។ ឥណ្ឌូណេស៊ីនឹងជំរុញបន្ថែមលើការនាំចូលផលិតផលពីកម្ពុជានិងជំរុញអ្នកវិនិយោគនិងអ្នកទេសចរមកកម្ពុជាបន្ថែមទៀតនិងបន្តគំាទ្រដល់វិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំសមាគមអតីតនិស្សិតកម្ពុជារៀននៅឥណ្ឌូណេស៊ី ដែលសមាគមនេះគឺជាវេទិកាដ៏សំខាន់សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូណេស៊ីទាំងអស់ អាចមកជួបជុំគ្នា ចែករំលែកបទពិសោធ និងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងបន្ថែមចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមក៏សន្យាថានឹងជំរុញបន្ថែមឱ្យមានការលើកកម្ពស់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ពិសេសនៅក្នុងក្របខ័ណ្ឌក្រុមមិត្តភាពរដ្ឋសភាប្រទេសទំាងពីរ។ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការបន្តផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតទៅវិញទៅមក ជាពិសេស ទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៥ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅឆ្នាំ២០២៥។ឥណ្ឌូណេស៊ី ជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏គួរឱ្យទុកចិត្ត។ ចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឈរលើភាពស្មោះត្រង់ លើការជឿទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឥណ្ឌូណេស៊ីបានរួមចំណែកស្វែងរកសុខសន្តិភាពនិងបានគំាទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា រហូតមក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះអនុព័ន្ធយោធាឥណ្ឌូណេស៊ី ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាដល់ការអនុវត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ វិលទៅប្រក្រតីភាពឡើងវិញ ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទំាងពីរប្រទេស ក៏ដូចជាបំណងប្រាថ្នារបស់អាស៊ាននិងពិភពលោក ផងដែរ។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាក្នុងនាមជាប្រទេសធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី បានបង្ហាញនូវតួនាទីជាអ្នកដឹកនាំគំរូ តាមរយៈការប្រកាន់ខ្ជាប់នូវការគោរពបទដ្ឋានអន្តរជាតិ និងការគោរពធម្មនុញ្ញាអាស៊ាន ។ ក្នុងស្មារតីនេះហើយ គឺជាស្នូល និងជាគោលបំណងពិតប្រាកដរបស់អាស៊ាន ដែលសមាជិកទាំងអស់មិនថាជាប្រទេសតូច ឬធំ មានសិទ្ធិស្មើគ្នា គោរពបូរណភាពទឹកដី និងអធិបតេយ្យនៃប្រទេសនីមួយៗ។ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីនៅតែចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតបានយល់ ដូចគ្នាថា សង្រ្គាមមិនមានអ្នកឈ្នះនោះឡើយ ផ្ទុយទៅវិញមានតែសន្តិភាពទេ ដែលភាគីទំាងពីរឈ្នះឈ្នះទំាងអស់គ្នា៕

គណៈប្រឹក្សាភិបាល នៃកម្មវិធីDEY III ប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារឆ្នាំ២០២៥ និងពិនិត្យផែនការការងារសម្រាប់ឆ្នាំ២០២៦

