កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ

ព័ត៌មានជាតិ

សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដាក់ទិសដៅបន្ត

2026/01/21 11:25:24 am        227
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា-គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេស ជូនចំពោះបងប្អូនជនរួមជាតិខ្មែរ អំពាវនាវឱ្យ ចូលរួម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។តាមរយៈសារពិសេសនេះ សម្ដេចធិបតីបានបញ្ជាក់ថា ចំពោះមុខនេះយើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ សម្ដេចធិបតីបានបន្តថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។ សម្ដេចធិបតីបានថ្លែងថា៖«ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»៕ 

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម នៅក្នុងឆ្នាំ២០២៥ មានទំហំទឹកប្រាក់ជិត ៧៨០០ លាន​ដុល្លារ

2026/01/21 11:21:01 am        254
ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងដំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៧៨០០លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមុខទំនិញរបស់កម្ពុជា នៅ​តែ​បន្ត​ហក់​ឡើង ខណៈការនាំចូលថមថយបន្តិចបន្ទួច បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការផ្លាស់ប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ និង​មាន​សមតុល្យ​ពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា និងបានឈរក្នុងលំដាប់ទី៣ បន្ទាប់ពីការធ្វើ ពាណិជ្ជ​កម្ម​ទ្វេភា​គី រវាងកម្ពុជា-ចិន និងកម្ពុជា-អាម៉េរិក។ជាក់ស្តែងនៅក្នុងបំណាច់ឆ្នាំ២០២៥, បើយោងតាមរយបាយការណ៍របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជ​កម្ម​ទ្វេរ​ភាគី​កម្ពុជា​-វៀតណាម មានទំហំទឹកប្រាក់សរុបជិត ៧ ៨០០ លានដុល្លារអាម៉េរិក ថមថយ​ប្រមាណ ​១ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារវៀតណាម មានទឹកប្រាក់ជាង ៣ ៧០០ លានដុល្លារអាម៉េរិក កើនឡើងជិត ១ ភាគរយ ខណៈការ​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា មានទឹកប្រាក់ជាង ៤ ០០០ លានដុល្លារអាម៉េរិក ថយចុះ ជាង ២ ភាគរយ បើ​ធៀប​រយៈពេលដូចគ្នានិងឆ្នាំ២០២៤។ចំពោះប្រភេទទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅប្រទេសវៀតណាមរួមមាន៖ ស្រូវ កៅស៊ូ ស្វាយ​ចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ ចំណែកការនាំចូលពីវៀតណាមមានដូចជា សម្ភារៈ​សំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿង​ទេស ​និងបន្លែ-ផ្លែឈើជាដើម។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រ​ដល់យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់​លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

អ្នកជំនាញ៖ ឆ្នាំ២០២៦នេះ ការលក់ដូរអចលនទ្រព្យ និង​សំណង់​បន្ត​មាន​កំណើន​ទោះ​បី​តម្រូវ​ការ​តិចតួច

2026/01/21 10:50:15 am        121
អ្នកជំនាញអចលនវត្ថុ យល់ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការលក់ដូរក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតួច។ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាថា ជុំវិញ​បញ្ហា​សេដ្ឋកិច្ច សកល បច្ចុប្បន្ននៅតែបន្តហ៊ំព័ទ្ធដោយហានីភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ក្នុង​នោះ​ក៏​មាន​កម្ពុជាផងដែរ ដែលកំពុងរងនូវហានីភ័យទាំងនោះ ជាពិសេស​ភា​ព​មិន​ទាន់​ប្រាកដ​ប្រជារវាងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ, ក៏ប៉ុន្តែប្រសិនស្ថានភាពដែល កំពុងកើតឡើង មាន​ភាពល្អប្រសើរក្នុងរយៈពេលខ្លី, សេដ្ឋកិច្ចពិភពលោក ក៏ដូច​កម្ពុជា​នឹង​ប្រួល​ប្រែ​ទៅ​តាម​នោះ​ផង​ដែរ​។ឧកញ៉ា បន្តថា ចំណែកទាក់ទងវិស័យអចលទ្រព្យ ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការ​លក់​ដូរ​ក្នុង​វិស័យ​អចលនទ្រព្យ និង សំណង់នៅបន្តមានកំណើន ខណៈ​អ្នក​ទិញ​នៅ​មាន​តម្រូវ​ការ​តិច​តូច​។​ ឧកញ៉ាក៏បន្ថែមថា ស្របពេលការរំពឹងទុកនេះដែរ ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​វិធាន​ការ​ក្តៅ បោសសម្អាតក្រុមឧក្រិដ្ឋកម្មជនអនឡាញ ដែលរកស៊ីខុសច្បាប់ទាំងអស់នៅកម្ពុជា ដើម្បី​ស្វែង​រកដៃគូវិនិយោគ និងទាក់ទាញវិនិយោគិនដែលមានកេរ្តិ៍ឈ្មោះល្អ មកធ្វើការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់​តែច្រើន។សូមបញ្ជាក់ថា ទោះបីមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា ក៏ដូចជាសកលលោក កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពគ្មានសណ្ដាប់​ធ្នាប់​នៃ​នយោបាយ​ពិភព​លោក ​ប៉ុន្ដែប្រទេសកម្ពុជានៅបន្តទទួលបានវិនិយោគិនបរទេស និងក្នុងស្រុក បណ្ដាក់​ទុន​វិនិយោគ​បន្តមានការកើនឡើង។ ក្នុងនោះ មានបានចុះបញ្ជីក្រុមហ៊ុន និងរោចក្រវិនិយោគសរុប ៦៣០ គម្រោង កើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ៥២% ខណៈទំហំទុនវិនិយោគ មាន​ការ​កើន​ឡើង​ប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៤៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុ​ង​ឆ្នាំ​២០២៤។ក្នុងឆ្នាំ២០២៥ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗបានទាក់ទាញការវិនិយោគចំនួន ៣ ៨០០​លាន​ដុល្លារ​, វិស័យឧស្សាហកម្មចំនួន ៥ ៦០០លានដុល្លារ, វិស័យកសិកម្ម កសិ-ឧស្សាហ​កម្ម​ចំនួន​ ៤៣៦លានដុល្លារ និងវិស័យទេសចរណ៍ចំនួន ១៧៥លានដុល្លារ៕ អត្ថបទ៖ រ៉ាឌី 

សហគមន៍ចន្ទីរចំនួន៥ក្នុងខេត្តព្រះវិហារ ចុះកិច្ចសន្យាលក់ស្វាយចន្ទីសរីរាង្គជាង២០០តោន ដើម្បីនាំចេញ

2026/01/21 10:49:34 am        200
ក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃក្នុងស្រុកចំនួន២ បានចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីសរីរាង្គចំនួនជាង ២០០តោន ដែលគិតជាតម្លៃប្រហែល ២៥ម៉ឺនដុល្លារ ពីសហគមន៍ផលិតស្វាយចន្ទីចំនួន៥ ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦នេះ។លោកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិនៃក្រុមហ៊ុន Ample Agro Product នៅព្រឹកថ្ងៃទី២១ ខែមករានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បន្ទាប់ពីបានជួបចចារជាច្រើនលើកច្រើនសារ កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលោកស្រី សហការជាមួយក្រុមហ៊ុន S’trei Corporation co Ltd បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការប្រតិបត្តិការគាំទ្រ និងជម្រុញផលិតកម្មស្វាយចន្ទីសរីរាង្គ ក្នុងខេត្តព្រះវិហារ ជាមួយសហគមន៍កសិកម្ម ដើម្បីរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសរីរាង្គ ដែលមានស្តង់ដារ និងមាននិរន្តរភាព។ ក្នុងនោះ សហគមន៌ចន្ទីចំនួន៤ មកពីស្រុករវៀង និងសហគមន៌ចន្ទីមួយទៀត មកពីស្រុកជាំក្សាន្ត។លោកស្រី បានបន្តថា គោលបំណងសំខាន់ៗនៃការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នានេះ នឹងធ្វើការបញ្ជាទិញចន្ទីពីកសិករក្នុងសហគម៌ ដែលក្រុមហ៊ុនមានទីផ្សារក្នុងដៃស្រាប់នៅក្នុងទីផ្សារអឺរ៉ុប ជាពិសេសប្រទេសអាល្លឹម៉ង់ និងអាម៉េរិច។ លើសពីនេះថែមទៀត ក្រុមហ៊ុន នឹងជួយជាបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ជួយឱ្យសហគមន៌ទាំង៥ ទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ។ លោកស្រី បន្ថែមទៀតថា បន្ទាប់ពីសាហគមន៌ទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ ក្រុមហ៊ុននឹងមានកិច្ចសន្យាបញ្ជាទិញមួយទៀត រាល់លិតផលដែលកសិករដាំដុះបានប្រមាណជាង ២០០តោន។បើតាម លោកស្រី សម្បត្តិ កល្យាណ ការចុះហត្ថលេខានេះ ក្រុមហ៊ុនមិនត្រឹមតែមានគោលដៅកែឆ្នៃចន្ទីធម្មតា និងសរីរាង្គតែប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានគោលដៅធ្វើឲ្យខ្សែសង្វាក់នេះទៅរកតម្លៃយុត្តិធម៌ និងការចែករំលែកតម្លៃទៅកាន់កសិករ, អភិរក្សធនធានធម្មជាតិ កាត់បន្ថយការបំផ្លាញព្រៃ និងលើកកម្ពស់កសិកម្ម ដែលគោរពបរិស្ថានពេលកសិកររឹងមាំ គុណភាពក៏រឹងមាំដូចគ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងកសិកម្មចុះ MoU ជាមួយដៃគូវិស័យឯកជន ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម

2026/01/21 10:16:22 am        216
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ស្ថាបនា​ ភីអិលស៊ី និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក។ តាមរយៈ MoU នេះ នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើន​និរន្តភាព​។នៅក្រោយចប់ពិធីចុះ MoU កាលរសៀលថ្ងៃទី២០ មករា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ បានឱ្យដឹងថា ធនាគារ ស្ថាបនា បានក្លាយធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងកសិកម្ម ដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយ​ធនាគារ ស្ថាបនា នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣លានដុល្លារ​អាម៉េរិក​សម្រាប់​ផ្តល់​ជា​ឥណទាន​ជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុន​ដែល​ធ្វើកា​រ​ប្រមូល​កាក​សំណល់​លាម​ក​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកមកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់​ផ្គង់​ជី​កំប៉ុស​គុណ​ភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើ​អាជីវកម្ម​ឥណទានកាបូនផងដែរ។ តាមរយៈ MoUនេះ ក្រុមហ៊ុន ខានបូន នឹងធ្វើវិភាគទាន​ប្រាក់​ចំណូល​មួយ​ផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណធនាគារ ស្ថាបនា ចំពោះការបង្ហាញ​ទំនុក​ចិត្ត​ផ្ដល់​ទុន​កម្ចីដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប និងថ្លែងអំណរគុណក្រុមហ៊ុន ខាបូន ខេភីថល ចំពោះការវិនិយោគប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលមាន​ការ​ចែក​រំលែក​ចំណូល​ដើម្បី​គាំទ្រផ​លប្រយោជន៍រួមរបស់សង្គម ជាពិសេសការ​គាំទ្រ​មូល​និធិ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ​ហើយបាន​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័ន​វិស័យ​ឯកជន​ដទៃ​ទៀត​ចូល​រួម​លើក​ស្ទួយ​វិស័យ​កសិកម្ម​តាម​គំរូរបស់ដៃគូទាំងពីរនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ការបំពុលខ្យល់ PM2.5 មានប្រភពពីវិស័យដឹកជញ្ជូន ឧស្សាហកម្ម ការដុតបើកចំហ ការប្រើប្រាស់ថាមពលក្នុងគ្រួសារ ប្រភពធម្មជាតិ និងប្រតិកម្មគីមីក្នុងបរិយាកាស

2026/01/21 09:28:26 am        204
១. តើអ្វីទៅជា PM2.5?ភាគល្អិតនិចល ដែលគេហៅថា PM2.5 គឺជាភាគល្អិតនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង ឬស្មើ 2.5 មីក្រូម៉ែត្រ ដែលតូចជាងសក់មនុស្សប្រហែល 30 ដង។ ដោយសារតែវាតូចខ្លាំង ភាគល្អិតទាំងនេះអាចចូលជ្រៅទៅក្នុងសួត ហើយសូម្បីតែចូលទៅក្នុងសរសៃឈាម បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថាន។ ការយល់ដឹងអំពីប្រភពនៃ PM2.5 គឺជាចំណុចសំខាន់សម្រាប់ការរៀបចំគោលនយោបាយ និងសកម្មភាពដើម្បីកាត់បន្ថយការបំពុលខ្យល់។សមាសធាតុគីមីដែលបង្កប់នៅក្នុង PM2.5 រួមមាន៖សារធាតុសរីរាង្គពុល (Toxic Organics): ដូចជា Polycyclic Aromatic Hydrocarbons (PAHs) និង Dioxins (ឌីអុកស៊ីន) ដែលកើតចេញពីការដុតសំរាម និងប្លាស្ទិក។ សារធាតុទាំងនេះបង្កឱ្យកើតជំងឺមហារីកលោហៈធ្ងន់ (Heavy Metals): រួមមាន សំណ (Lead), បារត (Mercury), កាត់មីញ៉ូម (Cadmium) និង អាសេនិច (Arsenic) ដែលភាយចេញពីផ្សែងរោងចក្រ និងការដុតឥន្ធនៈផូស៊ីលសមាសធាតុអាស៊ីត និងអំបិល: ដូចជា Sulfates (ស៊ុលហ្វាត) និង Nitrates (នីត្រាត) ដែលកើតពីប្រតិកម្មគីមីរវាងផ្សែងឡាន និងរោងចក្រក្នុងបរិយាកាស។២.ប្រភពចម្បង និងទិន្នន័យផលប៉ះពាល់-      វិស័យដឹកជញ្ជូន៖ យានយន្តដែលប្រើប្រាស់ម៉ាស៊ីនឌីសែល និងសាំង បញ្ចេញភាគល្អិតល្អិតតាមបំពង់ផ្សែង។ ការកកស្ទះចរាចរណ៍ យានយន្តចាស់ៗ គុណភាពឥន្ធនៈទាប និងបទបញ្ជាបញ្ចេញឧស្ម័នមិនតឹងរ៉ឹង ធ្វើឲ្យកម្រិត PM2.5 កើនឡើងខ្លាំងនៅតំបន់ទីក្រុង។ លើសពីនេះ ការពាក់ព័ន្ធនៃសំបកកង់ និងហ្វ្រាំងក៏បង្កើតភាគល្អិតផងដែរ ធ្វើឲ្យផ្លូវធំៗក្លាយជាប្រភពបំពុលថេរ។ សារធាតុគីមីដែលបញ្ចេញរួមមាន Nitrogen Oxides (NOx​) ដែលបង្កឱ្យមានការរលាកសួតខ្លាំងក្លា-      សកម្មភាពឧស្សាហកម្ម៖ រោងចក្រ ស្ថានីយ៍ថាមពល រោងឥដ្ឋ រោងស៊ីម៉ង់ត៍ និងឧស្សាហកម្មកែច្នៃលោហៈ បញ្ចេញ PM2.5 ច្រើនតាមរយៈការដុតថ្មកាបូន ប្រេង និងឥន្ធនៈផ្សេងៗ។ នៅតំបន់ជាច្រើន បច្ចេកវិទ្យាចាស់ និងប្រព័ន្ធត្រួតពិនិត្យបំពុលមិនមានប្រសិទ្ធភាព បង្កឲ្យភាគល្អិតរាលដាលទៅកាន់សហគមន៍ជុំវិញ។ សារធាតុគីមីដែលបញ្ចេញរួមមាន Sulfur Dioxide (SO2)​ដែលអាចបង្កឱ្យកើតអាឡែស៊ី និងហឺត-      ការដុតសំរាម និងសំណល់ដោយចំហរ៖ រួមមានការដុតសំរាមគ្រួសារ សំណល់កសិកម្ម ប្លាស្ទិក និងជីវម៉ាស ឬការដុតព្រៃ។ ការដុតបែបនេះបញ្ចេញភាគល្អិតពុលរួមជាមួយសារធាតុគីមីគ្រោះថ្នាក់ ដូចជា ឌីអុកស៊ីន និងលោហៈធ្ងន់ ដែលជាញឹកញាប់កើតឡើងជិតតំបន់លំនៅឋាន និងបង្កហានិភ័យសុខភាពខ្ពស់ ជាពិសេសចំពោះកុមារ និងមនុស្សចាស់-      ការប្រើប្រាស់ថាមពលក្នុងគ្រួសារ ពិសេសនៅតំបន់ជនបទ និងគ្រួសារដែលមានប្រាក់ចំណូលទាប។ ការចម្អិនអាហារ និងកំដៅដោយប្រើឥន្ធនៈ អុស ឬថ្មកាបូន និងសំណល់ដំណាំ បង្កើត PM2.5 ខ្ពស់ទាំងក្នុងផ្ទះ និងក្រៅផ្ទះ។ ការខ្វះប្រព័ន្ធបរិច្ឆេទខ្យល់ល្អ ធ្វើឲ្យមនុស្សប៉ះពាល់កាន់តែខ្លាំង និងធ្វើឲ្យការបំពុលខ្យល់ក្នុងគ្រួសារក្លាយជាហានិភ័យសុខភាពធំបំផុតមួយនៅលើពិភពលោក-      ប្រភពធម្មជាតិ៖ ទោះបីសកម្មភាពមនុស្សជាញឹកញាប់ធ្វើឲ្យផលប៉ះពាល់របស់វាកាន់តែធ្ងន់។ អគ្គិភ័យព្រៃឈើ ព្យុះធូលី និងការផ្ទុះភ្នំភ្លើង បញ្ចេញភាគល្អិតល្អិតចូលទៅក្នុងបរិយាកាស។ ការប្រែប្រួលអាកាសធាតុបានបង្កើនភាពញឹកញាប់ និងភាពខ្លាំងនៃអគ្គីភ័យព្រៃឈើនៅតំបន់ជាច្រើន បម្លែងបញ្ហាតាមរដូវឲ្យក្លាយជាបញ្ហារយៈពេលវែង-      ប្រតិកម្មគីមីក្នុងអាកាស៖ ឧស្ម័នដូចជា ស៊ុលហ្វ័រឌីអុកស៊ីត អុកស៊ីតអាសូត និងអាម៉ូន្យាក់ ដែលបញ្ចេញពីយានយន្ត កសិកម្ម និងឧស្សាហកម្ម អាចប្រតិកម្មគ្នានៅក្នុងខ្យល់ ដើម្បីបង្កើតភាគល្អិតល្អិតថ្មីៗ។ នេះមានន័យថា PM2.5 មិនត្រឹមតែបញ្ចេញដោយផ្ទាល់ទេ ប៉ុន្តែអាចកើតឡើងឆ្ងាយពីប្រភពដើមផងដែរ ដែលធ្វើឲ្យការគ្រប់គ្រងកាន់តែស្មុគស្មាញ។ទិន្នន័យគួរឱ្យកត់សម្គាល់៖យោងតាមអង្គការសុខភាពពិភពលោក (WHO) ការបំពុលខ្យល់បណ្តាលឱ្យមនុស្សប្រហែល ៧ លាននាក់ ស្លាប់មុនអាយុជារៀងរាល់ឆ្នាំ។ភាគល្អិតនិចល PM2.5 ដែលមានអង្កត់ផ្ចិត ≤2.5µm អាចជ្រាបចូលទៅក្នុងអាល់វីអូលសួត (Alveoli) និងចូលទៅក្នុងចរន្តឈាមដោយផ្ទាល់។ សរុបមក ភាគល្អិតនិចល PM2.5 មានប្រភពពីវិស័យដឹកជញ្ជូន ឧស្សាហកម្ម ការដុតបើកចំហ ការប្រើប្រាស់ថាមពលក្នុងគ្រួសារ ប្រភពធម្មជាតិ និងប្រតិកម្មគីមីក្នុងបរិយាកាស។ ទោះបីមានប្រភពខ្លះជាធម្មជាតិក៏ដោយ ការបំពុលភាគច្រើនបណ្តាលមកពីសកម្មភាពមនុស្ស ហើយអាចកាត់បន្ថយបាន។ ការកាត់បន្ថយភាគល្អិតនិចល PM2.5 ត្រូវការថាមពលស្អាត ច្បាប់តឹងរ៉ឹង ការគ្រប់គ្រងសំរាមប្រសើរ ការដឹកជញ្ជូនប្រកបដោយចីរភាព និងការយល់ដឹងជាសាធារណៈ។ ការដោះស្រាយប្រភពទាំងនេះមិនត្រឹមតែជាកាតព្វកិច្ចបរិស្ថានទេ ប៉ុន្តែជាការវិនិយោគសំខាន់ក្នុងសុខភាពសាធារណៈ និងគុណភាពជីវិត។

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣

2026/01/21 09:11:14 am        264
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានរៀចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា។  របៀបវារៈរួមមាន៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។៣-ផ្សេងៗ។ឆ្លងតាមរយៈការពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នាវេលាម៉ោង៩:0០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖១-ពិនិត្យ ហើយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។២-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានីតិកាលទី៥។

លោកជំទាវ ចម និម្មល ចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity” នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦

2026/01/21 08:20:58 am        286
(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វ៊ីស)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅក្រុងដាវ៉ូស-ក្លូស្ទ័រប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity” នៅអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០២៦។ កិច្ចពិភាក្សានេះ បានជជែកអំពីការកំណត់ទិសដៅអាទិភាព ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន និងមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងកិច្ចសហការរវាងរដ្ឋាភិបាលនិងវិស័យឯកជនក៏ដូចជា ភាគីពាក់ព័ន្ធនានាលើវិស័យថាមពលអន្តរកាល សេដ្ឋកិច្ចឌីជីថល ទីផ្សារហិរញ្ញវត្ថុ និងឧស្សាហូបនីយកម្ម សំដៅធ្វើឱ្យអាស៊ានក្លាយជាទិសដៅវិនិយោគរយៈពេលវែង លើកកម្ពស់ភាពធន់និងផលិតភាពខ្ពស់ ព្រមទាំងអភិវឌ្ឍប្រកបដោយថាមវ័ន្តនិងចីរភាព។

ត្រកួនចំនួន ១២៧.៥ គីឡូក្រាម ត្រូវបានគណៈកម្មការគ្រប់គ្រងមណ្ឌលភៀសសឹក និងបងប្អូនភៀសសឹកនៅវត្តប្រាសាទបុទុមមោងស្រុកស្រីស្នំ កាត់យកផ្គត់ផ្គង់ដល់បងប្អូនភៀសសឹក

2026/01/21 08:10:06 am        216
ក្រោយពីការថែទាំ​ ដាក់ជី​ ស្រោចទឹកប្រចាំថ្ងៃពីគណៈកម្មការគ្រប់គ្រងមណ្ឌលភៀសសឹក និងបងប្អូនភៀសសឹក នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ និងបងប្អូបានភៀសសឹក នៅវត្តប្រាសាទបុទុមមោងស្រុកស្រីស្នំ បានកាត់ប្រមូលផលត្រកួនបានចំនួន១២៧.៥ គីឡូក្រាម ដើម្បីជូនបងប្អូនភៀសសឹកធ្វើជាបន្លែបរិភោគ។  សកម្មភាពនេះ គឺអនុវត្តតាមការណែនាំរបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារ​កងទ័ព​ បងប្អូនភៀសសឹក​សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។ ក្នុងនាមបងប្អូនភៀសសឹកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ និងការណែនាំរបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ​ និងការផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនភៀសសឹកមិនឱ្យមានការខ្វះខាត​ ពិសេសបានបំផុសគំនិតឱ្យមានការដាំដុះបន្លែថែមទៀត៕

កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីដោះស្រាយការបំពុលបរិស្ថានដោយប្លាស្ទិក

2026/01/21 07:44:07 am        282
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ផែនការនេះត្រូវបានរៀបចំឡើងជាយុទ្ធសាស្ត្រ ស្របនឹងជាមួយយុទ្ធសាស្ត្រចក្រាលរបស់ជាតិពីបរិស្ថាន ដោយធានាឱ្យកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្លាស្ទិកត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅទំនើបកម្មបរិស្ថានជាតិ និងជាពិសេស ក្រសួងបរិស្ថានបានកំណត់យកឆ្នាំ២០២៦ ជាឆ្នាំនៃសកម្មភាពជាមួយលទ្ធផលជាក់ស្តែង ដែលជាឆ្នាំដែលយើងរួមដៃគ្នាប្រែក្លាយរាល់សកម្មភាពឱ្យទៅជាផ្លែផ្កាដ៏មានន័យសម្រាប់មាតុភូមិយើង។ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ការរៀបចំផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្ត និងឆន្ទៈឥតងាករេ របស់កម្ពុជាក្នុងការចូលរួមជាមួយសកលលោកប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក និងជាពិសេសការសម្រេចបាននូវ «ភាពស្អាត» នៅកម្ពុជាសម្រាប់មនុស្សគ្រប់ជំនាន់។ ផែនទីបង្ហាញផ្លូវនេះ បានដាក់ចេញសកម្មភាពជាយុទ្ធសាស្ត្រដើម្បីពន្លឿនការផ្លាស់ប្ដូរជាប្រព័ន្ធ ដោយផ្ដោតលើកិច្ចការសំខាន់ៗ រួមមាន៖ (ទី១) ពង្រឹងនិងពង្រីកក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធប្លាស្ទិកចក្រា, (ទី២) ការបង្កើតយន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព, (ទី៣) ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវដ្ដនៃប្លាស្ទិក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញដំណោះស្រាយរួមគ្នា, និង (ទី៤) ជំរុញការផ្លាស់ប្តូរឥរិយាបថប្រកប ដោយបរិយាប័ន្នសម្រាប់ការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងសំណល់។សូមបញ្ជាក់ថា តាមរយៈការសិក្សាប៉ាន់ប្រមាណ ក្នុងឆ្នាំ២០២២ កម្ពុជាបានបង្កើតកាកសំណល់ប្លាស្ទិកចំនួនប្រមាណជា ៥៤៦,000 តោន (សមមាត្រជាមធ្យម ៣៣ គីឡូក្រាម ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំៗ។ ទំហំកាកសំណល់នេះ គឺមានអត្រាខ្ពស់ជាងបរិមាណប្រាស្ទិក សម្រាប់បណ្តាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០២២។ បន្ថែមលើនេះទៀតនោះ មានគម្លាតខ្លះ រវាងអត្រាប្រមូលកាកសំណល់នៅទីប្រជុំជន (មានប្រមាណជា ៧០%) ជាមួយអត្រាប្រមូលកាកសំណល់នៅទីជនបទ (មិនដល់ពាក់កណ្តាលនៃទិន្នន័យខាងលើ) ដោយពិបាកចូលប្រមូល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ លោក Enrico Gaveglia តំណាងប្រចាំប្រទេស UNDP Cambodia មានប្រសាសន៍ថា ៖ «ផែនទីបង្ហាញផ្លូវនេះមិនត្រឹមតែបំពេញនូវគម្លាតដ៏សំខាន់មួយក្នុងការយល់ដឹងរបស់យើងអំពីការបង្កើត និងលំហូរសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ហើយបង្ហាញពីឱកាសដ៏មិនគួរឲ្យជឿក្នុងការកែលម្អការគ្រប់គ្រងសំណល់ប៉ុណ្ណោះទេ។ ប៉ុន្តែវា [ផែនទីបង្ហាញផ្លូវនេះ] ថែមទាំងជួយកាត់បន្ថយការប្រើប្រាស់វត្ថុប្លាស្ទិកតែមួយដង និងចាប់យកតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន និងប្លាស្ទិកងាយរលាយចូលជាមួយដី ដែលរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា»។ផែនទីបង្ហាញផ្លូវនេះ បង្ហាញពីសេណារីយ៉ូនៃការផ្លាស់ប្តូរប្រព័ន្ធនៅឆ្នាំ ២០៤០ ជាមួយនឹងការកាត់បន្ថយការបំពុលប្លាស្ទិក ៧៤% ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៤០% និងការសន្សំការចំណាយប៉ាន់ស្មាន ៣៧% សម្រាប់រដ្ឋាភិបាល ព្រមទាំងការងារថ្មីចំនួន ២៦,000 កន្លែង បើប្រៀបធៀបជាមួយការមិនចាត់វិធានការអ្វីសោះ។ លោកស្រី Clemence Schmid នាយិកានៃភាពជាដៃគូសកម្មភាពផ្លាស្ទិកសកល នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានមានប្រសាសន៍ថា ៖ «ផែនទីបង្ហាញផ្លូវនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួម ផ្អែកលើភស្តុតាង និងកិច្ចសហការដែលដឹកនាំដោយក្រសួងបរិស្ថាន។ វាកំណត់យុទ្ធសាស្ត្រជាតិច្បាស់លាស់ក្នុងការកាត់បន្ថយការបំពុលប្លាស្ទិក និងបង្កើនប្លាស្ទិកចក្រារហូតដល់ទៅ ៥២% នៅត្រឹមឆ្នាំ ២០៤០។ ការផ្លាស់ប្តូរនេះ គឺមានសារៈសំខាន់ច្រើនជាងការជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចទៅទៀត ត្បិតវានឹងជំរុញនវានុវត្តន៍ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា»។ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ក្រោមមូលបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចប្លាស្ទីកចក្រា» នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប ។ ផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្រោមការសម្របសម្រួលដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថាន ក្រោមភាពជាដៃគូសកម្មភាពប្លាស្ទិកសកល (Global Plastic Action Partnership ហៅកាត់ថា GPAP) ដែលជាគំនិតផ្តួចផ្តើចេញពីភាគីពាក់ព័ន្ធដ៏ធំបំផុតរបស់ពិភពលោកលើការបំពុលប្លាស្ទិក ដែលលាតសន្ធឹងលើភាពជាដៃគូចំនួន ២៥ ប្រទេស និងរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលលោក Trump ផ្តល់ជំនួយ១០០លានដុល្លារដល់ប្រទេសគុយបា ជាថ្នូរនឹងកំណែទម្រង់
05/14/2026 11:05 AM
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
05/14/2026 11:05 AM
ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
05/14/2026 11:05 AM
នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
05/14/2026 10:05 AM
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM