គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍមូលធនមនុស្ស និងសមភាពយេនឌ័រ ក្នុងកិច្ចប្រជុំ AFPPD នៅប្រទេសឡាវ
អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
មួយថ្ងៃម្សិលមិញសមត្ថកិច្ចរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រួតពិនិត្យ ១០៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ៨នាក់
កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន

ព័ត៌មានជាតិ

នគរបាលរាជធានី ស្រាវជ្រាវបង្ក្រាបជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់

2026/05/25 12:24:05 pm        76
ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បើកការស្រាវជ្រាវឈានទៅបង្ក្រាបជនសង្ស័យជាជនជាតិចិន០៦នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ ប្រព្រឹត្តិទៅនៅខេត្តព្រះសីហនុ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដោយបង្ក្រាបក្រុមជនសង្ស័យក្នុងទឹកដីភូមិសាស្ត្ររាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០៦នាក់មានឈ្មោះ ទី១ឈ្មោះ WANG HU ភេទប្រុស អាយុ៣៥ឆ្នាំ , ទី២ឈ្មោះ LYU XIAN KUI ភេទប្រុស អាយុ៤៧ ឆ្នាំ , ទី៣ឈ្មោះ PU XING WANG ភេទប្រុស អាយុ៣៦ឆ្នាំ , ទី៤ឈ្មោះ YINGLEł ភេទប្រុស អាយុ៣៩ឆ្នាំ , ទី៥ឈ្មោះ CHEN YIFING EI ភេទប្រុសអាយុ២៤ឆ្នាំ , ទី៦ឈ្មោះ WANG LING ភេទ ប្រុស អាយុ៤៣ឆ្នាំ ។ ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ដកហូតបាន ៖ រថយន្តម៉ាក TOYOTA ALPHARD មួយគ្រឿង ពណ៌ស សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កម្ពុជា H.DAV289 , អាវុធខ្លី ម៉ាកNP៤២ ០១ ដើម បង់ចំនួន០១ និងគ្រាប់ចំនួន១០គ្រាប់ , ទូរសព្ទ័ដៃចំនួន០៦គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

BREAKING NEWS | សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

2026/05/25 12:21:10 pm        949
ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាមព្រះរាជត្រាសបង្គាប់ ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី បាន​ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់​ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»។ ច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលមាន ៨ ជំពូក និង ២០ មាត្រា ។ ច្បាប់នេះ ត្រូវ​បាន​រដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។ជំពូកទី១ មាត្រា១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការ​ពារជាតិ និងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។ក្នុងជំពូក១ មាត្រា២ បានបញ្ជាក់ទៀតថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ក្នុងនោះ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្រៅពីនេះ ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើនហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច យោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែក ប្រជាពលរដ្ឋខ្មែរដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ជំពូក២​ នៃច្បាប់នេះបានបញ្ជាក់អំពីរយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធា និងលក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង មាត្រា៣នៃជំពូក២ បានបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល។ក្នងជំពូក៤ បានបញ្ជាក់អំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃការ​បំពេញកាតព្វកិច្ចយោធា ក្នុងនោះមាត្រា៩នៃជំពូក៤ បានបញ្ជាក់ថា ក្នុងរយៈពេលនៃការ​បំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូបត្រូវ​ទទួលបានប្រាក់ឧត្ថម្ភ និងគោលរបបផ្សេងៗដែលត្រូវ​កំណត់ដោយអនុក្រឹត្យ។ មាត្រាដដែលបញ្ជាក់ថា ចំពោះយោធិនមានជំងឺ ឬរងរបួស ឬមានគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការ​សង្គ្រោះ ការ​ព្យាបាល និងការ​ថែទាំពីក្រសួងការពារជាតិ​។ ក្នុងករណីយោធិន ពលី មរណៈ ឬពិការ ដោយាសរ​បុព្វហេតុជាតិមាតុភូមិក្នុងពេលបំពេញបេសកកម្មក្នុងអំឡុងពេលនៃកា​របំពេញកាតព្វកិច្ចយោធាយោធិនត្រូវទទួលបានគោលរបបផ្សេងៗដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ចំណែកយោធិនដែលបង្កើត​ស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធាត្រូវបានលើកទឹកចិត្ត និងសរសើរដូចយោធិនអាជីព។ ចំណែកជំពូក៦ បានកំណត់អំពីទោសប្បញ្ញត្តិ, មាត្រា១៣នៃជំពូកនេះបានបញ្ជាក់ថា  ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធាហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០00 (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសុខសន្ដិភាព និងជាប់ពន្ធនាគារពី២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ពិន័យជាប្រាក់ពី ៤លានរៀល ដល់១០លានរៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬរងការ​ឈ្លានពាន​ពីបរទេស។  សូមបញ្ជាក់ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕

សម្ដេច​ធិបតី បានចេញ​បទបញ្ជាយ៉ាងម៉ឺងម៉ាត់​​ម្តងទៀត ដល់អាជ្ញាធរមូលដ្ឋាន​​អំពីការ​ប្រយុទ្ធប្រឆាំង​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាល់តែអស់ពីកម្ពុជា

2026/05/25 12:15:16 pm        315
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២៥នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានចេញ​បទបញ្ជាយ៉ាងម៉ឺងម៉ាត់​​ម្តងទៀតដល់អាជ្ញាធរមូលដ្ឋាន​​អំពីការ​ប្រយុទ្ធប្រឆាំង​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាល់តែអស់ពីកម្ពុជា ដោយមិនបង្អង់ដៃ និងមិនលើកលែងឡើយ។ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​ថា ជាក់ស្តែង ក្នុងកិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២៦ ​សម្តេចធិបតី​បានថ្លែង​អំណរគុណនិងកោតសរសើរដល់​អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានល្អ ក្នុងការបង្ក្រាប​បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់​។ ទន្ទឹមនឹងនោះ សម្តេចបានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ ជាថ្មីម្តងទៀត​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយ មិនអនុញ្ញាតឱ្យ​បញ្ហានេះមកបំផ្លាញមុខមាត់របស់ប្រទេសជាតិបន្តទៀតជាដាច់ខាត។ ឯកឧត្តម​ ប៉ែន បូណា បានបន្តថា​ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​នេះ មានប្រសិទ្ធភាព និងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើន​ដើម្បីធានា​ថា ការអនុវត្ត​របស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅ​ដោយត្រឹមត្រូវតាមនីតិវិធីនិងគ្មានការខ្វះចន្លោះ។ កម្រងលិខិតបទដ្ឋានគតិយុត្តទាំងនោះ ​មានដូចជា ១. ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ ២. បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ៤. ប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។ សម្តេចធិបតី ហ៊ុន ​ម៉ាណែត ​បាន​បញ្ជាក់ថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់ប្រឆាំង​ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់​តំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចង់ឃើញការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរ​គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង​មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបាន។ សូមរម្លឹកឡើងវិញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាត់ទុកការបោសសំអាត​ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ថាជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់​ជាដាច់ខាង​ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេស​កម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហានេះនឹងក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់កម្ពុជានាពេលអនាគត។ សម្តេចតេជោបានធ្វើឡើងបែបនេះ ​នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នាឱកាស​អញ្ជើញជួបសំណេះ​សំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ​។ ក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទីបានកោតសរសើររាជរដ្ឋាភិបាលដែលបានប្រកាន់យកការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបានស្វាគមន៍ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដកមន្ត្រីអសកម្មមួយចំនួននៅក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹង Online Scams ។ ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្តេចតេជោ បានផ្តល់អនុសាសន៍បន្ថែមជូនរាជរដ្ឋាភិបាលថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នានឹងការបង្ក្រាបមន្ត្រីដែលពាក់ព័ន្ធ និងចាត់ការចំពោះមន្ត្រីដែលអសកម្មក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ៕

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «រត់ដោយបេះដូង - Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

2026/05/25 12:02:38 pm        452
នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រត់ដោយបេះដូង - Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ តំណាងស្ថានទូតអូស្ត្រាលី ជប៉ុន និងឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ៍ (Dai-Ichi Life Insurance) ព្រមទាំមាតាបិតាអាណាព្យាបាល និងប្អូនៗកុមារ សរុបប្រមាណ ៣៨៦នាក់។ ជាកិច្ចចាប់ផ្តើម លោក អ៊ួន បឋម (សាយ) បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងការគោរពស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ធ្វើឱ្យយុទ្ធនាការដ៏មានន័យមួយនេះអាចដំណើរការទៅមុខបានយ៉ាងរលូនរហូតមកដល់ឆ្នាំទី៣ នេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ៍ (Dai-Ichi Life Insurance) ដែលបានបន្តសហការ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី តាំងពីដើមរៀងមក។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោក អ៊ួន បឋម (សាយ) និងក្រុមការងារដែលតែងតែរៀបចំកម្មវិធីល្អៗសម្រាប់សង្គមជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តទៅកាន់ក្មួយៗ ដែលមានពិការភាព កុំឱ្យមានការបាក់ទឹកចិត្ត ឬអស់សង្ឃឹមក្នុងជីវិតឡើយ។ ឯកឧត្តមបានបន្តថា ពិការភាពមិនមែនជាឧបសគ្គរារាំងដល់ការកសាងសមត្ថភាព ឬការសម្រេចជោគជ័យក្នុងជីវិតនោះទេ ដូចនេះក្មួយៗត្រូវតែបន្តមានក្តីសង្ឃឹម ជឿជាក់លើខ្លួនឯង និងខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ និងគ្រួសារ។សូមជម្រាបជូនថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តរៃអង្គាសថវិកា ក៏ដូចជាលើកទឹកចិត្ត និងបំផុសស្មារតីឱ្យមហាជនបង្កើនការយល់ដឹង និងយកចិត្តទុកដាក់អំពីកុមារអូទីសឹម៕

សម្ដេចតេជោ៖ កម្ពុជា និងហុងគ្រី ទោះប្រទេសនៅឆ្ងាយពីគ្នាតែមានទំនាក់ទំនងល្អ ជិតស្និទ្ធ និងរឹងមាំជាមួយគ្នា

2026/05/25 11:30:06 am        276
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បើទោះបីជាប្រទេសកម្ពុជា និងប្រទេសហុងគ្រី នៅឆ្ងាយពីគ្នា ប៉ុន្ដែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្អិតរមួតរ ភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានកោតសរសើរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតហុងគ្រី ក្នុងពេលដែលឯកឧត្តម បំពេញបេសសកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងរវាងហុងគ្រី និងកម្ពុជាមានភាពរឹងមាំ។ សម្ដេចតេជោ បានលើកឡើងថា ទោះបីជាកម្ពុជា និងហុងគ្រី នៅឆ្ងាយពីគ្នាពិតមែន ក៏ប៉ុន្ដែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ ហើយមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានអាយុកាល ៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរអង្វែងជាមួយគ្នា។ នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណជាអនេកប្បការ ដែលសម្ដេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសនេះ។ ឯកឧត្តម បានលើកឡើងថា ជាកិត្តិយសសម្រាប់ឯកឧត្តមណាស់ ដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ ឯកឧត្តម ក៏បានសរសើរប្រទេសកម្ពុជាជាប្រទេសមានភាពស្រស់ស្អាត និងមានភាពរីកចម្រើនដែលឯកឧត្តមបានឃើញផ្ទាល់នឹងភ្នែក ជាពិសេស គឺជីវភាពប្រជាជនមានភាពប្រសើរឡើងជាលំដាប់។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា បួនឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងហុងគ្រី និងកម្ពុជា មានភាពរីកចម្រើន ហើយជាពិសេស គឺការសហការគ្នាទាំងក្របខណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ហើយឯកឧត្តមបានអរគុណជាពន្លឹក ដែលស្ថាប័នរបស់ប្រទេសកម្ពុជាទាំងអស់បានសហការ ក្នុងពេលដែលឯកឧត្តមបំពេញបេសកកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តម បានរំលេចផងដែរថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជា នាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើង ក្នុងរយៈពេលចុងក្រោយនេះ ហើយឯកឧត្តមសង្ឃឹមថា ទំហំពាណិជ្ជកម្មឬការសហការសេដ្ឋកិច្ចរវៀងកម្ពុជា និងហុងគ្រី កាន់តែរីកចម្រើនតទៅមុខទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងដែរថា ឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការរៀបចំប្រារព្ធពិធីអបអរសាទរ ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានអរគុណជាអនេកចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី, សម្ដេចតេជោបានរំលេចបន្ថែមថា ហុងគ្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដែលមកដល់ពេលនេះ មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រីហើយកំពុងបន្តធ្វើការនៅប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានរំលេចផងដែរថា ហុងគ្រីជាប្រទេសមួយដែលសម្ដេចធ្លាប់ទៅបំពេញទស្សនកិច្ចច្រើនក្នុងចំណោមប្រទេសដែលសម្ដេចបានអញ្ជើទៅ ចាប់តាំងពីសម្ដេចនៅជារដ្ឋមន្រ្ដីការបរទេសមកម៉្លេះដែលមានអនុស្សាវរីយ៍ជាច្រើនក្នុងការពង្រីកទំនាក់ទំងរវាងប្រទេសទាំងពីរ។ មកដល់ពេលបច្ចុប្បន្ននេះ សម្ដេចតេជោ ក៏បានសម្ដែងនូវការពេញចិត្ត ដែលតាមរយៈទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សម្ដេចតេជោ បានរំលេចថា កាលពីឆ្នាំ២០១៩កន្លងទៅសម្ដេចតេជោក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ក្រោយមកប្រធានាធិបតីនៃប្រទេសហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរបើទោះបីជាប្រទេសទាំងពីរនៅឆ្ងាយពីគ្នា ក៏ប៉ុន្ដែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ៕

សមត្ថកិច្ចចម្រុះខេត្តរតនគិរីចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានាទប់ស្កាត់ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/05/25 11:26:24 am        335
អនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ច ចម្រុះខេត្តរតនគិរីបាន ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានាដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមមូលដ្ឋានក្រុង ស្រុកទាំង៩ ។ ក្នុងឱកាសនេះ កម្លាំងជំនាញ បានធ្វើការពន្យល់ណែនាំដល់ម្ចាស់ទីតាំងទាំងអស់ មិនត្រូវសហការ ឬបើកដៃឱ្យមានការឆបោកតាមអនឡាញ (Online Scam) ឡើយ ហើយប្រសិនបើរកឃើញថា មានការកគុនចិតគ្នាបើកអោយមានOnline Scam ម្ចាស់ទីតាំង នឹងត្រូវប្រឈមទោសទណ្ឌតាមច្បាប់ជាធរមាន។ ហើយការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល (១,០០០ដុល្លារ) ឬលើសពីនេះទៅតាមស្ថានភាពល្មើស ដោយគ្មានការលើកលែងជាដាច់ខាត)។ប្រសិនបើរកឃើញមានការសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។ ដូច្នេះម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្តេជ្ញាចិត្តរួមគ្នារៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំបន្ថែមទៀត៕

សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបករណីសង្ស័យបង្ខាំងមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាស៊ីណូ «យីងហ័ង» ឃាត់ខ្លួនជនជាតិចិនចំនួន ៦៤នាក់

2026/05/25 10:51:35 am        234
សីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីសង្ស័យបង្ខាំងមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៤នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងទីតាំងកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចុះអនុវត្តវិធានការច្បាប់នេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមផ្ទាល់ពីលោក មុី ច័ន្ទវាសានា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ និងក្រុមការងារចម្រុះ ចំណុះលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងទីតាំងខាងលើ។ ជាលទ្ធផល ក្រោយការឆែកឆេរនៅចំណុចអគារ B ជាន់ទី១១ និងអគារ A (បន្ទប់លេខ៧០៣ ជាន់ទី៧) សមត្ថកិច្ចបានរកឃើញសម្ភារបច្ចេកវិទ្យាជាច្រើនដែលសង្ស័យថាបំរើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖ -កុំព្យូទ័រ ចំនួន ៣៧គ្រឿង -ទូរសព្ទដៃ ចំនួន ៤២៨គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៦៤នាក់ (ភេទប្រុស) ដែលទាំងអស់គ្នាជាជនជាតិចិន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៦៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រើនរំឭកដល់យោធិននៃកងពលទាំងអស់ត្រូវការពារបូរណភាពទឹកដី សន្តិភាពជូនជាតិ និងការពាររាជរដ្ឋាភិបាលស្របច្បាប់

2026/05/25 10:30:33 am        784
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបន្តក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកង ត្រូវតែស្មោះតែប្តេជ្ញាការពារនូវបូរណភាពទឹកដី សន្តិភាពជូនជាតិ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការចេញអន្តរាគមន៍សង្គ្រោះ និងបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងគ្រប់សភាពការណ៍ទាំង។ក្នុងឱកាសប្រជុំប្រចាំសប្តាហ៍ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំ អុន បានលើកឡើងថា ក្នុងនាមជាកងទ័ពដាច់ខាតថា ត្រូវយល់ដឹងច្បាស់ពីតួនាទីជាខែលការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ លោកឧត្តមសេនីយ៍ បានប្រាប់ទៅនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវត្រៀម ២៤លើ២៤ម៉ោង ធានាឱ្យបាននូវការត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដឹកជញ្ជូន ១០០% ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ត្រូវបម្រើប្រជាជនដោយស្មោះត្រង់ ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវតែរួមសុខរួមទុក្ខ និងត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានសង្កត់បន្ថែមថា មាតុភូមិពឹងផ្អែកលើកងទ័ព ប្រជាជនជឿជាក់លើកងទ័ព ការការពារជាតិ និងបម្រើជាតិមាតុភូមិ គឺជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងកើតចេញពីប្រជាជន កងទ័ពត្រូវតែអភិវឌ្ឍស្មារតីស្នេហាជាតិឱ្យកាន់តែខ្លាំងក្លា ប្តេជ្ញាស្មោះត្រង់ដាច់ខាត ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី សន្តិភាពជាតិ ទោះបីជាត្រូវលះបង់សាច់ស្រស់ឈាមស្រស់ក៏ដោយ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការចេញអន្តរាគមន៍ សង្គ្រោះ និងបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងគ្រប់សភាពការណ៍៕ អត្ថបទបានចក់

បង្ក្រាបទីតាំងផ្ទះវីឡាមួយកន្លែង ដែលសង្ស័យថា មានការលួចលាក់ Scam Online ឃាត់ខ្លួនមនុស្ស៨៣នាក់

2026/05/25 10:08:55 am        155
ព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះវីឡាមួយកន្លែង ដែលសង្ស័យថាមានការលួចលាក់ដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៨៣នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងផ្ទះវីឡាមួយកន្លែង ក្នុងភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចុះអនុវត្តវិធានការច្បាប់នេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ ជាលទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារ ព្រមទាំងឧបករណ៍អេឡិចត្រូនិចមួយចំនួនធំ ដែលជាឧបករណ៍សង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពបទល្មើសបច្ចេកវិទ្យា។ ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចំនួន ៨៣នាក់ (ក្នុងនោះមានស្រី ២២នាក់)។ បច្ចុប្បន្ន ជនបរទេសទាំង ៨៣នាក់ រួមទាំងម្ចាស់ទីតាំងដែលជាជនជាតិខ្មែរ និងសម្ភារវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់៕

រដ្ឋមន្ត្រីក្រសួងការងារ ចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ

2026/05/25 09:58:59 am        310
នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ជួបជាមួយអ្នករងរបួស និងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ នៅមន្ទីរពេទ្យនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ ព្រមទាំងបានសួរសុខទុក្ខពីស្ថានភាពសុខភាព ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងការនាំយកអាហារ និងថវិកាមួយចំនួនឧបត្ថម្ភចំពោះអ្នករងរបួសទាំងអស់សម្រាប់ដោះស្រាយការលំបាកខ្វះខាត ឯកឧត្តមរដ្ឋមន្ត្រី ជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់សូមឱ្យឆាប់បានជាសះស្បើយ។ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសម្របសម្រួលជាមួយមន្ទីរពេទ្យ និងដោះស្រាយរាល់ទុក្ខលំបាក ដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានការគាំពារ និងអត្ថប្រយោជន៍នានាស្របតាមច្បាប់ជាធរមាន។សូមបញ្ជាក់ថា ជនរងគ្រោះសរុបចំនួន ៩នាក់ កំពុងទទួលការសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៦នាក់, មន្ទីរពេទ្យជាតិ តេជោសន្តិភាពចំនួន ២នាក់ និងមន្ទីរពេទ្យព្រះកុសុមៈម្នាក់ ខណៈក្រុមការងារ ប.ស.ស. កំពុងបន្តសម្របសម្រួល និងផ្ទៀងផ្ទាត់អត្តសញ្ញាណ។បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នករងរបួសនៅតាមមន្ទីរពេទ្យទាំង៣ នៅរាជធានីភ្នំពេញ កាន់តែប្រសើរហើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុង Vancouver ប្រទេសកាណាដាត្រៀមខ្លួនរួចរាល់ ​ក្នុងការ​ទទួល​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក
06/05/2026 12:06 PM
ពិតជានិស្ស័យ!!! ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី និង​សិង្ហបុរីជាថ្មី​ក្នុងពានក្លឹបអាស៊ាន
06/05/2026 11:06 AM
ឃីកបុកស៊ីង និងដៃគូ រំពឹងការនាំគ្រូជំនាញ ផ្គុំជាមួយធនធានមានស្រាប់ នឹងជំរុញគោលដៅរួម ប្រកបដោយភាពរឹងមាំ និងយូរអង្វែង
06/05/2026 11:06 AM
លោក Trump ទទួលស្គាល់ជំនួបតាមទូរស័ព្ទជាមួយលោក Netanyahu ហើយថាអ៊ីស្រាអែលធ្វើឱ្យកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ស្មុគស្មាញ
06/05/2026 11:06 AM
អ្នកគាំទ្របាល់ទាត់ស្កុតឡែនដើរជាង ៤,៨០០ គីឡូម៉ែត្រ ដើម្បីគាំទ្រក្រុមជម្រើសជាតិ និងលើកកម្ពស់សុខភាពផ្លូវចិត្តបុរស
06/05/2026 11:06 AM
ភាគហ៊ុនសកលធ្លាក់ចុះ និងភាគហ៊ុនបច្ចេកវិទ្យា AI គ្មានស្ថិរភាព ខណៈការចរចាសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់ ជាប់គាំង
06/05/2026 11:06 AM
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍមូលធនមនុស្ស និងសមភាពយេនឌ័រ ក្នុងកិច្ចប្រជុំ AFPPD នៅប្រទេសឡាវ
06/05/2026 11:06 AM
បាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង សប្ដាហ៍ទី២ ព្រះខ័នរាជប្រកួតជាមួយស្រុកស្វាយទាប
06/05/2026 11:06 AM
អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
06/05/2026 11:06 AM
មួយថ្ងៃម្សិលមិញសមត្ថកិច្ចរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រួតពិនិត្យ ១០៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ៨នាក់
06/05/2026 11:06 AM