2026/01/22 03:09:16 pm        340
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងជាតំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បាន​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ក្នុង​កិច្ចប្រជុំលើកទី២ របស់គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារ​សមរម្យ​សម្រាប់​យុវជន​នៅកម្ពុជា ដំណាក់កាលទី៣ (DEY III)។កិច្ចប្រជុំលើកទី២នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅ​ទីស្តីការ​ក្រសួង​ការងារ ក្នុងគោលបំណងសំខាន់ៗ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាព​ដែល​សម្រេច​បាន​ក្រោម​កម្ម​វិធី DEY III ក្នុងឆ្នាំ២០២៥ រួមទាំងបញ្ហាប្រឈមចម្បងៗ ផែនការការងារឆ្នាំ២០២៦ និង​ថវិការបស់កម្មវិធី DEY III សម្រាប់ឆ្នាំ២០២៦ ព្រមទាំងផ្តល់អនុសាសន៍នានា ស្រប​តាម​អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍជំនាញ និងការងារសមរម្យសម្រាប់យុវជន។ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្មវិធី DEY III សម្រេចបានសមិទ្ធផលជាទីគាប់ចិត្ត ជា​ពិសេស​ការ​សម្រេច​បាន​ទិស​ដៅការងារអាទិភាពក្នុងការពង្រឹងប្រព័ន្ធការងារ TVET បង្កើនលទ្ធភាពទទួល​បាន​ការ​ងារ​សមរម្យ និងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្មវិធីបានជួយគាំទ្រយុវជនសរុបចំនួន ៤ ៦៦៣នាក់ ឱ្យ​ទទួល​បាន​ការ​ងារ​សមរម្យ តាមរយៈវគ្គបណ្តុះបណ្តាល TVET និងកិច្ចអន្តរាគមន៍នានា ដោយក្នុងនោះ មាន​ស្ត្រី​រហូត​ដល់ ៥៣% និងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ចំនួន ៣១៧នាក់ (ស្ត្រី ៣៧%) រួមទាំងជនមានពិការភាពផងដែរ។ ការអនុវត្តកម្មវិធី DEY III ក្នុងឆ្នាំ២០២៦ កម្ម​វិធី​ក៏​នឹង​ពិចារណា ក្នុងការផ្តល់កា​រគាំ​ទ្រ​ដល់​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​ពី​បរទេស​វិញ​ឱ្យ​ទទួល​បាន​ការងារ ដើម្បីគាំទ្រការខិតខំប្រឹងប្រែងយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដៃគូ​អង្គការសហប្រជាជាតិ (ILO, UNESCO, UNICEF, UNIDO) និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំពោះ​កិច្ច​សហការយ៉ាងជិតស្និទ្ធ ក្នុងការសម្រេចបាននូវសមិទ្ធផលការងារតាមការគ្រោងទុក ក៏​ដូច​ជា​ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដែលបាន​បន្ត​គាំទ្រ​ហិរញ្ញប្ប​ទាន​ដល់កម្មវិធីនេះ។ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធី DEY III ក្នុងការធានាការ​ងារ​សមរម្យ​សម្រាប់​យុវជន និងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និង​ឆ្លើយ​តបតាមតម្រូវការទីផ្សារ ក៏ដូចជា វឌ្ឍនភាពដែលសម្រេចបានពីការអនុវត្តកម្មវិធី TVET 1.5M។ ឯកឧត្តមក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ជាពិសេស​ការ​កៀរគរ​យុវជន​ដែល​បោះ​បង់​ការសិក្សា និងយុវជនកំពុងបំពេញការងារនៅតាមសហគ្រាសធុនតូច និងមធ្យម (SMEs)​ ដែលមិនទាន់ចុះបញ្ជី ឱ្យចុះឈ្មោះចូលរៀនកម្មវិធី TVET ទោះបីជា​ក្រសួង​បាន​ផ្តល់ភា​ព​ងាយ​ស្រួល តាមរយៈការរៀបចំម៉ោងសិក្សាជាច្រើនវេន ដែលរួមមានទាំងវេនយប់ និងចុង​សប្តា​ហ៍​ក៏​ដោយ។ នៅក្នុងកិច្ច​ប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Xiaoyan Qian បានផ្តល់​អនុសាសន៍​ឱ្យ​ក្រុម​ការ​ងារ​បច្ចេកទេស ពិនិត្យនូវរាល់លទ្ធផលរំពឹងទុក និងវិធីសាស្ត្រ​អនុវត្ត​ការងារ​សម្រាប់​ផែន​ការ​ការងារ​ឆ្នាំ​២០២៦។ ការជំរុញនេះ ធ្វើឡើងក្នុងគោល​បំណង​ធានា​ឱ្យ​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ក្រុម​គោល​ដៅ និងយុវជនទទួលផលពីគម្រោង ទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែខ្ពស់ និងឆ្លើយតប​ទៅ​នឹងត​ម្រូវការជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ន។ជាមួយគ្នា​នេះ លោកស្រី Xiaoyan Qian បានវាយតម្លៃខ្ពស់​ចំ​ពោះ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​កន្លង​មក ជាពិសេសបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ដែលបានចាត់វិធានការយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុង​ការគាំទ្រដល់អតីតពលករដែលបានធ្វើមាតុភូមិនិវត្តន៍៕ 

គណបក្សនយោបាយ មានសុទិដ្ឋិនិយមចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

2026/01/22 02:25:19 pm        293
បណ្តាប្រធានគណបក្សនយោបាយ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ ស្រាយ​បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈស្ថានការណ៍​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្ងប់​ស្ងាត់​។ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២២ ខែមករា នេះ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្ស កម្លាំង​ប្រជាធិបតេយ្យ បានលើកឡើងថា សន្តិភាព មានសារសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​រស់​នៅ​ក្នុងប្រទេសកម្ពុជា និងពិភពលោក ព្រោះសន្តិភាពនាំឱ្យមានកាអភិវឌ្ឍ និងពលរដ្ឋ​រស់​នៅ​សុខ​ស្រួល​។ ហើយក្នុងនាមអ្នកនយោបាយមួយរូបនៅក្នុងប្រទេសកម្ពុជា គឺជឿជាក់លើការដឹក​នាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុង​ការដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ គ្រាន់តែត្រូវការរយៈពេលយូរ។ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានអំពាវនាវដល់អ្នកនយោបាយ និងពលរដ្ឋ ខ្មែរ ទាំងនៅក្នុងប្រទេស និងបរទេស រួមគ្នាក្នុងស្មារតីសាមគ្គីខ្មែរតែមួយ និងជឿ​ជាក់​លើ​ការ​ដឹក​នាំរ​បស់​រាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈ​យន្តការ​ច្បាប់​អន្តរជាតិ។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រម​ព្រៀង​ទ្វេភាគី​ដែ​ល​មា​​នស្រាប់ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិន​ត្រូវ​បាន​កែ​ប្រែ​ដោយ​ប្រើ​កម្លាំង​ឡើយ​៕ អត្ថបទ៖ សោភ័ណ 

ទេសចរអន្តរជាតិ៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពល្អបំផុត

2026/01/22 02:07:32 pm        254
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តរយៈពេលយូរនៅប្រទេសកម្ពុជា បានចាត់ទុកប្រទេស នេះ​ជាគោលដៅទេសចរណ៍មានសុវត្ថិភាពល្អបំផុត ពិសេស​គឺ​មាន​ទី​កន្លែង​ដើរ​កម្សាន្ត​ស្អាត​ច្រើន​កន្លែង​ តម្លៃម្ហូបអាហារ សណ្ឋាគារ និងសេវាដឹកជញ្ជូនធូរថ្លៃ ហើយ​ភ្ញៀវ​ក៏​បាន​អំពាវ​នាវ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដទៃទៀតមកលេងកម្ពុជា ដោយកុំមាន​ការ​ភាន់​ច្រឡំ​យល់​ខុស​អំពី​ស្ថាន​ភាព​នៅ​កម្ពុជាឡើយ។ភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានប្រាប់BTV នៅថ្ងៃទី២២ ខែមករា នេះថា នៅ​ក្នុង​ដំណើរកម្សាន្តនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានសម្គាល់ឃើញថា គ្រប់​គោល​ដៅដំណើរកម្សាន្តទាំងអស់ ដូចជា នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង ខេត្តសៀមរាប និង គ្រប់គោលដៅទេសចរណ៍នានា គឺមានទេសភាពស្រស់ស្អាតទាក់ទាញ មា​នស​ភាពស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាពល្អបំផុត ដែលវាមិន​ដូច​ការ​ណែនាំ​នៅ​ក្រៅប្រ​ទេសដែ​ល​ធ្វើឲ្យ​ភ្ញៀវទេសចរអន្តរជាតិនានា មាន ការភាន់ច្រឡំថា កម្ពុជាជាគោលដៅមិនមានសុវត្ថិភាព ខណៈ​កម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែននោះ។ថ្មីៗនេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីបំភ្លឺឆ្លើយតបផងដែរចំពោះការណែនាំពាក់ព័ន្ធនឹង ការ​ធ្វើ​ដំណើរមកកម្ពុជា ដោយមានចែករំលែកព័ត៌មាន និងការបង្ហាញផែនទី ដោយ​បណ្តា​ស្ថាន​ទូតប្រទេសជាមិត្ដប្រចាំនៅកម្ពុជា ដែលអាចបង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​នៅ​ក្នុង​ចំណោម​សាធារណ​ជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាពទូទៅ​នៃ​សុខ​សុវត្ថិភាព​ទេសចរណ៍​នៅ​កម្ពុជា ដោយការប្រុងប្រយ័ត្នខ្ពស់ ដែលបានលើកឡើងនោះ គឺមានលក្ខណៈ​កំណត់​នៅ​តាម​តំបន់ព្រំដែនខ្លះៗតែ ប៉ុណ្ណោះ ប៉ុន្តែមិនអាចទាញជា​ការ​សន្និដ្ឋាន​អំពី​កត្តា​សុខ​សុវត្ថិភាព​ទូទៅនៅ​ទូទាំងប្រទេសទេ។ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍មាន សុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់​ទេសចរណ៍​សំខាន់​ៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ ផ្សេង​ៗ​ទៀត​ នៅតែបន្តបើក ដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោម​ការធានាសុវត្ថិភាពយ៉ាង ម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ក្រសួង​ទេសចរណ៍ តែងតែបើកចំហរក្នុងកិច្ចសហប្រតិបត្តិការ និងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹង ទេស​ចរណ៍ និងសភាពការណ៍ពិត ដើម្បី​ធានា​បាន​ថា​ព័ត៌មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​មាន​ភាព​ត្រឹម​ត្រូវ​តុល្យភាព និងគាំទ្រដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ អំពីគម្រោង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖ ស៊ុម សុខជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារនគរបាលជាតិកូរ៉េ

2026/01/22 01:41:28 pm        204
រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លី ជេយ៉ុង (LEE JAE YOUNG) អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ Task Force កម្ពុជា-កូរ៉េ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារជាតិកូរ៉េ បានបង្កើតឡើងកាលពីខែវិចិ្ឆកា ឆ្នាំ២០២៥កន្លងទៅ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានពិភាក្សាអំពីផែនការសកម្មភាពបន្តដែលភាគីទាំងពីរបានដាក់ចេញជាទិសដៅអនុវត្តនាពេលខាងមុខ៕

អាជ្ញាធរបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា

2026/01/22 01:28:29 pm        239
កម្លាំងអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ បាន​នឹង​កំពុង​បន្ត​បង្កើន​ការ​ចុះ​ត្រួត​ពិនិត្យ​ជាប្រចាំ ទៅតាមទីតាំងជួលស្នាក់នៅនានា ដើម្បីតាមដាន​ទប់​ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា។ដើម្បី​ជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និង​រដ្ឋបាល​ក្រោម​ជាតិ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ លើបទល្មើស ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងបច្ចុប្បន្នភាពនេះ កម្លាំងគណៈបញ្ជាការឯកភាពតាមរដ្ឋបាលខណ្ឌនីមួយៗទាំង១៤ ក្នុង​ក្រប​ខណ្ឌ​ រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមទីតាំងផ្ទះជួល, អគារបន្ទប់ជួល, អគារខុនដូរ, ផ្ទះ​សំណាក់ និងសណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្ន​ភាព​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​របស់ជនបរទេសទាំងឡាយ ជៀសវាងការស្នាក់នៅដោយ​លួច​លាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ការចុះរដ្ឋបាលពិនិត្យជាប្រចាំនេះ ក៏មានការសហការចូលរួមល្អ ពីតាម​បណ្តា​ម្ចាស់​ទីតាំង​ពាក់​ព័ន្ធ​ទាំង​អស់ផងដែរ ដើម្បីឲ្យដំណើរការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋឆបោកនេះ កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។ ប្រជាពលរដ្ឋ បានបង្ហាញនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុង​ការ​កម្ចាត់​ បទល្មើសឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថិរភាពដល់ប្រទេសជាតិ។គួររំលឹកថា កាលពីពេលកន្លង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេច​ពិត​ជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការ​លះបង់ ដើម្បី​ជាតិ​ពី​គ្រប់​តួ​អង្គ​ដែល​មានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់​និន្នា​ការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បី​រួប​រួ​ម​គ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅ លុបបំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់​កេរ្តិ៍​ឈ្មោះដ៏​ប្រពៃ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​នៅ​លើឆាកអន្តរជាតិ៕ អត្ថបទ៖ លីហេង 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយ​ទស្សនា​ចប់​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​ព្រះខ័នរាជ និងKuwait SC
05/14/2026 10:05 AM
លោក​ Trump ប្រាប់លោក Xi ថា ទំនាក់ទំនងអាមេរិកជាមួយចិននឹង«ប្រសើរជាងពេលណាៗទាំងអស់»​
05/14/2026 10:05 AM
អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM